-
អូស្ត្រាលីដល់ថ្នាក់រំពឹងភ្លៀងនិងខ្យល់ព្យុះ ជួយពន្លត់ភ្លើងឆេះព្រៃ ១៥ មករា ២០២០

សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃពុធ ទី១៥ មករា ២០២០នេះថា អាជ្ញាធរឧតុនិយម និងធនធានទឹកនៃប្រទេសអូស្ត្រាលីបានព្យាករណ៍ថា ភ្លៀង និងព្យុះអាចនឹងនាំភាពធូរស្រាលមួយចំនួនធំ ទៅកាន់តំបន់ដែលរងគ្រោះ និងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបច្ចុប្បន្នកំពុងបង្កហានិភ័យ នៃគ្រោះរអិលបាក់ដី និងការបំពុលទឹក។ ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់នឹងពេលបច្ចុប្បន្ននេះ បានផ្ដាច់ជីវិតមនុស្ស ២៨នាក់, បំផ្លាញផ្ទះសម្បែងច្រើនជាង ២,៥០០ខ្នង ហើយសត្វអាចដល់ទៅមួយពាន់លានក្បាល ត្រូវបានគេព្រួយបារម្ភថាបានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី។គួរជម្រាបថា ភ្លើងឆេះព្រៃតែងតែជាកើតឡើងជាញឹកញាប់ នៅកំឡុងរដូវក្ដៅនៅអូស្ត្រាលី ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះគឺមានសភាពខុសប្រក្រតី និងធ្ងន់ធ្ងរហួសប្រមាណ។ ចំណែកឯអង្គការ NASA នៅថ្ងៃពុធនេះក៏បានបញ្ចេញទិន្នន័យពីផ្កាយរណបផងដែរថា ផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃកំពុងរសាត់អាណ្ដែត ស្ទើរតែពាសពេញបរិយាកាសពិភពលោក៕
-
ថៃ-ឥណ្ឌូនេស៊ីចុះកិច្ចព្រមព្រៀង ប្រយុទ្ធប្រឆាំងពួកបះបោរ

ថៃនិងឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ៍ ទី១៤ មករា ម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមួយ ដោយមេទ័ពថៃអះអាងថា កិច្ចព្រមព្រៀងនេះនឹងជួយបន្ថយសកម្មភាពពួកបះបោរ ដែលកំពុងធ្វើប្រតិបត្តិការ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ពោលគឺភាគច្រើនគឺជាឥស្លាម។ បើតាមឯកសារដែលត្រូវបានចុះហត្ថលេខានោះ ថៃ និងប្រទេសឥណ្ឌូនេស៊ីដែលសម្បូរអ្នកកាន់សាសនាឥស្លាមនោះនឹងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ពីសកម្មភាពរបស់ពួកបះបោរ ឬ ឧទ្ទាម ដែលត្រូវបានឃ្លាំមើលជាប្រចាំពីកម្លាំងសន្តិសុខជាតិ។កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងពេលមានដំណើរទស្សនកិច្ចផ្លូវការរបស់នាយឧត្តមសេនីយ៍ Apirat Kongsompong មេទ័ពកំពូលរបស់ថៃនៅប្រទេសឥណ្ឌូនេស៊ី ហើយ អភិបាលខេត្តម្នាក់របស់ឥណ្ឌូនេស៊ីបានចូលរួមចុះហត្ថលេខានេះដែរ។ លោក Apirat បាននិយាយថា «កិច្ចព្រមព្រៀងនេះគឺសំដៅលើការកម្រិតសេរីភាពរបស់ក្រុមប៉ះបោរ ដោយសារតែពួកយើងនឹងចែករំលែកព័ត៌មានជាមួយគ្នា និងឃ្លាំមើលទាំងអស់គ្នា នៅលើទីតាំងរៀងៗខ្លួន»។ លោកបន្តថា ខេត្ត Aceh របស់ឥណ្ឌូនេស៊ីធ្លាប់ត្រូវបានប្រើប្រាស់ដោយពួកបះបោរថៃ ដើម្បីហ្វិកហាត់ ក៏ដូចជាលាក់ខ្លួន និងធ្វើផែនការវាយប្រហារថៃ។ គួរបញ្ជាក់ថា ថៃនៅតែបន្តប្រតិបត្តិការបង្ក្រាបពួកបះបោរ នៅបណ្តាភាគខាងត្បូងប្រទេស មានដូចជា យ៉ាឡា ប៉ាតានី និងណារ៉ាត់ធីវ៉ាត់ជាដើម ក្នុងនោះ មានមនុស្សជិត៧០០០នាក់ហើយដែលត្រូវបានសម្លាប់ តាំងពីឆ្នាំ២០០៤មក ស្លាប់ព្រោះការធ្វើសកម្មភាពវាយប្រហាររបស់ពួកឧទ្ទាមទាំងនោះ សំដៅលើការបំផ្ទុះគ្រាប់បែកជាដើម៕ធ.ដ…
-
អាម៉េរិក-ចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ នៅថ្ងៃពុធនេះ

មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាមេរិកនិងចិនគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ នៅថ្ងៃពុធ ទី១៥ មករា ២០២០នេះ ដែលនឹងអនុញ្ញាតិឲ្យធ្វើពាណិជ្ជកម្មជុំវិញពិភពលោកអាចដកដង្ហើមបាន ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។បើទោះបីជាការតំឡើងពន្ធទៅវិញទៅមករវាងអាមេរិកនិងចិនរាប់រយពាន់លានដុល្លារអាមេរិកនៅតែមានសុពលភាពនៅឡើយ ពោលគឺអាចរហូតទាល់តែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំប្រឈមនឹងការបោះឆ្នោតឡើងវិញ នាខែវិច្ឆិកានោះ ក៏ដោយ ក៏ភាពមិនប្រាកដប្រជាខ្លះនឹងទៅបាត់។ ស្របពេលដែលលោកដូណាល់ ត្រាំ ត្រៀមប្រឈមនឹងការសម្រេចចិត្តរបស់សភាជាន់ខ្ពស់ចំពោះការប៉ុនប៉ងដកតំណែងរបស់លោកនោះ លោកត្រាំអាចនឹងប្រកាសពីជោគជ័យជាមួយនឹងកិច្ចព្រមព្រៀងដំណាក់កាលដំបូងរបស់លោក ពីកិច្ចព្រមព្រៀងដែលចុះហត្ថលេខានេះ ដែលរួមមានទាំងការសន្យាពីប្រទេសចិនក្នុងការបង្កើនការទិញផលិតផលនិងដំណាំកសិកម្មរបស់អាំាមេរិក យ៉ាងហោចណាស់ក្នុងរយៈពេលខ្លី។ អ្នកវិភាគសេដ្ឋកិច្ច Mary Lovely បាននិយាយថា កិច្ចព្រមព្រៀងដំណាក់កាលដំបូងរវាងអាមេរិកនិងចិននេះគឺមានសារៈសំខាន់ណាស់ លើវិស័យពាណិជ្ជកម្ម ក្នុងនោះ មានការបញ្ជាទិញកម្រិតរដ្ឋដ៏ធំ។ លោកថា កិច្ចព្រមព្រៀងនេះគឺជាដំណឹងល្អសម្រាប់អាមេរិកនិងសេដ្ឋកិច្ចពិភពលោក។មន្ត្រីអាមេរិកធ្លាប់បាននិយាយថា ឯកសារលម្អិតនៃកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានៅសេតវិមាន នាថ្ងៃពុធនេះ នឹងត្រូវបង្ហាញឲ្យដឹងពេលក្រោយ៕ធ.ដ
-
មនុស្សជិត៣០នាក់របួស ក្រោយយន្តហោះទម្លាក់សាំងចោលពីលើអាកាសចំសាលារៀននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មនុស្សយ៉ាងហោចណាស់២៦នាក់បានទទួលរងរបួស ក្រោយយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ ឌែលតា អ៊ែរឡាញ បានទម្លាក់ប្រេងឥន្ធនៈចេញពីខ្លួនរបស់វា ហើយធ្លាក់មកលើទីធ្លាក្នុងសាលារៀនមួយកន្លែង ស្ថិតនៅទីក្រុងឡូសអាន់ជែឡេស រដ្ឋកាលីហ្វ័រញ៉ា ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ក្មេងតូចៗ០៧នាក់ និងក្មេងជំទង់០៩នាក់បានទទួលរងរបួស ក្នុងចំណោមមនុស្សរងគ្រោះសរុប២៦នាក់ ដែលត្រូវបានសាំងយន្តហោះធ្លាក់ចំនៅក្នុងទីផ្សារសាលារៀន ឃ្យូដាហ៊ី ស្ថិតសង្កាត់មួយនៃភាគអាគ្នេយ៍ទីក្រុង ឡូសអាន់ជែឡេស ។ ទន្ទឹមគ្នា អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិទីក្រុងឡូសអាន់ជែឡេស LAX បានបញ្ជាក់ថា បន្ទាប់ពីហោះឡើងបានតែមួយភ្លែត ជើងហោះហើរ Delta Flight 89 បានជួបបញ្ហាម៉ាស៊ីន ដែលជាហេតុបង្ខំឲ្យយន្តហោះត្រូវត្រឡប់ទៅធ្វើការចុះចតនៅទីក្រុងឡូសអាន់ជែឡេសវិញភ្លាមៗ ។ យន្តហោះបានចុះចតដោយសុវត្ថិភាព បន្ទាប់ពីប្រេងឥន្ធនៈគ្រាមានអាសន្នរបស់វាត្រូវបានទម្លាក់ចោល ដើម្បីកាត់បន្ថយទម្ងន់នៅពេលយន្តហោះត្រូវចុះចត ៕ធ.ដ
-
ប្រធានាធិបតីអ៊ីរ៉ង់ប្តេជ្ញាដាក់ទោសអ្នកដែលពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន ដែលផ្តាច់ជីវិតមនុស្សសរុប១៧៦នាក់

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់ស្សាន រូហាន់នី បានសន្យានៅថ្ងៃទី១៤ ខែមករានេះថា នឹងដាក់ទោសអ្នកដែលទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនដោយអចេតនា ដែលធ្វើឲ្យមនុស្សសរុប១៧៦នាក់ស្លាប់ ហើយលោកបានហៅហេតុការណ៍នេះថា ជាហេតុការណ៍ដែល មិនអាចលើកលែងទោសឲ្យបានទេ ។ នៅថ្ងៃដដែលនេះ អ្នកនាំពាក្យតុលាការអ៊ីរ៉ង់បានលើកឡើងថា មនុស្សមួយចំនួនត្រូវបានចាប់ខ្លួនរួចហើយ ដោយសារតែពួកគេមានតួនាទីពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះនោះ ប៉ុន្តែអ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ឲ្យបានច្បាស់ថាប៉ុន្មាននាក់ ឬក៏អ្នកទាំងនោះពាក់ព័ន្ធបែបណានោះទេ ។ បច្ចុប្បន្នរដ្ឋាភិបាលអ៊ីរ៉ង់បាននិងកំពុងប្រឈមជាមួយការតវ៉ាដ៏កក្រើក បន្ទាប់ពីបានទទួលស្គាល់កាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ទាហានអ៊ីរ៉ង់ជាអ្នកបាញ់ទម្លាក់យន្តហោះនោះ ទោះបីជាដំបូងខ្លួនបានអះអាងថា យន្តហោះនោះធ្លាក់គឺដោយ សារបញ្ហាបច្ចេកទេស ៕ធ.ដ
-
ប្រធានាធិបតីតួកគី ព្រមានផ្ដល់មេរៀនដល់មេដឹកនាំលីប៊ីខាងកើត ក្រោយច្រានចោលការចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់

តួកគី៖ តួកគីនឹងផ្ដល់មេរៀនមួយដល់លោកឧត្ដមសេនីយ៍ ខាលីហ្វា ហាស់តា បើសិនជារដ្ឋាភិបាលលីប៊ីខាងកើតរបស់លោក ហ៊ានដឹកនាំការវាយប្រហារណាមួយលើរដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ។ ការព្រមានបែបនេះរបស់ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ត្រូវបានធ្វើឡើងកំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាតួកគី នៅថ្ងៃទី១៤ ខែមករានេះ និង បន្ទាប់ពីរុស្ស៊ី និង តួកគីបានបរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យលោកឧត្ដមសេនីយ៍ ខាលីហ្វា ហាស់តា ចុះហត្ថលេខាលើបទឈប់បាញ់ជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលីប៊ីលោក ហ្វាយ៉េស អាល់សឺរ៉ាច ។ សូមបញ្ជាក់បន្ថែមថា អំឡុងកិច្ចចរចាក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៣ ខែមករានេះ ក្រោមកិច្ចសម្របសម្រួលដោយរុស្ស៊ី និងតួកគី ប្រមុខរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិលីប៊ី នាយករដ្ឋមន្ត្រីលីប៊ីលោក ហ្វាយ៉េស អាល់សឺរ៉ាច មានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី បានចុះហត្ថលេខាលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ខណៈមេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី មានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលោក ខាលីហ្វា ហាស់តា បានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាថាតើគួរតែចុះហត្ថលេខាដែរឬទេ ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែមករានេះលោក ហាស់តា ស្រាប់តែចាកចេញពីទីក្រុងមូស្គូ ដោយមិនបានចុះហត្ថលេខាលើបទឈប់បាញ់នោះទេ ៕ធ.ដ
-
ឧបនាយករដ្ឋមន្រ្តីចិនធ្វើដំណើរទៅដល់សហរដ្ឋអាម៉េរិកហើយ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១

សហរដ្ឋអាម៉េរិក៖ តបតាមការអញ្ជើញរបស់ភាគីអាមេរិកនោះ ឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ី និងជាប្រធានក្រុមចរចាជម្លោះពាណិជ្ជកម្មរវាងចិន-អាមេរិក បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោនហើយ នៅថ្ងៃទី១៣ ខែមករានេះ ដើម្បីត្រៀមខ្លួនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ។ ហើយដំណើរទស្សនកិច្ចរបស់លោក លីវ ហ៊ី នឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែមករានេះ(ម៉ោងក្នុងតំបន់) ។ បើតាមការរំពឹងទុកនោះ ការចុះហត្ថលេខាខាងលើនឹងក្លាយជាលទ្ធផលផ្លូវការដំបូងបំផុតក្នុងរយៈពេលពីរឆ្នាំមកនេះ ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ សម្រេចបានដើម្បីបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមដំឡើងពន្ធរាប់រយពាន់លានដុល្លារ ។ បើតាមមន្ត្រីអាមេរិក និងចិននោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ មានរួមបញ្ចូលនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ទំនិញកសិកម្ម និងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស ព្រមទាំងវិធានរួមមួយចំនួន សម្រាប់ការដោះស្រាយវិវាទទៅថ្ងៃមុខ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលុបផែនការដំឡើងពន្ធលើទំនិញចិនមានតម្លៃ១៦០ពាន់លានដុល្លារ ខណៈចិនវិញសន្យាទិញទំនិញកសិកម្មអាមេរិកបន្ថែមក្នុងតម្លៃ២០០ពាន់លានដុល្លារផងដែរ ៕ធ.ដ
-
សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីត២១នាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីផ្ទុះករណីបាញ់សម្លាប់ទាហានអាម៉េរិក៣នាក់

សហរដ្ឋអាម៉េរិក៖ សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីត២១នាក់ដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅសហរដ្ឋអាមេរិក នឹងត្រូវបណ្ដេញឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយមានការស៊ើបអង្កេតមួយលើករណីសិក្ខាកម្មអារ៉ាប៊ីសាអូឌីត ម្នាក់បាញ់សម្លាប់កងនាវិកអាមេរិក៣នាក់ នៅឯមូលដ្ឋានទ័ពជើងទឹកមួយក្នុងរដ្ឋផ្លូរីដា កាលពីខែធ្នូ ឆ្នាំ២០១៩ ។ ទន្ទឹមគ្នា អគ្គរដ្ឋអាជ្ញាអាមេរិក លោក វីលៀម បារ បានបញ្ជាក់ថា សិក្ខាកាមអារ៉ាប៊ីសាអូឌីតទាំង២១នាក់នេះ ត្រូវបានលុបឈ្មោះចេញពីវគ្គបណ្ដុះបណ្ដាលក្នុងជំរំយោធាអាមេរិក ហើយនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញ នៅក្នុង សប្ដាហ៍នេះ បន្ទាប់ពីការសើបអង្កេតរកឃើញថា ពួកគេមានរូបថតអាសអាសភាសរបស់កុមារ និងគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេមានសារជីហាដ និងគំនិតប្រឆាំងអាមេរិក ។ ប៉ុន្តែអ្នកទាំង២១នាក់នេះ មិនត្រូវបានចោទប្រកាន់ពីល្មើសណាមួយនោះទេនៅក្នុងសហរដ្ឋអាមេរិក តែអាចប្រឈមមុខនឹងការកាត់ទោសពេលត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញ ។សូមរំលឹកថា សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីតឈ្មោះ ម៉ូហាំម៉េដ សាអ៊ីដ អាយុ ២១ឆ្នាំនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានបាញ់សម្លាប់កងនាវិកអាមេរិក៣នាក់ និងបង្កឲ្យ០៨នាក់ទៀតរងរបួស នៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង ផេនសាកូឡា រដ្ឋផ្លូរីដា មុននឹងរូបគេត្រូវបានបាញ់សម្លាប់ ៕ធ.ដ
-
ប្រធានាធិបតីកូរ៉េខាងត្បូងបង្ហាញសុទិដ្ឋិនិយមអំពីការសន្ទនារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃទី១៤ ខែមករានេះ បានលើកឡើងថា វាឆាប់ពេកក្នុងការគិតបែបទុទិដ្ឋិនិយមអំពីកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលបានជាប់គាំង រវាងសហរដ្ឋអាមេរិក-កូរ៉េខាងជើង និងថា ទីក្រុងព្យុងយ៉ាងមិនទាន់បានបិទទ្វារសម្រាប់ការពិភាក្សាជាថ្មីទៀតនៅឡើយទេ ។ នៅក្នុងសន្ទករថាស្វាគមន៍ឆ្នាំថ្មីរបស់ខ្លួន នៅឯវិមានប្រធានាធិបតី ឆឹង វ៉ា ដេ លោក មូន បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំគិតថា ឥឡូវនេះយើងមិនស្ថិតក្នុងតំណាក់កាលសម្រាប់ការគិតទុទិដ្ឋិនិយមអំពីការសន្ទនាគ្នារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាការចរចាគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើទោះបីជាវាមិនមែនជាដំណាក់កាលដែលត្រូវបានគិតសុទិដ្ឋិនិយមក៏ដោយ ។ ស្របពេលជាមួយគ្នានេះដែរ លោក មូន ជែអ៊ីន ថែមទាំងបានលើកឡើងអំពីការផ្ញើសារជូនពរថ្ងៃខួបកំណើតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន ដែលនេះគឺជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ៕ធ.ដ
-
អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុព្រមានថា ភ្លើងឆេះព្រៃនៅអូស្ត្រាលីនឹងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ

អូស្រ្តាលី៖ ស្ថានភាពភ្លើងឆេះព្រៃដ៏អាក្រក់នៅអូស្រ្តាលី អាចនឹងក្លាយជារឿងដែលកើតមានឡើងជាប្រចាំ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅតែពុំត្រូវបានកាត់បន្ថយបានច្រើនទេនោះ នេះបើតាមការព្រមានរបស់ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអាកាសធាតុ ។ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តអង់គ្លេសលោក រីឆាដ បេតស៍ នោះ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលបង្កបាតុភូតម៉្យាងដែលអ្នកវិទ្យាសាស្រ្តហៅថា «អាកាសធាតុភ្លើង» កាន់តែកើតមានញឹកញាប់ ហើយមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗ ។ មិនត្រឹមតែអូស្រ្តាលីទេដែលទទួលរងឥទ្ធិពលនេះ សូម្បីតែនៅភាគខាងលិចសហរដ្ឋអាមេរិក និងកាណាដា ព្រមទាំងភាគខាងត្បូងអឺរ៉ុប និងអាម៉ាហ្សូនក៏ដូចគ្នាដែរ ប៉ុន្តែអូស្រ្តាលីរងគ្រោះធ្ងន់ធ្ងរជាងគេ ។ សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ មានមនុស្សប្រមាណ២៨នាក់បានបាត់បង់ជីវិត និងផ្ទះសម្បែងប្រហែល២ពាន់ខ្នងត្រូវបំផ្លាញ ខណៈផ្ទៃដី១១.២លានហិកតាត្រូវឆាបឆេះខ្ទេចខ្ទី គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែភ្លើងឆេះព្រៃនៅភាគខាងកើត និងភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី ៕ធ.ដ