Category: ព័ត៌មានអន្តរជាតិ

  • ថៃ គ្រោងបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តោតសំខាន់លើ Facebook

    ថៃ គ្រោងបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តោតសំខាន់លើ Facebook

    ថៃ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថៃនឹងបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយដំបូងគេក្នុងប្រទេស ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឲ្យមានភាពច្បាស់លាស់ និងពិតប្រាកដ ដែលកំពុងរាលដាលយ៉ាងខ្លាំង ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ លោក បាដឌីផុងស៊ិ ភូនណាកាន់ថា។ លោក ភូនណាកាន់ថា បាននិយាយថា ការបើកមជ្ឈមណ្ឌលនេះ មិនមែនតែគំនិតផ្ដួចផ្ដើមដោយឡែករបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្ដែពួកយើងក៏ត្រូវសហការជាមួយអង្គការសង្គមស៊ីវិលផងដែរ។ មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយស្នើសុំឱ្យអង្គភាពនីមួយៗផ្ដល់យ៉ាងហោចណាស់មនុស្ស០៣នាក់ ពីព្រោះពួកយើងចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវព័ត៌មាននានាក្នុងរយៈពេលរាល់២ម៉ោងម្តង។ បើតាមអាជ្ញាធរថៃ ក្រោយពេលពីរខែដែលថៃបានបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនេះ ថៃនឹងស្នើសុំឱ្យក្រុមហ៊ុនឧស្សាហកម្មនានាបង្កើតមជ្ឈមណ្ឌលប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅគ្រប់ប្រទេសជាសមាជិកអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខនេះ ថៃក៏នឹងស្នើសុំប្រទេសសមាជិកអាស៊ានបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕ម.ន

  • ថៃ បន្តបណ្តេញពលករមីយ៉ាន់ម៉ាខុសច្បាប់ជាង១០០នាក់បន្ថែមទៀត

    ថៃ បន្តបណ្តេញពលករមីយ៉ាន់ម៉ាខុសច្បាប់ជាង១០០នាក់បន្ថែមទៀត

    ពលករមីយ៉ាន់ម៉ាខុសច្បាប់យ៉ាងតិច១០៩នាក់ ត្រូវបានបញ្ជូនទៅប្រទេសដើមវិញ ពីប្រទេសថៃ។ នេះបើតាមការអះអាងរបស់មន្ត្រីអន្តោប្រវេសន៍និយាយ នៅថ្ងៃព្រហស្បតិ៍ត ទី២៦កញ្ញានេះ។ ប្រភពថា ពលករទាំងនោះរួមមានទាំងស្ត្រី៩នាក់ផងដែរ ដោយពួកគេត្រូវបានមន្ត្រីអន្តោប្រវេសន៍ថៃប្រចាំនៅរ៉ាណុង បញ្ជូនមកមីយ៉ាន់ម៉ាវិញ តាមច្រកព្រំដែនភាគខាងត្បូង កាលពីថ្ងៃម្សិលមិញ។ ពលករទាំងនេះត្រូវបានបណ្តេញចេញ ដោយសារតែទិដ្ឋាការស្នាក់នៅផុតសុពលភាព និងគ្មានឯកសារ ដែលវាផ្ទុយនឹងច្បាប់ថៃ។ សូមបញ្ជាក់ថា កាលពីខែកក្តដា និងសីហា ២០១៩ ពលករមីយ៉ាន់ម៉ា២៥៨នាក់ ត្រូវបានបញ្ជូនពីថៃទៅមីយ៉ាន់ម៉ាវិញ តាមព្រំដែន។ ភាគច្រើននៃពលករគឺមកពី តំបន់ Tanintharyi, Yangon, Bago និង Mon ព្រមទាំងរដ្ឋ Rakhine ផងដែរ៕ម.ន

  • រញ្ជួយដី៦,៥រ៉ិចទ័រ វាយប្រហារកោះដាច់ស្រយាល នៅឥណ្ឌូនេស៊ី ព្រឹកមិញនេះ

    រញ្ជួយដី៦,៥រ៉ិចទ័រ វាយប្រហារកោះដាច់ស្រយាល នៅឥណ្ឌូនេស៊ី ព្រឹកមិញនេះ

    នៅថ្ងៃព្រហស្បតិ៍ត ទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ គ្រោះរញ្ជួយដី កម្រិត៦,៥រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាម៉េរិក (USGS)។ យោងតាម USGS គ្រោះរញ្ជួយដីនេះ បានវាយប្រហារតំបន់កោះដាច់ស្រយាល Maluku ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ ហើយភ្លាមៗក៏មិនទាន់មានសេចក្ដីរាយការណ៍ ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះដែរ។ USGS បានបន្ថែមទៀតថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅក្នុងតំបន់ស្ថិតនៅចម្ងាយ៣៧គីឡូម៉ែត្រពីភាគឦសានទីក្រុង Ambon នៃកោះ Maluku នៅម៉ោង៨៖៤៦នាទីព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) ជាមួយជម្រៅរញ្ជួយទៅក្នុងដី២៩គីឡូម៉ែត្រ៕ម.ន

  • សេតវិមានបញ្ចេញព័ត៌មានលម្អិតនៃកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ហ្ស៊ីលែនហ្គី ក្រោយរងការស៊ើបអង្កេតពីគណបក្សប្រជាធិបតេយ្យ

    សេតវិមានបញ្ចេញព័ត៌មានលម្អិតនៃកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ហ្ស៊ីលែនហ្គី ក្រោយរងការស៊ើបអង្កេតពីគណបក្សប្រជាធិបតេយ្យ

    សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ ប្រកាសបើកការស៊ើបអង្កេតមួយ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងនោះ នៅថ្ងៃពុធនេះ សេតវិមានបានបញ្ចេញព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរសព្ទរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូឌីមី ហ្ស៊ីលែនហ្គី។ ព័ត៌មានលម្អិតនេះបានឱ្យដឹងថា លោក ត្រាំ បានស្នើឱ្យលោក ហ្ស៊ីលែនហ្គី កាលពីថ្ងៃទី២៥ ខែកក្កដា បើកការស៊ើបអង្កេតពីបទពុករលួយ លើគូប្រជែងរបស់លោកគឺបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន។ ពោលគឺការស៊ើបអង្កេតនេះ មានបំណងបញ្ជាក់ថាតើលោក បៃឌិន បានរារាំង ឬក៏បញ្ឈប់ការស៊ើបអង្កេតលើក្រុមហ៊ុនឧស្ម័នដ៏ធំមួយរបស់អ៊ុយក្រែន ដែលកូនប្រុសរបស់លោកកំពុងធ្វើការឱ្យ ឬក៏យ៉ាងណា។សូមជម្រាបថា ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេតមួយជាផ្លូវការ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងដោយចោទថា ប្រធានាធិបតីអាម៉េរិករូបនេះ បានស្វះស្វែងរកការគាំទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក ចូ បៃដិន មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ២០២០។ ប៉ុន្តែលោក ត្រាំ បានទាត់ចោលការចោទប្រកាន់នេះ ជាមួយការសន្យាថា នឹងបញ្ចេញព័ត៌មានលម្អិតពីកិច្ចសន្ទនាជាមួយលោក ហ្ស៊ីលែនហ្គី៕ម.ន …

  • អង្គការ NASA ព្រមានហាមមិនឲ្យចិនដាក់ពង្រាយសព្វាវុធនៅទីអវកាស

    អង្គការ NASA ព្រមានហាមមិនឲ្យចិនដាក់ពង្រាយសព្វាវុធនៅទីអវកាស

    សហរដ្ឋអាម៉េរិក៖ ប្រធានអង្គការ NASA លោក ជីម ប្រាយដិនស្តាញ បានរិះគន់ចិន ថា កំពុងប្រើប្រាស់ទីអវកាសសម្រាប់វិស័យយោធា និងថែមទាំងបានព្រមានថា ប្រសិនបើចិនហ៊ានប៉ុនប៉ងដាក់ពង្រាយសព្វាវុធក្នុងទីអវកាសនោះ សហរដ្ឋអាម៉េរិកនឹងចាត់វិធានការឆ្លើយតបវិញ។ ការព្រមានរបស់ប្រធានអង្គការអវកាសអាម៉េរិករូបនេះ បានធ្វើឡើងចំពេលដែលប្រទេសទាំងពីរកំពុងមានជម្លោះពាណិជ្ជកម្មដ៏តានតឹងជាមួយគ្នា ខណៈសហរដ្ឋអាម៉េរិកខ្លួនឯងក៏កំពុងរងការសង្ស័យផងដែរ ចំពោះយន្តហោះអវកាសស៊ើបការណ៍សម្ងាត់ X-37B ដែលមិនទាន់មានការបកស្រាយ។ គួរបញ្ជាក់ថា ចិនកំពុងសំឡឹងឃើញវិស័យអវកាសជាគោលដៅដ៏សំខាន់បំផុតមួយ ខណៈសហរដ្ឋអាម៉េរិកកំពុងព្រួយបារម្ភថា ចិនមិនត្រឹមតែកំពុងព្យាយាមប្រជែងជាមួយខ្លួនទាំងលើវិស័យបច្ចេកវិទ្យាប៉ុណ្ណោះទេ តែខាងវិស័យអវកាសវិញក៏ដូចគ្នាផងដែរ៕ម.ន

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិព្រមានមេដឹកនាំពិភពលោកថា ពួកគេកំពុងតែចាញ់ សមរភូមិប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ

    ប្រមុខដឹកនាំអង្គការសហប្រជាជាតិព្រមានមេដឹកនាំពិភពលោកថា ពួកគេកំពុងតែចាញ់ សមរភូមិប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ

    សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា ពិភពលោកកំពុងតែចាញ់សមរភូមិប្រយុទ្ធជាមួយនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែនៅតែមានពេលវេលា ដើម្បីទប់ទល់នឹងឥទ្ធិពលនៃគ្រោះធម្មជាតិសកលលោក។លោក ហ្គូដទ័ររ៉េស បានបន្តថា យើងកំពុងតែឃើញមានសីតុណ្ហភាពមិនធ្លាប់មានពីមុនមក ព្យុះសង្ឃរាឥតឈប់ឈរ និងលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រដែលមិនអាចបដិសេធបាន។ លោក ហ្គូដទ័ររ៉េស ថែមទាំងបញ្ជាក់អំពីតម្រូវការសម្រាប់មេដឹកនាំពិភពលោក ក្នុងការស្វែងរកដំណោះស្រាយដើម្បីរក្សាឲ្យសីតុណ្ហភាពពិភពលោកកើនឡើងត្រឹម១,៥អង្សារសេ និងរក្សាតុល្យភាពការបញ្ចេញឧស្ម័នកាបូនិចត្រឹមឆ្នាំ២០៥០ខាងមុខ។ទន្ទឹមគ្នានោះដែរ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឲ្យឈប់ប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីល និងបញ្ឈប់ការសាងសង់រោងចក្រផលិតថាមពលធ្យូង ហើយលោកថា ដល់ពេលដែលត្រូវជួយថវិកាបដិភាគដល់ឧស្សាហកម្មប្រេងឥន្ធនៈផូស៊ីល និងឈប់យកពន្ធលើប្រាក់ចំណូលប្រចាំខែ ប៉ុន្តែយកពន្ធពីឧស្សាហកម្មដែលបំពុលបរិស្ថានជំនួសវិញ៕ម.ន

  • មេដឹកនាំកូរ៉េខាងត្បូង ស្នើឱ្យផ្លាស់ប្តូរតំបន់គ្មានយោធាទៅជាតំបន់សន្តិភាពអន្តរជាតិ

    មេដឹកនាំកូរ៉េខាងត្បូង ស្នើឱ្យផ្លាស់ប្តូរតំបន់គ្មានយោធាទៅជាតំបន់សន្តិភាពអន្តរជាតិ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានស្នើឱ្យផ្លាស់ប្តូរតំបន់គ្មានយោធា (DMZ) រវាងប្រទេសបងប្អូនកូរ៉េទាំងពីរទៅជាតំបន់សន្តិភាពអន្តរជាតិ។ ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បាននិយាយថា តំបន់ DMZ នេះ គឺជាតំបន់បៃតងដ៏ធំដែលលាតសន្ធឹង២៥០គីឡូម៉ែត្រពីភាគខាងកើតទៅខាងលិច និង៤គីឡូម៉ែត្រពីភាគខាងជើងទៅភាគខាងត្បូង។ លោកបន្តថា ព្រំប្រទល់របស់វា បានបញ្ជាក់អំពីសោកនាដកម្មមួយដែលបានកើតឡើងដោយការប្រឈមមុខយោធារយៈពេល៧០ឆ្នាំ ប៉ុន្តែវាបានក្លាយជាតំបន់ធម្មជាតិដ៏ល្អ និងថ្មីមួយ។លោក មូន បានបន្ថែមថា វាក៏បានក្លាយជាកន្លែងនិមិត្តរូប ដែលត្រូវបានចងចាំនៅក្នុងប្រវត្តិសាស្ត្រដែលរួមបញ្ចូលទាំងសោកនាដកម្មនៃការបែងចែក ដែលជាតំបន់សន្តិសុខរួម ដោយមានប៉ុស្តិ៍យាមការពារ និង របងលួសបន្លា ហើយក៏មានការចង់បានសន្តិភាពផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ទៀតថា តំបន់ DMZនេះ គឺជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ ហើយតម្លៃរបស់វាត្រូវតែចែករំលែកដល់ពិភពលោកទាំងមូល ហើយថា នៅពេលសន្តិភាព ត្រូវបានបង្កើតឡើងរវាងកូរ៉េទាំង២ លោកនឹងធ្វើការរួមគ្នាជាមួយកូរ៉េខាងជើង ដើម្បីចុះបញ្ជីតំបន់ DMZនេះ ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ (UNESCO)៕ម.ន

  • សភាតំណាងរាស្រ្តអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យ ចាប់ផ្តើមរៀបចំនីតិវីធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី

    សភាតំណាងរាស្រ្តអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យ ចាប់ផ្តើមរៀបចំនីតិវីធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី

    សហរដ្ឋអាម៉េរិក៖ ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាម៉េរិករបស់គណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ ស្ថិតក្នុងគោលបំណងដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីអាម៉េរិក។ ការស៊ើបអង្កេតនេះ ធ្វើឡើងដោយប្រធានសភាអាម៉េរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី ដោយចោទថា លោក ដូណាល់ ត្រាំ បានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក ចូ បៃដិន មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ២០២០ខាងមុខនេះ។ ជុំវិញការចោទប្រកាសខាងលើនេះ លោក ដូណាល់ ត្រាំ ផ្ទាល់នៅក្នុងសប្ដាហ៍នេះ ក៏បានទទួលស្គាល់ដែរថា លោកពិតជាបានពិភាក្សាពីរឿងលោក ចូ បៃដិន ជាមួយប្រធានាធិបតីអ៊ុយក្រែនពិតមែន ប៉ុន្តែអះអាងថា លោកគ្រាន់តែព្យាយាមបញ្ចុះបញ្ចូលឱ្យអឺរ៉ុបបង្កើនជំនួយដល់អ៊ុយក្រែន តាមរយៈការគំរាមកាត់បន្ថយជំនួយយោធាតែប៉ុណ្ណោះ៕ធ.ដ

  • ប្រមុខការទូតចិនអះអាងថា ប្រទេសខ្លួនមិនចង់បានការប្រឈមមុខដាក់គ្នាទេ ប៉ុន្តែចង់បាន កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាម៉េរិក

    ប្រមុខការទូតចិនអះអាងថា ប្រទេសខ្លួនមិនចង់បានការប្រឈមមុខដាក់គ្នាទេ ប៉ុន្តែចង់បាន កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃអង្គារនេះបានថ្លែងថា វាពិតមានសារសំខាន់ខ្លាំងណាស់សម្រាប់ចិន និងសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការប៉ះទង្គិចគ្នា និងការប្រឈមមុខដាក់គ្នា ហើយងាកមកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម។ ការអះអាងបែបនេះរបស់លោក វ៉ាង យី បានធ្វើឡើងនៅក្នុងពិធីទទួលទានអាហារពេលល្ងាចមួយ ដែលត្រូវបានរៀបចំឡើងរួមគ្នារវាងគណៈកម្មាធិការទំនាក់ទំនងរវាងចិន និងអាម៉េរិក ក្រុមប្រឹក្សាពាណិជ្ជកម្មចិន និងអាម៉េរិក សភាពាណិជ្ជកម្មអាម៉េរិក និងក្រុមប្រឹក្សាទំនាក់ទំនងការបរទេស។ ពិធីជប់លៀងខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលតំណាងជាន់ខ្ពស់ចិន កំពុងស្ថិតនៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលបណ្តាប្រទេសធំៗជាច្រើនកំពុងប្រើវេទិកានេះ ដើម្បីសម្តែងនូវឥទ្ធិពលរៀងៗខ្លួន និងការរិះគន់របស់ពួកគេចំពោះបញ្ហាធំៗ ដែលកំពុងកើតមានឡើងនៅលើពិភពលោក ហើយសហរដ្ឋអាម៉េរិកវិញ តាមរយៈសម្តីរបស់លោក ដូណាល់ ត្រាំ ក៏បានតម្កល់ផលប្រយោជន៍ជាតិជាធំផងដែរ៕ធ.ដ

  • នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវឱ្យមានការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ

    នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវឱ្យមានការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ

    សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានសង្ឃឹមថា ការកែទម្រង់ទាំងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នឹងអាចកើតមានឡើងនាពេលឆាប់ៗ ដោយសារតែវាគឺជារឿងដ៏ចំាបាច់។ ការថ្លែងបែបនេះរបស់លោក អាបេ ស៊ីនហ្សូ បានធ្វើឡើងក្នុងឱកាសនៃការថ្លែងសុន្ទរកថានៅសម័យប្រជុំទី ៧៤ នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ និងបន្ទាប់ពីប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ក៏ទើបតែបានរិះគន់អង្គការសហប្រជាជាតិដែរថា ជាភាពបរាជ័យរបស់ពិភពលោក។ ដោយឡែកកាលពីខែកក្កដាកន្លងទៅ ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ លោកស្រី ម៉ារៀ ហ្វឺណាន់ដា អេស្ពីណូសា ហ្គាសេស ក៏ធ្លាប់បានសង្ឃឹមដែរថា នឹងអាចមានសេចក្តីសម្រេចមួយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ត្រូវអនុម័តនៅក្នុងឆ្នាំនេះ៕ធ.ដ