-
មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់អះអាងពីការរកឃើញកំនប់ប្រេងដ៏ច្រើនមហាសាលនៅភាគនិរតីប្រទេស

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក បាយហ្សាន ហ្សាងជែណេហ៍ បាននិយាយថា វាជាអណ្តូងប្រេងដ៏ធំបំផុតមួយ ក្នុងចំណោមអណ្តូងប្រេងធំៗផ្សេងទៀត ដែលមិនធ្លាប់ត្រូវបានរកឃើញនោះឡើយ នៃឧស្សាហកម្មប្រេងអ៊ីរ៉ង់ ។ លោក បាយហ្សាន ហ្សាងជែណេហ៍ បាននិយាយទៀតថា កំនប់ប្រេងឆៅរាប់សិបពាន់លានបារ៉ែលថ្មីនេះ គឺស្ថិតនៅក្នុងស្រទាប់ខាងក្រោម នៃកំនប់ប្រេងដែលយើងធ្លាប់បានរកឃើញពីមុន ដោយវានៅរាយប៉ាយនៅក្នុងទំហំផ្ទៃដី២,៤០០គីឡូម៉ែត្រក្រឡាចន្លោះទីក្រុង បូស្តាន និង អូមីឌីយែហ៍ ភាគនិរតីអ៊ីរ៉ង់ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់ ។ បើតាមរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់រូបនេះ ភោគទ្រព្យប្រេងថ្មីដែលអ៊ីរ៉ង់ទើបបានរកឃើញនៅក្នុងខេត្ត ឃូហ្សេស្ថាន ភាគនិរតីនៃប្រទេសនោះ មានប្រេងឆៅសរុបជាង៦៥ពាន់លានបារ៉ែល ដែលចំនួននេះ គឺជាការបង្កើនភោគទ្រព្យប្រេងបម្រុងរបស់ជាតិ រហូតដល់ទៅ២៥%បន្ថែម ស្មើនឹងចំនួនប្រេងឆៅសរុបដែលអ៊ីរ៉ង់មានកើនឡើងដល់២១០ពាន់លានបារ៉ែល ៕ធ.ដ
-
មនុស្សស្លាប់កើនដល់១៦នាក់ និង៥៨នាក់របួស ក្នុងហេតុការណ៍រថភ្លើងពីរខ្សែបុកគ្នានៅបង់ក្លាដែស

បង់ក្លាដែស៖ ចំនួនអ្នកស្លាប់បន្តកើនឡើងដល់១៦នាក់ និង៥៨នាក់ផ្សេងទៀតទទួលរងរបួស ក្រោយរថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹង ស្ថិតនៅតាមបណ្តាលផ្លូវដែកក្នុងស្រុក ប្រាហ៍ម៉ានបារៀ មានចម្ងាយ១០៩គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីដាកា ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង២៖០០នាទីទៀបភ្លឺថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយការស៊ើបអង្កេតលើករណីគ្រោះថ្នាក់រថភ្លើងបុករថភ្លើងនេះ កំពុងត្រូវបានធ្វើឡើង ។ គួរបញ្ជាក់ថាបង់ក្លាដែសជាប្រទេសក្រីក្រមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសផ្លូវថ្នល់ និងផ្លូវដែក មានសភាសចាស់ខូច ដែលងាយនឹងបង្កគ្រោះថ្នាក់បំផុត ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកទំនងជានឹងធ្វើដំណើរទៅចូលរួមទិវាព្យុះហយាត្រាយោធាជាប្រវត្តិសាស្រ្តរបស់រុស្ស៊ីនាខែឧសភា ឆ្នំាក្រោយ

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រនេះថា រូបលោកកំពុងពិចារណាអំពីការធ្វើដំណើរទស្សនកិច្ចទៅចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាជ័យជំនះ ៩ ឧសភា របស់រុស្ស៊ី បន្ទាប់ពីទទួលបានការអញ្ជើញពីសំណាក់សមភាគីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន មុនពេលចាកចេញពីសេតវិមានថា រូបលោកពិតជារំភើបចំពោះការអញ្ជើញ វាជាត្រឹមត្រូវសម្រាប់នាពាក់កណ្តាលរដូវកាលនយោបាយ ដូច្នេះលោកនឹងពិចារណាថាតើលោកអាចធ្វើបានដែរទេ ប៉ុន្តែលោករីករាយនឹងទៅ បើសិនជាអាច ។ បើតាមអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សំណើអញ្ជើញរបស់លោក វ៉្លាឌីមៀ ពូទីន ជូនទៅកាន់សមភាគីរបស់លោក គឺលោក ដូណាល់ ត្រាំ សម្រាប់ការចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋធានីមូស្គូ ត្រូវបានទទួលយកប្រកបដោយការចាប់អារម្មណ៍ ប៉ុន្តែគិតមកទល់ពេលនេះ ខាងសេតវិមាននៅពុំធ្វើការឆ្លើយតបវិញនៅឡើយទេ ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាមេ៉រិកថ្លែងថា អង្គការ NATO ត្រូវតែមានការផ្លាស់ប្តូរ ឬក៏ប្រឈមមុខនឹងការប្រើការលែងបាន

អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡំាង ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃសុក្រនេះថា អង្គការ NATO ត្រូវតែមានការរីកចម្រើនជាងនេះ និងការផ្លាស់ប្តូរ ឬក៏អាចប្រឈមមុខនឹងការប្រើការលែងបាន ។ ការថ្លែងបែបនេះរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា ខួរក្បាលរបស់អង្គការ NATO បានស្លាប់បាត់ហើយ និងព្រមានថា អឺរ៉ុបលែងពឹងលើសហរដ្ឋអាម៉េរិកបានតទៅទៀតហើយ ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ។ ប្រធានាធិបតីបារំាងរូបនេះ ថែមទំាងនិយាយអះអាងទៀតថា ការខ្វះខាតភាពជាមេដឹកនាំរបស់សហរដ្ឋអាមេ៉រិក នឹងបណ្តាលឱ្យខួរក្បាលអង្គការណាតូស្លាប់នៃសម្ព័ន្ធភាពយោធាណាតូ លោកថា សហភាពអឺរ៉ុបត្រូវបង្កើនសកម្មភាព ហើយចាប់ផ្តើមបំពេញមុខនាទីជាមហាអំណាចពិភពលោកមួយខាងយុទ្ធសាស្ត្រ ៕ធ.ដ
-
អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដ្រូនបរទេសមួយគ្រឿង ស្របពេលស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ាកំពុងកើនឡើងកម្តៅ

អ៊ីរ៉ង់៖ កងទ័ពការពារដែនអាកាសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់បរទេសមួយគ្រឿង ដែលហោះហើរនៅលើដែនអាកាសរបស់ទីក្រុង ម៉ាហាហ្សាហ៍ នេះបើតាមការសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន តាស្នីម ។ អភិបាលខេត្ត ឃូហ្សេស្ថាន នៅភាគនិរតីប្រទេសអ៊ីរ៉ង់ គឺលោក ហ្គោឡាមរ៉េហ្សា ហ្សារីយ៉ាទី បាននិយាយថា យន្តហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់នោះ គឺច្បាស់ជារបស់ប្រទេសដទៃណាមួយ លោកថា បច្ចុប្បន្នអាជ្ញាធរអ៊ីរ៉ង់កំពុងធ្វើការប្រមែប្រមូលបំណែកយន្តហោះនោះ ដើម្បីយកទៅធ្វើការអង្កេត ។ ស្របពេលជាមួយគ្នានេះដែរ យោធាអាមេ៉រិកបានច្រានចោលនូវលទ្ធភាពដែលថា យន្តហោះដ្រូននោះគឺជារបស់កងទ័ពអាមេ៉រិក ព្រោះមិនមានយន្តហោះដ្រូនរបស់ខ្លួនណាមួយត្រូវបានគេបាញ់ធ្លាក់ឡើយ ខណៈដែលអ៊ីស្រាអែលក៏បានចេញមុខបដិសេធក្នុងការបញ្ចេញមតិជុំវិញបញ្ហានេះផងដែរ ៕ធ.ដដ
-
មនុស្ស២នាក់ និង៣០នាក់របួស ខណៈផ្ទះសម្បែងជាង១០០ខ្នងត្រូវបំផ្លាញ ដោយសារភ្លើងឆេះព្រៃវាយប្រហារប្រទេសអូស្ត្រាលី

អូស្រា្តលី៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បាត់បង់ជីវិត របួស៣០នាក់ និងបាត់ខ្លួន៧នាក់ ស្របពេលដែលលំនៅដ្ឋានច្រើនជាង៨០ខ្នងត្រូវរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែងដែលកំពុងវាយប្រហារតំបន់ភាគខាងកើតប្រទេសអូស្រ្តាលី ។ បើតាមប្រភពផ្សព្វផ្សាយក្នុងតំបន់ ភ្លើងឆេះព្រៃទាំងនេះបានកើតឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះ ដោយក្នុងនោះមានភ្លើងឆេះព្រៃដល់ទៅ១៧កន្លែងត្រូវបានចាត់ថ្នាក់ជាភ្លើងឆេះព្រៃដែលមានកម្រិតគ្រោះថ្នាក់ខ្លាំង ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នេះនៅសល់ត្រឹម០៦ទៀតប៉ុណ្ណោះ ។ ឆ្លើយតបនឹងគ្រោះមហន្តរាយខាងលើ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម័ររីសុន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋអូស្រ្តាលីបង្កើនការប្រុងប្រយ័ត្ន និងស្តាប់តាមទីភ្នាក់ងារសង្រ្គោះបន្ទាន់ ព្រមទំាងទីភ្នាក់ងារពន្លត់អគ្គិភ័យ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់គ្រប់ស្ថានការណ៍ ៕ធ.ដ
-
ប្រធានអង្គការ NASA និយាយថា មនុស្សដំបូងគេដែលមានវាសនាជាន់ដីភពអង្គារប្រហែលជាមនុស្សស្រី

សហរដ្ឋអាមេ៉រិក៖ ប្រធានទីភ្នាក់ងារអវកាសអាមេ៉រិក NASA លោក ជីម ប្រាយដិនស្ទាញ បាននិយាយថា មនុស្សដំបូងបំផុតដែលនឹងទៅជាន់លើដីរបស់ភពអង្គារ (ម៉ាស់) ប្រហែលជាមនុស្សស្រី ។ បច្ចុប្បន្នអង្គការ NASA មិនមានផែនការរឹងមាំជាក់លាក់សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពអង្គារនោះទេ ខណៈភពព្រះច័ន្ទកំពុងជាអាទិភាពចម្បង ប៉ុន្តែលោក ជីម ប្រាយដិនស្ទាញ ធ្លាប់បានប្រាប់ថា បេសកកម្មបញ្ជូនក្រុមអវកាសយានិកទៅចុះលើភពអង្គារ អាចនឹងកើតមានឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ ។ ដោយឡែកសម្រាប់បេសកកម្មបញ្ជូនក្រុមអវកាសយានិកឲ្យទៅជាន់ដីព្រះច័ន្ទសាជាថ្មី នៅឆ្នាំ២០២៤ ក្នុងនោះក៏នឹងស្រ្តីម្នាក់ ដែលនឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តក្លាយជាមនុស្សស្រីដំបូងគេ ដែលបានទៅដល់លើផ្ទៃព្រះច័ន្ទផងដែរ ។ បេសកកម្មនេះ ព្រមទាំងគម្រោងសាងសង់ស្ថានីយអវកាសនៅក្បែរគន្លងព្រះច័ន្ទ គឺជាផ្នែកនៃកម្មវិធីឈ្មោះថា អាដធែមមីស របស់អង្គការ NASA ដែលមានគោលដៅបង្កើត និង រក្សាវត្តមានរបស់មនុស្សលោកយើងជាអចិន្រ្តៃយ៍នៅលើផ្ទៃ ក៏ដូចជាក្បែរព្រះច័ន្ទ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់គម្រោងបេសកកម្មជាបន្តបន្ទាប់ទៀតឆ្ពោះទៅកាន់ភពអង្គារ ៕ធ.ដ
-
ប្រធានាធិបតីបារាំងថ្លែងថា អឺរ៉ុបកំពុងប្រឈមមុខនឹងបាត់បង់ខួរក្បាល បើសិនជាអវត្តមានរបស់សហរដ្ឋអាមេ៉រិក

បារំាង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយអះអាងថា ការខ្វះខាតភាពជាមេដឹកនាំរបស់សហរដ្ឋអាមេ៉រិក នឹងបណ្តាលឱ្យខួរក្បាលអង្គការណាតូបាត់បង់ជីវិត នៃសម្ព័ន្ធភាពយោធាណាតូ លោកថា សហភាពអឺរ៉ុបត្រូវបង្កើនសកម្មភាព ហើយចាប់ផ្តើមបំពេញមុខនាទីជាមហាអំណាចពិភពលោកមួយខាងយុទ្ធសាស្ត្រ ។ ថ្លែងក្នុងបទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយទស្សនាវដ្តី The Economist លោក ម៉ាក្រុង បានគូសបញ្ជាក់ថា អ្វីដែលយើងកំពុងជួបប្រទះនៅពេលនេះ គឺការអស់សុពលភាពនៃអង្គការណាតូ លោកថា សហរដ្ឋអាមេ៉រិក នៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ហាក់ដូចជាបែរខ្នងដាក់យើង ដោយបានដកពួកទាហានចេញពីប៉ែកឦសាននៃប្រទេសស៊ីរី ដោយមិនបានប្រាប់ឱ្យដឹងជាមុនទេ ។ ប្រធានាធិបតីបារំាងរូបនេះបានសង្កត់ធ្ងន់ទៀតថា លោក ត្រាំ បានធ្វើឱ្យពួកដៃគូណាតូរបស់លោក ភ្ញាក់ផ្អើលជាមួយការដកកងទ័ពអាមេ៉រិកកាលពីខែមុន ចេញពីប្រទេសស៊ីរី ។ អង្គការណាតូមិនបានបំពេញមុខនាទីនៅក្នុងប្រទេសស៊ីរីទេ ក្រៅពីបានជួយក្រុមចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមជ្រុលនិយម ។ ក៏ប៉ុន្តែចំណាត់ការរបស់លោក ត្រាំ នេះ បានធ្វើឱ្យប្រទេសតួកគីដែលជាសម្ព័ន្ធមិត្តណាតូមួយទៀតយល់ថា ជាការបើកដៃឱ្យខ្លួនចូលលុកលុយតំបន់នោះ ៕ធ.ដ
-
ចំនួនមនុស្សស្លាប់កើនដល់០៦នាក់ និង៣៤៥នាក់របួស ក្នុងហេតុការណ៍គ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកវាយប្រហារអ៊ីរ៉ង់

អ៊ីរ៉ង់៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.០រ៉ិចទ័របានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បានបន្តកើនឡើងដល់៦នាក់ និង៣៤៥នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ចំណុចរំញ័រនៃគ្រោះមហន្តរាយនេះ បានកើតមានឡើងកាលពីពេលទៀបភ្លឺថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅចម្ងាយប្រមាណ១១៨គីឡូម៉ែត្រភាគខាងកើតទីក្រុង តាប្រ៊ីស និង មានជម្រៅ៥១គីឡូ ម៉ែត្រក្រោមផ្ទៃដី ។ សូមរំលឹកផងដែរថា អ៊ីរ៉ង់ស្ថិតនៅលើតំបន់ដែលងាយកើតមានសកម្មភាពរញ្ជួយផែនដីកម្រិតធ្ងន់ញឹកញាប់គួរសម មិនចាញ់ប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិកឡើយ តួយ៉ាងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័របានវាយប្រហារចំព្រំដែនអ៊ីរ៉ង់ជាប់ជាមួយអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និង របួសរាប់រយនាក់ ។ ដោយឡែកនៅឆ្នាំ១៩៩០ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រដែលបានកើតឡើងនៅភាគខាងជើងអ៊ីរ៉ង់ ក៏បានផ្តាច់ជីវិតមនុស្សប្រមាណ ៤ម៉ឺននាក់ និងបង្កឲ្យរបួសមនុស្ស៣០ម៉ឺននាក់ ព្រមទំាងធ្វើឲ្យប្រជាជនអ៊ីរ៉ង់ជាង៥០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង ៕ធ.ដ
-
គ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកនៅអ៊ីរ៉ង់ ផ្តាច់ជីវិតមនុស្សកើនដល់៥នាក់ និងជាង៣០០នាក់ទៀតរបួស

អ៊ីរ៉ង់៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់ហើយបានបាត់បង់ជីវិត និង៣០០នាក់ផ្សេងទៀតទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.០រ៉ិចទ័របានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ចំណុចរំញ័រនៃគ្រោះមហន្តរាយនេះ បានកើតមានឡើងកាលពីពេលទៀបភ្លឺថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅចម្ងាយប្រមាណ១១៨គីឡូម៉ែត្រភាគខាងកើតទីក្រុង តាប្រ៊ីស និង មានជម្រៅ៥១គីឡូ ម៉ែត្រក្រោមផ្ទៃដី ។ សូមរំលឹកផងដែរថា អ៊ីរ៉ង់ស្ថិតនៅលើតំបន់ដែលងាយកើតមានសកម្មភាពរញ្ជួយផែនដីកម្រិតធ្ងន់ញឹកញាប់គួរសម មិនចាញ់ប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិកឡើយ តួយ៉ាងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័របានវាយប្រហារចំព្រំដែនអ៊ីរ៉ង់ជាប់ជាមួយអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និង របួសរាប់រយនាក់ ។ ដោយឡែកនៅឆ្នាំ១៩៩០ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រដែលបានកើតឡើងនៅភាគខាងជើងអ៊ីរ៉ង់ ក៏បានផ្តាច់ជីវិតមនុស្សប្រមាណ ៤ម៉ឺននាក់ និងបង្កឲ្យរបួសមនុស្ស៣០ម៉ឺននាក់ ព្រមទំាងធ្វើឲ្យប្រជាជនអ៊ីរ៉ង់ជាង៥០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង ៕ធ.ដ