-
មហាសេដ្ឋីមានទ្រព្យ៣៦ពាន់លានដុល្លារអាមេ៉រិក ចេក ម៉ា នឹងជួយវិស័យអប់រំនៅអាហ្វ្រិក

មហាសេដ្ឋីពិភពលោក សញ្ជាតិចិន លោក ចេក ម៉ា បាននិយាយថា បេសកកម្មធំបំផុតរបស់លោកនាពេលខាងមុខនេះ គឺជាការជួយដល់វិស័យអប់រំ និងសហគ្រិនវ័យក្មេង នៅអាហ្វ្រិក ក្នុងឋានៈលោកគឺជាស្ថាបនិកមូលនិធិចេកម៉ា។ លោកបានថ្លែងបែបនេះ ជាមួយលោក Steve Forbes ប្រធានទីភ្នាក់ងារព័ត៌មាន Forbes នៅសន្និសីទអន្តរជាតិមួយ នាប្រទេសសិង្ហបុរី កាលពីម្សិលមិញ។ ជាការថ្លែងក្រោយពេលដែលមហាសេដ្ឋីមានទ្រព្យសរុប ៣៦ពាន់លានដុល្លារអាមេ៉រិក វ័យ៥០ឆ្នាំរូបនេះ ទើបប្រកាសលាឈប់ពីប្រធានក្រុមហ៊ុនយក្ស អាលីបាបា ។ លោកថា នឹងចំណាយពេលវេលានិងថាមពលបន្ថែមទៀត លើវិស័យអប់រំ និងកិច្ចការពារបរិស្ថានជាដើម៕ធ.ដ
-
សហភាពអឺរ៉ុបចង់ចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយថៃ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA

ថៃ៖ សហភាពអឺរ៉ុបចង់ចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយប្រទេសថៃ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ទាប់ពីវាត្រូវបានផ្អាកក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ ។ យោងតាមទិន្នន័យរបស់គណៈកម្មការអឺរ៉ុបឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងថៃមានទំហំ៤២ពាន់លានដុល្លារកាលពីឆ្នាំ២០១៨ ។ សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញផលិតផលធំជាងគេលំដាប់ទី៣របស់ប្រទេសថៃ ដោយមួយឆ្នាំៗថៃបានលក់ទំនិញ និង សេវា កម្មគិតជាតម្លៃរាប់សិបពាន់លានដុល្លារទៅឲ្យសហភាពអឺរ៉ុប ដែលភាគច្រើនគឺគ្រឿងយន្ត និង បរិក្ខាដឹកជញ្ជូន ។ បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ឥឡូវគឺជាពេលសមរម្យសម្រាប់ឲ្យអឺរ៉ុបចាប់ផ្តើមបោះជំហានឆ្ពោះទៅរកការពង្រីក ការធ្វើប្រាស្រ័យទាក់ទងជាមួយថៃ រួមមានការត្រៀមរៀបចំចុះកិច្ចព្រមព្រៀងនៃភាពជាដៃគូ និង សហប្រតិបត្តិការ (PCA) ដើម្បីរឹតបន្តឹងចំណងនៃវិស័យសេដ្ឋកិច្ច និង នយោបាយ ព្រមទាំងការបន្តឡើងវិញនៃដំណើរការចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ ៕ធ.ដ
-
អង្គការ NASA របស់សហរដ្ឋអាមេ៉រិកបញ្ចេញឈុតអវកាសជំនាន់ថ្មី ដែលត្រូវស្លៀកទៅឋានព្រះច័ន្ទនៅឆ្នំា២០២៤

សហរដ្ឋអាមេ៉រិក៖ ប្រធានអង្គការ NASA លោក ជីម ប្រាយដិនស្ទាញ នៅថ្ងៃអង្គារ៍នេះ បានរៀបចំកម្មវិធីបើកបង្ហាញគំរូឈុតអវកាសចំនួនពីរ ដែលរចនាឡើងសម្រាប់ការរុករកនៅឋានព្រះច័ន្ទនាឆ្នំា២០២៤ខាងមុខនេះ ។ ក្នុងនោះមួយឈុត គឺសម្រាប់ពេលបំពេញការងារនៅលើផ្ទៃរបស់ព្រះច័ន្ទ ហៅថាឈុត អ៊ិច អ៊ីម៊ូ (xEMU) និងមួយទៀត សម្រាប់ពេលជិះក្នុងយាន អូរាយអន (Orion) ចុះឬឡើងឋានព្រះច័ន្ទហៅថា ឈុត អូរាយអន គ្រូ សឺវាយវ៉ល ស៊ីសស្ទែម (Orion Crew Survival System) ។ បើតាមការគ្រោងទុកនោះ ក្រុមអវកាសយានិកនៅស្ថានីយអវកាសអន្តរជាតិ នឹងធ្វើតេស្តឈុតអវកាសថ្មីទាំងនេះជាមុនសិន ហើយពួកវាក៏នឹងត្រូវប្រើប្រាស់នៅក្នុងស្ថានីយអវកាស ដែលគ្រោងបង្កើតឡើងនៅគន្លងព្រះច័ន្ទ និង ភពអង្គារផងដែរ ខណៈអង្គការ NASA នឹងបញ្ជូនអវកាសយានិកមានស្រី និងប្រុសឲ្យទៅជាន់ផ្ទៃព្រះច័ន្ទសាជាថ្មីនៅឆ្នាំ២០២៤ និង ទៅដល់លើផ្ទៃភពអង្គារនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ ៕ធ.ដ
-
ចិន ចេញមុខជំទាស់នឹងសេចក្តីព្រាងច្បាប់របស់សភាសហរដ្ឋអាម៉េរិក ជុំវិញបញ្ហាទីក្រុងហុងកុង

ចិន៖ ចិន ចេញមុខជំទាស់ជាដាច់ខាតចំពោះវិធានការទាំងឡាយណា ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាម៉េរិក ពាក់ព័ន្ធនឹងបាតុកម្មនៅក្នុងទីក្រុងហុងកុង ហើយទីក្រុងប៉េកំាងអំពាវនាវឱ្យសមាជិកសភាអាម៉េរិក បញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង។ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទីក្រុងហុងកុង គឺជាវិធានការមួយត្រូវបានអនុម័តឡើងដោយសភាតំណាងរាស្ត្រអាម៉េរិក ដែលតម្រូវឱ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិកធ្វើការបញ្ជាក់ជារៀងរាល់ឆ្នាំថា ទីក្រុងហុងកុងនៅតែប្រកាន់ភ្ជាប់ស្វ័យភាពរបស់ខ្លួន ដើម្បីទទួលបានលក្ខខន្តិកៈពិសេស ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ។ បន្ថែមពីលើនេះ សភាតំណាងរាស្ត្រអាម៉េរិកក៏បានអនុម័តផងដែរនូវសេចក្ដីព្រាងច្បាប់ការពារទីក្រុងហុងកុង ដែលគោលដៅហាមឃាត់ការធ្វើលក់អាវុធ ឬបរិក្ខារយោធា ដែលអាចនឹងត្រូវបានប្រើប្រាស់ប៉ូលិសហុងកុងប្រឆាំងនឹងក្រុមបាតុករ។ យ៉ាងណាមិញ ព្រឹទ្ធសភាអាម៉េរិកមិនទាន់កំណត់ពីពេលវេលា ដើម្បីបោះឆ្នោតសម្រេចលើសេចក្ដីព្រោងច្បាប់នេះនៅឡើយទេ ហើយវានៅត្រូវបញ្ជូនបន្តឱ្យ លោក ដូណាល់ ត្រាំ សម្រេចចិត្តចុងក្រោយថា ត្រូវចុះហត្ថលេខា ឬក៏ត្រូវជំទាស់ ខណៈរដ្ឋបាលរបស់លោក កំពុងចរចាបញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយចិននៅឡើយ៕ធ.ដ
-
អនុប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីដោះស្រាយបញ្ហាប្រតិបត្តិការយោធារបស់តួកគី នៅស៊ីរី

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បាននិយាយថា អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន និងរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាគ្នាអំពីដំណើរការប្រតិបត្តិការយោធារបស់ទីក្រុងអង់ការ៉ា នៅភាគខាងជើងស៊ីរី។ លោក ម៉ៃ ភែន នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ស្របពេលដែលលោក ភែន ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសតួកគី រហូតដល់ដំណោះស្រាយមួយត្រូវបានឈានដល់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោក ភែន នៅថ្ងៃអង្គារនេះ។ អំឡុងពេលស្នាក់នៅប្រទេសតួកគី ប្រធានាធិបតីអាម៉េរិករូបនេះ ក៏មានផែនការលើកឡើងអំពីលក្ខខណ្ឌសម្រាប់កិច្ចចរចាស្វែងរកដំណោះស្រាយផងដែរ។ យ៉ាងណាមិញ លោក តាយយីប អឺដូហ្គាន បានអះអាងរួចហើយថា ប្រទេសរបស់លោកសូមច្រានចោលសំណើរបស់លោក ដូណាល់ ត្រាំ ដែលចង់ឱ្យបង្កើតបទឈប់បាញ់រវាងកងកម្លំាងតួកគី និងក្រុមសកម្មប្រយុទ្ធឃើដ ប៉ុន្តែបានព្រមព្រៀងថា…
-
តួកគី ប្រកាសច្រានចោលសំណើរបស់សហរដ្ឋអាម៉េរិក ចំពោះការបង្កើតបទឈប់បាញ់ ជាមួយក្រុមសកម្មប្រយុទ្ធឃើដ នៅស៊ីរី

តួកគី៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃអង្គារនេះ បានប្រកាសច្រានចោលសំណើរបស់សមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ចំពោះការបង្កើតបទឈប់បាញ់ជាមួយកងជីវពលឃើដ ប៉ុន្តែបានឯកភាពបន្តរក្សាកិច្ចចរចាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន។ថ្លែងប្រាប់អ្នកយកព័ត៌មាន អំឡុងធ្វើដំណើរពីទីក្រុងបាគូ ទៅកាន់រដ្ឋធានីអង់ការ៉ា លោក អឺដូហ្គាន់ បាននិយាយថា នៅក្នុងសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិក គឺ លោក ត្រាំ បានស្នើជាបន្ទាន់ឱ្យមានបទឈប់បាញ់រវាងកងកម្លំាងតួកគី និងក្រុមសកម្មប្រយុទ្ធឃើដស៊ីរី YPG ហើយថែមទាំងសម្រេចចិត្តបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមមកកាន់រដ្ឋធានីអង់ការ៉ា ដើម្បីពិភាក្សាថែមទៀត។ សូមជម្រាបផងដែរថាក្រុមសកម្មប្រយុទ្ធឃើដ YPG ប្រមាណ៥៩៥នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីតួកគី បើកប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមក្រសួងការពារជាតិតួកគី នៅថ្ងៃអង្គារម្សិលមិញ៕ម.ន
-
រុស្ស៊ី ដឹកនាំធ្វើសមយុទ្ធយោធាបាញ់មីស៊ីលឆ្លងអន្តរទ្វីប ដោយមានកងទ័ពចូលរួម ប្រមាណ១២,០០០នាក់

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា សមយុទ្ធកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររយៈពេល៣ថ្ងៃបានប្រព្រឹត្តទៅហើយ ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ និងមានការចូលរួមពីកងទ័ពចំនួន១ម៉ឺន២ពាន់នាក់ ជើងទម្រកាំជ្រួចមីស៊ីល២១៣គ្រឿង យន្តហោះ១០៥គ្រឿង នាវាចម្បាំង១៥គ្រឿង និង នាវាមុជទឹក៥គ្រឿង។ ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក យេវហ្គេនី អ៊ីលយីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលឆ្លងអន្តរទ្វីប២គ្រាប់នឹងបាញ់សាកល្បងទៅលើគោលដៅអនុវត្តន៍ជាក់ស្តែង នៅលើតំបន់សាកល្បងមីស៊ីលឈ្មោះគូរ៉ា នៅឧបទ្វីប កាំចាត់កា។បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ រុស្ស៊ីនឹងបាញ់សាកល្បងមីស៊ីលបញ្ជាទិស និងមីស៊ីលឆ្លងអន្តរទ្វីបចំនួន១៦ដើម ក្នុងនោះមានមីស៊ីលឆ្លងអន្តរទ្វីបឈ្មោះ Yars និង Sineva ក្នុងអំឡុងសមយុទ្ធរបស់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់ខ្លួន៕ម.ន
-
របាយការណ៍បង្ហាញថា ប្រតិបត្តិការយោធារបស់តួកគីនៅភាគខាងជើងស៊ីរី ផ្តាច់ជីវិត ក្រុមសកម្មប្រយុទ្ធឃើដ កើនជិត៦០០នាក់

តួកគី៖ ក្រុមសកម្មប្រយុទ្ធឃើដ YPG ប្រមាណ៥៩៥នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីតួកគី បើកប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមក្រសួងការពារជាតិតួកគី នៅថ្ងៃអង្គារម្សិលមិញ។ បើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនោះ ជនស៊ីវិលជាច្រើននាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ខណៈមនុស្សរាប់ម៉ឺននាក់ទៀតកំពុងរត់ភៀសខ្លួនចេញពីការវាយប្រយុទ្ធគ្នារវាងតួកគី និងក្រុមឃើដ។ ចំណែកឯសហរដ្ឋអាម៉េរិក បានសម្រេចចិត្តដាក់ទណ្ឌកម្ម ហើយបារាំង និងអាល្លឺម៉ង់ ផ្អាកការលក់អាវុធឱ្យតួកគី ដើម្បីបង្ខំឱ្យទីក្រុងអង់ការ៉ា បញ្ឈប់ប្រតិបត្តិការយោធានេះជាបន្ទាន់៕ម.ន
-
មនុស្សស្លាប់ និងរបួសជាង៤០០នាក់ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត នៅប្រទេសអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងអំពើហិង្សាទាក់ទងនឹងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន នៅពេលដែលក្រុមតាលីបង់ បានព្យាយាមធ្វើឱ្យអន្តរាយដំណើរការប្រជាធិបតេយ្យរបស់ប្រទេសនេះ។បើតាមក្រុមបេសកកម្មជំនួយអង្គការសហប្រជាជាតិនៅអាហ្វហ្កានីស្ថាន (UNAMA) មនុស្ស៨៥នាក់ត្រូវបានសម្លាប់ និង៣៧៣នាក់ផ្សេងទៀតទទួលរងរបួស ដោយសារអំពើហិង្សាក្នុងអំឡុងការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញាកន្លងទៅនេះ។ ទោះបីជាមានអ្នកស្លាប់ច្រើនក៏ដោយ តែកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបាននិយាយថា ថ្ងៃបោះឆ្នោត គឺជាជោគជ័យ ដោយសារក្រុមតាលីបង់បរាជ័យ ក្នុងការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីទាញ់ទាញការចាប់អារម្មណ៍។គួរបញ្ជាក់ថា របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ការវាយប្រហាររបស់ក្រុមតាលីបង់ភាគច្រើនពាក់ព័ន្ធនឹងការប្រើគ្រាប់រ៉ុក្កែត គ្រាប់បែកដៃ និងកាំភ្លើងត្បាល់ និងគ្រាប់បែកច្នៃ ដែលត្រូវបានដាក់បង្កប់នៅក្បែរមណ្ឌលបោះឆ្នោត ដោយរួមទាំងនៅតាមសាលារៀនផងដែរ៕ម.ន
-
ចំនួនអ្នកស្លាប់កើនឡើងជិត៨០នាក់ បន្ទាប់ពីព្យុះទីហ្វុង ហាហ្គីប៊ីស វាយប្រហារ យ៉ាងខ្លាំងក្លាលើប្រទេសជប៉ុន

ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស បានបន្តកើនឡើងដល់៧២នាក់ហើយ ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកបាត់ខ្លួននៅតែបន្តធ្វើឡើងយ៉ាងសកម្មជាទីបំផុត នេះបើតាមអាជ្ញាធរជប៉ុន នៅថ្ងៃអង្គារម្សិលមិញ។ ព្យុះទីហ្វុងដ៏កំណាចនេះ បានធ្វើដំណើរចេញផុតពីប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ ក៏ប៉ុន្តែវាបានបន្សល់ទុកស្លាមស្នាមនៃការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ដោយក្នុងនោះ ផ្ទះប្រជាជនច្រើនជាង១ម៉ឺនខ្នងរងការបំផ្លិចបំផ្លាញ ជាពិសេសនៅតំបន់ក្បែរខាងទីក្រុងតូក្យូ។សូមរំលឹកថា ព្យុះទីហ្វុង ហាហ្គីប៊ីស បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដោយនាំមកជាមួយនូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ដែលបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំងខេត្តចំនួន៣៦ ក្នុងចំណោមខេត្តសរុប ៤៧ របស់ជប៉ុន។ ហាហ្គីប៊ីស ក៏ជាព្យុះទីហ្វុងដ៏កំណាចបំផុតមួយផងដែរ ដោយព្យុះសាហាវបែបនេះ មិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះឡើយ៕ម.ន