-
រុស្ស៊ីជឿជាក់ថា ផែនការបំពាក់ប្រព័ន្ធមីស៊ីល S-400 នៅតំបន់ទឹកកកអាក់ទិក នឹងជួយការពារដែនអាកាសរុស្ស៊ីពីការប្រហារនានានៅតំបន់នេះ

រុស្ស៊ី៖ កងកម្លាំងការពារដែនអាកាសរុស្ស៊ី ដែលឈរជើងនៅតំបន់ទឹកកកអាក់ទិក នឹងត្រូវឆ្លងកាត់ដំណើរការផ្លាស់ប្តូរសព្វាវុធគ្រប់ជ្រុងជ្រោយមួយ នារយៈពេលប៉ុន្មានឆ្នាំទៀតនេះ ដោយពួកគេនឹងទទួលបានប្រព័ន្ធមីស៊ីលការពារអាកាស S-400 នេះបើតាមមេបញ្ជាការយោធាជើងទឹករុស្ស៊ី លោក Alexader Moiseev ។ ទន្ទឹមគ្នា មេបញ្ជាការយោធាជើងទឹករុស្ស៊ីរូបនេះក៏បានអះអាងផងដែរថា ការបំពាក់ប្រព័ន្ធ S-400 ដ៏ទំនើបនៅតាមតំបន់អាក់ទិករបស់រុស្ស៊ីខាងលើនេះ នឹងអាចធ្វើជាខែលការពារខ្លួនប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងការវាយប្រហារដោយសព្វាវុធផ្សេងៗរបស់សត្រូវ ។ ផែនការរបស់ទីក្រុងមូស្គូលខាងលើ បានកើតមានឡើងស្របពេលរុស្ស៊ីកំពុងពង្រឹងកម្លាំងយោធារបស់ខ្លួននៅឯតំបន់អាក់ទិក តាមរយៈការជួសជុលមូលដ្ឋានចាស់ៗ និងការសាងសង់បន្ថែមថ្មី បូករួមជាមួយការដាក់ពង្រាយសព្វាវុធទំនើបៗ និងការធ្វើសមយុទ្ធយោធា ខណៈប្រទេសមហាអំណាចដទៃទៀតក៏កំពុងតែបង្កើនសកម្មភាពនៅតំបន់ទឹកកកដូចគ្នាដែរ ៕ធ.ដ
-
សហរដ្ឋអាម៉េរិកនៅតែឈរលេខ១ ជាប្រទេសនំាមុខគេក្នុងការនំាចេញសព្វាអាវុធលើពិភពលោក

បរទេស៖ ទីផ្សារលក់អាវុធពិភពលោកបានកើនឡើងជិត៥ភាគរយនៅក្នុងឆ្នាំ២០១៨កន្លងទៅ ហើយសហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំមុខគេក្នុងការនាំចេញអាវុធ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ ស្តុកហូម មានមូលដ្ឋាននៅប្រទេសស៊ុយអែត ។ របាយការណ៍សិក្សាស្រាវជ្រាវនេះ មិនបានបញ្ជាក់ពីការលក់អាវុធរបស់ចិននោះទេ ដោយសារតែគ្មានទិន្នន័យគ្រប់គ្រាន់ ប៉ុន្តែវិទ្យាស្ថានខាងលើបានវាយតម្លៃថា ប្រហែលជាក្រុមហ៊ុនលក់អាវុធចិនចន្លោះពី៣-៧ក្រុមហ៊ុនដែរ ដែលឈរនៅក្នុងលំដាប់នៃក្រុមហ៊ុនលក់អាវុធំៗទាំង១០០នៅលើពិភពលោក ។ បើតាមរបាយការណ៍ដដែលនេះ គ្រាន់តែសហរដ្ឋអាម៉េរិកប៉ុណ្ណោះ គ្រប់គ្រងទីផ្សារអាវុធរហូតដល់ទៅ៥៩ភាគរយជាមួយចំណូល២៤៦ពាន់លានដុល្លារ ឬកើនឡើង៧.២ភាគរយ តាមពីក្រោយដោយរុស្ស៊ីដែលឈរនៅលេខរៀងទី២ គ្រប់គ្រងទីផ្សារអាវុធ៨.៦ភាគរយ អង់គ្លេស៨.៤ភាគរយ និងបារាំង៥.៥ភាគរយ ៕ធ.ដ
-
អាជ្ញាធរហុងកុងបញ្ជាក់ថា គិតចាប់តំាងពីខែមិថុនា មនុស្សប្រមាណ៦.០០០នាក់ហើយត្រូវចាប់ឃាត់ខ្លួន

ហុងកុង៖ អគ្គនាយកជាន់ខ្ពស់នៃសាខាទំនាក់ទំនងសាធារណៈរបស់ប៉ូលិសហុងកុង លោក Kong Wing-cheung បានបញ្ជាក់នៅក្នុងថ្ងៃចន្ទនេះថា រយៈពេល៦ខែមកនេះ មានមនុស្សជាង៦.០០០នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងនោះប្រហែល៤០ភាគរយគឺជាសិស្ស-និស្សិត ចាប់តាំងពីមានការតវ៉ា និងកុប្បកម្មជាច្រើនលើក នៅក្នុងទីក្រុងហុងកុង ។ លោក Kong Wing-Cheung បានឱ្យដឹងថា ក្នុងចំណោមមនុស្ស៦,០២២នាក់ដែលត្រូវបានប៉ូលិសចាប់ខ្លួន មានបុរស៤,៤៧៤ និងស្ត្រី១,៥៤៨នាក់ មានអាយុចម្លោះពី១១ដល់៨៤ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំខុសច្បាប់ ធ្វើកុប្បកម្ម ការកាន់កាប់ និងវាយប្រហារដោយប្រើប្រាស់អាវុធ ។ ដោយឡែកប៉ូលិសសរុប៤៩៣នាក់ក៏បានទទួលរងរបួសផងដែរ ក្នុងអំឡុងពេលដូចគ្នានេះ ។ ទន្ទឹមគ្នានេះ លោក Kong Wing-cheung បានរំពឹងថា អ្នកដែលនៅក្នុងវិស័យអប់រំ អាចបញ្ឈប់ការផ្សព្វផ្សាយ ការស្គាល់ ឬណែនាំយុវជន ឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ការបំផ្លាញ ឬអំពើហឹង្សាណាមួយ ហើយក៏សង្ឃឹមដែរថា ឪពុកម្តាយអាចយកចិត្តទុកដាក់ខ្ពស់ ចំពោះសកម្មភាពកូនៗរបស់ពួកគេ ៕ធ.ដ
-
សមាជិកសភាមកពីបក្សប្រជាធិបតេយ្យទំនងជាធ្វើការបោះឆ្នោតមួយក្នុងសប្ដាហ៍នេះ ដើម្បីដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

សហរដ្ឋអាមេ៉រិក៖ ប្រធានគណៈកម្មាធិការយុត្តិធម៌នៃសភាអាមេរិកលោក ហ្សែររ៉ូលដ៍ ណេដ្លឺ បានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យទំនងជាធ្វើការបោះឆ្នោតមួយនៅក្នុងសប្ដាហ៍នេះ លើមាត្រានៃកិច្ចដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតីពីតំណែង ឬការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោក ដូណាល់ ត្រាំ ។ ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រអាម៉េរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ត្រូវបានធ្វើឡើងដោយផ្ដោតជាសំខាន់លើកិច្ចសន្ទនារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ ។ នៅក្នុងកិច្ចសន្ទនានេះលោក ត្រាំ ត្រូវបានគេចោទថា បានដាក់សម្ពាធឱ្យលោក ហ្សេឡេនស្កាយ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន និងកូនប្រុសឈ្មោះ ហាន់ធើ ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានទាត់ចោលការចោទប្រកាន់ខាងលើនេះ ហើយនិយាយថា ការស៊ើបអង្កេតប្រឆាំងនឹងរូបលោក គ្រាន់តែជាចេតនានយោ បាយ ដែលមានបំណងបណ្ដេញលោកពីអំណាចតែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ វាសនា និងតំណែងជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ នៅត្រូវរង់ចាំមើលការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាម៉េរិក គ្រប់គ្រងដោយគណបក្សសាធា…
-
មន្ត្រីជាន់ខ្ពស់ចិនអះអាងថា ចិនមិនចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងមនោគមនវិជ្ជាជាមួយប្រទេសណាមួយនោះទេ

អង់គ្លេស៖ ចិនមិនចំណាប់អារម្មណ៍ក្នុងការប្រកួតប្រជែងមនោគមន៍វិជ្ជាឡើយ ហើយក៏មិនចង់ជំនួសតំណែងប្រទេសណាមួយដែរ នេះបើតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេស លោក លីវ ហ្សាវមីង ។ ស្របពេលជាមួយគ្នានេះ លោក លីវ ហ្សាវមីង បានបន្ថែមថា ចិនមិនមានគោលដៅចង់ប្រកួតតតាំង ឬជំនួសតំណែងប្រទេសណាមួយឡើយ ខណៈអ្វីដែលចិនចង់បាន គឺការអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនទៅមុខ ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា វាដល់ពេលហើយដែលប្រទេសទាំងអស់ ត្រូវងាកចេញពីការគិតទាំងឡាយ ដែលសំដៅតែទៅរកសម័យសង្រ្គាមត្រជាក់ជាថ្មី ហើយងាកមកផ្តោតលើការឆ្ពោះទៅសម្រេចឲ្យបាននូវសន្តិភាព និងសន្តិសុខ-សុវត្ថិភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្នាវិញ ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងអរគុណអ៊ីរ៉ង់ ក្រោយប្រទេសទំាងពីររៀបចំការដោះដូរអ្នកទោសគ្នានៅប្រទេសស្វីស

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានធ្វើរឿងមួយដ៏កម្របំផុត នោះគឺការថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុននេះ ចំពោះការចរចាគ្នាដោយយុត្តិធម៌ ក្នុងការដោះដូរអ្នកទោសគ្នាក្នុងទីក្រុង ហ៊្សូរីច ប្រទេសស្វីស ។ ការដោះដូរអ្នកទោសរវាងប្រទេសទំាងពីរ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីសំណាក់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហ្សាហ្វាដ ហ្សារីហ្វ និងមន្រ្តីអាមេរិកលោក ប្រាយអិន ហ៊ុក សម្រាប់អ្នកទោសពីរនាក់ឈ្មោះ ម៉ាហ្ស៊ូដ សូឡេម៉ាណា និង ស៊ីយូ វ៉ាង ។ លោក វ៉ាង ដែលជាពលរដ្ឋអាមេរិកបានជាប់ឃុំឃាំងនៅអ៊ីរ៉ង់អស់រយៈពេលប្រមាណជា៣ឆ្នាំ ដោយសារការចោទប្រកាន់ថា លោកលួចស៊ើបការណ៍សម្ងាត់ពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ។ រីឯលោក សូឡេម៉ាណា ដែលជាសាស្រ្តាចារ្យអ៊ីរ៉ង់បានរងការចោទប្រកាន់នៅសហរដ្ឋអាមេរិក ពីបទព្យាយាមនាំយកវត្ថុដែលបំពានទណ្ឌកម្មអាមេរិកទៅកាន់អ៊ីរ៉ង់ ។ សូមបញ្ជាក់ថា លោក សូឡេម៉ាណា នឹងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់វិញក្នុងពេលឆាប់ៗនេះ ខណៈមន្រ្តីអាមេរិក ប្រាយអិន ហ៊ុក និងលោក ស៊ីយូ វ៉ាង បានចេញដំណើរទៅអាល្លឺម៉ង់ ដើម្បីឲ្យលោក…
-
ជប៉ុនអះអាងថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះកូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាងទើបបាញ់សាកល្បងដ៏ធំថ្មីមួយ

ជប៉ុន៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានលើកឡើងថា ខ្លួនបាននឹងកំពុងតាមដានយ៉ាងជិតដល់បំផុតចំពោះសកម្មភាពរបស់កូរ៉េខាងជើង បន្ទាប់ពីរដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ បានប្រកាសពីជោគជ័យក្នុងការធ្វើតេស្តដ៏សំខាន់មួយនៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប សូហេ ស្ថិតនៅតំបន់ តុងឆាងរី ក្នុងខេត្ត ព្យុងហ្គាន ខាងជើង ។ សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា រដ្ឋាភិបាលក្រុងតូក្យូជឿជាក់ថា ការបាញ់សាកល្បងចុងក្រោយនេះរបស់កូរ៉េខាងជើង ទំនងជាមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីលបាលីស្ទិក ហើយបើតាមមន្រ្តីជប៉ុនមួយរូបមកពីក្រសួងការពារជាតិក្នុងលក្ខខណ្ឌមិនបញ្ជាក់ឈ្មោះ បានបញ្ជាក់ទៀតថា ទីក្រុងព្យុងយ៉ាងអាចនឹងកំពុងតែខិតខំព្យាយាមបង្កើនសមត្ថភាព គ្រាប់មីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួនអោយកាន់តែខ្លំាងក្លាបន្ថែមទៀត ។ ការកត់សម្គាល់បែបនេះរបស់ជប៉ុនបានកើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យបណ្ឌិតសភាវិទ្យាសាស្រ្តការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា ការធ្វើតេស្តពោរពេញដោយសារៈសំខាន់មួយ បានប្រព្រឹត្តទៅនៅមូលដ្ឋានបាញ់ផ្កាយរណប Sohae កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ហើយថា លទ្ធផលជោគជ័យនៃការធ្វើតេស្តខាងលើ នឹងមានឥទ្ធិពលខ្លាំងទៅលើការផ្លាស់ប្តូរគោលជំហរជាយុទ្ធសាស្រ្តរបស់កូរ៉េខាងជើង ៕ធ.ដ
-
ភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលីត្រូវបានរំពឹងថា នឹងបន្តការគំរាមកំហែងកាន់តែខ្លំាងក្លា ខណៈសីតុណ្ហភាពចាប់ផ្តើមកើនឡើងខ្ពស់ជាង៤០អង្សាសេ

អូស្រ្តាលី៖ ភ្លើងឆេះព្រៃប្រមាណ១០០កន្លែងបាននិងកំពុងកើតមាននៅតំបន់ឆ្នេរខាងកើតនៃប្រទេសអូស្រ្តាលី ហើយអ្វីដែលគួរឲ្យបារម្ភនោះ គឺស្ថានការណ៍អាចកាន់តែអាក្រក់ធ្ងន់ធ្ងរថែមទៀតក្នុងសប្តាហ៍នេះ នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមកើនឡើងខ្ពស់ដល់៤០អង្សាសេ ។ ឆ្លើយតបនឹងបញ្ហានេះ ភ្នាក់ងារពន្លត់អគ្គីភ័យរាប់ពាន់នាក់កំពុងត្រៀមលក្ខណៈសម្រាប់ការកើនឡើងសីតុណ្ហភាព ដែលនឹងអាចធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃនៅតាមតំបន់ភាគខាងកើតអូស្រ្តាលីកាន់តែអាក្រក់ឡើងៗថែមទៀត ។ បន្ថែមលើនេះ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណជាង២.០០០នាក់ ដែលកំពុងតែបំពេញប្រតិបត្តិការយ៉ាងសស្រាក់សស្រាំក៏កំពុងចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីព្យាយាមកាត់បន្ថយហានិភ័យផងដែរ ។ សូមបញ្ជាក់បន្ថែមថា ភ្លើងឆេះព្រៃនៅភាគខាងកើតប្រទេសអូស្រ្តាលីបានបណ្តាលអោយមនុស្សយ៉ាងហោចណាស់០៦នាក់ហើយបាត់បង់ជីវិត ហើយថែមទំាងបានបំផ្លាញលំនៅឋានប្រមាណជាង៦៨០ខ្នង និង ឆាបឆេះផ្ទៃដីសរុបលើសពី១លានហិកតា គិតចាប់តាំងតែពីពួកវាបានកើតឡើងកាលពីខែវិច្ឆិកាកន្លងទៅ ៕ធ.ដ
-
ស្ត្រីវ័យ៣៤ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតលើពិភពលោក

លោកស្រី សានណា ម៉ារី (Sanna Marin) ត្រូវបានគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឱ្យអង្គុយលើកៅអីនាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក អាន់ធី រីនណេ (Antti Rinne) លាលែងចេញពីតំណែង។ រដ្ឋមន្ត្រីដឹកជញ្ជូនហ្វាំងឡង់វ័យ ៣៤ឆ្នាំរូបនេះ ក៏នឹងក្លាយជានាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុត នៅលើពិភពលោកផងដែរ នៅពេលលោកស្រីចូលកាន់តំណែងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកស្រីនឹងត្រូវដោះស្រាយបញ្ហាជាច្រើន ដែលកើតចេញពីកូដកម្មរបស់ក្រុមមន្ត្រីក្រសួងប្រៃសណីយ៍។ គួរជម្រាបថា លោក Antti Rinne បានលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារសប្ដាហ៍មុន បន្ទាប់ពីគណបក្សកណ្តាល (Centre Party) ដែលជាសមាជិកនៃរដ្ឋាភិបាលចម្រុះហ្វាំងឡង់ បោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក ដោយសារតែបរាជ័យក្នុងការដោះស្រាយ កូដកម្មរបស់ក្រុមមន្ត្រីប្រៃសណីយ៍។ សហព័ន្ធឧស្សាហាកម្មហ្វាំងឡង់បានវាយតម្លៃថា កូដកម្មរបស់ក្រុមមន្ត្រីប្រៃសណីយ៍ នឹងបង្កការខាតបង់ដល់ក្រុមហ៊ុនជាច្រើន ដោយគិតជាទឹកប្រាក់ស្មើនឹង ៥៥០លានដុល្លារ៕ធ.ដ
-
ការនាំចេញបង្គាវៀតណាមបន្តធ្លាក់ចុះ ក្នុង១១ខែឆ្នាំ២០១៩

ការនាំចេញបង្គារបស់ប្រទេសវៀតណាមបានបន្តធ្លាក់ចុះក្នុងរយៈពេល ១១ ខែចុងក្រោយនេះដោយសារតែការប្រកួតប្រជែងគ្នាខ្លាំងពីអ្នកនាំចេញសំខាន់ៗដទៃទៀត។ ប៉ុន្តែគេរំពឹងថាកំណើនាំចេញនឹងវិលត្រឡប់មកវិញ នៅឆ្នាំក្រោយជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប – វៀតណាមចូលជាធរមាន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamplus ថ្មីៗមកនេះ។ យោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញនូវផលិតផលបង្គាដែលមានតម្លៃប្រមាណ ៣,១ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះពោលគឺធ្លាក់ចុះ ៨,២ ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។ សមាគមប៉ាន់ប្រមាណថា ការនាំចេញបង្គាទំនងជាមានចំនួនសរុបត្រឹមតែ ៣,៤ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំនេះពោលគឺធ្លាក់ចុះ ៤,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន និងទាបជាងគោលដៅប្រចាំឆ្នាំ ៤ ទៅ ៤,២ ពាន់លានដុល្លារ៕ធ.ដ