-
សភាសហរដ្ឋអាម៉េរិក កំណត់យកថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ជាថ្ងៃបោះឆ្នោតជាផ្លូវការ ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្ត្រអាម៉េរិក នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ គ្រោងរៀបចំបោះឆ្នោតសម្រេចមួយជាផ្លូវការលើកដំបូង ស្ដីពីការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាម៉េរិក។ ការបោះឆ្នោតលើនីតិវិធីដកដំណែងលោក ដូណាល់ ត្រាំ អាចនឹងត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាម៉េរិកគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ដែលមានសមាជិកសភា២២៨នាក់ ក្នុងចំណោមសមាជិកសភាសរុប៤៣៥នាក់។ យ៉ាងណាមិញ បើទោះជាវាត្រូវបានអនុម័តក៏ដោយ ក៏ការទម្លាក់លោក ត្រាំ ចេញពីតំណែងមិនមែនជារឿងងាយស្រួលនោះទេ ព្រោះដំណោះស្រាយនេះទំនងជាត្រូវទាត់ចោលដោយព្រឹទ្ធសភាអាម៉េរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្កេតដកតំណែងប្រធានាធិបតី ក្រោយរងការចោទប្រកាន់ថា បានរំលោភលើច្បាប់សហព័ន្ធអាម៉េរិក ដោយការស្នើឱ្យអ៊ុយក្រែនជួយរូបលោក ឱ្យឈ្នះឆ្នោតម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការបើកស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន៕ធ.ដ
-
សហរដ្ឋអាម៉េរិក ចង់បង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម ISIL ខណៈការគំរាមកំហែងនៅតែមាន បើទោះជាមេដឹកនាំក្រុមភេវរករនេះត្រូវបានសម្លាប់

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក មានបំណងចង់ពង្រឹងសម្ព័ន្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ិស្លាម ISIL នៅភាគឦសានប្រទេសស៊ីរី។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាម៉េរិកមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ នៅថ្ងៃចន្ទម្សិលមិញ។ បើតាមមន្រ្តីខាងលើនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលបានប្រកាសដកកងទ័ពអាម៉េរិក ចេញពីភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃទី០៦ ខែតុលាកន្លងមកនេះ មិនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន កំពុងបោះបង់ចោលការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម ISIL នោះទេ ។ ការកត់សម្គាល់បែបនេះ របស់សហរដ្ឋអាម៉េរិក បានកើតមានឡើងក្រោយមេដឹកនាំក្រុមអ៊ិស្លាម អាប៊ូ បាក អាល់បាដាឌី ត្រូវបានកងកុម្ម៉ង់ដូពិសេសអាម៉េរិកសម្លាប់ ក្នុងអំឡុងប្រតិបត្តិការមួយកាលពីសប្តាហ៍មុននេះ ហើយបណ្តាមេដឹកនាំពិភពលោកក៏បានស្វាគមន៍ចំពោះដំណឹងមរណភាពរបស់មេភេវរកររូបនេះផងដែរ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញការផ្នែកសន្តិសុខក៏បានព្រមានផងដែរថា ក្រុមភេវរកររដ្ឋអ៊ិស្លាមនៅតែជាការគំរាមកំហែងដ៏ធំមួយសម្រាប់សន្តិសុខនៅក្នុងប្រទេសស៊ីរី និងនៅជុំវិញពិភពលោក៕ធ.ដ
-
អភិបាលក្រុងហុងកុង៖ ការបញ្ចប់អំពើហិង្សា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការស្តា សេដ្ឋកិច្ចឡើងវិញ

ហុងកុង៖ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡំា នៅថ្ងៃអង្គារនេះ បានធ្វើការអំពាវនាវឲ្យឱ្យមានការគាំទ្រពីសំណាក់សង្គមហុងកុង ដើម្បីបញ្ចប់អំពើហិង្សា ខណៈមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅតំបន់អាស៊ីមួយនេះ ត្រូវបានគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចអវិជ្ជមានពេញមួយឆ្នាំ គឺនៅឆ្នំា២០១៩នេះ។ ទីក្រុងហុងកុង ត្រូវបានទទួលរងនូវការញាំញីយ៉ាងធ្ងន់ ដោយសារតែការកើនឡើងនូវបាតុកម្មដ៏ហិង្សាក្នុងរយៈពេល៥ខែមកនេះ ដែលបណ្តាលឲ្យមានការប៉ះពាល់លើវិស័យជាច្រើន ក្នុងនោះរួមមានទាំងការធ្វើជំនួញ ហិរញ្ញវត្ថុ វិស័យទេសចរណ៍ ភ័ស្តុភារ សេវាកម្មដឹកជញ្ជូន និងវិស័យដទៃជាច្រើនផ្សេងទៀត។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះ លោកស្រី ខារី ឡំា បានគូសបញ្ជាក់ថា ទីក្រុងហុងកុងបច្ចុប្បន្នកំពុងប្រឈមមុខនឹងស្ថានភាពយ៉ាងដុនដាបបំផុត។ លោកស្រីថា ដំណោះស្រាយចម្បងនោះគឺការបញ្ចប់អំពើហិង្សា និងស្តាសន្តិភាពក្នុងទីក្រុងហុងកុងឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចវិលត្រឡប់ទៅធ្វើការងាររបស់យើងវិញបាន ដើម្បីសេដ្ឋកិច្ច និងសម្រាប់ការរីកចម្រើនផ្សេងទៀត។ ទន្ទឹមគ្នា អភិបាលក្រុងហុងកុងរូបនេះ ក៏បានសម្តែងការគំាទ្រយ៉ាងពេញទំហឹងដល់កងកម្លាំងប៉ូលិស ហើយថែមទាំងថ្កោលទោសចំពោះការកើនឡើង និងអំពើហិង្សារបស់ក្រុមកុបកម្មផងដែរ៕ធ.ដ
-
យន្តហោះអវកាស X-37B របស់សហរដ្ឋអាម៉េរិក ធ្វើដំណើរមកដល់រដ្ឋផ្លរីដាវិញហើយ បន្ទាប់ពីចំណាយពេលហោះហើរដ៏វែងឆ្ងាយរបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ យន្តហោះអវកាស X-37B របស់មន្ទីរបញ្ចកោណបានវិលត្រឡប់ចុះមកដល់ផ្ទៃដីដោយសុវត្ថិភាពនៅរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចំណាយពេលជិត២ឆ្នាំក្នុងទីអវកាស។ យន្តហោះគ្មានមនុស្សបើកនេះ បានចុះចតនៅមជ្ឈមណ្ឌលអវកាស Kennedy របស់ទីភ្នាក់ងារ NASA ក្រោយស្ថិតក្នុងទីអវកាសអស់រយៈពេល៧៨០ថ្ងៃ។ ពីដំបូងឡើយយន្តហោះអវកាសនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីឲ្យអាចស្ថិតក្នុងលំហអវកាសត្រឹមតែ២៤០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះ វាបានបំពេញបេសកកម្មក្នុងទីអវកាស៥ដងហើយ ដោយម្តងៗគឺយូរជាងលើកមុនៗ។ គម្រោងអភិវឌ្ឍន៍យន្តហោះ X-37B ខាងលើ បានចាប់ផ្តើមឡើងក្នុងទម្រង់ជាការសិក្សាមួយរបស់អង្គការ NASA ដើម្បីផលិតយានអវកាសដែលសន្សំសំចៃ ហើយអាចប្រើប្រាស់ឡើងវិញបាន ប៉ុន្តែវាបានប្រែក្លាយទៅជាគម្រោងសម្ងាត់របស់យោធាអាម៉េរិកទៅវិញ។ សូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នពុំមាននរណាអាចដឹងច្បាស់នោះឡើយ អំពីបេសកកម្មពិតប្រាកដរបស់យន្តហោះអវកាសនេះ៕ធ.ដ
-
រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្នបញ្ហាភ្លើងឆេះព្រៃ

ប្រជាជនប្រមាណជា១៨ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យចាកចេញពីផ្ទះរបស់ខ្លួន ដើម្បីជម្លៀសទៅកាន់កន្លែងសុវត្ថិភាពនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ខណៈពេលដែលភ្លើងឆេះព្រៃកំពុងវាយប្រហារតំបន់ជាច្រើន និងបន្ដឆាបឆេះកាន់តែខ្លាំងឡើង។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសអាសន្ននៅទូទាំងរដ្ឋ ហើយមកទល់ពេលនេះ ផ្ទះរាប់ពាន់ខ្នង កំពុងប្រឈមនឹងគ្រោះភ្លើងឆេះ ខណៈពេលដែលផ្ទះជាច្រើនខ្នងផ្សេងទៀត ត្រូវបានផ្ដាច់អគ្គិសនី។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី កំពុងព្យាយាមបញ្ឈប់ខ្សែកាប្លិ៍ដែលត្រូវបំផ្លាញ កុំឲ្យរាលដាលទៅកាន់ខ្សែកាប្លិ៍ផ្សេងទៀត។ ចំណែកឯប្រជាជនរាប់លាននាក់ទៀត នឹងត្រូវបាត់បង់ការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលប៉ុន្មានម៉ោងទៀត៕ធ.ដ
-
សហភាពអឺរ៉ុប ឯកភាពពន្យារពេលការធ្វើ Brexit របស់អង់គ្លេស រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០

បែលហ្ស៊ិក៖ សហភាពអឺរ៉ុប បានទទួលយកសំណើពីចក្រភពអង់គ្លេស ដោយពន្យារពេលចាកចេញពីសហភាពអឺរ៉ុប ឬ Brexit រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ខាងមុខ។ នេះបើតាមប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ដូណាល់ ថាសក៍។ ការប្រកាសរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ ធ្វើឡើងស្របពេលសមាជិកសភាអង់គ្លេស កំពុងត្រៀមខ្លួនបោះឆ្នោតសម្រេចលើសំណើរបស់នាយករដ្ឋមន្ត្រីអង់ គ្លេសលោក បូរីស ចនសុន ក្នុងការរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ។ លោក ដូណាល់ ថាសក៍ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើ នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា សហភាពអឺរ៉ុបនឹងអនុញ្ញាតសម្រាប់រយៈពេល Brexit ឬហៅថា “flextension” ពោលគឺនេះមានន័យថា អង់គ្លេសអាចចាកចេញមុនកាលកំណត់បាន បើសិនជាកិច្ចព្រមព្រៀងមួយត្រូវបានអនុម័តដោយសភា ៕ធ.ដ
-
មនុស្សស្លាប់២នាក់ និងរបួស១៤នាក់ ក្នុងហេតុការណ៍បាញ់ប្រហារមួយអំឡុងពិធីជប់លៀង នៅរដ្ឋតិចសាស់

សហរដ្ឋអាម៉េរិក៖ យោងតាមប្រភពរបស់មន្រ្តីប៉ូលិសក្នុងតំបន់បានរាយការណ៍ថា ខ្មាន់កំាភ្លើងម្នាក់បានបើកការបាញ់ប្រហារយ៉ាងកក្រើកមួយ នៅក្នុងពិធីជប់លៀងរបស់សិស្សមហាវិទ្យាល័យមួយកន្លែងក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។ ប្រភពដដែបានឱ្យដឹងទៀតថា ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់បាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតទទួលរងរបួស មុនពេលខ្មាន់កាំភ្លើងរត់គេចខ្លួនពីទីតាំងកើតហេតុដោយសុវត្ថិភាព។ បច្ចុប្បន្នក្រុមប៉ូលិស បាននឹងកំពុងបើកដំណើរការស៊ើបអង្កេត ក៏ដូចជាតាមប្រមាញ់ជនដៃដល់ដែលស្ថិតនៅពីក្រោយសោកនាដកម្មនេះផងដែរ៕ធ.ដ
-
កងទាហានមីយ៉ាន់ម៉ា រំដោះចំណាប់ខ្មាំង១៤ អំឡុងពេលវាយប្រហារលើក្រុមឧទ្ទាម

មីយ៉ាន់ម៉ា៖ ពលទាហានមីយ៉ាន់ម៉ា បានជួយសង្គ្រោះមនុស្ស១៤នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមឧទ្ទាមនៅរដ្ឋរ៉ាឃីន ក្រោយក្រុមឧទ្ទាមកងទ័ព Arakan បានរាយការណ៍អំពីមនុស្សស្លាប់ជាច្រើននាក់ នៅក្នុងការវាយប្រហារទៅលើទូកដឹកទាហានជាច្រើនគ្រឿង ហើយប៉ូលិសបាននិយាយដែរថា ក្រុមឧទ្ទាមនេះបានចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃអាទិត្យសប្តាហ៍មុននេះ កងទ័ពមីយ៉ាន់ម៉ាបានបញ្ជាក់ថា មនុស្ស១៤នាក់ ដែលត្រូវបានជួយសង្គ្រោះខាងលើ គឺស្ថិតក្នុងចំណោមមនុស្សច្រើនជាង៥០នាក់ដែលត្រូវចាប់ពង្រត់ដោយក្រុមឧទ្ទាមកងទ័ព Arakan ចាប់តាំងពីថ្ងៃសៅរសប្តាហ៍មុននេះ។ កងទ័ពមីយ៉ាន់ម៉ាបន្ថែមទៀតថា បច្ចុប្បន្នកងទ័ពកំពុងបន្តប្រតិបត្តិការវាយប្រហារតាមអាកាស និងនៅលើដី ដើម្បីជួយសង្គ្រោះប្រជាជននៅសល់ ដែលត្រូវបានចាប់ពង្រត់ទៅឱ្យបានឆាប់ជាទីបំផុត។ សូមរំលឹកថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចកាលពីថ្ងៃសៅរ៍ បានចាប់មនុស្សជាង៥០នាក់ធ្វើជាចំណាប់ខ្មាំង ដែលភាគច្រើនជាកងសន្តិសុខ ហើយបើតាមក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ា កងកម្លំាងរដ្ឋាភិបាលបានបើកការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ លើទូកចំនួន៣គ្រឿង ដែលក្រុមនេះចាប់ឃាត់ទុកនៅទីក្រុងRathedaung ដោយបានបាញ់ពន្លិចទូក២គ្រឿង និងធ្វើឱ្យខូចខាតមួយគ្រឿង៕ធ.ដ
-
គ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត៦,៦រ៉ិកទ័រ វាយប្រហារខេត្ត Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន

ហ្វីលីពីន៖ ទីភ្នាក់ងារអង្កេតការណ៍ភូមិសាស្រ្តអាម៉េរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត ៦,៦រ៉ិកទ័រ បានធ្វើការវាយប្រហារដែនកោះនៃខេត្ត Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅក្នុងថ្ងៃអង្គារនេះ ក្នុងជម្រៅទៅក្នុងដីប្រមាណ១៥,៣គីឡូម៉ែត្រ។ ស្របពេលជាមួយគ្នានេះដែរ នៅពុំទាន់មានការប្រកាសអាសន្ននៃរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយសារគ្រោះរញ្ជួយដីដ៏កក្រើកនេះនៅឡើយទេ ខណៈដែលអាជ្ញាធរក្នុងតំបន់បាននិយាយថា ពួកគេរំពឹងថា នឹងមានការបំផ្លិចបំផ្លាញផងដែរនៅក្នុងតំបន់រងគ្រោះ។ បើតាមទីភ្នាក់ងារអង្កេតការណ៍ភូមិសាស្រ្តអាម៉េរិក USGS គ្រោះមហន្តរាយធម្មជាតិខាងលើ ដំបូងឡើយត្រូវបានគេរាយការណ៍ថា មានកម្រិតរញ្ជួយរហូតដល់ទៅ៦,៨រ៉ិកទ័រឯណោះ ប៉ុន្តែក្រោយមកត្រូវបានគេទម្លាក់វិញនៅត្រឹម៦,៦រ៉ិកទ័រ៕ធ.ដ
-
លោក ត្រាំ រងការរិះគន់ជាថ្មីទៀត ក្រោយស្នើឲ្យក្រុមហ៊ុនប្រេងសហរដ្ឋអាម៉េរិក គ្រប់គ្រងប្រតិបត្តិការនៅតំបន់ផលិតប្រេងមួយចំនួននៅស៊ីរី

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ក្រុមហ៊ុនប្រេង អិចហ្សូន ម៉ូប៊ីល ឬ ក្រុមហ៊ុនប្រេងដទៃៗទៀតរបស់សហរដ្ឋអាម៉េរិក នឹងគ្រប់គ្រងប្រតិបត្តិការនៅតំបន់ផលិតប្រេងមួយចំនួនរបស់ស៊ីរី។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា អ្វីដែលលោកចង់ធ្វើនោះ គឺត្រូវចុះកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជូនក្រុមហ៊ុនប្រេង អិចហ្សូន ម៉ូប៊ីល ឬ ក្រុមហ៊ុនប្រេងដ៏អស្ចារ្យដទៃៗទៀតរបស់សហរដ្ឋអាម៉េរិកទៅកាន់ទីនោះ (តំបន់ប្រេងស៊ីរី) ហើយធ្វើវាឱ្យបានត្រឹមត្រូវ ព្រមទាំងចែកចាយធនធានទាំងនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនប្រេង អិចហ្សូន ម៉ូប៊ីល និងឆេវរ៉ុន ដែលជាក្រុមហ៊ុនប្រេងដ៏ធំជាងគេទាំង២របស់សហរដ្ឋអាម៉េរិក កំពុងប្រតិបត្តិការរកស៊ីនៅតំបន់មជ្ឈិមបូព៌ា មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ស្របពេលដែលក្រុមអ្នកជំនាញផ្នែកច្បាប់ និងថាមពលខ្លះចាត់ទុកថា វាគឺជារឿងខុសច្បាប់ និងអសីលធម៌៕ធ.ដ