Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងត្បូងបញ្ជាក់ថា សហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើងត្រូវបានរំពឹងថា មានផែនការរៀបចំកិច្ចពិភាក្សានុយក្លេអ៊ែរកម្រិតការងារនាដើមខែធ្នូខាងមុខ

    កូរ៉េខាងត្បូងបញ្ជាក់ថា សហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើងត្រូវបានរំពឹងថា មានផែនការរៀបចំកិច្ចពិភាក្សានុយក្លេអ៊ែរកម្រិតការងារនាដើមខែធ្នូខាងមុខ

    កូរ៉េខាងត្បូង៖ សហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរក្នុងកម្រិតការងារជុំថ្មីផ្សេងទៀត ដែលគ្រោងធ្វើឡើងនាដើមខែធ្នូ ឆ្នំា២០១៩ខាងមុខ នេះបើតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងនៅក្នុងថ្ងៃចន្ទ ម្សិលមិញ ។ ទីភ្នាក់ងារចារកម្មជាតិរបស់កូរ៉េខាងត្បូង NIS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំឡុងសវនកម្មសភាបិទទ្វារមួយថា កូរ៉េខាងជើងបានកំណត់ពេលវេលាត្រឹមចុងឆ្នំា២០១៩នេះ ជាកាលបរិច្ឆេតសម្រាប់កិច្ចចរចាគ្នាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេ៉រិក ។ ការកត់សម្គាល់បែបនេះរបស់ទីភ្នាក់ងារ NIS ត្រូវបានធ្វើឡើងក្រោយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងបានរៀបចំកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរក្នុងកម្រិតការងារម្តងរួចមកហើយ នៅក្នុងរដ្ឋធានីនៃប្រទេសស៊ុយអែត បន្ទាប់ពីបានជាប់គំាងអស់រយៈពេលជាច្រើនខែ ប៉ុន្តែកិច្ចចរចាគ្នានាពេលនោះ ត្រូវបានទទួលការបរាជ័យ ខណៈកូរ៉េខាងជើងបានទម្លាក់កំហុសនេះលើសហរដ្ឋអាមេ៉រិក ៕ធ.ដ

  • វៀតណាមចាប់ខ្លួនមនុស្ស៨នាក់ ករណីរកឃើញសពមនុស្ស៣៩នាក់ក្នុងទូកុងទីន័រ នៅអង់គ្លេស

    វៀតណាមចាប់ខ្លួនមនុស្ស៨នាក់ ករណីរកឃើញសពមនុស្ស៣៩នាក់ក្នុងទូកុងទីន័រ នៅអង់គ្លេស

    នគរបាលវៀតណាមបានចាប់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធនឹងការរកឃើញសាកសពមនុស្ស៣៩នាក់ នៅក្នុងរថយន្តកុងទីន័រមួយគ្រឿង នៅទីក្រុងឡុង ប្រទេសអង់គ្លេស កាលពីខែមុន ដោយមានការជឿជាក់ថា សពទាំងនោះគឺជាជនជាតិវៀតណាម នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាម នៅថ្ងៃចន្ទ ម្សិលមិញ ហើយការចាប់ខ្លួនថ្មីបន្ថែមទៀតនេះ នាំឲ្យចំនួនមនុស្សត្រូវបានចាប់ខ្លួន កើនដល់១០នាក់។ នគរបាលអង់គ្លេស កាលពីសប្តាហ៍មុន បានចោទប្រកាន់បុរស២នាក់ ពីបទមនុស្សឃាតលើមនុស្សទាំង៣៩នាក់ ដោយសាកសពត្រូវបានរកឃើញ កាលពីថ្ងៃទី២៣ តុលា។ ស្នងការនគរបាលខេត្ត Nghe An លោក Nguyen Huu Cau បានឲ្យដឹងថា «ផ្អែកតាមអ្វីដែលពួកយើងបានដឹងពីជនសង្ស័យ គឺថាពួកយើងនឹងបើកការស៊ើបអង្កេត វែកមុខឲ្យឃើញក្រុមបណ្តាដែលនាំមនុស្សដោយខុសច្បាប់ទៅអង់គ្លេស»៕ធ.ដ

  • នាយករដ្ឋមន្ត្រីចិន-ជប៉ុនឆ្លៀតជួបគ្នា អំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅបាងកក

    នាយករដ្ឋមន្ត្រីចិន-ជប៉ុនឆ្លៀតជួបគ្នា អំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅបាងកក

    កាលពីថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជាមួយលោក អាបេ ស៊ីនសូ នាយករដ្ឋមន្ត្រីជប៉ុន។ លោក លី ខឺឈាង បានថ្លែងថា ក្រោមបរិបទដែលសេដ្ឋកិច្ចពិភពលោកកាន់តែធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ ភាគីទាំងពីរចិន និងជប៉ុនសុទ្ធតែមានបំណងប្រាថ្នាចង់គាំពារពហុភាគីនិយម និងពាណិជ្ជកម្មសេរី។ ចិន និងជប៉ុនត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងគ្នាឱ្យកាន់តែស៊ីជ្រៅថែមទៀត ។ ក្នុងឱកាសនៃខួបគម្រប់ ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងចិន-ជប៉ុន-កូរ៉េខាងត្បូងនាឆ្នាំនេះ កិច្ចប្រជុំកំពូលនៃមេដឹកនាំចិន-ជប៉ុន-កូរ៉េខាងត្បូងលើកទី ៨ នឹងបើកធ្វើនៅប្រទេសចិនផងដែរ។ សង្ឃឹមថាឱកាសមួយនេះអាចជំរុញកិច្ចសហប្រតិបត្តិការរវាងត្រីភាគី រួមគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់។ ជាការឆ្លើយតប លោក អាបេ ស៊ីនសូ បានថ្លែងថា តាំងពីឆ្នាំទៅមិញរៀងមក ឧត្តមមន្ត្រីនៃរដ្ឋាភិបាលជប៉ុន និងចិនបានជួបសន្ទនាជាច្រើនដងដោយបានជំរុញយ៉ាងខ្លាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនជាវិជ្ជមាន​ក្នុងយុគសម័យថ្មី។ ជប៉ុនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្រិតខ្ពស់ជាមួយចិន និងបង្កើនភាពសម្របសម្រួលគ្នាក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ លោក អាបេ រំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន-ជប៉ុន-កូរ៉េខាងត្បូងលើកទី ៨…

  • សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន នៅប្រទេសថៃ ប្រកបដោយជោគជ័យ

    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន នៅប្រទេសថៃ ប្រកបដោយជោគជ័យ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាព នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន នៅទីក្រុងបាងកក ប្រទេសថៃ ទទួលបានលទ្ធផលជោគជ័យ។ សូមបញ្ជាក់ថា កិច្ចប្រជុំដែលបានប្រារព្ធឡើងនៅទីក្រុងបាងកក រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេ៉រិកលើកទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣។ ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន ព្រមទាំងជួបពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ, ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន, នាយករដ្ឋមន្រ្តីរុស្ស៉ី, ប្រធានាធិបតីកូរ៉េខាងត្បូង, ស្តេចស៊ុលតង់នៃប្រទេសប្រុយណេ និងមេដឹកនាំកំពូលនៃប្រទេសជាសមាជិកអាស៊ាន។ ក្រៅពីនោះសម្តេចតេជោ ក៏អញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយលោក ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីវៀតណាម…

  • មេដឹកនាំអាស៊ានទាំង១០ប្រទេសត្រូវបានប្រធានាធិបតីសហរដ្ឋអាមេ៉រិកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសនាឆ្នំាក្រោយនេះ

    មេដឹកនាំអាស៊ានទាំង១០ប្រទេសត្រូវបានប្រធានាធិបតីសហរដ្ឋអាមេ៉រិកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសនាឆ្នំាក្រោយនេះ

    សហរដ្ឋអាមេ៉រិក៖ មេដឹកនាំអាស៊ានទាំង១០ប្រទេសត្រូវបានទទួលការអញ្ជើញពីសំណាក់ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ មកចូលរួមក្នុងកិច្ចប្រជុំពិសេសមួយ ដែលគ្រោងរៀបចំឡើងនៅសហរដ្ឋអាមេ៉រិកនាឆ្នាំក្រោយនេះ ។ លិខិតអញ្ជើញមេដឹកនាំអាស៊ានខាងលើ ត្រូវបានអានដោយទីប្រឹក្សាសន្តិសុខជាតិអាមេ៉រិក លោក Robert O’Brien កំឡុងកិច្ចប្រជុំកំពូលអាស៊ានក្នុងរដ្ឋធានី បាងកក ប្រទេសថៃ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ បើតាមលិខិតអញ្ជើញនេះ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកនឹងផ្ដល់ឱកាសដ៏ពិសេសដល់បណ្ដាមេដឹកនាំអាស៊ាន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេ៉រិក ៕ធ.ដ

  • កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅប្រទេសថៃ បិទបញ្ចប់ជាផ្លូវការជាមួយនឹងការទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់

    កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅប្រទេសថៃ បិទបញ្ចប់ជាផ្លូវការជាមួយនឹងការទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់

    ថៃ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ដែលបានផ្តួចផ្តើមឡើងនៅរដ្ឋធានីបាង កក ប្រទេសថៃរយៈពេល៣ថ្ងៃមកនេះ បានបិទបញ្ចប់ជាផ្លូវការហើយ កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយការទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ។ នៅក្រោយការថ្លែងសុន្ទរកថាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំអាស៊ានបានរួមសហការគ្នា ក្នុងការឈានទៅសម្រេចបាននូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្តនេះរួចមក នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានអញ្ជើញជូនញញួរដល់សមភាគីវៀតណាមលោក ង្វៀន សួនហ៊្វុក ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និង លើកទី៣៧ នៅឆ្នាំ២០២០ខាងមុខ ។ បន្ទាប់ពីទទួលបានញញួរជាប្រធានបន្តវេនដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ខាងមុខ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះបានប្តេជ្ញាចិត្តចំពោះមុខមេដឹក នាំអាស៊ាន ក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឱ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ដើម្បីបម្រើឱ្យផលប្រយោជន៍នៃប្រជាជនអាស៊ានជាង៦៥០លាននាក់ ៕ធ.ដ

  • ការប៉ះទង្គិចគ្នាដោយហិង្សាជាថ្មីទៀតរវាងអាជ្ញាធរអ៊ីរ៉ាក់ និងក្រុមបាតុករ បណ្តាលឲ្យមានមនុស្ស០៥នាក់បន្ថែមទៀតស្លាប់

    ការប៉ះទង្គិចគ្នាដោយហិង្សាជាថ្មីទៀតរវាងអាជ្ញាធរអ៊ីរ៉ាក់ និងក្រុមបាតុករ បណ្តាលឲ្យមានមនុស្ស០៥នាក់បន្ថែមទៀតស្លាប់

    អ៊ីរ៉ាក់៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់បន្ថែមទៀតហើយបានបាត់បង់ជីវិត ក្រោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកការបាញ់ប្រហារដោយប្រើគ្រាប់កំាភ្លើងពិតលើក្រុមបាតុករ ក្នុងរដ្ឋធានី បាកដាដ នៅថ្ងៃចន្ទម្សិលមិញ នេះបើតាមសាក្សី និង អ្នករាយការណ៍ព័ត៌មាននៅកន្លែងកើតហេតុ ។ ការប៉ះទង្គិចគ្នាខាងលើ បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី បានអំពាវនាវយ៉ាងទទូចឱ្យក្រុមបាតុករទាំងអស់បញ្ឈប់ការធ្វើបាតុកម្ម និងអំពើហិង្សាជាបន្ទាន់ ដើម្បីចូលរួមចំណែកស្ដារស្ថានការណ៍ និងការរស់នៅរបស់ប្រជាជនទូទាំងប្រទេស ឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ។ សូមរំលឹកថា បាតុកម្មតវ៉ានៅអ៊ីរ៉ាក់បានផ្ទុះឡើងចាប់តាំងពីដើមខែតុលា ដោយក្រុមបាតុករបាននាំគ្នាប្រឆាំងជំទាស់ និង ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអំពើពុករលួយ និងបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ប៉ុន្តែបាតុកម្មតវ៉ានេះ បានបង្កជាអំពើហិង្សារវាងអាជ្ញាធរអ៊ីរ៉ាក់ និងក្រុមបាតុករ ហើយជាលទ្ធផលនោះ មានមនុស្សច្រើនជាង២៥០នាក់ហើយបានស្លាប់ ៕ធ.ដ

  • អ៊ីស្រាអែលចំណាយថវិកាខ្ទង់២០៦លានដុល្លារ ដើម្បីទិញយន្តហោះផ្លូវការសម្រាប់ដឹកមេដឹកនំាំកំពូលរបស់ខ្លួន

    អ៊ីស្រាអែលចំណាយថវិកាខ្ទង់២០៦លានដុល្លារ ដើម្បីទិញយន្តហោះផ្លូវការសម្រាប់ដឹកមេដឹកនំាំកំពូលរបស់ខ្លួន

    អ៊ីស្រាអែល៖ ក្រុមហ៊ុនផលិតយន្តហោះ និងគ្រឿងសព្វាវុធអ៊ីស្រាអែល IAI កាលពីចុងសប្តាហ៍មុននេះ បានធ្វើតេស្តហោះហើរជាលើកដំបូងនៃយន្តហោះដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើដំណើររបស់ថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន ។ គិតមកទល់ពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានចំណាយថវិកាខ្ទង់២០៦លានដុល្លារ សម្រាប់ការទិញ និងកែច្នៃយន្តហោះ Boeing នេះដែលធ្លាប់បម្រើជា យន្តហោះដឹកអ្នកដំណើរធម្មតាអស់រយៈពេលជិត២០ឆ្នាំមកហើយ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនៅអូស្រ្តាលី ។ យន្តហោះខាងលើជាប្រភេទយន្តហោះ Boeing 767-300ER ដែលត្រូវបានក្រុមហ៊ុន IAI ចំណាយពេលកែច្នៃអស់រយៈពេលប្រមាណជា២ឆ្នាំមកហើយ ដើម្បីឲ្យក្លាយទៅជាយន្តហោះដំបូងគេ ប្រើសម្រាប់ការធ្វើដំណើររបស់នាយករដ្ឋមន្រ្តី និងប្រធានាធិបតីអ៊ីស្រាអែល ។ គួរបញ្ជាក់ថា យន្តហោះនេះមានឈ្មោះផ្លូវការថា 4X-ISR ហើយបើតាមការអះអាងរបស់ក្រុមហ៊ុន IAI គឺវាអាចធ្វើដំណើរដល់សហរដ្ឋអាមេ៉រិក ចិន ជប៉ុន និងប្រេស៊ីល ដោយមិនចាំបាច់ឈប់ឡើយ ។ បន្ថែមលើនេះ វាក៏ត្រូវបានបំពាក់ប្រព័ន្ធទំនាក់ទំនងយ៉ាងទំនើប និងប្រកបដោយសុវត្ថិភាពរឹងមាំផងដែរ ៕ធ.ដ

  • រដ្ឋធានីរបស់ប្រទេសឥណ្ឌាប្រកាសស្ថានភាពគ្រាអាសន្នអំពីការបំពុលអាកាសធាតុ

    រដ្ឋធានីរបស់ប្រទេសឥណ្ឌាប្រកាសស្ថានភាពគ្រាអាសន្នអំពីការបំពុលអាកាសធាតុ

    អាជ្ញាធរនៅរដ្ឋធានី ញ៉ូវ ដេល្លី របស់ឥណ្ឌា នៅពេលនេះ បានប្រកាសស្ថានភាពគ្រាអាសន្នអំពីការបំពុលអាកាសធាតុ ដោយបានបិទសាលារៀន និងសកម្មភាពសាងសង់ទាំងអស់ ខណៈដែលមានការលើកឡើងដោយអាជ្ញាធរថា អាកាសធាតុក្នុងទីក្រុង ដូចទៅនឹងធុងហ្គាស។ ផ្សែងអ័ព្ទដ៏ក្រាស់គ្របលើរដ្ឋធានីឥណ្ឌានៅសប្តាហ៍នេះមួយភាគធំ បង្កឡើងពីភ្លើងដុតដើមពោត ដុតស្មៅធ្វើចំការនៅក្នុងរដ្ឋក្បែរខាងនោះ។ លោក អាវីន កេរីវ៉ាល់ អភិបាលក្រុងញ៉ូវ ដេល្លី បាននិយាយថា ទីក្រុងនេះបានក្លាយជាធុងហ្គាសមួយ នៅពេលលោកប្រកាសថាអាជ្ញាធរនឹងចែកម៉ាសមុខ ហើយអំពាវនាវឲ្យអ្នកក្រុងញ៉ូវ ដេល្លី ប្រើវាដើម្បីទប់ទល់នឹងផ្សែងអ័ព្ទ។ផ្សែងអ័ព្ទដ៏ក្រាស់គ្របលើរដ្ឋធានីញ៉ូវ ដេល្លី កាលពីថ្ងៃ០១ វិច្ឆិកា ជាហេតុនាំឲ្យអាជ្ញាធរប្រកាសបិទសាលារៀន និងប្រកាសស្ថានភាពគ្រាអាសន្នខាងសុខភាព។ ការវាស់កំរិតកខ្វក់ខ្យល់អាកាសកាលពីថ្ងៃសុក្រឃើញ៤៨៤ នៅលើកំរិត៥០០។ ការវាស់នេះដើម្បីឲ្យដឹងកំរិតធាតុតូចល្អិត PM 2.5នៅក្នុងខ្យល់។ កំរិតPM 2.5លើ៤០០ឡើងត្រូវគេចាត់ទុកថាគ្រោះថ្នាក់ចំពោះសុខភាព ជាពិសេសបង្កជម្ងឺផ្លូវដង្ហើមដោយសារតែកំទេចធូលី PM 2.5ចូលទៅក្នុងសួត៕ធ.ដ

  • មេដឹកនំាំកំពូលអ៊ីរ៉ង់ចេញមុខអះអាងមិនអនុញ្ញាតឱ្យមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ក្រោយប្រទេសខ្លួនទើបរងទណ្ឌកម្មជាថ្មីទៀត

    មេដឹកនំាំកំពូលអ៊ីរ៉ង់ចេញមុខអះអាងមិនអនុញ្ញាតឱ្យមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ក្រោយប្រទេសខ្លួនទើបរងទណ្ឌកម្មជាថ្មីទៀត

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់នឹងរក្សាការហាមឃាត់របស់ខ្លួន លើកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងតេហេរ៉ង់នឹងចាត់ទុកប្រទេសទំាងពីរជាសត្រូវ ដែលមិនអាចប្រកែកបាន នេះបើតាមមេដឹកនំាកំពូលអ៊ីរ៉ង់លោក អាយ៉ាតុលា អាលី ខាមិនណេ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។មេដឹកនំាកំពូលអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា ការហាមឃាត់កុំឲ្យមានការចរចានេះ នឹងក្លាយទៅជាភាពដ៏រឹងមាំរបស់ប្រទេសអ៊ីរ៉ង់ ព្រោះវានឹងរារាំងផ្លូវនៃការជ្រៀតចូលរបស់សត្រូវ ព្រមទាំងនឹងបង្ហាញពីការចាប់អារម្មណ៍របស់ពិភពលោកមកលើសាធារណរដ្ឋអ៊ីស្លាមវិញ ក៏ដូចជាការលប់បំបាត់វិធីបំបាក់ស្មារតី ការភូតភរ និង ក្លែងក្លាយរបស់សហរដ្ឋអាមេរិកទៅកាន់ពិភពលោកតទៅទៀត ។សូមជម្រាបផងដែរថា ការលើកឡើងបែបនេះរបស់លោក ខាមិនណេ ត្រូវបានធ្វើឡើងមួយថ្ងៃមុនថ្ងៃខួប នៃការរឹបអូសយកស្ថានទូតសហរដ្ឋអាមេរិកដោយនិស្សិត អ៊ីរ៉ង់នៅទីក្រុងតេហរ៉ង់ កាលពី៤០ឆ្នាំមុន ។ ស្ថានទូតសហរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយនិស្សិតអ៊ីរ៉ង់កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧៩ ហើយបុគ្គលិក នៅទីនោះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល៤៤៤ថ្ងៃ ៕