-
សរដ្ឋអាមេ៉រិកបញ្ជូនកងអង្គភាពយន្ដហោះចម្បាំង F-35 ទៅកាន់អេមីរ៉ាតអារ៉ាប់រួម ក្រោយទើបប្រកាសដាក់ពង្រាយកងទ័ពប្រមាណ៣.០០០នាក់

សហរដ្ឋអាមេ៉រិក៖ កងទ័ពអាកាសអាមេ៉រិកបានបញ្ជូនកងអង្គភាពយន្ដហោះចម្បាំងបំបាំងកាយ F-35 មួយក្រុមទៅកាន់ប្រទេសអេមីរ៉ាតរ៉ាប់រួម ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដាក់ពង្រាយកងទ័ពបន្ថែម៣,០០០នាក់ទៅកាន់ទីនោះ ខណៈប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់ នេះបើតាមសារព័ត៌មាន Standard-Examiner ។ យ៉ាងណាមិញ ខាងក្រសួងការពារជាតិអាមេ៉រិកមិនទាន់អត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ ដោយគ្រាន់តែគេដឹងថា កងអង្គភាពទី៣៤ មានបំពាក់ទៅដោយយន្ដហោះចម្បំាងបំបាំងកាយ F-35 ។ គួរបញ្ជាក់ថា យោធាអាមេ៉រិកក៏បានបញ្ជូនកងអង្គភាពយន្ដហោះចម្បាំងទី៤របស់ខ្លួន ទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីដើមឆ្នាំកន្លងទៅផងដែរ ហើយអង្គភាពមួយនេះបានត្រឡប់ទៅកាន់សហរដ្ឋអាមេ៉រិកវិញ ក្រោយបញ្ចប់ការដាក់ពង្រាយរយៈពេលអស់៦ខែ ៕ធ.ដ
-
រុស្ស៊ីត្រៀមបង្កើតកងអង្គភាពគ្រឿងយន្តពិសេសនៅឆ្នាំ២០២៥ ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្តយោធានៅលើពិភពលោក

រុស្ស៊ី៖ កងអង្គភាពពិសេសមួយដែលប្រើប្រាស់គ្រឿងយន្ត-រ៉ូបូតជាគោលនោះ នឹងត្រូវបង្កើតឡើងនៅឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងក្រសួងការពារជាតិ ចំពោះមុខភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រយោធានៅលើពិភពលោក ដែលកំពុងមានសន្ទុះខ្លាំងឡើងៗ ។ កងអង្គភាពនេះនឹងត្រូវបំពាក់គ្រឿងយន្ត និងរ៉ូបូតសរុបចំនួន០៥គ្រឿងក្នុងតំណាក់កាលទីមួយ ដោយពួកវានឹងមានតួនាទីក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការពារសន្តិសុខជាដើម ។ បើតាមប្រភពពីក្រសួងការពារជាតិរុស្ស៊ី គំរោងដំណើរការកងអង្គភាពគ្រឿងយន្ត-រ៉ូបូត គឺត្រូវបានបង្កើតឡើងស្ថិតនៅក្នុងយន្តការ នៃការអភិវឌ្ឍគ្រឿងម៉ាស៊ីន-រ៉ូបូតសម្រាប់ប្រយុទ្ធ ដែលនឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២០ខាងមុខនេះតទៅ ។ ហើយរហូតដល់ឆ្នាំ២០២៥ ទើបកងអង្គភាពពិសេសមួយនេះ នឹងត្រូវដាក់បញ្ចូលជាផ្លូវការ ទៅក្នុងកងកម្លាំងយោធានៃប្រទេសរុស្ស៊ីតែម្តង ៕ធ.ដ
-
លោកស្រី Nancy Pelosi និយាយថា មានភស្តុតាងច្បាស់យ៉ាងច្បាស់ថា លោក ដូណាល់ ត្រាំ ប្រើប្រាស់សេតវិមានដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន

សហរដ្ឋអាមេ៉រិក៖ មានភស្តុតាងយ៉ាងច្បាស់ថាលោក ដូណាល់ ត្រាំ បានប្រើប្រាស់ការិយាល័យសេតវិមាន សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញសន្តិសុខជាតិ នេះបើតាមប្រធានសភាតំណាងរាស្ត្រអាមេ៉រិកលោកស្រី Nancy Pelosiនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ ប្រធានសភាតំណាងរាស្ត្រអាមេ៉រិករូបនេះបាននិយាយថា ភស្ដុតាងបានបង្ហាញយ៉ាងច្បាស់ថា លោក ដូណាល់ ត្រាំ បានប្រើប្រាស់ការិយាល័យរបស់លោក ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការធ្វើបែបនេះកំពុងបំផ្លាញដល់សន្តិសុខជាតិ និង ជាទង្វើបំពានលើការស្បថឡើងកាន់តំណែងរបស់លោក ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី Pelosi បានកើតមានស្របពេលនៅថ្ងៃព្រហស្បត្តិ៍នេះ គណៈកមា្មធិការស៊ើបអង្កេត នៃសភាតំណាងរាស្ត្រអាមេ៉រិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានដឹកនាំការសវនាការស្ដាប់លើកទី៥ ស្ដីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ក្រោយរងការចោទប្រកាន់ថា បើកដៃឱ្យបរទេសលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេ៉រិកឆ្នាំ២០២០ តាមរយៈការដាក់សម្ពាធឱ្យអ៊ុយក្រែនស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន ប៉ុន្តែលោក ត្រាំ បានបដិសេដ ៕ធ.ដ
-
ចិនជំរុញឱ្យសហរដ្ឋអាមេ៉រិកបញ្ឈប់សកម្មភាពបង្កហេតុនៅតំបន់សមុទ្រចិនខាងត្បូងតទៅទៀត

ចិន៖ ចិនបានជំរុញឱ្យអាមេ៉រិកបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បំាងជាញឹកញាប់ ទៅកាន់តំបន់ដែនសមុទ្រចិនខាងត្បូង នេះបើតាមអ្នកនំាពាក្យរបស់បញ្ជាការខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន PLA នៅថ្ងៃសុក្រនេះ ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងប៉េកំាងបានចេញសេចក្តីអំពាវនាវមួយឲ្យទីក្រុងវ៉ាស៊ីនតោន ឈប់ដុតកម្តៅនៅសមុទ្រចិនខាងត្បូងតទៅទៀត ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង មន្ត្រីយោធាអាមេ៉រិកបានបញ្ជាក់ថា នាវាចម្បាំងបន្ថែមទៀតត្រូវបានបញ្ជូន ឲ្យទៅកាន់សមុទ្រចិនខាងត្បូងកាលពី០២ថ្ងៃមុន ។ នាវាចម្បាំងទំាងពីរគ្រឿងនេះ ក្នុងនោះមួយជានាវាប្រយុទ្ធឈ្មោះ Gabrielle Giffords និងមួយគ្រឿងទៀតជានាវាពិឃាតឈ្មោះ Wayne E Meyer ត្រូវបានទីបញ្ជាការកងទ័ពជើងទឹកអាមេ៉រិក បញ្ជាឲ្យទៅល្បាតនៅក្បែរៗតំបន់ថ្មប៉ប្រះទឹក Mischief និង ប្រជុំកោះ Paracel នៅដែនសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕ធ.ដ
-
នាយករដ្ឋអ៊ីស្រាអែលកំពុងទទួលរងការចោទប្រកាន់ពីបទពុករលួយ ក្លែងបន្លំ និងរំលោភលើទំនុកចិត្ត

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ត្រូវបានអគ្គរដ្ឋអាជ្ញាអ៊ីស្រាអែលចោទប្រកាន់ចំនួន៣ករណីផ្សេងៗគ្នា ក្នុងនោះរួមមាន ពុករលួយ ក្លែងបន្លំ និងរំលោភសេចក្ដីទុកចិត្ត ។ តាមរយៈការចោទប្រកាន់នេះ លោក ណឺតាន់យ៉ាហ៊ូ បានក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទល្មើស កំឡុងពេលកំពុងកាន់អំណាច ។ យ៉ាងណាមិញ លោក ណឺតាន់យ៉ាហ៊ូ នឹងមិនត្រូវតម្រូវឱ្យចុះចេញពីតំណែងនោះទេ រហូតទាល់តែលោកត្រូវបានតុលាការកាត់ទោស ។ ប៉ុន្តែលោក ណឺតាន់យ៉ាហ៊ូ បានចាត់ទុកថា ការចោទប្រកាន់នេះ គឺជាការព្យាយាមធ្វើរដ្ឋប្រហារ ហើយលោកនឹងមិនព្រមចុះចេញពីតំណែងឡើយ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានរងការចោទប្រកាន់ថា បានទទួលអំណោយជាគ្រឿងអលង្កា ស្រាសំប៉ាញ និងស៊ីហ្គាដ៏ប្រណិតមានតម្លៃជិត២០ម៉ឺនដុល្លារពីអ្នកជំនួញដ៏ស្ដុកស្ដម្ភម្នាក់ និង ប្រើប្រាស់អំណាចរបស់ខ្លួនកែប្រែក្របខ័ណ្ឌនៃបទប្បញ្ញត្តិមួយចំនួន ជាថ្នូរដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយមួយជួយចុះផ្សាយល្អពីខ្លួនឯង ៕ធ.ដ
-
លោក ដូណាល់ ត្រាំ អញ្ជើញប្រធានាធិបតីអាហ្វហ្គានីស្ថានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេ៉រិក

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានអញ្ជើញសមភាគីអាហ្វហ្គានីស្ថានរបស់លោក គឺលោក ម៉ូហំាម៉េដ អាស្រាស់ ហ្គានី មកបំពេញទស្សនិច្ចនៅសហរដ្ឋអាមេ៉រិក នេះបើតាមសេចក្តីថ្លែងរបស់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាននៅថ្ងៃសុក្រនេះ ។ សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ការអញ្ជើញនេះបានកើតមានឡើង អំឡុងពេលធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាទីដែលលោកប្រធានាធិបតី ហ្គានីស្ថាន បំពេញទស្សនកិច្ចផ្លូវការមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ អំឡុងកិច្ចពិភាក្សានោះដែរ លោក ត្រាំ បានថ្លែងអំណរគុណដល់លោក ហ្គានី ចំពោះកិច្ចសហប្រតិបត្តិការរបស់លោក ក្នុងការដោះលែងសាស្រ្តាចារ្យពីរនាក់នៃសាកលវិទ្យាល័យអាមេ៉រិកនៅអាហ្វហ្គានីស្ថាន (AUAF) និង បានកោតសរសើរដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្នុងការកម្ចាត់អ្នកប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាមនៅខេត្ត Nangarhar ភាគខាងកើត ។ គួរបញ្ជាក់ថា ក្រុមតាលីបង់បានដោះលែងសាស្រ្តាចារ្យពីរនាក់របស់សាកលវិទ្យាល័យ AUAF រួមទាំងជនជាតិអាមេ៉រិកាំងម្នាក់ និង អូស្រ្តាលី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរទណ្ឌិតសម្រាប់មេដឹកនាំក្រុម Haqqani ចំនួន ៣នាក់ ដើម្បីពន្លឿនដំណើរការសន្តិភាពនៅប្រទេសអាហ្វហ្គានីស្ថាន ៕ធ.ដ
-
ប្រមុខការទូតចិនអះអាងថា នឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់បំផ្លាញស្ថិរភាពរបស់ទីក្រុងហុងកុងឡើយ

ចិន៖ ចិនប្រឆាំងដាច់ខាតចំពោះការអនុម័តច្បាប់សិទ្ធិមនុស្សហុងកុង និងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ធ្វើការបំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពរបស់ទីក្រុងហុងកុងបាននោះឡើយ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបានលើកឡើងថា លោក វ៉ាង យី បាននិយាយប្រាប់អតីតរដ្ឋមន្ត្រីការពារជាតិអាមេ៉រិក លោក William Cohen នៅក្នុងអំឡុងជំនួបក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹងមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញគោលការណ៍ ប្រទេសមួយប្រព័ន្ធពីរបស់ចិនបានឡើយ ។ ការកត់សម្គាល់បែបនេះរបស់លោក វ៉ាង យី ត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក នៅក្នុងសម្លេងឆ្នោតជាឯកច្ឆ័ន្ទមួយ បានអនុម័តច្បាប់នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងគោលបំណងការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ស្របពេលមានការបង្ក្រាបរបស់ចិនទៅលើចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលកើតមាននៅក្នុងទីក្រុងហុងកុងស់រយៈពេលជាច្រើនខែ ៕ធ.ដ
-
មន្ទីរបញ្ចកោណប្រកាសទាត់ចោលព័ត៌មាន ដែលផ្សាយថា សហរដ្ឋអាមេ៉រិកនឹងដកកងទ័ពចេញពីកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបានចេញមុខបដិសេធការផ្សព្វផ្សាយព័ត៌មានដែលថា សហរដ្ឋអាមេ៉រិកកំពុងពិចារណាដកកងទ័ពប្រមាណ៤.០០០នាក់របស់ខ្លួនចេញពីកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលមិនព្រមចេញថ្លៃចាយវាយតាមការស្នើសុំរបស់លោក ដូណាល់ ត្រាំ ។ ទន្ទឹមគ្នា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចូណាថាន់ ហូហ្វមែន បានលើកឡើងថា ការចុះផ្សាយព័ត៌មានបែបនេះរបស់សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo គឺជារឿងគ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ ដោយសារវាផ្អែកតែទៅលើប្រភពមិនបញ្ចេញឈ្មោះតែមួយគត់ ដូច្នេះយើងស្នើឱ្យសារព័ត៌មាននេះលុបចោលព័ត៌មាននេះជាបន្ទាន់ ។ សូមបញ្ជាក់ថា ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ ដើម្បីបន្តរក្សាវត្តមានកងទ័ពអាមេ៉រិកនៅលើឧបទ្វីបកូរ៉េដូចធម្មតា ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកបើកភ្លើងខៀវសម្រាប់ការលក់កាំភ្លើងធំបំពាក់លើនាវាចម្បាំងឲ្យឥណ្ឌា

សហរដ្ឋអាមេ៉រិក៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) របស់ក្រសួងការពារជាតិអាមេ៉រិកបានផ្តល់ការអនុញ្ញាត ចំពោះគម្រោងលក់កាំភ្លើងធំ Mk 45 សម្រាប់បំពាក់លើនាវាចម្បាំងចំនួន១៣គ្រឿងក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារទៅឲ្យឥណ្ឌា ។ ក្នុងកញ្ចប់កិច្ចព្រមព្រៀងទិញ-លក់សព្វាវុធនេះ ក៏មានរួមបញ្ចូលនូវការប្រគល់គ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ និងគ្រឿងបន្លាស់ជាច្រើន ព្រមទាំងការហ្វឹកហាត់បណ្តុះបណ្តាល់ដល់ក្រុមនាវិកយោធាឥណ្ឌាផងដែរ ។ បច្ចុប្បន្នកាំភ្លើងធំ Mk 45 នេះ កំពុងត្រូវប្រើប្រាស់នៅលើនាវាពិឃាតប្រភេទ Arleigh Burke-class របស់យោធាជើងទឹកអាមេ៉រិក ព្រមទាំងនៅលើនាវាចម្បាំងប្រភេទស្រដៀងគ្នារបស់បណ្តាប្រទេសដែលជាសមាជិកអង្គការNATO ៕ធ.ដ
-
ឥណ្ឌាប្រកាសពីជោគជ័យជាថ្មីទៀត ក្នុងការធ្វើតេស្តមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ឥណ្ឌា៖ យោធាឥណ្ឌាបានប្រកាសពីជោគជ័យជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការបាញ់សាកល្បងមីស៊ីលមីស៊ីលផ្លោងរយៈចម្ងាយខ្លីធុន Prithvi-II ពីរគ្រាប់ ចេញពីមូលដ្ឋាន ITR នៅលើកោះ Dr. Abdul Kalam នៃឈូងសមុទ្រ Bengal ក្បែរដ្ឋ Odisha ភាគខាងកើតប្រទេស ។ មីស៊ីលផ្លោងខាងលើ អាចហោះបានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រមទាំងបំពាក់ក្បាលគ្រាប់បែកធម្មតា ឬមួយក៏ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានទម្ងន់ចន្លោះចាប់ពី៥០០គីឡូក្រាម រហូតដល់១.០០០គីឡូក្រាម ។ សូមរំលឹកថា យោធាឥណ្ឌា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក៏បានធ្វើតេស្តមីស៊ីលផ្លោង-នុយក្លេអ៊ែរមួយផ្សេងទៀតផងដែរ ធុន Agni-II នៅឯមូលដ្ឋានខាងលើ ដោយមីស៊ីលនេះ ជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចហោះបានចម្ងាយឆ្ងាយបំផុតត្រឹម៣,៥០០គីឡូម៉ែត្រ ៕ធ.ដ