-
លោក ម៉ៃ ផេន អះអាងថា សហរដ្ឋអាម៉េរិក កំពុងនំាមុខគេលើពិភពលោក ខាងវិស័យអវកាសជាថ្មីម្តងទៀត

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក កំពុងនាំមុខគេលើពិភពលោក ខាងវិស័យអវកាសជាថ្មីម្តងទៀត ប៉ុន្តែនៅតែស្វាគមន៍ជានិច្ចសម្រាប់កិច្ចសហការជាមួយបណ្តាប្រទេសដទៃទៀត។ នេះបើតាមអនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន ក្នុងឱកាសចូលរួមប្រារព្ធវេទិកាអវកាសយានិកអន្តរជាតិ IAC នៅរដ្ឋធានីវ៉ាស៊ីនតោន នាដើមសប្តាហ៍នេះ។ អនុប្រធានាធិបតីអាម៉េរិករូបនេះ បានបន្ថែមទៀតថា កិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារអវកាស NASA ដើម្បីបញ្ជូនក្រុមអវកាសយានិកអាម៉េរិក ត្រឡប់ទៅលើផ្ទៃព្រះចន្ទឡើងវិញនៅឆ្នាំ២០២៤ បានសបញ្ជាក់ឲ្យឃើញពីចក្ខុវិស័យថ្មី នៅក្នុងវិស័យរុករកទីអវកាសក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។ ដោយឡែក អង្គការអវកាស NASA ក៏នឹងបង្កើតស្ថានីយអវកាសមួយ ដែលដើរតួនាទីជាច្រកផ្លូវសម្រាប់ការចេញបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ (Mars) ផងដែរ ខណៈ NASA ក៏កំពុងតែស្វះស្វែងរកការជួយសហការពីសំណាក់ប្រទេសជាដៃគូនៃស្ថានីយអវកាសអន្តរជាតិ ISS សម្រាប់គម្រោងទាំងនេះ៕ធ.ដ
-
រដ្ឋាភិបាលអ៊ីរ៉ាក់ ប្រកាសបដិសេធឲ្យកងទ័ពសហរដ្ឋអាម៉េរិក ដែលដកចេញពីស៊ីរី ឈរជើងនៅអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ កងទ័ពអាម៉េរិក ត្រូវបានអនុញ្ញាតឲ្យឆ្លងពីព្រំដែនស៊ីរី ចូលមកក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនទទួលបានការអនុញ្ញាតឲ្យឈរជើងស្នាក់នៅនោះឡើយ។ នេះបើតាមការអះអាងរបស់យោធាអ៊ីរ៉ាក់នៅថ្ងៃអង្គារម្សិលមិញ។ យោធាអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា កងទ័ពអាម៉េរិកដែលបានដកចេញពីស៊ីរី ត្រូវបានអនុញ្ញាតឲ្យចូលក្នុងទឹកដីអ៊ីរ៉ាក់ ដើម្បីត្រៀមសម្រាប់ការដឹកជញ្ជូនបន្តចេញពីប្រទេសអ៊ីរ៉ាក់ ព្រោះពុំមានការអនុញ្ញាតឲ្យកងទ័ពទាំងអស់នេះស្នាក់នៅឡើយ។ គួរបញ្ជាក់ផងដែរថា សេចក្តីរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានឱ្យដឹងថា ក្បួនយានយន្តយោធាអាម៉េរិកប្រមាណ១០០គ្រឿងបានធ្វើដំណើរផុតពីស៊ីរី ឆ្លងចូលមកដល់ប្រទេសអ៊ីរ៉ាក់ ក្រោមក្របខណ្ឌនៃការដកកម្លាំងទ័ពចេញពីតំបន់ភាគខាងជើងរបស់ប្រទេសស៊ីរី។ បើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Mark Esper នោះ កងទ័ពអាម៉េរិកប្រមាណជាង១ពាន់នាក់ដែលដកចេញនឹងត្រូវផ្លាស់ទៅឈរជើងនៅអ៊ីរ៉ាក់វិញ៕ធ.ដ
-
លទ្ធផលបោះឆ្នោតសកលនៅកាណាដាបង្ហាញថា គណបក្សរបស់លោក ចាស្ទីន ទ្រូដូ បន្តឈ្នះឆ្នោតអាណត្តិថ្មីទៀត

កាណាដា៖ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លទ្ធផលបោះឆ្នោតសកលក្នុងប្រទេសកាណាដាបានបង្ហាញថា គណបក្សសេរីនិយមរបស់លោក ចាស្ទីន ទ្រូដូ គឺជាអ្នកទទួលបានជ័យជម្នះ ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើនក្នុងសភា។ ជ័យជម្នះនេះក៏បានបង្ហាញផងដែរថា លោក ចាស្ទីន ទ្រូដូ នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីកាណាដាសម្រាប់អាណត្តិទី២ ក្នុងនាមដឹកនាំរដ្ឋាភិបាលភាគតិច។ សម្រាប់ការប្រកាសលទ្ធផលឆ្នោតជាផ្លូវការ នឹងត្រូវប្រកាសចេញនៅប៉ុន្មានថ្ងៃទៀតនេះ។ សូមជម្រាបថា គណបក្សសេរីនិយមរបស់លោក ទ្រូដូ ទទួលបានសំឡេងគាំទ្រ ១៥៧អាសនៈនៃអាសនៈសភាសរុប៣៣៨អាសនៈ។ ដូច្នេះ គឺនៅខ្វះ១៣អាសនៈទៀត ដើម្បីបានសំឡេងភាគច្រើន ហើយប្រការនេះនឹងធ្វើឱ្យបក្សកាន់អំណាចមួយនេះ មានការលំបាកក្នុងការបោះឆ្នោតដើម្បីអនុម័តច្បាប់ណាមួយនៅក្នុងសភា ស្របពេលគណបក្សប្រឆាំងអភិរក្សនិយមទទួលបានសំឡេងគាំទ្រ១២១អាសនៈ ឬ កើនឡើងពី៩៥អាសនៈពីការបោះឆ្នោតសកលកាលពីអាណត្តិមុន៕ធ.ដ
-
ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways និយាយថា ក្រុមហ៊ុនខ្លួនកំពុង ប្រឈមមុខនឹងការបិទទ្វារ ដោយសារតែវិបត្តិហិរញ្ញវត្ថុ

ថៃ៖ បុគ្គលិកត្រូវតែសហការជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការធ្វើឲ្យក្រុមហ៊ុនល្អដូចដើមវិញ ព្រោះវាគឺជាវិបត្តិមួយ បើមិនដូច្នោះទេ ក្រុមហ៊ុនប្រឈមមុខនឹងការបិទទ្វារ។ នេះបើតាមប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) លោក ស៊ូម៉េត ដាំរុងឆៃថាម នៅថ្ងៃអង្គារម្សិលមិញ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways រូបនេះបាននិយាយទៀតថា ក្រុមហ៊ុនរបស់លោកបានបាត់បង់ភាពទីផ្សាររបស់ខ្លួន លើផ្លូវហោះហើរជាច្រើនជា មួយក្រុមហ៊ុនប្រកួតប្រជែង លោកថា ក្រុមហ៊ុននឹងកាត់បន្ថយការចំណាយ ដោយកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកផ្នែកគ្រប់គ្រង ខណៈក្រុមហ៊ុនកំពុងស្ថិតក្នុងវិបត្តិ។ ការលើកឡើងបែបនេះរបស់លោក ស៊ូម៉េត ដាំរុងឆៃថាម ត្រូវបានធ្វើឡើងស្របពេលរបាយការណ៍មួយបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩នេះ ក្រុមហ៊ុន Thai Airways បានខាតប្រាក់ចំនួន៦,៤៤ពាន់លានបាត ឬស្មើនឹងជាង២១២លានដុល្លារអាម៉េរិក។ តួលេខនេះ បានធ្វើឲ្យទំហំនៃការខាតរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ កើនឡើងដល់២៨០ពាន់លានបាត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជាង២ម៉ឺននាក់៕ធ.ដ
-
ចិន និងសហរដ្ឋអាម៉េរិក ត្រូវរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងកិច្ចប្រជុំ G20 នៅប្រទេសឈីលី

ចិន៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិន នឹងត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងរៀបចំឡើងនៅប្រទេសឈីលី ពីថ្ងៃទី១៦ ដល់ទី១៧ ខែវិច្ឆិកាខាងមុខនេះហើយ។ ឆ្លើយតបនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ ខាងលើ អនុរដ្ឋមន្ត្រីការបរទេសចិនលោក ឡេ យូឆឹង នៅថ្ងៃអង្គារនេះបានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកំាង និងទីក្រុងវ៉ាស៊ីនតោន បានសម្រេចនូវការរីកចម្រើនមួយចំនួន នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ហើយបើភាគីទាំងពីរគោរពគ្នាទៅវិញមក គ្មានបញ្ហាណាមួយមិនអាចដោះស្រាយបាននោះទេ។ ថ្លែងនៅក្នុងវេទិកា សៀងសាន ក្នុងទីក្រុងប៉េកាំង អនុប្រមុខការបរទេសចិនរូបនេះបាននិយាយយ៉ាងដូច្នេះថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហា ដោយមិនធ្វើការងារជាមួយប្រទេសដទៃទៀតនោះទេ ហើយជាការពិតណាស់ ពិភពលោកទាំងមូលចង់ឃើញចិន និងសហរដ្ឋអាម៉េរិក បញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងគ្នា ដើម្បីបញ្ជៀសសង្រ្គាមត្រជាក់៕ធ.ដ
-
លោក មូន ជែអ៊ីន ប្រកាសបង្កើនកញ្ចប់ថវិកាយោធាដល់៤២ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនកញ្ចប់ថវិកាយោធាបន្ថែមទៀត ជាមួយនឹងការជំរុញឱ្យកូរ៉េខាងជើងត្រឡប់មករកកិច្ចចរចាវិញ ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងឡើងកម្ដៅឡើងវិញ។ នេះបើតាមប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន។ ការប្រកាសពីគម្រោងបង្កើនកញ្ចប់ថវិកាយោធានេះ បានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើងនៅក្នុងខែតុលានេះបានអះអាងពីជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបាលិស្ទីកស៊េរីថ្មីមួយ ចេញពីនាវាមុជទឹក ដែលអ្នកជំនាញខ្លះសន្និដ្ឋានថា ជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ យ៉ាងណាមិញ នៅក្នុងសុន្ទរកថាចំពោះមុខសភាជាតិ នៅថ្ងៃអង្គារនេះ លោក មូន ជែអ៊ីន បាននិយាយយ៉ាងដូច្នេះថា នៅឆ្នាំក្រោយ ប្រទេសរបស់លោកនឹងបង្កើនកញ្ចប់ថវិកាយោធា៧ភាគរយ ឬស្មើនឹង៤២ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ជាពិសេសគឺសមត្ថភាពនាវាមុជទឹក និងផ្កាយរណបស៊ើបការណ៍៕ធ.ដ
-
ព្រះចៅអធិរាជ Naruhito របស់ជប៉ុនឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅក្នុងថ្ងៃអង្គារនេះ

ជប៉ុន៖ ដូចតាមការគ្រោងទុក នៅថ្ងៃអង្គារនេះ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំ ព្រមទាំងអ្នកតំណាងមកពីប្រទេស១៧៤។ ពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ប្រារព្ធឡើងនៅឯសាលរដ្ឋ សេដិន នៅម៉ោង១នាទីរសៀលនេះ (ម៉ោងក្នុងតំបន់) ក្នុងបន្ទប់ ម៉ាតស៊ូ ណូ ម៉ា ដោយព្រះចៅអធិរាជគង់លើរាជបល្ល័ង្ក តាកាមីគួរ៉ា ហើយគ្រងនូវសម្លៀកបំពាក់ប្រពៃណីអធិរាជជប៉ុន។ គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីព្យុហយត្រាមួយរបស់ព្រះចៅអធិរាជ និងព្រះមហេសី ត្រូវបានលើកពេលទៅថ្ងៃទី១០ ខែវិច្ឆិកាវិញ ស្របពេលដែលព្យុះទីហ្វុងពីរទៀត កំពុងធ្វើដំណើរមកកាន់ប្រទេសជប៉ុននៅក្នុងសប្ដាហ៍នេះ៕ធ.ដ
-
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេ៉រិក និងជប៉ុនអាចរុញកំណើនសេដ្ឋកិច្ចជប៉ុនកើនឡើងដល់០.៨ភាគរយ

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេ៉រិកត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចរបស់ជប៉ុន ឱ្យហក់ឡើងប្រមាណ០.៨ភាគរយ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចបង្កើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនកើនដល់ទឹកប្រាក់៤ទ្រីលានយ៉េន នឹងបង្កើតការងារប្រហែល២៨ម៉ឺនកន្លែងក្នុងប្រទេសជប៉ុន ។ សូមបញ្ជាក់ថា សហរដ្ឋអាមេ៉រិក និង ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលកាត់បន្ថយពន្ធគយលើផលិតផលកសិកម្មរបស់សហរដ្ឋអាមេ៉រិច ឧបករណ៍ និងម៉ាស៊ីនរបស់ប្រទេសជប៉ុន និង ផលិតផលផ្សេងទៀត ៕ធ.ដ
-
ក្នុងរយៈពេល៣ត្រីមាសដំបូងឆ្នំា២០១៩នេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន កើនឡើង៦.២ភាគរយ

ចិន៖ ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៦.២ភាគរយ ឬ ស្មើនឹងទឹកប្រាក់ប្រមាណ ៦៩,៧៨ទ្រីលានយ័ន ឬ ប្រហែល៩,៨៧ទ្រីលានដុល្លារអាមេ៉រិក ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០១៩នេះ ។ តួយ៉ាង ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៦.០ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នំាំ២០១៩នេះ បានកើនឡើង៦.២ភាគរយនៅក្នុងត្រីមាសទី២ និងបានកើនឡើង៦.៤ភាគរយនៅក្នុងត្រីមាសទី១ ។បើតាមអ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន NBS លោក Mao Shengyong បានថ្លែងថាចិនបានរក្សាស្ថេរភាពសេដ្ឋកិច្ចក្នុងត្រីមាសទី៣ ឆ្នំាំ២០១៩នេះ ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី លោកក៏បានបង្ហាញការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច បង្កដោយវិបត្តិទាំងក្នុង និង ក្រៅប្រទេស ៕ធ.ដ
-
ចិនឃើញពីភាពវិជ្ជមាន ដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្ម ជាមួយអាមេ៉រិក

អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng នៅថ្ងៃអង្គារទី២២ តុលានេះ បានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេ៉រិកសម្រេចបាននូវការរីកចម្រើនមួយចំនួន នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ហើយបើភាគីទាំងពីរគោរពគ្នាទៅវិញមក គ្មានបញ្ហាណាមួយមិនអាចដោះស្រាយបាននោះទេ។ ថ្លែងនៅក្នុងវេទិកា សៀងសាន (Xiangshan Forum) ក្នុងទីក្រុងប៉េកាំង លោក Le Yucheng បានលើកឡើងយ៉ាងដូច្នេះថា «គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហា ដោយមិនធ្វើការងារជាមួយប្រទេសដទៃទៀតនោះទេ ហើយជាការពិតណាស់ ពិភពលោកទាំងមូលចង់ឃើញចិន និងសហរដ្ឋអាមេ៉រិកបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងគ្នា ដើម្បីបញ្ជៀសសង្រ្គាមត្រជាក់»។ គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេ៉រិក និងចិន នឹងត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក រៀបចំឡើងនៅប្រទេសឈីលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះហើយ៕ធ.ដ