-
ទីបំផុត សហរដ្ឋអាម៉េរិក យល់ព្រមពន្យារពេលដំឡើងពន្ធ ដើម្បីតបតាមការស្នើសុំរបស់ចិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា រូបលោកយល់ព្រមពន្យារពេលដំឡើងពន្ធលើទំនិញចិនតម្លៃ២៥០ពាន់លានដុល្លារចំនួនពីរសប្តាហ៍។ លោក បានបង្ហោះសារនៅលើបណ្តាញធ្វីតធើថា យើងបានយល់ព្រមក្នុងកាយវិការសុឆន្ទៈ ដើម្បីលើកការដំឡើងពន្ធលើទំនិញតម្លៃ២៥០ពាន់លានដុល្លារ ពោលគឺ២៥% ទៅ ៣០% ចាប់ពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាដដែលនេះ។ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយទៀតថា ការពន្យារពេលនេះ ត្រូវបានស្នើសុំដោយឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី និងដោយសារតែសាធារណរដ្ឋប្រជាមានិតចិន នឹងប្រារព្ធខួបលើកទី៧០ របស់ពួកគេ នៅថ្ងៃទី០១ ខែតុលាខាងមុខ។សូមបញ្ជាក់ថា ក្រុមអ្នកចរចាកំពូលប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងកោះចរចាគ្នាឡើងវិញនៅទីក្រុងវ៉ាស៊ីនតោន នាដើមខែក្រោយ បន្ទាប់ពីរដូវក្តៅដ៏ក្តៅគគុក ដែលក្នុងនោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ហើយរដ្ឋាភិបាលទាំងពីរបានប្រកាសរលកថ្មីនៃពន្ធគយ នៅក្នុងការប្រឈមមុខដាក់គ្នា ដែលកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក៕ម.ន
-
ប្រធានាធិបតីអ៊ីរ៉ង់ព្រមានជាថ្មីថា អ៊ីរ៉ង់នឹងកាន់តែបន្ថយការគោរពចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥បន្ថែមទៀត

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានជាថ្មីទៀតនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកនឹងកាន់តែបន្ថយការគោរពចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថែមទៀត ហើយថា ការស្រេកឃ្លានចង់បានសង្រ្គាមរបស់សហរដ្ឋអាម៉េរិកនឹងទទួលបរាជ័យ។ការកត់សម្គាល់បែបនេះរបស់លោក ហាសាន់ រូហានី បានកើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានចេញមុខស្វាគមន៍ ចំពោះការបណ្តេញទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន ចេញពីតំណែង ដោយនិយាយថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ នេះ នឹងទប់ស្កាត់កុំឲ្យផ្ទុះសង្រ្គាម។ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ខណៈសត្រូវបានដាក់សម្ពាធជាអតិបរមាមកលើយើង ពួកយើងត្រូវបានឆ្លើយតប តាមរយៈការតស៊ូជម្នះ ខណៈការលើកឡើងនេះ ទំនងជាចង់សំដៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕ម.ន
-
ចិន រិះគន់អាល្លឺម៉ង់ ក្រោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ជួបជាមួយសកម្មជនក្រុងហុងកុង

ចិន៖ ចិន បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានជំនួបកាលពីពេលថ្មីៗនេះរវាងលោក ចូស៊ោ វុង ដែលជាសកម្មជនក្រុងហុងកុង និងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ហេកូ ម៉ាអាស់ ដោយបានប្រកាសថា ជំនួបនោះនឹងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគី។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងបែរឡំាង ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាល្លឺម៉ង់លោក Ken Wu បានស្តីបន្ទោសជាសាធារណៈដល់បេសកកជនអាល្លឺម៉ង់ នៅក្នុងការជំទាស់ប្រឆាំងជំនួបកាលពីថ្ងៃពុធសប្តាហ៍នេះ ពោលគឺពីរថ្ងៃក្រោយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានជួបជាមួយលោក វុង នៅក្នុងទីក្រុងប៉េកាំង។ ឯកអគ្គរដ្ឋទូតចិនប្រចំាប្រទេសអាល្លឺម៉ង់រូបនេះ បន្ថែមទៀតថា ជំនួបនេះនឹងមានផលវិបាកអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី ហើយភាគីចិនត្រូវតែមានប្រតិកម្ម។សូមរំលឹកថា លោក វុង គឺជាសកម្មជនក្រុងហុងកុងបានទៅដល់ទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស់។ បើតាមលោកលោក Ken Wu សមាជិកសភាអាល្លឺម៉ង់ ក៏បានជួបជាមួយលោក វុង ផងដែរ៕ម.ន
-
អូស្ត្រាលីអំពាវនាវឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅអ៊ីរ៉ង់ ក្រោយមានករណីចាប់ខ្លួនដោយគ្មានមូលហេតុ

អូស្រា្តលី៖ រដ្ឋាភិបាលអូស្រា្តលីបានជម្រុញឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្ន បន្ទាប់ពីពលរដ្ឋអូស្ត្រាលី០៣នាក់ហើយត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពុំទាន់មានការបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់នៅឡើយទេ ។ ពលរដ្ឋអូស្រ្ដាលីទាំងបីនាក់នេះ មានពីរនាក់ជាស្ត្រី និងម្នាក់ទៀតជាបុរស ដោយស្ត្រីម្នាក់ត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំមកហើយ ខណៈស្ត្រីម្នាក់ និងបុរសជាគូស្នេហ៍នឹងគ្នាត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនកាលពីប៉ុន្មានខែមុននេះ ។ ជាការឆ្លើយតប រដ្ឋាភិបាលអូស្រ្ដាលីបានចេញសេចក្ដីណែនាំឱ្យប្រជាជនខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឱ្យបានច្បាស់ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយសារតែជនបរទេសក្នុងនោះរួមទាំងអូស្ត្រាលី ទំនងជាប្រឈមមុខនឹងហានិភ័យខ្ពស់ពីការចាប់ និង ឃុំខ្លួនពីសំណាក់អាជ្ញាធរក្រុងតេហេរ៉ង់ ៕ធ.ដ
-
ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងចុះអធិការកិច្ចដោយផ្ទាល់ការធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតខ្នាតយក្ស ដែលអាចបាញ់ម្តងបានជាច្រើនគ្រាប់

កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃពុធនេះថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចុះធ្វើអធិការកិច្ច និង បញ្ជាដោយផ្ទាល់ ការធ្វើតេស្តជើងទម្រងគ្រាប់រ៉ុក្កែតខ្នាតយក្ស ដែលអាចបាញ់ម្តងបានជាច្រើនគ្រាប់ ។ កំឡុងចុះត្រួតពិនិត្យដោយផ្ទាល់នេះ លោក គីម ជុងអ៊ុន បាននិយាយថា សមត្ថភាពរបស់ប្រព័ន្ធគ្រាប់រ៉ុក្កែតត្រូវបានផ្ទៀងផ្ទាត់ជាលើកចុងក្រោយ នៅក្នុងប្រតិបត្តិការប្រយុទ្ធ ហើយអ្វីដែលត្រូវបន្តធ្វើឡើងជាមួយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នោះគឺការធ្វើតេស្ដ ។ សូមរំលឹកថា នៅថ្ងៃអង្គារសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីទាំងពីរគ្រាប់ខាងលើ ចេញពីតំបន់ កែឆុន ខេត្ត ព្យុងកាន់ ខាងត្បូង ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដោយហោះបានចំងាយ៣៣០គីឡូម៉ែត្រ ៕ធ.ដ
-
លោក អាបេ ស៊ីនហ្សូ គ្រោងរុះរើគណៈរដ្ឋមន្ត្រីជាថ្មីម្តងទៀតនៅថ្ងៃពុធនេះ

ជប៉ុន៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានសម្រេចធ្វើការរុះរើសមាសភាពនៃគណបក្សកាន់អំណាច LDP ស្របពេលដែលប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជាផលប៉ះពាល់នៃការដំឡើងពន្ធលើការប្រើប្រាស់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែតុលាខាងមុខ ។ សម្រាប់ការផ្លាស់ប្តូរដើម្បីជំនួសរដ្ឋមន្រ្តីចំនួន១៧រូបក្នុងចំណោម១៩រូប នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក អាបេ ខាងលើ គឺជាការរុះរើទ្រង់ទ្រាយធំលើកដំបូងចាប់តាំងពីខែតុលាមក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីរបស់លោក អាបេ និងដៃគូចម្រុះរបស់ខ្លួន គឺគណបក្សកូមេតូ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅរដូវក្តៅ ។ សូមបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អាបេ ស៊ីនហ្សូន នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចបានយូរជាងគេបង្អស់ គិតចាប់តាំងពីលោកបានត្រឡប់មកកាន់តំណែងនេះវិញកាលពីឆ្នាំ២០១២ ៕ធ.ដ
-
កូរ៉េខាងត្បូងដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ពាក់ព័ន្ធនឹងការរឹតត្បិតនាំចេញវត្ថុធាតុដើមរបស់ជប៉ុន

កូរ៉េខាងត្បូង៖ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទិននឹងការទប់ស្កាត់ការនាំចេញរបស់ជប៉ុន ដោយបង្កើនភាពតានតឹងនៅក្នុងជម្លោះពាណិជ្ជកម្ម ដែលមិនធ្លាប់មានពីមុនមករវាងប្រទេសជិតខាងអាស៊ីទាំងពីរ ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី យូ ម្យុងហ៊ី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសរបស់លោកបានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ស្តីពីការទប់ស្កាត់ការនាំចេញរបស់ជប៉ុន ប្រឆាំងនឹងវត្ថុធាតុដើមសំខាន់ៗចំនួន៣ សម្រាប់បន្ទះឈីប និងអេក្រង់ ។ វិធានការចុងក្រោយនេះរបស់កូរ៉េខាងត្បូង ត្រូវបានធ្វើឡើងបន្ទាប់ពីជប៉ុនបានចាប់ផ្តើមរឹតត្បិតការនាំចេញវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗចំនួន៣ ទៅកាន់កូរ៉េខាងត្បូង ដែលមានសារៈសំខាន់សម្រាប់ការផលិតបន្ទះឈីប និងអេក្រង់ ដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ឧស្សាហកម្មបច្ចេកវិទ្យាឆ្អឹងខ្នងរបស់ទីក្រុងសេអ៊ូល ៕ធ.ដ
-
ហ្វីលីពីន មានមនុស្សស្លាប់១,០២១នាក់ហើយ ដោយសារគ្រុនឈាម

មនុស្សជាង១ពាន់នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម នៅប្រទេសហ្វីលីពីន តាំងពីដើមឆ្នាំ២០១៩មកនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល កាលពីថ្ងៃអង្គារម្សិលមិញ។ លោក Enrique Domingo អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែសីហា ២០១៩ ចំនួនមនុស្សស្លាប់ដោយសារគ្រុនឈាមមានចំនួន១,០២១ នាក់ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានចំនួនត្រឹមតែ៦២២នាក់។ ប្រភពថា អ្នកស្លាប់មានអាយុចន្លោះពី៥ ទៅ៩ ឆ្នាំ៕ធ.ដ
-
អ្នកជិះយន្តហោះ១៣ម៉ឺននាក់ជាប់គាំង នៅបារាំង ព្រោះការក្ស័យធនរបស់ក្រុមហ៊ុន អាកាសចរណ៍

សារព័ត៌មាន CNN បានចេញផ្សាយ កាលពីម្សិលមិញថា យ៉ាងហោចណាស់ មានអ្នកដំណើរតាមអាកាសជាង១៣,០០០នាក់ កំពុងជាប់គាំងនៅបរទេសក្រោយពេលដែលក្រុមហ៊ុនអាកាសចរបារាំង Aigle Azur ប្រកាសក្ស័យធន កាលពីសប្ដាហ៍មុន។ ក្រសួងដឹកជញ្ជូនបារាំងថា អ្នកដំណើរភាគច្រើនប្រមាណជា ១១,០០០នាក់ ជាប់គាំងនៅប្រទេសអាល់ហ្សេរី ហើយក្រៅពីនេះនៅក្នុងប្រទេសផ្សេងទៀត។ មានអ្នកដំណើរជាង ១៣,០០០នាក់បានទិញសំបុត្រយន្ដហោះរួចមកហើយ ហើយពួកគេនឹងត្រូវធ្វើមាតុភូមិនិវត្តន៍។ ប្រភពបន្តថា ក្នុងចំណោមពួកគេមាន ១១,០០០នាក់ ស្ថិតក្នុងប្រទេសអាល់ហ្សេរី ៦នាក់នៅម៉ាលី និងលីបង់ រុស្ស៊ី និងសេណាហ្កាល់។ នយោជិក ១,១៥០នាក់ និងបុគ្គលិកជាង៥០០នាក់ ក៏ប្រឈមបាត់បង់ការងារផងដែរ។ យ៉ាងណាមិញ អាជ្ញាធរបារាំងកំពុងព្យាយាមសម្រួលការធ្វើមាតុភូមិនិវត្តន៍សម្រាប់អ្នកដំណើរ និងដាក់ដេញថ្លៃក្រុមហ៊ុនខាងលើដើម្បីបន្ដដំណើរការទៅមុខទៀត៕ធ.ដ
-
មហាសេដ្ឋី ជេក ម៉ា លាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការ

កាលពីថ្ងៃទី១០ កញ្ញា ២០១៩ មហាសេដ្ឋីចិន ជេក ម៉ា ដែលជាអ្នកត្រួសត្រាយផ្លូវដល់សេវាកម្មលក់ទំនិញអនឡាយក្នុងប្រទេសចិន បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការ។ បុរសមានទ្រព្យសម្បត្តិជាង៣៨ពាន់លានដុល្លារអាមេរិករូបនេះ ធ្លាប់បានលើកឡើងថា “មុនពេលខ្ញុំមានអាយុ៧០ឆ្នាំ ខ្ញុំអាចធ្វើរឿងមួយចំនួនក្នុងផ្នែកផ្សេងក្នុងវិស័យអប់រំជាដើម”។ លោក ជេក ម៉ា បានប្រកាសពីគោលបំណងលាលែងនេះតាំងពីមួយឆ្នាំមុន។ ទោះបីជាដើរចេញពីតំណែងជាន់ខ្ពស់នៅ Alibaba ប៉ុន្តែរំពឹងថាលោកនឹងបន្តមើលថែអនាគតក្រុមហ៊ុនតាមរយៈ ការធ្វើជាសមាជិកពេញមួយជីវិតជាមួយ Alibaba Partnership ដែលមានសមាជិក ៣៦នាក់។ លោកក៏នឹងអាចទទួលបានភាគហ៊ុន ៦,២២% នៃ Alibaba ផងដែរ៕ធ.ដ