-
អ្នកនេសាទជនជាតិចិន៥នាក់ស្លាប់ ក្នុងហេតុការណ៍លិចសាឡង់ដឹកទំនិញ នៅដែនទឹកប្រទេសជប៉ុន

ចិន៖ អ្នកនេសាទជនជាតិចិន៥នាក់ បានបាត់បង់ជីវិត ក្រោយសាឡង់ដឹកទំនិញរបស់ពួកគេបានក្រឡាប់លិចនៅដែនទឹកប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយសារតែការវាយប្រហារពីព្យុះទីហ្វុង ហាហ្គីប៊ីស។ នេះបើតាមសេចក្តីរាយការណ៍របស់កងឆ្មាំល្បាតឆ្នេរសមុទ្រជប៉ុន។ ពាក់ព័ន្ធនឹងការវាយប្រហាររបស់ព្យុះទីហ្វុង ហាហ្គីប៊ីស ខាងលើនេះ ក្រុមអ្នកជួយសង្រ្គោះ និងកងកម្លាំងស្វ័យការពារជប៉ុនសរុបរាប់សែននាក់ បានចូលទៅដល់តំបន់ដែលប្រជាជនកំពុងជាប់គាំង ដោយសារតែគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅថ្ងៃចន្ទនេះ ខណៈចំនួនអ្នកស្លាប់បានកើនដល់៣៥នាក់ ១១នាក់បាត់ខ្លួន និង១៤៩នាក់រងរបួស។ ហាហ្គីប៊ីស ជាព្យុះទីហ្វុងដ៏កំណាចបំផុតមួយ ដែលមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ បានចាកចេញពីតំបន់ដីគោកកាលពីថ្ងៃអាទិត្យ ប៉ុន្តែវាបានបន្សល់ទុកនូវការខូចខាតយ៉ាងសម្បើមនៅក្នុងទីក្រុងតូក្យូ និងបណ្តាខេត្តក្បែរខាងចំនួន០៦។ បើតាមអាជ្ញាធរជប៉ុននោះ គិតមកទល់នឹងព្រឹកថ្ងៃចន្ទនេះ លំនៅដ្ឋាន៥ម៉ឺន៧ពាន់៥០០ខ្នង នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ខណៈមធ្យោបាយធ្វើដំណើរមួយចំនួនចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ និងប្រជាជនរាប់ពាន់នាក់កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅឡើយ៕ធ.ដ
-
លោក ត្រាំ៖ ចិនចាប់ផ្តើមទិញទំនិញកសិកម្មពីសហរដ្ឋអាម៉េរិកវិញហើយ ក្រោយមានកិច្ចព្រមព្រៀងមិនពេញលេញមួយ

សហរដ្ឋអាម៉េរិក៖ ចិន បានចាប់ផ្តើមទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកវិញហើយ បន្ទាប់ពីការសម្រេចបានជំហានទីមួយ នៃកិច្ចព្រមព្រៀងសំដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញ។ តាមរយៈបណ្តាញសង្គមធ្វីតធើរបស់ខ្លួន ប្រធានាធិបតីអាម៉េរិករូបនេះ បានសរសេរសារបង្ហោះថា នៅក្នុងព្រមព្រៀងរបស់លោកជាមួយចិន គឺចិននឹងចាប់ផ្តើមទិញផលិតផលកសិកម្មឡើងវិញក្នុងចំនួនច្រើន មិនមែននៅចាំរហូតដល់កិច្ចព្រមព្រៀងត្រូវចុះហត្ថលេខានៅរយៈពេល៣ ឬ៤សប្តាហ៍ខាងមុខឡើយ។ លោកថា ចិនបានចាប់ផ្តើមធ្វើតាមលក្ខខណ្ឌរបស់លោកហើយ។ លោក ដូណាល់ ត្រាំ បានឲ្យដឹងទៀតថា សហរដ្ឋអាម៉េរិក និងចិន សម្រេចបានដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយភាគីទាំងពីរបានឯកភាពគ្នាលើប្រធានបទជាច្រើន រួមមាន អត្រាប្តូរប្រាក់ ការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា សេវាហិរញ្ញវត្ថុ និងការទិញផលិតផលកសិកម្មអាម៉េរិក ទំហំ៥០ពាន់លានដុល្លារឡើងវិញដោយចិន៕ធ.ដ
-
មេដឹកនាំកំពូលអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងការដាក់សម្ពាធពីសំណាក់សត្រូវ

អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានសន្យាថា ប្រទេសរបស់លោកនឹងមិនឱនក្បាលនៅចំពោះមុខការដាក់សម្ពាធពីសំណាក់សត្រូវរបស់ខ្លួនឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន តាស្នីម របស់អ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះដែរ លោក ខាមិនណៃ ថែមទាំងបាននិយាយរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ចំពោះអ្វីដែលលោកបានហៅថា ជាប្រជាជាតិបឺតជញ្ជក់ឈាមអ្នកទៃ ជាជនបង្កគ្រោះមហន្តរាយ និងព្យាបាទប្រជាជាតិដទៃទៀត ដោយភាពសាហាវឃោរឃៅ និងការបង្រា្កប។ សូមបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នកំពុងស្ថិតក្រោមការដាក់សម្ពាធយ៉ាងតឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តាមរយៈការដាក់ទណ្ឌកម្ម និងការគាបសង្កត់ផ្នែកនយោបាយ រួមទាំងសេដ្ឋកិច្ច បន្ទាប់ពីសហរដ្ឋអាម៉េរិក បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំមុន ៕ធ.ដ
-
លោក វ៉្លាឌីមៀ ពូទីន ជំរុញឱ្យសហរដ្ឋអាមេ៉រិកគំាទ្រការពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានសហរដ្ឋអាមេ៉រិកថា ការបដិសេធការពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធថ្មី New START នឹងនំាមកនូវគ្រោះថ្នាក់ និងភាពមិនច្បាប់លាស់ជាច្រើនដល់សន្តិសុខពិភពលោក នេះបើតាមវិមានក្រឹមឡំាងនៅថ្ងៃ អាទិត្យ ម្សិលមិញ ។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡំាង លោក វ៉្លាឌីមៀ ពូទីន បានថ្លែងឱ្យដឹងក្នុងបទសម្ភាសន៍មួយថា សន្ធិសញ្ញា The New START គឺជាសន្ធិសញ្ញាតែមួយគត់ ដែលវាអាចកាជួយការពារពួកយើង ពីការវិលត្រឡប់ទៅរកការប្រកួតប្រជែងសព្វាទ្រង់ទ្រាយធំវិញ ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលសន្ធិសញ្ញាខាងលើនឹងត្រូវអស់សុពលភាពនៅឆ្នំា២០២១ខាងមុខ ហើយវាគឺជាសន្ធិសញ្ញាដែលជួយកាត់បន្ថយ និងការដាក់កំហិតនូវអាវុធវាយលុកជាយុទ្ធសាស្រ្ត ដែលក្នុងនោះរួមមានទាំងនៅលើដីគោក ដែនសមុទ្រ និងមីស៊ីលផ្លោងឆ្លងទ្វីបជាដើម ៕ធ.ដ
-
មេដឹកនាំបារាំង និងអាល្លឺម៉ង់ អំពាវនាវឲ្យបញ្ឈប់ប្រតិបត្តិការយោធារបស់តួកគី នៅភាគខាងជើងប្រទេសស៊ីរីជាបន្ទាន់

បារាំង៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺហ្គែល នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវយ៉ាងទទូចបញ្ឈប់ប្រតិបត្តិការយោធារបស់កងកម្លាំងតួកគី នៅភាគខាងជើងប្រទេសស៊ីរី។ ជាមួយគ្នានេះ លោក ម៉ាក្រុង បានថ្លែងព្រមានថា ការវាយលុករបស់យោធាតួកគីនៅស៊ីរី នឹងបង្កើតជាបញ្ហាវិបត្តិមនុស្សធម៌ ក៏ដូចជាការកកើតឡើងវិញនូវក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS។ ប្រធានាធិបតីបារាំងរូបនេះថែមទាំងបានអះអាងដែរថា ទីក្រុងប៉ារីស និងទីក្រុងបែរឡំាង អាចនឹងមានវិធានការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់តួកគីនៅក្នុងប្រទេសស៊ីរី។ គួរបញ្ជាក់ថា ការអំពាវនាវរបស់មេដឹកនាំប្រទេសទាំងពីរ បានកើតមានឡើងស្របពេលមានសេចក្តីរាយការណ៍ថា មនុស្ស១១នាក់បានស្លាប់ និង៧៤នាក់ទៀតរងរបួស ក្នុងការវាយប្រហារតាមផ្លូវអាកាសទៅលើក្បួនធ្វើដំណើររបស់កងកម្លាំងឃើដ។ នៅថ្ងៃអាទិត្យដដែល រដ្ឋបាលតំបន់ឃើដនៅភាគខាងជើងស៊ីរី ក៏បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីរីផងដែរ ដោយក្នុងនោះស៊ីរីបានយល់ព្រមដាក់ពង្រាយកងទ័ពនៅតាមបណ្តោយព្រំដែន ដើម្បីជួយឃើដបណ្តេញទ័ពតួកគីឲ្យចេញទៅវិញ ស្របពេលស៊ីរីចាត់ទុកសកម្មភាពយោធារបស់តួកគី ជាការឈ្លានពានដ៏ធ្ងន់មកលើបូរណភាពទឹកដីរបស់ខ្លួន៕ម.ន
-
នាយករដ្ឋមន្ត្រីឥណ្ឌា ដើររើសសំរាមនៅឆ្នេរសមុទ្រ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានដើររើសសំរាម នៅឆ្នេរសមុទ្រមួយកន្លែង កាលពីចុងសប្តាហ៍កន្លងទៅ។ លោក ម៉ូឌី បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយបានដើរ និងរត់ហាត់ប្រាណជាមួយនឹងការរើសសំរាមផងដែរ នៅតាមឆ្នេរសមុទ្រនៅខាងក្រៅរមណីយដ្ឋានប្រណីតរបស់លោក កាលពីព្រឹកថ្ងៃសៅរ៍ទី១២តុលា។ លោកបានប្រមូលសំរាមដែលមានដូចជាសំបកដបជ័រប្លាស្ទិក សំបកចេក និងសំរាមល្អិតៗផ្សេងទៀតដាក់ក្នុងថង់ធំមួយ នៅក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយបំផុតរបស់លោក ដើម្បីបង្ហាញនូវការខ្វះខាតការសម្អាតនៅតាមទីសាធារណៈនៅឥណ្ឌា។ លោក ណារិនដ្រាម៉ូឌី បានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ជ័រប្លាស្ទិកដែលប្រើបានតែមួយលើកហើយបោះចោល នៅត្រឹមឆ្នាំ២០២២តទៅ។ គួរបញ្ជាក់ថា កន្លែងដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌាដើររើសសំរាមនេះ គឺស្ថិតនៅរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែង ដែលលោកត្រូវទទួលជួបប្រធានាធិបតីចិនលោក ស៊ី ជីនភីង៕ធ.ដ
-
លោក ដូណាល់ ត្រាំ ស្នើឱ្យដកកងកម្លាំងដែលនៅសេសសល់ពីប៉ែកខាងជើងប្រទេសស៊ីរី និងព្រមានពីការដាក់ទណ្ឌកម្មធ្ងន់លើតួកគី

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា វាគឺជាភាពឈ្លាសវៃសម្រាប់ការផ្លាស់ប្ដូរ ក្នុងការដែលមិនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដែលបង្កឡើងដោយតួកគីប្រឆាំងនឹងក្រុមយុទ្ធជន ឃើដ ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាម៉េរិក។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលដែលសហរដ្ឋអាម៉េរិកដកកងកម្លាំងទាំងអស់ ដែលនៅសេសសល់ពីប៉ែកខាងជើងប្រទេសស៊ីរី។ ជាមួយគ្នានេះ តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ត្រាំ បាននិយាយថា លោកកំពុងតែធ្វើការជាមួយនឹងសមាជិកសភា ដោយរួមទាំងក្រុមអ្នកប្រជាធិបតេយ្យផង ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លាទៅលើប្រទេសតួកគី ចំពោះការវាយប្រហារឆ្លងព្រំដែន។ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងអង់ការ៉ា បានបដិសេធជាមុនរួចទៅហើយ។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ម៉ាក អេស្ភើ បានបញ្ជាក់ដែរថា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យដកកងកម្លាំងរបស់អាម៉េរិកដែលនៅសេសសល់ទាំង១,០០០នាក់ ចេញពីប៉ែកខាងជើងប្រទេសស៊ីរី។ ទន្ទឹមគ្នា លោក អេស្ភើ ក៏បានបដិសេធនឹងអ្នករិះគន់នៅក្នុងសភាមួយចំនួន ដោយរួមទាំងសមាជិកខាងគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ដែលថា សហរដ្ឋអាម៉េរិក បានបោះបង់ចោលក្រុមសកម្មប្រយុទ្ធឃើដ៕ធ.ដ
-
មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា នាចុងសសប្តាហ៍មុននេះ។ អាជ្ញាធរក្នុងតំបន់បានរាយការណ៍នៅថ្ងៃសៅរ៍ សប្តាហ៍មុននេះថា គ្រោះមហន្តរាយខាងលើ ក៏បានបណ្តាលឲ្យមន្រ្តីពន្លត់អគ្គិភ័យម្នាក់រងរបួសផងដែរ ស្របពេលមន្រ្តីពន្លត់អគ្គិភ័យសរុប១ពាន់នាក់ត្រូវបានដាក់ពង្រាយ ដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីទប់ទល់នឹងអំណាចភ្លើងឆេះព្រៃ ប៉ុន្តែពួកគេត្រូវទទួលរងការរំខាន ដោយសារខ្យល់បក់បោកខ្លាំងដែលកាន់តែជួយបង្កើនកម្លាំងភ្លើងឆេះព្រៃ។ ទន្ទឹមគ្នា ហេតុការណ៍ភ្លើងឆេះព្រៃខាងលើ បានធ្វើឱ្យមានបិទជាបណ្តោះអាសន្ន ផ្លូវល្បឿនលឿនដ៏សំខាន់រវាងភាគខាងត្បូង និងភាគកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា ខណៈពេលដែលផ្ទះប្រមាណជា២ម៉ឺន៣ពាន់ខ្នង ដែលជាកម្មសិទ្ធិរបស់ប្រជាជនប្រមាណ១០ម៉ឺន កំពុងស្ថិតក្រោមការបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់៕ធ.ដ
-
មនុស្សស្លាប់ និងរបួសកើនជិត៦០នាក់ ដោយសារព្យុះទីហ្វុង Hagibis វាយប្រហារយ៉ាងខ្លាំងក្លាលើប្រទេសជប៉ុន

ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស វាយប្រហារយ៉ាងដំណំនៅប្រទេសជប៉ុន បានកើនឡើងដល់៣៥នាក់ និង១៧នាក់បាត់ខ្លួន ខណៈ១៤៤នាក់ផ្សេងទៀតទទួលរងរបួស។ ព្យុះទីហ្វុងដ៏កំណាចខាងលើ ត្រូវបានគេចាត់ទុកថា ជាព្យុះដ៏កំណាចបំផុតវាយប្រហារលើជប៉ុនក្នុងរយៈពេលជាង៦០ឆ្នាំនេះ បានចាប់ផ្តើមវាយប្រហារលើតំបន់ដីគោក អ៊ីហ៊្សុ ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ ជាមួយល្បឿនខ្យល់បក់២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុង ហាហ្គីប៊ីស ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរនៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬ ផ្អាកជាបណ្ដោះអាសន្នផងដែរ។ ដោយឡែកអាជ្ញាធរជប៉ុនបានបញ្ជាក់ដែរថា លំនៅដ្ឋានជាង៤០ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្សរាប់លាននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលយោធាជប៉ុន និងក្រុមអ្នកជួយសង្រ្គោះ២ម៉ឺន៧ពាន់នាក់ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សបាត់ខ្លួន៕ធ.ដ
-
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី សម្តែងការព្រួយបារម្ភថា ប្រជាជនខ្លួនដែលទៅចូលរួមជាមួយ ក្រុមរដ្ឋអ៊ីស្លាម ISIS នៅស៊ីរីត្រឡប់មកផ្ទះវិញ

ម៉ាឡេស៊ី៖ ក្រុមមន្ត្រីសន្តិសុខម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានសម្តែងការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញរបស់ពលរដ្ឋខ្លួនរាប់សិបនាក់ ដែលបានទៅចូលរួមជាមួយក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS និងកំពុងជាប់ឃុំនៅក្នុងប្រទេសស៊ីរី។ បើតាមប្រភពស៊ើបការណ៍សម្ងាត់ជាច្រើន អ្នកទោសជាក្រុម ISIS ជាង១ម៉ឺន២ពាន់នាក់ កំពុងជាប់ឃុំ ក្រោមការឃ្លាំមើលរបស់ក្រុមសកម្មប្រយុទ្ធឃើដនៅឯតំបន់ភាគឦសាន ប្រទេសស៊ីរី។ ប៉ុន្តែបច្ចុប្បន្ន ជោគវាសនាអ្នកទោស ISIS ទាំងនេះកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយសារតែប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដពីសំណាក់តួកគី។ បើតាមប្រភពដដែលនេះ ម៉ាឡេស៊ី មានពលរដ្ឋជាង៦០នាក់ដែលបានទៅចូលរួមជាមួយក្រុម ISIS នៅស៊ីរី ខណៈឥណ្ឌូណេស៊ីមានរាប់រយនាក់។ ដោយឡែក ក្រុមអ្នកជំនាញមួយចំនួនក៏បានព្រមានដែរថា ក្នុងករណីដែលក្រុម ISIS ត្រឡប់មកកាន់ម៉ាឡេស៊ី ឬឥណ្ឌូណេស៊ីវិញនោះ ពួកគេអាចនឹងបន្តប្រើមនោគមន៍វិជ្ជាអូសទាញសមាជិកថ្មីៗ ក៏ដូចជារៀបចំគម្រោងវាយប្រហារនានានៅក្នុងតំបន់៕ធ.ដ