-
មនុស្សស្លាប់កើនដល់៣នាក់ និង១៣៩នាក់ទៀតឆ្លងវីរុសរលាកសួតថ្មីដែលកំពុងបង្កការគំរាមកំហែងខ្លាំងនៅប្រទេសចិន

ចិន៖ ចំនួនមនុស្សបាត់បង់ជីវិតកើនដល់៣នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី ខូរ៉ូណា (Coronavirus) ស្របពេលដែលមនុស្សរហូតដល់១៣៩នាក់បានឆ្លងវីរុសថ្មីនេះ គិតត្រឹមចុងសប្តាហ៍មុន នេះបើតាមអាជ្ញាធរនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។ បើតាមមន្ត្រីចិន វីរុសថ្មីនេះត្រូវបានរកឃើញនៅទីក្រុងប៉េកាំង និងទីក្រុងហ្សិនជិនផងដែរ ដែលនេះគឺជាការរីករាលដាលបន្ថែមទៀត បន្ទាប់ពីវាបានផ្ទុះឡើងដំបូងចេញពីទីក្រុង វូហាន ភាគកណ្តាលប្រទេសចិន ។ ទន្ទឹមគ្នា អាជ្ញាធរទីក្រុងវូហាន បានប្រកាសថា នៅក្នុងទីក្រុងនេះតែមួយប៉ុណ្ណោះមានមនុស្សរហូតដល់១៣៦នាក់ហើយបានឆ្លងវីរុស និងកំពុងទទួលការព្យាបាល ។ គួរបញ្ជាក់ផងដែរថា វីរុសខូរ៉ូណា គឺជាប្រភេទវីរុសផ្លូវដង្ហើមថ្មីដែលក្រុមជំនាញចិន និងអន្តរជាតិនៅតែកំពុងព្យាយាមធ្វើការសិក្សាស្វែងយល់អំពីវានៅឡើយ ៕ធ.ដ
-
រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿងម៉ាក អូឌី បានបើកបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រត្រង់នៅចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៣៤ កែងផ្លូវ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M-6323 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបែកជាបួនចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកអូឌីស៊េរីទំនើបថ្មីស្រឡាងពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៩ ទិសដៅពីត្បូងទៅជើងជ្រុលទៅបុករថយន្តឡង់គ្រីស័រចំផ្នែកខាងមុខចំហៀងខាងស្ដាំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត អូឌី រងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំដូចគ្នា។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត អូឌី បានចេញថ្លៃជួសជុលទៅឲ្យខាងភាគីរថយន្តឡង់គ្រីស័រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ
-
វៀតណាមចំណេញសេដ្ឋកិច្ចច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី រវាងអាម៉េរិក-ចិន

អ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាមេរិកនិងចិនទើបបានចុះហត្ថលេខា ថ្មីៗនេះ ជាផ្នែកមួយនៃការខិតខំបន្ថយកម្តៅសង្គ្រាមពាណិជ្ជកម្មនោះ នឹងជំរុញពាណិជ្ជកម្មវៀតណាមកើនឡើង នាំឲ្យមានឱកាសថ្មីៗបន្ថែមទៀត។ ប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយនិងសេដ្ឋកិច្ចវៀតណាម Nguyễn Đức Thành បាននិយាយថា អាមេរិកនិងចិនទំនងជាមិនចង់ឲ្យមានភាពតានតឹងពាណិជ្ជកម្មទៀតទេ ដើម្បីបញ្ចៀសការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេសទាំងពីរនេះ ជាពិសេស ចិនដែលជាប្រទេសបង្ហាញសញ្ញាមានឆន្ទះក្នុងការជំរុញសេដ្ឋកិច្ចកាន់តែសេរី ក្នុងនោះ គឺត្រូវគោរពតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ។ តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២០ មករា ២០២០នេះ លោក Thành បានបន្ថែមទៀតថា សេដ្ឋកិច្ចពិភពលោក រួមទាំងវៀតណាមផងនោះ នឹងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងអាមេរិក-ចិនថ្មីមួយនេះ។ នេះគឺជាការវិវឌ្ឍជាវិជ្ជមាន ខណៈដែលវៀតណាមប្រឈមខ្លាំងណាស់ដែរ ពីសង្គ្រាមពាណិជ្ជកម្មមហាអំណាចពិភពលោកទាំងពីរនេះ៕ធ.ដ
-
មន្រ្តីអាមេរិកបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតទើបបង់ថ្លៃការពារជិត៥០០លានដុល្លារ ដើម្បីចេញថ្លៃចំណាយលើកងទ័ពអាមេរិកដែលឈរជើងនៅទីនោះ

សហរដ្ឋអាមេរិក៖ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា អារ៉ាប៊ីសាអូឌីតបានបង់លុយថ្លៃការពារជិត៥០០លានដុល្លារ ដើម្បីចេញថ្លៃចំណាយលើកងទ័ពអាមេរិកដែលកំពុងឈរជើង និង ធ្វើប្រតិបត្តិការក្នុងរាជាណាចក្រនេះ ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ។ បើតាមមន្ត្រីអាមេរិកដដែលនេះ ការចំណាយលុយ៥០០លានដុល្លារត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ទាល់បានអះអាងនៅក្នុងបទសសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នាពេលថ្មីៗនេះថា អារ៉ាប៊ីសាអូឌីតបានបញ្ចូលលុយ១ពាន់លានដុល្លារទៅក្នុងគណ នីធនាគារអាមេរិករួចរាល់ហើយ ។ យ៉ាងណាមិញ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិកមិនបានទទួលស្គាល់លើការចេញថ្លៃចំណាយណាមួយលើកងទ័ពអាមេរិក ពីសំណាក់ភាគីអារ៉ាប៊ីសាអូឌីតនៅឡើយទេ ៕ធ.ដ
-
ប្រធានាធិបតីអ៊ុយក្រែនច្រានចោលសំណើសុំចុះចេញពីតំណែងរបស់នាយករដ្ឋមន្រ្តី និងផ្តល់ឱកាសជាលើកទី២ដើម្បីកែប្រែកំហុស

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ បានបញ្ជាក់នៅថ្ងៃទី១៧ ខែមករានេះថា រូបលោកចង់ផ្តល់ឱកាសជាលើកទី២ដល់លោកនា យករដ្ឋមន្រ្តី អូឡេកស៊ី ហុនឆារ៉ាក់ ដូច្នេះលោកសូមបដិសេធពាក្យស្នើសុំលាលែងចេញពីតំណែងរបស់លោក ហុនឆារ៉ាក់ បន្ទាប់ពីមានការបែកធ្លាយសារសំឡេងរិះគន់ប្រធានាធិបតី ។ លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ បានថ្លែងអះអាងនៅក្នុងកិច្ចប្រជុំមួយថា លោកបានសម្រេចចិត្តផ្តល់ឱកាសមួយឲ្យលោកនាយករដ្ឋមន្ត្រី ប៉ុន្តែវាអាស្រ័យលើសមត្ថភាពរបស់លោក ក្នុងការដោះស្រាយបញ្ហាចំពោះសារព័ត៌មានទាំងឡាយ ។ ការប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីអ៊ុយក្រែន ត្រូវបានធ្វើឡើង ក្រោយមានការបែកធ្លាយខ្សែអាត់សំឡេង កំឡុងកិច្ចប្រជុំមួយរវាងលោក ហុនឆារ៉ាក់ ជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងក្រុមអ្នកតំណាងមកពីធនាគារជាតិអ៊ុយក្រែន ។ ក្នុងខ្សែអាត់សំឡេងនោះ គេលឺលោក ហុនឆារ៉ាក់ ថ្លែងពាក្យមួយចំនួនដោយចាត់ទុកលោកប្រធានាធិបតីអ៊ុយក្រែន ជាបុគ្គលពុំសូវមានការយល់ដឹងអំពីសេដ្ឋកិច្ចប៉ុន្មានឡើយ ហើយលោកបានទាមទារឲ្យមានការរៀបចំដើម្បីផ្តល់ការបកស្រាយឲ្យបានក្បោះក្បាយសម្រាប់លោក ហ្សេឡិនស្កាយ ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃរូបិយប័ណ្ណរបស់អ៊ុយក្រែន ៕ធ.ដ
-
ក្រុមហ៊ុន SpaceX គ្រោងនាំយកមនុស្សដំបូងទៅកាន់ភពអង្គារនៅកំឡុងទសវត្សរ៍ឆ្នាំ២០២០នេះ

សហរដ្ឋអាមេរិក៖ នាយកក្រុមហ៊ុន SpaceX លោក Elon Musk បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា ក្រុមហ៊ុនអវកាសលោកចង់បញ្ជូនមនុស្សឲ្យទៅរស់នៅភពអង្គាររហូតដល់១លាននាក់នៅឆ្នាំ២០៥០ខាងមុខនេះ និងថា ការនាំមនុស្សដំបូងៗទៅភពអង្គារ ទំនងជាត្រូវធ្វើឡើងកំឡុងទសវត្សរ៍ឆ្នាំ២០២០នេះ ។ នាយកក្រុមហ៊ុនអវកាសអាមេរិករូបនេះបានគូសបញ្ជាក់ថា នាវាអវកាស Starship ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្តសាកល្បងនៅឡើយនោះ នឹងត្រូវផលិតរហូតដល់ទៅ១.០០០គ្រឿង ហើយលោកថែមទាំងបានបង្ហាញគោលដៅ ចង់បាញ់ Starship រហូតដល់ទៅ៣គ្រឿងក្នុងមួយថ្ងៃ ដើម្បីបញ្ជូនមនុស្សទៅធ្វើដំណើរកម្សាន្តនៅភពអង្គារ ។ យ៉ាងណាមិញ លោក Elon Musk ហាក់មិនទាន់បង្ហើបអំពីគ្រាប់រ៉ុក្កែតណាមួយ ដែលអាចរុញច្រាន Starship ក្នុងរយៈចម្ងាយរាប់លានគីឡូម៉ែត្រពីផែនដីនៅឡើយទេ ប៉ុន្តែចំណីអាហារ ទឹក គ្រឿងបរិក្ខាសំណង់ ឧបករណ៍ប្រើប្រាស់ និង ប្រព័ន្ធទ្រទ្រង់ជីវិតមនុស្សត្រូវបានធានាជូនជាស្រេច សម្រាប់មនុស្សនៅលើនាវាអវកាស ។ សូមបញ្ជាក់ផងដែរថា ដើម្បីអាចឲ្យមនុស្សកសាងទីស្នាក់នៅអចិន្ត្រៃយ៍លើភពអង្គារបាន ក្រុមហ៊ុនអវកាស SpaceX ត្រូវការបញ្ជូននាវាអវកាស Starship ឲ្យគ្រប់ចំនួនដែលបានកំណត់ក្នុងគំរោង នោះគឺនាវា១.០០០គ្រឿង ដើម្បីដឹកទំនិញទម្ងន់១០០មេហ្គាតោន និងមនុស្ស១០ម៉ឺននាក់…
-
លោក ដូណាល់ ត្រាំ ព្រមានមេដឹកកំពូលអ៊ីរ៉ង់អោយប្រុងប្រយ័ត្នចំពោះការប្រើពាក្យសម្តីរបស់ខ្លួន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានលោក អាលី ខាមេណៃ ឱ្យប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីរបស់ខ្លួន ក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានចាត់ទុកថា ការសម្លាប់លោកឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី ដោយយោធាអាមេរិក គឺជាទង្វើដ៏កំសាក ។ តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា មេដឹកនាំកំពូលអ៊ីរ៉ង់ដែលមិនសមកាន់តំណែងកំពូលបែបនេះ បាននិយាយរឿងដែលធ្វើឱ្យគេស្អប់ ដោយសារតែការមួលបង្កាច់សហរដ្ឋអាមេរិក និងអឺរ៉ុប ។ តែស្របពេលសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កំពុងដុនដាប ហើយប្រជាជនអ៊ីរ៉ង់កំពុងរងការឈឺចាប់ ដូច្នេះលោកគួរតែមានការប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីខ្លួនឯង ។ ប្រតិកម្មខ្លាំងៗរបស់ប្រធានាធិបតីអាមេរិករូបនេះ បានកើតមានឡើងក្រោយ លោក អាលី ខាមេណៃ បានថ្លែងសារកំឡុងពេលដឹកនាំការថ្វាយបង្គំនៅថ្ងៃទី១៧ខែមករា ជាលើកដំបូងនារយៈពេល៨ឆ្នាំមកនេះ ជាមួយការបរិហាថា សហរដ្ឋអាមេរិកមិនហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយលោក សូឡៃមេនី នៅលើសមរភូមិឡើយ ទើបលួចធ្វើឃាតរូបលោក ៕ធ.ដ
-
សហរដ្ឋអាមេរិកចាប់ផ្តើមបង្កើនការត្រួតពិនិត្យលើអ្នកដំណើរមកពីប្រទេសចិន ក្រោយវីរុសរលាកសួតថ្មីផ្តាច់ជីវិតមនុស្សពីរនាក់

សហរដ្ឋអាមេរិក៖ មន្រ្តីសុខាភិបាលអាមេរិកនឹងចាប់ផ្តើមភ្លាមៗក្នុងការត្រួតពិនិត្យ អ្នកដំណើរតាមផ្លូវអាកាស ដែលបាននិងកំពុងធ្វើដំណើរថ្មីៗនេះមកពីភាគកណ្តាលប្រទេសចិន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា វីរុសរលាកសួតថ្មីកំពុងគំរាមកំហែងដល់អាយុជីវិតមនុស្ស ។ ទន្ទឹមគ្នា មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងអាមេរិក CDC បានលើកឡើងថា អ្នកដំណើរថ្មីៗដែលបាននិងកំពុងធ្វើដំណើរមកពីទីក្រុងវូហាន របស់ប្រទេសចិន នឹងត្រូវធ្វើតេស្តមួយចំនួនទៅលើសីតុណ្ហភាព ក៏ដូចជាឆ្លើយសំណួរពាក់ព័ន្ធនឹងរោគសញ្ញានៃវីរុសរលាកសួតថ្មីនេះ នៅពេលពួកគេមកដល់អាកាសយានដ្ឋានមួយ ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិធំៗចំនួនបីរបស់សហរដ្ឋអាមេរិក ។ វិធានការរបស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺឆ្លងអាមេរិក CDC នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនបានរាយការណ៍អំពីការស្លាប់មនុស្សទី២ ដែលបណ្តាលមកពីវីរុសអាថ៌កំបាំងមួយនេះ ដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ឈឺនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ៕ធ.ដ
-
មេដឹកនាំអ៊ីរ៉ង លើកឡើងថា ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ មានន័យស្មើនឹងការវាយប្រហារលើសហរដ្ឋអាមេរិកទាំងមូល

តេហេរ៉ង់៖ លោក Khamenei បានបញ្ជាក់ថា «សហរដ្ឋអាមេរិកកំសាកមិនហ៊ាន ប្រឈមមុខដោយផ្ទាល់ជាមួយលោក Soleimani ទើបលួចសម្លាប់រូបលោក» ហើយមីស៊ីលដែលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គឺជាសារមួយបង្ហាញថា ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ មានន័យស្មើនឹងការវាយប្រហារលើសហរដ្ឋអាមេរិកទាំងមូល។ លោក Khamenei បានបន្ថែមថា ប្រជាជនអ៉ីរ៉ង់រួមទាំងប្រជាជនប្រទេសដទៃទៀតនៅក្នុងតំបន់ បានកោតសរសើរចំពោះសមត្ថភាពរបស់លោក Soleimani និងដុតបំផ្លាញទង់ជាតិអាមេរិក ក៏ដូចជាទង់ជាតិអ៉ីស្រាអែលផងដែរ។ ការ ថ្លែងនៅក្នុងឱកាសដឹកនាំការថ្វាយបង្គំនៅថ្ងៃសុក្រ ជាលើកដំបូងបំផុតក្នុងរយៈពេលជាង ៨ឆ្នាំ របស់មេដឹកនាំកំពូលអ៉ីរ៉ង់លោក អាលី ខាមេណៃ (Ayatollah Ali Khamenei) គឺជាការឆ្លើយតប នឹងទង្វើដែលអាមេរិក សម្លាប់លោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលលោកចាត់ទុក ជាទង្វើដ៏កំសាករបស់សហរដ្ឋអាមេរិក និងមិនសក្តិសមជាមហាអំណាចទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។ លោក Qassem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់…
-
ហេតុការណ៍ផ្ទុះរោងចក្រគីមីដ៏កក្រើកនៅអេស្ប៉ាញ បណ្តាលអោយមានមនុស្សស្លាប់ និងរបួសសរុប១០នាក់

អេស្ប៉ាញ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ផ្ទុះរោងចក្រគីមីមួយកន្លែងនៅឯទីក្រុងកំពង់ផែ Tarragona បណ្តាលអោយចំនួនមនុស្សបាត់បង់ជីវិតកើនឡើង៣នាក់ និង៧នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១៤ ខែមករានេះ ។ អាជ្ញាធរក្នុងតំបន់បានអះអាងប្រាប់សារព័ត៌មានចិន ស៊ីនហួរ ថា ក្រុមនិយោគជិតរោងចក្រ ដែលបាននិងកំពុងបាត់ខ្លួនដោយសារគ្រោះថ្នាក់ខាងលើនេះ ត្រូវបានគេរកឃើញបាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមករានេះ (ម៉ោងក្នុងតំបន់) ទើបធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣នាក់ ។ ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះដែរ ទីភ្នាក់ងារការពារ និងសង្រ្គោះបន្ទាន់ស៊ីវិលបានណែនាំឱ្យប្រជាជនដែលរស់នៅក្នុងផ្នែកខ្លះនៃទីក្រុងចំនួន៨០ម៉ឺននាក់ និងនៅតាមទីប្រជុំជនជិតៗតំបន់នោះ ត្រូវបិទបង្អួចរបស់ពួកគេ និងចៀសវាងកុំចេញទៅខាងក្រៅ ដែលនេះជាវិធានការបង្ការនៅពេលផ្សែងហុយឡើង អំឡុងពេលផ្ទុះនៅមជ្ឈមណ្ឌលឧស្សាហកម្មគីមីនេះកាលពីថ្ងៃអង្គារសប្តាហ៍នេះ ៕ធ.ដ