-
ក្នុងខែសីហាឆ្នាំ២០១៩នេះ អត្រាលក់រថយន្តជប៉ុននៅកូរ៉េខាងត្បូងធ្លាក់ចុះ៥៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់សមាគមអ្នកនាំចូល និងចែកចាយយានយន្តរបស់កូរ៉េខាងត្បូង KAIDA បានឱ្យដឹងថា ចំនួនរថយន្តជប៉ុនដែលលក់ដាច់នៅកូរ៉េខាងត្បូង កាលពីអំឡុងខែសីហាឆ្នាំនេះ មានចំនួនត្រឹម១,៣៩៨គ្រឿង ធ្លាក់ចុះក្នុងអត្រា៥៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន៣,២៤៧គ្រឿង។ អត្រានៃការលក់រថយន្តដែលជាម៉ូដែលរបស់ជប៉ុន បានធ្លាក់ចុះគិតចាប់តាំងពីខែកក្កដា ឆ្នំា២០១៩មកនេះ នៅពេលយុទ្ធនាការពហិកាផលិតផលជប៉ុនបានចាប់ផ្តើមនៅកូរ៉េខាងត្បូង។ យុទ្ធនាការនេះបានចាប់ផ្តើមឡើងនៅពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូ បានរឹតបន្តឹងការនាំចេញផលិតផល ដែលជាវត្ថុធាតុដើមផ្នែកបច្ចេកវិទ្យាដ៏សំខាន់មកកាន់កូរ៉េខាងត្បូង។ សូមបញ្ជាក់ផងដែរថា ប្រទេសជប៉ុនកាលពីខែសីហាកន្លងមកនេះ បានដកកូរ៉េខាងត្បូងជាផ្លូវការចេញពីបញ្ជីអនុគ្រោះការធ្វើពាណិជ្ជកម្មរបស់ខ្លួនថែមទៀត ខណៈប្រទេសកូរ៉េខាងត្បូង បានដាក់ចេញចំណាត់ការឆ្លើយតបវិញដូចគ្នាផងដែរ៕ធ.ដ
-
សហរដ្ឋអាម៉េរិក បានជំនួសចិនក្នុងនាមជាប្រទេសទិញកសិកម្មផលវៀតណាមច្រើនជាងគេ

វៀតណាម៖ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានឱ្យដឹងថា ការនាំចេញកសិផលរបស់វៀតណាមទៅប្រទេសចិន គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នំា២០១៩មកនេះ បានធ្លាក់ចុះ៨,៩ ភាគរយ ស្មើនឹង៤,៧ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយមានចំនួន២០,៧ភាគរយនៃការនាំចេញផលិតផលកសិកម្មនោះ ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញធំជាងគេទី២ ក្នុងអំឡុងពេលនេះ ដោយនៅពីក្រោយសហរដ្ឋអាម៉េរិក។ ការនាំចេញទៅសហរដ្ឋអាម៉េរិកក្នុងរយៈពេលដូចគ្នានេះ បានកើនឡើង១២,៦ភាគរយស្មើនឹងទឹកប្រាក់៤,៨ពាន់លានដុល្លារ ស្មើនឹង២០,៨ភាគរយនៃការនាំចេញកសិកម្មសរុប។ បើតាមក្រុមអ្នកជំនាញ មូលហេតុនៃការប្រែប្រួលនេះ ពីព្រោះចិនដែលជាប្រទេសទិញធំជាងគេរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានចាប់ផ្តើមរឹតបន្តឹងគោលនយោបាយនាំចូលរបស់ខ្លួននៅឆ្នាំ២០១៩នេះ ដោយទទួលយកតែផលិតផលដែលបំពេញតាមបទដ្ឋាន (ស្តង់ដារ) គុណភាពខ្ពស់ និងហេតុផលមួយទៀតដែលពាក់ព័ន្ធនឹងការធ្លាក់ចុះបរិមាណនាំចេញនេះ គឺដោយសារតម្លៃប្រាក់យ័នរបស់ចិនធ្លាក់ចុះ បើធៀបនឹងលុយដុល្លារអាម៉េរិក៕ធ.ដ
-
មេដឹកនាំអាវលឿងនៅថៃដែលមានទោសជាប់គុក២០ឆ្នាំ ត្រូវបានដោះលែង

នាយកការដ្ឋានពន្ធនាគារថៃ បានចេញសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីនាយកដ្ឋានពន្ធនាគារបានពិគ្រោះពិភាក្សាជាមួយស្ថាប័នតុលាការ បានកំណត់ថា លោក Sondhi Limthongkul មេដឹកនាំក្រុមអាវលឿង ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ២០ឆ្នាំនោះ គឺសមស្របនឹងលក្ខខណ្ឌដោះលែង ដែលបានចែងក្នុងព្រះរាជក្រឹត្យទោសជាពិសេសរបស់ព្រះមហាក្សត្រថៃកាលពីខែឧសភា ឆ្នាំ២០១៩ ដូច្នេះ លោក Sondhi Limthongkul ត្រូវបានដោះលែង ជាផ្លូវការកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា។ តាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ករណីដោះលែងលោក Sondhi Limthongkul គឺគ្មានពាក់ព័ន្ធនឹងរឿងនយោបាយអ្វីទេ ពោលគឺអនុវត្តន៍ទៅតាមព្រះរាជក្រឹត្យលើកលែងទោសជាពិសេស៕ធ.ដ
-
ផ្ទុះក្នុងរោងចក្រផលិតផាវ ស្លាប់មនុស្ស២៣នាក់ នៅប្រទេសឥណ្ឌា

សារព័ត៌មាន BBC បានចេញផ្សាយកាលពីម្សិលមិញថា មនុស្ស២៣នាក់ បានបាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតរងរបួស ក្រោយពេលដែលរោងចក្រផលិតផាវមួយកន្លែង បានផ្ទុះនៅភាគខាងជើងប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ។ យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅក្នុងទីក្រុង Gurdaspur ភាគខាងជើងនៃរដ្ឋ Punjab នៅក្នុងអគារនៃរោងចក្រផលិតផាវ កាលពីថ្ងៃពុធសប្តាហ៍នេះ។ ការផ្ទុះនេះ មានភាពខ្លាំងក្លាបំផុតដែលបណ្ដាលឲ្យអគារទាំងមូលបាក់ស្រុតចុះ និងបណ្ដាលឲ្យកញ្ចក់នៃអគារក្បែរខាងបែកបាក់ជាច្រើនផងដែរ។ កងកម្លាំងឆ្លើយតបនឹងគ្រោះមហន្ដរាយជាតិឥណ្ឌា ត្រូវបានដាក់ពង្រាយដើម្បីធ្វើការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះចាប់ពីរសៀលរហូតដល់យប់។ ក្រៅពីនេះ អ្នកថ្មើរជើងជាច្រើននាក់ ដែលស្ថិតនៅក្បែរកន្លែងកើតហេតុក៏ទទួលរងរបួសផងដែរ។ នគរបាលកំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំពីមូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះកើតឡើង ដោយសាររោងចក្រនេះដំណើរការដោយខុសច្បាប់៕ធ.ដ
-
សហរដ្ឋអាម៉េរិក មានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាសទុកសម្រាប់ ការហ្វឹកហ្វឺនដែលស្រដៀងគ្នានឹងប្រព័ន្ធ S-300 រុស្ស៊ី

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក មានផែនការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលមានលក្ខណៈស្រដៀងនឹងប្រព័ន្ធ S-300 របស់រុស្ស៊ី សម្រាប់យកមកបម្រើដល់ការហ្វឹកហាត់របស់កងទ័ពអាកាសខ្លួន។ ស្របពេលជាមួយគ្នានេះដែរ កងទ័ពអាកាសអាម៉េរិកកំពុងតែតាមរកដៃគូណា ដែលមានសមត្ថភាពអាចផលិតប្រព័ន្ធការពារដែនអាកាសចំនួន០២គ្រឿង ដែលមានគំរូដូចប្រព័ន្ធមីស៊ីលអាកាសរុស្ស៊ី S-300 តាមតែអាចធ្វើទៅបាន សម្រាប់ទុកបម្រើក្នុងការហ្វាត់ហាត់នៅមូលដ្ឋានយោធាក្នុងរដ្ឋ Utah។ កងទ័ពអាកាសអាម៉េរិកបានបញ្ជាក់ថា ការហ្វឹកហាត់ជាមួយប្រព័ន្ធមីស៊ីលការពារអាកាសដែលដូចរបស់ពិតបែបនេះ នឹងជួយពង្រឹងការហ្វឹកហាត់បានយ៉ាងច្រើន ខណៈបច្ចុប្បន្នប្រព័ន្ធមីស៊ីល S-400 ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការដោយរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងចិន ព្រមទាំងប្រទេសមួយចំនួនទៀត៕ធ.ដ
-
ឥណ្ឌា គ្រោងបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រជាច្រើនគ្រឿងពីសហរដ្ឋអាម៉េរិក

ឥណ្ឌា៖ ក្រសួងការពារជាតិឥណ្ឌា ត្រូវរំពឹងថា មានផែនការបញ្ជាទិញយន្ដហោះល្បាតសមុទ្រធុន P-8 ចំនួន១០គ្រឿងពីក្រុមហ៊ុន Boeing របស់អាម៉េរិកក្នុងតម្លៃ៣ពាន់លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រឆាំងនាវាមុជទឹក។ បច្ចុប្បន្នកងនាវាឥណ្ឌាមានយន្ដហោះស៊ើបការណ៍ និងល្បាតសមុទ្រ IL-38SD ចំនួន៥គ្រឿង ដែលប្រតិបត្តិការតាំងពីឆ្នាំ១៩៧៧ រីឯយន្ដហោះ Tu-142M ៥គ្រឿងទៀតតាំងពីឆ្នាំ១៩៨៧ ខណៈយន្ដហោះស៊េរីចាស់ IL-38SD នឹងត្រូវដាក់ដំណើរការរហូតដល់ឆ្នាំ២០២២ ឬ ឆ្នាំ២០២៣ខាងមុខ។ ដោយឡែកការទិញយន្ដហោះល្បាតខាងលើនេះ នឹងត្រូវធ្វើឡើងនាសប្ដាហ៍ក្រោយ ហើយការទិញនេះដែរ ក៏មានរាប់បញ្ចូលនូវប្រព័ន្ធរ៉ាដា អាវុធ និងបរិក្ខារពាក់ព័ន្ធដទៃទៀត។ ចំណែកឯរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏ត្រូវបានគេរំពឹងដែរថា នឹងយល់ព្រមលក់យន្ដហោះស៊ើបការណ៍ និងល្បាតសមុទ្រនេះឱ្យឥណ្ឌា ៕ធ.ដ
-
មេដឹកនាំឥណ្ឌូនេស៊ី ប្រាប់ឲ្យរដ្ឋមន្ត្រីស្រូបទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានអំពាវនាវឱ្យសមាជិកគណរដ្ឋមន្ត្រីរបស់លោក បម្រើអ្នកវិនិយោគបរទេសឱ្យបានល្អឡើង បន្ទាប់ពីមានការស្រាវជ្រាវដោយធនាគារពិភពលោកបង្ហាញថា ក្រុមហ៊ុនចិនជ្រើសយកការរើទីតាំងផលិតកម្មរបស់ខ្លួនទៅភាគអាស៊ីអាគ្នេយ៍ បានជៀសពីឥណ្ឌូនេស៊ី ដោយសំដៅទៅវៀតណាម ម៉ាឡេស៊ី ថៃ និងកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ លោក វីដូដូ បានគូសបញ្ជាក់ថា ឥណ្ឌូនេស៊ីមានការយឺតយ៉ាវក្នុងការទាញផលពីឱកាសដែលកំពុងតែកើតមាន ពីការអូសបន្លាយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន។ លោកបន្តថា ធនាគារពិភពលោកបានប្រាប់យើងពីរខែមុនមកហើយ មានក្រុមហ៊ុនចិន៣៣ ដែលនឹងត្រូវចេញពីទីផ្សារ និង២៣បានរើសយកវៀតណាម ខណៈ១០ទៀតទៅម៉ាឡេស៊ី ថៃ និងកម្ពុជា គ្មានមួយណាមកឥណ្ឌូនេស៊ីសោះ។ នាឱកាសនោះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ បានបន្តដាស់តឿនឲ្យយកចិត្តទុកដាក់ ដោយត្រូវតែដឹងថា ឥណ្ឌូនេស៊ីមានបញ្ហាដែលត្រូវដោះស្រាយ និងសូមឲ្យគ្រប់រដ្ឋមន្ត្រីផ្តល់សេវាអ្នកវិនិយោគអមដំណើរពួកគេ រហូតពួកគេធ្វើបានសម្រេច ហើយថា កុំធ្វើខ្លួនជាពួកការិយាល័យអធិបតេយ្យ ដែលត្រូវឲ្យគេបម្រើនោះ៕ធ.ដ
-
ព្យុះត្រូពិចដែលបង្កជាគ្រោះទឹកជំនន់ កំពុងគំរាមកំហែងយ៉ាងធ្ងន់នៅខេត្តភាគកណ្តាល និងខាងត្បូងប្រទេសឡាវ

ឡាវ៖ ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា បានបង្កជាគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ ដែលកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ដល់បណ្តាខេត្តជាច្រើនស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសឡាវ។ តំបន់ដែលរងគ្រោះធ្ងន់ជាងគេ គឺនៅក្នុងខេត្ត Salavan ដោយមានភូមិរហូតដល់១៨៣ ក្នុងស្រុកចំនួន០៣ ត្រូវទឹកជន់លិចខ្លាំង។ ការធ្លាក់ភ្លៀងខ្លាំងបែបនេះ បានបង្កឡើងដោយសារព្យុះត្រូពិចមួយ បោកបក់ឆ្លងកាត់ប្រទេសឡាវ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ ដោយឡែកបណ្តាខេត្តនៅភាគខាងត្បូងប្រទេសឡាវវិញ សុទ្ធតែបានទទួលរងគ្រោះពីទឹកជំនន់ក្នុងកម្រិតខុសៗគ្នា ហើយប្រជាជនឡាវរាប់ពាន់នាក់កំពុងត្រូវការជាចាំបាច់នូវស្បៀង អាហារ និងទឹកបរិភោគ ខណៈខេត្តខ្លះទៀតត្រូវការទូក។ ឆ្លើយតបនឹងបញ្ហាគ្រោះធម្មជាតិខាងលើនេះ អាជ្ញាធរឡាវ បាននឹងកំពុងតែខិតខំប្រឹងប្រែងជួយជនរងគ្រោះទាំងឡាយតាមតែអាចធ្វើទៅបាន៕ធ.ដ
-
សហរដ្ឋអាម៉េរិក ប្រកាសផ្តល់រង្វាន់១៥លានដុល្លារដល់នរណាដែលផ្តល់ព័ត៌មាន ដើម្បីបង្អាក់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធលើអ៊ីរ៉ង់បន្ថែមទៀតនាសប្តាហ៍នេះ ដោយដាក់ទណ្ឌកម្មលើបណ្តាញដឹកជញ្ជូនប្រេងមួយ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហើយថែមទាំងផ្តល់រង្វាន់រហូតដល់១៥លានដុល្លារ សម្រាប់នរណាដែលផ្តល់ព័ត៌មានអាចរំខានដល់សេដ្ឋកិច្ចអ៊ីរ៉ង់។វិធានការថ្មីនេះ គឺជាការប្រកាសចុងក្រោយបំផុតនៅក្នុងយុទ្ធនាការសម្ពាធអតិបរិមា ដែលមានគោលបំណងបង្ខំឱ្យអ៊ីរ៉ង់ ធ្វើការចរចាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លួនចេញកាលពីឆ្នាំមុន ហើយបញ្ឈប់សកម្មភាពមួយចំនួនដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនិយាយថា ធ្វើឱ្យអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។ទណ្ឌកម្មដែលប្រកាសដោយក្រសួងការបរទេសអាម៉េរិក និងក្រសួងរតនាគារជាតិអាមេរិកខាងលើនេះ គឺផ្តោតលើក្រុមហ៊ុនចំនួន១៦ បុគ្គល១០នាក់ និងនាវាចំនួន១១គ្រឿង ដែលពាក់ព័ន្ធនឹងអ្វីដែលក្រុមមន្ត្រីអាម៉េរិកនិយាយថា ជាបណ្តាញដែលគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលដឹកជញ្ជូនប្រេងតម្លៃរាប់លានដុល្លារ ភាគច្រើនទៅប្រទេសស៊ីរី ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។ បន្ថែមលើនេះ ក្រុមហ៊ុន ឬបុគ្គលដែលធ្វើជំនួញជាមួយបណ្តាញដឹកជញ្ជូននោះ ក៏អាចប្រឈមនឹងការដាក់ទណ្ឌកម្ម ពីវិធានការហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិកផងដែរ៕ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ត្រូវរំពឹងថា អាចនឹងជួបគ្នានៅឯមហាសន្និបាត អង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន នាថ្ងៃពុធនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ជំនួបជាមួយសមភាគី អ៊ីរ៉ង់ លោក ហាសាន់ រ៊ូហានី ទំនងជាធ្វើឡើងអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញ៉ូវយ៉ក នៅខែកញ្ញានេះ។ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា ពិតប្រាកដណាស់ អ្វីៗគឺអាចទៅរួច ពីព្រោះពួកគេចង់ដោះស្រាយបញ្ហារបស់ខ្លួន ហើយយើងអាចដោះស្រាយបញ្ហារបស់ពួកគេក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្លាប់ត្រូវបានធ្វើឡើងជាច្រើនលើករួចមកហើយ ប៉ុន្តែភាគីអ៊ីរ៉ង់ បានអះអាងជាច្រើនលើកច្រើនសាថា ជំនួបជាមួយសហរដ្ឋអាម៉េរិក នឹងមិនអាចកើតឡើងឡើយ បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មជាមុនសិនទេនោះ៕ម.ន