Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់ ព្រមានជាថ្មីថា នឹងចាប់ផ្តើមការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកាន់តែលឿនជាងមុន ចាប់ពីថ្ងៃទី០៦ ខែកញ្ញានេះ

    អ៊ីរ៉ង់ ព្រមានជាថ្មីថា នឹងចាប់ផ្តើមការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកាន់តែលឿនជាងមុន ចាប់ពីថ្ងៃទី០៦ ខែកញ្ញានេះ

    អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់ នៅថ្ងៃពុធនេះបាននិយាយថា ខ្លួននឹងចាត់វិធានការបន្ថែមទៀត ដើម្បីដើរចេញឆ្ងាយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការចាប់ផ្តើមការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនឱ្យកាន់តែលឿនជាងមុន ប៉ុន្តែអ៊ីរ៉ង់នៅតែផ្តល់ពេលវេលាដល់មហាអំណាចអឺរ៉ុប ចំនួន២ខែទៀត ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះ។ថ្លែងសុន្ទករថាតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៊ូហានី បានគូសបញ្ជាក់ថា ប្រទេសរបស់លោកចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍជារួម ក្នុងការបង្កើនល្បឿនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលអាចផលិតបានជាប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់ថាមពលរោងចក្រ ឬផលិតគ្រាប់អាតូមិច ដែលនេះជាជំហានបន្ទាប់ សំដៅកាត់បន្ថយការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ការអះអាងបែបនេះរបស់លោក ហាសាន់ រ៊ូហានី បានកើតមានឡើងស្របពេលមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងនៅថ្ងៃពុធនេះថា មធ្យោបាយតែម្យ៉ាងគត់ បើចង់ឱ្យទីក្រុងតេហេរ៉ង់នឹងវិលត្រឡប់ទៅរកការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ លុះត្រាតែអ៊ីរ៉ង់ ទទួលបានប្រាក់១៥ពាន់លានដុល្លារ សម្រាប់ការលក់ប្រេងក្នុងរយៈពេល៤ខែ ដូចដែលបានចែងនៅក្នុងសេចក្តីព្រាងផែនការបារំាងមួយ ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ៕ម.ន

  • ប៉ូលិសហុងកុងបញ្ជាក់ថា គិតចាប់តាំងពីខែមិថុនាមក មនុស្សជិត១,២០០នាក់ហើយ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើបាតុកម្មហិង្សា

    ប៉ូលិសហុងកុងបញ្ជាក់ថា គិតចាប់តាំងពីខែមិថុនាមក មនុស្សជិត១,២០០នាក់ហើយ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើបាតុកម្មហិង្សា

    ហុងកុង៖ ប៉ូលិសហុងកុងនៅថ្ងៃពុធនេះ បាននិយាយថា មនុស្ស៣៥នាក់បន្ថែមទៀត ដែលមានអាយុចាប់ពី១៤ឆ្នាំដល់៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន ដោយចោទប្រកាន់ពីបទប្រមូលផ្តុំគ្នាដោយខុសច្បាប់ ការកាន់កាប់អាវុធ ការរំខានដល់ទីសាធារណៈ និងបង្កការខូចខាតធ្ងន់អំឡុងការតវ៉ាកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។ បើតាមរបាយការណ៍របស់ប៉ូលិសហុងកុង គិតមកទល់ពេលនេះ មានមនុស្សសរុប១,១៨៣នាក់ហើយត្រូវបានចាប់ខ្លួន ចាប់តាំងពីភាពចលាចលបានរីករាលដាលកាន់តែធំឡើងៗពាសពេញទីក្រុងហុងកុង និងការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមប៉ូលិស និងហ្វូងបាតុករ។ របាយការណ៍ខាងលើនេះ ត្រូវបានបង្ហាញឱ្យដឹង បន្ទាប់ពីអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា នាថ្ងៃពុធនេះ បានប្រកាសថា លោកស្រីនឹងលុបចោលជាផ្លូវការនូវច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ដែលជាមូលហេតុចម្បងបង្កឲ្យមានការធ្វើបាតុកម្មយ៉ាងកក្រើកនៅក្នុងទីក្រុងស្វយ័តចិនមួយនេះ ដែលបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន គឺជាងបីខែហើយ។ ការលុបចោលសេចក្ដីព្រាងច្បាប់នេះ គឺជាសំណើដ៏សំខាន់មួយ ក្នុងចំណោមការទាមទារទាំង៥របស់ក្រុមបាតុករ ក្នុងនោះរួមមានទាំងការស្នើឱ្យលោកស្រី ឡំា ចុះចេញពីតំណែងផងដែរ។ យ៉ាងណាមិញ ក្រុមបាតុករមួយចំនួនបានលើកឡើងថា ការលុបចោលជាផ្លូវការនេះហាក់ដូចជាយឺតពេលបន្តិចហើយ៕ធ.ដ

  • មេដឹកនាំហ្វីលីពីន៖ អ្នកទោស១៧០០នាក់ដែលដោះលែងហើយ អាចចូលគុកវិញ

    មេដឹកនាំហ្វីលីពីន៖ អ្នកទោស១៧០០នាក់ដែលដោះលែងហើយ អាចចូលគុកវិញ

    ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា អ្នកទោស១៧០០នាក់ ដែលត្រូវបានដោះលែងឱ្យសេរីភាព ដោយសារមាន «អាកប្បកិរិយាល្អ» គួរតែត្រឡប់មកកាន់ពន្ធនាគារវិញ បន្ទាប់ពីមានសំណួរជាច្រើនពាក់ព័ន្ធនឹងភាពស្របច្បាប់នៃការដោះលែងអ្នកទាំងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ ក៏បានប្រកាស ទុកពេល១៥ថ្ងៃដែរ ឱ្យអ្នកទោស១,៧០០នាក់ខាងលើ ប្រគល់ខ្លួនឱ្យប៉ូលិសដោយស្ម័គ្រចិត្ត មុនប៉ូលិស ប្រើធម៌ក្ដៅ។ គួរជម្រាបថា លោក ឌូតឺតេ ក៏បានស្នើឱ្យប្រធានពន្ធនាគាររបស់លោក លាលែងចេញពីតំណែងផងដែរ ដោយសារមិនគោរពតាមបទបញ្ជាហាមដោះលែងអ្នកទោស ដែលត្រូវបានដោះលែងមុនកាលកំណត់ ដោយសំអាងលើ «អាកប្បកិរិយាល្អ» ក្រោមច្បាប់ឆ្នាំ២០១៤៕ធ.ដ

  • ចិន-អាម៉េរិក ឯកភាពលើកកិច្ចចរចាពាណិជ្ជកម្មជុំថ្មី ទៅដើមខែតុលា

    ចិន-អាម៉េរិក ឯកភាពលើកកិច្ចចរចាពាណិជ្ជកម្មជុំថ្មី ទៅដើមខែតុលា

    ចិន និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាថា នឹងលើកកិច្ចចរចាពាណិជ្ជកម្មជុំថ្មីទៅដើមខែតុលា ឆ្នាំ២០១៩វិញ នៅឯទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី៥ កញ្ញា បានចេញសេចក្តីប្រកាសប្រាប់ពីដំណឹងខាងលើ បន្ទាប់ពីឧបនាយករដ្ឋមន្រ្តីចិន លោក Liu He បានជជែកតាមទូរសព្ទជាមួយមន្រ្តីតំណាងពាណិជ្ជកម្មអាម៉េរិក លោក Robert Lighthizer និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោក Steven Mnuchin។ ពីដំបូងឡើយកិច្ចចរចាពាណិជ្ជកម្មជុំថ្មី ត្រូវបានគ្រោងនឹងរៀបចំឡើងនៅក្នុងខែកញ្ញានេះ ក៏ប៉ុន្តែកាលពីដើមខែប្រទេសទាំងពីរទើបតែបានដំឡើងពន្ធដាក់គ្នាលើទំនិញថ្មីទៀត។ យ៉ាងណាមិញ នៅមុនជំនួបខែតុលា ក្រុមមន្រ្តីចិន និងអាម៉េរិក ក៏នឹងពិគ្រោះយោបល់គ្នា នៅពាក់កណ្តាលខែនេះផងដែរ៕ធ.ដ

  • រុស្ស៊ី សន្យាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅម៉ុងហ្គោលី

    រុស្ស៊ី សន្យាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅម៉ុងហ្គោលី

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សន្យាជួយកសាងហេដ្ឋានរចនាសម្ព័ន្ធនៅក្នុងម៉ុងហ្គោលី ខណៈប្រទេសមួយនេះ កាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ការសន្យារបស់លោក ពូទីន នេះ បានកើតមានឡើងក្នុងឱកាសដែលប្រធានាធិបតីបតីរុស្ស៊ីរូបនេះ បានធ្វើទស្សនកិច្ចនៅរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្នុងគោលបំណងរឹតចំណងមិត្តភាព និងប្រារព្ធខួបលើកទី៨០នៃដៃគូប្រយុទ្ធ។ ម៉ុងហ្គោលី គឺជាប្រទេសតែមួយគត់ ដែលស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញរ៉ែទៅប្រទេសជិតខាងរបស់ខ្លួនគឺចិន។ ប៉ុន្តែអាជ្ញាធរម៉ុងហ្គោលី ចាប់ផ្តើមស្វែងរកទីផ្សារផ្សេងទៀតនៅតំបន់អាស៊ី ដើម្បីបញ្ចៀសការនាំចេញវត្ថុធាតុដើមទៅតែប្រទេសចិនមួយគត់។ នាអំឡុងទស្សនកិច្ចនេះដែរ ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaa Battulga និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលពាក់ព័ន្ធនឹងមូលនិធិវិនិយោគរួមគ្នាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់កិច្ចព្រមព្រៀងនេះទៀតសោត លោក ពូទីន បានផ្តល់កម្ចីរហូតដល់១,៥ពាន់លានដុល្លារ ដើម្បីទុកជាអំណោយថ្ងៃបុណ្យខួបនៃការប្រយុទ្ធ។ សូមបញ្ជាក់ថា ប្រទេសទាំងពីរ មានទំហំពាណិជ្ជកម្មជាមួយគ្នាប្រមាណជា១,៧ពាន់លានដុល្លារ ហើយ៩៥ភាគរយនៃពាណិជ្ជកម្ម គឺម៉ុងហ្គោលី ទិញប្រេងពីរុស្សី៕ធ.ដ

  • ក្រុមហ៊ុន YouTube របស់សហរដ្ឋអាម៉េរិក រងការបង់ប្រាក់ពិន័យ១៧០លានដុល្លារ ពីបទរំលោភបំពានលើព័ត៌មានឯកជនរបស់កុមារ

    ក្រុមហ៊ុន YouTube របស់សហរដ្ឋអាម៉េរិក រងការបង់ប្រាក់ពិន័យ១៧០លានដុល្លារ ពីបទរំលោភបំពានលើព័ត៌មានឯកជនរបស់កុមារ

    សហរដ្ឋអាម៉េរិក៖ យោងតាមការចោទប្រកាន់ពីបទរកបា្រក់ដោយខុសច្បាប់រាប់លានដុល្លារ តាមរយៈការប្រមូលទិន្នន័យឯកជនរបស់កុមារ ដោយមិនមានការអនុញ្ញាតពីឪពុកម្ដាយរបស់ពួកគេនោះ ក្រុមហ៊ុន YouTube នឹងត្រូវបង់ប្រាក់ពិន័យ១៧០លានដុល្លារ ដើម្បីសម្របសម្រួលជាមួយគណៈកម្មាការសហព័ន្ធពាណិជ្ជកម្ម (FTC) និងអគ្គរដ្ឋអាជ្ញាធរទីក្រុងញ៉ូវយ៉ក។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក YouTube ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google នឹងត្រូវបង់ប្រាក់ពិន័យ១៣៦លានដុល្លារឱ្យគណៈកម្មាការសហព័ន្ធពាណិជ្ជកម្ម និង៣៤លានដុល្លារទៀតឱ្យអគ្គរដ្ឋអាជ្ញាទីក្រុងញ៉ូវយ៉ក ដើម្បីសម្របសម្រួលការចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភបំពានលើព័ត៌មានឯកជនរបស់កុមារ។ ស្របពេលជាមួយគ្នានេះដែរ គណៈកម្មាការសហព័ន្ធពាណិជ្ជកម្ម FTC បានគូសបញ្ជាក់ថា ចំនួនទឹកប្រាក់ពិន័យខាងលើ គឺជាប្រាក់ពិន័យធំបំផុតដែលខ្លួនទទួលបានចាប់តាំងពីឆ្នាំ១៩៩៨មក ខណៈការចាត់វិធានការលើ YouTube ត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេង៣ទល់នឹង២៕ធ.ដ

  • ឥណ្ឌូណេស៊ី បញ្ជូនសំរាមរាប់រយកុងតឺន័រទៅកាន់ប្រទេសដើមវិញ

    ឥណ្ឌូណេស៊ី បញ្ជូនសំរាមរាប់រយកុងតឺន័រទៅកាន់ប្រទេសដើមវិញ

    ឥណ្ឌូណេស៊ី៖ មន្រ្តីគយឥណ្ឌូណេស៊ីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយថា ទូកុងតឺន័រផ្ទុកសំរាមសរុបប្រហែល២៥០ទូ ដែលបាននាំចូលមកកាន់ឥណ្ឌូណេស៊ីដោយខុសច្បាប់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសដើមរបស់ពួកវាវិញ នាអំឡុងប៉ុន្មានខែចុងក្រោយនេះ ខណៈអាជ្ញាធរកំពុងតែបន្តត្រួតពិនិត្យលើកុងតឺន័រ ដែលផ្ទុកកាកសំណល់ហាមឃាត់ជាង១,០០០ទូទៀត។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមសំរាមប្រមាណ២៥០កុងតឺន័រនោះ មាន៤៩ទូ ត្រូវបានបញ្ជូនចេញពីកោះបាតាំ ត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ បារាំង ហុងកុង និងអូស្រ្តាលី។ ដោយឡែកជាង២០០កុងតឺន័រទៀត ត្រូវបានបញ្ជូនចេញពីទីក្រុងសួរ៉ាបាយ៉ា ទៅកាន់សហរដ្ឋអាម៉េរិក អង់គ្លេស និងអាល្លឺម៉ង់។ ទន្ទឹមគ្នានោះដែរ ប្រទេសឥណ្ឌូណេស៊ី ក៏បាននឹងកំពុងរៀបចំបញ្ជូនសំរាមខ្ទង់១៥០កុងតឺន័រផ្សេងទៀតចេញទៅកាន់ប្រទេសជាប្រភពដើមវិញផងដែរ ក៏ដូចជាកំពុងត្រួតពិនិត្យមើលជាង១ពាន់ទូទៀត ដែលអាចមានផ្ទុកកាកសំណល់ហាមឃាត់៕ធ.ដ

  • ក្រសួងការបរទេសសិង្ហបុរីព្រមានប្រជាជនខ្លួនថា ការធ្វើដំណើរទៅលេងកូរ៉េខាងជើង អាចនឹងបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

    ក្រសួងការបរទេសសិង្ហបុរីព្រមានប្រជាជនខ្លួនថា ការធ្វើដំណើរទៅលេងកូរ៉េខាងជើង អាចនឹងបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

    សង្ហិបុរី៖ ក្រសួងការបរទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយ ណែនាំឱ្យពលរដ្ឋខ្លួនមានការប្រយត្ន័ប្រយែងសម្រាប់ការធ្វើដំណើរទៅកូរ៉េខាងជើង ស្របពេលដែលសភាពការណ៍នៅទីនោះ មានការប្រែប្រួលមិនអាចកំណត់បាន។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី ប្រជាជនសិង្ហបុរី ដែលធ្វើដំណើរកម្សាន្តទៅកូរ៉េខាងជើង គួរតែយល់ដឹងអំពីហានិភ័យ និងបញ្ហាមួយដែលអាចកើតឡើងដោយចៃដន្យ ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងការចូលរួមគោរពច្បាប់របស់សិង្ហបុរី។ ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ទៀតថា នៅពេលទៅដល់កូរ៉េខាងជើង ប្រជាជនសង្ហិបុរី អាចនឹងមិនទទួលបានជំនួយពីស្ថានទូតខ្លួនបានទេ ពីព្រោះប្រទេសទាំងពីរគ្មានទំនាក់ទំនងការទូតនឹងគ្នាឡើយ។ ជាមួយគ្នានេះ សិង្ហបុរី ក៏បានចោទកូរ៉េខាងជើងដែរថា កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដើម្បីប្រមូលយករូបិយវត្ថុបរទេស ខណៈសេដ្ឋកិច្ចខ្លួនកំពុងធ្លាក់ចុះដោយសារការដាក់ទណ្ឌកម្មរបស់ប្រទេសផ្សេងៗ។ បច្ចុប្បន្នកូរ៉េខាងជើង រងទណ្ឌកម្មជាច្រើនពីសំណាក់អង្គការសហប្រជាជាតិ ហើយវិស័យទេសចរណ៍នេះ ជាប្រភពចំណូលសំខាន់មួយរបស់រដ្ឋកុម្មុយនីស្តមួយនេះ៕ធ.ដ

  • អភិបាលក្រុងហុងកុងត្រូវបានរំពឹងថា នឹងប្រកាសដកសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ នៅក្នុងថ្ងៃពុធនេះ

    អភិបាលក្រុងហុងកុងត្រូវបានរំពឹងថា នឹងប្រកាសដកសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ នៅក្នុងថ្ងៃពុធនេះ

    ហុងកុង៖ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ ត្រូវបានគេរំពឹងថា លោកស្រីមានគម្រោងនឹងដកសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ នារសៀលថ្ងៃពុធនេះ។ ការសម្រេចចិត្តខាងលើ នឹងមានន័យថា រដ្ឋាភិបាលក្រុងហុងកុង យល់ព្រមតាមការទាមទារមួយ ក្នុងចំណោមប្រាំរបស់ក្រុមបាតុករហុងកុង ដែលបានធ្វើសកម្មភាពតវ៉ាអស់ពេល១៣សប្តាហ៍មកហើយនោះ។ សូមរំលឹកថា កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ អភិបាលក្រុងហុងកុងរូបនេះ បានសម្រេចចិត្តផ្អាកសេចក្តីព្រាងច្បាប់បត្យាប័ន ដែលនឹងបើកផ្លូវឲ្យធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុងទៅកាន់ចិនដីគោកបាន។គួរបញ្ជាក់បន្ថែមដែរថា ប៉ូលិសហុងកុង បានចាប់ខ្លួនមនុស្សប្រមាណ១,១៤០នាក់ហើយ គិតចាប់តាំងពីថ្ងៃទី០៩ ខែមិថុនាកន្លងមកនេះ នៅពេលដែលភាពចលាចលរីករាលដាលធំឡើងៗពាសពេញទីក្រុងហុងកុង និងបង្កឱ្យមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមបាតុករ និងកងកម្លំាងសមត្ថកិច្ចហុងកុង៕ម.ន

  • នាយករដ្ឋមន្រ្តីអង់គ្លេស គ្រោងរៀបចំការបោះឆ្នោតមុនអាណត្តិ ដើម្បីអូសអង់គ្លេសចេញពី សហភាពអឺរ៉ុប

    នាយករដ្ឋមន្រ្តីអង់គ្លេស គ្រោងរៀបចំការបោះឆ្នោតមុនអាណត្តិ ដើម្បីអូសអង់គ្លេសចេញពី សហភាពអឺរ៉ុប

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសនៅថ្ងៃអង្គារនេះថា រូបលោកនឹងកោះធ្វើការបោះឆ្នោតសកល ប្រសិនបើសមាជិកសភាបោះឆ្នោតគាំទ្រការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ឬ ព្រីហ្ស៊ីត ដោយគ្មានកិច្ចព្រមព្រៀងនៅថ្ងៃពុធសប្តាហ៍នេះ។ការកត់សម្គាល់បែបនេះរបស់លោក ចនសុន បានធ្វើឡើងក្រោយសមាជិកសភាបានបោះឆ្នោតដោយសំឡេង៣២៨ទល់នឹង៣២១ ដើម្បីដាក់សេចក្តីព្រាងច្បាប់បន្ទាន់មួយកាលពីថ្ងៃអង្គារម្សិលមិញ សំដៅរារាំងលោក ចនសុន កុំឱ្យយកអង់គ្លេសចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែតុលា ដោយគ្មានកិច្ចព្រមព្រៀង។ថ្លែងទៅកាន់សភា លោក ចនសុន បានបញ្ជាក់ថា លោកមិនចង់បានការបោះឆ្នោតទេ ប៉ុន្តែប្រសិនបើសមាជិកសភាបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់សម្រាប់ ព្រីហ្ស៊ីត ដែលគ្មានកិច្ចព្រមព្រៀងនៅថ្ងៃពុធ នោះសាធារណៈជន នឹងត្រូវជ្រើសរើសអ្នកណាដែលត្រូវទៅទីក្រុងព្រុចសែលនៅថ្ងៃទី១៧ ខែតុលាខាងមុខ៕ម.ន