-
សហរដ្ឋអាម៉េរិក សម្រេចចិត្តផ្អាកប្រតិបត្តិការជើងហោះហើរចំនួន១,៥០០ ខណៈព្យុះដ៏កំណាច Dorian កំពុងសំដៅឆ្ពោះទៅរដ្ឋផ្លូរីដា

សហរដ្ឋអាម៉េរិក៖ ស្ថិតក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការគំរាមកំហែងដែលអាចបង្កឡើងដោយសារតែព្យុះហឺរីខិន ដូរៀន ដែលបាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ ផ្លូរីដា នោះ រដ្ឋាភិបាលអាម៉េរិកបានសម្រេចចិត្តផ្អាកប្រតិបត្តិការជើងហោះរហើរចំនួន១,៥០០នៅក្នុងរដ្ឋនេះ នាថ្ងៃអង្គារម្សិលមិញ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ជើងហោះហើរដែលត្រូវបានលុបចោលនោះ គឺធ្វើឡើងនៅឯអាកាសយានដ្ឋានជាច្រើននៅក្នុងទីក្រុង ម៉ៃអាមី, អូរឡេនដូ, ហ្វតឡូដឺដាល និង ផាមប៊ីច ផងដែរ ដោយសារតែព្រួយបារម្ភពីការគំរាមកំហែងរបស់ព្យុះហឺរីខិន ដូរៀន ដែលទើបវាយប្រហារលើប្រទេសបាហាម៉ាស់យ៉ាងដំណំ។ សូមរំលឹកផងដែរថា ព្យុះ ដូរៀន កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះបានវិវត្តន៍ខ្លួនទៅជាព្យុះហឺរីខិនកម្រិតទី៥ ជាមួយល្បឿនខ្យល់បក់២៩៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះដ៏កំណាចមួយនេះ ក៏បានឆក់យកអាយុជីវិតមនុស្ស០៧នាក់ និងបំផ្លាញផ្ទះសម្បែង ព្រមទាំងអគារ១ម៉ឺន៣ពាន់ខ្នងផងដែរ នៅក្នុងប្រទេសបាហាម៉ាស់៕ធ.ដ
-
សហរដ្ឋអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទីភ្នាក់ងារអវកាសរបស់អ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មទីភ្នាក់ងារអវកាសស៊ីវិល និងអង្គការស្រាវជ្រាវចំនួន២ទៀតរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ដោយចោទប្រកាន់ថា ស្ថាប័នទាំងអស់នេះ កំពុងត្រូវបានប្រើប្រាស់ដើម្បីជំរុញកម្មវិធីមីស៊ីលផ្លោងរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។ សហរដ្ឋអាម៉េរិក បានកំណត់គោលដៅដាក់ទណ្ឌកម្មលើទីភ្នាក់ងារអវកាសអ៊ីរ៉ង់ មជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ និងវិទ្យាសា្ថនស្រាវជ្រាវអវ កាសអ៊ីរ៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងរតនាគារជាតិអាម៉េរិក។ ការដាក់ទណ្ឌកម្មនេះដែរ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនជាយូរមកហើយ ដើម្បីរារាំង ក៏ដូចជាទប់ស្កាត់ទីក្រុងតេហេរ៉ង់ មិនឱ្យសម្រេចមហិច្ឆតាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ស្របពេលដែលភាពតានតឹងនៅក្នុងតំបន់មជ្ឈិបូព៌ាកាន់តែកើនឡើងកម្តៅខ្លាំងមិនមានពីមុនមក។ ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះទៀតសោត បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីបច្ចេកវិទ្យាអ៊ីរ៉ង់លោក អាហ្សារី ហ្សារ៉ូមី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបង្ហោះរូបភាព Selfie ជាមួយផ្កាយរណប ណាហ៊ីដ ១ ដែលហាក់មិនបានរងការខូចខាតក្នុងអំឡុងពេលត្រៀមបាញ់បង្ហោះ ដែលបរាជ័យនោះឡើយ និងបានសរសេរសារបង្ហោះតាមបណ្តាញសង្គមធ្វីតធើថា អរុណសួស្តីលោក ដូណាល់ ត្រាំ នេះគឺខ្ញុំ ហើយនឹងផ្កាយរណប ណាហ៊ីដ១ នាពេលនេះ៕ធ.ដ
-
ប៉ូលិសហុងកុងបញ្ជាក់ថា មនុស្សជាង១ពាន់នាក់ហើយត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ក អំពើហិង្សាគិតចាប់តាំងពីខែមិថុនាមកនេះ

ហុងកុង៖ ប៉ូលិសហុងកុង បានចាប់ខ្លួនមនុស្សប្រមាណ១,១៤០នាក់ហើយ គិតចាប់តាំងពីថ្ងៃទី០៩ ខែមិថុនាកន្លងមកនេះ នៅពេលដែលភាពចលាចលរីករាលដាលធំឡើងៗពាសពេញទីក្រុងហុងកុង និងបង្កឱ្យមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមបាតុករ និងក្រុមអាជ្ញាធរ។ ការបង្ហាញពីរបាយការណ៍របស់ប៉ូលិសហុងកុងនេះ បានធ្វើឡើងបន្ទាប់ពីអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅអង្គារនេះថា លោកស្រីមិនបានសូម្បីតែគិត អំពីការទៅពិភាក្សាជុំវិញការលាលែងពីតំណែងជាមួយរដ្ឋាភិបាលចិនដីគោក ហើយថា ជម្រើស និងគោលជំហរនៃការមិនព្រមចុះចេញពីតំណែង គឺជាការសម្រេចចិត្តរបស់លោកស្រីផ្ទាល់ ដោយពុំមានពាក់ព័ន្ធជាមួយភាគីណាផ្សេងឡើយ។ សូមបញ្ជាក់ថា ចលនាបាតុកម្មនៅទីក្រុងហុងកុង បានបន្តប្រព្រឹត្តទៅ១៣សប្តាហ៍មកហើយ ដោយគ្មានសញ្ញាថា នឹងអន់ថយវិញនាពេលណានោះទេ ខណៈអំពើហិង្សា និងការប៉ះទង្គិចគ្នាបានកើនឡើងកាន់តែខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍មុននេះ បាតុកម្មបានផ្ទុះឡើងយ៉ាងខ្លាំងក្លារហូតដល់មនុស្សជាង១៥០នាក់ត្រូវបានចាប់ខ្លួន ខណៈជិត៥០នាក់ទៀតចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារការប៉ះទង្គិចគ្នារវាងក្រុមប៉ូលិស និងហ្វូងបាតុករ៕ធ.ដ
-
លោក ត្រាំ ចង់ដកថវិកាជិត៤ពាន់លានដុល្លារអាម៉េរិកពីក្រសួងការពារជាតិ យកទៅសង់ជញ្ជាំងអាម៉េរិក-ម៉ិកស៊ិក

សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយនៅថ្ងៃទី៤កញ្ញានេះថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបង្វែរថវិកាទំហំ៣,៦ពាន់លានដុល្លារពីគម្រោងផ្សេងៗរបស់ក្រសួងការពារជាតិអាម៉េរិក ដើម្បីយកទៅប្រើប្រាស់សម្រាប់ដំណើរការសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាម៉េរិក និងប្រទេសម៉ិកស៊ិក។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Mark Esper បានជូនដំណឹងប្រាប់ដល់ថ្នាក់ដឹកនាំនៃសភាអាម៉េរិក រួមមានប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi និងប្រធានសំឡេងភាគតិចនៃព្រឹទ្ធសភាលោក Charles Schumer នៃគណបក្សប្រជាធិបតេយ្យ អំពីការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបង្វែរថវិកាចេញពីគម្រោងសាងសង់ របស់យោធា ទៅកាន់គម្រោងសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនភាគខាងត្បូងវិញ។ក្នុងចំណោមថវិកា៣,៦ពាន់លានដុល្លារនោះ ពាក់កណ្តាលនឹងបានមកពីគម្រោងសាងសង់របស់យោធា ដែលនៅក្រៅប្រទេស ខណៈពាក់កណ្តាលទៀត នឹងយកចេញពីគម្រោងរបស់ក្រសួងការពារជាតិ ដែលស្ថិតនៅក្នុងសហរដ្ឋអាម៉េរិកផ្ទាល់។ ទាំងលោក Schumer និងលោកស្រី Pelosi សុទ្ធតែបានរិះគន់ចំពោះការសម្រេចចិត្តនេះ ដោយថាលោក ត្រាំ កំពុងព្យាយាមដណ្តើមអំណាចពីសភា។គួរជម្រាបថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នថ្នាក់ជាតិមួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយបានបង្គាប់ឲ្យមានការប្រមែប្រមូលថវិកា ពីបណ្តាស្ថាប័នរដ្ឋាភិបាល ដើម្បីយកទៅកសាងជញ្ជាំងនៅបណ្តោយព្រំដែនអាម៉េរិកជាប់នឹងម៉ិកស៊ិក ដែលលោកបានសន្យាជាយូរណាស់មកហើយ៕ម.ន
-
ថៃបង្កើតកម្មវិធីផ្តល់លុយឲ្យពលរដ្ឋដើរកម្សាន្ត ដើម្បីលើកស្ទួយវិស័យទេសចរ

ក្រសួងទេសចរថៃ នឹងចំណាយថវិការប្រមាណ១២០លានបាត ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ក្នុងគោលដៅសម្រេចកំណើនយ៉ាងតិច៧ភាគរយ នៅឆ្នាំ២០១៩នេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន samuitimes នៅថ្ងៃទី៤ កញ្ញានេះ។ រដ្ឋមន្ត្រីក្រសួងទេសចរ Phiphat Ratchakitprakarn បាននិយាយថា កញ្ចប់ថវិកាទាំងនេះនឹងត្រូវចំណាយលើគម្រោងនានា ក្នុងនោះ ក៏មានការផែនការផ្តល់លុយ១០០០បាតដល់ប្រជាពលរដ្ឋថៃ ចំណាយលើការដើរកម្សាន្តផងដែរ ដែលវាគឺជាវិធានការមួយរបស់ក្រសួងហិរញ្ញវត្ថុ។លោកថា កញ្ចប់ថវិកាទាំងនេះ នឹងត្រូវចំណាយយ៉ាងតិច សម្រាប់៣វិធានការ ដោយវិធានការមួយផ្តោតលើគម្រោង «១០០បាតទៅគ្រប់ផ្នែកប្រទេសថៃ»។ គម្រោងនេះនឹងធ្វើការជ្រើសរើសមនុស្សមានសំណាង១ម៉ឺននាក់ នៅថ្ងៃទី៩ កញ្ញា ១០តុលា ១១ វិច្ឆិកា និង ១២ ធ្នូ ដែលនឹងត្រូវផ្តល់កញ្ចប់ទេសចរមួយដោយគ្រាន់តែចំណាយលុយត្រឹម១០០បាតប៉ុណ្ណោះ។ វិធានការមួយទៀត ក្រសួងទេសចរ និងកីឡាថៃនឹងអភិវឌ្ឍន៍ ការបំពេញពាក្យតាមអេឡិចត្រូនិកសម្រាប់ទេសចរណ៍ ខណៈដែលទេសចរនឹងទទួលបានថវិការ១៥ភាគរយមកវិញ។ រីឯវិធានការមួយទៀត ទេសចរនឹងលើកទឹកចិត្តឲ្យធ្វើដំណើរនៅថ្ងៃសប្តាហ៍ ជំនួសថ្ងៃចុងសប្តាហ៍ ហើយនិងថ្ងៃឈប់សម្រាករយៈពេលយូរ ទទួលបានការបញ្ចុះតម្លៃពិសេសផងដែរ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីទេសចរថៃបញ្ជាក់ថា គម្រោងទាំងនោះស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ៕ម.ន
-
ទីបំផុត ចិនសម្រេចប្ដឹងសហរដ្ឋអាម៉េរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ពាក់ព័ន្ធនឹងការដំឡើងពន្ធ

ចិន៖ ទីបំផុតក្រសួងពាណិជ្ជកម្មចិន បានសម្រេចដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ក្នុងគោលបំណងតវ៉ាជំទាស់នឹងការយកពន្ធរបស់សហរដ្ឋអាម៉េរិក។ ប៉ុន្តែជាមួយគ្នានេះ ចិនមិនទាន់បានបញ្ចេញពាក្យបណ្តឹងរបស់ខ្លួនយ៉ាងលម្អិតនៅឡើយទេ គ្រាន់តែបញ្ជាក់ថា ការយកពន្ធរបស់សហរដ្ឋអាម៉េរិក នឹងប៉ះពាល់ដល់ការនាំចេញរបស់ចិនប្រមាណជា៣០០ពាន់លានដុល្លារ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន ការយកពន្ធចុងក្រោយនេះ គឺមិនគោរពតាមកិច្ចព្រមព្រៀងរបស់មេដឹកនាំអាម៉េរិក និងចិនធ្វើឡើងនៅប្រទេសជប៉ុន ហើយទីក្រុងប៉េកាំងនឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួន តាមរយៈច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិក បានសម្រេចយកពន្ធ១៥ភាគរយលើមុខទំនិញជាច្រើនប្រភេទរបស់ប្រទេសចិន ស្របពេលដែលទីក្រុងប៉េកាំងបានយកពន្ធ៥ភាគរយលើប្រេងឆៅរបស់សហរដ្ឋអាម៉េរិកវិញ ដើម្បីជាការសងសឹក។ យ៉ាងណាមិញ បើសិនបើពាក្យបណ្តឹងរបស់ចិនទទួលបានការវិនិច្ឆ័យពីអង្គការពាណិជ្ជកម្មពិភពលោក នោះនីតិវិធីនឹងត្រូវការរយៈពេល៣ ឬ៤ឆ្នាំ៕ម.ន
-
កូរ៉េខាងជើង សម្តែងការគាំទ្រចំពោះគោលជំហររបស់ចិន ជុំវិញភាពតានតឹង នៅទីក្រុងហុងកុង

កូរ៉េខាងជើង៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានលើកឡើងថា កូរ៉េខាងជើងគាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការនានារបស់ប្រទេសចិន ជាពិសេសចំណាំត់ការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការព្យាយាមរក្សាគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ និងការការពារបូរណភាពទឹកដីរបស់ខ្លួន។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូរ បានធ្វើការការកត់សម្គាល់បែបនេះ នៅពេលដែលរូបលោកបានជួបពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី ដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង រយៈពេល៣ថ្ងៃនៅក្នុងសប្តាហ៍នេះ។ នាឱកាសនោះដែរ លោក វ៉ាង យី បានបង្ហាញពីទស្សនៈយល់ឃើញដោយសង្ខេបរបស់ប្រទេសចិន ក៏ដូចជាគោលជំហរ និងវិធានការចំពោះការវិវឌ្ឍចុងក្រោយនៃស្ថានភាពនៅក្នុងទីក្រុងហុងកុង។ ជាការឆ្លើយតប លោក រី យ៉ុងហូរ បានគូសបញ្ជាក់ថា កិច្ចការទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយកងកម្លំាងខាងក្រៅមិនគួរចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងឡើយ៕ម.ន
-
ក្រុមសកម្មជនហុងកុងអំពាវនាវឲ្យរដ្ឋបាលកោះតៃវ៉ាន់ចូលរួមតវ៉ា ដើម្បីលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង

ចិន៖ នៅថ្ងៃអង្គារនេះ ក្រុមសកម្មជនហុងកុងបានជំរុញឲ្យរដ្ឋបាលកោះតៃវ៉ាន់ ជួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ដែលគ្រប់គ្រងដោយចិន ហើយថែមទាំងអំពាវនាវឲ្យមានការជួបជុំគ្នាដ៏ធំមួយ នៅមុនខួប៧០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិននៅថ្ងៃទី០១ ខែតុលាខាងមុខ។ ជុំវិញការអំពាវនាវខាងលើនេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវិន បានគូសបញ្ជាក់ថា រដ្ឋបាលរបស់លោកស្រី បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះវិបត្តិនៅទីក្រុងហុងកុង។ ដោយឡែករដ្ឋាភិបាលចិនបានចោទប្រកាន់រដ្ឋបាលកោះតៃវ៉ាន់ថា បានគាំទ្រចំពោះការតវ៉ានៅទីក្រុងហុងកុង ខណៈ ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយកោះតៃវ៉ាន់។ សូមរំលឹកថា ទីក្រុងហុងកុង ជាអតីតអាណានិគមរបស់អង់គ្លេស បានវិលត្រឡប់ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ១៩៩៧ ក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលធានានូវសេរីភាពរបស់ខ្លួន ។ ចិនក៏បានស្នើឲ្យអនុវត្តន៍រូបមន្តដូចគ្នា សម្រាប់កោះតៃវ៉ាន់ផងដែរ ដែលចិនចាត់ទុកតៃវ៉ាន់ជាខេត្តបែកចេញ និងពិបាកគ្រប់គ្រង៕ម.ន
-
អនុប្រមុខការបរទេសរុស្ស៊ីអះអាងថា ការពង្រាយកងទ័ព និងគ្រឿងសព្វាវុធនៅលើកោះ Kuril នឹងមិនស្ថិតក្នុងកិច្ចចរចាជាមួយជប៉ុនឡើយ

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូបានលើកឡើងថា ការដាក់ពង្រាយយោធា និងសព្វាវុធរុស្ស៊ីនៅលើប្រជុំកោះជម្លោះ ឃើរៀល នឹងមិនត្រូវលើកយកមកពិភាក្សាគ្នានោះឡើយ នៅមុនកិច្ចចរចាបង្កើតសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនត្រូវធ្វើឡើង។ បើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក អ៊ីហ្គ័រ ម័រហ្គូឡូ លោកមិនមានការព្រួយបារម្ភអំពីផែនការកសាងមូលដ្ឋានយោធារបស់រុស្ស៊ីឡើយ ប៉ុន្តែវាក៏មិនពាក់ព័ន្ធអ្វីទៅនឹងកិច្ចចរចាបង្កើតសន្ធិសញ្ញាសន្តិភាពនោះដែរ ហើយថា ការកសាងមូលដ្ឋានយោធារុស្ស៊ី គឺមិនត្រូវយកទៅពិភាក្សានៅក្នុងកិច្ចចរចាទាំងនោះទេ។គួរបញ្ជាក់ថា រុស្ស៊ី និងជប៉ុន មិនបានចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នានោះឡើយ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ ដូច្នេះទើបប្រជុំកោះខាងលើនេះ ស្ថិតនៅក្នុងជម្លោះដណ្តើមគ្នានៅឡើយ។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីហ្សូ បានអះអាងថា លោកនឹងបោះជំហានទៅមុខទៀត ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ហើយក្រោយមក ទើបមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរបៀបចំដំណើរការកិច្ចចរចា ទៅតាមការប្តេជ្ញារបស់មេដឹកនាំរៀងៗខ្លួន៕ម.ន
-
សហរដ្ឋអាម៉េរិក គ្រោងដកកងទ័ពជាង៥ពាន់នាក់ចេញពីអាហ្វហ្កានីស្ថាន បើសិនឈានដល់ ការចុះកិច្ចព្រមព្រៀងជាមួយតាលីបង់

សហរដ្ឋអាម៉េរិក៖ មន្ត្រីចរចាជាន់ខ្ពស់អាម៉េរិក លោក ហ្សាល់ម៉េយ ខាលីលហ្សាដ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មានផែនការដកកងទ័ព៥,៤០០នាក់ ចេញពីទឹកដីអាហ្វហ្កានីស្ថាន ក្នុងរយៈពេល២០សប្ដាហ៍ខាងមុខទៀតនេះ ស្ថិតក្រោមកិច្ចព្រមព្រៀងមួយ បើសិនជាសម្រេចបានជាមួយក្រុមតាលីបង់។ ទន្ទឹមគ្នានោះដែរ មន្ត្រីចរចាជាន់ខ្ពស់អាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ការអនុម័តចង់ក្រោយនៃកិច្ចព្រមព្រៀងនេះ គឺអាស្រ័យទៅលើលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។ បច្ចុប្បន្នកងទ័ពអាម៉េរិក ១៤,០០០នាក់ កំពុងឈរនៅជើងនៅអាហ្វហ្កានីស្ថាននៅឡើយ។ ការកត់សម្គាល់បែបនេះរបស់លោក ហ្សាល់ម៉េយ ខាលីលហ្សាដ បានធ្វើឡើងស្របពេលមានការវាយប្រហារបំផ្ទុះគ្រាប់បែកមួយបានកើតឡើងភ្លាមៗ ដោយផ្ដាច់ជីវិតមនុស្ស០៥នាក់ និងរាប់សិបនាក់ទៀតរងរបួស។ រីឯក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវ ខណៈមានការសង្ស័យជាច្រើនលើកឡើងថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងជម្លោះនៅអាហ្វហ្កានីស្ថានអស់រយៈពេលជាង១៨ឆ្នាំមកនេះ នឹងមិនសម្រេចបានឡើយ៕ធ.ដ