-
ចិនប្រកាសពីជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបចំនួនពីរគ្រឿងទៅកាន់ដងតារាវិថី

ចិន៖ ផ្កាយរណបសម្រាប់បម្រើដល់វិស័យផ្សព្វផ្សាយព័ត៌មានចំនួន២គ្រឿង ត្រូវបានប្រទេសចិនបាញ់បញ្ជូនទៅកាន់ដងតារាវិថីដូចតាមការគ្រោងទុក ដោយបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបនៅ Jiuquan ស្ថិតនៅភាគពាយព្យប្រទេស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ បើតាមសារព័ត៌មានចិន CGTN ផ្កាយរណបទំាងពីរគ្រឿងដែលបម្រើដល់វិស័យផ្សព្វផ្សាយព័ត៌មានចម្រុះនេះ មានឈ្មោះថា KL-a-A និង KL-a-B ដោយពួកវាត្រូវ បានគេបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Kuaizhou-1A (KZ-1A) នៅវេលាម៉ោង៦ យប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ។ សូមជម្រាបផងដែរថា នេះជាការបាញ់បង្ហោះផ្កាយរណប ដែលជាបេសកកម្មលើកទី៣ហើយ សម្រាប់ការប្រើប្រាស់គ្រាប់រ៉ុក្កែតKZ-1Aនៅក្នុងឆ្នាំ២០១៩នេះ ៕ធ.ដ
-
កូរ៉េខាងជើងអះអាងថា នឹងមិនធ្វើតាមសំណើរបស់លោក ដូណាល់ ត្រាំ ទំាងអស់ ដរាបណាខ្លួនមិនបានទទួលអ្វីត្រឡប់មកវិញទេនោះ

កូរ៉េខាងជើង៖ កូរ៉េខាងជើងនឹងមិនធ្វើតាមសំណើអ្វីទំាងអស់របស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ដបរាណាទីក្រុងព្យុងយ៉ាងមិនបានទទួលអ្វីត្រឡប់មកវិញទេនោះ នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃចន្ទម្សិលមិញ ។ ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាក្រសួងការបរទេសកូរ៉េខាងជើងលោក Kim Kye Gwan បានគូសបញ្ជាក់ថា កូរ៉េខាងជើងលែងមានចំណាប់អារម្មណ៍ចង់រៀបចំកិច្ចប្រជុំកំពូលផ្សេងទៀត ដែលគ្មានប្រយោជន៍ជាមួយសហរដ្ឋអាមេ៉រិកទៀតហើយ ។ ទន្ទឹមគ្នា លោក Kim Kye Gwan ថែមទំាងបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបោះបង់ចោលគោលនយោបាយអរិភាព ប្រឆំាងនឹងប្រទេសកូរ៉េខាងជើងផងដែរ ៕ធ.ដ
-
មនុស្សស្លាប់៤នាក់ និងរបួស៦នាក់ ក្នុងហេតុការណ៍បាញ់ប្រហារមួយអំឡុង ការប្រកួតកីឡាបាល់ឱបនៅរដ្ឋកាលីហ្វ័រញ៉ា

សហរដ្ឋអាមេ៉រិក៖ មនុស្ស៤នាក់បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកថ្មីមួយទៀតនៅសហរដ្ឋអាមេ៉រិក អំឡុងមនុស្សជាច្រើនកំពុងទស្សនាការប្រកួតបាល់ឱបនៅមណ្ឌលកីឡាមួយ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។ មន្រ្តីប៉ូលិសត្រូវបានហៅឱ្យទៅកន្លែងកើតហេតុនោះ បន្ទាប់ពីមនុស្សម្នាក់បានបាញ់ប្រហារទៅលើហ្វូងមនុស្សប្រហែល៣៥នាក់ ដែលបានប្រមូលផ្តុំគ្នាមើលការប្រកួតបាល់នេះ ស្ថិតនៅក្រៅទីក្រុង ហ្វ្រេស្នូ ក្នុងរដ្ឋ កាលីហ្វ័រញ៉ា ។ បើតាមប្រធានប៉ូលិសទីក្រុងនេះ គឺលោក ម៉ៃឃើល រីត បាននិយាយថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង៦ល្ងាច (ម៉ោងក្នុងតំបន់) ភ្លាមៗនោះ គេនៅមិនដឹងថា មានអ្នកវាយប្រហារប៉ុន្មាននាក់ដែលបានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនេះនៅឡើយទេ ។ ទន្ទឹមគ្នា អ្នកនាំពាក្យប៉ូលិសបាននិយាយទៀតថា ក្រុមមន្ត្រីបាន និងកំពុងពិនិត្យមើលកាមេរ៉ាសុវត្ថិភាព និង សួរនាំក្រុមមនុស្សឃើញហេតុការណ៍នេះដើម្បីឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យ ៕ធ.ដ
-
មនុស្សស្លាប់កើនដល់៦នាក់ ខណៈផ្ទៃដី១៥ម៉ឺន៨ពាន់ហិកតា និងផ្ទះ១៦ខ្នងទៀតរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅអូស្រា្តលី

អូស្ត្រាលី៖ គិតមកទល់នឹងពេលនេះ មានជនរងគ្រោះ០៦នាក់ហើយបានបាត់បង់ជីវិត ស្របពេលដែលផ្ទៃដី១៥ម៉ឺន៨ពាន់ហិកតា និង ផ្ទះ១៦ខ្នងទៀតរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និង រដ្ឋ Queensland។ បច្ចុប្បន្ន ភ្លើងឆេះព្រៃបានរីកដាលកាន់តែធំ ដោយបានបង្ខំឱ្យសាលារៀន និងហាងទំនិញជាច្រើនបិទទា្វរជាបណ្ដោះអាសន្ន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបង្កើនការកិច្ចខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង ។ ទន្ទឹមគ្នា ដើម្បីបង្ការគ្រោះថ្នាក់នានា អាជ្ញាធរក្រុង Toowoomba រដ្ឋ Queensland ក៏បានចេញការព្រមានពីភ្លើងឆេះព្រៃកម្រិត A ដែលតម្រូវឱ្យប្រជាជនក្នុងតំបន់ជម្លៀសខ្លួនជាបន្ទាន់ផងដែរ ៕ធ.ដ
-
ប៉ាគីស្ថានអះអាងពីជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលផ្លោងដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ប៉ាគីស្ថាន៖ ប៉ាគីស្ថាន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសអះអាងពីជោគ ជ័យរបស់ខ្លួន ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងឈ្មោះថា Shaheen-I ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ការធ្វើតេស្តខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីចុងសប្តាហ៍មុននេះ ឥណ្ឌាក៏បានប្រកាសពីជោគជ័យ សម្រាប់ការធ្វើតេស្តគ្រាប់មីស៊ីលផ្លោង Agni-II ផងដែរ ។ សូមបញ្ជាក់ថា Shaheen-I គឺជាមីស៊ីលផ្លោងបាលីស្ទីក ដែលប្រើប្រាស់សម្រាប់វាយប្រហារនៅរយៈចម្ងាយខ្លីរបស់ប៉ាគីស្ថាន ។ មីស៊ីលនេះ ត្រូវគេរាយការណ៍ថា មានសមត្ថភាពហោះធ្វើដំណើរបានចម្ងាយខ្ទង់៦៥០គីឡូម៉ែត្រ ហើយត្រូវបានប៉ាគីស្ថានទុកប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៣មក ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ជំរុញមេដឹកនំាកំពូលកូរ៉េខាងជើងចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញ បានធ្វើការជំរុញឱ្យប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយរូបលោក ស្តីពីការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបបដឹកនំាក្រុងព្យុងយ៉ាង ។ លោក ត្រាំ បានកត់សម្គាល់បែបនេះនៅលើបណ្តាញសង្គមធ្វីតធើ ស្របពេលដែលការចរចាគ្នាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងកំពុងជាប់គំាងនៅឡើយ ចាប់តាំងពីជំនួបកំពូលលើកទី២របស់មេដឹកនំាប្រទេសទំាងពីរ បានបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងកាលពីកុម្ភៈកន្លងទៅ បើទោះបីជាខាងភាគីប្រធានាធិបតីអាមេ៉រិកបាននិយាយថា ពួកគេនឹងជួបគ្នាម្តងទៀតនាពេលឆាប់ៗនេះ ។ គួរបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និង សមភាគីអាមេ៉រិកលោក Mark Esper នៅថ្ងៃអាទិត្យម្សិលមិញនេះ ក៏បានលើកឡើងពីការសម្រេចចិត្តផ្អាកគម្រោងសមយុទ្ធយោធាដែនអាកាសរួមគ្នាផងដែរ ដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង ៕ធ.ដ
-
មេដឹកនំាកំពូលអ៊ីរ៉ង់ប្រកាសគំាទ្រការដំឡើងតម្លៃប្រេង និងស្តីបន្ទោសដល់ក្រុមបាតុករចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ

អ៊ីរ៉ង់៖ មេដឹកនំាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅថ្ងៃអាទិត្យម្សិលមិញបានគាំទ្រការសម្រេចមួយរបស់រដ្ឋាភិបាលក្នុងការដំឡើងតម្លៃប្រេង ដែលបានបង្កឲ្យមានការបន្តរហូតដល់មានមនុស្សស្លាប់កាលពីចុងសប្ដាហ៍មុននេះ ។ នៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេស មេដឹកនំាំកំពូលអ៊ីរ៉ង់រូបនេះថែមទំាងបានស្តីបន្ទោសដល់ក្រុមបាតុករចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង បានបង្កឲ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ ។ អត្ថាធិប្បាយរបស់លោក Khamenei ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលបានកាត់ផ្ដាច់អ៊ីនធឺណិតទូទាំងប្រទេស មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងគោលបំណងព្យាយាមបង្ក្រាបដល់ការធ្វើបាតុកម្មតវ៉ាទៅនឹងការដំឡើងថ្លៃប្រេង ដែលជាតម្លៃមួយដែលរដ្ឋាភិបាលកំណត់រហូតដល់៥០% ។ ការតវ៉ានេះបានដាក់សម្ពាធជាថ្មីទៀតទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈដែលប្រទេសមជ្ឈិបូព៌ាមួយនេះ កំពុងតែជួបការលំបាកក្នុងការយកឈ្នះលើទណ្ឌកម្មសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេ៉រិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ជាមួយនឹងបណ្ដាប្រទេសមហាអំណាចពិភពលោក ៕ធ.ដ
-
តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត Saint Mark’s Square របស់អ៊ីតាលីបិទទ្វារជាថ្មីទៀត ក្រោយរងគ្រោះទឹកជំនន់ជាលើកទី៣

អ៊ីតាលី៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ Saint Mark’s Square ក្នុងទីក្រុង Venice នៅថ្ងៃអាទិត្យម្សិលមិញ បានបិទទ្វារជាថ្មីម្តងទៀត បន្ទាប់ពីរងគ្រោះទឹកជំនន់ជាលើកទី៣ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍មកនេះ ស្របពេលដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅទីក្រុង Florence និងទីក្រុង Pisa ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ កម្ពស់នៅក្នុងទីក្រុង Venice មានកម្រិត១៥០សង់ទីម៉ែត្រ បើធៀបទៅនឹងកាលពីថ្ងៃអង្គារកន្លងទៅ ដែលមានកម្ពស់រហូតដល់១៨៧សង់ទីម៉ែត្រ ។ ប្រភពបន្តទៀតថា កម្ពស់ទឹកខាងលើនេះ នៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដដែល ស្របពេលរដ្ឋាភិបាលអ៊ីតាលីទម្លាក់កញ្ចប់ថវិកា២២លានដុល្លារអាមេ៉រិក ដើម្បីព្យាយាមដោះស្រាយវិបត្តិទឹកជំនន់ជាបន្ទាន់ ៕ធ.ដ
-
វៀតណាមត្រូវបានចាត់ទុកជាប្រទេសល្អបំផុតទី១០ លើពិភពលោក ប្រចាំឆ្នាំ២០១៩

វៀតណាមត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រទេសល្អបំផុតចំណាត់ថ្នាក់លេខ១០ ក្នុងឆ្នាំ២០១៩ នេះបានតាមទស្សនាវដ្តី Condé Nast Traveler មានទីស្នាក់ការកណ្តាលនៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេ៉រិក។ ប្រភពបានលើកឡើងថា ប្រទេសល្អបំផុតក្នុងពិភពលោក ឆ្នាំ២០១៩ ដែលស្រង់ទិន្នន័យពីអ្នកអានរបស់ទស្សនាវដ្តីប្រមាណ៦០ម៉ឺននាក់ ក៏បានចាត់ទុក ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ អ៊ីតាលី ក្រិច ព័រទុហ្គាល អាហ្វ្រិកខាងត្បូង ប៉េរូ និងស្រីលង្កា ជាប្រទេសល្អបំផុត ប្រចាំឆ្នាំ២០១៩នេះ ដោយការស្ទង់មតិនេះឈ្មោះថា “The Best Countries in the World: 2019 Readers’ Choice Awards” ចេញផ្សាយដោយសារព័ត៌មាន VNA ថ្មីៗនេះ។ ទស្សនាវដ្តីបានបញ្ជាក់ថា ខណៈដែលមានការកើនឡើងខ្លាំងលើសេវាកម្មជិះរថភ្លើងក្រោមដី នៅទីក្រុងហាណូយ ហើយនៅ Hoi An ល្បីល្បាញខ្លាំងលើអាហារតាមផ្លូវ ទីផ្សារ វប្បធម៌ ជាមួយនឹងប្រាសាទ និងធម្មជាតិស្ងបស្ងាត់ល្អ សម្រាប់អ្នកចង់គេចចេញពីអគារក្នុងក្រុងនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតទី១០…
-
គ្រោះថ្នាក់ចរាចរណ៍នៅថៃសម្លាប់មនុស្ស១៤៤១៧នាក់ហើយ នាឆ្នាំ២០១៩

ថៃ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ តាំងពីដើមឆ្នាំ២០១៩មក មាន១៤៤១៧នាក់ហើយ ខណៈដែលមានអ្នករងរបួសជិត៨សែននាក់ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនការពារជនរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករបស់ថៃ ចេញផ្សាយដោយសារព័ត៌មាន NNT នៅថ្ងៃទី១៨ វិច្ឆិកានេះ។ ប្រភពពីក្រុមហ៊ុន Thailand’s Road Accident Victims Protection Company Limited បានឲ្យដឹងទៀតថា មនុស្សច្រើនជាង១៥០០០គ្រួសារបានបាត់បង់សមាជិកជាទីស្រលាញ់របស់ពួកគេ ហើយការរបួសរបស់សមាជិកបានធ្វើឲ្យបាត់បង់ឪកាសរកចំណូល ស្របពេលដែលភាគច្រើននៃអ្នករងរបួសមិនអាចវិលមករកជីវិតធម្មតាវិញទេ ឬអសមត្ថភាព។ របាយការណ៍នេះបង្ហាញឲ្យដឹង ខណៈដែលប្រទេសថៃចូលរួមរម្លឹកថ្ងៃជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែវិច្ចិកា ២០១៩នាពេលខាងមុខ។ទិវានេះរៀបចំឡើងដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណង ចងចាំមនុស្សរាប់លាននាក់ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការយល់ដឹងពីសុវត្ថិភាពតាមដងផ្លូវ៕ធ.ដ