-
លោក Boris Johnson គ្រោងប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះការបោះឆ្នោតសកលមុនអាណត្តិ

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ត្រូវបានគេរំពឹងថា នៅក្នុងសប្តាហ៍នេះ នឹងប្រកាសពីការរុះរើ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្រោយគណបក្សអភិរក្សនិយមរបស់លោក ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីសប្ដាហ៍មុន ។ បើតាមការគ្រោងទុកនោះ លោក Boris Johnson អាចនឹងតែងតាំងរដ្ឋមន្ត្រីថ្មី ទទួលបន្ទុកកិច្ចការប្រទេសវែល និងរដ្ឋមន្ត្រីវប្បធម៌ជំនួសលោក អាឡាន់ ខេនស៍ ដែលបានលាលែងចេញពីតំណែង កំឡុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត ។ គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតសភាមុនអាណត្តិកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ គណបក្សអភិរក្សនិយមទទួលបានអសនៈ៣៦៤ ក្នុងចំណោមអសនៈសរុប ៦៥០ ដែលនេះគឺជាជ័យជម្នះដ៏ធំមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៨៧ ។ ហើយតាមរយៈជ័យជម្នះនេះ នឹងបើកផ្លូវឱ្យលោក Johnson នាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែមករា ឆ្នាំ២០២០ តាមការពាក្យសន្យា ៕ធ.ដ
-
ឥណ្ឌូនេស៊ីសម្រេចដាក់ពាក្យបណ្តឹងប្រឆំាងនឹងសហភាពអឺរ៉ុបទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ពាក់ព័ន្ធនឹងរឿងដូងប្រេង

ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ីបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)ប្រឆាំងនឹងសហភាពអឺរ៉ុប ទាក់ទិននឹងផែនការបញ្ឈប់ការប្រើប្រាស់ជីវឥន្ធនៈដូងប្រេងសម្រាប់រថយន្ត នេះបើតាមក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ។ ចំណាត់ការនេះអាចនឹងបង្កើនជម្លោះពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតដូងប្រេងកំពូលរបស់ពិភពលោក និង សហភាពអឺរ៉ុប ដែលគ្រោងនឹងបញ្ចប់ការប្រើប្រាស់ជីវឥន្ធនៈនៅត្រឹមឆ្នាំ២០៣០ ដោយលើកឡើងពីក្តីបារម្ភជុំវិញការកាប់បំផ្លាញព្រៃឈើដែលបណ្តាលមកពីវិស័យនេះ ។គួរបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងរបស់ឥណ្ឌូនេស៊ីខាងលើ បានកើតមានឡើងស្របពេលដែលសហភាពអឺរ៉ុប បានដំឡើងពន្ធលើការនាំចូលជីវឧស្ម័នពីប្រទេសឥណ្ឌូនេស៊ី ដោយនិយាយថា ខ្លួនចាំបាច់ត្រូវធ្វើឱ្យមានតុល្យភាព និងយុត្តិធម៌សម្រាប់អ្នកផលិតរបស់ខ្លួន ។ ហើយជាការឆ្លើយតបទៅនឹងអ្វីដែលគេហៅថាគោលនយោបាយរើសអើងប្រឆាំងនឹងការនាំចេញដូងប្រេងសំខាន់របស់ខ្លួននោះ ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីសប្តាហ៍មុន ៕ធ.ដ
-
ក្រុមហ៊ុន Boeing បើកបង្ហាញយានអវកាស Starliner ដែលត្រៀមធ្វើតេស្តដឹកមនុស្សជាលើកដំបូងទៅកាន់ទីអវកាសនៅឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ យានអវកាស Starliner ត្រូវបានក្រុមហ៊ុន Boeing បើកបង្ហាញវត្តមានជាផ្លូវការ ដែលវានឹងត្រូវប្រើប្រាស់ដើម្បីនាំយកអវកាសយានិកឡើងទៅកាន់ទីអវកាសនៅឆ្នំាំ២០២០ ។ ទន្ទឹមគ្នាយានអវកាសនេះដែរ នឹងត្រូវសាកល្បងសមត្ថភាពក្នុងការធ្វើតេស្តហោះហើរ ដោយផ្ទុកមនុស្សជាលើកដំបូង ។ អវកាសយានិករបស់ Boeing ផ្ទាល់គឺលោក Chris Ferguson ព្រមទាំងអវកាសយានិកពីរនាក់ នៃទីភ្នាក់ងារអវកាសអាម៉េរិក NASA គឺលោកស្រី Nicole Aunapu Mann និងលោក Mike Fincke នឹងចូលរួមការធ្វើតេស្តនោះ ដែលអាចនឹងកើតឡើងនាពាក់កណ្តាលឆ្នាំ២០២០ ។ បើតាមការគ្រោងទុកនោះ យានអវកាស Starliner មួយគ្រឿងកំពុងត្រៀមខ្លួន នៅក្នុងសប្តាហ៍នេះ សម្រាប់ការហោះហើរសាកល្បងជាលើកដំបូងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ ការធ្វើតេស្តខាងមុខនេះ មិនមានផ្ទុកមនុស្សឡើយ ហើយនឹងត្រូវធ្វើឡើងនៅសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយវានឹងចូលចតនៅស្ថានីយ ISS រយៈពេល១សប្តាហ៍ ហើយត្រឡប់ចុះមកផែនដីវិញនៅថ្ងៃទី២៨ ខែធ្នូនេះ ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់អាម៉េរិកអះអាងថា សហរដ្ឋអាម៉េរិកនៅតែចង់ធ្វើកិច្ចចរចាឡើងវិញជាមួយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ បេសកជនពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក ស្ទេហ្វិន ប៊ីហ្គាន់ បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងងាកមករកតុចរចាគ្នាវិញ ហើយថា ទីក្រុងវ៉ាស៊ីនតោននៅតែមានការប្តេជ្ញាចិត្តធ្វើការចរចាស្តីពីអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ។ បេសកជនពិសេសអាម៉េរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាម៉េរិកមិនមានការកំណត់ណាមួយឡើយ ប៉ុន្តែចង់បានការបើកកិច្ចចរចាគ្នាឡើងវិញ លោកថា វាដល់ពេលដែលយើងត្រូវធ្វើការងាររបស់ពួកយើង តោះធ្វើកិច្ចការនេះ យើងនៅទីនេះ ហើយអ្នក (កូរ៉េខាងជើង) ដឹងច្បាស់ពីវិធី ដើម្បីឈានដល់យើង ។ ការកត់សម្គាល់បែបនេះរបស់លោក ស្ទេហ្វិន ប៊ីហ្គាន់ ត្រូវបានធ្វើឡងនៅក្នុងពេលធ្វើសន្និសិទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល ក្រោយជួបជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក លី ឌូហ៊ុន ស្របពេលដែលកូរ៉េខាងជើងត្រូវបានគេរំពឹងថា អាចនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ជាកាដូថ្ងៃបុណ្យណូអែលផ្ញើជូនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដអាវុធយុទ្ធសាស្ត្រថ្មីចំនួនពីរលើក នៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ នៅក្នុងខែធ្នូនេះ ៕ធ.ដ
-
រុស្ស៊ីគ្រោងបំពាក់មីស៊ីលផ្លោង-នុយក្លេអ៊ែរប្រភេទថ្មីឲ្យកងទ័ពរបស់ខ្លួន ក្រោយដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយសហរដ្ឋអាម៉េរិក

រុស្ស៊ី៖ អគ្គមេបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី លោក ស៊ឺហ្គៃ ការ៉ាកេវ បានបញ្ជាក់ថា មីស៊ីលប្រភេទថ្មីឈ្មោះ សារម៉េត ត្រូវបានផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុក ហើយវាក៏មានសមត្ថភាពលើសពីជំនាន់មុនៗដ៏គួរឲ្យកត់សម្គាល់ផងដែរ ។ បើតាមអគ្គមេបញ្ជាការកងកម្លំាងយុទ្ធសាស្រ្តមីស៊ីលរុស្ស៊ីរូបនេះ គ្រាប់មីស៊ីល សារម៉េត នឹងត្រូវយកទៅបំពាក់ឲ្យកងកម្លាំងប្រយុទ្ធដោយអាវុធល្បឿនលឿនជាងសំឡេង (hypersonic combat units) នៅក្នុងឆ្នាំ២០២០ខាងមុខ ដើម្បីជំនួសមីស៊ីលស៊េរីចាស់ ។ សូមបញ្ជាក់ផងដែរថា គ្រាប់មីស៊ីល សារម៉េត គឺជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប (intercontinental ballistic missile) ផងដែរ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ៕ធ.ដ
-
តួកគីព្រមានសងសឹកវិញ បើសិនសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មប្រឆំាងប្រទេសខ្លួន ជុំវិញការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានព្រមានបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាម៉េរិក បើសិនទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ដោយសារការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។ លោក អឺដូហ្គាន់ បាននិយាយថា បើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី នោះយើងនឹងបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក និង ឃើរែស៊ីក ដែលកំពុងប្រើប្រាស់ដោយកងទ័ពអាម៉េរិក ។ការព្រមានរបស់ប្រធានាធិបតីតួកគីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មប្រឆំាងនឹងប្រទេសតួកគី ៕ធ.ដ
-
អង្គការអវកាសអាម៉េរិក NASA គ្រោងបាញ់បញ្ជូនយានរុករក Mars 2020 ទៅចុះចតនៅលើភពអង្គារ

សហរដ្ឋអាម៉េរិក៖ យានរុករក ម៉ាស់ 2020 របស់អង្គការ NASA ត្រូវបានកំណត់ថា នឹងចេញដំណើរនៅកំឡុងរដូវក្តៅឆ្នាំ២០២០ ហើយចុះទៅដល់ផ្ទៃភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់រណ្តៅអាចម៍ផ្កាយ ចេហ្សេរ៉ូ ដែលមានអង្កត់ផ្ចិតប្រវែង៤៥គីឡូម៉ែត្រ ។ ក្រៅពីនេះអំឡុងបេសកកម្មនៅលើភពអង្គារ យានរុករកភពអង្គារ២០២០នឹងប្រមូល ព្រមទាំងស្តុកទុកនូវគំរូតាងមួយចំនួន សម្រាប់ឲ្យបេសកកម្មនាពេលក្រោយទៀត អាចទៅនាំយកពួកវាមកកាន់ភពផែនដី ដើម្បីបន្តការសិក្សាស្រាវ ជ្រាវ ប៉ុន្តែវាស្ថិតនៅពេលយូរទៀតណាស់ ។ បេសកកម្មដើម្បីទៅយកគំរូតាងទាំងនោះ នឹងត្រូវធ្វើឡើងស្របតាមកិច្ចប្រឹងប្រែងរួមគ្នារវាង NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ គួរជម្រាបថា បេសកកម្មយានម៉ាស់២០២០ មិនត្រឹមជាបេសកកម្មតាមប្រមាញ់ និងរុករកសញ្ញាជីវិតនោះទេ តែវាក៏នឹងជួយអ្នកវិទ្យាសាស្រ្តយល់ដឹងកាន់តែច្បាស់ជាងមុន អំពីដំណើរវិវត្តនៃភពថ្មីក្រហមនេះផងដែរ ហើយវាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ឲ្យមនុស្សចុះទៅកាន់ទីនោះនៅ អំឡុងទសវត្សរ៍ឆ្នាំ២០៣០ ថែមទៀតផង ៕ធ.ដ
-
ព្រិលធ្លាក់ខ្លាំងពេក លុបចោលជើងហោះហើរយន្តហោះជាង៤០ជើង នៅប៉េកាំង

អាជ្ញាធរចិនបានប្រកាសឲ្យដឹងថា ដោយសារតែស្ថានភាពព្រិលធ្លាក់ខ្លាំង ជើងហោះហើរច្រើនជាង ៤០ ត្រូវបានលុបចោលនាថ្ងៃចន្ទនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីប៉េកាំង។រដ្ឋបាលព្រលានយន្តហោះបានចេញសេចក្តីថ្លែងការណ៍ជូនដំណឹង នៅថ្ងៃនេះ ស្តីពីការលុបចោលជើងហោះហើរខាងលើនេះ គឺដោយសារព្រិលនៅតែបន្តធ្លាក់ខ្លាំងក្នុងរដ្ឋធានីប៉េកាំង តាំងពីថ្ងៃអាទិត្យម្សិលមិញនេះមក ហើយបន្ថែមពីលើនោះក៏មានការចុះអ័ព្ទ ដែលនាំឲ្យពិបាកមើលផ្លូវថែមទៀត។ នាយកដ្ឋានឧតុនិយមនៃទីក្រុងប៉េកាំង បានស្នើឲ្យប្រជាជននៅតាមតំបន់ផ្សេងៗនៃទីក្រុង បង្កើនភាពប្រុងប្រយ័ត្នបន្តិច ដោយសារតែស្ថានការណ៍បែបនេះ នឹងពិបាកក្នុងការធ្វើដំណើរគ្រប់មធ្យោបាយ។ យ៉ាងណាក៏ដោយ អាកាសយានដ្ឋានអន្តរជាតិ Beijing Capital កំពុងតែព្យាយាមចាត់ចែងការងារបោសសម្អាតព្រិលយ៉ាងសកម្មផងដែរ ដើម្បីកាត់បន្ថយភាពរាំងស្ទះ ខណៈព្រលានយន្តហោះនេះ ត្រូវគេចាត់ទុកជាព្រលានយន្តហោះអន្តរជាតិ ដែលមានភាពមមាញឹកខ្លាំងបំផុតទីពីរ នៅលើពិភពលោក៕ធ.ដ
-
ក្រុង ស៊ីដនី របស់អូស្ត្រាលីប្រកាសអាសន្ន អំពីការបំពុលខ្យល់បណ្តាលមកពីភ្លើងឆេះព្រៃ

ទីក្រុង ស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់អូស្រ្តាលីកំពុងប្រឈមនឹង“ ភាពអាសន្នផ្នែកសុខភាពសាធារណៈ” ជុំវិញផ្សែងដែលបានឆាបឆេះនៅទីក្រុងស៊ីដនីនេះ អស់រយៈពេលជាច្រើនសប្តាហ៍។ ក្រុមវេជ្ជបណ្ឌិតឈានមុខគេបានព្រមានបែបនេះ នៅថ្ងៃច័ន្ទ ទី១៦ ធ្នូ ពោលគឺបន្ទាប់ពីមន្ទីរពេទ្យបានរាយការណ៍ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលមានការចុះទៅស្វែងយល់នៅតាមមន្ទីរពេទ្យ។ភ្លើងឆេះព្រៃរាប់រយកន្លែងកំពុងឆេះពាសពេញប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនខែហើយដោយភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើង ទីក្រុងស៊ីដនីបំផ្លាញផ្ទះជាច្រើនខ្នងពេញមួយយប់ និងឆេះនៅក្បែរទីប្រជុំជនដែលកំពុងគំរាមកំហែងនៅក្រុង Perth ។ ក្រុមគ្រូពេទ្យជាង២០ រួមទាំងមហាវិទ្យាល័យវេជ្ជសាស្ត្ររ៉ូយ៉ាល់អូស្រ្តាលីដែលតំណាងឱ្យវេជ្ជបណ្ឌិត និងសិក្ខាកាម ២៥.០០០ នាក់បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យ ដោះស្រាយការបំពុលខ្យល់ពុល ជាពិសេស កម្រិតដ៏ខ្ពស់នៃការបំពុល PM2.5៕ធ.ដ
-
វៀតណាមផលិតនាវាមុជទឹកបានដោយខ្លួនឯង

វៀតណាម៖ កាលពីពេលថ្មីៗនេះ វៀតណាមបានដាក់បង្ហាញនាវាមុជទឹកដែលផលិតឡើងដោយខ្លួនឯង ដោយឲ្យឈ្មោះថា “Truong Sa-01” ក្រោមជំនួយពីរដ្ឋាភិបាល។ នាវាមុជទឹក Truong Sa-01 នេះ ត្រូវបានផលិតឡើងដោយអតីតសាស្រ្តាចារ្យផ្នែកវិស្វកម្មកប៉ាល់ Nguyen Quoc Hoa នៃសកលវិទ្យាល័យ Hanoi University។ បច្ចុប្បន្នលោកគឺជាអ្នកជំនួញ និងផលិតកប៉ាល់ នៅក្នុងខេត្ត Thai Binh ប្រទេសវៀតណាម។ គួរបញ្ជាក់ថា គម្រោតផលិតនាវាមុជទឹកនេះក៏ទទួលបានជំនួយ និងការគាំទ្រពីរដ្ឋាភិបាល និងកងទ័ពជើងទឹកវៀតណាមផងដែរ។Truong Sa-01 មានប្រវែង ៥,៨ម៉ែត្រ និងទទឹង ១,៧ម៉ែត្រ អាចមុជទឹកជម្រើស ៦០ម៉ែត្រ និងអាចបញ្ជាពីចម្ងាយដល់ ៨០០គីឡូម៉ែត្រ៕ធ.ដ