Category: ព័ត៌មានអន្តរជាតិ

  • កងកម្លាំងអាមេរិក១១នាក់របួស ក្រោយការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកចំនួន២កន្លែងនៅអ៊ីរ៉ាក់

    កងកម្លាំងអាមេរិក១១នាក់របួស ក្រោយការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកចំនួន២កន្លែងនៅអ៊ីរ៉ាក់

    សហរដ្ឋអាមេរិក៖ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី០៨ ខែមករាកន្លងមកនេះ បានបណ្តាលឲ្យកងទ័ពអាមេរិកចំនួន១១នាក់រងរបួស ខណៈដំបូងឡើយ ទាំងខាងភាគីអាមេរិក និងអ៊ីរ៉់ាក់ផ្ទាល់បានអះអាងថា គ្មានទាហាន ឬជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធាមន្រ្តីអាមេរិក  ។ អ្នកនាំពាក្យយោធាអាមេរិកនៅថ្ងៃទី១៦ខែមករានេះបានឲ្យដឹងថា កងទ័ព១១នាក់ដែលស្ថិតនៅមូលដ្ឋានទ័ព អេន អាល់អាស្សាដ ទើបតែត្រូវបានបញ្ជូនទៅកាន់អាល្លឺម៉ង់ និងគុយវ៉ែត ក្រោយពិនិត្យរកឃើញថា ពួកគេបានទទួលរងការប៉ះទង្គិចខួរក្បាល ដោយសារបន្ទុះនៃការវាយប្រហារដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់ ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ពីស្ថានភាពរបស់កងទ័ពអាមេរិកទាំងនោះឡើយ ប៉ុន្តែខាងយោធាអាមេរិកបានប្រាប់ថា ពួកគេនឹងត្រឡប់មកបំពេញកាតព្វកិច្ចនៅប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការពិនិត្យព្យាបាលរួចរាល់ ។ គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពពីរកន្លែងនៅអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិកឈរជើងនោះ គឺជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានទីក្រុងបាកដាដ កាលពីថ្ងៃទី០៣ ខែមករា ដែលបានផ្តាច់ជីវិតលោក កាស្សេម សូឡៃមេនី ដែលជាមេដឹកនាំកងអង្គភាពពិសេស Quds Force នៃកងកម្លាំងការពារបដិវត្តអ៊ីរ៉ង់ ៕ធ.ដ

  • ដំណើរការនិតីវិធីដកតំណែងលោក ដូណាល់ ត្រាំ ជាប្រវត្តិសាស្រ្តចាប់ផ្តើមជាផ្លូវការហើយនៅក្នុងព្រឹទ្ធសភាអាមេរិក

    ដំណើរការនិតីវិធីដកតំណែងលោក ដូណាល់ ត្រាំ ជាប្រវត្តិសាស្រ្តចាប់ផ្តើមជាផ្លូវការហើយនៅក្នុងព្រឹទ្ធសភាអាមេរិក

    សហរដ្ឋអាមេរិក៖ ដំណើរការនិតីវិធីដកតំណែងលោក ដូណាល់ ត្រាំ បានចាប់ផ្តើមប្រព្រឹត្តទៅហើយនៅថ្ងៃទី១៦ ខែមករានេះ (ម៉ោងក្នុងតំបន់) នៅក្នុងព្រឹទ្ធសភាអាមេរិក  ខណៈដែលសមាជិកសភាបានស្បថយ៉ាងឱឡារិកថា “មិនលំអៀង” ក្នុងការសម្រេចថាតើត្រូវបង្ខំឲ្យប្រធានាធិបតីអាមេរិកទី៤៥ ចេញពីតំណែងឬក៏យ៉ាងណា ។ ដំណើរការនិតីវិធីដកតំណែងលោក ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផែលឡូស៊ី បានចុះហត្ថលេខាលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ផ្ញើទៅកាន់ព្រឹទ្ធសភាអាមេរិក ជាមួយការចោទប្រកាន់ចំនួនពីរករណីធំៗគឺការរំលោភអំណាច និងបង្កការាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់សភា ជុំវិញរឿងអាស្រូវដែលគេចោទថា លោកបានគំរាមកាត់បន្ថយជំនួយយោធា ជាការដាក់សម្ពាធលើមេដឹកនាំបរទេស គឺប្រធានា ធិបតីអ៊ុយក្រែន ឲ្យស៊ើបអង្កេតលើកូនប្រុសលោក ចូ បៃដិន និងលោក ចូ បៃដិន ផ្ទាល់ ដែលជាគូប្រជែងដ៏លេចធ្លោរមួយរូបមកពីបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ ។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានទាត់រាល់ការចោទប្រកាន់ទាំងអស់នេះ និងចាត់ទុកថា នីតិវិធីប្រឆាំងនឹងរូបលោក គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏អាក្រក់បំផុត ។ សូមបញ្ជាក់ថា លោក ដូណាល់…

  • ក្រុមហ៊ុនរថយន្តអាមេរិក Ford បោះទុនជិត១០០លានដុល្លារ ពង្រីករោងចក្រនៅវៀតណាម

    ក្រុមហ៊ុនរថយន្តអាមេរិក Ford បោះទុនជិត១០០លានដុល្លារ ពង្រីករោងចក្រនៅវៀតណាម

    សារព័ត៌មាន Vietnam Express បានចេញផ្សាយថ្មីៗនេះថា ក្រុមហ៊ុន Ford Vietnam បានបណ្តាក់ទុករហូតដល់ទៅ ៨២លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួន ដោយបន្ថែមការសាងសង់លើផ្ទៃដី ៦០ ០០០ម៉ែត្រការ៉េទៀត សរុប ២២៦ ០០០ម៉ែត្រការ៉េ នៅភាគខាងជើងប្រទេសវៀតណាម ដើម្បីបង្កើនការផលិតរបស់ខ្លួន។ Ford Vietnam អះអាងថា ការពង្រីករោងចក្រនេះនឹងជួយបង្កើនការផលិតរថយន្តប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ពី ១៤ ០០០គ្រឿង ទៅ ៤០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនរថយន្តអាមេរិកដ៏ធំមួយនេះបានរាយការណ៍ថា ពួកគេបានលក់រថយន្តដាច់ចំនួន ៣២ ១៧៥គ្រឿងក្នុងឆ្នាំ២០១៩ កើនឡើង ៣១% ឯណោះ៕ធ.ដ

  • មន្ទីរបញ្ចកោណអាមេរិកទទួលសំណើឲ្យសង់ជញ្ជាំងព្រំដែន៤៣៥គីឡូម៉ែត្រជាមួយមិចស៊ីកូ

    មន្ទីរបញ្ចកោណអាមេរិកទទួលសំណើឲ្យសង់ជញ្ជាំងព្រំដែន៤៣៥គីឡូម៉ែត្រជាមួយមិចស៊ីកូ

    មន្ទីរបញ្ចកោណអាមេរិក កាលពីម្សិលមិញបានទទួលសំណើមួយពី រដ្ឋបាលលោក ដូណាល់ ត្រាំ តាមរយៈក្រសួងសន្តិសុខ ឲ្យកសាងជញ្ជាំងព្រំដែនប្រវែង ៤៣៥គីឡូម៉ែត្រជាមួយប្រទេសមិចស៊ីកូ ហើយខ្លួនកំពុងតែគណនា អំពីតម្លៃដែលត្រូវចំណាយ។  ប្រភពពីមន្ត្រីយោធាមិនបញ្ចេញឈ្មោះ ដែលស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា គំរោងនេះនឹងត្រូវធ្វើឡើង ដោយស្ថិតក្នុងគោលដៅ ទប់ទល់សកម្មភាពរត់ពន្ធគ្រឿងញៀន ឆ្លងកាត់ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ ប៉ុន្តែមន្ត្រីរូបនេះមិនអាចបង្ហើបប្រាប់បានឡើយ អំពីតម្លៃនៃការកសាងជញ្ជាំងព្រំដែនប្រវែង ៤៣៥គីឡូម៉ែត្រនោះ។ ប៉ុន្តែកាសែត Washington Post បានចុះផ្សាយកាលពីដើមសប្តាហ៍នេះថា លោក ដូណាល់ ត្រាំ កំពុងទាមទារថវិការហូតដល់ ៧.២ពាន់លានដុល្លារឯណោះ ដើម្បីចាត់ចែងរឿងព្រំដែន។ រដ្ឋបាលលោក ត្រាំ បានប្តេជ្ញាកសាងជញ្ជាំងព្រំដែនប្រវែង យ៉ាងហោចណាស់ឲ្យបាន ៦៤៤គីឡូម៉ែត្ររហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាពេលលោក ត្រូវចូលរួមបោះឆ្នោត ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាណត្តិថ្មី៕ធ.ដ

  • ទីបំផុតលោក ពូទីន សម្រេចតែងតាំងលោក ម៉េដវេដេវ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីជាផ្លូវហើយ

    ទីបំផុតលោក ពូទីន សម្រេចតែងតាំងលោក ម៉េដវេដេវ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីជាផ្លូវហើយ

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែមករានេះ សម្រេចតែងតាំងអតីតនាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីតទ្រី ម៉េដវេដេវ ធ្វើជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័នដ៏មានឥទ្ធិពលក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ។ ការតែងតាំងមុខតំណែងថ្មីជូនលោក ម៉េដវេដេវ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែមករានេះ បានស្នើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិមួយ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស នាអំឡុងពេលថ្លែងសារប្រចាំឆ្នាំរបស់លោកទៅកាន់សភាជាតិ ។ ទន្ទឹមគ្នា លោក ពូទីន ថែមទាំងបានអះអាងដែរថា រដ្ឋាភិបាលរបស់លោកនឹងដោះស្រាយការធ្លាក់ចុះចំនួនប្រជាជន ក៏ដូចជាការទទួលខុសត្រូវក្នុងការធានា សុវត្ថិភាព និងសន្តិសុខពិភពលោក ទាក់ទិននឹងថាមពលនុយក្លេអ៊ែរ ។ សំណើឱ្យមានការធ្វើប្រជាមតិថ្នាក់ជាតិខាងលើ ធ្វើឡើងខណៈលោក ពូទីន បានតែងតាំងនាយកសេវាពន្ធនៃសហព័ន្ធររុស្ស៊ីលោក មីខេល មីសហាស្ទីន ធ្វើជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី បន្ទាប់ពីការលាលែងពីតំណែងដ៏ភ្ញាក់ផ្អើលរបស់លោក ឌីមីទ្រី ម៉េដវេដេវ ៕ធ.ដ

  • លោក ហាស្សាន រួហានី អះអាងថា អ៊ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ច្រើនជាងកាលពីមុនពេលចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

    លោក ហាស្សាន រួហានី អះអាងថា អ៊ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ច្រើនជាងកាលពីមុនពេលចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

    អ៊ីរ៉ង់៖ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបច្ចុប្បន្នរបស់អ៊ីរ៉ង់ គឺច្រើនជាងកាលពីមុនពេលដែលទីក្រុងតេហេរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៅទៀត នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃនេះ យើងគ្មានព្រំដែនកំណត់ទៀតឡើយ ទៅលើវិស័យឧស្សាហកម្មនុយក្លេអ៊ែរ…. នោះគឺជាលក្ខខណ្ឌនៃវិស័យនុយក្លេអ៊ែររបស់យើង ដែលប្រសើរជាងនៅមុនពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានចុះហត្ថលេខា ។ ការកត់សម្គាល់បែបនេះរបស់លោក រួហានី បានកើតមានឡើងក្នុងគ្រាដែលអ៊ីរ៉ង់បានកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ដែលធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនចេញដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងភាពបរាជ័យរបស់សហភាពអឺរ៉ុប ដែលមិនអាចដោះស្រាយបញ្ហាអ្វីបានចំពោះរឿងនេះ ៕ធ.ដ

  • មនុស្សទី២ហើយបានបាត់បង់ជីវិត ដោយសារវីរុសរលាកសួតថ្មីនៅប្រទេសចិន ខណៈជនជាតិជប៉ុនម្នាក់ក៏ឆ្លងវីរុសនេះដែរក្រោយត្រឡប់មកពីទីក្រុងវូហានវិញ

    មនុស្សទី២ហើយបានបាត់បង់ជីវិត ដោយសារវីរុសរលាកសួតថ្មីនៅប្រទេសចិន ខណៈជនជាតិជប៉ុនម្នាក់ក៏ឆ្លងវីរុសនេះដែរក្រោយត្រឡប់មកពីទីក្រុងវូហានវិញ

    ចិន៖ អាជ្ញាធរចិនបានរាយការណ៍អំពីការស្លាប់មនុស្សទី២ ដែលបណ្តាលមកពីវីរុសអាថ៌កំបាំងមួយ ដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ឈឺនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ។អាជ្ញាធរសុខាភិបាលទីក្រុងវូហាន បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករានេះថា បុរសអាយុ៦៩ឆ្នាំម្នាក់ដែលបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃ៣១ ខែធ្នូកន្លងទៅ បានស្លាប់កាលពីថ្ងៃ១៥ ខែមករានេះ នៅមន្ទីរពេទ្យ វូហាន ជីនយីនតាន់ ក្នុងខេត្តហ៊ូប៉េក្រោយពីធ្លាក់ខ្លួនឈឺអស់២សប្តាហ៍ដែលបណ្តាលឲ្យខូចប្រព័ន្ធសរីរាង្គខាងក្នុងជាច្រើន ។ ការស្លាប់មនុស្សទី២ដោយវីរុសថ្មីនេះ កើតឡើងក្រោយពីមានសេចក្តីរាយការណ៍អំពីការរកឃើញមនុស្សឆ្លងកូរ៉ូណាវីរុសនេះទី២នៅក្រៅប្រទេសចិន ។ អាជ្ញាធរជប៉ុនបាននិយាយថា បុរសម្នាក់នៅតំបន់កាណាហ្កាវ៉ារបស់ជប៉ុន បានធ្លាក់ខ្លួនឈឺ ដោយសារវីរុសនេះបន្ទាប់ពីបានទៅលេងប្រទេសចិន ។ ជំងឺនេះនៅក្រៅទឹកដីចិនលើកទី១ ត្រូវបានគេរកឃើញនៅលើស្ត្រីចិនអាយុ៦១ឆ្នាំនៅប្រទេសថៃ កាលពីថ្ងៃទី១៣ ខែមករានេះ ហើយបច្ចុប្បន្នស្ត្រីមកពីចិននេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំពោះរោគសញ្ញាក្តៅខ្លួនខ្លាំង និងពិបាកដកដង្ហើម ៕ធ.ដ

  • លោកស្រី ខារី ឡាំ អះអាងថា គោលកាណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ នឹងបន្តរហូតលើសពីឆ្នាំ២០៤៧

    លោកស្រី ខារី ឡាំ អះអាងថា គោលកាណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ នឹងបន្តរហូតលើសពីឆ្នាំ២០៤៧

    ហុងកុង៖ គោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ ដែលកំពុងធានាឲ្យប្រជាជនហុងកុងទទួលបាននូវសិទ្ធិសេរីភាពធំទូលាយ ជាងតំបន់ដទៃៗទៀតរបស់ចិននោះ គឺអាចត្រូវបន្តអនុវត្តរហូតហួសពីឆ្នាំ២០៤៧ ដែលជាថ្ងៃផុតកំណត់នៃគោលការណ៍នេះ នេះបើតាមអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ ។ ទន្ទឹមគ្នា អភិបាលក្រុងហុងកុងរូបនេះបានធ្វើការអំពាវនាវយ៉ាងទទូចឲ្យប្រជាជនហុងកុង ជាពិសេសគឺយុវជនដែលបានដឹកនាំចលនាបាតុកម្មយ៉ាងកក្រើកជាច្រើនខែនាពេលកន្លងមក កុំរំលោភបំពាន ក៏ដូចជាបំផ្លាញគោលកាណ៍ដ៏សំខាន់នេះ ដោយសារតែការយល់ច្រឡំមួយពេល ។ សូមរំលឹកផងដែរថា ហុងកុង ដែលជាទីក្រុងត្រូវបានចក្រភពអង់គ្លេសប្រគល់មកឲ្យប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧ ក្រោមការអនុវត្តគោលការណ៍«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលមានសុពលភាពរយៈពេល៥០ឆ្នាំ បានធ្លាក់ចូលក្នុងភាពវឹកវរដោយសារការផ្ទុះបាតុកម្មដ៏ធំ ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០១៩ ហើយមកទល់ឆ្នាំ២០២០ សកម្មភាពតវ៉ាក្នុងទីក្រុងនៅតែបន្តកើតមាន គ្រាន់តែមិនសូវខ្លាំងដូចមុន ៕ធ.ដ

  • សហរដ្ឋអាម៉េរិកចាប់ផ្តើមធ្វើប្រតិបត្តិការយោធាជាមួយអ៊ីរ៉ាក់ឡើងវិញ បន្ទាប់ពី ផ្អាកដោយសារការអុកឡុកស្ថានទូតអាម៉េរិក

    សហរដ្ឋអាម៉េរិកចាប់ផ្តើមធ្វើប្រតិបត្តិការយោធាជាមួយអ៊ីរ៉ាក់ឡើងវិញ បន្ទាប់ពី ផ្អាកដោយសារការអុកឡុកស្ថានទូតអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាឡើងវិញ ជាមួយអ៊ីរ៉ាក់ បន្ទាប់ពីផ្អាកអស់រយៈពេល០២សប្តាហ៍ចាប់តាំងពីមានការធ្វើបាតុកម្មលើស្ថានទូតអាម៉េរិកនៅទីក្រុងបាកដាដ ។ មន្រ្តីយោធាអាម៉េរិកពីររូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា កងកម្លាំងយោធាអន្តរជាតិ ដែលរួមមានទាំងសហរដ្ឋអាម៉េរិក បានបន្តប្រតិបត្តិការជាមួយយោធាអ៊ីរ៉ាក់វិញហើយ នៅថ្ងៃទី១៥ ខែមករានេះ បន្ទាប់ពីបានផ្អាករយៈពេល០២សប្តាហ៍ ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹងក្នុងតំបន់ ដែលបានចាប់ផ្តើមនៅពេលស្ថានទូតអាម៉េរិកនៅទីក្រុងបាកដាដ រងការអុកឡុង ។ សូមរំលឹកថា ស្ថានទូតអាម៉េរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារដោយក្រុមបាតុករអ៊ីរ៉ាក់ ដែលខឹងសម្បារនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិក នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ និង ភាគខាងកើតប្រទេសស៊ីរី ដោយផ្ដាច់ជីវិតសមាជិកកងជីវពល កាតេប ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់២៥នាក់ ៕ធ.ដ

  • អង្គការសហប្រជាជាតិបញ្ជាក់ថា ឆ្នាំ២០២០ នេះនឹងក្លាយជាទសវត្សរ៍ដែលមានអាកាសធាតុក្តៅបំផុត

    អង្គការសហប្រជាជាតិបញ្ជាក់ថា ឆ្នាំ២០២០ នេះនឹងក្លាយជាទសវត្សរ៍ដែលមានអាកាសធាតុក្តៅបំផុត

    ស្វីស៖ គ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើនបង្កឡើងដោយសារការកើនឡើងខ្ពស់នៃសីតុណ្ហភាព នឹងកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ ក៏ដូចជាបណ្តាឆ្នាំតទៅមុខទៀត នេះបើតាមការព្រមានរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ។ ប្រធានអង្គការឧតុនិយមពិភពលោក WMO របស់អង្គការសហប្រជាជាតិលោក ផេតធើរី ថាអាឡាស បាននិយាយថា ឆ្នាំ២០២០នេះ បានចាប់ផ្តើមឡើងពីចំណុចដែលឆ្នាំ២០១៩បានបន្សល់ទុក ពោលគឺលោកចង់សំដៅទៅលើមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ដែលបន្តវាយប្រហារប្រទេសនេះជាច្រើនខែមកហើយ ។ ជាមួយគ្នានេះ លោក ថាអាឡាស បានសង្កត់ធ្ងន់ថា គ្រោះធម្មជាតិធ្ងន់ធ្ងរបង្កឡើងដោយសីតុណ្ហភាពកើនឡើង នឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២០ និងនៅក្នុងទសវត្សរ៍ខាងមុខៗទៀត ដោយសារតែកំណើននៃកម្រិតឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស ។ បើតាមប្រធានអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិរូបនេះ សីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកកំឡុង០៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៥-២០១៩ និង១០ឆ្នាំចាប់ពីឆ្នាំ២០១០-២០១៩ គឺខ្ពស់បំផុតមិនធ្លាប់មាន ហើយចាប់តែពីទសវត្សរ៍ឆ្នាំ១៩៨០ មកទសវត្សរ៍បន្ទាប់ៗ ទៀតសុទ្ធតែមានសីតុណ្ហភាពខ្ពស់ជាងទសវត្សរ៍មុនៗ ហើយវាទំនងជានឹងបន្តបែបនេះទៀត ៕ធ.ដ