-
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិកព្រមព្រៀងផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា សំដៅបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីអាមេ៉រិកលោក Mark Esper នៅថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងពីការសម្រេចចិត្តផ្អាកគម្រោងសមយុទ្ធយោធាដែនអាកាសរួមគ្នា ដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង ។ ការប្រកាសខាងលើរបស់ប្រមុខការពារជាតិប្រទេសទំាងពីរ បានកើតមានឡើង ក្នុងកំឡុងការធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯទីក្រុងបាងកក ប្រទេសថៃ ជាទីដែលលោក Mark Esper និងលោក Jeong Kyeong-doo អញ្ជើញចូលរួមកិច្ចប្រជុំមួយថ្នាក់រដ្ឋមន្រ្តីការពារជាតិ ដែលដឹកនាំដោយសមាគមអាស៊ាន ។ សូមជម្រាបថា សមយុទ្ធយោធាដែនអាកាសនេះមានឈ្មោះថា Combined Flying Training Event គ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកានេះ ។ ពីដើមមក សមយុទ្ធនេះមានឈ្មោះថា Vigilant Ace ប៉ុន្តែត្រូវបានអាមេ៉រិក និង កូរ៉េខាងត្បូងកាត់បន្ថយទំហំ ហើយផ្លាស់ប្តូរឈ្មោះកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើងដូចគ្នា ៕ធ.ដ
-
ការស្ទាបស្ទង់មតិមួយបង្ហាញថា ការប្រែប្រួលអាកាសធាតុផែនដីកំពុងក្លាយជាបញ្ហាធំបំផុតនៅអូស្ត្រាលី

អូស្រា្តលី៖ ពលរដ្ឋអូស្ត្រាលីភាគច្រើនបានបង្ហាញការព្រួយបារម្ភរបស់ពួកគេខ្លាំងបំផុតទៅលើការប្រែប្រួលអាកាសធាតុ ខណៈភ្លើងឆេះព្រៃនៅរដ្ឋ Queensland និង New South Wales ប្រមាណជាង១០០ករណីបានឆក់យកអាយុជីវិតមនុស្ស០៤នាក់ លំនៅឋានជាង៣០០ខ្នងឆេះខ្ទេចខ្ទី និង ចំការដំណាំជាង១លានហិកតាក៏រងការខូចខាតផងដែរ នេះបើតាមការស្ទាបស្ទង់មតិមួយ ដែលធ្វើឡើងដោយស្ថាប័ន JWS របស់អូស្ត្រាលី ។ ការស្ទាបស្ទង់របស់ស្ថាប័ន JWS បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយផ្អែកលើប្រធានបទសំខាន់ៗចំនួនដូចជា ការប្រែប្រួលអាកាសធាតុ សុខាភិបាល ការងារ និងប្រាក់ខែ ក៏ដូចជាបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម ។ ក្រោយការបូកសរុបលទ្ធផល ប្រជាជនអូស្ត្រាលីប្រមាណ៣៤ភាគរយបានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ និង២៨ភាគរយបារម្ភចំពោះបញ្ហាសុខាភិបាល ហើយ២២ភាគរយទៀតបារម្ភទៅលើការងារ និងប្រាក់ខែ ៕ធ.ដ
-
ឥណ្ឌាអះអាងពីជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ឥណ្ឌា៖ យោធាឥណ្ឌាបានធ្វើការប្រកាសពីភាពទទួលជោគជ័យរបស់ខ្លួន ក្នុងការបាញ់សាកល្បងមីស៊ីល សម្រាប់វាយប្រហារក្នុងលក្ខណៈយុទ្ធសាស្រ្តមានឈ្មោះថា Agni-II ដែលការធ្វើតេស្តនេះ ធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ នៅរដ្ឋ Odisha ភាគខាងកើតប្រទេស ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គ្រាប់មីស៊ីល Agni-II ស្ថិតក្នុងចំណោមស៊េរីទាំង៦នៃត្រកូលមីស៊ីល Agni ដែលសម្រាប់ប្រើប្រាស់ក្នុងលក្ខណៈយុទ្ធសាស្រ្តរបស់ប្រទេសឥណ្ឌា ។ ប្រភពបន្តថា គ្រាប់មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់បានច្រើនប្រភេទ រួមទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងហោះបានចម្ងាយចន្លោះ២,០០០គីឡូម៉ែត្រទៅ៣,៥០០គីឡូម៉ែត្រ ៕ធ.ដ
-
ប៉ូលិសហុងកុងព្រមានប្រើប្រាស់គ្រាប់កំាភ្លើងពិត បើសិនក្រុមបាតុករនៅតែប្រើប្រាស់ធ្នូ និងគ្រាប់បែកសំាងលើក្រុមមន្រ្តីខ្លួន

ហុងកុង៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ូលិសហុងកុងបានព្រមាននឹងប្រើប្រាស់គ្រាប់កាំភ្លើងពិត បើសិនជាក្រុមបាតុករមិនព្រមបញ្ឈប់ការវាយប្រហារលើក្រុមមន្ត្រីប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំងទេនោះ ។ ការគំរាមនេះត្រូវបានធ្វើឡើងក្រោយមានការប៉ះទង្គិចដ៏ហិង្សា កាលពីថ្ងៃអាទិត្យម្សិលមិញ នៅឯសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល កំពុងប្រើប្រាស់ជាទីលានប្រយុទ្ធជាមួយប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំង ព្រមទាំងអាវុធមួយចំនួនទៀត ។ គួរបញ្ជាក់ផងដែរថា ការិយាល័យអប់រំនៃទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យដដែលនេះ ក៏បានប្រកាសដែរថា សាលារៀនទាំងអស់នៅក្នុងទីក្រុងនឹងត្រូវបន្តបិទទ្វាររហូតដល់ថ្ងៃចន្ទនេះ ដោយសារព្រួយបារម្ភផ្នែកសុវត្ថិភាព ដែលបង្កឡើងដោយ សារតែអំពើហិង្សាកាន់តែខ្លាំងឡើងៗពីសំណាក់ក្រុមបាតុករ ៕ធ.ដ
-
ក្រុមហ៊ុនគ្រីសអេនើជី ចុះកិច្ចសន្យាសាងសង់ផ្លាតហ្វមបូមប្រេងសម្រាប់តំបន់ប្រេងអប្សរា

សិង្ហបុរី៖ ក្រុមហ៊ុនគ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា «គ្រីសអេនើជី» ឬ «ក្រុមហ៊ុន») ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យមួយ មានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ខ្លួនគឺ ក្រុមហ៊ុនគ្រីសអេនើជី (អប្សរា) ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profab (តទៅនេះហៅថា «Profab») ដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូច (តទៅនេះហៅថា «មីនីផ្លាតហ្វម») សម្រាប់តំបន់ប្រេងអប្សរា ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា ។ វិសាលភាពនៃការងារនេះ គ្របដណ្តប់លើលទ្ធកម្មសំខាន់ៗ និងការសាងសង់ជើងទម្រ ផ្នែកខាងលើ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតសម្រាប់មីនីផ្លាតហ្វម ដែលរួមបញ្ចូលទាំងការតម្លើង និងការលើកដាក់លើនាវាដឹកជញ្ជូន ។ ការងារនេះនឹងត្រូវធ្វើទ្បើងនៅទីតាំងរបស់ក្រុមហ៊ុន Profab លើកោះ Batam ប្រទេសឥណ្ឌូនេស៊ី ។តំបន់ប្រេងអប្សរានៅក្នុងប្លុក A របស់កម្ពុជា លាតសន្ធឹងនៅលើបាសាំងខ្មែរ ដែលជាបាសាំងភូគព្ភសាស្ត្រ មិនទាន់ត្រូវបានផលិត ស្ថិតក្នុងដែនសមុទ្រកម្ពុជា ឈូងសមុទ្រថៃ ។ ដោយសារភាពមិនទាន់ច្បាស់លាស់នៃសមត្ថភាពផលិតកម្មរបស់បាសាំងនេះ ការអភិវឌ្ឍន៍តំបន់ប្រេងអប្សរានឹងត្រូវធ្វើទ្បើងជាដំណាក់កាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ពេលវេលាសម្រាប់ការប្រមូល និងវិភាគលើទិន្នន័យសំខាន់ៗ ដើម្បីអនុវត្ត…
-
ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអង្គការ NATO នៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេសនៅចុងឆ្នំានេះ

សហរដ្ឋអាមេរិក៖ សេតវិមានបានលើកឡើងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងឡុង ចក្រភពអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនំាសន្ធិសញ្ញាអាត្លង់ទិចខាងជើង ហៅកាត់ថា NATO នៅក្នុងខែធ្នូខាងមុខ ។បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក ដូណាល់ ត្រាំ នឹងប្រើដំណើរទស្សនកិច្ចដែលបានគ្រោងធ្វើឡើងនៅចន្លោះពីថ្ងៃទី២ ដល់ទី៤ ខែធ្នូខាងមុខ ដើ ម្បីពិនិត្យឡើងវិញនូវដំណើរការចែករំលែកបន្ទុករបស់សម្ព័ន្ធមិត្ត ក៏ដូចជាអំពាវនាវឱ្យសមភាគីរបស់លោក ពង្រឹងការត្រៀមខ្លួនជាពិសេស ក្នុងវិស័យបណ្តាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ប្រឆាំងអំពើភេរវកម្មជាដើម ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើនេះ បានកើតមានឡើងស្របពេលមានភាពតានតឹងរវាងរដ្ឋជាសមាជិកអង្គការ NATO កាន់តែមានលក្ខណៈជាសាធារណៈ ជាពិសេសលើបញ្ហានៃការបែងចែកបន្ទុក ដែលបានធ្វើឱ្យសហរដ្ឋអាមេរិកនិង សមាជិកអឺរ៉ុបប្រឆាំងគ្នាទៅវិញទៅមក ។ តួយ៉ាង លោក ត្រាំ បានអំពាវនាវម្តងហើយម្តងទៀតឱ្យអឺរ៉ុបបង្កើនការចំណាយលើការការពារជាតិរបស់ខ្លួន ខណៈអឺរ៉ុបកំពុងចោទសួរអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអឺរ៉ុប ៕
-
ប្រមុខការពារជាតិកូរ៉េខាងត្បូងអះអាងថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពាកូរ៉េខាងត្បូងជានិច្ច

កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក ជុង គ្យុងឌូ នៅក្នុងជំនួបនៅថ្ងៃសុក្រនេះ ជាមួយសមភាគីអាមេរិកលោក ម៉ាក អេស្ព័រ បានថ្លែងថា សហរដ្ឋអាមេរិកនៅតែបន្តប្ដេជ្ញាចិត្តការពារកូរ៉េខាងត្បូង ពីការគំរាមកំហែងនានាដោយកូរ៉េខាងជើង បើទោះជាមានការខ្វែងគំនិតរឿងបង់ថ្លៃការពារបន្ថែមដល់កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅឧបទ្វីបកូរ៉េ ។ទន្ទឹមគ្នា ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះបានសង្កត់ធ្ងន់ដែរថា ការជួយចេញថ្លៃចាយវាយរបស់កងទ័ពអាមេរិកជាង២៨.៥០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង ដែលកំពុងស្ថិតនៅក្នុងកិច្ចចរចានៅឡើយ គួរតែត្រូវបានធ្វើឡើងដោយស្មើភាព ហើយភាគីទាំងពីរអាចទទួលយកបាន ។សូមជម្រាបថា បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង ៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ ដើម្បីបន្តរក្សាវត្តមានកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េដូចធម្មតា ៕
-
លំនៅដ្ឋានប្រមាណជាង៣០០ត្រូវឆេះខ្ទេច ស្របពេលដែលភ្លើងឆេះព្រៃនៅអូស្ត្រាលីកើនដល់១២០ករណីហើយ

អូស្រ្តាលី៖ អាជ្ញាធរអូស្ត្រាលី នៅថ្ងៃ សុក្រ សប្តាហ៍នេះ បានចេញសេចក្ដីប្រកាសអាសន្នជាបន្ទាន់មួយ សម្រាប់តំបន់ ហកស៍ប៊ឺរី ស្ថិតនៅជាយទីក្រុងស៊ីដនី ខណៈភ្លើងឆេះព្រៃត្រូវបានគេរំពឹងថា នឹងបន្តការឆាបឆេះដោយធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅកាន់តែខ្លាំង ។ បើគិតមកទល់នឹងពេលនេះ មានជនរងគ្រោះ០៤នាក់ហើយបានស្លាប់ លំនៅដ្ឋានប្រមាណជាង៣០០ខ្នង និង ព្រៃឈើលើផ្ទៃដី១លានហិកតាត្រូវបានបំផ្លាញនៅក្នុងរដ្ឋ New South Wales ។ ចំនែកឯពលរដ្ឋនៅក្នុងតំបន់ ហកស៍ប៊ឺរី ត្រូវបង្ខំចិត្តភៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់ វ៉ាប៊ឺហ្វស ហើយនេះគឺជាការចេញសេចក្ដីប្រកាសអាសន្នលើកទី ៤ គិតត្រឹមរសៀសថ្ងៃសុក្រម្សិលមិញ នៅក្នុងរដ្ឋ New South Wales ដែលបាននិងកំពុងរងគ្រោះដោយភ្លើងឆេះព្រៃរាប់រយកន្លែង ។បច្ចុប្បន្ន ក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តតស៊ូប្រយុទ្ធប្រឆំាងនឹងអណ្ដាតភ្លើងឆេះព្រៃចំនួន១២០កន្លែង ដែលបង្កឡើងដោយអាកាសធាតុក្ដៅហួតហែងនៅទូទាំងរដ្ឋ New South Wales និងរដ្ឋ Queensland ៕ …
-
រដ្ឋាភិបាលក្រុងហុងកុងប្តេជ្ញាចាត់វិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីបញ្ឈប់អំពើហិង្សា

ហុងកុង៖ រដ្ឋាភិបាលក្រុង ហុងកុង សន្យានឹងចាត់វិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សា និង ស្តារសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ នេះបើតាមលោក Matthew Cheung ប្រធានលេខាធិការនៃរដ្ឋបាលក្រុងហុងកុង ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រម្សិលមិញ ។ការប្តេជ្ញាខាងលើ ត្រូវបានធ្វើឡើងស្របពេលក្រុមបាតុករគាំទ្រចិនគ្រោងនឹងប្រមូលផ្ដុំគ្នាក្នុងទីក្រុងហុងកុង នៅថ្ងៃសៅរ៍នេះ ដើម្បីសម្ដែងការថ្កោលទោសអំពើហិង្សាប្រឆាំងរដ្ឋាភិបាល និង ការគាំទ្រដល់ប៉ូលិស ដែលកំពុងក្លាយជាគោលដៅវាយប្រហារពីសំណាក់បាតុករហុងកុងមួយចំនួន ។ ក្រុមបាតុករគាំទ្រចិនធ្លាប់បានប្រមូលផ្ដុំគ្នាជាច្រើនលើក តែមានចំនួនអ្នកចូលរួមតិចជាងក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី ខារី ឡំា និង រដ្ឋាភិបាលកុម្មុយនីស្ដចិន ។ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភខ្លំាងនោះ គឺខា្លចក្រែងក្រុមបាតុករទាំងពីរប៉ះទង្គិចដោយហិង្សា ដែលអាចនឹងធ្វើឱ្យស្ថានភាពកាន់តែវឹកវរ ឬក៏ជំរុញឱ្យទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងបាយជាជម្រើសចុងក្រោយ ដើម្បីដោះស្រាយបញ្ហា ៕
-
ហេតុការណ៍បាញ់ប្រហារ និង គប់ដុំថ្មបានកើតឡើងស្របពេលស្រីលង្កាចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

ស្រីលង្កា៖ ខណៈប្រទេសស្រីលង្កាបានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ស្រាប់តែមនុស្សមួយក្រុមបានធ្វើការបាញ់រះ និង គប់ដុំថ្មទៅលើរថយន្តក្រុងមួយ ដែលដឹកអ្នកបោះឆ្នោតស្ថិតនៅទីក្រុងមែនណា ភាគខាងជើងប្រទេស ។ ហើយរហូតមកទល់ពេលនេះ នៅពុំទាន់មានការបញ្ជាក់ពីចំនួនមនុស្សរងរបួស ឬក៏បាត់បង់ជីវិតនោះឡើយ ស្របពេលដែលកងកម្លាំងសន្តិសុខកំពុងតែស្ថិតនៅក្នុងកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។សូមបញ្ជាក់ថា បេក្ខជនសរុបចំនួន៣៥នាក់នឹងត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កានៅក្នុងថ្ងៃសៅរ៍នេះ ហើយបើតាមការប៉ាន់ស្មាននោះ ពលរដ្ឋស្រីលង្កាប្រមាណ១៦លាននាក់ក្នុងចំណោមចំនួនប្រជាជនសរុប២២លាននាក់មានសិទ្ធិបោះឆ្នោត ។ សម្រាប់ការការពារសន្តិសុខវិញ កងកម្លាំងប៉ូលិសជាង៦ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕