-
លោក វ៉្លាឌីមៀ ពូទីន ស្នើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែមករានេះ បានស្នើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិមួយ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស នាអំឡុងពេលថ្លែងសារប្រចាំឆ្នាំរបស់លោកទៅកាន់សភាជាតិ ។ទន្ទឹមគ្នា លោក ពូទីន ថែមទាំងបានអះអាងដែរថា រដ្ឋាភិបាលរបស់លោកនឹងដោះស្រាយការធ្លាក់ចុះចំនួនប្រជាជន ក៏ដូចជាការទទួលខុសត្រូវក្នុងការធានា សុវត្ថិភាព និងសន្តិសុខពិភពលោក ទាក់ទិននឹងថាមពលនុយក្លេអ៊ែរ ។ សំណើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិខាងលើ ត្រូវបានធ្វើឡើងស្របពេលដែលលោក ពូទីន បានតែងតាំងនាយកសេវាពន្ធនៃសហព័ន្ធររុស្ស៊ីលោក មីខេល មីសហាស្ទីន ធ្វើជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី បន្ទាប់ពីការលាលែងពីតំណែងដ៏ភ្ញាក់ផ្អើលរបស់លោក ឌីមីទ្រី ម៉េដវេដេវ ។ សូមបញ្ជាក់ផងដែរថា បើតាមការរំពឹងទុកនោះ នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី លោក ម៉េដវេដេវ ត្រូវបានគេដឹងថា នឹងទទួលបានតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័នដ៏មានឥទ្ធិពលក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ហើយអតីតនាយករដ្ឋមន្រ្តីរុស្ស៊ីរូបនេះ ក៏បានយល់ព្រមទទួលយកតំណែងនេះផងដែរ ៕ធ.ដ
-
ទីបំផុតសភាតំណាងរាស្រ្តបក្សប្រជាធិបតេយ្យបញ្ជូនបទចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីទៅកាន់ព្រឹទ្ធសភាហើយ

សហរដ្ឋអាម៉េរិក៖ ទីបំផុតសភាតំណាងរាស្រ្តបក្សប្រជាធិបតេយ្យនៅថ្ងៃទី១៥ ខែមករានេះ បានបញ្ជូនបទចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីអាមេរិកទៅកាន់ព្រឹទ្ធសភាហើយ ជាទីដែលសមាជិកសភានឹងត្រូវធ្វើការសម្រេចចិត្តថាតើគួរបន្ត ឬក៏ដកតំណែងពីលោក ត្រាំ ។ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផែលឡូស៊ី បានចុះហត្ថលេខាលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ជាមួយការចោទប្រកាន់ចំនួនពីរករណីធំៗគឺការរំលោភអំណាច និងបង្កការាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់ សភា ជុំវិញរឿងអាស្រូវដែលគេចោទថា លោកបានគំរាមកាត់បន្ថយជំនួយយោ ធា ជាការដាក់សម្ពាធលើមេដឹកនាំបរទេស គឺប្រធានាធិបតីអ៊ុយក្រែន ឲ្យស៊ើបអង្កេតលើកូនប្រុសលោក ចូ បៃប៊ិន និងលោក ចូ បៃប៊ិន ផ្ទាល់ ដែលជាគូប្រជែងដ៏លេចធ្លោរមួយរូបមកពីបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ ។ប៉ុន្តែលោក ដូណាល់ ត្រាំ បានទាត់រាល់ការចោទប្រកាន់ទាំងអស់នេះ និងចាត់ទុកថា នីតិវិធីប្រឆាំងនឹងរូបលោក គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏អាក្រក់បំផុត ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធីដកតំណែង ហើយការដកតំណែងខាងលើនេះ…
-
ទីបំផុត! អាម៉េរិក-ចិនចុះកិច្ចព្រមព្រៀងបន្ថយកម្តៅសង្គ្រាមពាណិជ្ជកម្ម

តាមការគ្រោងទុក អាមេរិកនិងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលដំបូង ដើម្បីបន្ធូរបន្ថយភាពតានតឹងខាងជម្លោះពាណិជ្ជកម្ម កាលពីថ្ងៃពុធ ទី១៥ មករា ២០២០ ម្សិលមិញ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកឧបនាយករដ្ឋមន្ត្រីចិន Liu He ធ្វើឡើងនៅសេតវិមាន សហរដ្ឋអាមេរិក។ ការចុះហត្ថលេខាដើម្បីបន្ថយកម្តៅ នៃសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ត្រូវបានពិភពលោកចាត់ទុកជាភាពវិជ្ជមានដ៏ធំបំផុតមួយ ខណៈដែលសង្គ្រាមនេះត្រូវបាន អូសបន្លាយរហូតដល់ទៅជិត ២ឆ្នាំ។ តាមរយៈ«កិច្ចព្រមព្រៀងបឋម ឬកិច្ចព្រមព្រៀងដំណាក់កាលទីមួយ» នេះចិនបានយល់ព្រមនាំចូលទំនិញតម្លៃ ២០០ពាន់លានដុល្លារពីអាមេរិក ក្នុងរយៈពេល ០២ឆ្នាំ។ រីឯអាមេរិកបានលុបចោលការដំឡើងពន្ធថ្មីទៀត ដែលត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហើយសន្យាកាត់បន្ថយពាក់កណ្តាល នូវការដំឡើងពន្ធ ១៥ភាគរយ លើទំនិញចិនតម្លៃ ១២០ពាន់លានដុល្លារ ដែលត្រូវបានដាក់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ចំណែកចិនក៏បានផ្អាកគម្រោងដំឡើងពន្ធថ្មីរបស់ខ្លួនដែរ។ លោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដំណាក់កាលទី២ អាចនឹងត្រូវធ្វើឡើង…
-
ចិន-វៀតណាមផ្លាស់ប្តូរទំនិញកើនដល់ជិត១១៧ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

ការនាំចេញ និងនាំចូលទំនិញទៅវិញទៅមករវាងវៀតណាម និងចិនបានកើនឡើងកម្រិតថ្មីមួយទៀត ពោលគឺបានឈានដល់ជិត១១៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៩។ ក្នុងរបាយការណ៍មួយ ស្តីពីការនាំចេញ និងនាំចូលវៀតណាម កាលពីឆ្នាំមុនហើយដែលត្រូវបានប្រកាសដោយអគ្គនាយកដ្ឋានពន្ធដាបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តម្លៃនាំចូលនិងនាំចេញសរុបរបស់វៀតណាមបានឈានដល់៥១៧.២៦ពាន់លានដុល្លារអាម៉េរិក កើនឡើង៧.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ។ ក្នុងនោះ តម្លៃនាំចេញទំនិញសរុបមាន២៦៤.១៩ពាន់លានដុល្លារអាម៉េរិក កើនឡើង៨.៤ភាគរយ ហើយតម្លៃនៃការនាំចេញគឺ២៥៣.០៧ពាន់លានដុល្លារអាម៉េរិក កើនឡើង៦.៨ភាគរយ។ជាការកត់សម្គាល់ ក្នុងចំណោមបណ្តាប្រទេសច្រើនជាង២០០ ដែលវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មបរទេសជាមួយនោះ ប្រទេសចិននៅតែជាទីផ្សារដ៏ធំរបស់ខ្លួន។ ឆ្នាំ២០១៩ ទំហំនៃការនាំចេញ នាំចូលរវាងវៀតណាម និងចិនបានឈានដល់១១៦.៨៧ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ វៀតណាមនាំចេញទៅមាន៤១.៤១ពាន់លានដុល្លារអាម៉េរិក និង នាំចូលមាន៧៥.៤៥២ពាន់ដុល្លារអាម៉េរិក៕ធ.ដ
-
សហរដ្ឋអាម៉េរិកព្រមានកាត់ផ្ដាច់ជំនួយយោធាដល់អ៊ីរ៉ាក់ ក្រោយសភាជាតិអ៊ីរ៉ាក់បោះឆ្នោតគាំទ្របណ្ដេញកងទ័ពបរទេសចេញពីប្រទេស

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្ដាច់ជំនួយយោធា២៥០លានដុល្លារដល់រដ្ឋាភិបាលទីក្រុងបាកដាដ បើសិនជាកងទ័ពអាម៉េរិកត្រូវបានបណ្ដេញចេញពីប្រទេសអ៊ីរ៉ាក់ ។ សារព័ត៌មាន Wall Street Journal ផ្អែកលើប្រភពពីក្រសួងការបរទេស និងក្រសួងការពារជាតិអាម៉េរិក បានរាយការណ៍ថា កញ្ចប់ថវិកាជំនួយយោធា២៥០លានដុល្លារខាងលើ ត្រូវបានសភាអាម៉េរិកទាំងពីរអនុម័តរួចហើយ ។ យ៉ាងណាមិញ ខាងសេតវិមានមិនទាន់ធ្វើការអត្ថធិប្បាយអ្វីនៅឡើយទេ ។ គម្រោងកាត់ផ្តាច់ជំនួយយោធានេះ ត្រូវបានបង្ហើបឱ្យដឹងបន្ទាប់ពីសភាជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ បានបោះឆ្នោតគាំទ្របណ្ដេញកងទ័ពបរទេសចេញពីប្រទេស ក្រោយយន្ដហោះដ្រូនអាមេរិកបើកវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ លោក អាប៊ូ ម៉ាហាម៊ូហានឌីស នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ កាលពីថ្ងៃទី៣ ខែមករា ៕ធ.ដ
-
រដ្ឋាភិបាលអូស្ត្រាលីប្រកាសផ្តល់ថវិកាបន្ថែមជិត៤០លានដុល្លារ ដើម្បីគំាទ្រដល់បណ្តាសហគមន៍រងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ

អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន និងរដ្ឋមន្ត្រីទទួលបន្ទុកសេវាសង្គម និងគ្រួសារ លោកស្រី អានណេ រ៉ាស្តុន នៅថ្ងៃទី១៥ ខែមករានេះបានប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែម៣៩.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់បណ្ដាសហគមន៍រងផលប៉ះពាល់ពីភ្លើងឆេះព្រៃដ៏អាក្រក់ ។ បើតាមការគ្រោងទុកនោះ កញ្ចប់ថវិកាទំាងនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្កើនប័ណ្ណទទួលម្ហូបអាហារមិនគិតថ្លៃ ជាការគាំទ្រដល់សេវាសង្គមនានា ព្រមទាំងការផ្ដល់ជំនួយហិរញ្ញវត្ថុដល់ប្រជាជនអូស្ត្រាលី ដែលកំពុងរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ជាពិសេសនៅរដ្ឋ New South Wales និងរដ្ឋ Victoria ។ សូមជម្រាបថា ភ្លើងឆេះព្រៃដែលបានឆាបឆេះចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះ បានឆក់យកអាយុជីវិតមនុស្ស២៨នាក់ បំផ្លាញផ្ទះសម្បែងច្រើនជាង២.៥០០ខ្នង ហើយសត្វអាចដល់ទៅជិតមួយពាន់លានក្បាល ត្រូវបានគេសន្និដ្ឋានថា បានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី ៕ធ.ដ
-
ប្រមុខការពារជាតិជប៉ុនអះអាងថា ជប៉ុនមិនអាចមិនយកភ្នែកមើលសកម្មភាពរបស់នាវាចិនបំពានលើប្រជុំកោះ Senkaku នៅសមុទ្រចិនខាងកើតបានទេ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក តារ៉ូ កូណូ ដែលមានវត្តមាននៅក្នុងវេទិកាពិភាក្សា និងផ្តល់យោបល់លើបញ្ហាផ្សេងៗ Think Tank ក្នុងទីក្រុងវ៉ាស៊ីនតោន បានថ្លែងថា ជប៉ុនមិនអាចមិនយកភ្នែកមើលសកម្មភាពរបស់នាវាចិនបំពានលើប្រជុំកោះ Senkaku នៅក្នុងសមុទ្រចិនខាងកើតជាញឹកញាប់បានទេ ។ កោះ Senkaku ជាភាសាជប៉ុន ឬ Diaoyu ជាភាសាចិន គឺជាកូនកោះតូចៗដែលស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងកើត ។ នៅក្នុងដែនកោះមួយនេះ ត្រូវបានគេរកឃើញថា គឺជាបណ្តុំធនធានធម្មជាតិដ៏ច្រើន ដូចជាប្រេង ត្រី និងជាផ្លូវនាវាចរដ៍សំខាន់មួយ ។ លោក តារ៉ូ បានគូសបញ្ជាក់ថា ចិនគួរតែគោរពទៅតាមគោរពបទដ្ឋានអន្តរជាតិ ដូចជាសេរីភាព ប្រជាធិបតេយ្យ និងបទបញ្ជាច្បាប់ជាដើម ដែលប្រទេសជាច្រើនអនុវត្ត ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក តារ៉ូ បានព្រមានថា បើចិននៅតែបំពានលើបទដ្ឋានអន្តរជាតិទៀត ចិនត្រូវតែទទួលខុសត្រូវលើបញ្ហានេះ ប៉ុន្តែលោក តារ៉ូ មិនបានបញ្ជាក់ ពីការទទួលខុសត្រូវនេះជាអ្វីនោះទេ ។ សូមបញ្ជាក់ថា…
-
អង្គការសុខភាពពិភពលោក WHO ព្រមានថា ការរាលដាលវីរុសនៅចិនថ្មី អាចទៅរួច បើទោះជាការចម្លងនៅមានកម្រិត

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា បើទោះបីមានការប៉ាន់ស្មានថា ការចម្លងពីមនុស្សទៅមនុស្សនៃវីរុសប្រភេទថ្មី កូរ៉ូណាវីរុស មានកម្រិតក៏ដោយក្តី ប៉ុន្តែវានៅតែអាចទៅរួចដែលថា វីរុសនេះ អាចផ្ទុះរាលដាលកាន់តែធំ ។ នៅក្នុងសន្និសីទព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកស្រី Maria Van Kerkhove ប្រធានផ្នែកជំងឺកើតថ្មីរបស់អង្គការសុខភាពពិភពលោក បាននិយាយថា ផ្អែកតាមព័ត៌មានដែលយើងមានក្នុងដៃ វាមានលទ្ធភាពដែលថា វាមានកម្រិតក្នុងការចម្លងវីរុសនេះពីមនុស្សទៅមនុស្ស ដែលលទ្ធភាពខ្ពស់បំផុត ក្នុងចំណោមគ្រួសារអ្នកជំងឺផ្ទាល់ ក៏ប៉ុន្តែពេលនេះ វាច្បាស់ណាស់ថា យើងមិនមានករណីឆ្លងពីមនុស្សទៅមនុស្សទេ ។ រ៉ូណាវីរុស គឺជាអំបូរនៃវីរុសធំមួយ ដែលអាចបង្កឲ្យអ្នកជំងឺមានអការៈក្តៅខ្លួន ផ្តាសាយ និងឈឺក្បាលជាដើម ។ បើទោះ បីជាអាការៈនៃជំងឺនេះមានលក្ខណៈសាមញ្ញពិតមែន ប៉ុន្តែអ្នកជំងឺអាចប្រឈមនឹងការស្លាប់ កាលណាវីរុសនេះ បំផ្លាញប្រព័ន្ធផ្លូវដង្ហើម ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ជំងឺពាក់ព័ន្ធប្រព័ន្ធផ្លូវដង្ហើម (pneumonia)ចំនួន៤១ករណី ត្រូវបានរាយការណ៍ក្នុងទីក្រុងវូហាន ភាគកណ្ដាល ប្រទេសចិន ។ ការធ្វើតេស្តបឋមនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរកឃើញថា…
-
អ៊ីរ៉ង់ស្វាគមន៍វិធានការស្ថាបនា ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់៖ អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ គឺលោក អាប់បាស់ ម៊ូសាវី នៅថ្ងៃទី១៤ ខែមករានេះបានលើកឡើងថា ប្រទេសរបស់លោកស្វាគមន៍វិធានការស្ថាបនានានា ដែលមានបំណងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។លោក អាប់បាស់ ម៊ូសាវី បាននិយាយយ៉ាងដូច្នេះថា ដូចកាលពីអតីតកាល អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលបាននូវវិធានការដែលមានគោលបំណងល្អនិង ស្ថាបនា ដើម្បីជួយដល់កិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះ ហើយវាគាំទ្ររាល់គំនិតផ្តួចផ្តើមណាមួយនៅក្នុងបញ្ហានេះ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៊ូសាវី ត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរី ចនសុន អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺហ្គែល និងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយនាពេលថ្មីៗនេះ បានបង្ហាញនូវការប្តេជ្ញាបន្តប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ។ ប៉ុន្តែមេដឹកនាំប្រទេសទាំងបីបានធ្វើការក្រើនរំឭកថា ការគាំទ្ររបស់ពួកគេគឺតម្រូវឲ្យអ៊ីរ៉ង់បោះបង់ចោលបំណងដើរថយក្រោយងាកចេញពីដែនកំណត់របស់កិច្ចព្រមព្រៀង ស្តីពីការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម ៕ធ.ដ
-
ប្រមុខការទូតអាម៉េរិកជួបជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន ខណៈសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មថ្មីទៀតលើកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រមុខការទូតកំពូលៗរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានជួបប្រជុំគ្នានៅថ្ងៃទី១៤ ខែមករានេះ ស្របពេលដែលកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គាំង ដើម្បីព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យរំសាយកម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ហើយភាគីទាំងបីក៏បានអះអាងដែរថា នឹងបន្តធ្វើការងារជិតស្និទជាមួយគ្នាថែមទៀតជុំវិញបញ្ហានេះ ។ ក្នុងអំឡុងកិច្ចពិភាក្សាត្រីភាគីក្នុងទីក្រុងស៊ីលីខុន វ៉ាលី រដ្ឋកាលីហ្វ័រញ៉ា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ និងសមភាគីកូរ៉េខាងត្បូងលោកស្រី កាង ក្យុងវ៉ា ព្រមទាំងសមភាគីជប៉ុនរបស់លោក គឺលោក តូស៊ីមីតស៊ូ ម៉ូតេជិ បានធ្វើការជជែកគ្នាស្តីពីការស្ថានការវិវត្តន៍ថ្មីៗនៅលើតំបន់ឧបទ្វីបកូរ៉េ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីលើបញ្ហាកូរ៉េខាងជើង នេះបើតាមសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសអាមេរិក ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ជំនួបរបស់ប្រមុខការទូតកំពូលៗប្រទេសទាំងបី បានកើតមានឡើងស្របពេលក្រុមហ៊ុនដែលនាំពលករកូរ៉េខាងជើងទៅបម្រើការនៅបរទេសចំនួន២ នៅថ្ងៃទី១៤ ខែមករានេះ ត្រូវបានសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ខណៈចំណាត់ការណ៍នេះ ធ្វើឡើងដោយផ្អែកទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីឆ្នាំ២០១៧ ។ ក្រុមហ៊ុនទាំងពីរនោះ មានដូចជាក្រុមហ៊ុនកូរ៉េខាងជើង កូរ៉េ ណាមហ្កាង ត្រេឌីង ខបភើរ៉េសិន ជាក្រុមហ៊ុននាំពលករទៅធ្វើការនៅរុស្ស៊ី នីហ្សេរីយ៉ា និងមជ្ឈិមបូព៌ា និងក្រុមហ៊ុនចិន ប៉េកាំង…