-
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិក-ចិន ធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទដោយផ្តោតសំខាន់ លើបញ្ហាពាណិជ្ជកម្មទ្វេភាគី

សហរដ្ឋអាម៉េរិក៖ ឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ី បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្មជាមួយអ្នកតំណាងផ្នែកពាណិជ្ជកម្មអាម៉េរិកលោក រ៉ូប៊ឺត ឡាយធីហ្ស៊ឺ និងរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម៉ានូឈីន តាមរយៈប្រព័ន្ធទូរសព្ទនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ ក្នុងអំឡុងកិច្ចសន្ទនាគ្នាខាងលើនេះ ភាគីចិនចង់ឲ្យសហរដ្ឋអាម៉េរិក លុបចោលការដំឡើងពន្ធមួយចំនួនដែលត្រូវបានដាក់ និងគ្រោងដាក់មកលើទំនិញចិនបន្ថែម ជាថ្នូរជាមួយការបង្កើនការទិញផលិតផលកសិកម្មសហរដ្ឋអាម៉េរិកពីសំណាក់ប្រទេសចិន។ គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងប្រឹងប្រែងរៀបចំឲ្យកិច្ចព្រមព្រៀងដំណាក់កាលទីមួយ ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១១ ខែតុលា លេចចេញជារូបរាងឡើង។ ទន្ទឹមគ្នា លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា នឹងអាចចុះកិច្ចព្រមព្រៀងនេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅខែក្រោយ ក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសឈីលី៕ធ.ដ
-
សហភាពអឺរ៉ុប ព្រមព្រៀងគ្នាចំពោះការពន្យារពេលការធ្វើ Brexit របស់ចក្រភពអង់គ្លេស ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទថ្មីនៅឡើយទេ

អឺរ៉ុប៖ សហភាពអឺរ៉ុប បានឯកភាពគ្នាលើសំណើរបស់អង់គ្លេស ក្នុងការសុំពន្យារពេលថ្ងៃកំណត់ចុងក្រោយ សម្រាប់ការដកខ្លួនចេញពីសហភាពដែលមានប្រទេស២៨ជាសមាជិកនៅថ្ងៃទី៣១ ខែតុលានេះ ក៏ប៉ុន្តែសហភាពអឺរ៉ុបមិនទាន់បានកំណត់រយៈពេលនៃការពន្យារពេលនេះនៅឡើយទេ។ បន្ទាប់ពីរដ្ឋឯទៀតៗចំនួន២៧នៃសហភាពអឺរ៉ុបបានប្រជុំគ្នាកាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក៏មានកិច្ចព្រមព្រៀងគ្នាទាំងស្រុងអំពីសេចក្តីត្រូវការឱ្យមានការពន្យារពេល។ នេះបើតាមមន្ត្រីសហភាពអឺរ៉ុបម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ។ មន្រ្តីសហភាពអឺរ៉ុបដដែលនេះបានឱ្យដឹងទៀតថា ក្រុមប្រេសិតសហរដ្ឋអាម៉េរិកនឹងបន្តធ្វើការតទៅទៀតនៅដំណាច់សប្តាហ៍នេះ ហើយនឹងជួបប្រជុំគ្នាទៀតនៅក្នុងទីក្រុងព្រុចសែល នាដើមសប្តាហ៍ក្រោយ។ គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានសុំពន្យារពេលបីខែហួសពីថ្ងៃកំណត់ចុងក្រោយបង្អស់នៅថ្ងៃទី៣១ ខែតុលានេះ ពោលគឺសុំពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នំា២០២០ខាងមុខ ស្របពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលក្រុមសមាជិកសភាឱ្យយល់ព្រមដល់កិច្ចព្រមព្រៀង Brexit៕ធ.ដ
-
ផ្ទុះការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលសាជាថ្មីទៀតនៅប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យ មនុស្ស៤២នាក់ស្លាប់

អ៊ីរ៉ាក់៖ ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលសាជាថ្មីនៅទូទាំងប្រទេសអ៊ីរ៉ាក់ បានបណ្តាលឱ្យមនុស្ស៤២នាក់បាត់បង់ជីវិត នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដោយសារការប្រើឧស្ម័នបង្ហូរទឹក ការបាញ់កំាភ្លើងគ្រាប់ពិត និងការដុតភ្លើងជាដើម។ ការប្រមូលផ្តុំគ្នានេះ គ្រោងបន្តធ្វើឡើងចាប់ពីថ្ងៃសុក្រម្សិលមិញ ជាមួយអ្នកដើរតួសំខាន់ៗជាច្រើនចាប់ពីអាជ្ញាធរនិកាយស៊ីអ៊ីតជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ាក់ រហូតដល់អង្គការសហប្រជាជាតិបានជំរុញឱ្យមានការអត់ធ្មត់។ ក្រុមបាតុករ បានចាប់ផ្តើមធ្វើបាតុកម្មមុនកាលកំណត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ត ហើយបានស្ងប់ស្ងាត់ទៅវិញនៅពេលល្ងាចថ្ងៃដដែលនេះ។ ប៉ុន្តែកាលពីថ្ងៃសុក្រ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅតាមទីលានធំៗតាមបណ្តាទីក្រុងរបស់អ៊ីរ៉ាក់ ជាពិសេសទីលានតាហ៍រើ កណ្តាលរដ្ឋធានីបាកដាដ និងមានចេតនាប្រមូលផ្តុំកម្លាំង ដើម្បីឆ្លងកាត់ចូលទៅក្នុងតំបន់បៃតង ដែលជាទីតាំងរបស់មជ្ឈមណ្ឌលរដ្ឋបាលទូទៅរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ប៉ុន្តែពួកគេត្រូវបានទប់ស្កាត់ដោយកងកម្លាំងប្រឆាំងកុប្បកម្មរបស់រដ្ឋ ដែលជាហេតុបាននាំឲ្យមានការប៉ះទង្គិចគ្នាដ៏ហិង្សាផ្ទុះឡើង។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករទាំងនេះ បាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារចំពោះអំពើពុករលួយ វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ៕ធ.ដ
-
យានអវកាស LightSail ទី២ទទួលជោគជ័យ ក្នុងការសាកល្បងនៅទីគន្លងអវកាស របស់ផែនដី

បរទេស៖ យានអវកាសតូចមួយដែលប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរ ដោយផ្អែកលើប្រភពថាមពលពន្លឺព្រះអាទិត្យ (Solar Sail) កាលពីប៉ុន្មានខែមុន បានសម្រេចជោគជ័យក្នុងការធ្វើតេស្តនៅទីគន្លងអវកាសរបស់ផែនដី។ អំឡុងការធ្វើតេស្តបច្ចេកវិទ្យានោះ យានអវកាសខាងលើបានផ្លាស់ប្តូរទិសដៅធ្វើដំណើររបស់វា ដោយប្រើថាមពលសន្ទុះរុញច្រានពីពន្លឺព្រះអាទិត្យសុទ្ធសាធ។ យានអវកាសនេះមានឈ្មោះថា LightSail ទី២ ខណៈជោគជ័យរបស់វា ត្រូវគេមើលឃើញថា គឺជាជំហានដំបូងតូចមួយ ដើម្បីឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរក្នុងទីអវកាសឲ្យកាន់តែទូលំទូលាយ។ សូមបញ្ជាក់ថា យាន LightSail 2 មិនមែនជាយានអវកាសដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យា Solar Sail នេះឡើយ ខណៈយាន LightSail 1 ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៥ គឺគ្រាន់តែបានធ្វើតេស្តហោះហើរ និងបញ្ចេញក្តោងរបស់វាប៉ុណ្ណោះ ពោលគឺពុំមានការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរគន្លងធ្វើដំណើរឡើយ។ យាន LightSail 2 នេះទៀតសោធ ត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រើប្រាស់មូលនិធិបានមកពីការបរិច្ចាគរបស់មនុស្សចំនួន៥ម៉ឺននាក់ ក្រោមកិច្ចផ្តួចផ្តើមនៃអង្គការ The Planetary Society៕ធ.ដ
-
យានអវកាស Juno របស់អង្គការ NASA ផ្តិតយករូបភាពថ្មីមួយផ្សេងទៀត នៃផ្ទៃរបស់ភពព្រហស្បតិ៍ត

សហរដ្ឋអាម៉េរិក៖ យានអវកាស Juno របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានផ្តិតយករូបភាពថ្មីមួយផ្សេងទៀតនៃផ្ទៃរបស់ភពឧស្ម័នយក្ស Jupiter ឬ ភពព្រហស្បតិ៍ត។ តាមរយៈខ្សែអាត់វីដេអូនេះ បានបង្ហាញនូវតំបន់ South Equatorial Belt ដែលមានពណ៌ដី និងតំបន់ Southern Tropical Zone ដែលភាគច្រើនមានពណ៌ស ព្រមទាំងព្យុះក្រហមយក្ស «Great Red Spot» ដែលជាលក្ខណៈពិសេសបំផុតប្រចាំភពព្រហស្បតិ៍ត។ វីដេអូនេះ ត្រូវថតបានអំឡុងការហោះឆ្វែលទៅកៀកជាថ្មីម្តងទៀតកាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ និងជាលើក២១ហើយរបស់យានអវកាស Juno។ សូមរំលឹកផងដែរថា យានអវកាសខាងលើនេះ ត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយបានទៅដល់គន្លងក្បែរភពព្រហស្បតិ៍តនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ គោលដៅសំខាន់របស់យានអវកាស Juno គឺសិក្សាស្វែងយល់អំពីដើមកំណើត និងដំណើរវិវត្តន៍របស់ភពព្រហស្បតិ៍ត៕ធ.ដ
-
កងនាវារបស់អារ៉ាប់ប៊ីសាអូឌីត នឹងចូលរួមជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាជើងទឹក ធំបំផុតលើពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ កងនាវារបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត នឹងធ្វើដំណើរទៅចូលរួមជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាជើងទឹកចម្រុះទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក មានឈ្មោះថា IMX 19 ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Saudi Press នៅក្នុងថ្ងៃព្រហស្បតិ៍តម្សិលមិញ។ បើតាមប្រភពដដែលនេះ សមយុទ្ធយោធាជើងទឹកខាងលើ នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅឯតំបន់ឈូងសមុទ្រ អូម៉ង់ ដែនសមុទ្រ អារ៉ាប់បៀន ឆ្នេរសមុទ្រ Djibouti និងឈូងសមុទ្រ Aqaba ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ខណៈសមយុទ្ធនេះត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីសំណាក់បណ្តាប្រទេសចំនួន៥៦ និងអង្គភាពអន្តរជាតិចំនួន៦ផ្សេងទៀត។ សមយុទ្ធដ៏ធំបំផុតលើពិភពលោកនេះទៀតសោត មានគោលបំណងរារាំងការគំរាមកំហែងដល់សេរីភាពនាវាចរណ៍ និងបង្ហាញការប្តេជ្ញាចិត្តជាសកល ដើម្បីរក្សាសេរីភាពនាវាចរណ៍ និងលំហូរពាណិជ្ជកម្មតាមដែនសមុទ្រដោយសេរី៕ធ.ដ
-
កូរ៉េខាងត្បូង មានផែនការបោះបង់ចោលឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍នៅឯអង្គការ ពាណិជ្ជកម្មពិភពលោក WTO

កូរ៉េខាងត្បូង៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Hong Nam-ki បានបញ្ជាក់ថា ប្រទេសរបស់លោក នឹងមិនស្វែងរកការអនុគ្រោះពិសេសក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងកិច្ចចរចានៃអង្គការពាណិជ្ជកម្មពិភពលោក WTO នៅពេលខាងមុខទៀតនោះទេ។ នាឱកាសនោះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ទៀតថា នេះមិនមែនមានន័យថា ប្រទេសរបស់លោកបោះបង់ចោលឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ឡើយ ពោលគឺគ្រាន់តែមិនស្វែងរកការអនុគ្រោះពិសេសពីអង្គការ WTO ប៉ុណ្ណោះ បើទោះជាការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា ជាការបោះបង់ចោលឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ។ គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក Hong Nam-ki បានកើតមានឡើងក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីខែកក្កដាកន្លងទៅ បានដាក់សម្ពាធឱ្យអង្គការ WTO លុបចោលនូវការអនុគ្រោះពិសេសផ្នែកពាណិជ្ជកម្មដល់ប្រទេសមួយចំនួនដូចជា ចិន កូរ៉េខាងត្បូង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដែលលោកអះអាងថា បច្ចុប្បន្នគឺជាប្រទេសអភិវឌ្ឍន៍ ឬ អ្នកមានទៅហើយ តែនៅតែពាក់ស្លាកប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកេងចំណេញក្នុងការធ្វើពាណិជ្ជកម្ម ៕ធ.ដ
-
ភ្លៀងធ្លាក់ខ្លាំងកំពុងគំរាមកំហែងតំបន់នៅជុំវិញទីក្រុងតូក្យូ ខណៈអាជ្ញាធរជប៉ុនស្នើឲ្យ ពលរដ្ឋ៦ម៉ឺននាក់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព

ជប៉ុន៖ តំបន់ភាគខាងកើតប្រទេសជប៉ុន ដែលទើបរងការវាយប្រហារយ៉ាងធ្ងន់ពីព្យុះទីហ្វុង ហាហ្គីប៊ីស កាលពី២សប្តាហ៍មុននោះ ឥឡូវនេះកំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងទៀតនៅក្នុងថ្ងៃសុក្រនេះ ស្របពេលអាជ្ញាធរបានស្នើឱ្យប្រជាជនរាប់ម៉ឺននាក់នៅក្នុងតំបន់ជុំវិញទីក្រុងតូក្យូ ជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ ទន្ទឹមគ្នា អាជ្ញាធរជប៉ុនបានព្រមានពីគ្រោះរអិលបាក់ដី និងទឹកជំនន់ជាមួយការផ្ដល់យោបល់ឱ្យប្រជាជន៥ម៉ឺននាក់នៅក្នុងទីក្រុងសាហ្គាមីហាររ៉ា ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងតូក្យូ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ដែលត្រូវបានរៀបចំឡើងដោយរដ្ឋ។ ចំណែកឯប្រជាជនរស់នៅក្នុងខេត្តជីបា ស្ថិតនៅភាគខាងកើតទីក្រុងតូក្យូជាង១ម៉ឺននាក់ ក៏ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសខ្លួនផងដែរ។ ដោយឡែកអាជ្ញាធរឧតុនិយមជប៉ុនបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងវាយប្រហារលើទីក្រុងតូក្យូ រហូតដល់ល្ងាចថ្ងៃសុក្រនេះ ដោយនឹងបង្កឱ្យកម្ពស់ទឹកភ្លៀងហក់ឡើងពី២០០មីលីម៉ែត្រដល់៣០០មីលីម៉ែត្រ មុននឹងវាបន្តដំណើរទៅកាន់ភាគខាងជើង៕ធ.ដ
-
វៀតណាម គ្រោងដំណើរការព្រលានយន្តហោះអន្តរជាតិថ្មី ទទួលអ្នកដំណើរ២៥លាននាក់ ក្នុង១ឆ្នាំ

ចំណតអាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងបើកទ្វារដំណើរការ នៅត្រឹមឆ្នាំ២០២៥ ហើយអាចទទួលអ្នកដំណើរ២៥លាននាក់ និងទំនិញ១,២លានតោន ក្នុង១ឆ្នាំៗ ត្រឹមដំណាក់កាលដំបូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews។ រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម ង្វៀន វាន ថេ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងនាមនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ដោយបញ្ជាក់ថា ការសិក្សាលម្អិតពីដំណាក់កាលដំបូងនៃចំណតអាកាសយានដ្ឋានអន្តរជាតិថ្មីនេះនឹងត្រូវយកទៅពិភាក្សាគ្នា ក្នុងសម័យប្រជុំសភាលើកទី៨ អាណត្តិទី១៤ នាទីក្រុងហាណូយ នាពេលខាងមុខនេះ។ លោកថា ចំណតអាកាសយានដ្ឋានដែលមានទីតាំងនៅខេត្ត ដុង ណៃ ភាគខាងត្បូងប្រទេសវៀតណាមនេះគឺជាគម្រោងដ៏សំខាន់មួយរបស់ជាតិ ហើយរំពឹងថា នឹងក្លាយជាទីតាំងអាកាសចរអន្តរជាតិដ៏ធំមួយ ក្នុងតំបន់ ពេលដាក់ដំណើរការនោះ។ សម្រាប់ដំណាក់កាលដំបូងនៃគម្រោង គេដឹងថា មានតម្លៃជិត៥ពាន់លានដុល្លារអាម៉េរិក ឬជិ១១២ទ្រីលានដុង នេះបើតាមរបាយការណ៍នៃការសិក្សា។ ប្រភពឲ្យដឹងដែរថា គម្រោងនេះមាន៣ដំណាក់កាល ហើយពេលចប់រួចរាល់អាចទទួលអ្នកដំណើរ១០០លាននាក់ និងទំនិញ៥លានតោន ក្នុង១ឆ្នាំៗ៕ធ.ដ
-
រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលាឈប់ពីតំណែង គ្រាន់តែរឿងចូលបច្ច័យបុណ្យសព ដល់គ្រួសារមួយ

លោក Isshu Sugawara រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសជប៉ុន បានសម្រេចចិត្តលាលែងចេញពីតំណែងហើយនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានឱ្យដឹងថា លោកបានទទួលលិខិតលាលែងនេះដែរហើយ។ ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃសុក្រនេះថា លោក អាបេ បានទទួលយកលិខិតលាលែងពីតំណែងរបស់លោក Sugawara បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ។ លោក អាបេ បន្តថា លោក Hiroshi Kajimaya ដែលជាអតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសហគមន៍ នឹងឡើងមកកាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី។ គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែង ជារដ្ឋមន្ត្រីពាណិជ្ជកម្មរបស់លោក Isshu Sugawara ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកបានរំលោភបំពានលើច្បាប់ ស្តីពីយុទ្ធនាការឃោសនាបោះឆ្នោត តាមរយៈការផ្ដល់លុយ២០,០០០យ៉េន ឬស្មើ១៨៥ដុល្លារ ដើម្បីចូលបច្ច័យបុណ្យសពដល់គ្រួសារមួយ ដែលជាអ្នកគាំទ្ររូបលោក ហើយដែលនេះត្រូវបានគេចោទប្រកាន់ថា ជាការផ្ដល់អំណោយដើម្បីទិញទឹកចិត្តអ្នកបោះឆ្នោត៕ធ.ដ