Category: ព័ត៌មានអន្តរជាតិ

  • លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាមេ៉រិកត្រៀមខ្លួនរួចរាល់ ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង

    លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាមេ៉រិកត្រៀមខ្លួនរួចរាល់ ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង ខណៈមានការព្រួយបារម្ភជាច្រើនថា ទីក្រុងព្យុងយ៉ាងទំនងជាធ្វើតេស្តបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ឡើងវិញ នេះបើតាមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ នៅថ្ងៃអង្គារនេះលោក  ត្រាំ បានបញ្ជាក់ថា នឹងមានភាពភ្ញាក់ផ្អើលអ្វីកើតឡើង ហើយយើងដោះស្រាយវាប្រកបដោយជោគជ័យ… ។ លោកបន្ថែមថា កាដូបុណ្យណូអែលរបស់កូរ៉េខាងជើង អាចជាអំណោយដ៏ស្រស់ស្អាត ឬក៏លោក គីម អាចនឹងផ្ញើកន្ត្រកផ្កាដ៏ស្រស់ស្អាតមកឱ្យលោក ជំនួសការបាញ់សាកល្បងមីស៊ីលក៏បាន… ដូច្នេះយើងមានតែរង់ចាំមើលអ្វីដែលនឹងកើតឡើង ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានធ្វើឡើងក្រោយកូរ៉េខាងជើងបានព្រមាននៅដើមខែធ្នូនេះថា ខ្លួននឹងផ្ញើកាដូបុណ្យណូអែលឱ្យអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ទុកពេលឱ្យលោក ត្រាំ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែមឱ្យទីក្រុងព្យុងយ៉ាង ដើម្បីកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ៕ធ.ដ

  • ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិកព្រមានក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងនឹងធ្វើតេស្តមីស៊ីលជាថ្មីទៀត

    ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិកព្រមានក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងនឹងធ្វើតេស្តមីស៊ីលជាថ្មីទៀត

    សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាកាសចរណ៍អាមេ៉រិកបានចេញសេចក្តីព្រមានមួយដល់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនៅដើមខែធ្នូនេះ អំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងទំនងជាបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្បាយឆ្ងាយនៅក្នុងសប្តាហ៍ឆាប់ៗនេះ ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានចេញសេចក្តីព្រមានអំពីលទ្ធភាពដែលអាចទៅរួច ដែលកូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយនេះ ក្នុងអំឡុងចុងឆ្នំា២០១៩ ឬអាចជានៅដើមឆ្នំា២០២០ខាងមុខ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC របស់អាមេ៉រិក ដែលផ្អែកលើប្រភពវិភាគនៃការគំរាមកំហែងដែលខ្លួនទទួលបានពី FAA ។ សូមរំលឹកផងដែរថា កូរ៉េខាងជើងបានព្រមាននៅដើមខែធ្នូនេះថា ខ្លួននឹងផ្ញើកាដូបុណ្យណូអែលឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីលោក គីម ជុងអ៊ុន ទុកពេលឱ្យលោក ដូណាល់ ត្រាំ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែមឱ្យទីក្រុងព្យុងយ៉ាង ដើម្បីកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ៕ធ.ដ

  • អង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សប្រមាណ២.៦លាននាក់នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាលត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នាំ២០២០ខាងមុខ

    អង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សប្រមាណ២.៦លាននាក់នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាលត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នាំ២០២០ខាងមុខ

    សហរដ្ឋអាម៉េរិក៖ ក្រុមការងារផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សប្រហែល២.៦លាននាក់នៅសាធារណៈអាហ្វ្រិកកណ្តាល (CAR) ឬច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់ប្រទេសនេះ នឹងត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នំា២០២០ខាងមុខ នេះបើតាមអ្នកនំាពាក្យអង្គការសហប្រជាជាតិនៅថ្ងៃអង្គារម្សិលមិញ ។ កាលពីខែវិច្ឆិកាកន្លងមកនេះ មនុស្សប្រមាណ៧០ម៉ឺននាក់បានបង្ខំចិត្តផ្លាស់ប្តូរទីលំនៅនៅទូទំាងប្រទេស ហើយប្រហែល៥៩ម៉ឺន៥ពាន់នាក់ផ្សេងទៀតបានក្លាយជាជនភៀសខ្លួនទៅជ្រកកោណនៅតាមបណ្តាប្រទេសជិតខាង នេះបើតាមអ្នកនំាពាក្យប្រមុខដឹកនំាំអង្គការសហប្រជាជាតិ គឺលោក ស្ទេហ្វែន ឌូហ្សារីគ ។ លោក ស្ទេហ្វែន ឌូហ្សារីគ បានសង្កត់ធ្ងន់ថា ក្មេងប្រុសស្រីដែលជាសិស្សសាលាច្រើនជាង១លាននាក់នឹងត្រូវការជំនួយមនុស្សធម៌ជាចំាបាច់ សម្រាប់ការអប់រំរបស់ពួកគេនៅក្នុងឆ្នំា២០២០ ហើយកុមារច្រើនជាង១៧ម៉ឺន៨ពាន់នាក់ ក៏នឹងត្រូវការការព្យាបាលចំពោះកង្វះខាតអាហារូបត្ថម្ភផងដែរ ដោយលោកបានអះអាងថា ជំនួយមនុស្សធម៌ដើម្បីឆ្លើយតបនឹងផែនការជួយដល់សាធារណៈអាហ្វ្រិកកណ្តាល (CAR) នៅឆ្នំា២០២០ គឺមានទឹកប្រាក់រហូតដល់៤០១លានដុល្លារឯណោះ ៕ធ.ដ

  • រុមបាតុករប៉ះទង្គិចគ្នាយ៉ាងខ្លំាងក្លាយជាមួយមន្រ្តីប៉ូលិសនៅថ្ងៃបុណ្យគ្រឹស្មាស

    រុមបាតុករប៉ះទង្គិចគ្នាយ៉ាងខ្លំាងក្លាយជាមួយមន្រ្តីប៉ូលិសនៅថ្ងៃបុណ្យគ្រឹស្មាស

    ហុងកុង៖ ក្តីសង្ឃឹមសម្រាប់បុណ្យណូអែលដែលមានសន្តិភាព ត្រូវបានបំផ្លាញនៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារម្សិលមិញ ក្រោយប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមអ្នកតវ៉ាបានដុតបំផ្លាញនៅទីតាំងផ្សេងៗនៅទូទាំងទីក្រុង ។ ហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅតាមផ្សារទំនើប និងតំបន់ទេសចរណ៍ដ៏មមាញឹក ដើម្បីឆ្លើយតបនឹងការអំពាវនាវតាមអ៊ីនធើណេត ក្នុងការបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាទាមទារលទ្ធិប្រជាធិបតេយ្យប្រសើរឡើង ។ ក្រុមអ្នកតវ៉ានិយាយថា ពួកគេនឹងមិនចុះចាញ់នោះទេ លុះត្រារដ្ឋាភិបាលឆ្លើយតបតាមការទាមទារផ្នែកនយោបាយរបស់ពួកគេ ដែលរួមមានសិទ្ធិបោះឆ្នោតជាសកល និង ការស៊ើបអង្កេតដោយឯករាជ្យលើអំពើព្រៃផ្សៃរបស់ប៉ូលិស ។ គួរបញ្ជាក់ថា ចលនាប្រឆាំងរដ្ឋាភិបាលនៅហុងកុង ដែលបង្កឡើងដោយច្បាប់បត្យាប័នដ៏ចម្រូងចម្រាសនោះ បានឈានចូលដល់ខែទី៧ហើយ ហើយមិនមានសញ្ញាធូរស្បើយឡើយ ៕ធ.ដ

  • លោក វ៉្លាឌីមៀ ពូទីន និយាយថា រុស្ស៊ីនឹងវិភាគពីសក្ដានុពលនៃការគំរាមកំហែងផ្នែកយោធា ដើម្បីងាយស្រួលចាត់វិធានការឆ្លើយតប និងពង្រឹងសមត្ថភាពយោធា

    លោក វ៉្លាឌីមៀ ពូទីន និយាយថា រុស្ស៊ីនឹងវិភាគពីសក្ដានុពលនៃការគំរាមកំហែងផ្នែកយោធា ដើម្បីងាយស្រួលចាត់វិធានការឆ្លើយតប និងពង្រឹងសមត្ថភាពយោធា

    រុស្ស៊ី៖ រុស្ស៊ីនឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផែនការដាក់ពង្រាយមីស៊ីល រយៈចំងាយខ្លី និងមធ្យមរបស់សហរដ្ឋអាមេរិកនៅគ្រប់ទីកន្លែងលើពិភពលោក ជាពិសេសគឺតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក នេះបើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅក្រសួងការពារជាតិ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា ចាប់ពីពេលនេះតទៅ រុស្ស៊ីត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផែនការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិក នៅគ្រប់ទីន្លែងទាំងអស់នៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកតែម្ដង ។ បន្ថែមលើនេះ លោក ពូទីន ក៏បានសង្កត់ធ្ងន់ផងដែរថា ខណៈតាមមើលសកម្ម ភាពអាមេរិក រុស្ស៊ីខ្លួនឯងក៏ត្រូវវិភាគពីសក្ដានុពលនៃការគំរាមកំហែងផ្នែកយោធា ដើម្បីងាយស្រួលចាត់វិធានការឆ្លើយ តប និងពង្រឹងសមត្ថភាពយោធា ៕ធ.ដ

  • ផ្កាយរណបថ្មីមួយបង្ហាញថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តគ្រាប់រ៉ុក្តែត ឬមីស៊ីលបាលីស្ទិគអន្តរទ្វីបនៅមុនចុងឆ្នំាំនេះ

    ផ្កាយរណបថ្មីមួយបង្ហាញថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តគ្រាប់រ៉ុក្តែត ឬមីស៊ីលបាលីស្ទិគអន្តរទ្វីបនៅមុនចុងឆ្នំាំនេះ

    កូរ៉េខាងជើង៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដគ្រាប់រ៉ុក្កែត ឬមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នៅមុនចុងឆ្នាំ២០១៩នេះ នេះបើតាមរូបភាពផ្កាយរណបថ្មីនៃរោងចក្រមួយកន្លែង ។ រូបភាពផ្កាយរណបជាច្រើនសន្លឹក ត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Planet Lab នៅក្នុងសប្ដាហ៍នេះ ហើយមួយក្នុងចំណោមរូបភាពទាំងនេះ ថតកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ បានបង្ហាញពីការសាងសង់រចនាសម្ព័ន្ធថ្មីមួយបានចប់ជាស្ថាពរនៅឯរោងចក្រ March 16 Factory ក្បែរទីក្រុង ព្យុងយ៉ាង ជាទីដែលកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា កំពុងអភិវឌ្ឍ និងផលិតយានយន្ដទុកសម្រាប់ប្រើប្រាស់ជាយានចល័តបាញ់មីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM។ សូមរំលឹកថា កាលពីដើមខែធ្នូកន្លងទៅនេះ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដដ៏សំខាន់ចំនួនពីរនៅឯទីតាំងធ្វើតេស្ដបាញ់បង្ហោះគ្រាប់រ៉ុក្កែតរយៈចំងាយឆ្ងាយ និងម៉ាស៊ីនមីស៊ីល Sohae ។ ជាមួយគ្នានោះ អ្នកជំនាញជាច្រើនជឿជាក់ថា នេះគឺជាការធ្វើតេស្ដម៉ាស៊ីនថ្មីមួយនៃមីស៊ីល ICBM ឬយានបាញ់បង្ហោះផ្កាយរណប ស្របពេលទីក្រុងព្យុងយ៉ាងប្រកាសថាខ្លួននឹងផ្ញើកាដូឱ្យសហរដ្ឋអាមេរិក នាឱកាសបុណ្យណូអែលខាងមុខនេះ ជាមួយការបញ្ជាក់ថា កាដូដែលខ្លួននឹងផ្ញើឱ្យ គឺអាស្រ័យលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ

  • អាជ្ញាធរឥណ្ឌាចាត់វិធានការពង្រឹងសន្ដិសុខបន្ថែមទៀត ស្របពេលមានការខឹងសម្បាប្រឆំាងនឹងច្បាប់ផ្ដល់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស់

    អាជ្ញាធរឥណ្ឌាចាត់វិធានការពង្រឹងសន្ដិសុខបន្ថែមទៀត ស្របពេលមានការខឹងសម្បាប្រឆំាងនឹងច្បាប់ផ្ដល់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស់

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារនេះ បានពង្រឹងសន្ដិសុខបន្ថែមទៀត និងបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណេតនៅតាមតំបន់មួយចំនួន ខណៈសមាជិកគណបក្សកាន់អំណាចមានគម្រោងនឹងរៀបចំការដើរដង្ហែក្បួននានា ដែលគាំទ្រដល់ច្បាប់ថ្មីស្ដីពីការទទួលបានសញ្ជាតិ ។ មន្ត្រីសន្ដិសុខជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងញូវដេលី បាននិយាយថា យើងចង់ឱ្យប៉ូលិសទប់ស្កាត់ការផ្ទុះអំពើហិង្សា ប៉ុន្តែយើងក៏ទទួលស្គាល់ថា ស្ថានភាពនេះអាចអាក្រក់រហូតដល់ទប់ទល់លែងបាន ដូច្នេះកងកម្លាំងយោធានឹងត្រូវដាក់បញ្ឈរជើងនៅតាមទីផ្សារ និងទីសាធារណៈនានា‍ ។ ការតវ៉ាយ៉ាងហោចណាស់ចំនួន២០ដែលគាំទ្រ ឬប្រឆាំងនឹងច្បាប់ថ្មីនេះ គ្រោងនឹងធ្វើឡើងនៅតាមទីក្រុងនានា ។ អ្នកតវ៉ាមកពីភាគីទាំងសងខាងបានសរសេរសារលើបណ្ដាញសង្គម ដើម្បីឲ្យមនុស្សម្នានាំគ្នាចេញមកតវ៉ានៅថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យឆ្លងឆ្នាំថ្មី ។ ច្បាប់វិសោធនកម្មសញ្ជាតិហៅកាត់ថា CAA ត្រូវបានអនុម័តកាលពីថ្ងៃទី១១ ខែធ្នូ និងបានបង្កឲ្យមានការតវ៉ានៅក្នុងរដ្ឋ អាសាម ដ្បិតអ្នកតវ៉ាភ័យខ្លាចថា ច្បាប់នេះនឹងធ្វើឲ្យអ្នកស្រុករស់នៅដោយស្របច្បាប់មកពីប្រទេសបង់ក្លាដែស ក្លាយទៅជាជនអន្តោប្រវេសន៍ខុសច្បាប់ ៕ធ.ដ

  • ស្រកាពង្រូល ភ្លុកដំរី និងកុយរមាសទម្ងន់២តោនត្រូវបានអាជ្ញាធរវៀតណាមរឹបអូស

    ស្រកាពង្រូល ភ្លុកដំរី និងកុយរមាសទម្ងន់២តោនត្រូវបានអាជ្ញាធរវៀតណាមរឹបអូស

    វៀតណាម៖ អាជ្ញាធរវៀតណាមចាប់បានភ្លុកដំរី កុយរមាស និងស្រកាពង្រូលជាង២តោន ដែលត្រូវបានគេបង្កប់ក្នុងឡាំងឈើនាំមកពីប្រទេសនីហ្សេរីយ៉ានៅអាហ្វ្រិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នៅថ្ងៃអង្គារម្សិលមិញ ។ ប្រភពដដែលបន្តថា អាជ្ញាធរនៅទីក្រុងកំពង់ផែ ហាយហ្វុងភាគខាងជើង បានរកឃើញភ្លុក និងកុយរមាស៣៣០គីឡូក្រាម និងស្រកាពង្រូល១.៧០០គ្សីឡូក្រាមក្រោយត្រួតពិនិត្យទំនិញក្នុងកុងតេនឺដឹកមកពីនីហ្សេរីយ៉ា ។ បញ្ជីដឹកជញ្ជូនទំនិញដាក់ថា វាជាទំនិញឈើអាររួច ហើយទំនិញខុសច្បាប់ទាំងនេះ ត្រូវគេដាក់ក្នុងឡាំងឈើនៅចុងកុងតេនឺ ។ សូមរំលឹកផងដែរថា កាលពីខែឧសភាកន្លងទៅនេះ អាជ្ញាថរវៀតណាមក៏ធ្លាប់ចាប់បានស្រកាពង្រូល៥,៣តោនលាក់ក្នុងទំនិញនាំមកពីនីហ្សេរីយ៉ាផងដែរ និងនៅ២ខែក្រោយ ភ្លុកដំរី រួមទាំងស្រកាពង្រូលជិត៩តោនត្រូវគេចាប់បាននៅសិង្ហបុរី ហើយត្រូវបានគេជឿជាកថា ទំនិញទាំងនេះតម្រង់ទៅកាន់ប្រទេសវៀតណាម៕ធ.ដ

  • មេដឹកនាំចិន កូរ៉េខាងត្បូង និង ជប៉ុន ព្រមព្រៀងរលុបបំបាត់អាវុធនុយក្លេអ៊ែរ ទាំងស្រុងនៅលើឧបទ្វីបកូរ៉េ

    មេដឹកនាំចិន កូរ៉េខាងត្បូង និង ជប៉ុន ព្រមព្រៀងរលុបបំបាត់អាវុធនុយក្លេអ៊ែរ ទាំងស្រុងនៅលើឧបទ្វីបកូរ៉េ

    ចិន៖ ប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូងបានព្រមព្រៀងធ្វើការជាមួយគ្នា ដើម្បីជំរុញកិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង សំដៅឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នេះបើតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃអង្គារ៍នេះ ។ ការលើកឡើងបែបនេះរបស់លោក មូន ជែអ៊ីន ត្រូវបានធ្វើឡើងបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង និងនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅក្នុងទីក្រុង ចឹងទូ ភាគនិរតីប្រទេសចិន ។ អំឡុងពេលធ្វើសេចក្តីថ្លែងការណ៍រួមគ្នា នាយករដ្ឋមន្ត្រីចិនបាននិយាយថា មេដឹកនាំប្រទេសទាំង៣បានបញ្ជាក់ជាថ្មី ពីភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាកូរ៉េខាងជើងតាមរយៈការចរចា ។ ហើយនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ផងដែរ ពីភាពចាំបាច់ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ។សូមបញ្ជាក់ថា កូរ៉េខាងជើងបានកំណត់ឱសានវាទនៅចុងឆ្នាំនេះ សម្រាប់ឲ្យសហរដ្ឋអាមេរិកផ្លាស់ប្ដូរអ្វីដែលខ្លួនបាននិយាយថា ជាគោលនយោបាយអរិភាព ស្របពេលដែលមានភាពជាប់គាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបង្កើតសន្តិភាពយូរអង្វែង ៕ធ.ដ

  • លោក តាយយីប អឹដូហ្គាន់ ព្រមានថា តួកគីនឹងបើកផ្លូវឱ្យជនភៀសខ្លួនបន្តដំណើរទៅកាន់អឺរ៉ុប បើសិនជាអឺរ៉ុបមិនជួយទេនោះ

    លោក តាយយីប អឹដូហ្គាន់ ព្រមានថា តួកគីនឹងបើកផ្លូវឱ្យជនភៀសខ្លួនបន្តដំណើរទៅកាន់អឺរ៉ុប បើសិនជាអឺរ៉ុបមិនជួយទេនោះ

    តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឹដូហ្គាន់ បានថ្លែងព្រមានអឺរ៉ុបថា ប្រទេសរបស់លោកមិនអាចទ្រំាទ្រចំនួនជនភៀសខ្លួនស៊ីរីដ៏ច្រើនតែម្នាក់ឯងបានឡើយ លោកថា តួកគីអាចនឹងបង្ខំចិត្តបើកផ្លូវអោយជនភៀសខ្លួនទាំងនោះបន្តដំណើរទៅអឺរ៉ុបមិនខាន បើសិនជាអឺរ៉ុបមិនជួយទេនោះ ។ ប្រធានាធិបតីតួកគីរូបនេះបានអះអាងទៀតថា មកទល់ពេលនេះ ជនភៀសខ្លួនពីស៊ីរីជាង៨ម៉ឺននាក់ហើយ បានភៀសខ្លួនមកក្បែរព្រំដែនតួកគី ទន្ទឹមគ្នា លោក អឺដូហ្គាន់បានព្រមានចំៗទៅកាន់អឺរ៉ុបថា ប្រសិនជនភៀសខ្លួនស៊ីរីបន្តកើនឡើងទៀតនោះ តួកគីនឹងមិនសែងអម្រែកនេះតែឯងឡើយ ហើយអឺរ៉ុបនឹងស្គាល់ពីការលំបាកក្នុងការសែងអម្រែកនេះ ពិសេសប្រទេសក្រិក ។ ក្រិកជាច្រកដ៏សំខាន់មួយរបស់ជនភៀសខ្លួនពីតំបន់នានាឆ្លងចូលអឺរ៉ុប ។ ការកត់សម្គាល់បែបនេះរបស់លោក អឺដូហ្គាន់ ត្រូវបានធ្វើឡើងស្របពេលដែលប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលស៊ីរី និងកងទ័ពអាកាសរុស្ស៊ីនៅខេត្តអ៊ីដលីប កំពុងបង្កទុក្ខទោសឲ្យតួកគី ដោយសារលំហូរជនភៀសខ្លួនឥតស្រាកស្រាន្ត ។ តំបន់ក្នុងខេត្តអ៊ីដលីបនេះ ជាមូលដ្ឋានចុងក្រោយមួយរបស់ក្រុមឧទ្ទាមមានប្រជាជនប្រមាណ៣លាននាក់ ដែលរាប់បញ្ចូលទាំងជនភៀសខ្លួនពីតំបន់នានាផងដែរ ។ រដ្ឋាភិបាលក្រុងដាម៉ាស់បានប្រកាសម្ដងជាពីរដងថា ខ្លួននឹងវាយដណ្ដើមខេត្តនេះមកវិញ ៕ធ.ដ