Category: ព័ត៌មានអន្តរជាតិ

  • ព្រះមហាក្សត្រថៃដកហូតតំណែង និងឋានៈទាំងអស់ពីមហេសីមួយអង្គ ព្រោះមិនស្មោះត្រង់

    ព្រះមហាក្សត្រថៃដកហូតតំណែង និងឋានៈទាំងអស់ពីមហេសីមួយអង្គ ព្រោះមិនស្មោះត្រង់

    ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន បានសម្រេចព្រះទ័យដកហូតតំណែង និងឋានៈទាំងអស់ពីមហេសីមួយអង្គរបស់ព្រះអង្គគឺ អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី   ដោយសារតែអ្នកម្នាងមិនមានភាពស្មោះត្រង់  នេះបើតាមប្រភពពីព្រះបរមរាជវាំងថៃ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC កាលពីយប់ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ យោងតាមព្រះបរមរាជវាំងថៃ អ្នកម្នាងត្រូវបានដកហូតតំណែង និងរាល់តួនាទីទាំងអស់ក្នុងនោះរួមមានទាំងគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ផងដែរ ដោយសារតែមិនមានភាពស្មោះត្រង់ចំពោះព្រះបាទ Maha Vajiralongkorn និងព្រះអគ្គមហេសី សុធីតា (Suthida) ពោលគឺអ្នកម្នាងរូបនេះមានមហិច្ឆតា លើកតម្កើងខ្លួនឱ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី។ គួរបញ្ជាក់ថា អ្នកម្នាង Sineenat Wongvajirapakdi ត្រូវបានផ្ដល់គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) កាលពីខែកក្កដាកន្លងទៅ ដែលមានរយៈពេលពីរខែបន្ទាប់ពីព្រះបាទ Maha Vajiralongkorn រៀបអភិសេក និងតែងតាំងអគ្គមហេសីព្រះនាម…

  • ប្រធានសភាអង់គ្លេសរារាំងការបោះឆ្នោតថ្មីលើកិច្ចព្រមព្រៀង Brexit ឬការចាកចេញពីសហភាពអឺរ៉ុប

    ប្រធានសភាអង់គ្លេសរារាំងការបោះឆ្នោតថ្មីលើកិច្ចព្រមព្រៀង Brexit ឬការចាកចេញពីសហភាពអឺរ៉ុប

    អង់គ្លេស៖ ប្រធានសភាអង់គ្លេស លោក John Bercow បានទប់ស្កាត់រដ្ឋសភា មិនឱ្យបោះឆ្នោតជាថ្មីទៀតលើសំណើដកអង់គ្លេស ចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ឬ Brexit ។ ការទប់ស្កាត់នេះ គឺជាការបរាជ័យចុងក្រោយបំផុត សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលខំប្រឹងប្រែងដកចក្រភពមួយនេះចេញពីសហភាពអឺរ៉ុប ។ កាលពីសប្ដាហ៍មុន លោក Boris Johnson បានធ្វើកិច្ចព្រមព្រៀង Brexit មួយ ជាមួយប្រទេសទាំង២៧ទៀតដែលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែ ក្រុមតំណាងរាស្ត្រអង់គ្លេសបានបោះឆ្នោតពន្យារការគាំទ្ររបស់ពួកគេ ចំពោះកិច្ចព្រមព្រៀងនោះ រហូតដល់ពេលមានការអនុម័តច្បាប់ ដែលចែងអំពីលក្ខខណ្ឌនានា ក្នុងការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប ក្រោយពីអង់គ្លេស បានចូលជាសមាជិកនៃប្លុកនេះ អស់រយៈពេល៤៦ឆ្នាំមកហើយ ។ រហូតមកដល់ពេលនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ថាតើរដ្ឋាភិបាលអង់គ្លេសមានសំឡេងឆ្នោតគាំទ្រ ឬ ពេលគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ មុនពេលដែលអង់គ្លេសគ្រោងចាកចេញពីសហភាពអឺរ៉ុបត្រឹមថ្ងៃទី៣១ខែតុលានេះ ៕ធ.ដ

  • ចិនអំពាវនាវឲ្យដាក់ទណ្ឌកម្មសហរដ្ឋអាមេ៉រិក ជុំវិញការល្មើសច្បាប់អង្គការពាណិជ្ជកម្មពិភពលោក WTO

    ចិនអំពាវនាវឲ្យដាក់ទណ្ឌកម្មសហរដ្ឋអាមេ៉រិក ជុំវិញការល្មើសច្បាប់អង្គការពាណិជ្ជកម្មពិភពលោក WTO

    ចិន៖ ចិនកំពុងតែស្វះស្វែងឲ្យមានការដាក់ទណ្ឌកម្មលើសហរដ្ឋអាមេ៉រិក ក្នុងទំហំទឹកប្រាក់២.៤ពាន់លានដុល្លារពាក់ព័ន្ធការដែលទីក្រុងវ៉ាស៊ីនតោន មិនអនុលោមតាមសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងបញ្ហាពន្ធមួយ កាលពីសម័យអនុវត្តន៍គោលនយោបាយ អូបាម៉ាឃែរ ។ តាមរយៈសំណើដែលត្រូវបានអង្គការ WTO ធ្វើការចេញផ្សាយ នៅមុនការលើកយកបញ្ហាខាងលើ ទៅដោះស្រាយក្នុងអង្គវិនិច្ឆ័យ (DSB) នៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ ប្រទេសចិនបានលើកឡើងថា ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេ៉រិក ដែលមិនព្រមគោរពតាមសេចក្តីសម្រេច និងការណែនាំ ចិនសូមស្នើដល់អង្គវិនិច្ឆ័យ DSB នៃអង្គការ WTO ព្យួរកាតព្វកិច្ចពាក់ព័ន្ធប្រចាំឆ្នាំរបស់សហរដ្ឋអាមេ៉រិក និងបញ្ឈប់ការផ្តល់សមប្បទានដែលស្មើនឹងទឹកប្រាក់២.៤ពាន់លានដុល្លារ ។ ដោយឡែក ចៅក្រមទទួលបន្ទុកបណ្តឹងឧទ្ធរណ៍នៃអង្គការ WTO បាននិយាយកាលពីខែកក្កដាថា សហរដ្ឋអាមេ៉រិកមិនបានអនុលោមតាមសេចក្តីសម្រេចរបស់ WTO នោះឡើយ ដូច្នេះសហរដ្ឋអាមេ៉រិកនឹងអាចប្រឈមមុខការដាក់ទណ្ឌកម្ម ដែលត្រូវបានស្នើឡើងដោយចិន ប្រសិនបើប្រទេសនេះ មិនព្រមដកទណ្ឌកម្មលើផលិតផលបន្ទះសូឡា បង្គោលកង្ហារផលិតអគ្គិសនីដោយថាមលខ្យល់ ដែក-ស៊ីឡាំង និងអាលុយមីញ៉ូមទេនោះ ៕ធ.ដ

  • អ៊ីរ៉ង់បញ្ជូនឯកសារពាក់ព័ន្ធនឹងករណីវាយប្រហារនាវាដឹកប្រេងខ្លួន ទៅកាន់ក្រុប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

    អ៊ីរ៉ង់បញ្ជូនឯកសារពាក់ព័ន្ធនឹងករណីវាយប្រហារនាវាដឹកប្រេងខ្លួន ទៅកាន់ក្រុប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

    អ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់បានបញ្ជូនឯកសារពាក់ព័ន្ធនឹងករណីវាយប្រហារនាពេលថ្មីៗនេះមកលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងរបស់ខ្លួន នៅសមុទ្រក្រហម ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ កាលពីថ្ងៃទី១១ ខែតុលា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ឈ្មោះ សាប៊ីធី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនប្រេងអ៊ីរ៉ង់ National Iranial Tanker Company (NITC) បានរងការផ្ទុះចំនួនពីរកន្លែង ដោយសារគ្រាប់មីស៊ីលនៅក្បែរទីក្រុងហ្សេដដាហ៍ (Jeddah) របស់អារ៉ាប៊ីសាអូឌីត ។ ពាក់ព័ន្ធនឹងករណីវាយប្រហារខាងលើ ប្រធានធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ ក៏ធ្លាប់បានលើកឡើងផងដែរថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នឹងមិនទម្លាក់កំហុសដោយពុំមានភស្តុតាងរឹងមាំទៅលើប្រទេសណាមួយ ឬក្រុមណាមួយឡើយ ដរាបណាការស៊ើបអង្កេតផ្លូវការមិនទាន់បញ្ចប់ទេនោះ ៕ធ.ដ

  • គ្រោះរំាងស្ងួតដ៏អាក្រក់បំផុតនៅប្រទេសហ្ស៊ីមបាបវ៉េ ផ្តាច់ជីវិតដំរី៥៥ក្បាលហើយ

    គ្រោះរំាងស្ងួតដ៏អាក្រក់បំផុតនៅប្រទេសហ្ស៊ីមបាបវ៉េ ផ្តាច់ជីវិតដំរី៥៥ក្បាលហើយ

    ហ្ស៊ីមបាបវ៉េ៖ ក្នុងរយៈពេល២ខែមកនេះ សត្វដំរី៥៥ក្បាលហើយបានងាប់នៅក្នុងឧទ្យានជាតិ Hwange National Park ដោយសារតែគ្រោះអត់ឃ្លានដែលបង្កឡើងដោយគ្រោះរាំងស្ងួតមួយដ៏អាក្រក់បំផុត នេះបើតាមអាជ្ញាធរហ្ស៊ីមបាបវ៉េ ។ បើតាមប្រភពដដែលនេះ ឧទ្យានជាតិ Hwange National Park មានសត្វដំរីជាង ៥ម៉ឺនក្បាល ប៉ុន្តែឧទ្យានមួយនេះ អាចដោះស្រាយបញ្ហាសត្វដីរីបានតែ១ម៉ឺន៥ពាន់ក្បាលប៉ុណ្ណោះ ។ យ៉ាងណាមិញ គ្រោះរាំងស្ងួតបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវរុក្ខជាតិជាចំណីរបស់សត្វព្រៃ ព្រមទាំងដំណាំដាំដុះនានាសម្រាប់ប្រជាជននៃប្រជាជាតិអាហ្វ្រិកមួយនេះ ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ។ ហើយកាលពីខែសីហាកន្លងទៅនេះ កម្មវិធីស្បៀងអាហារពិភពលោកបានបញ្ជាក់ថា ប្រជាជនហ្ស៊ីមបាបវ៉េជាង២លាននាក់កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ៕ធ.ដ

  • សហរដ្ឋអាមេ៉រិកនៅតែចាត់បញ្ចូលកូរ៉េខាងជើងក្នុងបញ្ជីខ្មៅ ជុំវិញការជួញដូរមនុស្ស ស្របពេលកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គំាង

    សហរដ្ឋអាមេ៉រិកនៅតែចាត់បញ្ចូលកូរ៉េខាងជើងក្នុងបញ្ជីខ្មៅ ជុំវិញការជួញដូរមនុស្ស ស្របពេលកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គំាង

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តអូសបន្លាយពេលចាត់បញ្ចូលប្រទេសកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ហើយថែមទំាងហាមឃាត់ការផ្តល់ជំនួយមនុស្សធម៌ និង ជំនួយនានាសម្រាប់ប្រជាជាតិកុម្មុយនីស្តដ៏ឯកោមួយនេះ។ ចំណាត់ការខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រោយពេលកិច្ចចរចានុយក្លេអ៊ែរក្នុងកម្រិតការងាររវាងសហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើង នៅឯទីក្រុងស្តុកខុម ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៥ ខែកញ្ញា មិនទទួលបានលទ្ធផលជាវិជ្ជមាន ។ យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងបានព្រមព្រៀងជួបគ្នាម្តងទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់មានសារព័ត៌មានណាមួយ ចេញផ្សាយសេចក្តីរាយការណ៍លំអិតជុំវិញជំនួបជាថ្មីទៀតនេះនៅឡើយទេ ៕ធ.ដ

  • កូរ៉េខាងជើងប្តេជ្ញាបង្កើនការតស៊ូប្រឆំាងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិក

    កូរ៉េខាងជើងប្តេជ្ញាបង្កើនការតស៊ូប្រឆំាងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិក

    កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះបានចោទប្រកាន់សហរដ្ឋអាមេ៉រិកថា កំពុងប្រើប្រាស់ទណ្ឌកម្មដើម្បីបង្ខំឲ្យប្រទេសដែលរឹងទទឹងនឹងខ្លួនទៅលត់ជង្គង់ ហើយថែមទំាងអះអាងថា កូរ៉េខាងជើងនឹងបង្កើនការតស៊ូ ដើម្បីប្រឆំាងនឹងការដាក់សម្ពាធនេះ ។ កូរ៉េខាងជើងបានបង្កើនការរិះគន់លើសហរដ្ឋអាមេ៉រិក ចាប់តាំងពីកិច្ចចរចារវាងក្រុមមន្ត្រីនៃប្រទេសទាំង២នៅក្នុងទីក្រុង ស្តុកខុម ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅ មិនទទួលបានលទ្ធផល ។ នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយនៅថ្ងៃចន្ទនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង រ៉ូដុង ស៊ីនមុន ក៏បានបរិហារដែរថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេ៉រិក គឺមានគោលដៅប្ដូររបបដឹកនាំរបស់លោកប្រមុខរដ្ឋ គីម ជុងអ៊ុន ។ សូមរំលឹកផងដែរថា កំឡុងពេលជិះសេះសនៅលើភ្នំ ផេកឌុ កាលពីសប្ដាហ៍មុន មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ស្របពេលមានការរំពឹងថា លោក គីម នឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនៅពេលខាងមុខនេះ ៕ធ.ដ

  • ប្រមុខដឹកនំាមន្ទីរបញ្ចកោណនិយាយថា សហរដ្ឋអាមេ៉រិកនឹងបញ្ជូនកងកម្លាំងដែលដាក់បញ្ឈរជើងនៅស៊ីរីទៅកាន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់

    ប្រមុខដឹកនំាមន្ទីរបញ្ចកោណនិយាយថា សហរដ្ឋអាមេ៉រិកនឹងបញ្ជូនកងកម្លាំងដែលដាក់បញ្ឈរជើងនៅស៊ីរីទៅកាន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់

    សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក ម៉ាក អេសស្ពើ បានថ្លែងថា កងកម្លំាងប្រមាណ១ពាន់នាក់ដែលដកចេញពីភាគឦសានប្រទេសស៊ីរី នឹងត្រូវបញ្ជូនទៅដាក់ពង្រាយនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់វិញ និងបន្តប្រតិបត្តិការប្រយុទ្ធប្រឆំាងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅក្នុងតំបន់នោះ នេះបើតាមសេចក្តីរាយការណ៍របស់មន្ទីរបញ្ចកោណនៅថ្ងៃអាទិត្យម្សិលមិញ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ប្រមុខដឹកនំាក្រសួងការពារជាតិអាមេ៉រិករូបនេះ មិនបានបដិសេធនឹងលទ្ធភាព នៃការធ្វើការវាយឆ្មក់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មពីប្រទេសអ៊ីរ៉ាក់ចូលទៅក្នុងប្រទេសស៊ីរីនោះទេ ។ ប៉ុន្តែលោកបានថ្លែងថា នឹងមានផែនការជាបន្ដបន្ទាប់ ហើយក៏នឹងមានការពិភាក្សាជាមួយនឹងក្រុមសម្ព័ន្ធមិត្តនៅឯកិច្ចប្រជុំអង្គការអូតង់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សហរដ្ឋអាមេ៉រិកមានកងកម្លាំងប្រមាណ៥ពាន់នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងបាដាដ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។ សហរដ្ឋអាមេ៉រិកបានដកកងកម្លាំងចេញកាលពីឆ្នាំ២០១១ នៅពេលដែលប្រតិបត្តិការប្រយុទ្ធនៅទីនោះបានបញ្ចប់ ប៉ុន្តែបានត្រឡប់ទៅវិញក្នុងរយៈពេល៣ឆ្នាំក្រោយ នៅពេលដែលក្រុមរដ្ឋឥស្លាមកាន់កាប់បានតំបន់មួយចំនួនធំនៅក្នុងប្រទេស មុនពេលដែលបាត់បង់ដែនដីមួយចំនួនទៅវិញ ៕ធ.ដ

  • មន្រ្តីប៉ូលិសហុងកុងសន្យារឹតបន្តឹងបទបញ្ជាឡើងវិញ ក្រោយក្រុមបាតុករបន្តរំលោភបំពានដោយប្រើហិង្សា

    មន្រ្តីប៉ូលិសហុងកុងសន្យារឹតបន្តឹងបទបញ្ជាឡើងវិញ ក្រោយក្រុមបាតុករបន្តរំលោភបំពានដោយប្រើហិង្សា

    ហុងកុង៖ ប៉ូលិសក្រុងហុងកុងបានប្រកាសថ្កោលទោសយ៉ាងខ្លំាង និង ប្តេជ្ញារឹតបន្តឹងបទបញ្ជាឡើងវិញ ក្រោយក្រុមអ្នកតវ៉ាកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានបិទផ្លូវ និង ដុតបំផ្លាញហាងលក់ដូរជាច្រើន ហើយក្រុមសមត្ថកិច្ចបានឆ្លើយតបវិញ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់ទឹក ។ ក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកដកសាំង ហើយបានបញ្ចេញកំហឹងដាក់ហាងមួយចំនួន ដែលមានទំនាក់ទំនងជាមួយប្រទេសចិនដីគោក នៅពេលដែលពួកគេបានប៉ះទង្គិចគ្នានៅពេលយប់ជាមួយនឹងក្រុមប៉ូលិស ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនទៅលើក្រុមអ្នកតវ៉ា ដោយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជន និង អ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ ។ នេះជាការប៉ះទង្គិចគ្នា និងភាពវឹកវរចុងក្រោយបំផុត ក្រោយមានការតវ៉ាជាបន្តបន្ទាប់ដែលបានរំខានដល់ជីវិតរស់នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ ចាប់តាំងពីដើមខែមិថុនាកន្លងមក ។ បើតាមប្រភពពីមន្ទីរពេទ្យ មនុស្ស២៤នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមាន៦នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ ចំនែកឯប៉ូលិសហុងកុងមិនបានផ្តល់តួលេខនៃការចាប់ខ្លួនមនុស្សនោះទេ ប៉ុន្តែគេឃើញមនុស្សម្នាក់ត្រូវបានដាក់ខ្នោះដៃហើយនាំយកទៅ ៕ធ.ដ

  • ក្រុមហ៊ុន China Rocket រំពឹងថា នឹងរកចំណូលបានជាង១.៤ពាន់លានដុល្លារ តាមរយៈការផ្តល់សេវាបង្ហោះគ្រាប់រ៉ុក្កែត

    ក្រុមហ៊ុន China Rocket រំពឹងថា នឹងរកចំណូលបានជាង១.៤ពាន់លានដុល្លារ តាមរយៈការផ្តល់សេវាបង្ហោះគ្រាប់រ៉ុក្កែត

    ចិន៖ China Rocket គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយក្នុងចំណោមក្រុមហ៊ុនប្រមាណជាង១៥០ ដែលស្ថិតក្នុងវិស័យពាណិជ្ជកម្មផ្នែកអវកាសរបស់ប្រទេសចិន ហើយក្នុងអំឡុងពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននេះគ្រោងនឹងរកចំណូលឲ្យបាន១០ពាន់លានយ័ន ឬស្មើនឹងជាង១.៤ពាន់លានដុល្លារ តាមរយៈការផ្តល់សេវាបង្ហោះគ្រាប់រ៉ុក្កែត ។ របាយការណ៍ខាងលើ ត្រូវបានបង្ហាញឱ្យដឹងស្របពេលដែលក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែតចិនមួយនេះ ទើបតែបានបញ្ចេញផែនការសម្រាប់ការធ្វើតេស្តនាពេលខាងមុខនៃស៊េរីគ្រាប់រ៉ុក្កែត ស្មាត ដ្រាហ្គិន របស់ខ្លួន ដែលនឹងប្រើក្នុងវិស័យពាណិជ្ជកម្ម ។ ម៉ូលដែលដំបូងគេនៃស៊េរីគ្រាប់រ៉ុក្កែតនេះ គឺ ស្មាតដ្រាហ្គិនវ័ន ដែលបានបញ្ចប់ការសាកល្បងបាញ់បង្ហោះលើកទីមួយរបស់វាដោយជោគជ័យ កាលពីខែសីហាកន្លងទៅនេះ ។ ដោយឡែកម៉ូដែល ស្មាត ដ្រាហ្គិនធូ បើតាមផែនការខាងលើ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តបាញ់បង្ហោះជាលើកដំបូងនៅឆ្នាំ២០២០ ខណៈការបាញ់សាកល្បង ស្មាត ដ្រាហ្គិន ស៊្រី ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១ខាងមុខ ។ គ្រាប់រ៉ុក្កែតទាំងនេះ មានបំពាក់យានអវកាស ដែលអាចដឹកជញ្ជូនផ្កាយរណប ដែលមានទម្ងន់ខុសៗគ្នាយកទៅកាន់រយៈកម្ពស់ផ្សេងៗគ្នាបាន ហើយពួកវាក៏នឹងប្រើបច្ចេកវិទ្យាអាចប្រើប្រាស់ឡើងវិញបានផងដែរ ៕ធ.ដ