-
ចិនធ្វើការសាកល្បងយានសម្រាប់ចុះចតលើភពអង្គារទទួលជោគជ័យ នៅមុនបេសកម្មឆ្នំាំ២០២០

ចិន៖ ចិនប្រកាសទទួលបានជោគជ័យទំាងស្រុង ក្នុងការធ្វើតេស្តលើយានប្រភេទ Lander (សម្រាប់ចុះចត) ដែលជាការត្រៀមចេញបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ (Mars) នៅឆ្នាំ២០២០ ខាងមុខនេះ ។ ទន្ទឹមគ្នា ប្រធានស្ថាប័នផ្នែកអវកាសចិន CNSA លោក ចាង គេចៀន បានគូសបញ្ជាក់ថា ការធ្វើសាកល្បងខាងលើដែលជាការធ្វើតេស្តសំកាំងខ្លួន និង បញ្ជៀសឧបសគ្គរបស់យាន Lander នោះ បានប្រព្រឹត្តទៅដោយជោគជ័យ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្នុងខេត្ត ហេបៃ ភាគខាងជើងប្រទេស ។ បើតាមប្រធានស្ថាប័នផ្នែកអវកាសចិនរូបនេះ គម្រោងចេញបេសកកម្មជាលើកដំបូង ឆ្ពោះទៅកាន់ភពអង្គារនៅឆ្នាំ២០២០ខាងមុខ កំពុងបង្ហាញសញ្ញាទៅមុខយ៉ាងរលូន ហើយដំណើរឆ្ពោះទៅកាន់ភពអង្គារ នឹងត្រូវចំណាយពេល០៧ខែ ខណៈការចុះចតនឹងត្រូវប្រើពេលត្រឹមតែ៧នាទីប៉ុណ្ណោះ ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកស្នើឱ្យកូរ៉េខាងត្បូងចំណាយប្រាក់លើសមុន៥០០ភាគរយនៅឆ្នំា២០២០ សម្រាប់ការចាយវាយរបស់កងទ័ពអាមេ៉រិកនៅឧបទ្វីបកូរ៉េ

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង៤.៧ពាន់លានដុល្លារ ឬស្មើនឹង៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ លើថ្លៃចាយវាយរបស់កងទ័ពអាមេ៉រិកនៅលើឧបទ្វីបកូរ៉េ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃសុក្រនេះ ។ សេចក្ដីរាយការណ៍នេះបានធ្វើឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេ៉រិក លោក ម៉ាក អេស្ពើរ កំពុងបំពេញទស្សនិច្ចនៅកូរ៉េខាងត្បូង ក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យ និង ពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូង ជុំវិញការគំរាមកំហែងជាថ្មីរបស់កូរ៉េខាងជើង ។ យ៉ាងណាមិញ បើតាមមន្រ្តីអាមេ៉រិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សំណើរបស់លោក ត្រាំ ខាងលើនេះ បានធ្វើឱ្យក្រុមមន្ត្រីនៃមន្ទីរបញ្ចកោណខកចិត្ត ខណៈក្រុមតំណាងរាស្ត្រទាំងបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យមានការព្រួយបារម្ភជាខ្លាំង ដោយខ្លាចក្រែងធ្វើឱ្យកូរ៉េខាងត្បូងខឹងសម្បារ ស្របពេលទីក្រុងសេអ៊ូលកំពុងសង្ស័យពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេ៉រិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ៕ធ.ដ
-
លោក Mark Esper បញ្ជាក់ថា សហរដ្ឋអាមេ៉រិកអាចនឹងកាត់បន្ថយទំហំសមយុទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីរក្សាទ្វារចរចាជាមួយកូរ៉េខាងជើង

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្ត្រីការពារជាតិអាមេ៉រិក ម៉ាក អេស្ព័រ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានលើកឡើងពីលទ្ធភាពដែលប្រទេសរបស់លោកអាចកាត់បន្ថយទំហំសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង សំដៅរក្សាទ្វារចរចាជាមួយកូរ៉េខាងជើងឲ្យបន្តចំហដដែល ខណៈទីក្រុងព្យុងយ៉ាងព្រមានថា ខ្លួនកំពុងជិតអស់ភាពអត់ធ្មត់ហើយ ។ ប្រមុខការពារជាតិអាមេ៉រិករូបនេះបានបញ្ជាក់ទៀតថា ប្រទេសរបស់លោកអាចកែប្រែលំហាត់យោធាជាមួយកូរ៉េខាងត្បូង បើវាអាចជួយដល់ការចរចាផ្នែកការទូតដើម្បីឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ យ៉ាងណាមិញ លោក អេស្ពើ អះអាងថា ការកាត់បន្ថយទំហំសមយុទ្ធណាមួយ មិនមែនជាការផ្ដល់សម្បទានឲ្យកូរ៉េខាងជើងឡើយ ។ សូមបញ្ជាក់ថា នៅខែក្រោយនេះ សហរដ្ឋអាមេ៉រិក-កូរ៉េខាងត្បូងនឹងរៀបចំលំហាត់ផ្លូវអាកាសមួយទៀត ដោយសមយុទ្ធលើកនេះ ជាការកាត់បន្ថយទំហំពីសមយុទ្ធឆ្នាំ២០១៨ ស្របពេលដែលការចរចាកំពុងស្ថិតលើផ្លូវល្អប្រសើរនោះ ។ ប៉ុន្តែបើទោះជាសហរដ្ឋអាមេ៉រិក និង កូរ៉េខាងត្បូងបង្រួមទំហំសមយុទ្ធក្ដី ក៏កូរ៉េខាងជើងនៅតែមិនពេញចិត្ត ហើយព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសមយុទ្ធនៅតែត្រូវបានរៀបចំ ៕ធ.ដ
-
ថៃលុបចោលជើងហោះហើរជាង១០០នៅឈៀងម៉ៃ ដោយសារតែកម្មវិធីបង្ហោះគោម

សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយថ្មីៗនេះថា ព្រលានយន្តហោះអន្តរជាតិឈៀងម៉ៃក្នុងប្រទេសថៃបានលុបចោល ឬប្តូរម៉ោងជើងហោះហើរក្នុ១៥១ជើង ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព អំឡុងពិធីបុណ្យលយប្រទីប និងបង្ហោះគោម ដែលបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ តំណាំងអាកាសដ្ឋានខាងលើបានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកចំនួន ៦៦ និងអន្តរជាតិ ចំនួន ៣០ ត្រូវបានលុបចោល ខណៈជើងហោះហើរក្នុងស្រុកចំនួន ៤៤ និងអន្តរជាតិចំនួន ១៤ផ្សេងទៀត ត្រូវប្ដូរម៉ោងហោះហើរ។ លើសពីនេះទៀត ព្រលានឈៀងម៉ៃ ក៏បានពង្រឹងសន្តិសុខខ្លាំងជាងថ្ងៃធម្មតាផងដែរ ស្របពេលដែលពលរដ្ឋដែលរស់នៅជុំវិញព្រលាន ត្រូវបានហាមឃាត់ មិនឲ្យបង្ហោះគោមនោះទេ។សូមបញ្ជាក់ថា ពិធីបុណ្យលយប្រទីប និងបង្ហោគោម នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៩ ដល់ទី១២ ខែវិច្ឆិកា៕ធ.ដ
-
ភ្លើងឆេះព្រៃនៅអូស្ត្រាលី ស្លាប់មនុស្ស៤នាក់ហើយ

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលី បានកើនដល់ ៤នាក់ហើយ និងកំពុងបន្ដគំរាមកំហែងអាយុជីវិតពលរដ្ឋដែលរស់នៅក្នុងតំបន់។ជាការកើនឡើង ក្រោយពេលដែលអាជ្ញាធរឲ្យដឹងថា ជនរងគ្រោះទី ៤គឺជាបុរសវ័យ ៥៨ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅទីក្រុង Kempsey ភាគខាងជើងទីក្រុង New South Wales ។ អគ្គិភ័យនេះ បានបំផ្លាញដីស្រែ និងព្រៃប្រមាណ ១លានហិកតាហើយក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដែលបង្កឡើងដោយអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំងបន្ទាប់ពីគ្រោះរាំងស្ងួតរយៈពេល ៣ ឆ្នាំដែលអ្នកជំនាញនិយាយថាកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការប្រែប្រួលអាកាសធាតុ។ ផ្ទះប្រមាណ ៣០០ ខ្នងត្រូវបានបំផ្លាញនៅ New South Wales ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអណ្តាតភ្លើងបានលាតសន្ធឹងពីភាគខាងជើងរបស់រដ្ឋរហូតដល់ឆ្នេរសមុទ្រទៅជាយក្រុងស៊ីដនី៕ធ.ដ
-
ប្រមុខដឹកនំាំមន្ទីរបញ្ចកោណអះអាងថា សហរដ្ឋអាមេ៉រិកនឹងបន្តរក្សាទុកកងទ័ពប្រមាណ៦០០នាក់នៅក្នុងប្រទេសស៊ីរី

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក Mark Esper បានថ្លែងអះអាងថា ប្រទេសរបស់លោកនឹងបន្តរក្សាទុកវត្តមានកងទ័ពប្រមាណ៦០០នាក់នៅក្នុងទឹកដីប្រទេសស៊ីរី ។ ស្របពេលជាមួយគ្នានោះដែរ ប្រមុខការពារជាតិអាមេ៉រិករូបនេះថែមទំាងបានបញ្ជាក់ទៀតថា ចំនួនកងទ័ពអាចនឹងមានការប្រែប្រួល ជាពិសេសប្រសិនបើសម្ព័ន្ធអឺរ៉ុបពង្រឹងវត្តមានកងទ័ពរបស់ពួកគេនៅក្នុងប្រទេសស៊ីរីដែរ ។ ការកត់សម្គាល់បែបនេះរបស់លោក Mark Esper បានកើតមានឡើងក្រោយប្រធានា ធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ កាលពីខែមុនបានឲ្យដឹងថា លោកបានចេញបញ្ជាឲ្យដកទ័ពអាមេ៉រិកទាំងអស់ដកចេញពីស៊ីរី ដែលប្រការនេះបានធ្វើឲ្យមានការរិះគន់ និង ខឹងសម្បារយ៉ាងខ្លាំងទាំងក្នុង និង ក្រៅប្រទេស ។ ប៉ុន្តែក្រោយមក ប្រធានាធិបតីអាមេ៉រិករូបនេះបានប្រកាសវិញថា លោកនឹងទុកឲ្យមានកងទ័ពអាមេ៉រិកមួយចំនួនបន្តវត្តមាននៅស៊ីរី ដើម្បីការពារតំបន់រ៉ែប្រេងដ៏មានតម្លៃ ហើយប្រការនេះវាបែរជាធ្វើឲ្យប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរីផ្ទាល់ ចំអកអាមេ៉រិកជាខ្លាំង ដោយចាត់ទុកជាទង្វើប្លន់ប្រេងជាតិស៊ីរី ៕ធ.ដ
-
ចិនដកការរឹតត្បិតលើការនំាចូលបសុបក្សីពីសហរដ្ឋអាមេ៉រិក

ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាំងបានសម្រេចដកការរឹតត្បិតលើការនំាចូលបសុបក្សីពីសហរដ្ឋអាមេ៉រិក នេះបើតាមការប្រកាសរបស់រដ្ឋបាលគយ និងក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ ។ សហរដ្ឋអាមេ៉រិកគឺជាអ្នកផលិតបសុបក្សីដ៏ធំបំផុតនៅលើពិភពលោក និង អ្នកនាំចេញសាច់បសុបក្សីដ៏ធំបំផុតទី២ ក៏ដូចជាអ្នកផលិតស៊ុតដ៏ធំជាងគេផងដែរ នេះបើតាមក្រសួងកសិកម្មអាមេ៉រិក ។ យ៉ាងណាមិញ ការនាំចូលសាច់មាន់ពីសហរដ្ឋអាមេ៉រិកទៅកាន់ប្រទេសចិន បានធ្លាក់ចុះជាលំដាប់ចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ ហើយរាល់ការនាំចូលបែបនេះត្រូវបានហាមឃាត់ក្នុងខែមករា ឆ្នាំ២០១៥ បន្ទាប់ពីមានការផ្ទុះជំងឺផ្តាសាយបក្សី ៕ធ.ដ
-
អង្គការស្រាវជ្រាវអវកាសឥណ្ឌា ISRO បញ្ជាក់ថា គ្រាប់បែកនុយក្លេអ៊ែរដែលកូរ៉េខាងជើងធ្វើតេស្ដក្នុងឆ្នាំ២០១៧ មានថាមពលខ្លាំងក្លាលើសពីការរំពឹងទុក

ឥណ្ឌា៖ គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីឆ្នាំ២០១៧ មានថាមពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ Little Boy ដែលសហរដ្ឋអាមេ៉រិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កំឡុងសម័យសង្រ្គាមលោកលើកទី២ ១៧ដង នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) ។ បើតាមប្រភពដដែលនេះ គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន ដែលកូរ៉េខាងជើងបានធ្វើតេស្ដ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ មានកម្លាំងផ្ទុះចន្លោះ២៤៥ រហូតដល់២៧១គីឡូតោន ឬខ្លាំងជាង១៧ដង នៃគ្រាប់បែកនុយក្លេអ៊ែរ Little Boy ដែលអាមេ៉រិកទម្លាក់កម្ទេចទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅខែសីហា ឆ្នាំ១៩៤៥ ទៅទៀត ។ ប៉ុន្តែគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនរបស់កូរ៉េខាងជើង នៅតែមានកម្លាំងខ្សោយជាងគ្រាប់បែកនុយក្លេអ៊ែរអីដ្រូសែន ដែលសហរដ្ឋអាមេ៉រិកបានធ្វើតេស្ដសាកល្បងក្នុងឆ្នាំ១៩៥២ ដោយមានថាមពលពលខ្លាំងជាង Little Boy ដល់ទៅជាង៧០០ដង ៕ធ.ដ
-
បទឈប់បាញ់គ្នានៅតំបន់ ហ្គាហ្សា ចូលជាធរមានហើយ បន្ទាប់ពីជនរងគ្រោះ ៣៤នាក់បាត់បង់ជីវិត

ហ្គាហ្សា៖ បទឈប់បាញ់គ្នាបានចូលជាធរមានហើយ ក្រោយការផ្ទុះជម្លោះរវាងគ្នាពីរថ្ងៃមកនេះ ដែលបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីននៅហ្គាហ្សា សរុបចំនួន៣៤នាក់ស្លាប់ និង ៧០នាក់រងរបួស នេះបើតាមយោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក ហេឌី ហ្ស៊ីលប៊ែរម៉ាន់ បានប្រាប់អ្នកសារព័ត៌មាននានានៅទីក្រុងហ្សេរុយសាឡឹម ថា ការបាញ់គ្នាពីរថ្ងៃមកនេះ ត្រូវបានបញ្ចប់ បទឈប់បាញ់មួយបានចូលជាធរមានហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ បើតាមអ្នកនំាំពាក្យដដែលនេះ ប្រតិបត្តិការរបស់យោធាអ៊ីស្រាអែល គឺដើម្បីប្រមាញ់ជីវិត មេបញ្ជាការជាន់ខ្ពស់នៃក្រុមជីហាដ ឈ្មោះ បាហា អាល់អាតថា នៅតំបន់ហ្គាហ្សា ហើយយើងក៏ទទួលបានជោគជ័យទៅតាមផែនការលឿនបំផុត ក្នុងរយៈពេលតែ៤៨ម៉ោងប៉ុណ្ណោះ ។ សូមជម្រាបថា មេក្រុមឧទ្ទាមជីហាដ ឈ្មោះ បាហា អាល់អាតថា បានបាត់បង់ជីវិតក្នុងផ្ទះរបស់ខ្លួននៅទីក្រុងហ្គាហ្សា ហើយសូម្បីតែភរិយាលោកក៏បានបាត់បង់ជីវិតជាមួយគ្នាដែរ ខណៈសមាជិកគ្រួសារ០៨នាក់ទៀតបានទទួលរងរបួស ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកនឹងធ្វើការសម្រេចចិត្តក្នុងការដំឡើងពន្ធលើការនំាចូលយានយន្តនាពេលឆាប់ៗនេះ

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបានលើកឡើងថា រូបលោកនឹងធ្វើការសម្រេចចិត្តមួយនាពេលឆាប់ៗនេះ ថាតើត្រូវដំឡើងពន្ធលើការនំាចូលយានយន្ត និង គ្រឿងបន្លាស់ដែរឬយ៉ាងណា ។ លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់យ៉ាងដូច្នេះទៅកាន់អ្នកយកព័ត៌មាន អំឡុងជំនួបជាមួយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅឯសេតវិមាន ខណៈមានការរំពឹងថា រូបលោកនឹងធ្វើការប្រកាសអំពីការសម្រេចចិត្តមួយនាពេលឆាប់ៗនេះ ក្រោយពន្យាពេល៦ខែកាលពីខែឧសភាកន្លងទៅ ។ សូមរំលឹកថា ប្រធានាធិបតីអាមេ៉រិករូបនេះ បាននិយាយនៅក្នុងសេចក្តីប្រកាសមួយកាលពីខែឧសភាថា រូបលោកកំពុងដឹកនាំក្រុមមន្រ្តីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេ៉រិកឱ្យបន្តការចរចារហូតដល់ទៅ ១៨០ ថ្ងៃលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុប ជប៉ុន និងប្រទេសផ្សេងទៀតដែលគិតថាចាំបាច់ ។ ហើយបច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងពេលវេលាកំណត់ ដើម្បីសម្រេចថាតើត្រូវបន្តដំឡើងពន្ធរហូតដល់ទៅ២៥ភាគរយលើរថយន្តដែលនាំចូល និង គ្រឿងបន្លាស់ ដោយសំអាងលើហេតុផលសន្តិសុខជាតិដែរឬយ៉ាងណា ៕ធ.ដ