Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខការពារជាតិបារាំងព្រមានថា ហានិភ័យនៃភេរវកម្មក្នុងប្រទេសនៅតែបន្តមាន កម្រិតខ្ពស់នៅឡើយ

    ប្រមុខការពារជាតិបារាំងព្រមានថា ហានិភ័យនៃភេរវកម្មក្នុងប្រទេសនៅតែបន្តមាន កម្រិតខ្ពស់នៅឡើយ

    បារាំង៖ រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក Christophe Castaner បានបញ្ជាក់ថា ហានិភ័យនៃសកម្មភាពភេរវកម្មនៅក្នុងប្រទេស នៅតែបន្តមានកម្រិតខ្ពស់នៅឡើយ។ ការអះអាងនេះ ធ្វើឡើងក្រោយកើតមានករណីចាក់សម្លាប់ប៉ូលិសចំនួន០៤នាក់ និង៥នាក់ទៀតរងរបួសនៅឯទីក្រុងប៉ារីស កាលពីសប្តាហ៍មុន។ ប្រមុខការពារជាតិបារាំងរូបនេះបានបន្ថែមថា ប៉ូលិសបារាំង បានរារាំងគម្រោងវាយប្រហារភេរវកម្មសរុប៥៩ ដោយរួមទាំងការប៉ុនប៉ងវាយប្រហារចំនួន០៣លើកគិតចាប់ពីដើមឆ្នាំ២០១៩នេះ។ ឆ្លើយតបនឹងក្រុមប្រឆាំងដែលស្នើឲ្យលោក ចុះចេញពីតំណែង លោក Christophe Castaner បានបញ្ជាក់ថា លោកនឹងមិនធ្វើតាមការទាមទារនេះឡើយ។ សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍មុន បុគ្គលិកជំនាញផ្នែកប្រព័ន្ធកុំព្យូទ័រម្នាក់ នៃទីស្នាក់ការកណ្តាលរបស់ប៉ូលិសបារាំង ដែលស្ថិតនៅកណ្តាលទីក្រុងប៉ារីស បានធ្វើសកម្មភាពចាក់មន្រ្តីប៉ូលិសបារាំងដល់ស្លាប់ចំនួន៤នាក់ និងឲ្យរបួសម្នាក់ មុនពេលជនរូបនេះត្រូវបានអាជ្ញាធរបារាំងបាញ់សម្លាប់៕ធ.ដ

  • អាជ្ញាធរជប៉ុនជួយសង្គ្រោះអ្នកនេសាទកូរ៉េខាងជើងបានទាំងអស់ ក្រោយហេតុការណ៍ទូក កូរ៉េខាងជើង និងនាវាល្បាតជប៉ុនបុកគ្នា

    អាជ្ញាធរជប៉ុនជួយសង្គ្រោះអ្នកនេសាទកូរ៉េខាងជើងបានទាំងអស់ ក្រោយហេតុការណ៍ទូក កូរ៉េខាងជើង និងនាវាល្បាតជប៉ុនបុកគ្នា

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានជួយសង្គ្រោះអ្នកនេសាទកូរ៉េខាងជើងប្រមាណ៦០នាក់ ក្រោយទូករបស់ពួកគេបានបុកជាមួយនាវាល្បាតរបស់ជប៉ុន ហើយបានលិចកាលពីថ្ងៃចន្ទម្សិលមិញនេះ នៅតំបន់មួយដែលមានអ្នកនេសាទច្រើន។ មានតែអ្នកនេសាទកូរ៉េខាងជើងប្រហែល២០នាក់ប៉ុណ្ណោះ ដែលធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីទូកដែករបស់ពួកគេបានបុកជាមួយនាវាអធិការកិច្ចរបស់ភ្នាក់ងារជលផលជប៉ុន នៅក្នុងតំបន់សេដ្ឋកិច្ចរបស់ជប៉ុន នាឆ្នេរសមុទ្រភាគខាងជើងប្រទេស។ ក្រោយមក ក្រុមមន្ត្រីជប៉ុនបាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្សច្រើនជាងការគិតពីដំបូង ហើយគ្មាននរណាម្នាក់បានបាត់ខ្លួនទេ។ ទូកកូរ៉េខាងជើងនេះ បានលិចប្រហែលកន្លះម៉ោងបន្ទាប់ពីការបុកគ្នា។ ទន្ទឹមគ្នានេះ មន្ត្រីភ្នាក់ងារជលផលជប៉ុន លោក សាតូស៊ី កូវ៉ាហារ៉ា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទូកកូរ៉េខាងជើងនេះ បានចូលដោយមិនមានការអនុញ្ញាតក្នុងតំបន់សេដ្ឋកិច្ចរបស់ជប៉ុន ហើយការបុកនេះ បានកើតឡើងនៅពេលដែលនាវាល្បាតជប៉ុននេះ កំពុងព្រមានទូកកូរ៉េខាងជើងឱ្យចាកចេញ។ លោកបន្ថែមថា ក្រុមមន្ត្រីជប៉ុនកំពុងស៊ើបអង្កេត ថាតើទូកកូរ៉េខាងជើងនេះ ពិតជាបានធ្វើការនេសាទខុសច្បាប់ ហើយតើការបុកគ្នានេះបានកើតឡើងយ៉ាងដូចម្តេច៕ធ.ដ

  • អ្នកបញ្ចេញព័ត៌មានសម្ងាត់ទី២ស្ម័គ្រចិត្តផ្តល់ភ័ស្តុតាងពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរសព្ទ រវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន

    អ្នកបញ្ចេញព័ត៌មានសម្ងាត់ទី២ស្ម័គ្រចិត្តផ្តល់ភ័ស្តុតាងពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរសព្ទ រវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន

    សហរដ្ឋអាម៉េរិក៖ មេធាវី ដែលតំណាងឲ្យអ្នកបញ្ចេញព័ត៌មានសម្ងាត់ទាំង២ លោក Mark Zaid នៅថ្ងៃអាទិត្យសប្តាហ៍មុននេះបាននិយាយថា មន្រ្តីស៊ើបការណ៍សម្ងាត់ទី២ បានទាក់ទងអង្គការឃ្លាំមើលរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ ដោយមានព័ត៌មានប្រភពដំបូង ដែលគាំទ្រពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានដំបូង ប្រឆាំងនឹងការជាប់ទាក់ទិនរបស់លោក ដូណាល់ ត្រាំ ជាមួយនឹងអ៊ុយក្រែន។លោក Mark Zaid បានបញ្ជាក់ថា អ្នកបញ្ចេញព័ត៌មានសម្ងាត់ទី២ បានស្ម័គ្រចិត្តផ្តល់ភ័ស្តុតាង បន្ទាប់ពីអគ្គអធិការកិច្ចរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ បានចាប់ផ្តើមស៊ើបអង្កេតកាលពីខែសីហា ថាតើពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់នោះ ជាការគួរឲ្យទុកចិត្តបាន ហើយនឹងជាការព្រួយបារម្ភបន្ទាន់ដែរឬទេ។ ពាក្យបណ្តឹងនោះ បានបណ្តាលឲ្យមានស៊ើបអង្កេតប្តឹងប្រធានាធិបតី ត្រាំ ទម្លាក់ចេញពីតំណែង។សូមរំលឹកថា អ្នកបញ្ចេញព័ត៌មានសម្ងាត់ទី១ បានដាក់ពាក្យបណ្តឹងចំពោះការនិយាយទូរសព្ទនៅថ្ងៃទី២៥ ខែកក្កដា រវាងលោកប្រធានាធិបតី ត្រាំ និងលោក Volodymyr Zelenskyi ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ដែលក្នុងនោះប្រធានាធិបតី ត្រាំ បានសុំឲ្យជួយស៊ើបអង្កេតគូប្រជែងខាងគណបក្សប្រជាធិបតេយ្យគឺ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីរួមជាមួយលោក Hunter ដែលជាកូនប្រុសរបស់លោក Biden៕ម.ន

  • លោក ស៊ី និងលោក គីម ផ្លាស់ប្តូរសារអបអរសាទរខួប៧០ឆ្នាំនៃចំណងមិត្តភាពជាអមតៈ រវាងចិន និងកូរ៉េខាងជើង

    លោក ស៊ី និងលោក គីម ផ្លាស់ប្តូរសារអបអរសាទរខួប៧០ឆ្នាំនៃចំណងមិត្តភាពជាអមតៈ រវាងចិន និងកូរ៉េខាងជើង

    ចិន៖ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមក ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតចំណងមិត្តភាព ក៏ដូចជាការទូតរវាងប្រទេសទាំងពីរ។ នៅក្នុងសារអបអរសាទររបស់ខ្លួន លោក គីម ជុងអ៊ុន បាននិយាយថាទំនាក់ទំនងកូរ៉េខាងជើង និងចិនបានឈានដល់ដំណាក់កាលពីដ៏សំខាន់បំផុត ហើយថា វាគឺជាគោលនយោបាយចម្បងឥតងាករេរបស់គណបក្ស ក៏ដូចជារដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការនាំយកចំណងមិត្តភាពកូរ៉េខាងជើង-ចិន ឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ ហើយសម្រេចឲ្យបាននូវការធ្វើឲ្យប្រសើរឡើងកាន់តែខ្លាំងនៃចំណងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ។ដោយឡែកសម្រាប់សាររបស់លោក ស៊ី ជិនពីង បានបញ្ជាក់ថា ចំណងមិត្តភាពចិន-កូរ៉េខាងជើង បានពុះពារឆ្លងឧបសគ្គ និងស្ថានការណ៍អន្តរជាតិរាប់មិនអស់ ក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ ហើយនៅតែមានភាពរឹងមាំដដែល។ លោក ស៊ី បានសង្កត់ធ្ងន់ទៀតថា ការដោះដូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យរវាងចិន និងកូរ៉េខាងជើង បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពវិជ្ជមាន ក្នុងការរក្សាសុខសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់៕ម.ន

  • ប្រធានក្រុមចរចាកូរ៉េខាងជើងបញ្ជាក់ថា កិច្ចពិភាក្សានុយក្លេអ៊ែរបរាជ័យ ដោយសារ សហរដ្ឋអាម៉េរិកនៅតែរក្សាជំហរចាស់

    ប្រធានក្រុមចរចាកូរ៉េខាងជើងបញ្ជាក់ថា កិច្ចពិភាក្សានុយក្លេអ៊ែរបរាជ័យ ដោយសារ សហរដ្ឋអាម៉េរិកនៅតែរក្សាជំហរចាស់

    ស៊ុយអែត៖ ការចរចាប្រហែលជានឹងមិនត្រូវធ្វើឡើងជាថ្មីម្តងទៀតឡើយ គឺយ៉ាងហោចណាស់ក៏ដល់ចុងឆ្នាំនេះដែរ ហើយកូរ៉េខាងជើងអំពាវនាវឲ្យសហរដ្ឋអាម៉េរិកពិចារណាឡើងវិញ ពីគោលជំហររបស់ខ្លួននៅក្នុងកិច្ចចរចា។ លោក Kim Myong-gil ដែលជាមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងជើង មានវត្តមានក្នុងកិច្ចពិភាក្សានេះបានអះអាងយ៉ាងដូច្នេះ ក្រោយកូរ៉េខាងជើងបានសម្រេចមិនបន្តកិច្ចពិភាក្សាជុំវិញបញ្ហានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកឡើយ បន្ទាប់ពីភាគីបានចាប់ផ្តើមកិច្ចចរចានៅឯទីក្រុងស្តុកហូម ប្រទេសស៊ុយអែត ដោយសារតែមិនមានភាពវិជ្ជមាន។ ដោយឡែកក្រសួងការបរទេសអាម៉េរិក បានលើកឡើងថា សម្តីរបស់ភាគីកូរ៉េខាងជើងមិនបានឆ្លុះបញ្ចាំងឲ្យឃើញពីខ្លឹមសារ ឬ មួយក៏ស្មារតីនៃកិច្ចចរចានោះទេ។ គួរបញ្ជាក់ថា កិច្ចចរចានាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាការជួបគ្នាឡើងវិញជាលើកដំបូងរវាងក្រុមមន្រ្តីប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមបន្តកិច្ចចរចាជាថ្មី អំឡុងការជួបមុខគ្នាក្រៅផ្លូវការនៅព្រំដែនអន្តរកូរ៉េកាលពីខែមិថុនាកន្លងទៅ៕ម.ន

  • ក្រុមសកម្មជនក្រុងហុងកុង នៅតែបន្តការពាក់ម៉ាសបិទមុខអំឡុងធ្វើបាតុកម្មតវ៉ា បើទោះជារដ្ឋាភិបាលដាក់ចេញបម្រាមហាមឃាត់

    ក្រុមសកម្មជនក្រុងហុងកុង នៅតែបន្តការពាក់ម៉ាសបិទមុខអំឡុងធ្វើបាតុកម្មតវ៉ា បើទោះជារដ្ឋាភិបាលដាក់ចេញបម្រាមហាមឃាត់

    ហុងកុង៖ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ប៉ូលិសក្រុងហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីកន្លែងជាច្រើន នៅពេលដែលក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់ បានចេញមកតាមផ្លូវនានា ដោយបានបំពានការហាមឃាត់ការពាក់ម៉ាសបិទមុខ។ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា បាននិយាយថា បទបញ្ញត្តិថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃសប្តាហ៍មុននេះ បានហាមឃាត់ការគ្របមុខ ហើយមានគោលបំណងដើម្បីដៅលើពួកកុបករ ឬអ្នកដែលប្រើអំពើហិង្សា។ ច្បាប់ថ្មីនោះ គំរាមជនណាដែលពាក់ម៉ាសបិទមុខ នៅពេលធ្វើការតវ៉ាប្រឆាំងដោយមានការជាប់គុករហូតដល់មួយឆ្នាំ។ ប្រជាជនក្រុងហុងកុងអាចនៅពាក់ម៉ាសនៅតាមផ្លូវ ក៏ប៉ុន្តែនៅក្រោមច្បាប់ថ្មីនេះ ពួកគេត្រូវតែដោះម៉ាសបិទមុខនោះចេញ ប្រសិនបើត្រូវបានស្នើសុំដោយប៉ូលិស។ ការហាមឃាត់ការពាក់ម៉ាសបិទ មុខក៏ត្រូវបានលើកលែង សម្រាប់អ្នកដែលមានតម្រូវការតាមផ្លូវច្បាប់ឲ្យពាក់ម៉ាសបិទមុខនោះដែរ៕ម.ន

  • អ៊ុយក្រែន បញ្ជាក់ថា កូនប្រុសរបស់អតីតអនុប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ទំនងជាមានជាប់ពាក់ព័ន្ធនឹងបទល្មើស១៥ករណី

    អ៊ុយក្រែន បញ្ជាក់ថា កូនប្រុសរបស់អតីតអនុប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ទំនងជាមានជាប់ពាក់ព័ន្ធនឹងបទល្មើស១៥ករណី

    អ៊ុយក្រែន៖ កូនប្រុសរបស់អតីតអនុប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន និងក្រុមហ៊ុនថាមពលអ៊ុយក្រែន Burisma អាចនឹងមានជាប់ពាក់ព័ន្ធក្នុងបទល្មើសចំនួន១៥ករណី។ នេះបើតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនលោក រ៊ូស្លែន រីយ៉ាបូសាផ្កា។ សូមរំលឹកថា លោក ចូ បៃដិន កាលពីឆ្នាំ២០១៦ ធ្លាប់បានទទួលស្គាល់ថា លោកបានគំរាមលុបចោលជំនួយកម្ចីជាង១ពាន់លានដុល្លារឱ្យអាជ្ញាធរអ៊ុយក្រែន បើសិនជាអ៊ុយក្រែនមិនព្រមបណ្ដេញរដ្ឋអាជ្ញាអ៊ុយក្រែនម្នាក់ ដែលកាន់កាប់សំណុំរឿងប្រឆាំងនឹងកូនប្រុសរបស់លោកចេញពីតំណែងទេនោះ។ ដោយឡែក លោក ដូណាល់ ត្រាំ ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ពីសំណាក់គណបក្សប្រជាធិបតេយ្យផងដែរ ដោយត្រូវបានគេចោទថា បានគំរាមប្រធានាធិបតីអ៊ុយក្រែន លោក វូលូឌីមៀ ហ្សេលែនស្កាយ ឱ្យបើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន៕ធ.ដ

  • បាតុកម្មតវ៉ាដ៏ហិង្សានៅតែបន្តក្នុងប្រទេសអ៊ីរ៉ាក់ ស្របពេលចំនួនអ្នកស្លាប់កើនឡើង ដល់៦០នាក់ និងជាង១ពាន់នាក់របួស

    បាតុកម្មតវ៉ាដ៏ហិង្សានៅតែបន្តក្នុងប្រទេសអ៊ីរ៉ាក់ ស្របពេលចំនួនអ្នកស្លាប់កើនឡើង ដល់៦០នាក់ និងជាង១ពាន់នាក់របួស

    អ៊ីរ៉ាក់៖ បាតុកម្មតវ៉ាដ៏ហិង្សាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ាក់ នៅតែបន្តផ្ទុះឡើងយ៉ាងកក្រើកដដែលនៅថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលតួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារបាតុកម្មដ៏ក្តៅគគុក អស់រយៈពេល៤ថ្ងៃមកនេះ បានកើនឡើងដល់៦០នាក់ និងមនុស្ស១,១៨៨នាក់ទៀតរងរបួស រីឯមនុស្សរាប់សិបនាក់ទៀតត្រូវចាប់ខ្លួន។ ឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅអ៊ីរ៉ាក់ នាថ្ងៃព្រហស្បតិ៍តនេះបានបញ្ជាក់ថា បាតុកម្មដែលបានចាប់ផ្តើមផ្ទុះឡើងចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ ក៏បានធ្វើឱ្យមនុស្សរងរបួសកើនដល់១,១៨៨នាក់ផងដែរ ហើយវាកំពុងបន្តរីករាលដាលកាន់ខ្លាំងនៅក្នុងរដ្ឋធានីបាកដាដ ដើម្បីប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់។ ក្រុមបាតុករទាំងនេះ នាំគ្នាធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារចំពោះអំពើពុករលួយ វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ។ ឆ្លើយតបនឹងបញ្ហាខាងលើ អាជ្ញាធរអ៊ីរ៉ាក់បានដាក់ចេញបម្រាមគោចរនៅទីក្រុងបាកដាដ និងតំបន់មួយចំនួនទៀត ហើយថែមទំាងបានបិទបណ្តាញអ៊ីនធើណិតនៅទូទាំងរដ្ឋធានីនេះ រួមជាមួយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេស ចំណែកការឆ្លងព្រំដែនជាប់ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានផ្អាកផងដែរ៕ធ.ដ

  • ចិន បង្ហាញការគាំទ្រពេញទំហឹងចំពោះច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ អំឡុងធ្វើបាតុកម្មតវ៉ានៅហុងកុង

    ចិន បង្ហាញការគាំទ្រពេញទំហឹងចំពោះច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ អំឡុងធ្វើបាតុកម្មតវ៉ានៅហុងកុង

    ហុងកុង៖ ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្តែងការគាំទ្ររបស់ខ្លួនយ៉ាងពេញទំហឹង ចំពោះការអនុម័តច្បាប់ថ្មីរបស់រដ្ឋាភិបាលក្រុងហុងកុង ដែលមានគោលដៅហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ នៅឯកន្លែងប្រមូលផ្ដុំសាធារណៈ ជាពិសេសអំឡុងធ្វើបាតុកម្មតវ៉ា។ ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យការិយាល័យក្រុងហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋលោក យ៉ាង កាង ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងក្រោយនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡំា បានប្រកាសដាក់ឱ្យអនុវត្តន៍នូវច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខនៅឯកន្លែងប្រមូលផ្ដុំសាធារណៈ ជាពិសេសអំឡុងធ្វើបាតុកម្មតវ៉ា។ សូមបញ្ជាក់ថា ច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខខាងលើ នឹងត្រូវចូលជាធរមាននៅយប់ឈានចូលថ្ងៃសៅរ៍នេះ ហើយច្បាប់នេះដែរ នឹងអនុញ្ញាតឱ្យអាជ្ញាធរហុងកុងចេញបញ្ញត្តិនានា ដើម្បីផលប្រយោជន៍សាធារណៈ។ ដោយឡែកចំពោះអ្នកដែលល្មើសនឹងច្បាប់នេះ អាចនឹងត្រូវជាប់ពន្ធនាគារមួយឆ្នាំ ឬពិន័យជាប្រាក់២៥,០០០ដុល្លារហុងកុង៕ធ.ដ

  • នាយករដ្ឋមន្រ្តីថៃ ព្រមានចាប់ខ្លួនអ្នកបើកបរយានយន្តបញ្ចេញផ្សែងបំពុល ដែលបង្កឲ្យ ប៉ះពាល់ដល់បរិយាកាស

    នាយករដ្ឋមន្រ្តីថៃ ព្រមានចាប់ខ្លួនអ្នកបើកបរយានយន្តបញ្ចេញផ្សែងបំពុល ដែលបង្កឲ្យ ប៉ះពាល់ដល់បរិយាកាស

    ថៃ៖ នាឱកាសចូលរួមពិធីបង្ហាញគោលនយោបាយរដ្ឋភិបាលទៅកាន់ក្រុមកសិករនៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា បានព្រមានចាប់ខ្លួនអ្នកបើកបរយានយន្តចាស់ ដែលមានផ្សែងហុយទៅបំពុលបរិយាកាស ហើយថា ម្ចាស់អាជីវកម្មដឹកជញ្ជូនក៏ត្រូវទទួលខុសត្រូវ ចំពោះការបំភាយផ្សែងពុល ដែលបណ្តាលពីពពួកយានយន្តចាស់ៗនេះផងដែរ។ ការព្រមានរបស់លោក ប្រាយុទ្ធ ធ្វើឡើងបន្ទាប់ពីកម្រិតល្អងធូលីក្នុងបរិយាកាសក្នុងទីក្រុងបាងកក និង ខេត្តជុំវិញបានកើនឡើងខ្ពស់ ហើយធ្វើឲ្យខ្យល់កាន់តែកខ្វក់ធ្ងន់ រហូតលោកប្រាប់ឲ្យប្រជាជន និង ទេសចរពាក់ម៉ាស់ពេលចេញក្រៅទៀតផង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានការងារឧស្សាហកម្មថៃ លោក Prakob Vivitjinda បាននិយាយថា អាជ្ញាធរត្រៀមខ្លួនរួចជាស្រេច ក្នុងការចួលរួមជាមួយកងទ័ពអាកាស ដើម្បីលុបបំបាត់បញ្ហាបំពុលបរិយាកាស ដោយដាក់ពង្រាយឧបករណ៍វាស់កម្រិត PM២.៥ នៅតាមតំបន់ដែលមានរោងចក្រច្រើន និងបញ្ជូនក្រុមអធិការកិច្ចដើម្បីទៅជួយដោះស្រាយបញ្ហា។ លោក Prakob Vivitjinda បានបន្ថែមទៀតថា នាយកដ្ឋានក៏គ្រោងនឹងដំឡើងឧបករណ៍សម្អាតទឹកកខ្វក់បន្ថែមទៀត ដែលអាចកាត់បន្ថយការប្រើប្រាស់ទឹកជាង៥រយម៉ែត្រគូបជារៀងរាល់ថ្ងៃដើម្បីសម្អាតខ្យល់កខ្វក់។ ការដំឡើងឧបករណ៍នេះនាពេលកន្លងមក បានបង្ហាញថាវាទទួលបានជោគជ័យរួចទៅហើយ៕ធ.ដ