Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាម៉េរិកព្រមានកូរ៉េខាងជើងថា នឹងប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបន្ថែមទៀត បើសិននៅតែបន្តធ្វើតេស្តមីស៊ីល

    សហរដ្ឋអាម៉េរិកព្រមានកូរ៉េខាងជើងថា នឹងប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបន្ថែមទៀត បើសិននៅតែបន្តធ្វើតេស្តមីស៊ីល

    សហរដ្ឋអាម៉េរិក៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានកូរ៉េខាងជើងថា នឹងជួបប្រទះនូវផលវិបាកធ្ងន់ធ្ងរបន្ថែមទៀត បើសិនទីក្រុងព្យុងយ៉ាងហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ។ ការព្រមាននេះ ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែលលី ក្រាហ្វ ស្របពេលមានការព្រួយបារម្ភខ្លាំងឡើងអំពីសកម្មភាព និងការគំរាមកំហែងជាថ្មីពីសំណាក់កូរ៉េខាងជើង ។ បើតាមអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិរូបនេះ កូរ៉េខាងជើងទំនង ជាកំពុងរៀបចំធ្វើតេស្តមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយពិតណាស់ថា វាជាប្រភេទមីស៊ីលដែលត្រូវបានរចនាឡើង ដើម្បីធ្វើការវាយប្រហារទៅដល់ទឹកដីអាម៉េរិក ។ សូមជម្រាបផងដែរថា កូរ៉េខាងជើងបានប្តេជ្ញាថា អំណោយបុណ្យណូអែលមួយ ដែលអាចជាការតេស្តអាវុធ ឬមីស៊ីលប្រភេទថ្មី ទំនងជាបញ្ចេញនៅថ្ងៃខាងមុខនេះ ប្រសិនបើសហរដ្ឋអាម៉េរិកមិនបង្ហាញភាពវិជ្ជមានណាមួយ នៅចុងឆ្នាំ២០១៩ នេះទេនោះ ៕ធ.ដ

  • ទីបំផុតក្រុមសង្គ្រោះឈីលី និងប្រេស៊ីលរកឃើញបំណែកមួយចំនួន ដែលទំនងជារបស់យន្តហោះយោធាឈីលីដែលបាត់ខ្លួនជាមួយមនុស្ស៣៨នាក់

    ទីបំផុតក្រុមសង្គ្រោះឈីលី និងប្រេស៊ីលរកឃើញបំណែកមួយចំនួន ដែលទំនងជារបស់យន្តហោះយោធាឈីលីដែលបាត់ខ្លួនជាមួយមនុស្ស៣៨នាក់

    ឈីលី៖ ក្រុមសង្គ្រោះឈីលី និងប្រេស៊ីលបានអះអាងនៅថ្ងៃពុធនេះថា ទីបំផុតពួកគេបានរកឃើញបំណែកមួយចំនួន ដែលត្រូវបានជឿជាក់ថា ជារបស់យន្ដហោះយោធាឈីលី C-130 ដែលបាត់ខ្លួនជាមួយមនុស្ស៣៨នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅឯតំបន់អង់តាក់់ទិក ។ បំណែកខាងលើត្រូវបានរកឃើញអណ្ដែតនៅលើផ្ទៃទឹកសមុទ្រ ដែលគេស្គាល់ថា ដ្រេកផាសេច នៅចំងាយ៣០គីឡូម៉ែត្រ ពីទីដែលយន្ដហោះយោធាឈីលី C-130 ត្រូវបានគេធ្វើការទាក់ទងជាលើកចុងក្រោយ ហើយបើតាមអាជ្ញាធារឈីលី បំណែកនេះ អាចជាផ្នែកមួយនៃធុងសាំង ស្ថិតនៅផ្នែកខាងក្នុងរបស់យន្ដហោះ ។ សូមបញ្ជាក់ថា បើទោះបីជារកឃើញបំណែកមួយចំនួន ដែលគេជឿជាក់ថា ជារបស់យន្ដហោះយោធាឈីលី C-130 ក៏ដោយ ក៏ប៉ុន្តែជោគវាសនារបស់មនុស្សទាំង៣៨នាក់នៅមិនទាន់អាចដឹងច្បាស់នៅឡើយទេ ។ ក្នុងចំណោមអ្នកជិះទាំង ៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង ២១នាក់ជាអ្នកដំណើរ ៕ធ.ដ

  • មនុស្សស្លាប់កើនជិត១០នាក់ ខណៈមានការសង្ស័យថា ភ្នំភ្លើងនៅនូវែលសេឡង់អាចនឹងផ្ទុះឡើងជាថ្មីទៀត

    មនុស្សស្លាប់កើនជិត១០នាក់ ខណៈមានការសង្ស័យថា ភ្នំភ្លើងនៅនូវែលសេឡង់អាចនឹងផ្ទុះឡើងជាថ្មីទៀត

    នូវែលសេឡង់៖ ជនរងគ្រោះ២នាក់បន្ថែមទៀតហើយបានបាត់បង់ជីវិត កាលពីយប់ថ្ងៃពុធម្សិលមិញនៅក្នុងមន្ទីរពេទ្យ ក្រោយភ្នំភ្លើងមួយនៅនូវែលសេឡង់បានផ្ទុះឡើងយ៉ាងកក្រើក ដែលនំាំឱ្យចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍នេះកើនឡើងដល់៨នាក់ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសក្នុងតំបន់នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ គិតមកទល់នឹងពេលនេះ ក្រុមអ្នកសង្គ្រោះនៅតែមិនអាចទៅស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនលើកោះភ្នំភ្លើងនោះនៅឡើយទេ ខណៈក្រុមអ្នកជំនាញបានព្រមានថា ភ្នំភ្លើង វ៉ាយ អាយលែន ឬ កោះពណ៌សនេះ អាចនឹងផ្ទុះឡើងម្តងទៀត គ្រប់ពេល ។ ដោយឡែកមនុស្សរហូតដល់០៩នាក់ឯណោះ ត្រូវបានគេដឹងថា កំពុងបាត់ខ្លួននៅឡើយ ប៉ុន្តែពួកគេក៏ទំនងជាពុំអាចនៅមានជីវិតនោះដែរ ។ សូមរំលឹកថា ភ្នំភ្លើងខាងលើបានផ្ទុះឡើងនៅក្នុងកម្រិតបង្គួរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់៣.៦គីឡូម៉ែត្រ ។ ការផ្ទុះនោះបានកើតឡើងកំឡុងពេលដែលភ្លៀវទេសចរចំរុះជាតិសាសន៍ កំពុងតែសប្បាយរីករាយនឹងការទស្សនាទេសភាពនៅលើកោះភ្នំភ្លើង វ៉ាយ អាយលែន ៕ធ.ដ

  • លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា មិនបានធ្វើអ្វីខុស ក្រោយសភាតំណាងរាស្រ្តប្រជាធិបតេយ្យចោទប្រកាន់ប្រឆំាងនឹងលោកចំនួន០២ករណី

    លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា មិនបានធ្វើអ្វីខុស ក្រោយសភាតំណាងរាស្រ្តប្រជាធិបតេយ្យចោទប្រកាន់ប្រឆំាងនឹងលោកចំនួន០២ករណី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា លោកមិនគិតថា គណបក្សប្រជាធិបតេយ្យនឹងបោះឆ្នោតក្នុងរដ្ឋសភាពេញអង្គ ដើម្បីចោទប្រកាន់ទម្លាក់លោកពីតំណែងនោះទេ ដោយសារតែលោកមិនបានធ្វើអ្វីខុស ។ ថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា វាជារឿងអាម៉ាស់ដែលគេអាចធ្វើការចោទប្រកាន់ដើម្បីទម្លាក់លោកពីតំណែង នៅពេលដែលលោកមិនបានធ្វើអ្វីខុសនោះ លោកគិតថា វាពិតជារឿងដ៏គួរឲ្យអាម៉ាស់ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្រោយសមាជិកសភាតំណាងរាស្ត្រអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោក ដូណាល់ ត្រាំ ចំនួន០២ករណី ដោយចោទថា លោកបានល្មើសអំណាច និងបង្កឧបសគ្គ ដល់ការស៊ើបអង្កេតរបស់សភា ។ ទន្ទឹមគ្នា សមាជិកសភាតំណារាស្ត្រទាំងអស់ត្រូវបានគេរំពឹងថា នឹងធ្វើការបោះឆ្នោតលើការចោទប្រកាន់ ឬមាត្រានៃនីតិវិធីដកតំណែងប្រធា នាធិបតីនៅសប្ដាហ៍ក្រោយ ៕ធ.ដ

  • សហរដ្ឋអាម៉េរិកប្រគល់មូលដ្ឋានទ័ពចំនួន០៤កន្លែងឲ្យទៅកូរ៉េខាងត្បូង គ្រប់គ្រងវិញ

    សហរដ្ឋអាម៉េរិកប្រគល់មូលដ្ឋានទ័ពចំនួន០៤កន្លែងឲ្យទៅកូរ៉េខាងត្បូង គ្រប់គ្រងវិញ

    សហរដ្ឋអាម៉េរិក៖ នៅថ្ងៃពុធម្សិលមិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រគល់មូលដ្ឋានទ័ពចំនួន០៤កន្លែងទៀតឲ្យទៅរដ្ឋាភិបាលក្រុងសេអ៊ូលគ្រប់គ្រងវិញ នេះបតាមក្រសួងការបរទេសកូរ៉េខាងត្បូង ។ ការប្រគល់មូលដ្ឋានទ័ពទាំងនេះ គឺជាផ្នែកនៃផែនការរុះរើទីតាំងរបស់កងកម្លាំងយោធាដែលឈរជើងនៅកូរ៉េខាងត្បូង ដើម្បីប្រមូលម្តុំកងទ័ពរបស់ខ្លួនឲ្យស្ថិតក្នុងបន្ទាយធំៗត្រឹមចំនួន០២ គឺមួយនៅទីក្រុងព្យុងតេក និងមួយទៀតនៅទីក្រុងដេគូ ចម្ងាយប្រមាណ៣០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ។ សូមបញ្ជាក់ថា ការប្រគល់មូលដ្ឋានទ័ពខាងលើនេះដែរ បានកើតមានឡើងក្រោយកូរ៉េខាងត្បូង និងអាម៉េរិកបានបើកកិច្ចប្រជុំមួយនៅមូលដ្ឋានទ័ពអាម៉េរិក Camp Humphreys នៅថ្ងៃពុធម្សិលមិញ ពាក់ព័ន្ធកិច្ចព្រមព្រៀងហៅកាត់ថា SOFA ដែលអនុញ្ញាតឲ្យទាហានអាម៉េរិកប្រមាណ២៨.៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូង ។ ក្រោយកិច្ចប្រជុំនោះ សហរដ្ឋអាម៉េរិកក៏បានយល់ព្រមប្រគល់មូលដ្ឋានទ័ពចំនួន០៤កន្លែងឲ្យកូរ៉េខាងត្បូងជាអ្នកគ្រប់គ្រងវិញ ៕ធ.ដ

  • អ៊ីស្រាអែលគ្រោងរៀបចំការបោះឆ្នោតជាលើកទី០៣ មិនធ្លាប់មានពីមុនមកក្នុងពេលរយៈត្រឹមមួយឆ្នាំ

    អ៊ីស្រាអែលគ្រោងរៀបចំការបោះឆ្នោតជាលើកទី០៣ មិនធ្លាប់មានពីមុនមកក្នុងពេលរយៈត្រឹមមួយឆ្នាំ

    អ៊ីស្រាអែល៖ អ៊ីស្រាអែលនៅថ្ងៃពុធម្សិលមិញគ្រោងរៀបចំការបោះឆ្នោតលើកទី ៣ ក្នុងរយៈពេលត្រឹមមួយឆ្នំា ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋជ្វីហ្វមួយនេះ ។ ការបោះឆ្នោតនេះទំនងជាធ្វើឱ្យមានការខ្វែងគំនិតគ្នាកាន់តែខ្លាំង និងបង្កឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងដល់អ្នកនយោបាយ ដែលមិនអាចបង្កើតរដ្ឋាភិបាលបានក្នុងរយៈពេលមួយឆ្នាំ ។ នាយករដ្ឋមន្ត្រីស្តំានិយមលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលបានប្រជែងគ្នាស្វិតស្វាញជាមួយគូប្រជែងជាអ្នកកណ្តាលនិយម លោក បេននី ហ្គានស៍ នៅក្នុងបោះឆ្នោតខែមេសា និងខែកញ្ញានោះ លើកនេះនឹងទៅរកប្រជាជនសុំសន្លឹកឆ្នោត ជាមួយបន្ទុកធ្ងន់មួយទៀតលើស្មារបស់គាត់ គឺការចោទប្រកាន់ជាច្រើនទាក់ទិននឹងអំពើពុករលួយ ។ គួរបញ្ជាក់ថា សមាជិកសភាមានពេលវេលារហូតដល់ម៉ោង២៣និង៥៩នាទី ដើម្បីស្វែងរកបេក្ខជនដែលមានសំឡេងភាគច្រើននៅក្នុងសភា ប៉ុន្តែពេលវេលាកំណត់បានផុត ដូច្នេះមានន័យថា សភានឹងត្រូវរំលាយ ហើយប្រទេសអ៊ីស្រាអែលនឹងវិលត្រឡប់ទៅរកការបោះឆ្នោតឡើងវិញនៅខែមីនា ឆ្នំាំក្រោយ ។ សមាជិកសភារំពឹងបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ និងបញ្ជាក់ពីនីតិវិធីនៃការបោះឆ្នោត និង ផ្តល់ហិរញ្ញប្បទានលើការរៀបចំបោះឆ្នោតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ៕ធ.ដ

  • ធនាគារពិភពលោកវាយតម្លៃថា ឥណ្ឌូណេស៊ីខាតបង់សេដ្ឋកិច្ច៥.២ពាន់លានដុល្លារ ដោយសារភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩នេះ

    ធនាគារពិភពលោកវាយតម្លៃថា ឥណ្ឌូណេស៊ីខាតបង់សេដ្ឋកិច្ច៥.២ពាន់លានដុល្លារ ដោយសារភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩នេះ

    ឥណ្ឌូណេស៊ី៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅឆ្នាំ២០១៩នេះ បានធ្វើឲ្យប្រទេសឥណ្ឌូណេស៊ី ខាតបង់សេដ្ឋកិច្ចទំហំប្រមាណ៥.២ពាន់លានដុល្លារអាមេរិក នេះបើតាមការវាយតម្លៃរបស់ធនាគារពិភពលោក World Bank ។ ធនាគារពិភពលោកនៅថ្ងៃពុធម្សិលមិញបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីបានខាតបង់ទំហំ៥.២ពាន់លានដុល្លារ ក្នុងនោះ១៥៧លានដុល្លារគឺជាទំហំនៃការបំផ្លិចបំផ្លាញដោយផ្ទាល់ និងជាង៥ពាន់លានដុល្លារទៀតជាការខាតបង់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងដឹកជញ្ជូន ព្រមទាំងបរិស្ថាន ។ ដោយឡែកអាកាសយានដ្ឋានជាច្រើន និងសាលារៀនរាប់រយកន្លែងទាំងនៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាប្រទេសជិតខាងគ្នានោះ កន្លងមកបានបិទដំណើរការជាបណ្តោះអាសន្ន ខណៈមនុស្សជាង៩០ម៉ឺននាក់បានទទួលរងបញ្ហាផ្លូវដង្ហើម ដោយសារផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ ។ដោយឡែកអង្គការសហប្រជាជាតិក៏បានព្រមានដែរថា ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីបានបង្កហានិភ័យដល់កុមារជិត១០លាននាក់ ដោយសារតែកម្រិតដ៏ច្រើនសម្បើមនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលចូលរួមចំណែកធ្វើឲ្យផែនដីកើនឡើងកម្តៅ ៕ធ.ដ

  • មនុស្សស្លាប់៦នាក់ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាម៉េរិក

    មនុស្សស្លាប់៦នាក់ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ អាជ្ញាធរក្រុងញូជើស៊ី បានអះអាងថា មានមនុស្ស៦នាក់ ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យ២នាក់ត្រូវបានសម្លាប់ ដោយសារករណីបាញ់ប្រហារគ្នាដ៏កក្រើកមួយរវាងប៉ូលិស និង ខ្មាន់កំាភ្លើងកាលពីរសៀលថ្ងៃអង្គារម្សិលមិញ (ម៉ោងក្នុងតំបន់) ។ បើតាមមេប៉ូលិសក្រុងញូជើស៊ីលោក ម៉ៃឃើល ខេលលី ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចចំនួនពីរ ដោយចាប់ផ្តើមនៅទីបញ្ចុះសពមួយកន្លែង ដែលមន្ត្រីប៉ូលិសម្នាក់ត្រូវបានបាញ់សម្លាប់ និង បន្តនៅឯផ្សារទំនើបមួយកន្លែង ដែលគេរកឃើញសាកសព៥នាក់ទៀត ។ ដោយឡែកនាយកសុវត្ថិភាពសាធារណៈក្រុង លោក ជេម សៀ បាននិយាយថាហេតុការណ៍បាញ់ប្រហារខាងលើ នៅពុំទាន់មានព័ត៌មានចង្អុលបង្ហាញថា វាជាការករណីវាយប្រហារភេវរកម្មនោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ។ បើតាមគេហទំព័រ NJ.com ខ្មាន់កាំភ្លើងពីរនាក់ជាបុរស និងស្ត្រី បានបើកការបាញ់ប្រហារនៅខាងមុខផ្សារទំនើប kosher grocery លើហ្វូងមនុស្សដែលកំពុងដើរឆ្លងកាត់ ។ ចំណែកឯប៉ូលិសបានអះអាងថា ការបាញ់ប្រហារបានកើតឡើងនៅពេលមន្ត្រីប៉ូលិសម្នាក់ត្រូវបានបាញ់សម្លាប់ កំឡុងដើរចូលទៅជិតមនុស្សម្នាក់ ក្នុងចំណោមជនសង្ស័យទាំងពីរ ដែលមានពាក់ព័ន្ធនឹងការស៊ើបអង្កេតពីបទមនុស្សឃាត ហើយជនសង្ស័យបានឡើងជិះរថយន្ដចូលក្នុងផ្សារទំនើបខាងលើតែម្ដង៕ធ.ដ

  • មនុស្សស្លាប់កើនដល់៦នាក់ របួសធ្ងន់២៥នាក់ និង៨នាក់ទៀតបន្តបាត់ខ្លួន ក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

    មនុស្សស្លាប់កើនដល់៦នាក់ របួសធ្ងន់២៥នាក់ និង៨នាក់ទៀតបន្តបាត់ខ្លួន ក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

    នូវែលសេឡង់៖ បច្ចុប្បន្នមនុស្ស២៥នាក់បាននិងកំពុងស្ថិតក្រោមអាការៈរបួសធ្ងន់ ធ្ងរ បន្ទាប់ពីកើតមានហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏កក្រើកមួយកាលពីថ្ងៃ ចន្ទ ដើមសប្តាហ៍ នេះបើតាមប៉ូលិសនូវែលហ្សេឡង់ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ ពុធ នេះ ។ ជាមួយគ្នានេះ ការកើនឡើងនៃសកម្មភាពញ័ររញ្ជួយលើកោះភ្នំភ្លើង វាយ អាយលែន បានបង្កភាពរាំងស្ទះដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរនូវែលសេឡង់ ក្នុងការស្វែងរកមនុស្ស0៨នាក់ដែលកំពុងបាត់ខ្លួន និងត្រូវគេជឿជាក់ថា បានបាត់បង់ជីវិតហើយ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏អាក្រក់នេះ ។ គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនៅលើកោះស្ថិតនៅភាគខាងជើងប្រទេសនូវែលសេឡង់នេះ បានធ្វើឱ្យមនុស្ស០៦នាក់ស្លាប់ និង០៨នាក់ទៀតបាត់ខ្លួន ខណៈមនុស្ស៣០នាក់ផ្សេងទៀតក៏បានទទួលរងរបួសផងដែរ ហើយក្នុងនោះ២៥នាក់កំពុងបន្តស្ថិតក្នុងសភាពធ្ងន់ធ្ងរ ៕ធ.ដ  

  • ប្រេស៊ីលបញ្ជូនកប៉ាល់ និងយន្តហោះយោធា ទៅជួយស្វែងរកយន្តហោះដឹកជញ្ជូនរបស់ឈីលីដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់

    ប្រេស៊ីលបញ្ជូនកប៉ាល់ និងយន្តហោះយោធា ទៅជួយស្វែងរកយន្តហោះដឹកជញ្ជូនរបស់ឈីលីដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់

    ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានលើកឡើងនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជូនកប៉ាល់កងទ័ពជើងទឹក និងយន្តហោះយោធាទៅតំបន់អង់តាក់ទិច ដើម្បីជួយជ្រោមជ្រែងដល់ប្រតិបត្តិការស្វែងរកយន្តហោះដឹកជញ្ជូនរបស់ឈីលី ដែលបាននិងកំពុងបាត់ដំណឹងជាមួយមនុស្ស៣៨នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសប្រេស៊ីលក៏បានសម្តែងនូវភាពសាមគ្គីភាព និង កិច្ចសហការយ៉ាងជិតស្និតជាមួយប្រជាជន និងរដ្ឋាភិបាល ព្រមទំាងកងទ័ពអាកាសឈីលី ចំពោះការបាត់ខ្លួនដ៏គួរឱ្យសោកស្តាយនៃយន្តហោះយោធាប្រភេទ C-130 របស់ឈីលីផងដែរ ។ សូមរំលឹកថា យន្តហោះយោធារបស់ឈីលីនេះបានបាត់ដំណឹងនៅកំឡុងម៉ោង៦ល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ក្រោយហោះចាកចេញពីទីក្រុងផាន់ថា អារ៉េណាស់ ស្ថិតនៅភាគខាងត្បូងប្រទេស នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឈីលី ។ ក្នុងចំណោមអ្នកជិះទាំង៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង២១នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ ៕ធ.ដ