-
ប្រមុខការទូតអាម៉េរិកជំរុញឲ្យរដ្ឋាភិបាលកាហ្សាក់ស្ថាន ដាក់សម្ពាធលើប្រទេសចិនចំពោះការបង្ក្រាបលើជនជាតិភាគតិចឥស្លាមនៅតំបន់ ស៊ីនជាំង

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានជំរុញឲ្យ កាហ្សាក់ស្ថានចូលរួមជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើប្រទេសចិន ចំពោះការប្រព្រឹត្តទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាមនៅក្នុងតំបន់ ស៊ីនជាំង ប្រទេសចិន ។ ថ្លែងក្នុងអំឡុងពេលទស្សនកិច្ចនៅថ្ងៃទី០២ ខែកុម្ភៈនេះ ក្នុងរដ្ឋធានី Nur-Sultan ប្រទេសកាហ្សាក់ស្ថាន លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា លោកបានលើកឡើងពីកង្វល់នេះនៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi ។ លោកបន្ថែមទៀតថា លោកបានពិភាក្សាអំពីជនជាតិភាគតិចអ៊ុយហ្គ័រ និងកាហ្សាក់ស្ថានជាងមួយលាននាក់ ដែលគណបក្សកុម្មុយនិស្តចិនបានឃុំឃាំងនៅក្នុងតំបន់ ស៊ីនជាំង ដែលស្ថិតនៅម្ខាងទៀតនៃព្រំប្រទល់ជាមួយនឹងប្រទេសកាហ្សាក់ស្ថាន ។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កាហ្សាក់ស្ថាន ហើយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានដែលត្រួតត្រាដោយរដ្ឋ តែងតែចៀសវាងមិនរាយការណ៍អំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងតំបន់ ស៊ីនជាំង នោះទេ ។ យ៉ាងណាមិញ អង្គការការពារសិទ្ធិមនុស្សនានាបានឲ្យដឹងថា អាជ្ញាធរចិនបានបង្កើនការឈ្លបយកការណ៍ ការឃុំឃាំង និងការបង្ខំបែបមនោគមវិជ្ជាទៅលើជនជាតិភាគតិចអ៊ុយហ្គ័រ កាហ្សាក់ស្ថាន និងជនជាតិភាគតិចដទៃទៀត ដែលភាគច្រើនកាន់សាសនាឥស្លាមនៅក្នុងតំបន់ ស៊ីនជាំង ៕ធ.ដ
-
ប្រធានាធិបតីប៉ាឡេស្ទីនប្រកាសផ្តាច់រាល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេ៉រិក និងអ៊ីស្រាអែល ក្រោយលោក ត្រាំ ប្រកាសពីផែនការសន្តិភាពនៅមជ្ឈិមបូព៌ា

អារ៉ាប់៖ ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស់ បានបរិហារលើផែនការសន្តិភាព សម្រាប់តំបន់មជ្ឈិមបូព៌ាបូព៌ារបស់ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ និងបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអាមេរិក និងអ៊ីស្រាអែល ក្នុងនោះក៏មានក្នុងវិស័យសន្តិសុខផងដែរ ។ នៅចំពោះមុខប្រមុខការទូតនៃសម្ព័ន្ធអារ៉ាប់ ដែលបើកកិច្ចប្រជុំវិសាមញ្ញក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស់ បានប្រកាសពីការបញ្ជូនលិខិតចំនួនពីរច្បាប់ដោយមួយច្បាប់ផ្ញើទៅឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ណឺតាន់ យ៉ាហ៊ូ និងមួយច្បាប់ទៀតផ្ញើទៅឲ្យសហរដ្ឋអាម៉េរិក ។ នៅក្នុងលិខិតទាំងពីរ លោក អាបាស់ បានប្រកាសពីការផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល និងអាម៉េរិក ក្នុងនោះក៏មាននៅក្នុងវិស័យសន្តិសុខ ។ ប្រតិកម្មខឹងសម្បាររបស់ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនយ៉ាងដូចនេះ ជាការឆ្លើយតបនឹងផែនការសន្តិភាពសម្រាប់តំបន់មជ្ឈិបូព៌ា ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញកាលពីថ្ងៃទី២៨ ខែមករាកន្លងមកនេះ ។ ចំណែកសម្ព័ន្ធអារ៉ាប់បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដោយទាត់ចោលផែនការសន្តិភាពរបស់លោក ត្រាំ ដែលមិនគោរពច្បាប់អន្តរជាតិជាមូលដ្ឋាន និងមិនបានគិតពីសេចក្តីប៉ងប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំអារ៉ាប់ក៏បានសន្យាមិនរួមសហការណ៍ជាមួយរដ្ឋបាលអាមេរិក ក្នុងការអនុវត្តផែនការសន្តិភាពនេះនោះទេ និង បានទទូចពីភាពចាំបាច់ ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដោយផ្អែកលើខ្សែបន្ទាត់ព្រំដែនឆ្នាំ…
-
លោក បូរីស ចនសុន ថ្លែងថា “នេះមិនមែនជាការបញ្ចប់ទេ តែជាការចាប់ផ្តើមយុគសម័យថ្មីមួយ” ខណៈអង់គ្លេសចាកចេញពីអឺរ៉ុបជាផ្លូវការហើយ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងថា ការចាកចេញពីសហភាពអឺរ៉ុបមិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមយុគសម័យថ្មីមួយ ខណៈអះអាងនេះធ្វើឡើងស្របពេលដែលអង់គ្លេសបានចាកចេញពីអឺរ៉ុបជាផ្លូវការហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាង៤៧ឆ្នាំ និងជាង០៣ឆ្នាំកន្លះ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ Brexit ។ ជាមួយគ្នានេះ លោក ចនសុន បាននិយាយថា យើងចង់ឱ្យការចាកចេញនេះក្លាយជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងអឺរ៉ុបនិង អង់គ្លេស… ចក្រភពអង់គ្លេសដែលជាមហាអំណាចដ៏អស្ចារ្យនៅអឺរ៉ុបផង និង សកលលោកផងនៅក្នុងមហិច្ឆតា និងសមត្ថភាពរបស់យើង…. ហើយមិនថា មានការរលាក់ខ្លាំងនៅលើផ្លូវនៅខាងមុខយ៉ាងណានោះទេ លោកដឹងថាយើងនឹងជោគជ័យ ។ សូមបញ្ជាក់ថា ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ធ្វើឡើងនៅម៉ោង១១ និង០១នាទីយប់ថ្ងៃទី៣១ ខែមករានេះ (ម៉ោងក្នុងតំបន់) អមទៅដោយការអបអរសាទរពីសំណាក់អ្នកគាំទ្រ Brexit និងបាតុកម្មតវ៉ារបស់ក្រុមអ្នកប្រឆាំង Brexit ។ អង់គ្លេសមានរយៈពេល១១ខែ ដើម្បីចរចាពីអនាគតនៃទំនាក់ទំនងរបស់ខ្លួនជា មួយ អឺរ៉ុប ។ ក្នុងករណីមិនអាចឈានដល់កិច្ចព្រមព្រៀង នោះវានឹងធ្វើឱ្យ Brexit មានស្ថានភាពលំបាកបំផុត ដែលអាចនឹងបង្កឱ្យខូចខាតដល់សេដ្ឋកិច្ចទាំងសងខាង ឬក៏ពិភពលោក ។…
-
សហរដ្ឋអាមេរិកប្រកាសភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ ដោយសារព្រួយបារម្ភការរីករាលដាលខ្លាំងនៃវីរុសកូរ៉ូណា

សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្ន ផ្នែកសុខាភិបាលសាធារណៈ ជាមួយការដាក់ចេញនូវបម្រាមជាបណ្ដោះអាសន្ន ដោយនឹងហាមឃាត់ជនបរទេសទាំងឡាយណា ដែលធ្លាប់ធ្វើដំណើរទៅកាន់ចិន ក្នុងរយៈពេល០២សប្ដាហ៍ចុងក្រោយនេះចូលមកសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡេច អាហ្សា បាននិយាយថា វិធានការរឹតត្បិតនេះ ក៏នឹងត្រូវអនុវត្តផងដែរលើពលរដ្ឋអាមេរិក ដែលត្រឡប់មកពីទីក្រុងអ៊ូហាន ដោយពួកគេនឹងត្រូវដាក់នៅក្រោមការត្រួតពិនិត្យដាច់ឆ្ងាយពីគេរយៈពេល១៤ថ្ងៃ ។ លោកបន្ថែមទៀតថា រីឯពលរដ្ឋអាមេរិកដទៃទៀតដែលត្រឡប់មកពីតាមផ្នែកផ្សេងទៀតរបស់ប្រទេសចិន ក៏នឹងត្រូវបានត្រួតពិនិត្យសុខភាពនៅតាមអាកាសយានដ្ឋាន ឬច្រកចូលនានាមកកាន់សហរដ្ឋអាមេរិក មុននឹងតម្រូវឱ្យពួកគេស្ថិតនៅក្នុងផ្ទះមួយរយៈ ។ ជាងនេះទៅទៀតនោះ ក្រមហ៊ុនអាកាសចរណ៍ American Airlines និង Delta ក៏បាននឹងកំពុងផ្អាកជើងហោះហើរទាំងទៅ និងមកពីប្រទេសចិនទាំងអស់ផងដែរ ដោយសារការរីករាលដាលវីរ៉ុសកូរ៉ូណា នៅក្នុងទីក្រុងអ៊ីហាន ៕ធ.ដ
-
ការជំនុំជម្រះដកតំណែងលោក ដូណាល់ ត្រាំ បានបញ្ចប់សប្តាហ៍ទី២ហើយ ប៉ុន្តែព្រឹទ្ធសភាមិនទាន់សម្រេចអំពីការហៅសាក្សីមកធ្វើសក្ខីកម្ម

សហរដ្ឋអាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់បាននិយាយថា មិនចាំបាច់កោះហៅសាក្សីដើម្បីផ្តល់កសិណសាក្សី នៅក្នុងការជំនុំជម្រះការចោទប្រកាន់ដកហូតតំណែងពីលោក ដូណាល់ ត្រាំ នោះទេ ដោយសារតែក្រុមគណបក្សប្រជាធិបតេយ្យបានបង្ហាញពីសកម្មភាពរបស់លោក ត្រាំ ដែលបានប្រព្រឹត្តមិនត្រឹមត្រូវ ប៉ុន្តែការប្រព្រឹត្តិនោះ មិនអាចចោទដកហូតប្រធានាធិបតីចេញពីតំណែងទេ។ សមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋលោក Lamar Alexander បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនចាំបាច់ឲ្យមានភស្តុតាងបន្ថែមទៀត ដើម្បីបង្ហាញពីអ្វីដែលបានបង្ហាញរួចហើយៗ មិនចាំបាច់ធ្វើទៅតាមបទដ្ឋានខ្ពស់នៃរដ្ឋធម្មនុញ្ញ នៃបទល្មើសដែលអាចយកមកកាន់ទោសបានដែរ ។ រដ្ឋធម្មនុញ្ញ មិនផ្តល់អំណាចឲ្យព្រឹទ្ធសភា ដើម្បីដកប្រធានាធិបតីចេញពីតំណែងទេ ហើយក៏មិនបានហាមឃាត់លោកប្រធានាធិបតីមិនឲ្យឈរឈ្មោះបោះឆ្នោត ចំពោះសកម្មភា ពដែលមិនសាកសម្យនោះដែរ ។ ភ្លាមៗមុនពេលព្រឹទ្ធសភាកោះប្រជុំនៅថ្ងៃទី៣១ ខែមករានេះ (ម៉ោងក្នុងតំបន់) ដើ ម្បីបោះឆ្នោតថាតើអនុញ្ញាតឲ្យមានការផ្តល់កសិណសាក្សី និងឯកសារថ្មីដែរឬទេ សមាជិកព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យលោក Charles Schumer បានព្រមានថា ការបដិសេធភស្តុតាងថ្មី នឹងធ្វើឲ្យចុះខ្សោយនៃលក្ខខណ្ឌ នៃការបែងចែកអំណាចរបស់រដ្ឋធម្មនុញ្ញា ក្នុងចំណោមផ្នែកទាំង៣របស់រដ្ឋាភិបាល ។ សូមបញ្ជាក់ថា បោះឆ្នោតចុងក្រោយលើការជំនុំជម្រះដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ នឹងត្រូវប្រព្រឹត្តិទៅនៅទី០៤ ខែកុម្ភៈ ពោលគឺថ្ងៃពុធសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់)…
-
លោក ដូណាល់ ត្រាំ សន្យានៅចំពោះមុខអ្នកគាំទ្រនៅរដ្ឋ អៃយ៉ូវ៉ា ថា នឹងយកឈ្នះដាច់លើក្រុមប្រជាធិបតេយ្យ

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅចំពោះមុខអ្នកគាំទ្រក្នុងរដ្ឋអៃយ៉ូវ៉ា ជារដ្ឋកសិកម្មរបស់សហរដ្ឋអាមេរិកបានសន្យាថា នៅខែវិច្ឆិកាខាងមុខនេះ យើងនឹងតតាំងយកឈ្នះក្រុមប្រជាធិបតេយ្យសង្គមនិយម ។ នៅទីក្រុងដេស ម័រណេស រដ្ឋអៃយ៉ូវ៉ា ដែលជារដ្ឋដើរតួនាទីសំខាន់ក្នុងការសម្រាំងបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សប្រជាធិបតេយ្យនោះ លោក ដូណាល់ ត្រាំ បានបរិហារពីការឆ្កួតលីលារបស់ក្រុមឆ្វេងនិយមរ៉ាឌីកាល់ ដែលមានការយល់ច្រឡំលើគូប្រជែងដ៏មានសក្ដានុពលរបស់ខ្លួន ។ លោក ត្រាំ បន្ថែមថា យើងនឹងឈ្នះក្នុងរដ្ឋអៃយ៉ូវ៉ា ហើយប្រសិនបើយើងមិនឈ្នះ នោះនឹងក្លាយជាសុបិន្តអាក្រក់សម្រាប់អ្នករាល់គ្នា ក្នុងការធ្វើអាជីវកម្មកសិកម្ម ។ ទាក់ទិននឹងការចង់ទម្លាក់លោកពីសំណាក់ក្រុមប្រជាធិបតេយ្យវិញ លោក ដូណាល់ ត្រាំ បាននិយាយថា ពួកគេចង់ផាត់ចោលការបោះឆ្នោតរបស់លោកអ្នក ។ ដោយចាត់ទុកសេដ្ឋកិច្ចសហរដ្ឋអាមេរិកជាសក្តានុពលនាំមុខនោះ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា លោកបានបំពេញអ្វីៗប្រសើរជាងប្រធានាធិបតីណាៗទាំងអស់ក្នុងដំណាក់កាលនេះ ៕ធ.ដ
-
វីរុសកូរ៉ូណាបន្តឆក់យកអាយុជីវិតមនុស្សកើនជិត២៦០នាក់ និងច្រើនជាង ១១.០០០នាក់ទៀតឆ្លងមេរោគ

ចិន៖ សារព័ត៌មាន CGTN របស់ចិនបានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈនេះថា តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានស្ទុះឡើងដល់២៥៩នាក់ និងមនុស្សប្រមាណ១១.៨២១នាក់ផ្សេងទៀតបានឆ្លងមេរោគមួយនេះ ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលចិនក៏បានអះអាងដែរថា មានមនុស្សចំនួន២៤៣នាក់បានធូរស្បើយពីជំងឺផ្លូវដង្ហើមកូរ៉ូណាផងដែរ ។ ដោយឡែកក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃទី៣១ ខែមករានេះ បានប្រកាសពីការរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ចំនួន៣ករណីបន្ថែមទៀត ដែលធ្វើឲ្យករណីសរុបនៅសិង្ហបុរីកើនដល់១៦ ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ រដ្ឋាភិបាលទីក្រុងមូស្គូ នៅថ្ងៃទី៣១ ខែមករានេះដែរ ក៏បានប្រកាសទទួលស្គាល់ថា អ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ចំនួនពីរនាក់ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទឹកដីប្រទេសរុស្ស៊ី ៕ធ.ដ
-
សភាសហរដ្ឋអាមេរិកសម្រេចអនុម័តសេចក្តីព្រាងច្បាប់ចំនួន០២ ដើម្បីឈានទៅដកសិទ្ធិប្រកាសសង្គ្រាមពីប្រធានាធិបតី

សហរដ្ឋអាមេរិក៖ សភាតំណាងរាស្ត្រអាមេរិកនៅថ្ងៃទី៣០ ខែមករានេះ បានអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន០២ សំដៅទប់ស្កាត់មិនឱ្យប្រធានាធិបតីប្រកាសសង្រ្គាមដោយគ្មានការអនុញ្ញាតពីសភា ។ យ៉ាងណាមិញ សេចក្ដីព្រាងច្បាប់ទាំងពីរនេះ នៅតែត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាជាបន្តទៀត ហើយគេក៏មិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើព្រឹទ្ធសភាដែលបច្ចុ ប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងដោយបក្សសាធារណរដ្ឋ នឹងអនុម័តលើសេចក្ដីព្រាងច្បាប់ទាំងនេះដែរឬយ៉ាងណា ខណៈសវនាការដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ មិនទាន់បញ្ចប់នៅឡើយនោះ ។ សូមបញ្ជាក់ថា សភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានអនុម័តក្នុងសំឡេងគាំទ្រ ២៣៦ ទល់នឹង ១៦៦សំឡេង លើសេចក្ដីព្រាងច្បាប់មួយ ដើម្បីលុបចោលច្បាប់កាលពីឆ្នាំ២០០២ ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធាក្នុងសង្រ្គាមប្រឆាំងប្រទេសអ៊ីរ៉ាក់ និងសំឡេងគាំទ្រ ២២៨ ទល់នឹង ១៧៥សំឡេង លើសេចក្ដីព្រាងច្បាប់មួយទៀត ដែលមានគោលបំណងរឹតត្បិតលើការប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៊ីរ៉ង់ ដោយគ្មានការអនុញ្ញាតពីសភាជាមុន ៕ធ.ដ
-
អង់គ្លេសកំពុងត្រៀមខ្លួនចាកចេញពីសហភាពអឺរ៉ុប ស្របពេលមានការព្រួយបារម្ភខ្លាំងពីភាពមិនប្រាកដប្រជានៅឡើយ

អង់គ្លេស៖ អង់គ្លេសនឹងចែកផ្លូវជាមួយសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែមករានេះ ដែលជាកាលបរិច្ឆេទចាកចេញផ្លូវការរបស់ចក្រភពមួយនេះ ។ ការចាកចេញ គឺមានពេល៤៣សប្ដាហ៍ទៅហើយ បន្ទាប់ពីប្រជាជនអង់គ្លេសសម្រេចចិត្តចែកផ្លូវពីអឺរ៉ុបក្នុងការធ្វើប្រជាមតិឆ្នាំ២០១៦កន្លងទៅ ហើយទម្រាំដល់ថ្ងៃទី៣១ ខែមករានេះ ការចាកចេញរបស់អង់គ្លេសត្រូវបានពន្យារពេលដល់ទៅបីដង ។ នឹងមិនមានអ្វីប្រែប្រួលភ្លាមៗឡើយសម្រាប់ប្រជាជនអង់គ្លេស និងសហភាពអឺរ៉ុប ដោយភាគីទាំងពីរបានឯកភាពគ្នាទុករយៈពេលអន្តរកាលមួយ ដែលរក្សាអ្វីៗនៅដូចដើមសិន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ។ ចន្លោះពេលនេះ អង់គ្លេស និងអឺរ៉ុប នឹងបន្តជជែកគ្នាលើទំនាក់ទំនងសំខាន់ៗ ពិសេសចំណងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប៉ុន្តែអង់គ្លេសនឹងបាត់បង់តំណាង និង សិទ្ធិបោះឆ្នោតរបស់ខ្លួនក្នុងស្ថាប័ននានារបស់អឺរ៉ុប ។ គួរបញ្ជាក់ផងដែរថា បើមិនមានការបន្តការចរចា ឬក៏គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទេនោះ អង់គ្លេសនឹងដើរចេញពីអឺរ៉ុបនៅចុងឆ្នាំ២០២០ខាងមុខ ជាមួយបញ្ហាដ៏លំបាកជាច្រើន ដ្បិតអង់គ្លេស-អឺរ៉ុបនឹងក្លាយជាអ្នកដទៃសុទ្ធសាធ ហើយការផ្ដើមទំនាក់ទំនងឡើងវិញ នឹងមិនមែនជារឿងងាយស្រួលនោះឡើយ ៕ធ.ដ
-
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបន្តដំណើការសួរដេញដោល ក្នុងការជំនុំជម្រះដកតំណែងលោក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាអាមេរិកបន្តសួរដេញដោលក្រុមមេធាវីការពារក្តីឲ្យលោក ដូណាល់ ត្រាំ និងក្រុមរដ្ឋអាជ្ញានៃសភាតំណាងរាស្ត្រ នៅថ្ងៃទី៣០ ខែមករានេះ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃចុងក្រោយ ដើម្បីជំនុំជម្រះដកតំណែងលោក ត្រាំ ខណៈការសម្រេចចិត្តដើម្បីកោះហៅសាក្សីបន្ថែម នៅមានភាពស្រពេចស្រពិលនៅឡើយ ។ មេធាវីរបស់លោក ដូណាល់ ត្រាំ គឺលោក អាលែន ឌឺសូវីត បានប្រកែកកាលពីថ្ងៃទី២៩ខែមករាយ៉ាងដូច្នេះថា រាល់មន្ត្រីសាធារណៈដែលខ្ញុំស្គាល់សុទ្ធតែជឿថា ការជាប់ឆ្នោតរបស់លោក ត្រាំ គឺជាប្រយោជន៍សម្រាប់សាធារណជន ហើយប្រសិនបើប្រធានាធិបតីម្នាក់បានធ្វើអ្វីមួយដែលលោកជឿថា នឹងជួយលោកឲ្យជាប់ឆ្នោត ដើម្បីជាប្រយោជន៍ដល់សាធារណជន នោះវាមិនអាចចាត់ទុកថា ជាការដោះដូរប្រយោជន៍ដែលអាចឈានដល់ការដកតំណែងប្រធានាធិបតីនោះទេ ។ ជាមួយគ្នានេះ ប្រធានក្រុមរដ្ឋអាជ្ញានៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យលោក Adam Schiff បានចាត់ទុកអំណះអំណាងរបស់មេធាវីលោក ត្រាំ ថា មិនមានហេតុផលដោះបន្ទុកគ្រប់គ្រាន់នោះទេ និងថា អំណះអំណាងនេះគ្មានផ្អែកលើច្បាប់ទម្លាប់អ្វីទាល់តែសោះលោកសង្ឃឹមថា ពលរដ្ឋអាមេរិកគ្រប់រូបអាចដឹងថា ការពឹងឲ្យបរទេសជួយឲ្យជាប់ឆ្នោតគឺជាទង្វើដែលខុស ហើយពលរដ្ឋអាមេរិកគួរសម្រេចទៅលើការបោះឆ្នោត ៕ធ.ដ