-
ក្រុមជនជាតិភាគតិចនៅប្រេស៊ីលប្រកាសសុំជំនួយពីអ៊ឺរ៉ុប ដើម្បីការពារព្រៃអាម៉ាហ្សូន

មេដឹកនាំជនជាតិភាគតិចប្រេស៊ីល កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសសុំជំនួយនយោបាយពីសហភាពអ៊ឺរ៉ុបដើម្បីការពារព្រៃអាម៉ាហ្សូនដែលកំពុងរងការកាប់បំផ្លាញពីឈ្មួញក្នុងប្រទេស។សកម្មជនឈ្មោះ Sonia Guajajara ឲ្យដឹងថាក្រុមរបស់អ្នកស្រីនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ឺរ៉ុបមួយចំនួននៅក្នុងដំណើររយៈពេល ៣៥ថ្ងៃដើម្បីសុំជំនួយ។ គណប្រតិភូនឹងត្រូវជួបប្រជុំជាមួយមេដឹកនាំនយោបាយ និងសាសនា ក្រុមហ៊ុន និងសកម្មជនផ្សេងៗ។ ក្រុមនេះចង់ឲ្យសហគមន៍អ៊ឺរ៉ុបលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានគ្រោងទុកនៅបណ្តាប្រទេសអាមេ៉រិកខាងត្បូងមួយចំនួន ដែលនឹងនាំមកនូវការឈូសឆាយដីអាម៉ាហ្សូនបន្ថែមទៀត។អគ្គិភ័យដែលបានប្រើដើម្បីឈូសឆាយដីនៅក្នុងតំបន់អាម៉ាហ្សូនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែកក្កដា និងសីហាដែលបណ្តាលឱ្យមានប្រកាសអាសន្នអំពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នាដែរ ជនជាតិដើមភាគតិចមួយក្រុមបានធ្វើបាតុកម្មនៅខាងក្រៅក្រុមប្រឹក្សាអឺរ៉ុបក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក ប្រឆាំងនឹងភ្លើងឆេះព្រៃនៅអាម៉ាហ្សូន។ការតវ៉ានេះធ្វើឡើងស្របពេលដែលមានការមិនពេញចិត្ត ចំពោះគោលនយោបាយរបស់ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលបើកដៃឲ្យមានការកាប់ព្រៃឈើបន្ថែម និងធ្វើឲ្យការការពារបរិស្ថានធ្លាក់ចុះ ក្រោយក្រុមហ៊ុនឈូសឆាយដីដើម្បីធ្វើកសិកម្មពាណិជ្ជកម្ម និងរ៉ែ៕ធ.ដ
-
ក្នុងត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ២០១៩ ក្រុមហ៊ុន Apple រកចំណូលបាន៦៤ពាន់លានដុល្លារលើសពីការរំពឹងទុក

សហរដ្ឋអាមេ៉រិក៖ នៅក្នុងរបាយការណ៍មួយនាពេលថ្មីៗនេះសម្រាប់ត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ២០១៩ ដែលបានបិទបញ្ចប់កាលពីខែកញ្ញាកន្លងទៅ ពោលគឺចាប់ពីដើមខែកក្កដា ដល់ចុងខែកញ្ញា ក្រុមហ៊ុន Apple បានឲ្យដឹងថា ខ្លួនរកចំណូលបាន៦៤ពាន់លានដុល្លារដែលលើសពីការរំពឹងទុក ហើយបើធៀបនឹងកំឡុងពេលដូចគ្នានៃឆ្នាំសារពើពន្ធ២០១៨ គឺច្រើនជាងពីរភាគរយ ។ ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ការរកចំណូលបានដ៏ច្រើនក្នុងត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ២០១៩ គឺមកពីកំណើនយ៉ាងឆាប់រហ័សនៃការលក់ក្នុងផ្នែកសេវាកម្ម ព្រមទាំងឧបករណ៍បំពាក់លើខ្លួនរបស់ Apple ។ លោកបន្ថែមថា នាពេលខាងមុខ Apple សំឡឹងឃើញថា នឹងអាចរកចំណូលបានចន្លោះ៨៥.៥ ទៅ ៨៩.៥ពាន់លានដុល្លារ សម្រាប់ត្រីមាសដំបូងនៃឆ្នាំសារពើពន្ធ២០២០ ដែលនឹងបញ្ចប់នៅខែធ្នូ ឆ្នំាំ២០១៩នេះ ។ គួរបញ្ជាក់ថា អត្រានៃការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ៩.២ភាគរយបើធៀបនឹងឆ្នាំមុន ការលក់ក្នុងផ្នែកផ្សេងទៀតដូចជា សេវាកម្ម និង ឧបករណ៍បំពាក់លើខ្លួនរបស់ Apple បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ។ សម្រាប់ត្រីមាសកន្លងទៅនេះ…
-
ប្រធានាធិបតីបារំាំងអំពាវនាវឱ្យបង្កើនការរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆំាងនឹងបញ្ហាប្រែប្រួលអាកាសធាតុ បើទោះជាសហរដ្ឋអាមេ៉រិកចង់ដកខ្លួនចេញក៏ដោយ

បារំាង៖ ប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើការជំរុញឱ្យបង្កើនការរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆំាងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ខណៈសហរដ្ឋអាមេ៉រិកកំពុងរៀបចំនីតិវិធី ក្នុងការដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ។ ការអំពាវនាវខាងលើរបស់ប្រធានាធិបតីបារាំងរូបនេះ បានកើតមានឡើងស្របពេលដែលរូបលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនហើយ នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ព័រណ៌អន្តរជាតិចិន CIIE ដែលគ្រោងរៀបចំឡើងនៅទីក្រុងសៀងហៃ ។ គួរបញ្ជាក់ថា សហរដ្ឋអាមេ៉រិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស ។ បើតាមកិច្ចព្រមព្រៀងអន្តរជាតិខាងលើ ប្រទេសហត្ថលេខីមិនអាចចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការបានភ្លាមៗឡើយ លុះត្រាតែកិច្ចព្រមព្រៀងចូលជាធរមានបានរយៈពេល០៣ឆ្នាំសិន ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយអាចចេញផុតតែម្តងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ៕ធ.ដ
-
លោក ហាស្សាន រូហានី អះអាងថា អ៊ីរ៉ង់កំពុងឈានជើងចូលជំហានទី៤ ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់កំពុងឈានជើងចូលជំហានទី៤ ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេ៉រិកបានដកខ្លួនចេញកាលពីឆ្នាំ២០១៨ នេះបើតាមប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី នៅថ្ងៃអង្គារម្សិលមិញ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយថា ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ប្រទេសរបស់លោកនឹងចាប់ផ្តើមបញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីន ដើម្បីជាកិច្ចដំណើរការរោងចក្រនុយក្លេអ៊ែរបណ្តើរៗ ។ ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារឃ្លាំមើលថាមពលនុយក្លេអ៊ែរអន្តរជាតិ IAEA ក៏មានការព្រួយបារម្ភចំពោះជំហានរបស់ប្រទេសអ៊ីរ៉ង់ ហើយនឹងបន្តក្នុងការតាមដានផងដែរ ៕ធ.ដ
-
របាយការណ៍ថ្មីមួយបញ្ជាក់ថា ក្រុមភេវរកររដ្ឋឥស្លាម ISIS កំពុងភៀសខ្លួនពីស៊ីរីឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់

បរទេស៖ ពួកភេវរកររដ្ឋឥស្លាម ISIS បាននឹងកំពុងភៀសខ្លួនចេញពីទឹកដីស៊ីរី ឆ្ពោះទៅកាន់តំបន់ប្រជុំភ្នំមួយ ស្ថិតនៅក្នុងទឹកដីតាមព្រំដែនរបស់អ៊ីរ៉ាក់ ដែលជាកន្លែងគ្មានអាជ្ញាធរគ្រប់គ្រង នេះបើតាមប្រភពពីក្រុមសកម្មប្រយុទ្ធឃើដ ដែលដកស្រង់ដោយសារព័ត៌មានអាមេ៉រិក NBC ។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមមានផ្លូវក្រោមដី និងរូងភ្នំមួយចំនួននៅទីនោះ ហើយពួកគេកំពុងតែចល័តទៅកាន់តំបន់នោះ ជាពិសេសគឺនៅពេលយប់ ហើយបើតាមកងជីវពលឃើដនោះ ពួកគេបានឃើញសកម្មភាពចល័តរបស់ក្រុមរដ្ឋឥស្លាម ដោយមានទាំងការជិះម៉ូតូ និងរថយន្តយ៉ាងច្រើន ។ ដោយឡែកក្រុមអ្នកតាមដានរបស់សហរដ្ឋអាមេ៉រិកបានបញ្ជាក់ថា ក្រុមរដ្ឋឥស្លាម ISIS ខាងលើនេះទំនងជាចង់ស្វែងរកទីតាំងដ៏សុវត្ថិភាពមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រឡើងវិញ ក្រោយបាត់បង់ឥទ្ធិពលជាថ្មីម្តងទៀតនៅស៊ីរី និងការផ្តាច់ជីវិតមេដឹកនាំកំពូល លោក អាប៊ូ បាកឺ អាល់បាកដាឌី កាលពីប៉ុន្មានសប្តាហ៍មុន ៕ធ.ដ
-
ចិនច្រានចោលការចូលរួមក្នុងសន្ធិសញ្ញាអាវុធត្រីភាគីជាមួយសហរដ្ឋអាមេ៉រិក និងរុស្ស៊ី

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃអង្គារនេះថា គោលជំហររបស់ប្រទេសចិន គឺច្បាស់លាស់ ហើយយើងជឿថា វាគ្មានហេតុផល និងលក្ខខណ្ឌណាមួយទាល់តែសោះ ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងត្រីភាគី ស្ដីពីការលុបបំបាត់អាវុធជាមួយរុស្ស៊ី និងសហរដ្ឋអាមេ៉រិក។ ការកត់សម្គាល់បែបនេះរបស់លោក ហ្គេង ស័ង ត្រូវបានធ្វើឡើងក្នុងគ្រាដែលសហរដ្ឋអាមេ៉រិក និងរុស្ស៊ីបានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីខែសីហាកន្លងទៅ ហើយបច្ចុប្បន្ននៅសល់តែសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START តែមួយប៉ុណ្ណោះ ដែលនឹងត្រូវអស់សុពលភាពនៅខែកុម្ភៈឆ្នាំ២០២១ ។ ប៉ុន្តែព្រមពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេ៉រិកនៅពុំទាន់បានបង្ហាញពីបំណងចង់បន្តសុពលភាពនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START នៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ ចង់បានសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មីមួយជាមួយចិន និងរុស្ស៊ី ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកចាប់ផ្តើមនីតិវិធីដើម្បីដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុ

សហរដ្ឋអាមេ៉រិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទម្សិលមិញ បានចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស ។ បើតាមកិច្ចព្រមព្រៀងអន្តរជាតិខាងលើ ប្រទេសហត្ថលេខីមិនអាចចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការបានភ្លាមៗឡើយ លុះត្រាតែកិច្ចព្រមព្រៀងចូលជាធរ មានបានរយៈពេល០៣ឆ្នាំសិន ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយអាចចេញផុតតែម្តងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងដកសហរដ្ឋអាមេ៉រិកចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស បន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេ៉រិក ក្រោមហេតុផលថា វាបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេ៉រិក ៕ធ.ដ
-
លោកស្រី ខារី ឡំា ជួបជាមួយប្រធានាធិបតីចិន ស្របពេលបាតុកម្មដ៏ហិង្សានៅទីក្រុងហុងកុងហាក់មិនទាន់ថមថយកម្តៅនៅឡើយ

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ បានជួបជាមួយអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា ដែលធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍ពិព័រណ៌អន្តរជាតិចិន CIIE ជាលើកទី២ នៅក្នុងទីក្រុងសៀងហៃ ។ នាឱកាសនោះដែរ ប្រធានាធិបតីចិនរូបនេះបានបង្ហាញការទុកចិត្តយ៉ាងខ្លាំង ចំពោះលោកស្រី ខារី ឡាំ ដែលកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យចុះចេញពីតំណែងពីសំណាក់ក្រុមបាតុករ ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ស៊ី ក៏បានអះអាងដែរថា បច្ចុប្បន្នការបញ្ចប់អំពើហិង្សា ភាពវឹកវរ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ គឺជាអាទិភាពដ៏ចម្បងសម្រាប់រដ្ឋាភិបាលទីក្រុងហុងកុង ។ សូមរំលឹកថា កាលពីសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ជាច្រើនថា ប្រទេសចិន កំពុងរៀបចំដកលោកស្រី ខារី ឡំា ចេញពីតំណែងជាអភិបាលក្រុងហុងកុង តែព័ត៌មាននេះមិនត្រូវបានទីក្រុងប៉េកាំងទទួលស្គាល់នោះទេ ៕ធ.ដ
-
អង្គការ NASA របស់សហរដ្ឋអាមេ៉រិកចង់បញ្ជូនយានទៅសិក្សាភពបម្រុងភ្លុយតូជាថ្មីម្តងទៀត

សហរដ្ឋអាមេ៉រិក៖ទីភ្នាក់ងារអវកាស NASA បានផ្តល់ថវិកាឲ្យវិទ្យាសា្ថនស្រាវជ្រាវ ស៊ោវេស រីស៊ើច អ៊ីនស្ទីឈ្យូត (SwRI) ដើម្បីធ្វើការសិក្សាវាយតម្លៃលើលទ្ធភាពនៃគម្រោងបេសកកម្មមួយ ស្តីពីការបញ្ជូនយានប្រភេទផ្កាយរណបឲ្យទៅគោចរនៅក្បែរភពបម្រុងភ្លុយតូ ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ខាយភើ ។ វិទ្យាស្ថាន SwRI នេះគឺជាអ្នកដឹកនាំបេសកកម្ម ញ៊ូ ហឺរីហ្សូន របស់អង្គការ NASA ដែលវាបានហោះឆ្វែលទៅកៀកភពបម្រុងភ្លុយតូកាលពីខែកក្កដា ឆ្នាំ២០១៥ និងផ្តិតយករូបភាពជិតជាលើកទីមួយនៃភពបម្រុង ឬ ភពមិនពេញលក្ខណៈដែលគេហៅថា វ៉ាហ្វ ផ្លេណេត នេះ។ ពាក់ព័ន្ធនឹងគម្រោងចង់ត្រឡប់ទៅសិក្សា Pluto ជាថ្មីម្តងទៀត ហើយស្ថិតនៅទីនោះឲ្យយូរជាងមុន គឺមិនមែនមានន័យថា វានឹងក្លាយជាការពិតឡើយ ព្រោះថា អង្គការ NASA ក៏បានចាត់ឲ្យមានការសិក្សាវាយតម្លៃលើគម្រោងបេសកកម្មប្រមាណ៩ផ្សេងទៀតផងដែរ ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងអះអាងថា ទ្វារចរចាកាន់តែតូចចង្អៀត ខណៈសហរដ្ឋអាមេ៉រិកបន្តដាក់ប្រទេសខ្លួនក្នុងបញ្ជីរដ្ឋគំាទ្រអំពើភេវរកម្ម

កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ៍នេះ បានធ្វើការរិះគន់សហរដ្ឋអាមេ៉រិកដែលបន្តដាក់បញ្ជូនរបបដឹកនំាកុម្មុយនីស្តរបស់ខ្លួន ទៅក្នុងបញ្ជីរដ្ឋគំាទ្រអំពើភេវរកម្ម និងបានព្រមានថា ទ្វារសម្រាប់ការចរចាគ្នារវាងប្រទេសទំាងពីរកំពុងតែរួមតូចទៅហើយ ដោយសារតែគោលនយោបាយអរិភាព ។ អ្នកនំាពាក្យក្រសួងការបរទេសកូរ៉េខាងជើងមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង ហើយថែមទំាងបានប្រកាសថ្កោលទោស និង ច្រានចោលរបាយការណ៍ប្រចាំឆ្នំាំរបស់សហរដ្ឋអាមេ៉រិកនាពេលថ្មីៗនេះ ក៏ដូជាចាត់ទុកថា ទង្វើនេះគឺជាការញុះញុងស្ថិតក្រោមហេតុផលនយោបាយប្រឆំាងនឹងកូរ៉េខាងជើង ។ សូមរំលឹកថា យោងតាមរបាយការណ៍ខាងលើ កូរ៉េខាងជើងត្រូវបានសហរដ្ឋអាមេ៉រិកចាត់ទុកជារដ្ឋគាំទ្រភេរវកម្មកាលពីឆ្នាំ១៩៨៨ ដោយសារមូលហេតុចម្បង គឺកូរ៉េខាងជើងមានជាប់ពាក់ព័ន្ធក្នុងករណីបំផ្ទុះគ្រាប់លើយន្តហោះ របស់អាកាសចរណ៍កូរ៉េខាងត្បូង ខូរាន អ៊ែរ កាលពីឆ្នាំ១៩៨៧ ។ កាលពីឆ្នាំ២០០៨ ឈ្មោះកូរ៉េខាងជើងត្រូវដកចេញវិញ ក៏ប៉ុន្តែត្រូវបានសហរដ្ឋអាមេ៉រិកចាត់បញ្ចូលមកវិញកាលពីឆ្នាំ២០១៧ ៕ធ.ដ