Category: ព័ត៌មានអន្តរជាតិ

  • វៀតណាមជំរុញការនាំចេញបង្គារទៅសហគមអឺរ៉ុប នាឆ្នាំក្រោយ ២៣ ធ្នូ ២០១៩

    វៀតណាមជំរុញការនាំចេញបង្គារទៅសហគមអឺរ៉ុប នាឆ្នាំក្រោយ  ២៣ ធ្នូ ២០១៩

    សហគមអឺរ៉ុបគឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ឧស្សាហកម្មបង្គារវៀតណាម នៅឆ្នាំ២០២០ខាងមុខនេះ ដោយសារតែអឺរ៉ុបគឺជាទីផ្សារបង្គារដ៏ធំបំផុតក្នុងពិភពលោក ហើយក៏ស្របពេលដែលផលិតកម្មបង្គារនៅអឺរ៉ុបមិនទាន់គ្រប់តម្រូវការនៅឡើយទេ នេះបើតាមការក្រុមអ្នកជំនាញអាហារសមុទ្រនៅប្រទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី២៣ ធ្នូ ២០១០៩នេះ។ប្រសិនបើឧស្សាហកម្មបង្គារក្នុងស្រុកទទួលបានអត្ថប្រយោជន៍ពីភាពអនុគ្រោះពន្ធ ស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមនោះ ការនាំចេញបង្គ្រារបស់វៀតណាមទៅកាន់បណ្តាប្រទេសក្នុងសហគមអឺរ៉ុបនឹងកើនឡើង នៅឆ្នាំក្រោយនេះ នេះបើតាមការលោក Trương Đình Hòe អគ្គលេខាធិការនៃសមាគមផលិតនិងនាំចេញអាហារសមុទ្រប្រទេសវៀតណាម។លោកថា បើតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ មិថុនា ២០១៩នោះ ពន្ធលើបង្គារឆៅភាគច្រើន រួមមានទាំងផលិតផលស្រស់ៗ កក និង ផ្អិបជាដើមនាំចូលពីវៀតណាមទៅសហគមអឺរ៉ុបនឹងកាត់បន្ថយពីអត្រាពី១២ដល់២០ ភាគរយ ឬសូន្យភាគរយតែម្តង នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន នាឆ្នាំក្រោយ។ ជាមួយគ្នាដែរ ពន្ធនាំចូលបង្គារនឹងធ្លាក់ដល់សូន្យភាគរយដោយស្វ័យប្រវត្ថិ ក្រោយ៧ឆ្នាំ។បើតាមសមាគមថា ការនាំចេញបង្គារវៀតណាមក្នុងពេល១០ខែឆ្នាំ២០១៩ បានធ្លាក់ចុះ៦.៤ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ ពោលមានតម្លៃត្រឹម២.៧៨ពាន់លានដុល្លារអាមេរិក ហើយការធ្លាក់ចុះនេះដោយសារតែផ្គត់ផ្គង់ច្រើនពេក និងមានតម្រូវការតិចតួច ក្នុងទីផ្សារពិភពលោក នាំឲ្យតម្លៃបង្គារក៏ធ្លាក់ចុះ។ ការនាំចេញបង្គារវៀតណាមទៅអឺរ៉ុបបានធ្លាក់ចុះ២០.៨ភាគរយ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៩ នាំទៅអង់គ្លេសធ្លាក់ចុះ១៤.៤ភាគរយ អាឡឺម៉ង់ធ្លាក់ចុះ៥.៨ភាគរយ ហូងឡង់ធ្លាក់ចុះ៤០.៨ភាគរយ៕      

  • នាយករដ្ឋមន្រ្តីឥណ្ឌាប្រាប់ប្រជាជនមូស្លីមកុំអោយបារម្ភរឿងច្បាប់សញ្ជាតិ ខណៈបាតុកម្មនៅតែបន្តកើតឡើង

    នាយករដ្ឋមន្រ្តីឥណ្ឌាប្រាប់ប្រជាជនមូស្លីមកុំអោយបារម្ភរឿងច្បាប់សញ្ជាតិ ខណៈបាតុកម្មនៅតែបន្តកើតឡើង

    ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអាទិត្យម្សិលមិញបានព្យាយាមធានាដល់ពលរដ្ឋមូស្លីមរបស់ប្រទេសឥណ្ឌា អំពីច្បាប់សញ្ជាតិថ្មី ដែលបាននិងកំពុងបង្កឱ្យមានបាតុកម្មដ៏កក្រើក និងធ្វើឱ្យរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោករងសម្ពាធមិនធ្លាប់មានពីមុនមក ។ថ្លែងទៅកាន់អ្នកគំាទ្រគណបក្សរបស់លោកនៅទីក្រុងញូដេលី លោក ណារិនដ្រា ម៉ូឌី បាននិយាយយ៉ាងដូច្នេះថា ប្រជាជនមូស្លីមមិនចាំបាច់ព្រួយបារម្ភអ្វីទំាងអស់ ប្រសិនបើពួកគេជាជនជាតិឥណ្ឌាពិតប្រាកដ ។ លោក ម៉ូឌី បានបន្ថែមថា ប្រជាជនមូស្លីម ដែលជាកូនចៅរបស់ទឹកដីនេះ និង បុព្វបុរសរបស់ពួកគេគឺជាកូនចៅរបស់មាតុភូមិឥណ្ឌា គឺមិនចាំបាច់ព្រួយបារម្ភទេ ។ការកត់សម្គាល់យ៉ាងដូច្នេះរបស់នាយករដ្ឋមន្រ្តីឥណ្ឌាមានវ័យ៦៩ឆ្នំារូបនេះ ធ្វើឡើងក្រោយអាជ្ញាធរឥណ្ឌាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានឲ្យដឹងថា មនុស្សជាង១,៥០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងកាលពី១០ថ្ងៃមុន ប្រឆាំងនឹងច្បាប់ថ្មីស្តីពីសញ្ជាតិ ។ ហើយក្រៅពីជនដែលត្រូវចាប់ខ្លួននោះ មនុស្សប្រមាណជា៤,០០០នាក់ទៀតក៏ត្រូវបានឃាត់ខ្លួន ប៉ុន្តែក្រោយមកត្រូវដោះលែងវិញ ខណៈមនុស្ស២០នាក់បានស្លាប់ ក្នុងអំពើហិង្សារវាងក្រុមបាតុករ និងប៉ូលិស ហើយតំបន់ដែលមានភាពតានតឹងខ្លាំងជាងគេ គឺនៅរដ្ឋ អ៊ុតតា ប្រាដេស ៕          

  • លោក ដូណាល់ ត្រាំ និងលោក អាបេ ស៊ីនហ្សូ ធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជុំវិញបញ្ហាប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់

    លោក ដូណាល់ ត្រាំ និងលោក អាបេ ស៊ីនហ្សូ ធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជុំវិញបញ្ហាប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់

    សហរដ្ឋអាមេរិក៖ កូរ៉េខាងជើង និងអ៊ីរ៉ង់បានក្លាយជាប្រធានបទយ៉ាងសំខាន់ នៃកិច្ចពិភាក្សាគ្នារវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅពេលដែលមេដឹកនំាទំាងពីរធ្វើការសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) នេះបើតាមសេតវិមាន ។លោក ដូណាល់ ត្រាំ និងលោក អាបេ ស៊ីនហ្សូ បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីស្ថានភាពវិវឌ្ឍន៍ថ្មីៗទាក់ទិននឹងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង នេះបើតាមការបញ្ជាក់របស់អនុអ្នកនំាពាក្យសេតវិមានលោក ជូដ ឌៀរ នៅលើបណ្តាញសង្គមធ្វីតធើ ។ជាមួយគ្នានេះ លោក ត្រាំ និងលោក អាបេ ថែមទំាងបានធ្វើការជជែកគ្នាផងដែរ ពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសមេដឹកនំាទំាងពីរបានព្រមព្រៀងគ្នាបន្តការប្រាស្រ័យទាក់ទងគ្នា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ស្របពេលដែលមានសេចក្តីថ្លែងការណ៍គំរាមកំហែងនាពេលថ្មីៗនេះ ដែលធ្វើឡើងពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ៕          

  • ប្រមុខការទូតរុស្ស៊ីថ្លែងថា លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយទៅអោយលោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធនឹងសន្ធិសញ្ញាអាវុធ

    ប្រមុខការទូតរុស្ស៊ីថ្លែងថា លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយទៅអោយលោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធនឹងសន្ធិសញ្ញាអាវុធ

    រុស្ស៊ី៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ នៅថ្ងៃអាទិត្យម្សិលមិញបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតខ្លីមួយទាក់ ទិននឹងសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF ទៅអោយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អ៊ីនធើហ្វេគ ។ទីភ្នាក់ងារសារព័ត៌មាន អ៊ីនធើហ្វេគ ដោយផ្អែកលើសម្រង់សម្តីរបស់លោក ឡាវរូវ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានផ្ញើលិខិតខ្លីមួយ ដោយលោកបានបញ្ជាក់ថា ពួកលោកត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តស្វែងរកមធ្យោបាយ ដើម្បីជំនះបញ្ហាក្នុងទំនាក់ទំនងរវាងប្រទេសទំាងពីរ ។ យ៉ាងណាមិញ ខ្លឹមសារលំអិតនៃលិខិតនេះ ត្រូវបានបង្ហើបឱ្យដឹងបន្ថែមទៀតនោះទេ ។សូមរំលឹកផងដែរថា សហរដ្ឋអាមេរិកបានដកខ្លួនចេញជាស្ថាពរពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលត្រូវបានចុះហត្ថលេខាជាមួយរុស្ស៊ីក្នុងសម័យសង្គ្រាមត្រជាក់ ដែលហាមដាច់ខាតមិនមានការផលិតមីស៊ីល បាញ់ចេញពីដីរយៈចម្ងាយមធ្យមពី៥០០-៥,៥០០គីឡូម៉ែត្រ ។ ក្នុងន័យនេះ វានឹងអនុ ញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការអភិវឌ្ឍ និង សាកល្បង ក៏ដូចជាដាក់ពង្រាយមីស៊ីលបែបនេះនៅជុំវិញពិភពលោកបាន ៕       …

  • មេដឹកនំាំចិន ជប៉ុន និងកូរ៉េខាងត្បូងគ្រោងជួបពិភាក្សាត្រីភាគីនាសប្តាហ៍នេះ ខណៈព្រួយបារម្ភពីភាពតានតឹងជាថ្មីរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក

    មេដឹកនំាំចិន ជប៉ុន និងកូរ៉េខាងត្បូងគ្រោងជួបពិភាក្សាត្រីភាគីនាសប្តាហ៍នេះ ខណៈព្រួយបារម្ភពីភាពតានតឹងជាថ្មីរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃចន្ទនេះ នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ក្នុងរដ្ឋធានីប៉េកាំង ស្របពេលដែលមានការព្រួយបារម្ភពីការប្រឈមមុខដាក់គ្នាជាថ្មីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និង នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងត្រូវជួបលោក ស៊ី ជិនពីង ក្នុងជំនួបដាច់ដោយឡែកមួយនៅទីក្រុងប៉េកាំង មុននឹងមេដឹកនាំទាំងពីរបន្តដំណើរទៅកាន់ទីក្រុង ចឹងទូ ស្ថិតនៅភាគនិរតីប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង ។ហើយបើតាមការគ្រោងទុកនោះ បញ្ហាសេដ្ឋកិច្ច និង ភាពតានតឹងបច្ចុប្បន្នរវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាសំណុំរឿងកូរ៉េខាងជើង នឹងក្លាយជារបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីខាងលើនេះ ៕          

  • ចិនចាប់ផ្តើមដាក់អោយដំណើរការនាវាដឹកយន្តហោះចម្បាំង សានទុង ជាផ្លូវការ ក្រោយចំណាយពេលសាងសង់អស់០៦ឆ្នំា

    ចិនចាប់ផ្តើមដាក់អោយដំណើរការនាវាដឹកយន្តហោះចម្បាំង សានទុង ជាផ្លូវការ ក្រោយចំណាយពេលសាងសង់អស់០៦ឆ្នំា

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាង កាលពីសប្តាហ៍មុននេះ បានចាប់ផ្តើមដាក់អោយដំណើរការជាផ្លូវហើយ នូវនាវាដឹកយន្តហោះចម្បាំងរបស់ប្រទេសខ្លួន ឈ្មោះថា សានទុង បន្ទាប់ពីវាត្រូវបានចំណាយពេលសាងសង់កាលពីឆ្នំា២០១៣កន្លងមកនេះ ។សានទុង គឺជានាវាដឹកយន្តហោះចម្បាំងដំបូងគេដែលចិនបានផលិតឡើងដោយខ្លួនឯង ដោយយកគំរូតាមនាវាដឹកយន្តហោះចម្បាំងទី ១ លាវណីង ។ វាមានសមត្ថភាពផ្ទុកយន្តហោះបានរហូតដល់៣៦គ្រឿង រួមមានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ។សូមបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងរបស់ចិនទាំងពីរនេះ គឺមានរូបរាង និងប្រភេទដូចគ្នា ដោយផ្អែកទៅលើនាវាដឹកយន្តហោះចម្បាំងប្រភេទ ឃូសណេតសូវ របស់អតីតសហភាពសូវៀត ៕        

  • លោក ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេសមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយ

    លោក ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេសមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយ

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន មកបំពេញទស្សនកិច្ចនៅឯសេតវិមាន នាដើមឆ្នាំ២០២០ខាងមុខ នេះបើតាមសារព័ត៌មាន Sunday Time របស់អង់គ្លេស ។ ប្រភពបានឱ្យដឹងថា ការពិភាក្សាជាផ្លូវការដើម្បីកំណត់យកថ្ងៃធ្វើទស្សនកិច្ចរបស់លោក ចនសុន ទៅកាន់សហរដ្ឋអាមេរិក នៅមិនទាន់រៀបចំឡើងទេ ប៉ុន្តែវាអាចនឹងប្រព្រឹត្តទៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំក្រោយ ខណៈភាគីទាំងពីរចង់ឲ្យដំណើរទស្សនកិច្ចនេះកើតឡើងនៅដើមឆ្នាំ២០២០ ។បើតាមសារព័ត៌មាន The Mail របស់អង់គ្លេសនោះ លោក ចនសុន កំពុងស្ទាក់ ស្ទើរក្នុងការចេញទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក មុនការនាំអង់គ្លេសចេញផុតពីសហភាពអឺរ៉ុប ព្រោះការធ្វើ Brexit នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករាខាងមុខនេះហើយ ដោយលោកចង់ទៅ ក្រោយការរុះរើគណៈរដ្ឋមន្រ្តីនៅខែកុម្ភៈ ដែលពេលនោះ លោកនឹងតែងតាំងមន្រ្តីថ្មីទទួលបន្ទុកដឹកនាំកិច្ចចរចាពាណិជ្ជកម្ម ៕             …

  • ប្រមុខការទូតសហរដ្ឋអាមេរិករិះគន់ចិន និង រុស្ស៊ី ដែលប្រឆាំងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីការបញ្ជូនជំនួយទៅស៊ីរី

    ប្រមុខការទូតសហរដ្ឋអាមេរិករិះគន់ចិន និង រុស្ស៊ី ដែលប្រឆាំងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីការបញ្ជូនជំនួយទៅស៊ីរី

    សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានជំទាស់ទៅនឹងរុស្ស៊ី និង ចិន កាលពីចុងសប្តាហ៍នេះ ក្រោយរដ្ឋទំាងពីរប្រើសិទ្ធិវេតូប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងមិនឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងព្រំដែនចូលទៅកាន់ស៊ីរី ។ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា ការដែលរុស្ស៊ី និង ចិន ប្រើសិទ្ធិវេតូប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រជាពលរដ្ឋស៊ីរីរាប់លាននាក់ គឺជារឿងដ៏គួរឲ្យអាម៉ាស់ ។ លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ទៀតថា សម្រាប់ប្រទេសរុស្ស៊ី និងចិនដែលបានប្រឆាំងនឹងសេចក្ដីសម្រេចនេះ គឺពួកអ្នកមានបាតដៃប្រឡាក់ឈាម ។សូមបញ្ជាក់ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរុស្ស៊ី និង ចិនរារាំងនេះ មានគោលបំណងបន្ថែមពេលមួយឆ្នាំទៀតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងព្រំដែនពីប្រទេសតួកគី និងអ៊ីរ៉ាក់ចូលទៅប្រទេសស៊ីរី ដើម្បីជួយជនស៊ីវិលស៊ីរី៤លាននាក់ ដែលបានរងគ្រោះដោយសារជម្លោះនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១មក៕                

  • ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងរៀបចំកិច្ចប្រជុំជាន់ខ្ពស់មួយ ក្នុងគោលបំណងពិភាក្សាពីការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន

    ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងរៀបចំកិច្ចប្រជុំជាន់ខ្ពស់មួយ ក្នុងគោលបំណងពិភាក្សាពីការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន

    កូរ៉េខាងជើង៖ មេដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA ។នាឱកាសនោះ លោក គីម ជុងអ៊ុន បានលើកឡើងនូវស្ថានការណ៍ស្មុគស្មាញផ្ទៃក្នុង និងនៅផ្នែកខាងក្រៅ បើតាមទីភ្នាក់ងារព័ត៌មាន KCNA កិច្ចប្រជុំខាងលើបានជជែក និង ពិចារណាអំពីចំណាត់ការនយោបាយ និង វិធានការនៃការដឹកនាំ ព្រមទាំងយុទ្ធសាស្រ្តយោធាសំខាន់ៗសម្រាប់ពង្រឹង ក៏ដូចជាពន្លឿនការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ប្រទេសកូរ៉េខាងជើង ។ សូមបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ កូរ៉េខាងជើងអាចនឹងបើកកិច្ចប្រជុំបក្សដ៏ធំមួយ ដើម្បីជជែកនិងសម្រេចអំពីបញ្ហាសំខាន់ៗ រួមជាមួយការប្រែប្រួលនៃស្ថានការណ៍ទាំងនៅក្នុង និងក្រៅប្រទេស នេះបើតាមទីភ្នាក់ងារព័ត៌មាន KCNA ៕            

  • លោក Ashraf Ghani អាចនឹងបន្តតំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថានសម្រាប់អាណិត្តទី២ ក្រោយទទួលបានសំឡេងឆ្នោតភាគច្រើន

    លោក Ashraf Ghani អាចនឹងបន្តតំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថានសម្រាប់អាណិត្តទី២ ក្រោយទទួលបានសំឡេងឆ្នោតភាគច្រើន

    អាហ្វហ្គានីស្ថាន៖ លោក Ashraf Ghani ទំនងជាទទួលបានជ័យជម្នះសម្រាប់តំណែងជាប្រធានាធិបតីនៅក្នុងអាណត្តិទីពីររបស់លោក នេះបើយោងតាមលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលត្រូវបានប្រកាសនៅថ្ងៃអាទិត្យម្សិលមិញ ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យហៅកាត់ថា IEC អាហ្វហ្គានីស្ថាន អ្នកស្រី Hawa Alam Nuristani បានចេញផ្សាយលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានរង់ចាំអស់រយៈពេលយ៉ាងយូរនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងកាប៊ុល ។ អ្នកស្រីបានបញ្ជាក់ថា លោក Ghani ទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល៥១% ក្នុងចំណោមសន្លឹកឆ្នោតជាង១លាន៨សែនសន្លឹក ។ អ្នកស្រីបន្ថែមថា លោក Abdullah Abdullah ដែលជាគូប្រជែងចម្បង និងជាដៃគូគ្រប់គ្រងប្រទេសរបស់លោក Ghani នៅក្នុងរដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថាន ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣៩,៥២% ហើយថា សំឡេងឆ្នោតដែលនៅសេសសល់បានទៅបេក្ខជនដទៃទៀត ។គួរបញ្ជាក់ថា ដំបូងឡើយ អាជ្ញាធររៀបចំការបោះឆ្នោតគ្រោងនឹងចេញផ្សាយលទ្ធផលបោះឆ្នោតបឋមនៅថ្ងៃទី១៩ ខែតុលា ប៉ុន្តែត្រូវពន្យារពេលម្ដងហើយម្ដងទៀត ដោយសារតែមានការចោទប្រកាន់ពីបេក្ខជនដទៃទៀត ជាពិសេសពីលោក Abdullah ដែលថា មានការបន្លំសន្លឹកឆ្នោត រួមជាមួយនឹងបញ្ហាបច្ចេកទេសមួយចំនួនទៀត ខណៈការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ ៕   …