-
ឡាវទទួល៥០លានដុល្លារអាម៉េរិកបន្ថែមពីធនាគារពិភពលោក ដើម្បីស្តារហេដ្ឋរចនាសម្ពន្ធឡើងវិញ

ឡាវ៖ គណៈនាយកប្រតិបត្តិរបស់ធនាគារពិភពលោក (World Bank) ថ្មីៗនេះទើបតែបានអនុម័តកញ្ចប់ថវិការបន្ថែម៥០លានដុល្លារអាមេ៉រិក លើគម្រោងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ីអាគ្នេហ៍ នៅក្នុងប្រទេសឡាវ និង គម្រោងផ្នែកផ្លូវថ្នល់ឡាវទី២ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៧ ធ្នូ។ ការផ្តល់ហិរញ្ញវត្ថុបន្ថែមទៀតនេះនឹងជួយកាត់បន្ថយកង្វះខាតថវិការសម្រាប់ការស្តាឡើងវិញ ក្រោយពេលទឹកជំនន់វាយប្រហារ កាលពីឆ្នាំ២០១៨ ផ្តល់អាទិភាពលើការវិនិយោគក្នុងការគ្រប់គ្រងហានិភ័យទឹកជំនន់ និងផ្នែផ្លូវថ្នល់។កញ្ចប់ថវិការពាក់កណ្តាលទៀតនឹងជួយដល់គម្រោងផ្លូវថ្នល់ឡាវទី២ដែលកំពុងដំណើរការ ក្នុងនោះ មានដូចជាការជួសជុលផ្លូវឡើងវិញ និងពង្រឹងភាពធន់របស់ហេដ្ឋារចនាសម្ពន្ធចំពោះបញ្ហាអាកាសធាតុផងដែរ។ តាមការវាយតម្លៃក្រោយទឹកជំនន់នៅប្រទេសឡាវកាលពីឆ្នាំ២០១៨ មានទំហំខូចខាតគិតជាប្រាក់ប្រមាណ៣៧១.៥លានដុល្លារអាមេរិក ស្មើនឹង២.១ភាគរយនៃផលិតផលក្នុងស្រុក ឬ GDP ក្នុងឆ្នាំនោះ ហើយក៏ស្មើនឹង១០.២ភាគរយនៃថវិការប្រចាំឆ្នាំរបស់ឡាវដែរ៕ធ.ដ
-
វៀតណាមរំពឹងនាំចេញត្រីប្រាជាង២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

វៀតណាម៖ សមាគមនាំចេញ និងផលិតគ្រឿងសមុទ្ររបស់វៀតណាមបានឱ្យដឹងថាការនាំចេញត្រីប្រារបស់វៀតណាមនឹងមានតម្លៃ ២,០៦ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលថយចុះ ៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១៧ ធ្នូ ២០១៩។ ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងបន្ទាប់ពីការនាំចេញនៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះបានធ្លាក់ចុះយ៉ាងហោចណាស់ ១០ ភាគរយដល់ ៦០០ លានដុល្លារ។ លោកTrần ậnh Luận អគ្គនាយកនៃអគ្គនាយកដ្ឋានជលផលបាននិយាយថាការនាំចេញត្រីបានធ្លាក់ចុះដោយសារតែការនាំចូលពីទីផ្សារធំ ៗ មួយចំនួនរួមមានសហរដ្ឋអាម៉េរិក និងចិនបានធ្លាក់ចុះពីខែមីនាឆ្នាំនេះ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម – អ៊ឺរ៉ុបនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២០ ដែលពន្ធលើផលិតផលពាណិជ្ជកម្មនឹងត្រូវបានកាត់បន្ថយបន្តិចម្តង ៗ ដល់សូន្យភាគរយក្រោមផែនទីបង្ហាញផ្លូវរយៈពេល ៣ ឆ្នាំ។ នេះមានន័យថាការនាំចេញត្រីវៀតណាមនឹងទទួលបានពិន្ទុសូន្យភាគរយពីឆ្នាំ ២០២៣ ពីអត្រាពន្ធមូលដ្ឋាន ៥.៥ ភាគរយ (ត្រីក្លាសេ) ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងខកចិត្តជាខ្លាំង បើសិនកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីល

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននាថ្ងៃ ចន្ទ ម្សិលមិញថា ប្រទេសរបស់លោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលំអិតនោះទេ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកនឹងខកចិត្តជាខ្លាំង បើសិនជាស្ថានភាពដូចសព្វថ្ងៃ បន្តកើតឡើងនៅកូរ៉េខាងជើង ប៉ុន្តែយើងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ។ ការថ្លែងអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយកូរ៉េខាងជើងបានធ្វើតេស្ដដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ កាលពីថ្ងៃទី០៧ និងថ្ងៃទី១៣ ខែធ្នូកន្លងទៅ ហើយយោធាកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្ដនេះគឺជាការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាម៉េរិក ៕ធ.ដ
-
សហរដ្ឋអាម៉េរិកស្នើឱ្យតួកគីស្រាយបំភ្លឺ ក្រោយគំរាមបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាម៉េរិក

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែលស្ពើរ នៅថ្ងៃចន្ទនេះបានលើកឡើងថា លោកចាំបាច់ត្រូវជជែកគ្នាជាមួយសមភាគីរបស់លោក ដើម្បីស្វែងយកពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី តាយយីប អឺដូហ្គាន់ នៅពេលលោកនិយាយថា លោកអាចនឹងបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលជាទីតំាងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេ៉រិក ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ាក អ៊ែលស្ពើរ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធា នាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានព្រមានបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាមេរិក បើសិនទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ដោយសារការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។ ហើយការព្រមានរបស់ប្រធានាធិបតីតួកគីរូបនេះ បានកើតមានឡើងក្រោយគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មប្រឆំាងនឹងប្រទេសតួកគី ៕ធ.ដ
-
ស៊ីរី និងរុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមួយនៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មអន្តរជាតិ

រុស្ស៊ី៖ កងទ័ពជើងទឹកស៊ីរី និងរុស្ស៊ីបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយ នៅថ្ងៃអង្គារ៍នេះ នៅតំបន់សមុទ្រមេឌីទែរ៉ាណេ នេះបើតាមមេបញ្ជាការទ័ពជើងទឹករុស្ស៊ី លោក អេឡិចហ្សានដឺ យូលដាហ្សេវ ។ លោក យូលដាហ្សេវ បានឱ្យដឹងថា សមយុទ្ធទាំងនេះ ត្រូវបានរៀបចំឡើងស្ថិតក្នុងគោលបំណងលើកកម្ពស់ និង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពរដ្ឋាភិបាលទីក្រុងម៊ូស្គូ និងទីក្រុងដាម៉ាស់ ដែលនឹងជួយសម្រួលដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ ។ មេបញ្ជាការទ័ពជើងទឹករុស្ស៊ីរូបនេះបានបន្ថែមទៀតថា ក្បួននាវារបស់យោធាជើងទឹករុស្ស៊ី និងស៊ីរីដែលស្ថិតនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេកំពុងតែធ្វើការហ្វឹកហ្វឺនរួមគ្នា ខណៈនៅលើឆ្នេរវិញ កងទ័ពប្រទេសទាំងពីរកំពុងរួមគ្នាហ្វឹកហ្វឹនជំនាញ ដើម្បីទប់ទល់ជាមួយយន្តហោះដ្រូន និង ប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធខុសច្បាប់ ព្រមទាំងដើម្បីការពារការវាយប្រហារលើមូលដ្ឋានយោធានៅកំពង់ផែតាទូស ៕ធ.ដ
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកបញ្ជាក់ថា កូរ៉េខាងជើងទំនងជានឹងធ្វើតេស្តអាវុធថ្មីទៀត

សហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើងអាចនឹងដឹកនាំការធ្វើតេស្ដមីស៊ីលទៀត បើសិនជាពួកគេមិនសប្បាយចិត្ត នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែលស្ពើរ ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទម្សិលមិញ ។ ការលើកឡើងរបស់លោក ម៉ាក អ៊ែលស្ពើរ បានកើតមានឡើងស្របមានការព្រួយបារម្ភថា សហរដ្ឋអាម៉េរិក-កូរ៉េខាងជើងទំនងជាត្រឡប់ទៅរកស្ថានភាពតានតឹងខ្លាំងដូចកាលពីឆ្នាំ២០១៧ ជាពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់បោះអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ICBM ជាច្រើនលើក ។ យ៉ាងណាមិញ ប្រមុខការពារជាតិអាម៉េរិករូបនេះ មិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធ ដែលកូរ៉េខាងជើងនឹងធ្វើតេស្ដនោះទេ តែក្រុមអ្នកជំនាញជាច្រើនយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាថ្មីឡើងវិញ ខណៈឱសានវាទដែលលោក គីម ជុងអ៊ុន កំណត់ឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម និងស្ដារកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅត្រឹមចុងឆ្នាំ២០១៩ បើពុំដូច្នោះទេកូរ៉េខាងជើងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ៕ធ.ដ
-
មហាសេដ្ឋីវៀតណាមចង់នាំរថយន្តចូលទៅទីផ្សារអាម៉េរិកឲ្យបាន ត្រឹមឆ្នាំ២០២១

វៀតណាម៖ ថ្មីៗនេះ សារព័ត៌មានសេដ្ឋកិច្ច Bloomberg បានបង្ហាញអំពីមហិច្ឆតាធំចំនួនពីររបស់មហាសេដ្ឋីវៀតណាម លោក Phan Nhat Vuong ជាម្ចាស់សម្ព័ន្ធ Vingroup ក្មុងនោះ ទីមួយគឺការផលិតរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ និងទីពីរគឺចង់ចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិកនៅត្រឹមឆ្នាំ ២០២១។ ប្រភពថា គោលបំណងវាយលុកទីផ្សារអាម៉េរិករបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លាររូបនេះនឹងត្រូវចំណាយលុយផ្ទាល់ខ្លួនជាង ២ ពាន់លានដុល្លារ ដើម្បីឲ្យ VinFast ជាម៉ាករថយន្តវៀតណាម ជោគជ័យលើទឹកដីអាម៉េរិក។ ការកំណត់អាម៉េរិកជាគោលដៅនេះ ស្របពេលដែលក្រុមហ៊ុន VinFast បានធ្វើចិត្តថានឹងមិនអាចរកប្រាក់ចំណេញបាននោះទេ ក្នុងមុខជំនួញរយៈពេល ៥ ឆ្នាំដំបូង។ គួរដឹងថា Vingroup គឺជាក្រុមហ៊ុនមេរបស់ VinFast ដែល VinFast គឺជាក្រុមហ៊ុនផលិតរថយន្តវៀតណាមដំបូងគេ និងរីកលូតលាស់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ បច្ចុប្បន្ន VinFast មានផលិតរថយន្តចំនួនបីម៉ូដែល ដែលមានបីប្រភេទគឺ Hatchback, Sedan និង SUV៕ធ.ដ
-
ក្រសួងថាមពល និងអគ្គិសនីប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា កិច្ចព្រមព្រៀងឧស្ម័នមីយ៉ាន់ម៉ា បានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រទេសថៃ

ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី១៧ ធ្នូនេះថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការថ្មីរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមហ៊ុនថាមពលឯកជន MPRL E&P នឹងនាំមកនូវដំណឹងល្អសម្រាប់ផ្នែកផលិតកម្មថាមពលរបស់ប្រទេសថៃ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងថាមពល និងអគ្គិសនីប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទម្សិលមិញ។ ប្រភពថា បញ្ចេញរបាយការណ៍បែបនេះ ក្រោយពេលក្រុមហ៊ុន MPRL E&P ទទួលជោគជ័យលើការចរចាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយសម្រេចកិច្ចព្រមព្រៀងជាគន្លឹះចំនួន២ ជាកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌសារពើពន្ធ និងការចែករំលែកលទ្ធផលពីប្លុកឧស្ម័ននៅឈូងសមុទ្រ A-6 ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុន MPRL E&P គឺជាក្រុមហ៊ុនរុករកថាមពលឯករាជ្យតែមួយគត់ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានរកឃើញយ៉ាងសកម្មទាំងអណ្តូងខួង និងគោកក្នុងប្រទេស។ ប្រភពបន្តថា « ខណៈពេលដែលការផលិតថាមពលរបស់ប្រទេសថៃមានតុល្យភាពត្រឹមត្រូវនៅលើកញ្ចប់នៃធនធានក្នុងស្រុក ដូច្នេះលទ្ធផលនៃធនធានទាំងនេះ ជាពិសេសឧស្ម័ន – កំពុងថយចុះប្រមាណជា ៣.៥% ក្នុងមួយឆ្នាំជាមធ្យម ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ»៕ធ.ដ
-
វៀតណាមពេញចិត្តនឹងទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ មាន៥០០ពាន់លានដុល្លារអាម៉េរិក

វៀតណាម៖ ទំហំពាណិជ្ជកម្មរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៩នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់៥០០ពាន់លានដុល្លារអាម៉េរិក ពោលគឺបន្ទាប់ពីពេល២ឆ្នាំដែលមាន៤០០ពាន់លានដុល្លារអាម៉េរិក ជាកំណើនស្របពេលដែលវៀតណាមបាននឹងកំពុងអភិវឌ្ឍន៍បរិយាកាសពាណិជ្ជកម្មរបស់ខ្លួន និងពង្រឹងការធ្វើសមាហរណកម្មអន្តរជាតិ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១៧ ធ្នូ ២០១៩នេះ។ ប្រភពបានផ្អែកតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងពាណិជ្ជកម្មវៀតណាម Tran Tuan Anh ដែលផ្តល់កិច្ចសម្ភាសន៍ដល់កាសែតក្នុងស្រុកមួយថា នេះគឺជាលទ្ធផលគួរឲ្យស្ងប់ស្ងែង ខណៈដែលបណ្តាប្រទេសជាច្រើនត្រូវបានមើលឃើញថា មានកំណើនពាណិជ្ជកម្មយឺត ហើយលទ្ធផលនេះគឺបង្ហាញពីកំណើនដោយចីរភាពនៃពាណិជ្ជកម្មអន្តរជាតិក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចវៀតណាម។ លោករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនពាណិជ្ជកម្មវៀតណាមជាមធ្យម១៣ភាគរយ ក្នុងមួយឆ្នាំ ខណៈដែលវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៣០ដែលមានកំណើនពាណិជ្ជកម្មដ៏ខ្លាំង។ស្ថិតិពន្ធវៀតណាមបង្ហាញថា វៀតណាមបាននាំចេញទំនិញតម្លៃ២៤១.៦៥ពាន់លានដុល្លារអាមេរិក ពីខែមករា ដល់ខែវិច្ឆិកា ២០១៩ ខណៈដែលខ្លួននាំចូលវិញ២៣០.៧១ពាន់លានដុល្លារអាម៉េរិក។ទំហំពាណិជ្ជកម្មវៀតណាមមាន៤៨០.១៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៨៕ធ.ដ
-
រុស្ស៊ី និង ចិនអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកទណ្ឌកម្មខ្លះលើកូរ៉េខាងជើង

ចិន៖ បើយោងតាមពង្រាងសេចក្តីសំរេចចិត្តនោះ ចិន និងរុស្ស៊ី នៅថ្ងៃចន្ទម្សិលមិញ បានស្នើសុំដកបំរាមនាំចេញរូបចម្លាក់ អាហារសមុទ្រ និង ទំនិញវាយនភណ្ឌលើកូរ៉េខាងជើង ដែលវាជាចំណាត់មួយរបស់ភាគីរុស្ស៊ី ដើម្បីជំរុញឱ្យមានការចរចារវាងអាម៉េរិក-កូរ៉េខាងជើង ។ ពង្រាងសេចក្តីសម្រេចចិត្តនេះ ក៏សុំដកបំរាមលើពលរដ្ឋកូរ៉េខាងជើង ដែលធ្វើការនៅបរទេស និងបញ្ចប់ការតំរូវឱ្យបញ្ជូនខ្លួនកម្មករពលករដូច្នេះទៅកាន់ប្រទេសកូរ៉េខាងជើងវិញនៅយ៉ាងយូរបំផុតត្រឹមសប្តាហ៍ក្រោយ ។ វាក៏ស្នើសុំឲ្យគម្រោងកិច្ចសហប្រតិបត្តិការផ្លូវថ្នល់ និងផ្លូវដែករវាងកូរ៉េទាំងពីរ រួចផុតពីបំរាមរបស់អង្គការសហប្រជាជាតិផងដែរ ។ យ៉ាងណាមិញ គេនៅមិនដឹងថាតើពង្រាងច្បាប់នេះ នឹងត្រូវដាក់ឲ្យក្រុមប្រឹក្សាសន្តិសុខដែលមាន១៥ប្រទេសបោះឆ្នោតសម្រេចនៅពេលណាទេ ។ ជាការឆ្លើយតប មន្ត្រីក្រសួងការបរទេសអាម៉េរិកម្នាក់បាននិយាយថា បច្ចុប្បន្នមិនមែនជាពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាដកទណ្ឌ កម្មលើកូរ៉េខាងជើងទេ ដោយសារទីក្រុងព្យុងយ៉ាងគំរាមបង្ករឿងខ្លាំងឡើង និង បដិសេធមិនជួបពិភាក្សារឿងរំសាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបន្តរក្សាទុក និងអភិវឌ្ឍអាវុធប្រល័យលោកដែលអន្តរជាតិហាមឃាត់ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ៕ធ.ដ