-
ប៉ូលិស២៥នាក់របួស និងក្រុមបាតុករជាង១៨០ ត្រូវចាប់ខ្លួន បន្ទាប់ពីផ្ទុះបាតុកម្មដ៏ហិង្សា នៅថ្ងៃអង្គារសប្តាហ៍នេះ

ហុងកុង៖ មន្រ្តីប៉ូលិសហុងកុង២៥នាក់ និងមនុស្ស៣០នាក់ទៀតបានទទួលរងរបួស ខណៈក្រុមបាតុករប្រមាណជាង១៨០នាក់ត្រូវបានចាប់ឃុំខ្លួន ក្រោយបាតុកម្មតវ៉ាក្នុងទីក្រុងហុងកុង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ចំថ្ងៃប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រមានិតចិន។ ឆ្លើយតបនឹងភាពតានតឹងនេះ អាជ្ញាធរហុងកុង បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត ដែលបានបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងអគារជាច្រើន ក្នុងនោះរួមទាំងអគាររដ្ឋាភិបាល។ នៅថ្ងៃអង្គារដដែលនេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា យោធាចិន ត្រូវបានបង្កើនចំនួនទ្វេដងនៅទីក្រុងហ្សិនជិន ជាប់ព្រំដែនទីក្រុងហុងកុង ខណៈការធ្វើបែបនេះ ត្រូវបានគេមើលឃើញថា ស្ថិតក្នុងន័យបង្កើនកិច្ចការពារសន្តិសុខ ក្នុងគ្រាដែលសកម្មភាពបាតុកម្មនៅហុងកុងនៅតែមិនទាន់ថមថយនៅឡើយ ៕ធ.ដ
-
លោក ដូណាល់ ត្រាំ បន្តរិះគន់ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ ជុំវិញដំណើរការស៊ើបអង្កេត ដើម្បីទម្លាក់រូបលោកចេញពីតំណែង

សហរដ្ឋអាម៉េរិក៖ នៅថ្ងៃអង្គារនេះ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបន្តរិះគន់នីតិវិធីចោទប្រកាន់ និងចេតនាទម្លាក់លោកចេញពីអំណាចរបស់ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យថា ប្រៀបដូចជាការធ្វើរដ្ឋប្រហារដែរ ដ្បិតរូបលោក គឺជាប្រធានាធិបតីជាប់ឆ្នោតដោយស្របច្បាប់ ហើយវាក៏ជាការប្រមាថមើលងាយដល់សិទ្ធិរបស់ប្រជាពលរដ្ឋអាម៉េរិកផងដែរ។ សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអាម៉េរិក បានចាប់ផ្តើមនីតិវិធីខាងលើប្រឆាំងនឹងលោក ដូណាល់ ត្រាំ បន្ទាប់ពីមានការទម្លាយឲ្យដឹងអំពីកិច្ចសន្ទនាមួយតាមទូរសព្ទរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ។ បើតាមខ្លឹមសារនៃកិច្ចសន្ទនាខាងលើ លោក ត្រាំ បានស្នើឲ្យលោក ហ្សេឡិនស្កាយ បើកការស៊ើបអង្កេតលើករណីសង្ស័យថា អតីតអនុប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន កាលពីនៅកាន់តំណែង ធ្លាប់បានដាក់សម្ពាធលើអ៊ុយក្រែន ឲ្យបិទបញ្ចប់ការស៊ើបអង្កេតមួយកាលពីឆ្នាំ២០១៦ ជុំវិញក្រុមហ៊ុនមួយមានជាប់ទាក់ទងនឹងកូនប្រុសរបស់លោក បៃដិន។ ទន្ទឹមគ្នានេះ ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ បានមើលឃើញទង្វើរបស់ លោក ត្រាំ ថា ជាការប្រើប្រាស់អំណាចដាក់សម្ពាធលើរដ្ឋាភិបាលបរទេស ដើម្បីកម្ចាត់គូប្រជែងនយោបាយរបស់ខ្លួន ព្រោះថា លោក បៃដិន គឺជាបេក្ខជនឈរឈ្មោះម្នាក់ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកឆ្នាំ២០២០ខាងមុខនេះ៕ធ.ដ
-
សពមនុស្ស៤នាក់ត្រូវបានរកឃើញ និង២នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ស្ពាន នៅកោះតៃវ៉ាន់

តៃវ៉ាន់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សាកសពមនុស្ស៤នាក់ ត្រូវបានទាញចេញពីក្រោមគំនរស្ពានបាក់មួយកន្លែង ស្របពេលក្រុមអ្នកជួយសង្រ្គោះនៅតែបន្តតាមស្វែងរកមនុស្ស០២នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួននៅឡើយ។ ស្ពានខាងលើមានប្រវែង១៤០ម៉ែត្រ ស្ថិតនៅឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៩៨។ យ៉ាងណាមិញ អាជ្ញាធរតៃវ៉ាន់នៅពុំមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ពីមូលហេតុ ដែលបង្កឲ្យបាក់ស្ពាននេះនៅឡើយទេ ខណៈពួកគេកំពុងដឹកនាំការស៊ើបអង្កេត។ សូមរំលឹកថា ស្ពានមួយខ្សែ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបាក់ស្រុតនៅកោះតៃវ៉ាន់ ហើយបានសង្កត់លើទូកនេសាទមួយចំនួន ដែលធ្វើដំណើរឆ្លងកាត់ពីខាងក្រោមស្ពាននោះ ដោយមនុស្សចំនួន០៦នាក់ត្រូវបានគេសង្ស័យថា បានជាប់ខ្លួន។ ចំណែកឯមនុស្សយ៉ាងតិច១២នាក់ ក៏បានរងរបួសផងដែរ ក្នុងនោះរួមមានជនជាតិហ្វីលីពីន០៦នាក់ និងឥណ្ឌូណេស៊ី០៣នាក់ ដែលសុទ្ធសឹងតែជាអ្នកនេសាទ និងអ្នកបើករថយន្តដឹកសាំងជនជាតិតៃវ៉ាន់ម្នាក់៕ធ.ដ
-
ចិន និងឥណ្ឌូនេស៊ី ដំឡើងកំណាត់ផ្លូវដែកថែបទីមួយរួចហើយ

ការដំឡើងកំណាត់ដែកថែបទីមួយនៃគម្រោងផ្លូវដែក Jakarta-Bandung បានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។ លោកស្រី Rini Soemarno រដ្ឋមន្រ្តីក្រសួងសហគ្រាសកម្មសិទ្ធិរដ្ឋឥណ្ឌូណេស៊ីបានថ្លែងថា ឆ្លងតាមរយៈកិច្ចកសាងនៃផ្លូវដែក Jakarta-Bandung ឥណ្ឌូណេស៊ី មិនគ្រាន់តែអាចរៀនសូត្រយ៉ាងពិតប្រាកដនូវបច្ចេកទេសវិស្វកម្មដ៏ជឿនលឿនពីប្រទេសចិនតែប៉ុណ្ណោះទេ ប៉ុន្តែប្រការដែលសំខាន់ជាងនេះទៅទៀត គឺប្រទេសឥណ្ឌូណេស៊ី នឹងក្លាយទៅជាប្រទេសដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានផ្លូវដែកល្បឿនលឿន។ លោកស្រីជឿជាក់ថា គម្រោងផ្លូវដែក Jakarta-Bandung ជាវិស្វកម្មមួយដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរឥណ្ឌូណេស៊ី-ចិន៕ម.ន
-
នគរបាលខណ្ឌកំបូល ឆ្មក់បង្ក្រាបបានក្រុមចោរប្លន់៧នាក់

ភ្នំពេញ៖ ដោយគោរព និងអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោកវរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ករណី លួចមានស្ថានទម្ងន់ទោស (ធាក់ និងវាយយកម៉ូតូ) ដែលបានប្រព្រឹត្តិចំនួន៤លើក ក្នុងសង្កាត់ស្នោរ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ និងថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៩ ចំនួន៤គោលដៅផ្សេងៗគ្នា។ ក្នុងប្រតិបត្តិការនេះ មានការបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការរាជធានីភ្នំពេញ កម្លាំងអធិការខណ្ឌកំបូល កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នោរ លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដោយផ្ទាល់ផងដែរ រហូតឃាត់ខ្លួនជនសង្ស័យបាន៧នាក់ រួមមាន៖ ជនសង្ស័យទី១)ឈ្មោះ យ៉ុង…
-
លោក គីម ជុងអ៊ុន ផ្ញើលិខិតអបអរសាទរខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងអះអាងថា កូរ៉េខាងជើងនឹងនៅឈរក្បែរចិនជានិច្ច

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានសន្យាឈរជាមួយចិនជានិច្ច ខណៈការអះអាងនេះធ្វើឡើងក្នុងលិខិតអបអរខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ អត្ថន័យក្នុងលិខិតអបអររបស់លោក គីម ជុងអ៊ុន ផ្ញើទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង មានខ្លឹមសារថា បក្សយើង រដ្ឋាភិបាល និងប្រជាជនយើង គាំទ្រគណបក្សរដ្ឋាភិបាល និងប្រជាជនចិនយ៉ាងពេញទំហឹង ក្នុងការព្យាយាមការពារស្ថិរភាព និងផលប្រយោជន៍រដ្ឋ និងសម្រេចបានការអភិវឌ្ឍជានិរន្តភាព ហើយកូរ៉េខាងជើងនឹងឈរជាមួយចិនជានិច្ចក្នុងការការពារ និងលើកតម្កើងសង្គមនិយម។បន្ថែមលើនេះ លោក គីម ជុងអ៊ុន ក៏បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងកូរ៉េខាងជើង-ចិន នឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមតម្រូវការនៃយុគសម័យថ្មី និងតម្រូវការរួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕ម.ន
-
អនុប្រមុខការទូតកូរ៉េខាងជើង៖ កូរ៉េខាងជើង-សហរដ្ឋអាម៉េរិក ព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចចរចា នុយក្លេអ៊ែរឡើងវិញនាចុងសប្តាហ៍នេះ

កូរ៉េខាងជើង៖ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង បានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចពិភាក្សាក្នុងកម្រិតការងារសាជាថ្មីឡើងវិញនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បន្ទាប់ពីការទាក់ទងគ្នាជាបឋមនៅថ្ងៃទី០៤ ខែតុលា។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ។ស្របពេលជាមួយគ្នានោះដែរ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងរូបនេះ បានបង្ហាញក្តីសង្ឃឹមថា ការបន្តកិច្ចចរចាឡើងវិញនាពេលឆាប់ៗនេះ នឹងជួយពន្លឿនការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ លោកស្រី ចូ មិនបានបញ្ជាក់ឲ្យច្បាស់ថា កិច្ចចរចានៅថ្ងៃសៅរ៍សប្តាហ៍នេះ នឹងត្រូវរៀបចំឡើងនៅកន្លែងណាឲ្យប្រាកដនោះទេ។សូមបញ្ជាក់ថា កិច្ចចរចាឡើងវិញនេះ នឹងក្លាយជាការជួបពិភាក្សាផ្លូវការលើកដំបូងរវាងភាគីទាំងពីរ គិតចាប់តាំងពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជួបប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅព្រំដែនអន្តរកូរ៉េកាលពីខែមិថុនា ហើយសន្យាបន្តការសន្ទនាឡើងវិញ៕ម.ន
-
កូរ៉េខាងត្បូង បង្ហាញយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិកលើកដំបូង ក្នុងទិវាថ្ងៃបុណ្យកងទ័ព

កូរ៉េខាងត្បូង៖ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលក្រុងសេអ៊ូល បានបង្ហាញយន្តហោះចម្បំាងបំបាំងកាយអាម៉េរិក F-35 ដែលទើបផលិតថ្មីជាច្រើនគ្រឿងរបស់ខ្លួនជាលើកដំបូង នៅក្នុងទិវាថ្ងៃបុណ្យកងទ័ព។នៅថ្ងៃដដែលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានត្រួតពិនិត្យមើលយន្តហោះយោធាជាច្រើនគ្រឿង ដោយរូមទាំងយន្តហោះ F-35 ប្រព័ន្ធមីស៊ីល និងកាំភ្លើងធំ ដែលត្រូវបានបង្ហាញនៅពិធីបុណ្យកងទ័ពនៅឯមូលដ្ឋានទ័ពអាកាសមួយ។ទន្ទឹមគ្នានេះ កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការទិញ និងការប្រគល់យន្តហោះទាំងនេះ ដោយហៅការទិញយន្តហោះទាំងនេះថា ជាការញុះញង់បង្កហេតុយ៉ាងធ្ងន់ ដែលរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េថ្មីៗ ដែលរួមគ្នាបន្ថយភាពតានតឹងផ្នែកយោធា៕ម.ន
-
ប៉ូលិសហុងកុង បាញ់បាតុករម្នាក់ឱ្យរងរបួស អំឡុងពេលផ្ទុះបាតុកម្មតវ៉ាដ៏ហិង្សាមួយ នៅថ្ងៃអង្គារសប្តាហ៍នេះ

ហុងកុង៖ សាក្សីនៅកន្លែងកើតហេតុជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា ប៉ូលិសហុងកុងម្នាក់ បានសម្រេចចិត្តដកកាំភ្លើងបាញ់លើបាតុករម្នាក់ចំទ្រូងនៅក្នុងសង្កាត់ Tsuen Wan ក្រោយរូបគាត់រងការវាយប្រហារ។ បើតាមការអះអាងរបស់អាជ្ញាធរហុងកុង ប៉ូលិសរូបនេះ បានសម្រេចចិត្តប្រើប្រាស់កាំភ្លើង ដើម្បីការពារខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែនេះ គឺជាលើកទីមួយហើយ ដែលបាតុកររងបួសដោយសារគ្រាប់កាំភ្លើងពិត នៅក្នុងបាតុកម្មតវ៉ាជាច្រើនខែមកនេះ។សូមបញ្ជាក់បន្ថែមថា បាតុករខាងលើ ដែលត្រូវបានប៉ូលិសបាញ់ឱ្យរបួស គឺជាយុវជនអាយុ១៨ឆ្នាំ ខណៈមនុស្សជាង៣០នាក់ផ្សេងទៀត ក៏កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយប៉ូលិស៕ម.ន
-
កូរ៉េខាងជើង បាញ់មីស៊ីលទៀតហើយ ព្រឹកមិញនេះ

ទាំងសារព័ត៌មានជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែបានអះអាងដូចគ្នាថា នាព្រឹកថ្ងៃទី២ តុលា ២០១៩នេះ កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីនាវាមុជទឹក SLBM ជាការបាញ់សាកល្បងជាថ្មី ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានថ្កោលទោស និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះការធ្វើតេស្ដមីស៊ីលនេះ ដែលកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី ទីក្រុងព្យុងយ៉ាង យល់ព្រមជួបចរចាឡើងវិញជាមួយសហរដ្ឋអាម៉េរិក នៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។ មុនដំបូងឡើយ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមិនស្គាល់ ម៉ាកចំនួនពីរគ្រាប់ នៅព្រឹកថ្ងៃពុធនេះ ដោយមួយគ្រាប់បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៃឆ្នេរសមុទ្រក្នុងខេត្ត Shimane និងមួយគ្រាប់ទៀតធ្លាក់នៅខាងក្រៅតំបន់នេះ៕ធ.ដ