-
អាជ្ញាធរហុងកុងត្រៀមដាក់ឱ្យអនុវត្តច្បាប់គ្រាអាសន្នមួយ សំដៅលែងឲ្យក្រុមបាតុករពាក់ម៉ាស់ធ្វើបាតុកម្ម

ហុងកុង៖ រដ្ឋាភិបាលក្រុងហុងកុងអាចនឹងអនុវត្តច្បាប់គ្រាអាសន្នមួយ ដើម្បី ហាមឃាត់ក្រុមបាតុករពាក់ម៉ាស់បិទមុខកំឡុងធ្វើបាតុកម្ម ស្របពេលដែលប៉ូលិសកំពុងទប់ទល់នឹងបាតុកម្មតវ៉ា លាយឡំជាមួយអំពើហិង្សាអស់រយៈពេលជាង៤ខែមកនេះ ។ ការត្រៀមដាក់ឱ្យអនុវត្តច្បាប់ថ្មីនេះ បានកើតមានឡើងក្រោយក្រុមបាតុករជាច្រើនបានពាក់ម៉ាស់បិទមុខ ដើម្បីលាក់បាំងអត្តសញ្ញាណ និងការពារការបាញ់ ឧស្ម័នបង្ហូរទឹកភ្នែករបស់អាជ្ញាធរ ។ ហើយចំណាត់ការថ្មីនេះទៀតសោត បានធ្វើឡើងក្រុមបាតុករជាច្រើននាក់បានប៉ះទង្គិចគ្នាជាថ្មីជាមួយប៉ូលិសហុងកុង ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេ ទៅនឹងប៉ូលិសហុងកុង ដែលបានបាញ់បាតុករម្នាក់អាយុ១៨ឆ្នាំឱ្យរបួសធ្ងន់ចំដើមទ្រូង ខណៈបាតុករច្រើនជាង១៨០នាក់ត្រូវបានចាប់ខ្លួន ៕ធ.ដ
-
ក្រុមអ្នកតវ៉ាហុងកុង បន្តការធ្វើបាតុកម្មជាថ្មីទៀត ក្រោយប៉ូលិសទើបបាញ់គ្រាប់កំាភ្លើងពិត លើកដំបូងលើបាតុករ

ហុងកុង៖ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលហុងកុងជាថ្មីម្តងទៀត បានបន្តការប៉ះទង្គិចគ្នាជាមួយមន្រ្តីប៉ូលិសនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ដោយសារតែពួកគេមានការខឹងសម្បារជាខ្លាំង ក្រោយប៉ូលិសបាញ់គ្រាប់កំាភ្លើងពិតធ្វើឱ្យយុវជនម្នាក់រងរបួសនាដើមសប្តាហ៍នេះ។ ក្រុមសកម្មជន បានបន្តការប្រទូសរ៉ាយគ្នានៅតាមសង្កាត់ជាច្រើនទូទាំងក្រុង ដែលគ្រប់គ្រងដោយប្រទេសចិន ដោយពួកគេបានគប់គ្រាប់បែកសាំង ដុតរបស់របសផ្សេងៗ បិទផ្លូវចរាចរណ៍ បំផ្លិចបំផ្លាញហាង និងស្ថានីយ៍រថភ្លើងមួយចំនួន ខណៈក្រុមប៉ូលិសបានឆ្លើយតបវិញ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។ គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងមន្រ្តីប៉ូលិសខាងលើនេះ បានកើតមានឡើងក្រោយប៉ូលិសហុងកុង បានចេញមុខបកស្រាយនៅថ្ងៃពុធ នេះថា ការសម្រេចចិត្តបាញ់កាំភ្លើងគ្រាប់ពិតជាលើកដំបូង លើបាតុករម្នាក់ចំដើមទ្រូង គឺធ្វើឡើងដោយសារព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដោយឡែកយុវជនដែលរងរបួសនោះ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយមកទល់ពេលនេះ រូបគេបានធូរស្រាលហើយ៕ធ.ដ
-
អ្នកជំនាញអន្តរជាតិនិយាយថា ចិនអាចនឹងក្លាយជាមហាអំណាចអវកាសលេខ១ នារយៈពេល២៦ឆ្នាំទៀត

បរទេស៖ អ្នកជំនាញអន្តរជាតិម្នាក់ឈ្មោះ ណាមរ៉ាតា ហ្គោសវ៉ាមី បានលើកឡើងថា ប្រទេសចិនមានមហិច្ឆតាចង់អភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយទៅជាមហាអំណាចអវកាសលេខ១ ដើម្បីឈរពីលើរុស្ស៊ី និងសហរដ្ឋអាម៉េរិក ក្នុងរយៈពេលយ៉ាងហោចណាស់នៅឆ្នាំ២០៤៥ខាងមុខ។ អ្នកជំនាញដដែលរូបនេះ បាននិយាយថា គម្រោងរបស់ចិន រួមមានដូចជាការបង្កើតមូលដ្ឋានរុករកធនធានរ៉ែនៅលើផ្ទៃព្រះចន្ទ និងភពអង្គារ ហើយប្រែក្លាយដែនដីទាំងនោះ ទៅជាទីតាំងឧស្សាហកម្មដ៏សកម្មរបស់ខ្លួន។ ក្រៅពីនេះ ចិនក៏មានគោលដៅទាញយកផលប្រយោជន៍ពីបណ្តាអាចម៍ផ្កាយក្នុងទីអវកាស ដែលមានផ្ទុកធនធានរ៉ែមានតម្លៃដ៏ច្រើនសម្បើមថែមទៀតផង។ ជាមួយគ្នានេះ អ្នកជំនាញខាងលើ បានទទូចឲ្យសហរដ្ឋអាម៉េរិក កុំមើលស្រាលគោលដៅរបស់ចិននៅក្នុងវិស័យអវកាស ខណៈចិនដែលទើបតែរីកចម្រើនខាងផ្នែកអវកាសកាលពីដើមឆ្នាំ២០១៩នេះ បានបញ្ជូនយានអវកាសឲ្យចុះចតនៅលើតំបន់ ដាក សាយ ឬ ហ្វា សាយ (ចំហៀងដែលមិនបែរមករកផែនដី) របស់ព្រះចន្ទដោយជោគជ័យ ហើយកំពុងមានគម្រោងបញ្ជូនយានទៅកាន់ភពអង្គារនៅឆ្នាំ២០២០ថែមទៀត៕ធ.ដ
-
រដ្ឋាភិបាលឥណ្ឌា សម្រេចផ្អាកការអនុវត្តបម្រាមលើការប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តង

ឥណ្ឌា៖ ឥណ្ឌានឹងផ្អាកការអនុវត្តបម្រាមលើការប្រើប្រាស់បាស្ទិកដែលប្រើតែម្ដងវិញ បើទោះបីជាវិធានការថ្មីនេះ ប្រុងនឹងអនុវត្តន៍ទៅហើយនោះ។ ការផ្អាកអនុវត្តន៍នេះ ធ្វើឡើងក្រោយមានការមិនពេញចិត្តពីសំណាក់ឧស្សាហកម្មប្លាស្ទិក និងការបារម្ភពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ក៏ដូចជាការបាត់បង់ការងារ។ បើតាមការគ្រោងទុកនោះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នឹងប្រកាសពីបម្រាមនៃការប្រើប្រាស់ប្លាស្ទិក៦មុខ នៅថ្ងៃទី០២ ខែតុលានេះ ដោយវិធានការថ្មីនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងទាំងស្រុងនៅឆ្នាំ២០២២ខាងមុខ។ យ៉ាងណាមិញ ក្ដីបារម្ភពីផលប៉ះពាល់លើឧស្សាហកម្មប្លាស្ទិក បានបង្ខំឲ្យរដ្ឋាភិបាលក្រុងញូដេលី សម្រេចចិត្តផ្អាកគម្រោងខាងលើសិន។ ទន្ទឹមគ្នានេះ មន្ត្រីរដ្ឋាភិបាលឥណ្ឌាពីររូបបាននិយាយថា វិធានការថ្មីដែលគ្រោងអនុវត្តន៍នោះ រាប់បញ្ចូលទំាងថង់ កែវ ចាន ដបទឹក និងបំពង់បឺតបា្លស្ទិក ហើយថា ជំនួសឲ្យការផ្អាកបម្រាមប្រើប្រាស់ រដ្ឋាភិបាលឥណ្ឌានឹងព្យាយាមពន្យល់ប្រជាជនពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ដើម្បីឲ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ខ្លួនឯង។ បើតាមការប៉ាន់ស្មាន់របស់អង្គការសហប្រជាជាតិ កាកសំណល់ប្លាស្ទិកត្រូវបានយកទៅចាក់ចោលក្នុងសមុទ្រអន្តរជាតិ ប្រមាណ១០០លានតោន។ ឥណ្ឌា ដែលជាប្រទេសដែលមានប្រជាជនច្រើននេះ បានបញ្ចេញកាកសំណល់ប្លាស្ទិកប្រមាណ១៤លានតោនក្នុងមួយឆ្នាំ៕ធ.ដ
-
លោក ចូ បៃដិន សន្យាដោះស្រាយបញ្ហាកាំភ្លើងជាថ្មី បើខ្លួនជាប់ឆ្នោតជាប្រធានាធិបតី អាម៉េរិកនៅឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ សូមរំលឹកថា កាលពីឆ្នាំ១៩៩៤ ច្បាប់ហាមឃាត់ប្រើប្រាស់កាំភ្លើងយោធាមានរយៈកាល១០ឆ្នាំ ត្រូវបានអនុម័តឡើងដោយអតីតប្រធានាធិបតីអាម៉េរិក លោក បៀល គ្លីនតុន ហើយច្បាប់នេះ បានអស់សុពលភាពកាលពីឆ្នាំ២០១៤ ប៉ុន្តែវាមិនត្រូវបានគេដាក់ឱ្យអនុវត្តន៍ជាថ្មីនោះទេ។ ពាក់ព័ន្ធនឹងច្បាប់ខាងលើ លោក ចូ បៃដិន បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសន្យាថា នឹងហាមឃាត់ការប្រើប្រាស់កំាភ្លើងយោធានេះជាថ្មីម្ដងទៀត បើសិនជារូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២០ខាងមុខ។ តាមរយៈបណ្តាញសង្គមធ្វីតធើ បេក្ខជនប្រធានាធិបតីអាម៉េរិកនៃគណបក្សប្រជាធិបតេយ្យរូបនេះ បាននិយាយនៅថ្ងៃពុធនេះថា ក្នុងឆ្នាំ១៩៩៤ ព្រឹទ្ធសមាជិកសភា ឌីយ៉ាន ហ្វេនស្ទេន និងរូបលោក បានដឹកនាំការតស៊ូ ក្នុងការហាមឃាត់ការប្រើប្រាស់កាំភ្លើងយោធា យើងបានទទួលជ័យជម្នះលើសមាគមកាំភ្លើងជាតិ NRA ហើយសម្រេចកិច្ចការនេះ ដោយជោគជ័យនៅពេលនោះដូច្នេះបើជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងហាមឃាត់កាំភ្លើងប្រភេទនេះជាថ្មីម្ដងទៀត៕ធ.ដ
-
សហរដ្ឋអាម៉េរិក ប្រកាសទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលិស្ទីកអន្តរទ្វីប

សហរដ្ឋអាម៉េរិក៖ នៅថ្ងៃពុធនេះ យោធាអាម៉េរិក ប្រកាសទទួលជោគជ័យក្នុងការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីកអន្តរទ្វីប មីនុតមែន ស្រ៊ី (Minuteman III) ហើយការបាញ់សាកល្បងនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលចូលសមុទ្រជប៉ុន។ ស្របពេលជាមួយគ្នានេះដែរ យោធាអាម៉េរិកបានបញ្ជាក់ថា មីស៊ីលបាលិស្ទីកអន្តរទ្វីប មីនុតមែន ស្រ៊ី ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអាកាស វ៉ាន់ឌេនប៊ឺគ(Vandenberg) នៅម៉ោង១និង១៣នាទីយប់ ឈានចូលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ប្រភពដដែលបានឱ្យដឹងថា មីស៊ីលបាលិស្ទីកអន្តរទ្វីប មីនុតមែន ស្រ៊ី នេះដែរ មានសមត្ថភាពហោះបានចំងាយ៦,៧៥០គីឡូម៉ែត្រ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់តំបន់ ក្វាចាលែន អាថូល (Kwajalein Atoll) នៃកោះ ម៉ាហ្ស៊ល(Marshall)៕ម.ន
-
កូរ៉េខាងជើង អះអាងទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹក

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចេញមុខអះអាងប្រកាសទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មី ដែលបាញ់ចេញពីនាវាមុជទឹកនៅព្រឹកថ្ងៃពុធម្សិលមិញ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េនៅថ្ងៃព្រហស្បត្តិ៍នេះ។បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មី ដែលគេស្គាល់ឈ្មោះថា ផុកហ្គុកសុង-៣ ដោយវាហោះបានចម្ងាយ៤៥០គីឡូម៉ែត្រ និងរយៈកម្ពស់៩១០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន ឬតំបន់ឆេ្នរ វ៉ុនសាន ភាគខាងកើតប្រទេសកូរ៉េខាងជើង។ នេះបើតាមប្រភពខាងលើ។អ្វីដែលគួរឱ្យកត់សម្គាល់នោះ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ចំពោះការធ្វើតេស្តបាញ់មីស៊ីលផ្លោងនេះនោះទេ ដោយលោក គីម គ្រាន់តែផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ កំពុងកាន់អំណាចនៃប្រទេសកូរ៉េ ទៅកាន់អង្គភាពស្រាវជ្រាវដែលពាក់ព័ន្ធនឹងការបាញ់សាកល្បងនេះ៕ម.ន
-
លោក វ៉្លាឌីមៀ ពូទីន៖ គ្មានឡើយភ័ស្ដុតាងបង្ហាញថា អ៊ីរ៉ង់ជាអ្នកវាយប្រហារលើរោងចក្រ ប្រេងអារ៉ាប៊ីសាអូឌីត ដូចការចោទប្រកាន់ឡើយ

រុស្ស៊ី៖ ពុំមានភ័ស្ដុងតាងណាមួយអាចបង្ហាញថា អ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារលើរោងចក្រប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយក្រោយជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់លោក ហាស្សាន់ រូហានី ថា យើងពិតជាថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ប៉ុន្តែយើងជំទាស់ទៅនឹងការទម្លាក់ការទទួលខុសត្រូវលើអ៊ីរ៉ង់ ពីព្រោះវាគ្មានភ័ស្ដុតាងជាក់លាក់នោះទេ។សូមរំលឹកឡើងវិញថា រោងចក្រប្រេងចំនួន២កន្លែងរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ បានរងការខូចខាតយ៉ាងដំណំ ក្រោយមានការវាយប្រហារដោយយន្ដហោះដ្រូន និងគ្រាប់មីស៊ីលជាច្រើន។ ចំណែកឯអារ៉ាប៊ីសាអូឌីត បារាំង សហរដ្ឋអាម៉េរិក អង់គ្លេស និងអាល្លឺម៉ង់ សុទ្ធតែចោទថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយរឿងនេះ ប៉ុន្តែ អ៊ីរ៉ង់ បានបដិសេធ៕ម.ន
-
ប៉ូលិសហុងកុង ចេញមុខបកស្រាយថា ការសម្រេចចិត្តបាញ់បាតុករចំដើមទ្រូង គឺដើម្បីការពារខ្លួនឯងប៉ុណ្ណោះ

ហុងកុង៖ ប៉ូលិសហុងកុង បានចេញមុខបកស្រាយនៅថ្ងៃពុធនេះថា ការសម្រេចចិត្តបាញ់កាំភ្លើងគ្រាប់ពិតលើបាតុករម្នាក់ចំដើមទ្រូង គឺធ្វើឡើងដោយសារព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងក្រោយមានការប្រឈមមុខដាក់គ្នាយ៉ាងហិង្សាកាលពីថ្ងៃទី០១ ខែតុលា ក្នុងសង្កាត់ ស៊ូអេន វ៉ាន់ ចំថ្ងៃខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខណៈក្រុមបាតុករបានថ្កោលទោសកំណើនការប្រើកាំភ្លើងគ្រាប់ពិតរបស់មន្ត្រីប៉ូលិស។ នេះជាលើកដំបូងហើយ ដែលក្រុមអ្នកតវ៉ាហុងកុងរងការបង្ក្រាបពីសំណាក់សមត្ថកិច្ចដោយប្រើប្រាស់គ្រាប់កាំភ្លើងពិតបែបនេះ ក្នុងរយៈពេលជិត៤ខែចុងក្រោយនៃការធ្វើបាតុករទាំងហិង្សា និងអហិង្សាក្នុងទីក្រុងហុងកុង។គួរបញ្ជាក់ថា ការប៉ះទង្គិចនាថ្ងៃបុណ្យជាតិចិន កាលពីថ្ងៃ០១ ខែតុលានេះ ប៉ូលិសហុងកុង ក៏បានអះអាងដែរថា មន្ត្រីខ្លួនចំនួន២៥នាក់រងរបួស ហើយក្នុងនោះមានខ្លះឆេះខ្លោច ដោយសារសាំងដែលក្រុមបាតុករគាប់មកលើពួកគេ។ សាំងនេះ ក៏ធ្វើឲ្យអ្នកកាសែតមួយចំនួនរបួសផងដែរ។ របាយការណ៍របស់មន្ទីរពេទ្យបង្ហាញថា មនុស្សច្រើនជាង៧០នាក់ត្រូវបានគេបញ្ជូនមកព្យាបាល ហើយមនុស្ស១៦០នាក់ត្រូវបានចាប់ខ្លួន៕ម.ន
-
មន្ទីរពិសោធន៍អវកាសចិនឈ្មោះថា Tiangong-2 ឬ វិមានឋានសួគ៌ទី២ ត្រូវបានកម្ទេចចោលដោយសុវត្ថិភាព

ចិន៖ មន្ទីរពិសោធន៍អវកាសចិន ធានហ្គុង-២ ឬ វិមានឋានសួគ៌ទី២ ត្រូវបានបញ្ជាឲ្យបន្ទាបខ្លួនចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ ហើយកម្ទេចចោលដោយសុវត្ថិភាពតាមការគ្រោងទុក។ មន្ទីរពិសោធន៍អវកាស ធានហ្គុង-២ នេះ ត្រូវបានបញ្ជូនទៅកាន់គន្លងទីអវកាសកាលពីឆ្នាំ២០១៦ ហើយកាលពីពេលកន្លងទៅនេះ វាត្រូវបានអ្នកវិទ្យាសាស្រ្តចិនបញ្ជាគ្រប់គ្រងឲ្យចុះមកក្នុងបរិយាកាសផែនដីវិញ ដើម្បីកម្ទេចចោល ដោយមន្ទីរពិសោធន៍អវកាសនេះ ស្ទើរតែត្រូវបានឆេះខ្ទេចទាំងស្រុងក្នុងផ្ទៃអាកាស ហើយកម្ទេចកម្ទីមួយចំនួនតូចរបស់វាបានធ្លាក់ទៅក្នុងតំបន់សុវត្ថិភាព ដែលកំណត់ទុកជាមុន នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។ សូមបញ្ជាក់ថា មន្ទីរពិសោធន៍អវកាស ធានហ្គុង-១ និង ធានហ្គុង-២ គឺជាកិច្ចប្រឹងប្រែងសាកល្បងរបស់ប្រទេសចិន ក្នុងការបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួនមួយឲ្យបាននៅឆ្នាំ២០២២។ បច្ចុប្បន្ននៅក្នុងទីអវកាស មានស្ថានីយអវកាសតែមួយគត់ គឺស្ថានីយអវកាសអន្តរជាតិ ISS ដែលជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងសហរដ្ឋអាម៉េរិក រុស្ស៊ី កាណាដា អឺរ៉ុប និងជប៉ុន និងបានធ្វើប្រតិបត្តិការតាំង ពីឆ្នាំ១៩៩៨មក ហើយត្រូវចូលនិវត្តន៍នៅឆ្នាំ២០២៤ខាងមុខ៕ធ.ដ