-
សហអាម៉េរិក គ្រោងបញ្ជូនគ្រឿងបរិក្ខារយោធូបករណ៍បន្ថែមទៀត ដើម្បីការពារទីតាំង ប្រេងកាត នៅស៊ីរី

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះបានបញ្ជាក់ថា សហរដ្ឋអាម៉េរិក មានផែនការបង្កើនវត្តមានរបស់ខ្លួននៅជ្រុងមួយក្នុងភាគឦសានប្រទេសស៊ីរី ដើម្បីការពារទីតំាងប្រេងកាតពីការរឹបអូសយកមកវិញដោយក្រុមរដ្ឋអ៊ិស្លាមដែលកំពុងងើបឡើងវិញ។ មន្ត្រីការពារជាតិអាម៉េរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលចំណេញដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាម៉េរិក និងដៃគូរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស គឺការកាន់កាប់វាលប្រេងកាតនៅស៊ីរីភាគខាងកើត ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ក្រុមភេវរករនេះ។ បើតាមប្រភពដដែលនេះ សហរដ្ឋអាម៉េរិកប្តេជ្ញាពង្រឹងជំហររបស់យើង ដោយសម្របសម្រួលជាមួយដៃគូ គឺកងកម្លាំង SDF របស់យើងនៅភាគឦសាននៃប្រទេសស៊ីរី ជាមួយនឹងការដាក់ពង្រាយយោធូបករណ៍បន្ថែមទៀត ដើម្បីការពារតំបន់ប្រេងទាំងនោះ ពីការធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ពួកអាយស៊ីស ឬក្រុមបង្កអស្ថិរភាពផ្សេងទៀត៕ធ.ដ
-
រុស្ស៊ី បញ្ជូនគ្រឿងបរិក្ខារយោធាដ៏ទំនើបរបស់ខ្លួន ទៅចូលរួមធ្វើសមយុទ្ធនៅក្រៅប្រទេស ជាលើកដំបូង

រុស្ស៊ី៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 និង Pantsir-S1 ទៅកាន់ប្រទេសស៊ែប៊ី ក្នុងគោលបំណងចូលរួមធ្វើសមយុទ្ធយោធាមួយនៅក្រៅប្រទេសជាលើកដំបូង។ បើតាមប្រភពខាងលើ សមយុទ្ធយោធាដែលនឹងត្រូវធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសស៊ែប៊ី មានឈ្មោះថា បាតាចនីកា នេះ នឹងក្លាយជាការចូលរួមធ្វើសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងស៊ែប៊ី ស្លាវីចសៀល ២០១៩ (Slavic Shield-2019) នៅក្នុងដំណាក់កាលទី២។ សូមបញ្ជាក់ថា សមយុទ្ធយោធា Slavic Shield-2019 នឹងផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពការពារដែនអាកាស តាមរយៈការហ្វឹកហាត់ចាប់សញ្ញាចលនា និងគោលដៅរបស់សត្រូវ ហើយសមយុទ្ធយោធានេះទៀតសោត នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែតុលាខាងមុខ៕ធ.ដ
-
ក្រសួងការបរទេសចិន ថ្កោលទោសប្រធានសភាសហរដ្ឋអាម៉េរិក ដែលប្រកាសគាំទ្រ បាតុកម្មហិង្សានៅទីក្រុងហុងកុង

ចិន៖ នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ក្រសួងការបរទេសចិន បានប្រកាសថ្កោលទោសសម្តីរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោកស្រី Nancy Pelosi ដែលបានសម្តែងការគាំទ្រ ចំពោះសកម្មភាពធ្វើបាតុកម្មដោយហិង្សានៅទីក្រុងហុងកុង។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា អ្នកនយោបាយនៅអាម៉េរិកដូចជា លោកស្រី Pelosi នេះហើយ ទើបធ្វើឲ្យពួកគេបាតុករនៅហុងកុងកាន់តែខ្លាំងដៃឡើង លោកស្រីថា អំពើហិង្សាកើតមានឡើងរហូតក្នុងបាតុកម្មពីមួយសប្តាហ៍ទៅមួយសប្តាហ៍ បែរជាលោកស្រី Pelosi ហៅអ្វីដែលកំពុងបន្តកើតឡើងនៅហុងកុងជាបាតុកម្មអហិង្សាទៅវិញ។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងការបរទេសចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីលោកស្រី Pelosi កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហោះរូបភាពនៃជំនួបរបស់លោកស្រីជាមួយក្រុមបុគ្គលបីរូបមកពីទីក្រុងហុងកុង ហើយលោកស្រីបានភ្ជាប់នូវខ្លឹមសារថា លោកស្រីគាំទ្រ និងកោតសរសើរយ៉ាងពេញទំហឹង ចំពោះក្រុមបាតុករដែលបានបន្តសកម្មភាពតវ៉ាមួយសប្តាហ៍ហើយមួយសប្តាហ៍ទៀត នៅក្នុងការធ្វើបាតុកម្មដែលលោកស្រីមើលឃើញថា ប្រព្រឹត្តទៅដោយពុំមានអំពើហិង្សាអ្វីនោះឡើយ ដើម្បីតស៊ូសម្រាប់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅទីក្រុងហុងកុង៕ធ.ដ
-
អាជ្ញាធរអង់គ្លេសនិយាយថា សាកសពមនុស្ស៣៩នាក់ដែលរកឃើញនៅក្នុងទូកុងតឺន័រ ទំនងជាជនជាតិចិនទាំងអស់

អង់គ្លេស៖ សាកសពមនុស្សទាំង៣៩នាក់ ដែលរកឃើញកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងទូរថយន្តកុងតឺន័រមួយគ្រឿងនៅអង់គ្លេសទំនងជាជនជាតិចិនទាំងអស់។ នេះបើតាមការឲ្យដឹងរបស់ប៉ូលិសអង់គ្លេស។ បើតាមប្រភពពីអាជ្ញាធរទីក្រុង Essex ក្នុងចំណោមសាកសពទាំង៣៩នាក់នោះ មានស្រ្តី៨នាក់ និងបុរស៣១នាក់ ហើយទំនងជាជនជាតិចិនទាំងអស់។ រីឯបុរសម្នាក់ជាអ្នកបើកបររថយន្ត ដែលត្រូវបានឃាត់ខ្លួនក្នុងថ្ងៃជាមួយគ្នាពីបទសង្ស័យមនុស្សឃាតនោះ កំពុងបន្តស្ថិតក្រោមការឃុំឃាំងដដែល។ ឆ្លើយតបនឹងបញ្ហានេះ ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ កំពុងបន្តការទាក់ទងជាមួយប៉ូលិសអង់គ្លេស ដើម្បីទទួលការបញ្ជាក់ឲ្យច្បាស់ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ ខណៈប៉ូលិសអង់គ្លេសកំពុងបន្តការស៊ើបអង្កេត៕ធ.ដ
-
កូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក គ្រោងចាប់ផ្តើមកិច្ចចរចាជុំថ្មីទៀតពាក់ព័ន្ធនឹងការចែករំលែក ថវិកាលើវិស័យការពារជាតិ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក គ្រោងចាប់ផ្តើមធ្វើកិច្ចចរចាជុំថ្មីមួយទៀតនៅលើកោះ ហាវ៉ៃ នាសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាស្តីពីការចែករំលែកកញ្ចប់ថវិការចំណាយសម្រាប់ការដាក់ពង្រាយកងទ័ពអាម៉េរិកនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ។មន្រ្តីក្រុមចរចាកំពូលកូរ៉េខាងត្បូង លោក ជុង អ៊ុនបូ និងសមភាគីរបស់លោក គឺលោក ចេម ឌីហាដ នឹងត្រូវជួបគ្នាដោយផ្ទាល់ជាលើកដំបូង។ សូមបញ្ជាក់ថា កិច្ចពិភាក្សារយៈពេល២ថ្ងៃដែលបានចាប់ផ្តើមធ្វើឡើងនៅក្នុងទីក្រុង ហូណូលូលូ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ភាគីទាំងពីរបានផ្តោតជាសំខាន់លើទំហំនៃបញ្ចប់ថវិការដែលកូរ៉េខាងត្បូង គួរតែត្រូវចំណាយសម្រាប់ឆ្នាំក្រោយនេះ ហើយនឹងការដាក់ពង្រាយកងទ័ពអាម៉េរិកនៅកូរ៉េខាងត្បូង USFK ២៨,៥០០នាក់។ទន្ទឹមគ្នានោះ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានស្នើឱ្យមានការចែករំលែកដោយសមហេតុសមផល និង សមធម៌ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យមានការកើនឡើងនូវវិភាគទានរបស់កូរ៉េខាងត្បូង៕ម.ន
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិក ធ្វើដំណើរទៅដល់អ៊ីរ៉ាក់ហើយ ដើម្បីពិភាក្សាស្តីពី ការមកដល់របស់កងទ័ពអាម៉េរិកដែលទើបដកចេញពីស៊ីរី

អ៊ីរ៉ាក់៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ម៉ាក អេសស្ពើ បានធ្វើដំណើរទៅដល់រដ្ឋធានីបាដដាដ ប្រទេសអ៊ីរ៉ាក់ហើយ នៅក្នុងថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់ ជុំវិញការមកដល់របស់ទាហានអាម៉េរិក ដែលទើបនឹងបានដកចេញកាលពីពេលថ្មីៗនេះពីភាគខាងជើងប្រទេសស៊ីរី។ កងទាហានអាម៉េរិកប្រមាណ៧,០០នាក់ ឬក៏ច្រើនជាងនេះ បានធ្វើដំណើរចូលទៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដែលនៅទីនោះ ទាហានអាម៉េរិកចំនួន៥,០០០នាក់កំពុងឈរជើងស្រាប់។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ការបន្ថែមទាហានទាំងនេះ គឺដើម្បីជួយការពារប្រទេសអ៊ីរ៉ាក់ និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើប្រតិបត្តិការប្រឆាំងនឹងពួកបះបោរភេរវកម្មក្រុមរដ្ឋអ៊ិស្លាម នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ទាហានអាម៉េរិកទាំងនេះ មិនទាន់មានការអនុញ្ញាតឲ្យឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ៕ម.ន
-
តួកគី អះអាងថា នឹងផលិតនាវាមុជទឹកដោយដៃខ្លួនឯងជាលើកដំបូងឲ្យបាន នៅឆ្នាំ២០៤០ខាងមុខ

តួកគី៖ រដ្ឋាភិបាលតួកគីបានបញ្ជាក់ថា ប្រទេសរបស់ខ្លួនកំពុងបន្តផែនការផលិតនាវាមុជទឹកក្នុងស្រុកផ្ទាល់ ព្រមទាំងជានាវាមុជទឹកធំបំផុតលំដាប់ទីពីរប្រចាំនៅអង្គការ NATO ថែមទៀតផង។ ទីក្រុងអង់ការ៉ាបានអះអាងដែរថា នាវាមុជទឹកផលិតដោយដៃខ្លួនឯងនេះ អាចនឹងលេចចេញរូបរាងជាលើកដំបូងនៅឆ្នាំ២០៤០ខាងមុខ។ពាក់ព័ន្ធនឹងផែនការខាងលើ ទីក្រុងអង់ការ៉ា បានឲ្យដឹងទៀតថា ក្រុមជំនាញត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីអភិវឌ្ឍន៍កម្មវិធីផលិតនាវាមុជទឹកខ្នាតធំ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ។ ដោយឡែកសារព័ត៌មានអន្តរជាតិ ឌីហ្វែន ញ៊ូ ក៏បានចេញផ្សាយផងដែរថា ផែនការផលិតនាវាមុជទឹករបស់តួកគី គឺពឹងផ្អែកខ្លាំងបំផុតទៅលើកញ្ចប់បច្ចេកវិទ្យា និងព័ត៌មានយ៉ាងច្រើន ដែលខ្លួនទទួលបានពីប្រទេសអាល្លឺម៉ង់ អំឡុងពេលដែលប្រជាជាតិទាំងពីររួមគ្នាផលិតនាវាមុជទឹកប្រភេទ Type 214។យ៉ាងណាមិញ បើតាមអ្នកជំនាញផ្នែកកងទ័ពជើងទឹកមួយរូប នៅក្នុងទីក្រុងអង់ការ៉ា បាននិយាយថា កម្មវិធីផលិតនាវាមុជទឹកតួកគី គឺបានចម្លងតាមកិច្ចព្រមព្រៀងជាមួយអាល្លឺម៉ង់ ដោយប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នា កាលពីឆ្នាំ២០១១ នៅក្នុងទំហំទឹកប្រាក់២,៨ពាន់លានដុល្លារអាម៉េរិក៕ម.ន
-
រុស្ស៊ី កែច្នៃយានអវកាសរបស់ខ្លួន ដើម្បីដឹកអ្នកទេសចរទៅកម្សាន្តក្នុងទីអវកាស

រុស្ស៊ី៖ យានអវកាស សូយូស មួយគ្រឿងនឹងត្រូវកែច្នៃសម្រាប់ការធ្វើដំណើរក្នុងលក្ខណៈទេសចរណ៍ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសខូស្មូស។ យានអវកាសរុស្ស៊ី សូយូស មួយគ្រឿងនេះ កំពុងស្ថិតក្រោមការកែច្នៃក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនទេសចរណ៍អវកាសអាមេរិក ស្ពេស អេដវេនឆើ ខណៈទីភ្នាក់ងារ រ៉ូសខូស្មូស និងក្រុមហ៊ុនទេសចរណ៍អវកាសនេះ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីនាំយកអ្នកទេសចរចំនួនពីរនាក់ឡើងទៅកាន់ស្ថានីយ ISS នៅឆ្នាំ២០២១ខាងមុខ។សូមបញ្ជាក់ថា បើតាមក្រុមហ៊ុនអវកាសឯកជនរបស់រុស្ស៊ី ខូស្មូឃូស តម្លៃសំបុត្រសម្រាប់ការធ្វើដំណើរឡើងទៅទស្សនាកម្សាន្តក្នុងទីអវកាស តាមរយៈក្រុមហ៊ុននេះនឹងមានតម្លៃប្រហែល២០ម៉ឺនទៅ២៥ម៉ឺនដុល្លារអាម៉េរិក៕ម.ន
-
ស្តេចថៃ បណ្តេញមន្ត្រីជាន់ខ្ពស់រាជវាំង៦រូប

ព្រះមហាក្សត្រថៃ បានសម្រេចដកតំណែងមន្ត្រីជាន់ខ្ពស់រាជវាំង៦រូបទៀត បន្ទាប់ពីមេទ័ព និងស្នំឯក ដោយត្រូវបានគេដឹងថា នេះជាការកែទម្រង់ដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងរាជវាំងថៃ ក្រោយរកឃើញថាស្នំឯក បានឃុបឃិតជាមួយមេទ័ពវាំង ដើម្បីផ្តួលរំលំព្រះមហេសី និងមានសកម្មភាពមិនស្មោះត្រង់ជាមួយព្រះមហាក្សត្រ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័ររាជវាំងថៃ Ratchakitcha។ ព្រះមហាក្សតថៃ មហាវិជ្ជរ៉ាឡុងកន បានចេញរាជបញ្ជាដកតំណែងមន្ត្រី៦រូប ក្នុងរាជវាំងកាលពីថ្ងៃទី២៣ ខែតុលាម្សិលមិញ។ មន្ត្រី៦រូបដែលបានដកតំណែងថ្មីៗនេះ មានស្ត្រីពីររូបថ្នាក់វរសេនីយ៍ និងឧត្តមសេនីយ៍មួយរូបផងដែរ។ តាមរាជបញ្ជាថា ការដកនេះ គឺបន្ទាប់ពីមានសកម្មភាពបំពានច្បាប់ និងប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការដកតំណែងនេះ បានធ្វើឡើងបន្ទាប់ពីមេទ័ពរាជវាំង និងស្នំឯក ត្រូវបានចោទប្រកាន់ថា មានសកម្មភាពប្រឆាំងមិនស្មោះត្រង់ លោភលន់ ក្រោយព្រះមហាក្សត្រ តែងតាំងព្រះអគ្គមហេសី Suthida៕ធ.ដ
-
ប្រទះឃើញសាកសពមនុស្ស៣៩នាក់ ក្នុងកុងតឺន័រមួយគ្រឿង នៅអង់គ្លេស

សាកសពមនុស្សចំនួន៣៩នាក់ ត្រូវបានគេប្រទះឃើញក្នុងទូរនៃរថយន្តដឹកកុងតឺន័រមួយគ្រឿង នៅទីក្រុង Essex ក្បែរ ទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC កាលពីថ្ងៃពុធ ទី២៣ ខែតុលា។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា ជនល្មើសនៃបទឧក្រិដ្ឋត្រូវតែចាប់ខ្លួនឱ្យបាន ខណៈសមាជិកសភាក្នុងតំបន់លោកជែកគី ដូលីប្រាយ និយាយថា ពួករត់ពន្ធមនុស្សត្រូវតែទទួលខុសត្រូវ។ នគរបាលអង់គ្លេសបានបើកការស៊ើបអង្កេតជុំវិញករណីនេះ ខណៈអ្នកបើកបររថយន្តខាងលើ ដែលមានអាយុ២៥ឆ្នាំ មកពីអៀរឡង់ខាងជើង ត្រូវបានចាប់ឃាត់ខ្លួនពីបទសង្ស័យមនុស្សឃាត។ បើតាមទិន្នន័យបឋម ក្នុងចំណោមជនរងគ្រោះ៣៨នាក់ជាមនុស្សធំ ពេញវ័យ និងម្នាក់ទៀតស្ថិតក្នុងយុវវ័យ។ នគរបាលថា រថយន្តដឹកកុងតឺន័រនោះ បានធ្វើដំណើរមកពីប្រទេសប៊ុលហ្គារីចូលមកកាន់ច្រកភពអង់គ្លេស តាមក្រុង Holyhead នៃប្រទេស Wales កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕ធ.ដ