-
សហរដ្ឋអាម៉េរិក បញ្ចេញយន្តហោះអវកាស X-37B ដែលមានសមត្ថភាពពិសេស ក្នុងការទប់ទល់នឹងសត្រូវ

សហរដ្ឋអាម៉េរិក៖ អតីតមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រប់គ្រងស្ថាប័នកងទ័ពអាកាស ចំណុះឲ្យក្រសួងការពារជាតិអាម៉េរិក លោកស្រី ហ៊ីធើ វាលសុន បានធ្វើបទបង្ហាញពីយន្ដហោះអវកាសមួយទៅកាន់មនុស្សជាច្រើនកាលពីពេលថ្មីៗកន្លងទៅនេះ នោះគឺយន្ដហោះអវកាស X-37B។ លោកស្រី ហ៊ីធើ វាលសុន បានបង្ហើបឱ្យដឹងថា យន្ដហោះអវកាស X-37B អាចហោះតាមគន្លង ដែលមានរាងមូលដូចជាពងក្រពើ ហើយនៅពេលធ្វើដំណើរជិតបរិយាកាសផែនដីវិញ វាអាចសម្របទៅតាមបរិយាកាស ដែលវាកំពុងស្ថិតបានយ៉ាងល្អ។ ពោលគឺវាមានសមត្ថភាពពិសេស អាចធ្វើឱ្យសត្រូវវង្វេងរង្វាន់ដោយមិនដឹងថា តើអ្វីបានកើតឡើងឱ្យប្រាកដ នៅផ្នែកចំហៀងម្ខាងទៀតនៃភពផែនដី ពីទីកន្លែងដែលពួកគេកំពុងស្ថិតនៅ។ សូមជម្រាបថា យន្ដហោះអវកាស X-37B ត្រូវបានគេប្រទះឃើញកាលពីដើមខែកក្កដាកន្លងទៅ ដោយអ្នកអវកាសនៅក្នុងប្រទេសហូឡង់ ដែលចាប់បានផ្តិតជាប់រូបភាពយន្ដហោះនេះក្នុងគន្លងទាបនៃផែនដី។ យន្តហោះនេះត្រូវបានប្រទេសនានា ជាពិសេសចិន និងរុស្ស៊ី ចាប់អារម្មណ៍ជាខ្លាំង ខណៈវាត្រូវបានចាត់ទុកជាដំណើរដ៏រសើបមួយ ក្នុងការឈានទៅរកការបង្កើតកងទ័ពអវកាសអាម៉េរិក៕ធ.ដ
-
លោក ត្រាំ ជាថ្មីម្តងទៀតបានស្នើសុំជំនួយពីបរទេស ដើម្បីជួយស៊ើបរឿងពុករលួយ នៃគ្រួសារលោក ចូ បៃដិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានបើកឱកាសជាថ្មីម្តងទៀតនូវការជ្រៀតជ្រែកពីបរទេស នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នំា២០២០ តាមរយៈការអំពាវនាវឱ្យអ៊ុយក្រែន និងចិន ជួយការបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងលោក ចូល បៃដិន។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា ចិន គួរតែចាប់ផ្តើមស៊ើបអង្កេតលើគ្រួសារលោក បៃដិន ពីព្រោះអ្វីដែលបានកើតឡើងនៅចិន គឺពិតជាអាក្រក់ដូចអ្វីដែលបានកើតឡើងនៅអ៊ុយក្រែនដូច្នោះដែរ។ សូមជម្រាបថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេធាវីផ្ទាល់ខ្លួនរបស់លោក គឺលោក រូប៊ី ហ្គីវលានី បានចោទប្រកាន់លោក ចូ បៃដិន ដែលជាគូប្រជែងឈានមុខមកពីគណបក្សប្រជាធិបតេយ្យ តតាំងនឹងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ពីបទជួយដល់ការធ្វើជំនួញរបស់កូនប្រុសលោកនៅអ៊ុយក្រែន និងចិន ប៉ុន្តែមិនបានបង្ហាញភ័ស្តុតាងណាមួយត្រូវបានបញ្ជាក់នៅឡើយទេ៕ធ.ដ
-
លោក ដូណាល់ ត្រាំ និយាយថា កិច្ចចរចាជាមួយកូរ៉េខាងជើង នឹងកើតឡើងឆាប់ៗនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បាននិយាយថា ប្រទេសរបស់លោកនឹងបើកកិច្ចពិភាក្សាគ្នាជាមួយកូរ៉េខាងជើងនាពេលឆាប់ៗនេះ ដើម្បីស្វែងរកដំណោះស្រាយជុំវិញភាពជាប់គំាងនៃកិច្ចចរចានុយក្លេអ៊ែរ។ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានយ៉ាងដូច្នេះថា យើងនឹងឃើញអ្វីកើតឡើង ពួកគេចង់ធ្វើការចរចា ហើយយើងនឹងចាប់ផ្តើមការចរចាជាមួយពួកគេនាពេលឆាប់ៗនេះ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលដែលក្រុមអ្នកចរចាមកពីប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នានៅក្នុងប្រទេសស៊ុយអែតនាសប្តាហ៍នេះ ក្នុងគោលបំណងត្រួសត្រាយផ្លូវដើម្បីរៀបចំកិច្ចចរចាកម្រិតការងារឡើងវិញ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ៕ធ.ដ
-
នៅឆ្នាំ២០២០ ស្ថាបនិក Facebook នឹងចូលផ្តល់សក្ខីកម្មពាក់ព័ន្ធនឹងគម្រោង បញ្ចេញលុយឌីជីថល Libra

សហរដ្ឋអាម៉េរិក៖ គណៈកម្មាធិការមួយនៃសភាតំណាងរាស្រ្តអាម៉េរិកស្នើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ចូលផ្តល់សក្ខីកម្មជុំវិញផែនការបញ្ចេញរូបិយប័ណ្ណឌីជីថល លីប្រា ឲ្យបានមុនខែកុម្ភៈ ឆ្នាំ២០២០។ កន្លងមក ក្រុមហ៊ុនបណ្តាញសង្គមអាម៉េរិកមួយនេះ បានបង្កការភ្ញាក់ផ្អើលក៏ដូចជាក្តីព្រួយបារម្ភជាខ្លាំង ចំពោះអាជ្ញាធរត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងអ្នកតាក់តែងច្បាប់ មិនថាតែនៅក្នុងស្រុក ឬក៏នៅក្រៅប្រទេសឡើយ ដោយសារតែមានសេចក្តីប្រកាសថា Facebook នឹងធ្វើចរាចរណ៍កាក់លុយឌីជីថលហៅថា លីប្រា នៅឆ្នាំ២០២០ខាងមុខ។ អ្នកទាំងនោះបារម្ភថា គម្រោងរបស់ក្រុមហ៊ុន Facebook អាចនឹងបង្កបញ្ហាជាច្រើន រួមមានទាំងផ្នែកឯកជនភាពជាតិ ផ្នែកសន្តិសុខជាតិ និងផ្នែកគោលនយោបាយរូបិយវត្ថុ ព្រមទាំងអាចប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុជាសកល ដោយសារតែឥទ្ធិពលដ៏ធំសម្បើមរបស់ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំនេះ៕ធ.ដ
-
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ អំពាវនាវឱ្យមានការរុះរើគណៈរដ្ឋមន្រ្តី ក្រោយមានមនុស្ស៣១នាក់ស្លាប់ ដោយសារការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋាភិបាល

អ៊ីរ៉ាក់៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាឌី បានអំពាវនាវឱ្យសមាជិកសភាតំណាងរាស្ត្រគាំទ្រសំណើសុំរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ក្រោយចំនួនមនុស្សស្លាប់ក្នុងបាតុកម្មដ៏ក្តៅគគុកបានកើនដល់៣១នាក់ ខណៈអ្នកវិភាគមួយចំនួនបានគំរាមថា រដ្ឋប្រហារមួយអាចនឹងផ្ទុះឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ ឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅអ៊ីរ៉ាក់ នាថ្ងៃព្រហស្បតិ៍តនេះបានបញ្ជាក់ថា បាតុកម្មដែលបានចាប់ផ្តើមផ្ទុះឡើងចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ ក៏បានធ្វើឱ្យមនុស្សរងរបួសកើនដល់១,១៨៨នាក់ផងដែរ ហើយវាកំពុងបន្តរីករាលដាលកាន់ខ្លាំងនៅក្នុងរដ្ឋធានីបាកដាដ ដើម្បីប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់។ ក្រុមបាតុករទាំងនេះ នាំគ្នាធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារចំពោះអំពើពុករលួយ វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ។ ឆ្លើយតបនឹងបញ្ហាខាងលើ អាជ្ញាធរអ៊ីរ៉ាក់ បានដាក់ចេញបម្រាមគោចរនៅទីក្រុងបាកដាដ និងតំបន់មួយចំនួនទៀត ហើយថែមទាំងបានបិទបណ្តាញអ៊ីនធើណិតនៅទូទាំងរដ្ឋធានីនេះ រួមជាមួយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេស ចំណែកការឆ្លងព្រំដែនជាប់ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានផ្អាកផងដែរ៕ធ.ដ
-
មេដឹកនាំរុស្ស៊ី-ហ្វីលីពីន បញ្ជាក់រួមគ្នាពីការត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូតឺតេ បានលើកឡើងពីការត្រៀមខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី អំឡុងជំនួបពិភាក្សាគ្នាមួយ កាលពីម្សិលមិញ នៅប្រទេសរុស្ស៊ី។ លោកពូទីនថា ហ្វីលីពីនគឺជាដៃគូសំខាន់មួយរបស់រុស្ស៊ី នៅអាស៊ី ខណៈដែលកិច្ចសហប្រតិបត្តិការទ្វេភាគីគឺជាការផ្តល់ផលប្រយោជន៍រួម ទៅវិញទៅមក។ លោកបានប្រាប់លោកឌូតឺតេ ថា ក្រុមហ៊ុនរុស្ស៊ីនានា គឺត្រៀមរួចហើយ ក្នុងការបង្កើនការវិនិយោគធនធានថាមពលនៅហ្វីលីពីន យន្តហោះ ព្រមទាំងមធ្យោបាយដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។ ចំណែកលោក ឌូតឺតេ បាននិយាយថា ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបតិ្តការជាង២ឆ្នាំចុងក្រោយនេះ ហើយបានបង្កើតឲ្យមានគម្រោងជាច្រើន លើវិស័យយោធា៕ធ.ដ
-
វាយប្រហារដោយកាំបិត ស្លាប់មនុស្ស៥នាក់ នៅបារាំង

កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ មានហេតុការណ៍ចាក់សម្លាប់មនុស្សយ៉ាងកក្រើកមួយ នៅទីស្នាក់ការកណ្តាលរបស់ប៉ូលិសនៃទីក្រុងប៉ារីសប្រទេសបារាំង ដែលធ្វើឲ្យមន្រ្តីប៉ូលិសបារាំងយ៉ាងតិច៤នាក់បានបាត់បង់ជីវិត ហើយជនដៃដល់បានបាញ់សម្លាប់ផងដែរ។ ពុំទាន់មានការបញ្ជាក់ច្បាស់ពីចេតនា នៅពីក្រោយសកម្មភាពវាយប្រហារនេះនៅឡើយទេ។ ជាបឋមក្រុមអ្នកស៊ើបអង្កេត បានដាក់ការសង្ស័យថា ករណីនេះ បង្កឡើងដោយជម្លោះកន្លែងការងារផង ឬជាទង្វើភេរវកម្ម។ គួរជម្រាបថា ទីស្នាក់ការកណ្តាលរបស់ប៉ូលិសប្រចាំទីក្រុងប៉ារីស ស្ថិតលើកោះអ៊ីលដឺឡាស៊ីតេ (Il de la Cite) នៅកណ្តាលក្រុង ប៉ារីសក្បែរព្រះវិហារបុរាណ Notre Dame។ ក្រោយពីបានទទួលដំណឹងអាក្រក់ខាងលើ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ព្រមទាំងរដ្ឋមន្រ្តីមហាផ្ទៃបារាំង បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានការណ៍ដោយផ្ទាល់៕ធ.ដ
-
សហរដ្ឋអាម៉េរិក ព្រមានឥណ្ឌាជាថ្មីទៀត ជុំវិញការរឹងទទឹងនៅតែចង់ទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី

រុស្ស៊ី៖ ក្រសួងការបរទេសអាម៉េរិក បានព្រមានជាថ្មីទៀតទៅកាន់ឥណ្ឌា មិនឲ្យទិញសព្វាវុធពីរុស្ស៊ីនោះឡើយ ជាពិសេសគឺប្រព័ន្ធការពារមីស៊ីល S-400 បើមិនដូច្នោះទេ ទីក្រុងញូដេលី នឹងទទួលរងទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមរបាយការណ៍ចុងក្រោយថ្មីមួយ។ ការព្រមានជាថ្មីទៀតនេះ បានធ្វើឡើងក្រោយរដ្ឋមន្ត្រីកិច្ចការបរទេសឥណ្ឌាលោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃហ្សាងការ បានបញ្ជាក់អាម៉េរិកថា ការទិញសព្វាវុធណាមួយរបស់ឥណ្ឌា គឺជាសិទ្ធិ និងអធិបតេយ្យភាពរបស់ឥណ្ឌា ហើយសហរដ្ឋអាម៉េរិកគួរតែយល់អំពីឥណ្ឌា ក្នុងការសម្រេចចិត្តទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី។ សូមជម្រាបថា ឥណ្ឌា បានចុះហត្ថលេខាជាមួយរុស្ស៊ីក្នុងទឹកប្រាក់៥,៤៣ពាន់លានដុល្លារ ដើម្បីទទួលបានប្រព័ន្ធការពារដែនអាកាស S-400 ចំនួន០៥គ្រឿង បើទោះបីជាត្រូវប្រឈមមុខទណ្ឌកម្ម ដូចមានចែងក្នុងច្បាប់ CAATSA របស់សហរដ្ឋអាម៉េរិក ដែលត្រូវបានអនុម័តឡើង ដើម្បីប្រឆាំងសម្ព័ន្ធមិត្តណាដែលទិញសព្វាវុធពីរុស្ស៊ីនោះក៏ដោយ៕ធ.ដ
-
ការសិក្សាមួយបង្ហាញថា ភ្លើងឆេះព្រៃអាម៉ាហ្សូន កំពុងធ្វើឲ្យកុមារតូចៗនៅប្រេស៊ីល ជួបបញ្ហាផ្លូវដង្ហើម

ប្រេស៊ីល៖ ការសិក្សាមួយដែលចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា ការកើនឡើងភ្លើងឆេះព្រៃអាម៉ាហ្សូននៅឆ្នាំនេះ បានធ្វើឲ្យក្មេងៗនៅប្រេស៊ីលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បន្ទាប់ជួបបញ្ហាផ្លូវដង្ហើមដោយសារផ្សែង ដែលបានគ្របដណ្តប់ពាសពេញតំបន់។ កុមារតូចៗប្រមាណជិត៥ពាន់នាក់ ដែលមានអាយុ៩ឆ្នាំ និងតិចជាងនេះ កំពុងសម្រាកព្យាបាលចន្លោះពីខែឧសភា ដល់ខែមិថុនានៅក្នុងតំបន់ចំនួន៣៦ ក្នុងប្រទេសប្រេស៊ីល។ ជាមួយគ្នានេះ ៣៦ភាគរយនៃកុមារដែលកំពុងព្យាបាលនេះ អាចប្រឈមនឹងជំងឺផ្លូវដង្ហើមនៅថ្ងៃក្រោយ និងពីរភាគរយទៀតប្រឈមនឹងការបាត់បង់ជីវិតទៀតផង។ មកទល់នឹងពេលនេះ ភ្លើងឆេះព្រៃអាម៉ាហ្សូន បានកើនខ្លាំងជាងឆ្នាំមុនដល់ទៅ៣ដងឯណោះ ដែលធ្វើឲ្យមានការយល់ឃើញថា ចំនួនក្មេងៗដែលជួបបញ្ហាផ្លូវដង្ហើមក៏មានការកើនឡើងផងដែរ ខណៈពិភពលោកមានប្រតិកម្មខ្លាំង និងបានរិះគន់ប្រេស៊ីលថា មិនមានសមត្ថភាពក្នុងការទល់ស្កាត់ភ្លើងឆេះក្នុងតំបន់ព្រៃធំជាងគេលើពិភពលោកនេះបាន៕ធ.ដ
-
រដ្ឋាភិបាលជប៉ុននឹងលើកលែងទោសឧក្រិដ្ឋជន៦០ម៉ឺននាក់ ក្នុងឱកាសអបអរការគ្រងរាជ្យរបស់អធិរាជថ្មីនៅថ្ងៃទី២២ ខែតុលានេះ

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនមានគម្រោងអនុញ្ញាតលើកលែងទោសឲ្យឧក្រិដ្ឋជនចំនួន ៦០ម៉ឺននាក់ ដើម្បីអបអរសាទរពិធីឡើងគ្រងរាជ្យសម្បត្តិរបស់អធិរាជ ណារ៉ុហ៊ីតូ ដែលពិធីគ្រងរាជ្យដ៏អធិកអធមនេះ ត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែតុលា ខាងមុខ ។ អ្នកទោសដែលបានលើកលែងទោស៦០ម៉ឺននាក់ នឹងត្រូវរឹតបន្តឹងសិទ្ធិស្របច្បាប់របស់ពួកគេ បើទោះបីជាត្រូវបានដោះលែងក្តី ។ នៅជប៉ុន អ្នកដែលត្រូវបានផ្ដន្ទាទោស និងផាកពិន័យ គឺត្រូវហាមឃាត់ក្នុងការទទួលបានសេវាសុខភាពផ្សេងៗ និង ព្យួរអាជ្ញាបណ្ណមួយចំនួនទៀតក្នុងយៈពេល៥ឆ្នាំ ។ សូមរំលឹកផងដែរថា នៅពេលប្រារព្ធពិធីឡើងគ្រងរាជ្យកាលពីឆ្នាំ១៩៩០ របស់អតីតអធិរាជជប៉ុន អាគីហ៊ីតុ អ្នកទោសពីរលានប្រាំសែននាក់ត្រូវបានលើកលែងទោស ៕ធ.ដ