-
នាយករដ្ឋមន្ត្រីប្រទេសឡាវ ផ្តើមទស្សនកិច្ចនៅវៀតណាម ថ្ងៃនេះ

នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ Thongloun Sisoulith នៅថ្ងៃអង្គារ ទី១ តុលា ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ ធ្វើឡើងតបតាមអញ្ជើញរបស់សមភាគីវៀតណាម ង្វៀន សួនហ្វុក។ វៀតណាម និងឡាវ ត្រូវបានគេដឹងថា មានទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់វិស័យ៕ម.ន
-
រថយន្ត Mazda ជិត៨ម៉ឺនគ្រឿង ត្រូវប្រមូលមកជួសជុលវិញ ព្រោះបញ្ហាម៉ូទ័របូមសាំង

ក្រុមហ៊ុន ចានហ្គាន ម៉ាសឺដា (Changan Mazda) ដែលជាក្រុមហ៊ុនសហការរួមគ្នារវាងក្រុមហ៊ុន ឆុងឈីង ចានហ្គាន និងម៉ាសឺដា នឹងប្រកាសប្រមូលរថយន្ត៧៧១១២គ្រឿង មកធ្វើការជួសជុលវិញ ដោយសារតែម៉ូទ័របូមសាំងមានបញ្ហា។ នេះបើតាមនិយ័តករទីផ្សារប្រទេសចិន ចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៩ កញ្ញា ២០១៩។ គេហទំព័ររបស់រដ្ឋបាលជាតិទទួលបន្ទុកនិយ័តករទីផ្សារប្រទេសចិន បានឲ្យដឹងថា ដោយចាប់ពីថ្ងៃទី២២ វិច្ឆិកា ការប្រកាសប្រមូលមកវិញគឺមានសម្រាប់រថយន្តសេរី Mazda CX-5 ជំនាន់ទី២ ដែលផលិតនៅចន្លោះពីថ្ងៃទី៨ សីហា ២០១៧ ដល់ ខែកក្តដា ២០១៩។ ប្រភពថា ផ្នែកមានបញ្ហានៃម៉ូទ័របូមសាំងនៃរថយន្តទាំងនេះ បើមិនធ្វើការជួសជុលទេ អាចនាំឲ្យមានបញ្ហាសាំង ហើយធ្វើឲ្យម៉ាស៊ីនឈប់ដំណើរការភ្លាម។ ក្រុមហ៊ុនសន្យាថា នឹងដោះដូរគ្រឿងបន្លាស់ដោយគិតថ្លៃជូនអតិថិជនវិញ ដើម្បីធានាសុវត្ថិភាព៕ធ.ដ
-
ស្លាប់មនុស្ស១៩នាក់ ក្នុងករណីឆេះរោងចក្រនៅប្រទេសចិន

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែង នៅភាគខាងកើតប្រទេសចិន ស្លាប់មនុស្ស១៩នាក់។ នេះបើតាមអាជ្ញាធរនៅថ្ងៃចន្ទ ទី៣០ កញ្ញា ២០១៩នេះ ជាហេតុការណ៍ឆេះរោងចក្រចុងក្រោយបំផុត ដែលមានមនុស្សស្លាប់ក្នុងផ្នែកឧស្សាហកម្មប្រទេសនេះ។ អគ្គិភ័យនេះបានកើតមាន កាលពីថ្ងៃអាទិត្យម្សិលមិញ នៅរោងចក្រស្ថិតក្នុងតំបន់ Ninghai ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ នេះបើតាមមន្ត្រីក្នុងតំបន់នោះបង្ហាញឲ្យដឹងតាមរយៈបណ្តាញសង្គម Weibo។ ប្រភពបន្តថា ហេតុការណ៍ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតនេះបានកើតមានឡើងនៅរោងចក្រជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ruiqi Daily Necessities។ សារព័ត៌មាន Channelnewsasia បានចេញផ្សាយថា ហេតុការណ៍ឆេះរោងចក្រតែងតែកើតមាននៅប្រទេសចិន ខណៈដែលស្តង់ដារសុវត្ថិភាពនៅមានកម្រិត។ កាលពីខែមីនា មានការផ្ទុះរោងចក្រគីមី១កន្លែង នៅខេត្ត Jiangsu ស្លាប់មនុស្ស៧៨នាក់ របួសរាប់រយនាក់។ ក្នុងរយៈពេល៤ខែក្រោយមក គឺខែកក្តដា មានករណីផ្ទុះដ៏ធំមួយ ស្លាប់មនុស្ស១៥នាក់ នៅឯរោងចក្រឧស្ម័ន១កន្លែង នាភាគកណ្តាលប្រទេសចិន៕ធ.ដ
-
លោក ដូណាល់ ត្រាំ ប្រកាសចង់ជួបអ្នករាយការណ៍ពីការជជែកគ្នាតាមទូរស័ព្ទរវាងលោក និង ប្រធានាធិបតីអ៊ុយក្រែន

សហរដ្ឋអាមេរិក៖ នៅថ្ងៃ អាទិត្យ សប្តាហ៍មុននេះ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចង់ជួបជាមួយអ្នកដែលទម្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក និង ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ ។ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិករូបនេះ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ពីសំណាក់គណបក្សប្រជាធិបតេយ្យ ក្រោយបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ ។ក្រុមសមាជិកសភានៃបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោក ត្រាំ ថា បានគំរាមកំហែងកាត់បន្ថយកញ្ចប់ថវិកាយោធា ដើម្បីបង្ខំឱ្យអ៊ុយក្រែនបើកការស៊ើបអង្កេតបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន ដែលជាគូប្រជែងដ៏មានសក្ដានុពលម្នាក់របស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសច្រានចោលរាល់ការចោទប្រកាន់ខាងលើ ៕
-
អារ៉ាប៊ីសាអូឌីតអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាចាត់វិធានការទប់ស្កាត់សកម្មភាពបង្កហេតុរបស់អ៊ីរ៉ង់

អារ៉ាប៊ីសាអូឌីត៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីនសាល់ម៉ាន់ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះបានព្រមានថា តម្លៃប្រេងនៅលើទីផ្សារពិភពលោកនឹងឡើងថ្លៃកប់ពពក ខណៈណាសហគមន៍អន្តរជាតិមិនរួមគ្នាចាត់វិធានការទប់ស្កាត់ទង្វើបង្កហេតុរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ។ ការថ្លែងបែបនេះរបស់ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន់ ធ្វើឡើងបន្ទាប់ពីទ្រង់បានយល់ស្របទៅនឹងការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ដែលថា ការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា គឺជាសកម្មភាពចង់បង្កសង្រ្គាមរបស់អ៊ីរ៉ង់ ។ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតរូបនេះបានសង្កត់ធ្ងន់ថា បើសិនជាពិភពលោកមិនព្រមចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ទង្វើបង្កហេតុរបស់អ៊ីរ៉ង់ទេ នោះយើងនឹងបានឃើញជម្លោះមួយផ្ទុះឡើងនៅពេលអនាគត ដែលនឹងគំរាមកំហែងដល់ផលប្រយោជន៍ពិភពលោកទាំងមូល ។ យ៉ាងណាមិញ ព្រះអង្គនៅតែចង់បានការដោះស្រាយបញ្ហាទាំងឡាយ ដោយសន្តិវិធីជាជាងការប្រើប្រាស់កម្លាំងយោធា ៕
-
មេទ័ពកំពូលអ៊ីរ៉ង់ព្រមានចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់រាល់សកម្មភាពទំាងឡាយណាដែលប្រឆាំងនឹងប្រទេសខ្លួន

អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នូវរាល់ទង្វើបំពានទំាងឡាយណា ដែលមានចេតនាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក អាមែរ ហាតាមី ។រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់រូបនេះបានថ្លែងព្រមានយ៉ាងដូច្នេះ ក្រោយអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនតម្លៃរាប់រយលានដុល្លាររបស់អាមេរិកមួយគ្រឿង នៅលើដែនអាកាសខេត្ត ហ័រមូសហ្គេន កាលពីខែមិថុនាកន្លងទៅនេះ ដោយចោទថា វាបានហោះរំលោភដែនអាកាសអ៊ីរ៉ង់ ។លោក អាមែរ ហាតាមី ថែមទំាងបានអះអាងទៀតថា អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ទល់ស្ថានការណ៍គ្រប់កាលៈទេសៈ ដោយមានការប្រយុទ្ធប្រឆាំងក្រុមភេរវករ និង ការបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក ដែលបានហោះបំពានដែនអាកាសអ៊ីរ៉ង់ ៕
-
អភិបាលក្រុងហុងកុងនឹងដឹកនំាក្រុមប្រតិភូទៅកាន់រដ្ឋធានីប៉េកំាង ដើម្បីចូលរួមការប្រារព្ធខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចិន៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា នឹងដឹកនំាប្រតិភូមួយក្រុមធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកំាង ដើម្បីចូលរួមក្នុងសកម្មភាពផ្សេងៗនាឱកាសដែលប្រទេសចិនប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារដ្ឋប្រជាមានិតចិន នេះបើតាមរដ្ឋាភិបាលក្រុងស្វយ័តមួយនេះបញ្ជាក់ប្រាប់អ្នកយកសារព័ត៌នៅថ្ងៃ អាទិត្យសប្តាហ៍មុននេះ ។បើតាមប្រភពខាងលើ ក្រុមប្រតិភូរបស់លោកស្រី ខារី ឡំា ក្នុងនោះរួមមានសមាជិកប្រមាណ២៤០នាក់ដែលមកពីក្រុមហ៊ុនតូច-ធំផ្សេងៗគ្នាជាច្រើននៅក្នុងសហគមន៍ក្រុងហុងកុង ដែលគ្រោងនឹងធ្វើដំនើរទៅដល់រដ្ឋធានីប៉េកំាង ប្រទេសចិន នៅក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។បើតាមការគ្រោងទុកនោះ លោកស្រី ឡំា នឹងធ្វើដំណើរត្រឡប់មកវិញនាល្ងាចថ្ងៃទី០១ ខែតុលាខាងមុខនេះ ហើយក្នុងអំឡុងពេលអវត្តមានរបស់លោកស្រី គឺលោក ម៉ាធីវ ឆឹង លេខាធិការនៃរដ្ឋបាលរដ្ឋាភិបាលក្រុងហុងកុង នឹងឡើងកាន់មុខតំណែងជាអភិបាលក្រុងហុងកុងស្តីទី ៕
-
នាយករដ្ឋមន្ត្រីអង់គ្លេស អាចប្រឈមមុខនឹងការចុះចេញពីតំណែងនៅក្នុងសប្តាហ៍នេះ

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ទំនងជាកំពុងប្រឈមមុខទៅនឹងការបង្ខំឱ្យចិត្តចាកចេញពីតំណែងនៅក្នុងសប្តាហ៍នេះ ខណៈដែលក្រុមបក្សប្រឆាំងកំពុងព្យយាមធ្វើគ្រប់យ៉ាង ដើម្បីដាក់ជំនួសរដ្ឋបាលបណ្តោះអាសន្នជំនួសរូបគាត់។ ការប្រឹងប្រែងរបស់ក្រុមបក្សប្រឆាំងនេះក៏ត្រូវបានគេមើលឃើញដែរថា ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ Brexit ឬ ការចាកចេញពីប្លុកអឺរ៉ុបរបស់អង់គ្លេស នឹងត្រូវបន្តពន្យាពេលបន្ថែមទៀត។ ជាមួយគ្នានេះ សមាជិកសភារបស់គណបក្ស Scottish National Party (SNP) លោក Steward Hosie បាននិយាយថា អាចនឹងមានការបោះឆ្នោតមួយនៅក្នុងរដ្ឋាភិបាលអង់គ្លេសនៅក្នុងសប្តាហ៍នេះ។លោកបន្តថា ប្រសិនបើមានការបោះឆ្នោតមួយ ហើយលោក ចនសុន នឹងចាញ់សំឡេងឆ្នោតនោះ ដូច្នេះមានន័យថា តំណែងជានាយករដ្ឋមន្ត្រីរបស់លោកនឹងត្រូវជំនួសមកវិញដោយ លោក Jeremy Corbyn មេដឹកនាំកម្មករក្នុងរយៈពេលខ្លី។ លោកបន្ថែមទៀតថា បើសិនការឡើងកាន់តំណែងបណ្តោះអាសន្ននឹងអាចធ្វើទៅបាន នោះមានន័យថា អង់គ្លេសនឹងអាចពន្យាពេលម្តងទៀតសម្រាប់ការបែងចែកចេញពីសហភាពអឺរ៉ុប ដែលបានកំណត់យកថ្ងៃទី៣១ ខែតុលាខាងមុខ៕ម.ន
-
ចិន គ្រោងធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក នាឱកាសប្រារព្ធខួប លើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចិន៖ ចិនត្រៀមធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ នាឱកាសប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីបំពេញតាមការសន្យាក្នុងការបង្ហាញអាវុធថ្មីៗផលិតនៅក្នុងស្រុក។ ព្យុហយាត្រាយោធាដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមកនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ នៅឯទីលាន Tiananmen ក្រោមវត្តមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្រុមមន្ត្រីចិន សាធារណជនដែលត្រូវបានជ្រើសរើស និងមន្ត្រីយោធាបរទេសមកពី៩៧ប្រទេស។ ក្រសួងការពារជាតិចិនបានឱ្យដឹងដែរថា យោធា១ម៉ឺន៥ពាន់នាក់នឹងត្រូវចូលរួមក្នុងព្យុហយាត្រាយោធាខាងលើ ខណៈបរិក្ខារយោធាចំនួន៥៨០គ្រឿង នឹងបង្ហាញខ្លួននៅលើដងផ្លូវ ហើយយន្ដហោះចម្បាំង១៦០គ្រឿងនឹងសម្ដែងការហោះហើរនៅលើអាកាស៕ម.ន
-
ឥណ្ឌា ត្រៀមចំណាយប្រាក់ប្រមាណ២ពាន់លានដុល្លារ ដើម្បីដេញថ្លៃទិញយន្តហោះ ដឹកជញ្ជូនពហុតួនាទី

ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Airbus និងអាម៉េរិក Boeing ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ Ilyushin របស់រុស្ស៊ីកំពុងដណ្តើមយកកិច្ចសន្យាពីប្រទេសឥណ្ឌា ដែលមានតម្លៃ២ពាន់លានដុល្លារ ដែលរំពឹងថា នឹងធ្វើឡើងក្នុងខែវិច្ឆិកា ឬខែធ្នូ ឆ្នំាំ២០១៩នេះ។ កងទ័ពអាកាសឥណ្ឌា (IAF) គ្រោងនឹងចេញដេញថ្លៃជាផ្លូវការមួយ ដើម្បីទិញយន្តហោះដឹករថក្រោះពហុតួនាទីចំនួន៦គ្រឿង (MRTT) បន្ទាប់ពីខ្លួនបានបញ្ចប់កិច្ចសន្យាតម្លៃ២ពាន់លានដុល្លារជាមួយក្រុមហ៊ុន Airbus Defense and Space ក្នុងឆ្នាំ២០១៧។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចេញសេចក្តីស្នើសុំព័ត៌មានទៅសាជីវកម្មអឺរ៉ុប Airbus, ក្រុមហ៊ុន Boeing ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនអាកាសចរណ៍ Ilyushin របស់រុស្ស៊ីកាលពីឆ្នាំមុន៕ម.ន