-
យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បរាជ័យក្នុងការព្យាយាមចុះចតនៅស្ថានីយអវកាស

សហរដ្ឋអាម៉េរិក៖ យានអវកាស ស្តាឡាញណឺ របស់ក្រុមហ៊ុន ប៊ូអ៊ីង បានត្រឡប់ចុះមកដល់ផែនដីវិញហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ(ម៉ោងក្នុងតំបន់)បន្ទាប់ ពីបានបោះបង់ចោលគម្រោងចូលចតនៅស្ថានីយអវកាសអន្តរជាតិ ព្រោះតែការបញ្ជ្រៀតខ្លួនចូលខុសគន្លង ក្រោយពីបាញ់បង្ហោះឡើងពីផែនដី ។ តាមផែនការដែលបានគ្រោងទុកនោះ យានអវកាស ស្តាឡាញណឺ ត្រូវទៅចូលចតនៅស្ថានីយអវកាសអន្តរជាតិ ប៉ុន្តែក្រោយការបាញ់បង្ហោះឡើងពីផ្ទៃផែនដី និងការផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែត វាមិនបានទៅដល់គន្លងទីតាំងដែលបានកំណត់ទុក ដើម្បីត្រៀមឆ្ពោះទៅចតនៅស្ថានីយ ISS នោះឡើយ ។ សូមបញ្ជាក់ថា ទោះបីយានអវកាសនេះត្រូវបានបាញ់បង្ហោះឡើងចេញផុតពីផែនដីដោយជោគជ័យ ហើយចុះមកវិញដោយសុវត្ថិភាពក៏ដោយ ការបោះបង់ចោលការចូលចតនៅស្ថានីយអវកាស ISS ដែលជាគោលដៅចម្បងគេ នៃបេសកកម្មសាកល្បងនេះ គឺជាបញ្ហាមួយសម្រាប់កិច្ចប្រឹងប្រែងរបស់អង្គការ NASA ក្នុងការកាត់ផ្តាច់ភាពពឹងផ្អែកលើយានអវកាសរុស្ស៊ី ហើយងាកមកប្រើយានរបស់អាមេរិកផ្ទាល់វិញ ដើម្បីដឹកអវកាសយានិកឡើង និងចុះស្ថានីយអវកាសនោះ ៕ធ.ដ
-
ចិនគ្រោងកាត់បន្ថយតម្លៃពន្ធនាំចូលលើទំនិញរាប់រយមុខគិតចាប់ពីដើមខែមករា ឆ្នាំ២០២០ខាងមុខ

ចិន៖ ប្រទេសចិននឹងបញ្ចុះតម្លៃពន្ធលើផលិតនាំចូលរាប់រយមុខ គិតចាប់ពីសាច់ជ្រូកក្លាសេ និងផ្លែប៊ឺជាដើម ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ខាងមុខ ខណៈទីក្រុងប៉េកំាងបាននិងកំពុងបង្កើនការនាំចូលរបស់ខ្លួន នេះបើតាមប្រភពពីក្រសួងហិរញ្ញវត្ថុចិន ។ ប្រភពដដែលបានឱ្យដឹងថា នៅឆ្នាំ២០២០ ចិននឹងអនុវត្តការយកពន្ធនាំចូលជាបណ្ដោះ អាសន្ន ជាមួយការបញ្ចុះតម្លៃទាបជាងការយកពន្ធធម្មតានៅក្នុងប្រទេស លើផលិតផលច្រើនជាង៨៥០មុខ បើធៀបទៅនឹងឆ្នាំ២០១៩ មាន៧០៦មុខ ។ ការបញ្ចុះតម្លៃពន្ធលើផលិតនាំចូលជាច្រើនមុខនេះ ក្នុងនោះ សាច់ជ្រូកក្លាសេនឹងត្រូវបានបន្ធូរបន្ធយពន្ធមកនៅត្រឹម៨ភាគរយ បើធៀបទៅនឹងពន្ធធម្មតា១២ភាគរយ ខណៈផ្លែប៊ឺនឹងត្រូវបញ្ចុះមកនៅត្រឹម៧ភាគរយ បើធៀបទៅនឹងពន្ធធម្មតា៣០ភាគរយ ។ ចំណែកឯពន្ធលើផលិតផលសឺមីកុងឌុចទ័រខ្លះអាចនឹងបន្ថយមកដល់សូន្យភាគរយ ។ទន្ទឹមគ្នា ក្រសួងហិរញ្ញវត្ថុចិនក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងក៏នឹងបញ្ចុះតម្លៃពន្ធនាំចូលបន្ថែមទៀតផងដែរ លើផលិតផលព័ត៌មានវិទ្យាមួយចំនួន គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ៕ធ.ដ
-
អារ៉ាប៊ីសាអូឌីតប្រហារជីវិតជនសង្ស័យ០៥នាក់ ដែលជាប់ទាក់ទិននឹងអំពើឃាតកម្មលើអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍លោក Khashoggi

អារ៉ាប៊ីសាអូឌីត៖ តុលាការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចផ្តន្ទាទោសប្រហារជីវិតមនុស្ស០៥នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មលើអ្នកកាសែតឈ្មោះ ចាម៉ាល់ ខាសហូកជី កាលពីខែតុលា ឆ្នាំ២០១៨ ។ តុលាការបានបានសម្រេចផ្តន្ទាទោសប្រហារជីវិតមនុស្សចំនួន០៥នាក់ ដែលត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងករណីធ្វើឃាតលោក ម៉ាល់ ខាសហូកជី ដែលជាអ្នកកាសែតរបស់សារព័ត៌មានអាមេរិក The Washington Post និង មាននិន្នាការប្រឆាំងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ។ ក្រៅពីនេះ មនុស្ស ០៣នាក់ផ្សេងទៀតក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធគ្នារយៈពេល២៤ឆ្នាំផងដែរ នេះបើតាមព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតនៅថ្ងៃចន្ទម្សិលមិញ ។ សូមរំលឹកថា ករណីឃាតកម្មលើលោក ខាសហូកជី បានកើតឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ខណៈសាកសពលោកពុំត្រូវបានគេរកឃើញឡើយ ហើយមូលហេតុនៃការស្លាប់ក៏មិនត្រូវបានដឹងឲ្យប្រាកដដែរ ប៉ុន្តែមានការជឿជាក់ថា សាក សពរបស់លោកត្រូវបានកាប់ចិញ្ច្រាំជាកង់ៗ ទើបអាចងាយយកចេញពីស្ថានកុងស៊ុល ដោយគ្មាននរណាសង្ស័យបែបនេះ ៕ធ.ដ
-
ពលទាហានសហរដ្ឋអាម៉េរិកម្នាក់ត្រូវបានសម្លាប់នៅប្រទេសអាហ្វហ្គានីស្ថាន

សហរដ្ឋអាម៉េរិក៖ យោធាអាមេ៉រិកបានប្រកាសថា ទាហានអាមេ៉រិកម្នាក់ត្រូវបានសម្លាប់ នៅពេលបំពេញការងារនៅថ្ងៃចន្ទនេះ នៅប្រទេសអាហ្វហ្គានីស្ថាន ។ នៅក្នុងការប្រកាសនេះ យោធាអាមេ៉រិកប្រចាំនៅអាហ្វហ្គានីស្ថានមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែម ថាតើទាហានរូបនេះត្រូវបានសម្លាប់យ៉ាងដូចម្ដេច និងនៅទីណានោះទេ ។ នៅក្នុងសេចក្ដីប្រកាសមួយផ្ញើទៅកាន់អ្នកកាសែត ពួកតាលីបង់បានអះអាងថា ការស្លាប់របស់ទាហានអាមេ៉រិកនេះ កើតឡើងនៅក្នុងខេត្ត Kunduz ដែលជាខេត្តមានភាពចលាចលនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រុមនេះបន្ថែមទៀតថា ខ្លួនបានវាយប្រហារសំដៅលើទាហានអាហ្វហ្គានីស្ថាន និងទាហានអាមេ៉រិក ដោយប្រើគ្រាប់បែកដាក់តាមផ្លូវ នៅពេលដែលទាហានទាំងនោះព្យាយាមធ្វើការឆ្មក់រួមគ្នាចូលមូលដ្ឋានរបស់ពួកគេនៅក្នុងស្រុក Char Dara ។ ជាមួយគ្នានេះ ពួកតាលីបង់ក៏បានអះអាងដែរថា ទាហានអាមេ៉រិកម្នាក់ទៀត និងទាហានកុម្ម៉ង់ដូអាហ្វហ្គានីស្ថានម្នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងការផ្ទុះនេះផងដែរ ។ សូមបញ្ជាក់ថា ការសម្លាប់របស់ទាហានអាម៉េរិកលើកនេះបានធ្វើឲ្យចំនួនទាហានអាម៉េរិកដែលត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាននៅក្នុងឆ្នាំនេះ កើនដល់១៩នាក់ហើយ ៕ធ.ដ
-
ក្រុមហ៊ុន Boeing សម្រេចបណ្ដេញនាយកប្រតិបត្តិរបស់ខ្លួនចេញពីតំណែង ស្របពេលដែលក្រុមហ៊ុនកំពុងភាពតានតឹងខ្លាំង

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តបណ្ដេញនាយកប្រតិបត្តិ (CEO) លោក Dennis A. Muilenburg ចេញពីតំណែង ក្រោយក្រុមហ៊ុនផលិតយន្ដហោះអាម៉េរិកមួយនេះ ត្រូវបានគេស៊ើបអង្កេត និងធ្លាក់ក្នុងវិបត្តិអស់រយៈពេលជិតមួយឆ្នាំ ដោយសារតែការធ្លាក់យន្ដហោះ Boeing 737 MAX ដល់ទៅពីរលើក ។ បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Boeing នោះ លោក Dave Calhoun ដែលប្រធានក្រុមហ៊ុននឹងឡើងមកកាន់តំណែងជំនួសលោក Muilenburg ហើយការឡើងកាន់តំណែងនេះនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។ សូមរំលឹកថា 737 MAX គឺជាយន្ដហោះលក់ដាច់ជាងគេបំផុតរបស់ Boeing ប៉ុន្តែយន្ដហោះដ៏ល្បីឈ្មោះនេះ បានធ្លាក់ដល់ទៅពីរលើកនៅឥណ្ឌូណេស៊ី និងអេត្យូពី ដោយផ្ដាច់ជីវិតមនុស្សសរុប៣៤៦នាក់ ហើយសោកនាដកម្មទំាងពីរបានបន្សល់ទុកវិបត្តិជាច្រើនឱ្យក្រុមហ៊ុនយក្សអាមេ៉រិកមួយនេះ ៕ធ.ដ
-
មេដឹកនាំកំពូលអ៊ីរ៉ង់ចេញបញ្ជាឲ្យក្រុមមន្រ្តីទាំងអស់ ចាត់វិធានការបញ្ឈប់បាតុកម្មតវ៉ាប្រឆំាងនឹងការតំឡើងថ្លៃសាំង និងរដ្ឋាភិបាល

អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានកោះប្រជុំមន្ត្រីទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់លោក និងមន្ត្រី នៅក្នុងជួររដ្ឋាភិបាលជាច្រើននាក់ ជាមួយការចេញបទបញ្ជាឱ្យក្រុមមន្ត្រីទាំងអស់នេះ ធ្វើអ្វីក៏ធ្វើទៅឱ្យតែអាចបញ្ឈប់បាតុកម្មតវ៉ាប្រឆាំងសាំងឡើងថ្លៃ និងរដ្ឋាភិបាលទីក្រុងហេរ៉ង់ ។ ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពចំនួន៣ ដែលស្និទនឹងមន្ត្រីជំនិតរបស់លោក Ali Khamenei ហើយការចេញបញ្ជានេះទៀតសោត គឺជាការបង្រ្កាបដ៏ហិង្សាបំផុត ចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩មក ។ បើតាមតួលេខអ្នកស្លាប់ដែលសារព័ត៌មាន Reuters ទទួលបានពីមន្ត្រី៣នាក់ដែលមកពីក្រសួងមហាផ្ទៃអ៊ីរ៉ង់នោះ បាតុកររហូតដល់១,៥០០នាក់ ក្នុងនោះរួមមានយុវជន១៧នាក់ និងស្ត្រី៤០០នាក់ ព្រមទាំងកងកម្លាំងសន្តិសុខមួយចំនួនត្រូវបានសម្លាប់ក្នុងបាតុកម្មតវ៉ា និងភាពចលាចលក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង ដោយចាប់ផ្ដើម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ ។ តួលេខនេះគឺមានចំនួនច្រើនជាងតួលេខដែលផ្ដល់ដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលអះអាងថា មនុស្សស្លាប់មានតែ៣០៤នាក់ប៉ុណ្ណោះ ៕ធ.ដ
-
ថៃ-ឡាវពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រំដែន

ប្រទេសថៃ និងឡាវបានព្រមព្រៀងបង្កើនការល្បាត និងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនដែលកំពុងរីកចម្រើននៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិលោក Kongcheep Tantravanich បានឱ្យដឹងថាឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon បានចុះហត្ថលេខាលើកតិកាសញ្ញានេះ ជាមួយភាគីឡាវ កាលពីថ្ងៃម្សិលមិញ នៅក្នុងទីក្រុងវៀងចន្ទន៍ អំឡុងកិច្ចប្រជុំលើកទី ២៦ នៃគណៈកម្មាធិការព្រំដែនទូទៅថៃ – ឡាវ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃនេះ។ លោកឧត្តមសេនីយ៍ឯក Kongcheep បានមានប្រសាសន៍ថាឧត្តមសេនីយ៍ប្រាវីតក៏បានជួបជាមួយប្រធានាធិបតីឡាវលោក Bounnhang Vorachith និងរដ្ឋមន្រ្តីក្រសួងការពារជាតិលោកឧត្តមសេនីយ៍ Chansamon Chan-gnalat ផងដែរ។អ្នកនាំពាក្យរូបនេះបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីក្លាយជាដៃគួជិតស្និទ្ធក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ៕ធ.ដ
-
រថយន្តក្រុង១គ្រឿងធ្លាក់ចូលជ្រោះនៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្ស២៤នាក់

មនុស្សយ៉ាងតិច២៤នាក់បានស្លាប់ ហើយមនុស្ស១៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងត្រូវបានបើកធ្លាក់ជ្រោះនៅប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៤ ធ្នូ ២០១៩នេះ។ ស៊ីនហួរដែលដកស្រង់ប្រភពពី ទីភ្នាក់ងារសារព័ត៌មាន Antara បានឲ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី២៣ ធ្នូ នៅចំណុចមួយនៃខេត្ត ស៊ូម៉ាត្រា ខាងត្បូង ប្រទេសឥណ្ឌូនេស៊ី។ មុនពេលកើតហេតុ រថយន្តក្រុង១គ្រឿងនេះបានផ្ទុកអ្នកដំណើរ៣៧នាក់ ហើយជ្រោះដែលរថយន្តធ្លាក់ចូលនោះ មានជម្រៅប្រមាណ១៥០ម៉ែត្រ រមៀលរហូតដល់ទន្លេ នេះបើតាមអ្នកនាំពាក្យនគរបាលប្រាប់សារព័ត៌មាន AFP នៅថ្ងៃនេះ៕ធ.ដ
-
ទេសាភិបាលធនាគារថៃព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃនឹងមាន២,៨ភាគរយ នៅឆ្នាំ២០២០

នៅក្នុងសិក្ខាសាលាមួយដែលបានធ្វើឡើងនៅទីក្រុងបាងកក កាលពីថ្ងៃច័ន្ទម្សិលមិញ ទេសាភិបាលធនាគារថៃ (BoT) បាននិយាយថា លោកព្យាករណ៍ថាសេដ្ឋកិច្ចថៃនឹងកើនឡើង ២,៨ ភាគរយនៅឆ្នាំក្រោយ ដោយសារការចំណាយថវិការបស់រដ្ឋាភិបាលនិងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំ។ ទេសាភិបាលធនាគារថៃ លោក Veerathai Santiprabhob មានប្រសាសន៍ថា“ អត្រាកំណើនសេដ្ឋកិច្ចនឹងខ្ពស់ជាងមុន ពោលគឺកើន២,៨ ភាគរយ ហើយបើប្រៀបធៀបទៅនឹងផលិតផលក្នុងស្រុកសរុប ឬ GDP ប្រចាំឆ្នាំ ២០១៩ មានចំនួន ២,៥ ភាគរយ” ។ នៅពេលដែលសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២០ត្រូវបានរដ្ឋសភាអនុម័តរួចនោះ គម្រោងធំៗ កំពុងមានដំណើរការជឿនលឿនហើយ ដូច្នេះគម្រោងវិនិយោគជាច្រើនមានបណ្តាញទំនាក់ទំនង 5G នឹងចាប់ផ្តើម ហើយគម្រោងដែលទាក់ទងនឹងស្ថាប័នហិរញ្ញវត្ថុនឹងលេចចេញជារូបរាងឡើង។ប្រភពបានឲ្យដឹងដែរថា បើទោះបីជាសេដ្ឋកិច្ចថៃនឹងប្រសើរឡើងវិញបន្តិច បើធៀបនឹងឆ្នាំ២០១៩នេះក៏ដោយ ដំណាក់កាលនេះនៅតែមិនគាប់ប្រសើរ ហើយមិនសូវមានសក្តានុពល៕ធ.ដ
-
ស្លាប់មនុស្ស៩នាក់ ករណីពុលស្រានៅហ្វីលីពីន របួស១៣០នាក់ផ្សេងទៀត ២៣ ធ្នូ ២០១៩

យ៉ាងហោចណាស់ប្រជាជនហ្វីលីពីន ០៩នាក់បានបាត់បង់ជីវិត ខណៈជាង ១៣០នាក់ទៀតធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែពួកគេបានពុលស្រាលាយខុសបច្ចេកទេស។ ហេតុការណ៍នេះបានកើតឡើង នៅខេត្ត Laguna និង Quezon ស្ថិតនៅភាគខាងត្បូងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី២២ ធ្នូ ២០១៩ម្សិលមិញ។ អាជ្ញាធរបញ្ជាក់ថា ប្រជាជនទាំងអស់បានទទួលទានស្រាលាយខុសច្បាប់ និងតម្លៃថោក ដែលត្រូវបានក្រុមជំនាញពិនិត្យឃើញថា មានផ្ទុកសារធាតុ Toxic កម្រិតខ្ពស់។គួរបញ្ជាក់ថា ប្រជាជនហ្វីលីពីនបានរងគ្រោះ នៅតំបន់ផ្សេងៗគ្នានៅទូទាំងខេត្តទាំងពីរ ខាងលើនេះ ប៉ុន្តែតាមការសន្និដ្ឋានពួកគេបានទិញស្រាលាយពីប្រភពតែមួយ ដូច្នេះប៉ូលិសកំពុងតែបើកការស៊ើបអង្កេត ដើម្បីស្វែងរកប្រភពដើមនៃអ្នក ដែលបានបង្កើតស្រាលាយប្រភេទនេះឡើង៕