-
អាហ្វហ្គានីស្ថានអះអាងថា មេដឹកនាំក្រុមអាល់កៃដា ប្រចំាតំបន់អាស៊ីខាងត្បូងបានលស្លាប់ ក្នុងការបង្រាបដោយ កងកម្លំាងចម្រុះសហរដ្ឋអាមេ៉រិក និងអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ កងកម្លាំងចំរុះសហរដ្ឋអាមេ៉រិក និង អាហ្វហ្គានីស្ថានបានដឹកនំាការវាយសម្រុកមួយនៅស្រុក មូសាកាឡា ខេត្ត ហេលម៉ាន់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០១៩ រហូតបានផ្តាច់ជីវិតមេដឹកនាំក្រុមភេរវករអាល់កៃដា សាខាប្រចាំតំបន់អាស៊ីខាងត្បូង នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ។ មេដឹកនាំអាល់កៃដារូបនេះ មានឈ្មោះថា អាស៊ីម អ៊ូម៉ារ គឺជាម្ចាស់សាខាប្រចាំតំបន់អាស៊ីខាងត្បូង ដោយផ្តោតសំខាន់លើតំបន់ឧបទ្វីបឥណ្ឌា (ក្រុម AQIS) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ។ បើតាមមន្ត្រីសន្តិសុខជាតិអាហ្វហ្គានីស្ថាន ជនសង្ស័យ អាស៊ីម អ៊ូម៉ារ ត្រូវបានគេសម្លាប់ជាមួយសមាជិករបស់ក្រុម AQIS ចំនួន០៦នាក់ផ្សេងទៀត ដែលភាគច្រើនជាជនជាតិប៉ាគីស្ថាន ខណៈកន្លងមកមានការផ្សព្វផ្សាយថា មេដឹកនំាក្រុមអាល់កៃដារូបនេះ ក៏បានចូលដៃជាមួយក្រុមឧទ្ទាមតាលីបង់ ៕ធ.ដ
-
ពលរដ្ឋថៃមានត្រឹម១០០បាត អាចដើរកម្សាន្តនៅតំបន់ទេសចរណ៍យ៉ាងច្រើនចុងឆ្នាំនេះ

រដ្ឋាភិបាលថៃ បានសម្រេចអនុញ្ញាតឲ្យមានយុទ្ធនាការលើកកម្ពស់ទេសចរក្នុងតំបន់នាចុងឆ្នាំនេះ តាមរយៈការបញ្ចេញកញ្ចប់ដំណើរកម្សាន្ដដែលមានតម្លៃត្រឹម១០០បាតសម្រាប់ពលរដ្ឋរបស់ខ្លួន។ អ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានធ្វើការប្រជុំកាលពីម្សិលមិញ ហើយសម្រេចអនុម័តថវិកា១១៦លានបាត សម្រាប់លើកកម្ពស់យុទ្ធនាការដំណើរកម្សាន្ដក្នុងស្រុក។ យុទ្ធនាការនេះ ត្រូវបានគេដាក់ឈ្មោះថា “ដល់ពេលដែលត្រូវដើរលេងក្នុងប្រទេសថៃហើយ!” ដែលនឹងផ្ដល់ជូនពលរដ្ឋថៃនូវកញ្ចប់ដំណើរកម្សាន្ដតម្លៃ១០០បាត ចំនួន៤ម៉ឺនកញ្ចប់។ លោក Traisulee Traisuranakul បន្តថា ដើម្បីមានសិទ្ធិទិញកញ្ចប់នេះបាន ពលរដ្ឋត្រូវធ្វើតាមលក្ខខណ្ឌមួយចំនួនដូចជាចុះឈ្មោះតាមរយៈអាជ្ញាធរទេសចរនៃគណនី LINE ជាដើម។ កញ្ចប់ដំណើរកម្សាន្ដនេះ រួមបញ្ចូលទាំងថ្លៃសំបុត្រយន្ដហោះ សណ្ឋាគារ និងហាងទំនិញផ្សេងៗ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងលើកស្ទួយឲ្យពលរដ្ឋថៃបានទស្សនាតំបន់ទេសចរណ៍ជាច្រើននៃប្រទេសនេះ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកចាត់បញ្ចូលអង្គការចំនួន២៨របស់ចិនទៅក្នុងបញ្ជីខ្មៅ ឆ្លើយតបនឹងការធ្វើទុក្ខទោសលើជនជាតិវីហ្គ័រ

សហរដ្ឋអាមេ៉រិក៖ ក្រសួងពាណិជ្ជកម្មអាមេ៉រិកបានប្រកាសថា អង្គការចំនួន២៨របស់ចិនត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ដែលហាមឃាត់មិនឲ្យទិញទំនិញពីក្រុមហ៊ុនអាមេ៉រិកគ្រប់ប្រភេទ លុះត្រាមានការយល់ព្រមពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនជាមុខសិន ។ ក្រសួងពាណិជ្ជកម្មអាមេ៉រិកបានចោទអង្គការចិនទាំង២៨នេះថា បានរំលោភបំពាន និងការធ្វើទុក្ខទោសលើសិទ្ធិមនុស្ស ហើយពាក់ព័ន្ធទៅនឹងបញ្ហានេះ អង្គភាពទាំង២៨បានប្រព្រឹត្តរឿង ដូចជា ចូលរួមក្នុងយុទ្ធនាការបង្ក្រាបរបស់ចិន ការឃុំខ្លួនមនុស្សទ្រង់ទ្រាយធំ ការឃ្លាំមើលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបប្រឆាំងនឹងជនជាតិវីហ្គ័រ កាហ្សាក់ និង ជនជាតិភាគតិចផ្សេងទៀតជាដើម។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ នៅពុំទាន់មានការឆ្លើយតបណាមួយពីសំណាក់រដ្ឋាភិបាលក្រុងប៉េកំាងនៅឡើយទេ ទាក់ទិននឹងការសម្រេចរបស់អាមេ៉រិកលើដាក់បញ្ចូលអង្គការរបស់ចិនចូលទៅក្នុងបញ្ជីខ្មៅនេះ ៕ធ.ដ
-
ការស្ទង់មតិមួយបង្ហាញថា ការគំាទ្ររបស់ពលរដ្ឋកូរ៉េខាងត្បូងកាន់តែថយចុះ ចំពោះការបង្រួបបង្រួមគ្នាជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ ការស្ទង់មតិមួយបានបង្ហាញនៅថ្ងៃអង្គារ៍នេះថា ប្រជាជនកូរ៉េខាងត្បូងមានចំនួនកាន់តែតិចទៅៗកាលពីឆ្នាំមុន ដែលគាំទ្រចំពោះការបង្រួបបង្រួមគ្នាជាមួយកូរ៉េខាងជើង ស្របពេលមានការជាប់គាំងអូសបន្លាយនៅក្នុងមិត្តភាពអន្តរកូរ៉េ និង កិច្ចពិភាក្សាលុបបំបាត់អាវុធនុយក្លេអ៊ែរ ។ ការស្ទង់មតិលើមនុស្សពេញវ័យចំនួន១.២០០នាក់ ដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាអំពីសន្តិភាព និងការបង្រួបបង្រួមគ្នា នៅសាកលវិទ្យាល័យជាតិទីក្រុងសេអ៊ូល បានឲ្យដឹងថា អ្នកចូលរួម៥៣ភាគរយឆ្លើយតបថា ការបង្រួបបង្រួមគ្នាមានសារៈសំខាន់ គឺថយចុះពីចំនួន៥៩,៨ភាគរយកាលពីឆ្នាំមុន ។ បើតាមការស្ទង់មតិដដែលនេះ បានបង្ហាញទៀតថា ចំនួនប្រជាជនកូរ៉េខាងត្បូង ដែលប្រឆាំងនឹងការបង្រួបបង្រួមគ្នា មានការកើនឡើងដល់ទៅចំនួន២០,៥ភាគរយ ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់អះអាងថា ចិនគ្មានបំណងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេ៉រិកឡើយ

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង ស័ង ថ្លែងថា ចិនតែងតែគោរពជានិច្ចគោលការណ៍មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដូច្នេះចិនគ្មានបំណងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់សហរដ្ឋអាមេ៉រិកនោះទេ ហើយគោលជំហររបស់យើងនៅតែដដែល និង ច្បាស់លាស់ចំពោះបញ្ហានេះ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានលើកឡើងយ៉ាងដូច្នេះបន្ទាប់ពីប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ជំរុញឱ្យចិនបើកការស៊ើបអង្កេតលើបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន និងកូនប្រុសរបស់លោក ហាន់ធើ ពីបទពុករលួយ ។ គួរបញ្ជាក់ថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោកពីតំណែងប្រធានាធិបតីអាមេ៉រិក ដោយសារតែលោកត្រូវបានគេចោទថា ស្នើសុំជំនួយពីបរទេស (អ៊ុយក្រែន) ក្នុងគោលបំណងបំបាក់គូប្រជែងរបស់ខ្លួន មុនការបោះឆ្នោតប្រធានាធិបតីអាមេ៉រិកឆ្នាំ២០២០ ៕ធ.ដ
-
ក្រុមបាតុករជិត៨០នាក់ត្រូវអាជ្ញាធរចាប់ខ្លួន ក្រោយដាក់ចេញច្បាប់ហាមឃាត់ការពាក់ម៉ាស ឬរបាំងបិទមុខពេលធ្វើបាតុកម្ម

ហុងកុង៖ ក្រុមបាតុករសរុប៧៧នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដោយសារតែល្មើសច្បាប់ ដែលទើបដាក់ឲ្យអនុវត្តថ្មី ស្តីពីការហាមឃាត់មិនឲ្យពាក់ម៉ាស់ ឬក៏របាំងមុខពេលធ្វើបាតុកម្ម នេះបើតាមសេចក្តីរាយការណ៍របស់ប៉ូលិសហុងកុងនៅថ្ងៃអង្គារម្សិលមិញ ។ បើតាមប្រភពខាងលើ គិតតាំងពីការចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះកាលពីចុងសប្តាហ៍មុននោះ មានមនុស្សយ៉ាងហោចណាស់៧៧នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងនោះ អ្នកដែលត្រូវបានឃាត់ខ្លួន៧៤នាក់ត្រូវបានប៉ូលិសចាប់ ដោយសារការរឹងទទឹងបន្តប្រើម៉ាស់ និងរបាំងបិតមុខពេលធ្វើសកម្មភាពតវ៉ា ខណៈ០៣នាក់ទៀត គឺដោយសារមិនព្រមធ្វើតាមប៉ូលិស ដែលបានស្នើឲ្យពួកគេដកម៉ាស់មុខចេញ ។ សូមរំលឹកថា កំឡុងបាតុកម្មកាលពីចុងសប្តាហ៍មុននេះ អំពើហិង្សានៅតែបន្តផ្ទុះឡើង ដោយក្រុមបាតុករបានដុតអគារ និង ចោលគ្រាប់បែកសាំងលើប៉ូលិស ហើយវាយទាត់ធាក់លើជនសាមញ្ញ ដែលមានទស្សនៈផ្ទុយពីពួកគេឲ្យរបួសធ្ងន់ធ្ងរ ។ ជាមួយគ្នានេះ ភ្លើងសញ្ញាចរាចរណ៍រាប់សិបកន្លែង និងស្ថានីយរថភ្លើង ក៏បានរងការបំផ្លិចបំផ្លាញផងដែរ ៕ធ.ដ
-
លោក អាន់តូនីញ៉ូ ហ្គួទែរែស បញ្ជាក់ថា អង្គការសហប្រជាជាតិអាចនឹងជួបវិបត្តិហិរញ្ញវត្ថុ នៅចុងខែតុលានេះ

សហរដ្ឋអាម៉េរិក៖ ប្រមុខដឹកនាំអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស នាថ្ងៃចន្ទសប្តាហ៍នេះ បានអះអាងថា អង្គការសហប្រជាជាតិអាចនឹងត្រូវអស់កញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់នៅចុងខែតុលានេះហើយ។ អគ្គលេខាធិការរបស់អង្គសហប្រជាជាតិរូបនេះបានបញ្ជាក់បន្ថែមថា គិតមកទល់ពេលនេះ រដ្ឋជាសមាជិកបានផ្តល់ថវិកាត្រឹមតែ៧០ភាគរយប៉ុណ្ណោះ នៃចំនួនសរុបដែលត្រូវការសម្រាប់កញ្ចប់ថវិកា ដើម្បីធ្វើប្រតិបត្តិការទូតរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៩នេះ។ លោកបានសង្កត់ធ្ងន់ថា គិតត្រឹមចុងខែកញ្ញាកន្លងទៅ អង្គការសហប្រជាជាតិខ្វះខាតថវិកាដល់ទៅប្រមាណ២៣០លានដុល្លារ និងកំពុងតែប្រឈមនឹងការអស់ថវិកាទាំងស្រុងនាចុងខែតុលានេះ។ ឆ្លើយតបនឹងកង្វះខាតកញ្ចប់ថវិកាខាងលើ លោក អាន់តូនីញ៉ូ ហ្គួទែរែស បានលើកឡើងនូវជម្រើសមួយចំនួន រួមមានការផ្អាកសន្និសីទ និងកិច្ចប្រជុំហើយកាត់បន្ថយសេវាកម្មផ្សេងៗ ព្រមទាំងរឹតត្បិតការធ្វើដំណើររបស់មន្រ្តី ដោយទុកត្រឹមតែសកម្មភាពចាំបាច់ៗប៉ុណ្ណោះ ក៏ដូចជាចាត់វិធានការសន្សំសំចៃថាមពល៕ធ.ដ
-
តេឡេស្កូបយក្សនៅឈីលី នឹងក្លាយជាមូលដ្ឋានប្រព័ន្ធតេឡេស្កូបធំជាងគេបង្អស់លើពិភពលោក

ឈីលី៖ មូលដ្ឋានអង្កេតផ្ទៃមេឃដ៏ធំមួយហៅឈ្មោះកាត់ថា (ELT) របស់អង្គការ (ESO) បានចាប់ផ្តើមដំណើរការសាងសង់ហើយ មានទីតំាងនៅឯតំបន់វាលខ្សាច់ អាតាខាម៉ា ប្រទេសឈីលី។ បើតាមប្រព័ន្ធផ្សព្វផ្សាយនោះ វានឹងបំពាក់ផ្ទាំងកញ្ចក់ស្នូលដែលមានអង្កត់ផ្ចិតប្រវែង៣៩,៣ម៉ែត្រ ព្រមទាំងកញ្ចក់បម្រុងទី១ មានទំហំ៤,២ម៉ែត្រ និងកញ្ចក់បម្រុងទី២ មានទំហំ៣,៧៥ម៉ែត្រ។ សម្រាប់ដំបូលរបស់វា នឹងមានរាងមូលជាមួយកម្ពស់៧៤ម៉ែត្រពីផ្ទៃដី និងលាតសន្ធឹងប្រវែង៨៦ម៉ែត្របើគិតពីមុខកាត់។ តេឡេស្កូបនេះដែរ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឲ្យផ្តិតយករូបភាពផ្ទៃអវកាសបានច្បាស់ជាងធម្មតាផងដែរ។ គួរបញ្ជាក់ថា នៅពេលសាងសង់រួច វានឹងក្លាយជាមូលដ្ឋានប្រព័ន្ធតេឡេស្កូបធំជាងគេបង្អស់ ដែលដំណើរការនៅលើផ្ទៃដីជាមួយទម្ងន់សរុបរបស់វាជាង៣ពាន់តោន៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងតួកគី ព្រមព្រៀងជួបគ្នានាខែក្រោយនេះ ដើម្បីពិភាក្សា ពីតំបន់សុវត្ថិភាពនៅស៊ីរី

តួកគី៖ ការិយាល័យប្រធានាធិបតីតួកគីបានប្រកាសថា ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរសព្ទ និងបានយល់ព្រមជួបគ្នានៅខែក្រោយនេះ ដើម្បីជជែកពិភាក្សាពីតំបន់សុវត្ថិភាពនៅភាគខាងជើងស៊ីរី។ បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតួកគីនោះ លោក អឺដូហ្កាន់ បានប្រាប់លោក ត្រាំ អំពីការខកចិត្តរបស់តួកគី ចំពោះភាពបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងកាលពីខែសីហា ដើម្បីបង្កើតតំបន់សុវត្ថិភាពមួយនៅលើព្រំដែនប្រទេសតួកគី និងស៊ីរី។ លោក អឺដូហ្កាន់ និយាយចំៗថា ការិយាល័យធិបតេយ្យវិស័យសន្តិសុខ និងយោធាអាម៉េរិក ជាមូលហេតុនៃបរាជ័យនេះ។ សូមរំលឹកថា បន្ទាប់ពីជំនួបចរចាដ៏លំបាករវាងសហរដ្ឋអាម៉េរិក និងតួកគី បានបិទបញ្ចប់កាលពីខែសីហាកន្លងទៅនេះ កិច្ចព្រមព្រៀងមួយត្រូវបានឯកភាព ដែលបានអនុញ្ញាតឲ្យកងទ័ពអាម៉េរិក និងតួកគី ត្រួតពិនិត្យរួមគ្នាទាំងនៅលើដី និងអាកាសនៅភាគខាងជើងស៊ីរី។ ប៉ុន្តែក្រោយមក តួកគី បានចោទអាម៉េរិកថា បានឈប់អនុវត្តការបង្កើតតំបន់សុវត្ថិភាព។ យ៉ាងណាមិញ តាមរយៈកិច្ចសន្ទនាតាមទូរសព្ទរវាងលោក ត្រាំ និងលោក អឺដូហ្កាន់ បានជជែកជាថ្មីអំពីបញ្ហា «តំបន់សុវត្ថិភាព» នៅភាគខាងជើងស៊ីរី៕ធ.ដ
-
សហរដ្ឋអាម៉េរិក ត្រៀមបញ្ជូនកងទ័ព២ម៉ឺននាក់ទៅកាន់អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ ដើម្បីចូលរួមសមយុទ្ធយោធាទ្រង់ទ្រាយធំ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក ត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនាដើមឆ្នាំក្រោយនេះ នៅទ្វីបអឺរ៉ុប ដោយមានការចូលរួមពីកងទ័ពអាម៉េរិកប្រមាណ២ម៉ឺននាក់ ដែលជាការដាក់ពង្រាយដ៏ធំបំផុតឆ្លងកាត់សមុទ្រអាត្លង់ទិកសម្រាប់សមយុទ្ធហ្វឹកហ្វឺនក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ ជាមួយគ្នានេះ ទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាម៉េរិក នៅថ្ងៃចន្ទនេះបាននិយាយថា សមយុទ្ធឈ្មោះថា “អ្នកការពារអឺរ៉ុបទី២០” ដែលគ្រោងប្រព្រឹត្តទៅចាប់ពីខែមេសាដល់ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នឹងគាំទ្រដល់កម្មវត្ថុរបស់អង្គការណាតូ ដើម្បីត្រៀមខ្លួនក្នុងសម្ព័ន្ធភាព និងរារាំងសត្រូវអនាគត។ ប្រទេសចំនួន១៨ ត្រូវគេរំពឹងថា នឹងចូលរួមធ្វើសមយុទ្ធនៅទូទាំងប្រទេសចំនួន១០ រួមមានអាល្លឺម៉ង់ ប៉ូឡូញ ឡេតូនី លីទុយអានី អេស្តូនី និងហ្សកហ្ស៊ី។ វាក៏នឹងមានការចូលរួមពីកងទ័ពអាម៉េរិកប្រមាណ៩ពាន់នាក់បន្ថែមទៀត ដែលឈរជើងស្រាប់នៅអឺរ៉ុប និងកងទ័ពអឺរ៉ុបចំនួន៨ពាន់នាក់ផងដែរ។ បើតាមយោធាអាម៉េរិក សមយុទ្ធខាងលើបានសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះអង្គការណាតូ និងការការពារទ្វីបអឺរ៉ុប គឺនៅតែរឹងមាំដូចដែកថែប៕ធ.ដ