-
ផ្ទុះជំងឺផ្តាសាយជ្រូកនៅប្រទេសឥណ្ឌូនេស៊ី ងាប់ជ្រូកជាង៤ពាន់ក្បាល

សត្វជ្រូកច្រើនជាង៤០០០ក្បាលបានងាប់ ក្រោយពេលដែលផ្ទុះជម្ងឺផ្តាសាយជ្រូកនៅខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី នេះបើតាមប្រធានទីភ្នាក់ងារគ្រប់គ្រងសត្វ និងសន្តិសុខស្បៀងប្រចាំតំបន់ កាលពីថ្ងៃពុធទី៦ វិច្ឆិកា ម្សិលមិញ។ យ៉ាងណាក៏ដោយ លោក Azhar Harahap បានសង្កត់ធ្ងន់ថា វីរុសនេះគឺឆ្លងមកត្រឹមសត្វជ្រូកប៉ុណ្ណោះ មិនឆ្លងមកមនុស្សទេ។ ជម្ងឺផ្តាសាយជ្រូក ហៅកាត់ថា CSF ត្រូវបានរកឃើញដំបូង កាលពីខែកញ្ញា ក្នុងស្រុក Dairi នៃខេត្តរបស់ឥណ្ឌូនេស៊ីមួយនេះ ដោយលោក Azhar Harahap បញ្ជាក់ទៀតថា ទីភ្នាក់ងាររបស់លោកកំពុងធ្វើប្រតិបត្តិការត្រួតពិនិត្យ នៅទីតាំងនានា ក្នុងស្រុកចំនួន៣៨។ យោងតាមការវាយតម្លៃបឋមរបស់ការិយាល័យស្ថិតិឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រទេសមួយនេះផលិតសាច់ជ្រូកជិត៣៣ម៉ឺនតោន កាលពីឆ្នាំមុន ហើយខេត្ត North Sumatra ផលិតសាច់៤៣៣០៨តោន កាលពីឆ្នាំមុន៕ធ.ដ
-
ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យបង្កើតបណ្ដុំឯកសារថ្មីមួយ និងអាចទុកចិត្តបាន ដើម្បីជំនួសគេហទំព័រ Wikipedia

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងក្នុងកិច្ចប្រជុំគណកម្មាធិការភាសារុស្ស៊ីនៅទីក្រុងក្រឹមឡំាងថា រុស្ស៊ីគួរតែមានបណ្តុំឯកសារថ្មីមួយ យកមកជំនួសគេហទំព័រ Wikipedia ដែលក្នុងន័យនេះ លោក ពូទីន ចង់ឲ្យរុស្ស៊ីមានអ្វីជារបស់ខ្លួនឯង ដើម្បីប្រើប្រាស់ ។ ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ច្បាស់ណាស់ គឺចង់សំដៅទៅលើបណ្តុំឯកសាររបស់រុស្ស៊ីមួយ ដែលបានបង្កើតឡើងនៅចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ២០១៤ ប៉ុន្តែវាបោះពុម្ភនៅតែលើក្រដាសប៉ុណ្ណោះ ។ ដោយមើលឃើញបែបនេះ រដ្ឋាភិបាលទីក្រុងមូស្គូគ្រោងនឹងចំណាយប្រាក់ប្រមាណ២៦,៧លានដុល្លារ ដើម្បីអភិវឌ្ឍន៍បណ្តុំឯកសារថ្មីនេះទៅជាគេហទំព័រអនឡាញមួយ ដែលស្រដៀងទៅនឹង Wikipedia ក្នុងរយៈពេល៣ឆ្នាំទៀត នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលរុស្ស៊ី ដែលចេញផ្សាយកាលពីខែសីហាកន្លងទៅ ។ សូមបញ្ជាក់ថា គេហទំព័រ Wikipedia ក្នុងភាសារុស្ស៊ី ត្រូវបានគេស្គាល់ថា Vikipedia ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និង បានចេញផ្សាយអត្ថបទច្រើនជាង១,៥លាន។ នៅក្នុងឆ្នាំ២០១៥ រុស្ស៊ីក៏បានហាមឃាត់គេហទំព័រ Wikipedia បោះពុម្ភនៅអត្ថបទមួយចំនួន ពាក់ព័ន្ធទៅនឹងគ្រឿងញៀនផងដែរ ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់តួកគីអះអាងថា ប្រទេសខ្លួននឹងទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ី បើសិនជាវាចំាបាច់ និង ជាជម្រើសល្អសម្រាប់វិស័យយោធា

តួកគី៖ លោកស្រី នូរីន អាតេសូគ្លូ ហ្គូនី ដែលជាសមាជិកក្រុមប្រឹក្សាគោលនយោបាយសន្តិសុខ និងការងារបរទេសរបស់ប្រធានាធិបតីតួកគីថ្លែងថា ប្រទេសរបស់លោកស្រីនឹងទិញយន្ដហោះចម្បាំងរុស្ស៊ី Su-35 ប្រសិនបើជាវាចាំបាច់ និងជាជម្រើសល្អសម្រាប់វិស័យយោធា បើទោះជាប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេ៉រិក ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី នូរីន អាតេសូគ្លូ ហ្គូនី បានបញ្ជាក់ថា រឿងប៉ះពាល់ដល់ទំនាក់ទំនងរវាងតួកគី និង សហរដ្ឋអាមេ៉រិក អាចនឹងកើតមាន ព្រោះជាការពិត យើងកំពុងមានបញ្ហាជាច្រើនជាមួយសហរដ្ឋអាមេ៉រិក តែវាមិនសំខាន់ទេ ពោលគឺបើយន្តហោះចម្បំាងរុស្ស៊ី Su-35 វាចាំបាច់ និងជាជម្រើសល្អ សម្រាប់វិស័យយោធារបស់យើង នោះយើងនឹងទិញវានៅថ្ងៃអនាគត ។ សូមរំលឹកថា ក្រុមមន្ត្រីតួកគីបានបង្ហើបឱ្យដឹងកាលពីចុងខែតុលាកន្លងទៅថា តួកគី និង រុស្ស៊ី នឹងបន្តកិច្ចចរចាទិញយន្តហោះចម្រំាង Su-35 ខណៈសហរដ្ឋអាមេ៉រិកគំរាមបញ្ឈប់ការប្រគល់យន្ដហោះចម្បាំង F-35 ឱ្យតួកគី ដោយសារតែការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ៕ធ.ដ
-
រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងកាត់បន្ថយចំនួនកងទ័ពឲ្យនៅត្រឹម៥០ម៉ឺននាក់នៅឆ្នំាំ២០២០ខាងមុខ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើការកាត់បន្ថយចំនួនទ័ពឲ្យនៅត្រឹមកន្លះលាននាក់នៅឆ្នាំ២០២២ខាងមុខ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងនៅថ្ងៃពុធ ម្សិលមិញ ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់ថា ចំនួនកងទ័ពនឹងត្រូវបន្ថយមកនៅត្រឹម៥០ម៉ឺននាក់នៅឆ្នាំ២០២២ ដើម្បីត្រៀមសម្របទៅតាមការប្រែប្រួលនៅក្នុងសមរភូមិប្រយុទ្ធសម័យទំនើប និង ការថយចុះនៃចំនួនប្រជាជនដែលមានសមត្ថភាពបម្រើក្នុងជួរយោធា ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងប្រឈមនឹងការប្រែប្រួលផ្នែកប្រជាសាស្រ្ត ដែលបង្កឡើងដោយសារកំណើននៃប្រជាជនដែលមានវ័យចាស់ជរា និងអត្រាកំណើតទាប ដែលជប៉ុនកំពុងជួបប្រទះធ្ងន់ធ្ងរ ។ ចំនួនប្រជាជនសរុបនៅកូរ៉េខាងត្បូងត្រូវគេរំពឹងថា នឹងធ្លាក់មកត្រឹម៣៩លាននាក់នៅឆ្នាំ២០៦៧ ខណៈសព្វថ្ងៃនេះមានចំនួន៥១លាននាក់ ៕ធ.ដ
-
អ្នកវិទ្យាសាស្ត្រជាង១ម៉ឺននាក់ក្នុងប្រទេសចំនួន១៥៣ ព្រមានពីភាពអាសន្នអាកាសធាតុ និងផ្តល់ដំណោះស្រាយភាពអាសន្ននេះ

បរទេស៖ ការសិក្សាថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រចំនួន១១.២៥៨នាក់ក្នុងប្រទេសចំនួន១៥៣ បានព្រមានថា ភពផែនដីកំពុងប្រឈមនឹងភាពអាសន្នអាកាសធាតុ និងបានផ្តល់នូវគោលដៅគោលនយោបាយទូលំទូលាយចំនួន៦ ដែលត្រូវតែបំពេញឱ្យបានដើម្បីដោះស្រាយភាពអាសន្ននេះ ។ ការសិក្សាថ្មីហៅថា ការព្រមានរបស់អ្នកវិទ្យាសាស្ត្រពិភពលោក អំពីភាពអាសន្ននៃអាកាសធាតុ គឺជាការកត់សម្គាល់ជាលើកដំបូង ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមធំបានចេញមុខគាំទ្រជាផ្លូវការ ក្នុងការចាត់ទុកការប្រែប្រួលអាកាសធាតុជាភាពអាសន្ន ដោយការសិក្សានេះកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុ គឺបណ្តាលមកពីនិន្នាការជាច្រើនរបស់មនុស្ស ដែលរួមគ្នាបង្កើនការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ ការសិក្សានេះដែរ ក៏បានបង្ហាញយ៉ាងច្បាស់ពីបញ្ហាប្រឈមដ៏ធំនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ សូមជម្រាបថា ការសិក្សាខាងលើដែលចេញផ្សាយនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះក្នុងទស្សនាវដ្តី BioScience ត្រូវបានដឹកនាំស្រាវជ្រាវដោយអ្នកបរិស្ថានវិទ្យាលោក ប៊ីល រីបផល និងលោក គ្រីស្តូហ្វើ វ៉ូហ្វ នៃសាកលវិទ្យាល័យរដ្ឋ អូរីហ្គិន រួមជាមួយលោក វីលលៀម មូម៉ាវ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៃសាកលវិទ្យាល័យថាហ្វ និងក្រុមអ្នកស្រាវជ្រាវនៅអូស្ត្រាលី និង អាហ្វ្រិកខាងត្បូង ៕ធ.ដ
-
អាជ្ញាធរឥណ្ឌាអំពាវនាវឲ្យកសិករបញ្ឈប់ការដុតស្មៅ និងជញ្ជ្រាំង ដើម្បីកាត់បន្ថយផ្សែងបំពុលបរិយាកាស

ឥណ្ឌា៖ តុលាការកំពូលឥណ្ឌាបានបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការដុតស្មៅ និងជញ្ជ្រាំងស្រូវ ដើម្បីកាត់បន្ថយផ្សែងបំពុលបរិយាកាសដែលគ្របដណ្តប់លើទីក្រុងញូដេលី និង បង្កបញ្ហាដកដង្ហើមដល់ប្រជាជន២០លាននាក់ក្នុងរដ្ឋធានីនេះ ប៉ុន្តែពួកកសិករដែលកំពុងតស៊ូធ្វើការដើម្បីចិញ្ចឹមជីវិតនោះ បាននិយាយថា ពួកគេគ្មានជម្រើសទេ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កម្រិតផ្សែងពុលបរិយាកាសបានឈានដល់ចំណុចខ្ពស់បំផុត បើធៀបនឹងកំរិតផ្សែងពុលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារផ្សែងដែលហុយចេញពីកសិដ្ឋានជុំវិញទីក្រុងឥណ្ឌានេះ គួបផ្សំជាមួយផ្សែងបំពុលបរិស្ថានផ្សេងៗទៀត បានបង្កើតជាល្បាយផ្សែងចម្រុះដ៏គ្រោះថ្នាក់ដល់សុខភាព ។ សូមជម្រាបផងដែរថា សាលារៀនជាច្រើនត្រូវបានបិទ ខណៈសកម្មភាពសំណង់ក៏ត្រូវបានបញ្ឈប់ ហើយបើតាមក្រុមអាជ្ញាធរឥណ្ឌានោះ រថយន្ត១,៥លានគ្រឿងត្រូវបានហាមធ្វើដំណើរនៅលើផ្លូវ ជាមួយនឹងចំណាត់ការឱ្យរថយន្តបើកបរលើផ្លូវនៅថ្ងៃផ្សេងៗគឺនៅថ្ងៃសេស និងថ្ងៃគូ ៕ធ.ដ
-
អ្នកនំាពាក្យអង្គការសហប្រជាជាតិអះអាងថា ការប្តេជ្ញាចិត្តរបស់យូអិនស្តីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនផ្លាស់ប្តូរទេ ទោះបីជាសហរដ្ឋអាមេ៉រិកដកខ្លួនចេញ

បរទេស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វែន ឌូហ្សារីច នៅថ្ងៃ អង្គារ៍នេះបានថ្លែងថា ការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសឆ្នំា២០១៥ មិនមានការផ្លាស់ប្តូរនោះទេ បើទោះបីជាសហរដ្ឋអាមេ៉រិកកំពុងរៀបចំនិតីវិធី ដើម្បីដកខ្លួនចេញជាផ្លូវការក៏ដោយ ។ ការកត់សម្គាល់បែបនេះរបស់លោក ស្ទេហ្វែន ឌូហ្សារីច បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានផ្ញើលិខិតមួយទៅកាន់ប្រមុខដឹកនំាអង្គការសហប្រជាជាតិនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្តីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសជាផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោន ។ គួរបញ្ជាក់ផងដែរថា បើតាមកិច្ចព្រមព្រៀងអន្តរជាតិខាងលើ ប្រទេសហត្ថលេខីមិនអាចចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការបានភ្លាមៗឡើយ លុះត្រាតែកិច្ចព្រមព្រៀងចូលជាធរមានបានរយៈពេល០៣ឆ្នាំសិន ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយអាចចេញផុតតែម្តងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកអះអាងថា កងទ័ពជើងទឹកខ្លួនត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីជួយសម្ព័ន្ធមិត្តក្នុងការការពារការធ្វើនាវាចរណ៍ក្នុងឈូងសមុទ្រពែក្ស

សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាម៉េរិកកំពុងបណ្តុះបណ្តាលសម្ព័ន្ធមិត្តឈូងសមុទ្រពែក្ស ដើម្បីការពារការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកដែលមានបញ្ហាក្នុងតំបន់នេះ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រឹងសម្ព័ន្ធមិត្តនៃបណ្តាប្រទេសជាមិត្ត សំដៅទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់ ។ ការបណ្តុះបណ្តាលសម្ព័ន្ធមិត្តឈូងសមុទ្រពែក្សរបស់ខ្លួនខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈការធ្វើសមយុទ្ធជើងទឹកអន្តរជាតិ មានឈ្មោះថា (IMX) រយៈពេល ៣សប្តាហ៍របស់សហរដ្ឋអាម៉េរិក ដែលបានចាប់ផ្តើមនៅថ្ងៃទី២១ ខែតុលា បន្ទាប់ពីនាវាពាណិជ្ជកម្មមួយចំនួនត្រូរងការវាយប្រហារនៅឈូងសមុទ្រពែក្ស ចាប់ពីខែឧសភា ដោយបង្កើនភាពតានតឹងក្នុងតំបន់ ។ ជុំវិញបញ្ហានេះ សហរដ្ឋអាម៉េរិក និង មហាអំណាចលោកខាងលិចដទៃទៀត បានស្តីបន្ទោសឧបទ្ទវហេតុនេះលើអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធថា មិនមានការពាក់ព័ន្ធណាមួយឡើយ ។ សូមបញ្ជាក់ថា សមយុទ្ធកងទ័ពជើងទឹក IMX គឺជាលំហាត់សមយុទ្ធតាមសមុទ្រធំជាងគេទី២ ជាមួយពលទាហាន៥ពាន់នាក់ នាវា៤០គ្រឿង និង យន្ដហោះ១៧ គ្រឿងមកពី៥០ប្រទេសបានដាក់ពង្រាយទៅផ្លូវទឹកយុទ្ធសាស្ត្រ ដែលញែកអ៊ីរ៉ង់ចេញពីបណ្តាព្រះរាជាណាចក្រក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ដែលគាំទ្រសហរដ្ឋអាម៉េរិក ៕ធ.ដ
-
សហរដ្ឋអាមេ៉រិក និងចិនកំពុងពិចារណាលើទីតំាងចំនួនពីរ ដើម្បីធ្វើជាទីកន្លែងសម្រាប់ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងមេដឹកនំាប្រទេសទំាងពីរ

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ថ្លែងថា រូបលោក និងសមភាគីរបស់លោក គឺលោក ស៊ី ជិនពីង ទំនងជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលលើកដំបូងនៅក្នុងរដ្ឋ អ៊ីយ៉ូវ៉ា ដែលជាទីធ្លាប់មានទំនាក់ទំនងពីអតីតកាលជាមួយលោក ស៊ី ។ ទន្ទឹមគ្នា មន្រ្តីចិនម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ទីក្រុងប៉េកាំងហាក់ចង់រៀបចំជំនួបរវាងមេដឹកនាំទាំងពីរនៅប្រទេសក្រិច ជាទីដែលលោក ស៊ី នឹងត្រូវទៅបំពេញទស្សនកិច្ចនាថ្ងៃអាទិត្យសប្តាហ៍នេះ ប៉ុន្តែបើតាមប្រភពពីមន្រ្តីអាមេ៉រិកនោះ ការចុះហត្ថលេខានៅក្រិចទំនងជាមិនអាចកើតឡើងឡើយ ។ យ៉ាងណាមិញ បើតាមរំពឹងទុកនោះ ភាគីទាំងពីរអាចនឹងជ្រើសរើសទីតាំង ដែលនៅចន្លោះកណ្តាលដូចជាកោះហាវ៉ៃ និង អាឡាស្កាជាដើម សម្រាប់ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ។ សូមជម្រាបជូនផងដែរថា ដំបូងឡើយលោក ដូណាល់ ត្រាំ ចង់ចុះហត្ថលេខាលើកិច្ចព្រមពៀងដំណាក់កាលទី១ ជាមួយលោក ស៊ី ជិនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអេប៉ិច (APEC) នៅប្រទេសឈីលីក្នុងខែវិច្ឆិកានេះ ប៉ុន្តែរដ្ឋាភិបាលឈីលីបានសម្រេចចិត្តលុបចោលការរៀបចំកិច្ចប្រជុំកំពូលនេះ ដោយសារតែបញ្ហា បាតុកម្ម ៕ធ.ដ
-
បាញ់ប្រហារស្លាប់មនុស្ស១៥នាក់ នៅភាគខាងត្បូងប្រទេសថៃ

ជនសង្ស័យជាក្រុមឧទ្ទាមបំបែករដ្ឋ បានបើកការបាញ់ប្រហារដ៏សាហាវដោយសម្លាប់មនុស្ស ១៥នាក់ និងបណ្ដាលឱ្យប្រជាការពារ ភូមិស្ម័គ្រចិត្ត ០៤នាក់រងរបួសនៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែង នៃតំបន់ភាគខាងត្បូងប្រទេសថៃ នេះបើតាមមន្ត្រីសន្តិសុខថៃបានឱ្យដឹង នៅថ្ងៃពុធ ទី៦ វិច្ឆិកានេះ។ ការវាយប្រហារខាងលើបានកើតឡើង កាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅឯត្រួតពិនិត្យមួយកន្លែង ក្នុងខេត្ត យ៉ាឡា (Yala) ភាគខាងត្បូងប្រទេសថៃ ហើយក្រៅពីការបាញ់ប្រហារ ក្រុមជនប្រដាប់អាវុធក៏បានប្រើប្រាស់គ្រឿងផ្ទុះផងដែរ ខណៈអាជ្ញាធរថៃចាត់ទុកថា នេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតក្នុងឆ្នាំ២០១៩ នេះតែម្តង។ ប៉ុន្តែពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ លើការវាយប្រហារនេះនៅឡើយទេ។ គួរបញ្ជាក់ថា ជម្លោះនៅក្នុងខេត្ត Yala ផាត់តានី (Pattani) និងខេត្តណារ៉ាត់ធីវ៉ាត់ (Narathiwat) បានផ្ទុះឡើងអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដោយបានផ្ដាច់ជីវិតមនុស្សជិត ៧,០០០នាក់ ចាប់តាំងពីឆ្នាំ២០០៤៕ធ.ដ