-
បាក់ស្ពាននៅត៉ៃវ៉ាន់ មនុស្ស៦នាក់បាត់ខ្លួន និង១៦នាក់របួសធ្ងន់ស្រាល

កាលពីថ្ងៃអង្គារម្សិលមិញ មានករណីស្ពានខ្ពស់បំផុតមួយនៅឆ្នេរភាគខាងកើតទីក្រុងតៃវ៉ាន់បានបាក់ដែលបណ្ដាលឲ្យឡានដឹកប្រេងមួយគ្រឿងធ្លាក់ទៅលើទូកនៅខាងក្រោមស្ពាន។ ភ្នាក់ងារជួយសង្គ្រោះជាតិឲ្យដឹងថា មនុស្សយ៉ាងហោច៦នាក់បានបាត់ខ្លួន ដោយគេដឹងថាជាប់ខ្លួននៅក្នុងទូកមួយគ្រឿង ខណៈពេលដែលមនុស្ស១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយក្នុងនោះ ៦នាក់រងរបួសធ្ងន់។ ស្ពាននេះ បានបាក់កាលពីវេលាម៉ោង៩:៣០នាទីព្រឹក នៅតំបន់ Nanfangao ជាឆ្នេរនេសាទដែលមានមនុស្សច្រើនកុះករ។ ក្រោយកើតហេតុ ឧទ្ធម្ភាគចក្រកងទ័ពអាកាស ទូកនេសាទ និងទាហានជាង ៦០នាក់ទៀតរួមទាំងអ្នកមុជទឹក បានទៅដល់កន្លែងដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ខ្លួនក្នុងទូក។ យ៉ាងណាមិញ ចំពោះមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានការបាក់ស្ពាននេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើងបន្ដ៕ធ.ដ
-
លោក ដូណាល់ ត្រាំ រិះគន់គណបក្សប្រជាធិបតេយ្យជុំវិញការស៊ើបអង្កេតការប្តឹងទម្លាក់ ប្រធានាធិបតីចេញពីតំណែង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបន្តរិះគន់គណបក្សប្រជាធិបតេយ្យ ដែលបានផ្តួចផ្តើមការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង ដោយសារបណ្តឹងរបស់អ្នកទម្លាញព័ត៌មានសម្ងាត់។ តាមរយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃចន្ទសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានសរសេររិះគន់អ្នកចោទប្រកាន់លើរូបលោក ហើយបានផ្តោតខ្លាំងលើការខឹងរបស់លោកទៅលើប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្រ្ត លោក អាដាម ស្រ៊ីស ដែលកាលពីសប្តាហ៍មុន បានរិះគន់ការនិយាយទូរសព្ទរបស់លោក ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ។ គួរបញ្ជាក់ថា អ្នកបញ្ចេញព័ត៌មានសម្ងាត់នោះ បានចោទប្រកាន់ថា លោក ដូណាល់ ត្រាំ បានស្វះស្វែងរកការជួយពីប្រធានាធិបតីអ៊ុយក្រែន នៅក្នុងការជីកកកាយរកព័ត៌មានទាក់ទិននឹងឧក្រិដ្ឋកម្មរបស់លោក ចូ បៃឌិន ជាអតីតអនុប្រធានាធិបតីអាម៉េរិក និងលោក ហាន់ធើ ដែលជាកូនប្រុសរបស់លោក ដោយនឹងធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹមរបស់លោក បៃឌិន ដើម្បីបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ និងដើម្បីប្រកួតប្រជែងជាមួយលោកត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំ២០២០៕ធ.ដ
-
កូរ៉េខាងជើង ស្តីបន្ទោសសហរដ្ឋអាម៉េរិក ចំពោះការបរាជ័យក្នុងការចាប់ផ្តើមកិច្ចចរចា នុយក្លេអ៊ែរឡើងវិញ

សហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាម៉េរិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ចំពោះការបរាជ័យក្នុងការចាប់ផ្តើមកិច្ចចរចាគ្នាឡើងវិញ ដែលបានជាប់គំាងជាងមួយឆ្នាំ បន្ទាប់ពីជំនួបលើកដំបូងរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយនឹងមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានប្រតិភូកូរ៉េខាងជើងលោក គីម សុង បានបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិនៅថ្ងៃចន្ទសប្តាហ៍នេះថា ស្ថានភាពនៅឧបទ្វីបកូរ៉េហាក់កំពុងធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំង ដោយសារតែការបង្កហេតុនយោបាយ និងយោធាដែលបានប្រព្រឹត្តដោយសហរដ្ឋអាម៉េរិក។ គួរបញ្ជាក់ថា កិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង បច្ចុប្បន្នកំពុងបានជាប់គាំង ចាប់តាំងពីជំនួបលើកដំបូងរវាងលោក ត្រាំ និងលោក គីម បានបរាជ័យកាលពីខែកុម្ភៈកន្លងទៅ បើទោះបីជាមេដឹកនំាទំាងពីរ បានជួបគ្នាម្តងទៀតកាលពីខែមិថុនា នៅឯតំបន់ព្រំដែនកូរ៉េ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមគ្នានោះ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកដំបូងបំផុត ដែលយកជាន់ទឹកដីកូរ៉េខាងជើង៕ធ.ដ
-
លោក មូន ជែអ៊ីន ជំរុញឱ្យមានសកម្មភាពដ៏អង់អាចក្លាហាន ដើម្បីចាប់យកឱកាសរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃចន្ទសប្តាហ៍នេះ បានអំពានាវឱ្យមានការប្តេជ្ញាចិត្ត និងសកម្មភាពដ៏អង់អាចក្លាហាន ដើម្បីចាប់យកឱកាសរក្សាសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េយ៉ុនហាប់។ ការកត់សម្គាល់បែបនេះរបស់លោក មូន ជែអ៊ីន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាជាមួយសមាជិកថ្មីនៃក្រុមប្រឹក្សាបង្រួបបង្រួមជាតិ (NUAC) នៅឯការិយាល័យប្រធានាធិបតីមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយថា កិច្ចចរចានុយក្លេអ៊ែរក្នុងកម្រិតការងាររវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ទំនងជាកើតឡើងក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខទៀតនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានបន្ថែមទៀតថា ពេលវេលាសម្រាប់កិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ កំពុងរំកិលកាន់តែខិតជិតម្តងទៀតហើយ លោកថា ជំហានឆ្ពោះទៅរកការចរចាកម្រិតការងារកូរ៉េខាងជើង-សហរដ្ឋអាម៉េរិក ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលកូរវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកជាលើកទី៣ ក៏កាន់តែលឿនទៅៗហើយដែរ គឺវាអាស្រ័យលើការប្តេជ្ញាចិត្តកុំអោយខកខានពេលវេលា៕ធ.ដ
-
ប្រធានាធិបតីចិន ទទូចឲ្យប្រជាជនគ្រប់រូបបន្តខិតខំតស៊ូ ក្នុងគោលបំណងសម្រេច ការបង្រួបបង្រួមជាតិទាំងស្រុង

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងថា ក្នុងដំណើរឆ្ពោះទៅមុខ ចិនត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីបង្រួបបង្រួមជាតិដោយសន្តិភាព ដោយអនុវត្តន៍តាមគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ដើម្បីរក្សាវិបុលភាព និងស្ថិរភាពយូរអង្វែងនៅតំបន់រដ្ឋបាលពិសេស ហុងកុង និងម៉ាកាវ។ នៅក្នុងសុន្ទរកថានៅឯពិធីប្រកាសចាប់ផ្ដើមរំលឹកខួបឆ្នាំទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឯទីលាន ធានអានមិន ក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ លោក ស៊ី ជិនពីង ថែមទាំងបានអំពាវនាវឱ្យប្រជាជនចិនទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយបន្តធ្វើការខិតខំតស៊ូ ដើម្បីសម្រេចការបង្រួបបង្រួមជាតិទាំងស្រុង។ ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីចិនរូបនេះបានសង្កត់ធ្ងន់ថា គ្មានកម្លាំងណាមួយអាចធ្វើឱ្យប្រជាជាតិដ៏អស្ចារ្យមួយនេះ រង្គោះរង្គើនោះឡើយ ហើយក៏គ្មានកម្លាំងណាមួយអាចរារាំងប្រជាជនចិន និងប្រទេសចិន ក្នុងការអភិវឌ្ឍបានដែរ៕ធ.ដ
-
លោក ប្រាយុទ្ធ ចាន់អូចា កោះប្រជុំបន្ទាន់មួយ ក្រោយផ្សែងអ័ព្ទយ៉ាងក្រាស់គ្របដណ្តប់ ទូទាំងទីក្រុងបាងកក

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបើកកិច្ចប្រជុំបន្ទាន់តាមវីដីអូមួយជាមួយអភិបាលខេត្តចំនួន១៦ និងរដ្ឋមន្ត្រីមួយចំនួនទៀត នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាគុណភាពខ្យល់មិនល្អ ដែលកំពុងគំរាមកំហែងក្នុងរាជធានីបាងកក និងខេត្តនៅជុំវិញ ហើយបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន។ ក្នុងអំឡុងកិច្ចប្រជុំខាងលើ លោក ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងពីការត្រៀមខ្លួន កិច្ចសហប្រតិបត្តិការ និងការរិះរកវិធីដោះស្រាយបញ្ហាបំពុលខ្យល់ ដែលកំពុងកើតឡើងនៅទីក្រុងបាងកក និងតំបន់ដែលជុំវិញ។ ឆ្លើយតបនឹងបញ្ហានេះ លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលសាធារណៈថៃលោក ស៊ុកឃុម ខាន់ចាន់ណាភីម៉ៃ បានណែនាំឲ្យប្រជាជនដែលធ្វើការនៅខាងក្រៅ ពាក់ម៉ាស និងផឹកទឹក៦ទៅ៨កែវក្នុងមួយថ្ងៃ។ ដោយឡែកប្រតិបត្តិការបាញ់ទឹកបានចាប់ផ្តើមនៅសង្កាត់ ឡាក់ស៊ី និងតំបន់មួយចំនួនទៀតនៅក្នុងរាជធានីបាងកក ក្នុងគោលបំណងកាត់បន្ថយកម្រិតបំពុលខ្យល់នៅតាមសាលារៀន និងផ្លូវសំខាន់ៗមួយចំនួន។ គួរបញ្ជាក់ថា ការបំពុលខ្យល់អាកាសនៅប្រទេសថៃ ភាគច្រើន គឺបង្កឡើងដោយ ផ្សែងចេញពីរោងចក្រ ឬការដ្ឋានសំណង់ ការដុតព្រៃដាំដំណំា និងចំហេះឥន្ធនៈយានយន្ដជាដើម។ បើតាមទិន្នន័យពីគេហទំព័រ អាឃ្យូអ៊ែរ នោះ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃចន្ទម្សិលមិញនេះ ការបំពុលខ្យល់អាកាសនៅក្នុងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក ខណៈតំបន់ចំនួន៣៣ ក្នុងក្រុងមួយនេះ មានកម្រិតភាគល្អិតនៅក្នុងខ្យល់ ឬ PM2,5…
-
ឥណ្ឌនេស៊ី ដាក់ពង្រាយទាហាន និងប៉ូលិសជាង២ម៉ឺននៅទីក្រុងហ្សាកាតា ស្របពេលផ្ទុះបាតុកម្មជាថ្មីទៀតប្រឆាំងនឹងគម្រោងកែទម្រង់ច្បាប់មួយចំនួន

ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ពង្រាយទាហាន និងប៉ូលិសប្រមាណ២ម៉ឺន៦ពាន់នាក់នៅរដ្ឋធានីហ្សាការតា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ស្របពេលដែលក្រុមបាតុករជាច្រើនបានព្យាយាមធ្វើសកម្មភាពតវ៉ាជាថ្មីទៀត នៅក្បែរអគារសភា ក្នុងបំណងប្រឆាំងនឹងគម្រោងកែទម្រង់ច្បាប់មួយចំនួន ហើយក៏មានការប្រើឧស្ម័នបង្ហូរ ដើម្បីរំសាយក្បួនតវ៉ា និងការប៉ះទង្គិចគ្នាផងដែរ។ ទន្ទឹមគ្នា បាតុកម្មផ្សេងទៀតក៏បានកើតមានឡើងនៅតាមទីក្រុងដទៃៗទៀត ដូចជា Yogyakarta និង Solo នៅខេត្តជ្វាកណ្តាល ព្រមទាំងនៅលើកោះលុមបុក (Lombok) និងកោះបាលី ផងដែរ។ ក្រុមបាតុករចង់បានការបញ្ឈប់បញ្ហាភ្លើងឆេះព្រៃ ការដកវត្តមានយោធាចេញពីតំបន់ Papua ដែលនៅភាគខាងកើតឥណ្ឌូណេស៊ី ហើយចំណុចសំខាន់ជាងគេនោះ គឺពួកគេជំទាស់នឹងគម្រោងកំណែទម្រង់ច្បាប់មួយចំនួន រួមមានការចាត់បញ្ជូលការរួមភេទមុនរៀបការជាទង្វើខុសច្បាប់ ការហាមឃាត់ការលក់មធ្យោបាយពន្យារកំណើត និងការដាក់ទោសការប្រមាថប្រធានាធិបតីជាដើម។ បន្ថែមលើនេះ ក្រុមបាតុករក៏ប្រឆាំងនឹងការចង់កែទម្រង់ច្បាប់ ដែលអាចប៉ះពាល់ដល់ទីភ្នាក់ងារប្រឆាំងបទល្មើសពួករលួយផងដែរ ក៏ប៉ុន្តែសភាឥណ្ឌូណេស៊ីបានសម្រេចមិនទាន់បោះឆ្នោតអនុម័តគម្រោងកំណែទម្រង់ច្បាប់ទាំងនេះ នៅឡើយទេ៕ធ.ដ
-
ចិនចាប់ផ្តើមប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងការធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មានពីមុនមក

ចិន៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចាប់ផ្តើមប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយរំពឹងថា ចិននឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំបំផុតមួយមិនធ្លាប់មានពីមុនមក និង បង្ហាញអាវុធថ្មីៗដែលផលិតនៅក្នុងស្រុក។ ជុំវិញគម្រោងធ្វើព្យុហយាត្រាយោធានេះ ក្រសួងការពារជាតិចិនបានឱ្យដឹងថា បរិក្ខារយោធាចំនួន៥៨០គ្រឿងនឹងបង្ហាញខ្លួននៅលើដងផ្លូវ ហើយយន្ដហោះចម្បាំង១៦០គ្រឿងនឹងសម្ដែងការហោះហើរនៅលើអាកាស។ បើតាមក្រសួងការពារជាតិចិន ការធ្វើព្យុហយាត្រានេះ មិនមែនជាគំរាមកំហែងឡើយ ដោយគ្រាន់តែផ្តោតសំខាន់លើការស្រឡាញ់សន្តិភាព និងការទទួលខុសត្រូវរបស់ចិន។ សូមជម្រាបថា ព្យុហយាត្រាយោធានេះទៀតសោត នឹងត្រូវធ្វើឡើងនៅឯទីលាន Tiananmen ក្រោមវត្តមានប្រធានា ធិបតីចិន លោក ស៊ី ជិនពីង ក្រុមមន្ត្រីចិន សាធារណជនដែលត្រូវបានជ្រើសរើសជាង១០ម៉ឺននាក់ និងមន្ត្រីយោធាបរទេសមកពី៩៧ប្រទេស៕ធ.ដ
-
ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ឆក់យកអាយុជីវិតមនុស្សប្រមាណ១២០នាក់ នៅភាគខាងកើតប្រទេសឥណ្ឌា

ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងដែលបង្កជាគ្រោះទឹកជំនន់ធ្ងន់នៅក្នុងរដ្ឋយូតតាប្រាដែស និងរដ្ឋប៊ីហា ភាគខាងកើតប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្សប្រមាណ១២០នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឥណ្ឌា។ ប្រភពដដែលបានឱ្យដឹងទៀត នៅក្នុងរដ្ឋយូតតាប្រាដែស មានមនុស្ស៩៣នាក់បានបាត់បង់ជីវិត និង នៅក្នុងរដ្ឋប៊ីហា ក៏មានមនុស្ស២៩នាក់ដែរបានស្លាប់ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍តសប្ដាហ៍មុន។ ចំណែកឯផ្លូវដែក ផ្លូវថ្នល់ សាលារៀន និងការផ្គត់ផ្គងអគ្គិសនីក៏កំពុងរងការរំខានផងដែរ ដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ។ មកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌានៅតែបន្តធ្វើការងារជួយសង្រ្គោះនៅឡើយ ស្របពេលដែលអាជ្ញាធរឥណ្ឌានៅក្នុងរដ្ឋទាំងពីរបានស្នើឱ្យសុំជំនួយឧទ្ធម្ភាចក្រពីកងទ័ពអាកាសឥណ្ឌា និង ម៉ាស៊ីនបូមទឹកជាដើម៕ធ.ដ
-
ថៃ កំពុងទទួលរងការគំរាមកំហែងពីផ្សែងអ័ព្ទដ៏អាក្រក់ ដែលគ្របដណ្ដប់ស្ទើរតែទូទាំង ទីក្រុងបាងកក

ថៃ៖ នៅក្នុងថ្ងៃចន្ទនេះ ទីក្រុងបាងកក ត្រូវបានផ្សែងអ័ព្ទយ៉ាងក្រាស់គ្របដណ្ដប់ស្ទើរតែទូទាំងក្រុង ដោយធ្វើឱ្យរាជធានីរបស់ប្រទេសអាស៊ានមួយនេះ ស្ថិតក្នុងចំណោមទីក្រុងដែលមានការបំពុលខ្យល់អាកាសខ្លាំងជាងគេ នៅលើពិភពលោក។ ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានផ្ដល់យោបល់ឱ្យប្រជាជនពាក់ម៉ាស់ការពារ នៅពេលចេញខាងក្រៅផ្ទះ ខណៈក្រុមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមក៏បានអំពាវនាវឱ្យរោងចក្រឧស្សាហកម្ម និងការដ្ឋានសំណង់ទាំងអស់ កាត់បន្ថយការបញ្ចេញផ្សែងទៅក្នុងបរិយាកាសផងដែរ។ គួរបញ្ជាក់ថា ការបំពុលខ្យល់អាកាសនៅប្រទេសថៃ ភាគច្រើនគឺបង្កឡើងដោយ ផ្សែងចេញពីរោងចក្រ ឬការដ្ឋានសំណង់ ការដុតព្រៃដាំដំណំា និងចំហេះឥន្ធនៈយានយន្ដជាដើម។ បើតាមទិន្នន័យពីគេហទំព័រ IQAir AirVisual នោះ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃចន្ទម្សិលមិញនេះ ការបំពុលខ្យល់អាកាសនៅក្នុងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក ខណៈតំបន់ចំនួន៣៣ ក្នុងក្រុងមួយនេះ មានកម្រិតភាគល្អិតនៅក្នុងខ្យល់ ឬ PM2,5 លើសពី៥០៕ធ.ដ