-
សហរដ្ឋអាមេ៉រិកចល័តនាវាចម្បាំងមួយគ្រឿងទៀតឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បើទោះជាមានការរិះគន់ពីប្រទេសចិន

សហរដ្ឋអាមេ៉រិក៖ អ្នកនាំពាក្យអង្គភាពយោធាទី៧ របស់យោធាជើងទឹកអាមេ៉រិកបានប្រាប់ថា ថ្មីៗនេះនាវាចម្បាំង USS ឆេនស្លឺវីល បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងការបំពេញប្រតិបត្តិការជាប្រចាំមួយ ដោយស្របទៅតាមច្បាប់អន្តរជាតិ ។ បើតាមអ្នកនាំពាក្យរូបនេះ ការចល័តនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រ បានបន្តស្តែងឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេ៉រិក ដើម្បីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលពោរពេញដោយសិទ្ធិសេរីភាព និងបើកចំហ ហើយយោធាជើងទឹកអាមេ៉រិក នឹងនៅតែចល័តយន្តហោះ និងនាវានៅតាមតំបន់នានាៗឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត ។ គិតក្នុងឆ្នាំ២០១៩នេះ យោធាជើងទឹកអាមេ៉រិកបានធ្វើការចល័តបែបនេះ ចំនួន៩ដងហើយ ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈកាលពីលើកទី៨ ត្រូវបានធ្វើឡើងកាលពីចុងខែកញ្ញា នៅពេលនាវាចម្បាំងអាមេ៉រិក USS អ៊ែធីថាំ បានធ្វើដំណើរកាត់តំបន់នេះ ៕ធ.ដ
-
នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន អំពាវនាវសុំជំនួយពីអង្គការសហប្រជាជាតិ ជុំវិញរឿងអ៊ីស្រាអែលវាយលុកតំបន់ហ្គាហ្សា

ប៉ាឡេស្ទីន៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើតំបន់ ហ្គាហ្សាស្ទ្រីព តទៅទៀត ហើយថែមទំាងបានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យជួយផងដែរ ។ ការអំពាវនាវរបស់នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនខាងលើនេះ បានកើតមានឡើងក្រោយមានការប្រឈមមុខគ្នាជាថ្មីទៀតរវាងកងកម្លាំងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស់ បានផ្ទុះឡើងនៅថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមនេះឈ្មោះ បាហា អាប៊ូ អាល់អាតថា នៅតំបន់ ហ្គាហ្សាស្ទី្រព ដែលប្រការនេះបានបណ្តាលឲ្យមានការវាយប្រហារសងសឹក ដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុមហាម៉ាស់ ។ ហើយជាការឆ្លើយតបវិញនោះ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងបន្តការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីព ដែលកំពុងគ្រប់គ្រងដោយពួកហាម៉ាស់ ៕ធ.ដ
-
ផ្តាសាយជ្រូកនៅឥណ្ឌូនេស៊ី ងាប់ជ្រូក៤៦០០ក្បាលហើយ

គិតត្រឹមថ្ងៃទី១២ វិច្ឆិកា ២០១៩ម្សិលមិញ សត្វជ្រូកយ៉ាងតិច៤៦០០ក្បាលហើយដែលបានងាប់ ដោយសារតែជម្ងឺផ្តាសាយជ្រូក នៅខេត្ត ស៊ូម៉ាត្រាភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី នេះបើតាមរដ្ឋបាលខេត្ត។ កាលពីឆ្នាំមុន ខេត្តស៊ូម៉ាត្រាខាងជើងបានជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីខេត្ត នូសា តេនហ្គារ៉ា ខាងកើត ក្នុងការដែលមានចំនួនសត្វជ្រូកច្រើនជាងគេ ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានចំនួន១លាន២សែនក្បាល។ប្រភពថា ក្នុងខេត្តមួយនេះ សត្វជ្រូកដែលងាប់ច្រើនជាងគេគឺស្ថិតក្នុងតំបន់ កាបានចាហេ ក្នុងចំណោម៣៨ស្រុក៕ធ.ដ
-
សាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីនៅតែបន្តការគំរាមកំហែងខ្លាំង

អូស្រា្តលី៖ សាលារៀនរាប់រយកន្លែងត្រូវបង្ខំចិត្តបិទទ្វារ ស្របពេលដែលប្រជាជនជាច្រើនក៏ត្រូវបានណែនាំឲ្យភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ដោយសារតែភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales នៅតែស្ថិតក្រោមស្ថានភាពអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដដែលនៅទូទាំងរដ្ឋភាគខាងកើតនេះ ។ ឆ្លើយតបនឹងគ្រោះមហន្តរាយខាងលើ អាជ្ញាធរឧតុនិយមអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានប្រកាសសីតុណ្ហភាពជាមធ្យមបានកើនឡើងដល់៣៥អង្សាសេ ហើយបូករួមទាំងខ្យល់ក្តៅ និងស្ងួតផងនោះ កំពុងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃកាន់តែរីករាលដាលនៅទូទាំងរដ្ឋដែលព័ទ្ធជុំវិញទីក្រុងស៊ីដនីមួយនេះ ។ សូមជម្រាបថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales បានអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយ ដោយវាអាចបណ្តាលមកពីការឆាបឆេះព្រៃតូចតាច រហូតរាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ ក៏ព្រោះតែអាកាសធាតុក្តៅស្ងួតមួយរយៈនេះ បានបោកបក់ទៅលើភាគខាងកើតអូស្ត្រាលីដែលជាប់នឹងឆ្នេរសមុទ្រ ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់អះអាងពីការរកឃើញកំនប់ប្រេងដ៏ច្រើនមហាសាលនៅភាគនិរតីប្រទេស

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក បាយហ្សាន ហ្សាងជែណេហ៍ បាននិយាយថា វាជាអណ្តូងប្រេងដ៏ធំបំផុតមួយ ក្នុងចំណោមអណ្តូងប្រេងធំៗផ្សេងទៀត ដែលមិនធ្លាប់ត្រូវបានរកឃើញនោះឡើយ នៃឧស្សាហកម្មប្រេងអ៊ីរ៉ង់ ។ លោក បាយហ្សាន ហ្សាងជែណេហ៍ បាននិយាយទៀតថា កំនប់ប្រេងឆៅរាប់សិបពាន់លានបារ៉ែលថ្មីនេះ គឺស្ថិតនៅក្នុងស្រទាប់ខាងក្រោម នៃកំនប់ប្រេងដែលយើងធ្លាប់បានរកឃើញពីមុន ដោយវានៅរាយប៉ាយនៅក្នុងទំហំផ្ទៃដី២,៤០០គីឡូម៉ែត្រក្រឡាចន្លោះទីក្រុង បូស្តាន និង អូមីឌីយែហ៍ ភាគនិរតីអ៊ីរ៉ង់ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់ ។ បើតាមរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់រូបនេះ ភោគទ្រព្យប្រេងថ្មីដែលអ៊ីរ៉ង់ទើបបានរកឃើញនៅក្នុងខេត្ត ឃូហ្សេស្ថាន ភាគនិរតីនៃប្រទេសនោះ មានប្រេងឆៅសរុបជាង៦៥ពាន់លានបារ៉ែល ដែលចំនួននេះ គឺជាការបង្កើនភោគទ្រព្យប្រេងបម្រុងរបស់ជាតិ រហូតដល់ទៅ២៥%បន្ថែម ស្មើនឹងចំនួនប្រេងឆៅសរុបដែលអ៊ីរ៉ង់មានកើនឡើងដល់២១០ពាន់លានបារ៉ែល ៕ធ.ដ
-
មនុស្សស្លាប់កើនដល់១៦នាក់ និង៥៨នាក់របួស ក្នុងហេតុការណ៍រថភ្លើងពីរខ្សែបុកគ្នានៅបង់ក្លាដែស

បង់ក្លាដែស៖ ចំនួនអ្នកស្លាប់បន្តកើនឡើងដល់១៦នាក់ និង៥៨នាក់ផ្សេងទៀតទទួលរងរបួស ក្រោយរថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹង ស្ថិតនៅតាមបណ្តាលផ្លូវដែកក្នុងស្រុក ប្រាហ៍ម៉ានបារៀ មានចម្ងាយ១០៩គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីដាកា ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង២៖០០នាទីទៀបភ្លឺថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយការស៊ើបអង្កេតលើករណីគ្រោះថ្នាក់រថភ្លើងបុករថភ្លើងនេះ កំពុងត្រូវបានធ្វើឡើង ។ គួរបញ្ជាក់ថាបង់ក្លាដែសជាប្រទេសក្រីក្រមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសផ្លូវថ្នល់ និងផ្លូវដែក មានសភាសចាស់ខូច ដែលងាយនឹងបង្កគ្រោះថ្នាក់បំផុត ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកទំនងជានឹងធ្វើដំណើរទៅចូលរួមទិវាព្យុះហយាត្រាយោធាជាប្រវត្តិសាស្រ្តរបស់រុស្ស៊ីនាខែឧសភា ឆ្នំាក្រោយ

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រនេះថា រូបលោកកំពុងពិចារណាអំពីការធ្វើដំណើរទស្សនកិច្ចទៅចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាជ័យជំនះ ៩ ឧសភា របស់រុស្ស៊ី បន្ទាប់ពីទទួលបានការអញ្ជើញពីសំណាក់សមភាគីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន មុនពេលចាកចេញពីសេតវិមានថា រូបលោកពិតជារំភើបចំពោះការអញ្ជើញ វាជាត្រឹមត្រូវសម្រាប់នាពាក់កណ្តាលរដូវកាលនយោបាយ ដូច្នេះលោកនឹងពិចារណាថាតើលោកអាចធ្វើបានដែរទេ ប៉ុន្តែលោករីករាយនឹងទៅ បើសិនជាអាច ។ បើតាមអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សំណើអញ្ជើញរបស់លោក វ៉្លាឌីមៀ ពូទីន ជូនទៅកាន់សមភាគីរបស់លោក គឺលោក ដូណាល់ ត្រាំ សម្រាប់ការចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋធានីមូស្គូ ត្រូវបានទទួលយកប្រកបដោយការចាប់អារម្មណ៍ ប៉ុន្តែគិតមកទល់ពេលនេះ ខាងសេតវិមាននៅពុំធ្វើការឆ្លើយតបវិញនៅឡើយទេ ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាមេ៉រិកថ្លែងថា អង្គការ NATO ត្រូវតែមានការផ្លាស់ប្តូរ ឬក៏ប្រឈមមុខនឹងការប្រើការលែងបាន

អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡំាង ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃសុក្រនេះថា អង្គការ NATO ត្រូវតែមានការរីកចម្រើនជាងនេះ និងការផ្លាស់ប្តូរ ឬក៏អាចប្រឈមមុខនឹងការប្រើការលែងបាន ។ ការថ្លែងបែបនេះរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា ខួរក្បាលរបស់អង្គការ NATO បានស្លាប់បាត់ហើយ និងព្រមានថា អឺរ៉ុបលែងពឹងលើសហរដ្ឋអាម៉េរិកបានតទៅទៀតហើយ ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ។ ប្រធានាធិបតីបារំាងរូបនេះ ថែមទំាងនិយាយអះអាងទៀតថា ការខ្វះខាតភាពជាមេដឹកនាំរបស់សហរដ្ឋអាមេ៉រិក នឹងបណ្តាលឱ្យខួរក្បាលអង្គការណាតូស្លាប់នៃសម្ព័ន្ធភាពយោធាណាតូ លោកថា សហភាពអឺរ៉ុបត្រូវបង្កើនសកម្មភាព ហើយចាប់ផ្តើមបំពេញមុខនាទីជាមហាអំណាចពិភពលោកមួយខាងយុទ្ធសាស្ត្រ ៕ធ.ដ
-
អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដ្រូនបរទេសមួយគ្រឿង ស្របពេលស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ាកំពុងកើនឡើងកម្តៅ

អ៊ីរ៉ង់៖ កងទ័ពការពារដែនអាកាសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់បរទេសមួយគ្រឿង ដែលហោះហើរនៅលើដែនអាកាសរបស់ទីក្រុង ម៉ាហាហ្សាហ៍ នេះបើតាមការសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន តាស្នីម ។ អភិបាលខេត្ត ឃូហ្សេស្ថាន នៅភាគនិរតីប្រទេសអ៊ីរ៉ង់ គឺលោក ហ្គោឡាមរ៉េហ្សា ហ្សារីយ៉ាទី បាននិយាយថា យន្តហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់នោះ គឺច្បាស់ជារបស់ប្រទេសដទៃណាមួយ លោកថា បច្ចុប្បន្នអាជ្ញាធរអ៊ីរ៉ង់កំពុងធ្វើការប្រមែប្រមូលបំណែកយន្តហោះនោះ ដើម្បីយកទៅធ្វើការអង្កេត ។ ស្របពេលជាមួយគ្នានេះដែរ យោធាអាមេ៉រិកបានច្រានចោលនូវលទ្ធភាពដែលថា យន្តហោះដ្រូននោះគឺជារបស់កងទ័ពអាមេ៉រិក ព្រោះមិនមានយន្តហោះដ្រូនរបស់ខ្លួនណាមួយត្រូវបានគេបាញ់ធ្លាក់ឡើយ ខណៈដែលអ៊ីស្រាអែលក៏បានចេញមុខបដិសេធក្នុងការបញ្ចេញមតិជុំវិញបញ្ហានេះផងដែរ ៕ធ.ដដ
-
មនុស្ស២នាក់ និង៣០នាក់របួស ខណៈផ្ទះសម្បែងជាង១០០ខ្នងត្រូវបំផ្លាញ ដោយសារភ្លើងឆេះព្រៃវាយប្រហារប្រទេសអូស្ត្រាលី

អូស្រា្តលី៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បាត់បង់ជីវិត របួស៣០នាក់ និងបាត់ខ្លួន៧នាក់ ស្របពេលដែលលំនៅដ្ឋានច្រើនជាង៨០ខ្នងត្រូវរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែងដែលកំពុងវាយប្រហារតំបន់ភាគខាងកើតប្រទេសអូស្រ្តាលី ។ បើតាមប្រភពផ្សព្វផ្សាយក្នុងតំបន់ ភ្លើងឆេះព្រៃទាំងនេះបានកើតឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះ ដោយក្នុងនោះមានភ្លើងឆេះព្រៃដល់ទៅ១៧កន្លែងត្រូវបានចាត់ថ្នាក់ជាភ្លើងឆេះព្រៃដែលមានកម្រិតគ្រោះថ្នាក់ខ្លាំង ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នេះនៅសល់ត្រឹម០៦ទៀតប៉ុណ្ណោះ ។ ឆ្លើយតបនឹងគ្រោះមហន្តរាយខាងលើ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម័ររីសុន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋអូស្រ្តាលីបង្កើនការប្រុងប្រយ័ត្ន និងស្តាប់តាមទីភ្នាក់ងារសង្រ្គោះបន្ទាន់ ព្រមទំាងទីភ្នាក់ងារពន្លត់អគ្គិភ័យ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់គ្រប់ស្ថានការណ៍ ៕ធ.ដ