-
លោក ណារិន ម៉ូឌី កោតសរសើរទីភ្នាក់ងារអវកាសឥណ្ឌាទំាងមូល បើទោះបីជាយានអវកាសដែលត្រៀមខ្លួនចុះចតលើព្រះច័ន្ទនៅថ្ងៃសៅរ៍នេះដាច់ការទាក់ទង

ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO កំពុងស្វះស្វែងរកវិធីភ្ជាប់ទំនាក់ទំនងជាថ្មី ស្របពេលយានអវកាសដែលត្រៀមខ្លួនចុះចតលើព្រះច័ន្ទនៅថ្ងៃសៅរ៍សប្តាហ៍នេះ បានបាត់បង់ការទាក់ទងជាមួយនឹងក្រុមការងារលើផែនដីយើង ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដែលកំពុងពិនិត្យដោយផ្ទាល់ ចំពោះការបញ្ជាយានវីក្រាម នៃបេសកកម្ម ចាន់ដ្រាយ៉ាន-២ ពីទីក្រុងបេងហ្គាឡ័រ ភាគខាងត្បូងឥណ្ឌា បានមើលឃើញអំពីផែនការដែលមិនបានប្រព្រឹត្តទៅដូចការរំពឹងទុកនេះ ប៉ុន្តែលោកក៏បានកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ទីភ្នាក់ងារអវកាសឥណ្ឌាទាំងមូល ។ បើតាមការគ្រោងទុកនោះ យាន វីក្រាម ដែលផ្តាច់ចេញពីតួយានផ្កាយរណប ចាន់ដ្រាយ៉ាន-២ បានព្យាយាមធ្វើការចុះចតលើផ្ទៃព្រះច័ន្ទ នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែនៅមុន១០នាទី ដែលវាត្រូវបានគេរំពឹងថា នឹងចុះចតដល់ផ្ទៃព្រះច័ន្ទនោះ វាស្រាប់តែបាត់បង់ការទាក់ទង ។ យ៉ាងណាមិញ ទីភ្នាក់ងារអវ កាសឥណ្ឌា ISRO មិនទាន់អាចផ្តល់ព័ត៌មានលំអិតនៅឡើយទេ ៕
-
ចិនសន្យាទិញទំនិញកសិកម្មពីសហរដ្ឋអាមេ៉រិកឡើងវិញ មុនពេលចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មនៅខែតុលាខាងមុខ

ចិន៖ មន្រ្តីអាមេ៉រិកពីរនាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបានឱ្យដឹងថា កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកនាសប្ដាហ៍នេះ នឹងមុនកិច្ចចរចាពាណិជ្ជកម្មត្រូវធ្វើឡើងនៅដើមខែតុលាខាងមុខនេះ ទីក្រុងប៉េកំាងបានសន្យាទិញផលិតផលកសិកម្មពីទីក្រុងវ៉ាស៊ីនឡើងវិញ ។ បើតាមប្រភពពីមន្រ្តីដដែលនេះ ការសន្យាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក គឺជាលក្ខខណ្ឌមួយដាក់លើទីក្រុងវ៉ាស៊ីនតោន ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើក្រុមហ៊ុនចិនហូវៃ ព្រមទាំងលុបចោលគម្រោងដំឡើងពន្ធបន្ថែម ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែតុលាខាងមុខនេះ ។ ហើយបើតាមការរំពឹងទុកនោះ សហរដ្ឋអាមេរិកអាចនឹងលុបចោលផែនការដំឡើងពន្ធលើផលិតផលចិន ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូផងដែរ ប៉ុន្តែអាស្រ័យទៅលើ ថាតើប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះអាចចរចាគ្នាត្រូវរ៉ូវលើចំណុច ដែលភាគីទាំងសងខាងចង់បានយ៉ាងដូចម្ដេច ៕
-
នាយករដ្ឋមន្ត្រីចិនសម្តែងការគំាទ្រពេញទំហឹង ចំពោះរដ្ឋាភិបាលហុងកុងក្នុងការបញ្ចប់អំពើហិង្សា និងភាពហ្វឹកវរក្នុងសង្គម

ចិន៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង បានបង្ហាញការគំាទ្រពេញទំហឹងចំពោះរដ្ឋាភិបាលក្រុងហុងកុង ក្នុងការបញ្ចប់អំពើហិង្សា និងស្តារឡើងវិញនូវសន្តិសុខសណ្តាប់ធ្នាប់ ដែលនេះគឺជាលើកដំបូងហើយ ដែលមេដឹកនំាចិនថ្លែងសារឆ្លើយតបនឹងបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុង ។ នាយករដ្ឋមន្ត្រីចិនរូបនេះ បានបញ្ជាក់ច្បាស់ៗថា រដ្ឋាភិបាលក្រុងប៉េកំាំងការពារគោលនយោបាយ «ប្រទេស១ ប្រព័ន្ធ២» និងគំនិតដែលថា «ប្រជាជនហុងកុងគ្រប់គ្រងប្រជាជនហុងកុង» ហើយគំាទ្រពេញទំហឹងដល់រដ្ឋាភិបាលក្រុងហុងកុង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការលុបបំបាត់អំពើហិង្សា និងភាពហ្វឹកវរស្របតាមផ្លូវច្បាប់ ដើម្បីនាំមកវិញនូវសណ្តាប់ធ្នាប់ក្នុងបំណងការពារវិបុលភាពនិង ស្ថិរភាពយូរអង្វែងរបស់ហុងកុង ។ រកត់សម្គាល់បែបនេះរបស់លោក លឺ ខឺឈាង បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានជាមួយអធិកាបតីអាល្លឺម៉ង់ លោកស្រី អាន់ជីឡា មឺហ្គែល ដែលកំពុងធ្វើទស្សនកិច្ចក្នុងទីក្រុងប៉េកាំង ។លោកស្រី មឺហ្គែល បានថ្លែងថា ក្នុងសភាពការណ៍បច្ចុប្បន្ន អំពើហិង្សាត្រូវតែរារាំងមានតែការចរចាទើបអាចជួយបាន ហើយលោកស្រីសង្ឃឹមថា វានឹងកើតមាន ហើយបាតុករមានឱកាសចូលរួមក្នុងក្របខណ្ឌសិទ្ធិពលរដ្ឋ ។ ហុងកុងកំពុងប្រឈមបាតុកម្មថែមទៀតនៅចុងសប្តាហ៍នេះ ដោយក្រុងអ្នកតវ៉ាប្រឆាំងគំរាមធ្វើអោយជាប់គាំងបណ្តាញគមនាគមន៍ទៅកាន់អាកាសយានដ្ឋាន ទោះជាអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានដកចេញច្បាប់បត្យាប័នដែលជាដើមហេតុនៃការប្រឆាំងតវ៉ាអស់ជាង៣ខែមកនេះ ៕
-
កូរ៉េខាងត្បូងស្នើចិនឲ្យកាត់បន្ថយការរឹតត្បិតផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាងពីរ

សហរដ្ឋអាមេរិក៖ ក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ ដោយស្នើឲ្យចិនពិចារណាលើលែងការបន្ទាបតម្លៃទំនិញនាំចេញ និងវិធានការការពារដែលបានដាក់លើកូរ៉េខាងត្បូង ។ កូរ៉េខាងត្បូងដែលជាមហាសេដ្ឋកិច្ចលេខ៤របស់អាស៊ី បានអំពាវនាវឱ្យមានការខិតខំរួមគ្នាដើម្បីបង្កើតការធ្វើពាណិជ្ជកម្មសេរី ខណៈចិនជាប្រទេសដែលនៅចំណាត់ថ្នាក់ទី៣ នឹងបានដាក់បន្ទាបតម្លៃទំនិញនាំចេញ និង វិធានការការពារ ប្រឆាំងនឹងកូរ៉េខាងត្បូង បន្ទាប់ពីបានដាក់លើសហរដ្ឋអាមេរិក និងឥណ្ឌា នេះបើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាម ពលកូរ៉េខាងត្បូង ។ បម្រាមដែលប្រឆាំងនឹងកូរ៉េខាងត្បូងនោះ រួមមានវិធានការប្រឆាំងនឹងការបន្ទាបតម្លៃទំនិញនាំចេញចំនួន១៥យ៉ាង វិធានការការពារមួយ រួមជាមួយនឹងករណីចំនួនពីរផ្សេងទៀតដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត ។ សូមរំលឹកថា ចិន និងកូរ៉េខាងត្បូងបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើការចរចារអស់១៤លើកដែលចាប់ផ្តើមតាំងទីឆ្នាំ២០១២មក ៕
-
ចិនត្រៀមបញ្ចេញសាច់ជ្រូកបម្រុងដើម្បីបំពេញតម្រូវការ ក្រោយជំងឺផ្តាសាយជ្រូកបានសម្លាប់ជ្រូកជាង១០០លានក្បាល

ចិន៖ ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកបានសម្លាប់សត្វជ្រូករបស់ប្រទេសចិនចំនួន ទៅដល់មួយភាគបី ហើយបើគិតមកទល់ពេលបច្ចុប្បន្ននេះ មន្រ្តីរដ្ឋាភិបាលកំពុងពិភាក្សាអំពីជំហានសំខាន់ៗ ដើម្បីធ្វើឱ្យទីផ្សារសាច់ជ្រូកធំបំផុតនៅលើពិភពលោក មានស្ថេរភាពឡើងវិញ ។ សាច់ជ្រូកគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសចិន ដោយប្រទេសនេះ ជាជម្រកសត្វជ្រូកដល់ទៅពាក់កណ្តាលសត្វជ្រូកទាំងអស់នៅលើភពផែនដី ។ សាច់ជ្រូកនេះក៏ជាអាហារចម្បង របស់អាហារចិន ដែលមានន័យថា ភាពខ្វះខាតរបស់វា អាចបំផ្លាញស្ថេរភាពសង្គមរបស់ប្រទេសចិនបាន ។ ការផ្ទុះឡើងនៃគ្រុនផ្តាសាយជ្រូក ក៏បានបង្កការគំរាមកំហែងដល់ការកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់សាច់ជ្រូកលើសកលលោកផងដែរ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរចិនបានត្រៀមរៀបចំធ្វើផែនការរួចហើយ ដើម្បីពង្រឹងទីផ្សារជ្រូក រួមទាំងការឧបត្ថម្ភធនសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក និងគ្រួសារ ដែលអាចតស៊ូនឹងតម្លៃកើនឡើង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនេះ ៕ធ.ដ
-
សហរដ្ឋអាម៉េរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបទៅចូលរួមសមយុទ្ធ នៅចក្រភពអង់គ្លេស

សហរដ្ឋអាម៉េរិក៖ យន្តហោះទម្លាក់គ្រាប់បែកធុន B-52 Stratofortress មួយគ្រឿងរបស់សហរដ្ឋអាម៉េរិក បានធ្វើដំណើរទៅដល់ទឹកដីអង់គ្លេសហើយ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីចូលរួមសមយុទ្ធយោធានៅទីនោះ នេះបើតាមក្រសួងការពារជាតិអាម៉េរិក។ យន្តហោះយោធារបស់អាម៉េរិកនេះ បានហោះហើរទៅដល់មូលដ្ឋានកងទ័ពអាកាសអង់គ្លេស Fairford ក្នុងគោលបំណងចូលរួមសមយុទ្ធមានឈ្មោះ Cobra Warrior ដែលគ្រោងធ្វើឡើងទៅនៅទីនោះ ព្រមទាំងសមយុទ្ធ Ample Strike និងការតាំងពិព័រណ៍យន្តហោះ NATO Days ដែលនឹងរៀបចំឡើងនៅប្រទេសឆែក។ ដោយឡែកកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការពារជាតិអាម៉េរិក ក៏បានប្រកាសឲ្យដឹងពីការទៅដល់របស់យន្តហោះដឹកសាំង KC-135 Stratotanker មួយគ្រឿងទៀតទៅកាន់មូលដ្ឋានទ័ពអាកាស Pardubice នៅប្រទេសឆែកផងដែរ៕ធ.ដ
-
នាយករដ្ឋមន្ត្រីអង់គ្លេសថ្លែងថា ការជំទាស់របស់សភាលើគម្រោងចាកចេញពីអឺរ៉ុប Brexit នឹងរឹតតែបង្កការលំបាកដល់អង់គ្លេសចាកចេញពីអឺរ៉ុប

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា លោកសុខចិត្តស្លាប់ជាជាងស្នើសុំឲ្យសហភាពអឺរ៉ុបពន្យារពេលលើការធ្វើ Brexit។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយជាលើកដំបូងបំផុតនៅថ្ងៃព្រហស្បតិ៍តនេះ នៅឯតំបន់ យ៉កហ្សាយអឺ ក្រោយគម្រោងចាកចេញពីអឺរ៉ុប ឬ Brexit របស់លោកត្រូវបានសភាទាត់ចោល។ ជាមួយគ្នានេះ លោក បូរីស ចនសុន បានសង្កត់ធ្ងន់ថា ការអនុម័តប្រឆាំងនឹងគម្រោង Brexit របស់លោក នឹងកាន់តែបង្កការលំបាកសម្រាប់ការស្វែងរកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដែលនឹងពិចារណាថាតើត្រូវទុកវេលាប៉ុន្មាន ដើម្បីឱ្យអង់គ្លេសបន្តស្ថិតនៅក្នុងប្លុកមួយនេះ ហើយលោកមិនអាចមើលឃើញថា វាជាប្រជាធិបតេយ្យនោះទេ។ គួរបញ្ជាក់ថា អង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប ដោយមាន ឬគ្មានកិច្ចព្រមព្រៀងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ប៉ុន្តែដោយសារតែផែនការរបស់ខ្លួន គឺ no-brexit deal ត្រូវបានសភាទាត់ចោលនោះ លោក បូរីស ចនសុន ប្រកាសថា លោកនឹងស្នើរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ៕ធ.ដ
-
ក្រុមបាតុករហុងកុងប្តេជ្ញាតវ៉ានៅតាមដងផ្លូវបន្តទៀត ទោះបីជាអភិបាលក្រុងហុងកុង ទើបប្រកាសដកចេញសេចក្តីស្នើច្បាប់ធ្វើបត្យាប័ន

ហុងកុង៖ ក្រុមអ្នកតវ៉ានៅទីហុងកុងបានប្តេជ្ញាថា នឹងវិលត្រឡប់មកតាមផ្លូវវិញរហូតទាល់តែការទាមទារទាំង៥របស់ពួកគេត្រូវបានឆ្លើយតប បន្ទាប់ពីសេចក្តីស្នើច្បាប់ស្តីពីធ្វើបត្យាប័នដែលនាំឱ្យមានការតវ៉ារាប់ខែមកនេះ ត្រូវបានដកចេញ។ ការដកសេចក្តីស្នើច្បាប់នេះ បានឆ្លើយតបនឹងការទាមទារបានមួយចំណុច ក្នុងចំណោមចំណុចសំខាន់ៗរបស់ក្រុមអ្នកតវ៉ា ប៉ុន្តែក្រុមសកម្មជនបានប្តេជ្ញាបន្តធ្វើបាតុកម្មរហូតដល់រដ្ឋាភិបាល បំពេញការទាមទាររបស់ខ្លួនបានទាំងអស់។ ពួកគេក៏បានស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យ លើការចោទប្រកាន់ពីភាពសាហាវឃោរឃៅរបស់ប៉ូលិសក្នុងអំឡុងពេលបាតុកម្ម ការដោះលែងបាតុករទាំងអស់ដោយគ្មានលក្ខខណ្ឌ ការដកហូតផ្លាកបាតុកម្មពី “កុបកម្ម” និងអនុញ្ញាតឱ្យប្រជាជនហុងកុងជ្រើសរើសមេដឹកនាំរបស់ពួកគេដោយខ្លួនឯង។ គួរបញ្ជាក់ថា អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា បានបញ្ជាក់ថាការសម្រេចដកសេចក្តីស្នើច្បាប់ធ្វើបត្យាប័នទៅចិនដីគោកនេះ គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលផ្ទាល់របស់លោកស្រី ដើម្បីបំបែកភាពជាប់គាំង មិនមែនជាការណែនាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនោះទេ។ ទន្ទឹមគ្នានោះដែរ លោកស្រី ខារី ឡំា បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលនឹងមិនអាចគោរពតាមការទាមទារផ្សេងទៀតរបស់ក្រុមអ្នកតវ៉ាបានទេ៕ធ.ដ
-
ប្រមុខការទូតអ៊ីរ៉ង់ព្រមានថា អ៊ីរ៉ង់នឹងដកខ្លួនចេញវិញទំាងអស់ ចំពោះការដាក់កំហិតលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកនុយក្លេអ៊ែរ

អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នៅថ្ងៃសុក្រនេះបានអះអាងថា អ៊ីរ៉ង់នឹងចាត់វិធានការកាត់បន្ថយការគោរពរបស់ខ្លួនថែមទៀត ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងមហាអំណាច ៥ បូក ១ នេះបើតាមការមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ISNA ។ អ្នកនំាពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាបាស់ ម៊ូសាវី បាននិយាយប្រាប់សារព័ត៌មាន ISNA ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ចាវ៉ាដ ហ្សារីហ្វ នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានគោលនយោបាយសហភាពអឺរ៉ុបលោកស្រី ហ្វេដឌើរីកា ម៉ូហើរីនី ដោយប្រកាសថា ទីក្រុងតេហេរ៉ង់បានដកចេញវិញទាំងអស់នូវការដាក់កំហិតលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកនុយក្លេអ៊ែររបស់ខ្លួន ។ សូមរំលឹកថា កាលពីខែឧសភាកន្លងទៅ ចំខួបមួយឆ្នាំដែលសហរដ្ឋអាមេ៉រិកដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបោះ បង់ចោលការគោរពមួយចំនួន នៃកិច្ចព្រមព្រៀងនេះជារៀងរាល់៦០ថ្ងៃម្តង លុះត្រាតែប្រទេសអឺរ៉ុបដែលជាហត្ថលេខីទាំងអស់ អាចធានាការពារផលប្រយោជន៍របស់អ៊ីរ៉ង់ នៅក្រោមកិច្ចព្រមព្រៀងនេះឲ្យបាន ចំពោះមុខការដាក់ទណ្ឌកម្មធ្ងន់ៗឡើងវិញពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ៕ធ.ដ
-
អតីតប្រធានាធិបតីហ្ស៊ីមបាវ៉េទទួលមរណភាពហើយនៅមន្ទីរពេទ្យសង្ហិបុរី ក្នុងអាយុ៩៥ឆ្នាំ

ហ្ស៊ីមបាវ៉េ៖ អតីតប្រធានាធិបតីហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ បានទទួលមរណភាពហើយក្នុងអាយុ៩៥ឆ្នាំ បន្ទាប់ពីបានទៅសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ ប្រទេសសិង្ហបុរីអស់ជាច្រើនខែ ប៉ុន្តែមិនមាននរណាអាចបញ្ជាក់ថា លោកមានជំងឺអ្វីឲ្យប្រាកដនោះឡើយ ។ មរណភាពរបស់លោក មូហ្គាបេ ត្រូវបានប្រកាសចេញពីរដ្ឋធានីហារ៉ារ៉េ ដោយប្រធានាធិបតីហ្ស៊ីមបាវ៉េបច្ចុប្បន្ន គឺលោក អ៊ែមមើសុន ម៉ាណាងហ្គាវ៉ា នៅថ្ងៃសុក្រនេះ ។ លោក រ៉ូប៊ឺត មូហ្គាបេ គឺជានិមិត្តរូបនៃការរំដោះ និងជាអ្នកគាំទ្រជនជាតិអាហ្វ្រិក ដែលបានលះបង់ជីវិត ដើម្បីការរំដោះ និងផ្តល់អំណាចជូនប្រជាជនរបស់លោក ។ សូមរំលឹកឡើងវិញថា លោក រ៉ូប៊ឺត មូហ្គាបេ ដែលឡើងកាន់អំណាចយូរជាងគេបំផុតប្រចំាទ្វីបអាហ្វ្រិករូបនេះ ត្រូវបានប្រធានាធិបតីបច្ចុប្បន្នធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានជម្លោះយ៉ាងខ្លាំងកើតឡើងនៅក្នុងជួរគណបក្សកាន់អំណាចរបស់លោក ដែលពាក់ព័ន្ធនឹងចេតនាលើកស្ទួយភរិយាលោកឲ្យបន្តតំណែងធ្វើជាប្រធានាធិបតីហ្ស៊ីមបាវ៉េ នៅពេលលោកអស់ជីវិត ៕ធ.ដ