-
សហរដ្ឋអាម៉េរិក ចេញការប្រកាសអាសន្ន ស្របពេលព្យុះសង្ឃរា ដូរៀន កំពុងបក់បោកសំដៅ មកកាន់រដ្ឋផ្លូរីដា

សហរដ្ឋអាម៉េរិក៖ អភិបាលរដ្ឋផ្លូរីដា លោក រ៉ូន ឌែសាន់ទីស នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានចេញការប្រកាសអាសន្នលើតំបន់ចំនួន២៦នៃរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាម៉េរិកមួយនេះ ពាក់ព័ន្ធនឹងការមកដល់នៃព្យុះហឺរីខិន ដូរៀន នៅឆ្នេរសមុទ្រភាគខាងកើតរបស់រដ្ឋនាចុងសប្តាហ៍នេះ។ បើតាមអាជ្ញាធរឧតុនិយមអាម៉េរិក ព្យុះសង្ឃរានេះ អាចនឹងវិវត្តន៍ខ្លួនដល់កម្លាំងដ៏ខ្លាំងក្លាបន្ថែមទៀត នៅពេលដែលវាបានបក់បោកមកដល់តំបន់ដីគោកនៃរដ្ឋ ផ្លូរីដា នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ(ម៉ោងក្នុងតំបន់)។ ដោយឡែកការប្រកាសអាសន្ននេះ ត្រូវបានធ្វើឡើងក្រោយព្យុះហឺរីខិន ដូរៀន បានវិវឌ្ឍន៍ខ្លួនក្លាយជាព្យុះសង្ឃរាកម្រិតទី១ នៅពេលវាមកដល់ភាគខាងកើតនៃសមុទ្រការ៉ាប៊ីន ភាគខាងត្បូងសហរដ្ឋអាម៉េរិក៕ធ.ដ
-
ប្រជាជនអង់គ្លេសរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីសម្តែងការតវ៉ាប្រឆំាង នឹងការប្រកាសផ្អាកដំណើរការសភា

អង់គ្លេស៖ ពលរដ្ឋអង់គ្លេសរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ចាប់តំាងពីយប់ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីសម្តែងការតវ៉ាប្រឆំាងនឹងការប្រកាសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ពាក់ព័ន្ធនឹងផ្អាកដំណើរការសភា។ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បត្តិ៍នេះ។ ទន្ទឹមគ្នានេះ ក្រុមអ្នកប្រឆាំងនឹងលោក ចនសុន បានអះអាងថា ការសម្រេចចិត្តរបស់លោក ដែលត្រូវបានអនុម័តដោយម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាប៊ែតទី២ គឺជាសកម្មភាពមួយ ដែលមានចេតនាកាត់បន្ថយសិទ្ធិអំណាចសមាជិកសភា ដើម្បីបញ្ឈប់លោកពីការយកអង់គ្លេសចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដោយគ្មានកិច្ចព្រមព្រៀង។ គួរបញ្ជាក់ថា ការផ្អាកដំណើរការសភានេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោក ចនសុន ដើម្បីតតាំងទៅនឹងសមាជិកសភាជាច្រើន ដែលចង់ជំទាស់ចំពោះការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនោះ។ លោក បូរីស ចនសុន បានហៅការសម្រេចព្រះទ័យផ្អាកដំណើរការសភានោះ គឺជារឿងដ៏រំភើបបំផុតមួយ។ ប៉ុន្តែវាមានន័យថា ពេលវេលាដែលសមាជិកសភាត្រូវអនុម័តច្បាប់ ដើម្បីរារាំងការគ្មានកិច្ចព្រមព្រៀងចាកចេញពីអឺរ៉ុប ឬ ណូ ព្រីហ្ស៊ីត (No Brexit) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលានោះ នឹងត្រូវបានកាត់បន្ថយពេលផងដែរ៕ធ.ដ
-
ប្រធានាធិបតីម៉ិកស៊ិក ហៅករណីវាយប្រហារនៅក្លិបកម្សាន្ត ដែលផ្តាច់ជីវិតមនុស្សកើន ជិត៣០នាក់ថា ជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម

ម៉ិកស៊ិក៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារដោយការចោលគ្រាប់បែកសាំងនៅក្លិបរាត្រីមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានបន្តកើនឡើងដល់២៨នាក់ហើយ។ នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បត្តិ៍នេះ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃពុធម្សិលមិញ ប្រធានាធិបតីម៉ិកស៊ិក លោក ម៉ានូអែល ឡប់ប៉េស អូប្រាឌ័រ បានហៅករណីវាយប្រហារនោះថា ជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ហើយថា អាជ្ញាធរសហព័ន្ធនឹងបើកការស៊ើបអង្កេតរកភ័ស្តុតាង ដែលវាអាចមកពីការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាន និងឧក្រិដ្ឋជនដែលបានរៀបចំឡើង។ យោងតាមប្រភពរបស់អាជ្ញាធរម៉ិកស៊ិកបានឱ្យដឹងថា ករណីវាយប្រហារដ៏អាក្រក់នេះបានកើតឡើងនាវេលាយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្លិបឈ្មោះ ខាបាលឡូ ប្លង់កូ ក្នុងទីក្រុង ខូតហ្សាខូលខូស រដ្ឋ វែរ៉ាគ្រូស ហើយបើតាមសាក្សីមួយចំនួននោះ មនុស្សមួយក្រុមបានធ្វើសកម្មភាពបាញ់ប្រហារ រួចគប់គ្រាប់បែកសាំងទៅលើកន្លែងនោះ៕ធ.ដ
-
រុស្ស៊ីទទួលជោគជ័យ ក្នុងការបញ្ជូនមនុស្សយន្តមួយគ្រឿងឡើងទៅដល់ស្ថានីយអវកាសអន្តរជាតិ

រុស្ស៊ី៖ យានអវកាសរុស្ស៊ី ស៊យយូស MS-14 ដែលមានផ្ទុកមនុស្សយន្តមួយគ្រឿង បានចូលចតនៅស្ថានីយអវកាស ISS ដោយជោគជ័យ ក្រោយមិនអាចធ្វើបានកាលពីចុងសប្តាហ៍មុន ។ មនុស្សយន្ត ហ្វេឌ័រ គឺជាមនុស្សយន្តដំបូងគេ ដែលរុស្ស៊ីបានបញ្ជូនឡើងទីអវកាស ហើយវានឹងស្នាក់នៅក្នុងស្ថានីយ ISS រហូតដល់ថ្ងៃទី០៧ ខែកញ្ញាខាងមុខ ដើម្បីរៀនជួយការងារក្រុមអវកាសយានិកនៅទីនោះ ។ បើតាមការគ្រោងទុកនោះ យានអវកាសរុស្ស៊ីខាងលើ នឹងត្រូវចូលចតនៅស្ថានីអវកាសអន្តរជាតិ ISS កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែបញ្ហាបានកើតមាន ដែលជាហេតុត្រូវលុបចោលការព្យាយាមចូលចតនាពេលនោះ ហើយលើកមកថ្ងៃអង្គារសប្តាហ៍នេះវិញ ។ សូមបញ្ជាក់ថា យានអវកាស MS-14 ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានរុស្ស៊ី ដែលស្ថិតនៅភាគខាងត្បូងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីនាំយកមនុស្សយន្តមួយគ្រឿងឈ្មោះ ហ្វេឌ័រ ទៅកាន់ស្ថានីយ ISS ៕ធ.ដ
-
អភិបាលក្រុងហុងកុងអំពាវនាវ ឲ្យការពារគោលនយោបាយប្រទេសមួយ ប្រព័ន្ធដឹកនំាពីរ

ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា បានសាទរចំពោះគោលការណ៍ប្រទេសមួយ ប្រព័ន្ធដឹកនំាពីរ និងបានអំពាវនាវឲ្យប្រជាជនហុងកុងគំាទ្រ និងការពារយ៉ាងរឹងមំាផងដែរ នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បត្តិ៍នេះ ។ លោកស្រី ខារី ឡំា បានគូសបញ្ជាក់ថា ភាពរុងរឿង និងស្ថេរភាពយូរអង្វែងរបស់ទីក្រុងហុងកុង គឺការទទួលយករបបដឹកនំាប្រទេសមួយ ប្រព័ន្ធដឹកនំាពីរ ហើយជាថ្មីម្តងទៀត លោកស្រីបានអំពាវនាវយ៉ាងទទូចឱ្យបញ្ចប់អំពើហិង្សា និងស្តារសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីធ្វើឱ្យទីក្រុងហុងកុងចាប់ផ្តើមដំណើរការជាធម្មតាឡើងវិញ ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់អភិបាលក្រុងហុងកុងរូបនេះ បានកើតមានឡើងកងទ័ពចិនដែលឈរជើងនៅទីក្រុងហុងកុង នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យោធាប្រទេសចិននឹងបង្កើនការចូលរួមចំណែកថ្មីៗ ដើម្បីរក្សាស្ថិរភាព និងវិបុលភាពនៃទីក្រុងស្វយ័តពិសេសនេះ ៕ធ.ដ
-
មេដឹកនាំប្រេស៊ីលនិយាយថា ប្រទេសនៅតំបន់អាម៉េរិកខាងត្បូងនឹងជួបគ្នា ដើម្បីកំណត់នូវគោលនយោបាយរួមមួយស្តីពីកិច្ចការពារព្រៃអាម៉ាហ្សូន

ប្រេស៊ីល៖ បណ្តាប្រទេសនៅតំបន់អាម៉េរិកខាងត្បូងនឹងជួបគ្នា ដើម្បីកំណត់នូវគោលនយោបាយរួមមួយ ស្តីពីកិច្ចការពារព្រៃអាម៉ាហ្សូន។ នេះបើតាមប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃពុធនេះ។ បន្ទាប់ពីបញ្ចប់ជំនួបជាមួយប្រធានាធិបតីឈីលី លោក សេបាស្ទាន ភីណែរ៉ា នៅរដ្ឋធានីប្រេស៊ីឡា លោក បូលសូណារ៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំមួយរវាងបណ្តាប្រទេសអាម៉េរិកខាងត្បូង ដើម្បីគាំពារតំបន់ព្រៃអាម៉ាហ្សូននឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញាខាងមុខ នៅទីក្រុងឡេទីស្យ៉ា របស់ប្រទេសកូឡុំប៊ី។ ជាមួយគ្នានោះដែរ ប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បានទទួលយកសំណើរបស់ឈីលី ដែលចង់បញ្ជូនយន្តហោះ០៤គ្រឿងឲ្យជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន នៅប្រទេសប្រេស៊ីលផងដែរ។ ដោយឡែក កាណាដា ក៏បានប្រកាសផ្តល់យន្តហោះដឹកទឹក រួមនឹងទឹកប្រាក់ជំនួយ១៥លានដុល្លារអាម៉េរិក ដើម្បីជួយដល់ព្រៃទាក់ទាញទឹកភ្លៀង អាម៉ាហ្សូន ដែលមានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើន ហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុពិភពលោកផងដែរ៕ធ.ដ
-
ទឹកជំនន់នៅជប៉ុន មនុស្សជាង២៤ម៉ឺននាក់បង្ខំចិត្តភៀសខ្លួនពីកោះ Kyushu

កាលពីថ្ងៃពុធម្សិលមិញ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្ដីប្រកាសអាសន្នបន្ទាន់ ឲ្យពលរដ្ឋរបស់ខ្លួនមានភាពប្រុងប្រយ័ត្នខ្ពស់នៅកោះ Kyushu ក្រោយពេលដែលមានភ្លៀងធ្លាក់ខ្លាំងលើសកម្រិតដែលអាចបង្កឲ្យមានការបាក់ដី ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ។ ប្រជាជនជាង២៤០,០០០នាក់ ដែលរស់នៅក្នុងអាណាខេត្ត Fukuoka, Nagasaki និង Saga នៃកោះ Kyushu ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។ ប្រភពដដែលឲ្យដឹងទៀតថា នៅផ្នែកជាច្រើននៃកោះនេះ បានទទួលរងភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ដែលបណ្ដាលឲ្យមានការប្រកាសអាសន្នរហូតដល់កម្រិត៥៕ធ.ដ
-
កាណាដា ផ្តល់យន្តហោះដឹកទឹកជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន រួមនឹងជំនួយ ១៥លានដុល្លារអាម៉េរិកបន្ថែម

ប្រធានាធិបតីនៃប្រទេសកាណាដាអះអាងថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនយន្ដហោះដឹកទឹករួមជាមួយលុយ១៥លានដុល្លារ ដើម្បីជួយពន្លត់ភ្លើងដែលកំពុងឆេះព្រៃអាម៉ាហ្សូនទូទាំងអាម៉េរិកខាងត្បូង។ នៅក្នុងសេចក្ដីថ្លែងសុន្ទរកថាបិទនៃកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងថ្មីៗនេះ ប្រធានាធិបតីកាណាដា Justin Trudeau បានឲ្យដឹងថា ប្រជាជនទូទាំងពិភពលោក មានភាពភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំងនៅពេលដែលឃើញព្រៃអាម៉ាហ្សូនត្រូវបានភ្លើងឆាបឆេះ។ លោក Trudeau ឲ្យដឹងទៀតថារដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា បានធ្វើការទាក់ទងទៅកាន់រដ្ឋាភិបាលប្រេស៊ីល និងប៊ូលីវីរួចហើយដើម្បីផ្ដល់ជំនួយពន្លត់ភ្លើង។ យ៉ាងណាមិញ ថ្មីៗនេះដែរ រដ្ឋាភិបាលប្រេស៊ីល បានច្រានចោលមិនទទួលយកជំនួយជាង២០លានដុល្លារ របស់ប្រទេស G7 ដែលរួមមាន អាម៉េរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និងកាណាដា ក្នុងការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូននោះទេ។ ប្រធានាធិបតីប្រេស៊ីល អះអាងថានឹងទទួលយកជំនួយនេះ លុះត្រាណាតែប្រធានាធិបតីបារាំង ធ្វើការសុំទោស និងដកការចោទប្រកាន់មកលើលោកថាជាមនុស្សកុហក៕ធ.ដ
-
ថៃ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

រដ្ឋាភិបាលថៃកាលពីថ្ងៃពុធម្សិលមិញ បានប្រកាសពីផែនការបង្កើតមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ នៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីដោះស្រាយក្តីកង្វល់ដែលថា ព័ត៌មានក្លែងបន្លំទាំងនេះ ត្រូវបានគេប្រើប្រាស់ជាលេស សម្រាប់សេរីភាពនៃការបញ្ចេញមតិនោះ។ គោលដៅសំខាន់នៃមជ្ឈមណ្ឌលនេះ ផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ធ្វើយ៉ាងណា កុំឲ្យសាធារណជនទទួលបានព័ត៌មានខុសអំពីបញ្ហាគ្រោះមហន្តរាយ និងបញ្ហាហិរញ្ញវត្ថុជាដើម។ នេះបើតាមលោក Buddhipongse Punnakanta រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម នៃប្រទេសថៃ។ មានប្រសាសន៍អំឡុងសន្និសីទសារព័ត៌មាន លោករដ្ឋមន្ត្រី Punnakanta ថា «ព័ត៌មានក្លែងក្លាយគឺមាននៅគ្រប់ទិដ្ឋភាពសង្គមទាំងអស់ ដូច្នេះវាគឺជារឿងដ៏លំបាក ក្នុងការដាក់ឲ្យចំចំណុចណាមួយនោះ មិនថាព័ត៌មានពាក់ព័ន្ធនឹងហិរញ្ញវត្ថុ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗទៀត ប៉ុន្តែបើទោះបីជាយើងដំណើរការយឺត ប៉ុន្តែមានប្រសិទ្ធភាព ពួកយើងនឹងព្យាយាមគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់»។ ប្រភពបញ្ជាក់ដែរថា មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រមទាំងគេហទំព័រផងដែរនោះ គ្រោងនឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការ នៅត្រឹមខែតុលា ២០១៩៕ធ.ដ
-
សហរដ្ឋអាម៉េរិក ចេញមុខចង់ជួយដោះស្រាយទំនាស់ពាណិជ្ជកម្មរវាងជប៉ុន-កូរ៉េខាងត្បូង

សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃពុធនេះបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយកូរ៉េខាងត្បូង និងជប៉ុន ក្នុងការដោះស្រាយជម្លោះ បើទោះបីជាបរាជ័យក្នុងការចូលខ្លួនមកដោះស្រាយប៉ុន្មានលើកមកហើយក៏ដោយ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក ក្នុងនាមសហរដ្ឋអាម៉េរិកជាមិត្ត និងជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង និងជប៉ុន សហរដ្ឋអាម៉េរិក គាំទ្រឲ្យមានកិច្ចខិតខំប្រឹងប្រឹងក្នុងការដោះស្រាយបញ្ហា។ អាម៉េរិកជឿថា វាមានសារសំខាន់ណាស់ ដើម្បីប្រាកដថាអាចរក្សាទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធរវាងប្រទេសទាំងបី។ ជាពិសេស គឺដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងក្នុងតំបន់ ក្នុងនោះរួមមាន៖ កូរ៉េខាងជើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។ ការកត់សម្គាល់បែបនេះរបស់ក្រសួងការបរទេសអាម៉េរិក បានកើតមានឡើងក្រោយជប៉ុន បានដក កូរ៉េខាងត្បូង ចេញពីបញ្ជីស ស្តីពីការអនុគ្រោះផ្នែកនាំចេញជាផ្លូវការហើយ នៅថ្ងៃពុធនេះ ខណៈការសម្រេចនេះ ធ្វើឡើងក្រោយគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ បានយល់ព្រមអនុម័តនាពេលថ្មីៗនេះ។ ជាការឆ្លើយតបកូរ៉េខាងត្បូង បានប្រកាសដក ជប៉ុន ចេញពីបញ្ជីសពាណិជ្ជកម្មរបស់ខ្លួនដែរ និងបានប្រកាសការរឹតបន្តឹងខ្លាំងជាងមុន លើការនាំចូលផេះធ្យូងថ្ម និងកាកសំណល់នៃរូបធាតុ ដែលអាចកែច្នៃឡើងវិញបានផ្សេងៗទៀតពីប្រទេសជប៉ុន៕ធ.ដ