-
អារ៉ាប់ប៊ីសាអូឌីត និងរុស្ស៊ី ចាប់ដៃគ្នាវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ លើកិច្ចព្រមព្រៀង និងកិច្ចសន្យាជាច្រើន

អារ៉ាប់ប៊ីសាអូឌីត៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអារ៉ាប់ប៊ីសាអូឌីត ក្នុងអំឡុងដំណើរទស្សនកិច្ចនៅទីនោះ ដើម្បីចរចារជាមួយសមាជិកអង្គការ OPEC រក្សាតម្លៃប្រេងពិភពលោកមានស្ថេរភាព និងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ជាមួយអ៊ីរ៉ង់។ បន្ទាប់ពីកិច្ចពិភាក្សារវាងលោក វ៉្លាឌីមៀរ ពូទីន និងព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីត ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន២០ច្បាប់ ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារអាម៉េរិក លើវិស័យអវកាស វប្បធម៌ សុខភាព បច្ចេកវិទ្យា និងកសិកម្ម។ សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា មូលនិធិសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីតបានត្រៀមថវិកាចំនួន១០ពាន់លានដុល្លារអាម៉េរិក សម្រាប់គម្រោងវិនិយោគផ្ទាល់ពីបរទេសរួមគ្នានៅក្នុងប្រទេសរុស្ស៊ី៕ធ.ដ
-
តុលាការក្រុងហុងកុង ចេញសេចក្តីបង្គាប់មួយសំដៅហាមឃាត់រាល់សកម្មភាពបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

ហុងកុង៖ តុលាការទីក្រុងហុងកុង បានចេញបង្គាប់មួយ ស្ថិតក្នុងគោលបំណងហាមឃាត់រាល់សកម្មភាពទាំងឡាយណា ដែលបង្កការបំផ្លាញដល់តំបន់ត្រូវបានប្រើប្រាស់ ដូចជា កន្លែងស្នាក់នៅរបស់មន្ត្រីប៉ូលិស និងមន្ត្រីសណ្ដាប់ធ្នាប់ដទៃៗទៀត។ សេចក្ដីបង្គាប់ខាងលើ ក៏បានហាមឃាត់នូវការបិទផ្លូវ និងការបាញ់ឡាស៊ែរ ព្រមទាំងឧបករណ៍ជះពន្លឺដទៃទៀតទៅលើអគារ ឬក៏កន្លែងស្នាក់នៅរបស់ប៉ូលិសហុងកុងផងដែរ។ សេចក្តីបង្គាប់របស់តុលាការក្រុងហុងកុងនេះទៀតសោត ត្រូវបានដាក់ចេញស្របពេលដែលប៉ូលិសហុងកុងបានឱ្យដឹងថា ក្រុមបាតុករបានឡោមព័ទ្ធសង្កាត់ដែលប៉ូលិសស្ថិតនៅ អំឡុងបាតុកម្មតវ៉ាកាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ។ ទន្ទឹមគ្នានោះ អំពើហិង្សាក៏បានផ្ទុះឡើងផងដែរ ដោយក្រុមបាតុករមួយចំនួនបានកប់ដបសាំង និងបិទផ្លូវជាច្រើន ជាហេតុធ្វើប៉ូលិសប្រើប្រាស់កណុងបាញ់ទឹក បាញ់គ្រាប់កំាភ្លើងជ័រ ក៏ដូចជាគ្រាប់កាំភ្លើង ដើម្បីព្រមានបំបែកហ្វូងបាតុករ៕ធ.ដ
-
មនុស្សស្លាប់កើនជិត៧០នាក់ និង២០០នាក់ទៀតរងរបួស ក្រោយព្យុះទីហ្វុង Hagibis វាយប្រហារប្រទេសជប៉ុនយ៉ាងខ្លាំងក្លា

ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស វាយប្រហារយ៉ាងដំណំលើប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុននេះ បានកើនឡើងដល់៦៧នាក់ហើយ ខណៈភ្លៀងបន្តធ្លាក់ខ្លាំងកំពុងរំខានដល់ប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកបាត់ខ្លួន។ នេះបើតាមអាជ្ញាធរជប៉ុននៅថ្ងៃអង្គារនេះ។ ព្យុះទីហ្វុងដ៏មហិមាខាងលើ បានវាយប្រហារប្រទេសជប៉ុនកាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយនាំមកជាមួយនូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ ដែលបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំងខេត្តចំនួន៣៦ ក្នុងចំណោមខេត្តសរុប៤៧របស់ជប៉ុន។ ក្រៅពីចំនួនមនុស្សស្លាប់ ក៏មានមនុស្សរាប់សិបនាក់ទៀតនៅបន្តបាត់ខ្លួន និង២០០នាក់ផ្សេងទៀតរងរបួស។ សូមរំលឹកផងដែរថា ព្យុះទីហ្វុង ហាហ្គីប៊ីស បានធ្វើដំណើរចេញផុតពីប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ក៏ប៉ុន្តែវាបានបន្សល់ទុកស្លាមស្នាមនៃការបំផ្លិចបំផ្លាញធ្ងន់ ក្នុងនោះផ្ទះប្រជាជនច្រើនជាង១ម៉ឺនខ្នងរងការបំផ្លិចបំផ្លាញ ជាពិសេសនៅតំបន់ក្បែរខាងទីក្រុងតូក្យូ។ ដោយឡែកក្រុមអ្នកជួយសង្រ្គោះ និងកម្លាំងស្វ័យការពារជប៉ុនក៏កំពុងតែបន្តប្រតិបត្តិការយ៉ាងសកម្មជាទីបំផុត នៅតំបន់ដែលបានរងការវាយប្រហារពីព្យុះ៕ធ.ដ
-
អ្នកវិទ្យាសាស្រ្តរកឃើញព្រះចន្ទចំនួន២០បន្ថែមទៀត ដែលសរុបទាំងអស់៨២ នៅជុំវិញភពសៅរ៍

បរទេស៖ ភពសៅរ៍ (Saturn) បានក្លាយជាភពដែលមានព្រចន្ទច្រើនបំផុតចំនួន៨២ បន្ទាប់ពីអ្នកវិទ្យាសាស្រ្តទើបប្រទះឃើញព្រះចន្ទចំនួន២០បន្ថែមទៀតនៅជុំវិញភពឧស្ម័នយក្សមួយនេះ។ ព្រះចន្ទថ្មីទាំង២០ គឺសុទ្ធតែមានទំហំតូចៗ ដោយអង្កត់ផ្ចិតរបស់ពួកវាមានប្រវែងប្រហែល០៥គីឡូម៉ែត្រ ហើយក្នុងចំណោមនោះ ព្រះចន្ទចំនួន១៧មានគន្លងគោចរជាលក្ខណៈ Retrograde ដែលបញ្ច្រាស់ទិសជាមួយរង្វិលជុំរបស់ភពសៅរ៍។ ដើម្បីក្រឡឹងភពសៅរ៍បានមួយជុំ ពួកវាត្រូវចំណាយពេលជាង០៣ឆ្នាំ (ពេលវេលាលើផែនដី)។ ដោយឡែកព្រះចន្ទ០៣ទៀត ដែលមានគន្លងគោចររបៀប Prograde ដែលស្របនឹងទិសនៃរង្វិលជុំរបស់ភពសៅរ៍ មានមួយត្រូវចំណាយពេលជាង០៣ឆ្នាំ ដើម្បីធ្វើដំណើរជុំវិញភពសៅរ៍បានមួយជុំ ខណៈពីរទៀតបញ្ចប់ការធ្វើដំណើរមួយជុំរបស់ពួកវា ក្នុងរយៈពេល០២ឆ្នាំ៕ធ.ដ
-
ក្រុមហ៊ុនប្រេង Total របស់បារាំងបោះទុន៦០០លានដុល្លារទិញភាគហ៊ុនធំ ពីក្រុមហ៊ុនថាមពល អាដានីហ្គាស របស់ឥណ្ឌា ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការរបស់ខ្លួន

ឥណ្ឌា៖ ក្រុមហ៊ុនប្រេង Total របស់បារាំងបានព្រមព្រៀងទិញភាគហ៊ុន៣៧,៤ភាគរយ នៅក្នុងក្រុមហ៊ុនថាមពល អាដានីហ្គាស របស់ឥណ្ឌា ខណៈការទិញលក់នេះ នឹងធ្វើឱ្យក្រុមហ៊ុនថាមពលបារាំងដ៏ធំមួយនេះ ត្រូវចំណាយប្រាក់ជាង៦០០លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស។ បើតាមកិច្ចព្រមព្រៀងខាងលើនេះ ក្រុមហ៊ុន Total របស់បារាំងនឹងដាក់សំណើជាផ្លូវការទៅកាន់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន អាដានីហ្គាស ដើម្បីទិញភាគហ៊ុន២៥,២ភាគរយ មុននឹងទិញភាគហ៊ុនដែលនៅសេសសល់ ដែលនេះនឹងធ្វើក្រុមហ៊ុន Total មានភាគហ៊ុនស្មើគ្នាទៅនឹងភាគហ៊ុនក្រុមហ៊ុនឧស្ម័នឥណ្ឌា។ គួរបញ្ជាក់ផងដែរថា អាដានីហ្គាស ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន អាដានី គ្រុប គឺជាក្រុមហ៊ុនចែកចាយថាមពលដ៏ធំបំផុតមួយក្នុងចំណោម០៤នៅក្នុងប្រទេសឥណ្ឌា និងមានផែនការពង្រីកស្ថានីយផ្គង់ផ្គង់១,៥០០កន្លែងបន្ថែមទៀតនៅក្នុងរយៈពេល១០ខាងមុខ៕ធ.ដ
-
អាល្លឺម៉ង់ ត្រៀមដាក់ចេញច្បាប់សន្តិសុខថ្មី ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនចិន ហូវៃ អាចផ្គត់ផ្គង់បរិក្ខារពាក់ព័ន្ធនឹងប្រព័ន្ធ 5G

អាល្លឺម៉ង់៖ សៀវភៅនៃច្បាប់សន្តិសុខអាល្លឺម៉ង់ ដែលនឹងត្រូវចេញផ្សាយនៅក្នុងសប្ដាហ៍នេះ នឹងក្លាយជាការទទួលរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបើកចំហទ្វារទទួលយកការផ្គត់ផ្គង់បរិក្ខារពាក់ព័ន្ធនឹងប្រព័ន្ធ 5G បើទោះជាសហរដ្ឋអាម៉េរិកអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកកុំប្រើប្រាស់ផលិតផលរបស់ ហូវៃ ដោយសារព្រួយបារម្ភពីការស៊ើបការណ៍សម្ងាត់ឱ្យប្រទេសចិនក៏ដោយ។ យ៉ាងណាមិញ គិតមកទល់ពេលនេះ ការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកខាងលើ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះទាត់ចោលជាបន្តបន្ទាប់ ហើយក៏គ្មានក្រុមជំនាញ ឬប្រទេសណាមួយធ្លាប់រកឃើញភាពមិនប្រក្រតីលើផលិតផល ហូវៃ នោះដែរ។ ដោយឡែកក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅអាលឺ្លម៉ង់ ក៏ធ្លាប់ព្រមានជាច្រើនលើកផងដែរថា ការដាក់ទណ្ឌកម្ម ឬបម្រាមលើក្រុមហ៊ុន ហូវៃ អាចនឹងអូសបន្លាយ ក៏ដូចជាធ្វើឱ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ទាក់ទិននឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ 5G៕ធ.ដ
-
ប្រមុខអង្គការសហប្រជាជាតិសរសើរជប៉ុន ក្នុងការដោះស្រាយបញ្ហាព្យុះសង្ឃរា

បន្ទាប់ពីព្យុះទីហ្វុង Hagibis វាយប្រហារប្រទេសជប៉ុនដែលបណ្ដាលឲ្យមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិរួចមក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានថ្លែងសរសើរភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការដោះស្រាយបញ្ហា។ លោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ និងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនទាំងអស់ ហើយសូមជូនពរដល់អ្នកដែលរងរបួសឲ្យឆាប់ជាសះស្បើយ។ លោកបន្ថែមថា អង្គការសហប្រជាជាតិឈរនៅសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ ការថ្លែងដូច្នេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាលជប៉ុន បញ្ជូនកងទ័ព និងក្រុមសង្គ្រោះបន្ទាន់ជាង១១ម៉ឺននាក់ ទៅកាន់តំបន់រងគ្រោះដើម្បីជួយអ្នកដែលជាប់គាំងដោយសារគ្រោះទឹកជំនន់ ក៏ដូចជាស្វែងរកអ្នកបាត់ខ្លួនបន្ដ។ គួរឲ្យដឹងថា ព្យុះ Hagibis បានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍កន្លងទៅ ដែលបណ្ដាលឲ្យមនុស្សស្លាប់កើនដល់ប្រមាណ៦០នាក់ហើយ ព្រមទាំងរបួស និងបាត់ខ្លួនជាច្រើននាក់ទៀត៕ធ.ដ
-
ទីបំផុត! រដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូង ចុះចេញពីតំណែងតាមការទាមទាររបស់បាតុករ

លោក Cho Kuk រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមចុះចេញពីតំណែងកាលពីថ្ងៃ ក្រោយពេលដែលពលរដ្ឋតវ៉ាពាក់ព័ន្ធនឹងបទឧក្រិដ្ឋហិរញ្ញវត្ថុ។ តាមរយៈសេចក្ដីថ្លែងការណ៍ លោក Cho Kuk ប្រកាសយល់ព្រមចុះចេញពីតំណែងដើម្បីកាត់បន្ថយបន្ទុកសម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតី Moon Jae-in។ ការប្រកាសចុះចេញពីតំណែងនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលពលរដ្ឋនាំគ្នាបាតុកម្មតវ៉ាពេញទីក្រុងសេអ៊ូល ដោយសម្ដែងការមិនពេញចិត្តចំពោះរដ្ឋមន្ត្រីដែលតែងតាំងដោយប្រធានាធិបតីរូបនេះ។ ការិយាល័យរដ្ឋាភិបាលរបស់លោក Moon Jae-in នៅមិនទាន់ធ្វើការបញ្ចេញមតិណាមួយទាក់ទិននឹងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខាងលើនៅឡើយទេ។ លើសពីនេះទៀត ព្រះរាជអាជ្ញា កំពុងធ្វើការស៊ើបអង្កេតបន្ដទៅលើក្រុមគ្រួសាររបស់រដ្ឋមន្ត្រីខាងលើ ដែលអាចជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផងដែរ៕ធ.ដ
-
សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មតួកគី ជុំវិញប្រតិបត្តិការយោធានៅស៊ីរី និងទាមទារឲ្យមាន បទឈប់បាញ់គ្នា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មលើតួកគី និងទាមទារប្រទេសជាសមាជិកណាតូនេះ បញ្ឈប់ប្រតិបត្តិការវាយលុកដោយយោធានៅភាគខាងជើងប្រទេសស៊ីរី។ ទន្ទឹមគ្នានេះ អនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ភែន បាននិយាយថា ប្រទេសរបស់លោកបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រសួងចំនួនពីរ និងមន្ត្រីជាន់ខ្ពស់តួកគី ចំនួន៣រូប ដើម្បីបង្ខំឱ្យតួកគី បញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធាបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ នៅឯតំបន់ភាគខាងជើងនៃប្រទេសស៊ីរី។ អនុប្រធានាធិបតីអាម៉េរិករូបនេះបានបន្ថែមទៀតថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីក្នុងពេលឆាប់ៗនេះ។ បើតាមក្រសួងរតនាគារជាតិអាម៉េរិកនោះ មន្ត្រីជាន់ខ្ពស់ទាំងបីនាក់ខាងលើដែលជាប់ទណ្ឌកម្ម គឺមានរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្រ្តីមហាផ្ទៃ និងរដ្ឋមន្ត្រីថាមពលរបស់តួកគី។ តាមរយៈទណ្ឌកម្មនេះ ទ្រព្យសម្បត្តិរបស់អ្នកទាំងនេះ ដែលមាននៅក្នុងសហរដ្ឋអាម៉េរិកនឹងត្រូវបង្កក ហើយពួកគេមិនអាចធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកនោះទេ៕ធ.ដ
-
ចិន ចង់ជួបពិភាក្សាជាមួយសហរដ្ឋអាម៉េរិកជាថ្មីម្តងទៀត មុនពេលឈានដល់ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១

សហរដ្ឋអាម៉េរិក៖ ចិន ចង់រៀបចំកិច្ចចរចាពាណិជ្ជកម្មជាថ្មីម្ដងទៀតនៅចុងខែតុលាខាងមុខ មុននឹងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយមានឈ្មោះថា «ដំណាក់កាលទី១» ឬ «phase one» ដែលគាំទ្រដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ។ សារព័ត៌មាន Bloomberg ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណចំនួនពីរ ដែលដឹងពីកិច្ចព្រមព្រៀងខាងលើ បានឱ្យដឹងថា ប្រភពទីមួយបានបញ្ជាក់ថា ចិននឹងបញ្ជូនប្រតិភូដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ ទៅពិភាក្សាជាមួយក្រុមមន្ត្រីអាម៉េរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបញ្ចប់សំណេរនៅក្នុងកិច្ចព្រមព្រៀង ដែលអាចនឹងត្រូវបានចុះហេត្ថលេខាដោយលោក ស៊ី ជិនពីង នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក នៅខែវិច្ឆិកាខាងមុខនេះ ក្នុងប្រទេសឈីលី។ ចំណែកឯប្រភពទី២ក៏បានឱ្យដឹងដែរថា ចិនចង់ឱ្យលោក ដូណាល់ ត្រាំ លុបចោលរាល់គម្រោងដំឡើងពន្ធលើផលិតផលនាំចូលពីចិន ដែលគ្រោងនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្តែទាំងចិន និង សហរដ្ឋអាម៉េរិក មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ Bloomberg នៅឡើយទេ៕ធ.ដ