Category: ព័ត៌មានអន្តរជាតិ

  • វៀតណាម រកចំណូលជាង២៦ពាន់លានដុល្លារអាម៉េរិកពីការនាំចេញផលិតផលកសិកម្ម ត្រឹម៨ខែនេះ

    វៀតណាម រកចំណូលជាង២៦ពាន់លានដុល្លារអាម៉េរិកពីការនាំចេញផលិតផលកសិកម្ម ត្រឹម៨ខែនេះ

    សារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះថា ទំហំនៃការនាំចេញផលិតផលកសិកម្មរបស់វៀតណាម មានតម្លៃជាង២៦ពាន់លានដុល្លារអាម៉េរិក រយៈពេល៨ខែ ក្នុងឆ្នាំ២០១៩នេះ កើនឡើង១,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ របាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងទៀតថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុត សម្រាប់ផលិតផលកសិកម្មវៀតណាម ក្នុងនោះ មានជាង២០ភាគរយ។ បន្ទាប់មកទៀត គឺទីផ្សារប្រទេសចិន អឺរ៉ុប អាស៊ាន និងជប៉ុន។ ប្រភពថា ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗទាំង៨មុខដែលបាននាំចេញច្រើនជាងគេ រួមមាន កាហ្វេ កៅស៊ូ និងអង្ករ តម្លៃយ៉ាងតិច៦ពាន់លានដុល្លារអាម៉េរិក សម្រាប់រយៈពេលនេះ៕ម.ន

  • លោក ត្រាំ ថ្លែងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់

    លោក ត្រាំ ថ្លែងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់

    បារាំង៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា នេះគឺពិតជាឱកាសល្អ ដែលលោកនឹងជួបជាមួយសមភាគីអ៊ីរ៉ង់ លោក ហាសាន់ រូហាន់នី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីព្យាយាមចរចាគ្នាអំពីកិច្ចព្រមព្រៀងថ្មីមួយ ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជំនួសឲ្យកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលលោកបានដកសហរដ្ឋអាម៉េរិកចេញកាលពីឆ្នាំមុន។លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចដែលលោកបានដាក់លើអ៊ីរ៉ង់មួយឆ្នាំមុន ពិតជាប៉ះពាល់ខ្លាំងដល់ពួកគេ ដោយសារលោកបានកំណត់ខ្លាំងដាក់លើវិស័យនាំប្រេងទៅកាន់អន្តរជាតិរបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែលោក ត្រាំ រំពឹងថា រាល់កិច្ចប្រជុំទាំងអស់ជាមួយលោក រូហាន់នី ត្រូវតែនិយាយអំពីលក្ខខណ្ឌដែលថា អ៊ីរ៉ង់នឹងមិនបង្កើតភាពតានតឹងដល់បរទេស តាមរយៈការជឿនលឿនផ្នែកយោធា និងការវាយប្រហារនានា។ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងថ្មីនឹងទប់ស្កាត់មិនឲ្យអ៊ីរ៉ង់អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួនបានទេ៕ម.ន

  • ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា ការដកទណ្ឌកម្ម គឺជាលក្ខខណ្ឌដំបូងសម្រាប់កិច្ចចរចាជាមួយ សហរដ្ឋអាម៉េរិក

    ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា ការដកទណ្ឌកម្ម គឺជាលក្ខខណ្ឌដំបូងសម្រាប់កិច្ចចរចាជាមួយ សហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី នៅថ្ងៃអង្គារនេះបានអះអាងថា សហរដ្ឋអាម៉េរិកគួរតែដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ជាមុនសិន ដែលនេះគឺជាលក្ខខណ្ឌដំបូងសម្រាប់ការចរចាដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។ ថ្លែងសន្ទករថាតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃអង្គារសប្តាហ៍នេះ លោក រូហាន់នី បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកគួរតែដកទណ្ឌកម្មទំាងអស់ ដែលព្រៃផ្សៃ និងខុសច្បាប់របស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយគោរពសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ ដែលនេះគឺជាជំហានដំបូងឆ្ពោះទៅរកការចរចាគ្នា។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រទេសរបស់លោកនឹងបន្តកាត់បន្ថយការគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ លុះត្រាតែសហរដ្ឋអាម៉េរិកព្រមដកទណ្ឌកម្មខុសច្បាប់របស់ពួកគេចេញវិញ។សូមជម្រាបផងដែរថា អំឡុងវេទិកាកិច្ចប្រជុំកំពូល G7 នៅឯទីក្រុងប៊ីយ៉ារីត ប្រទេសបារាំងក្នុងសប្តាហ៍នេះ បញ្ហាអ៊ីរ៉ង់បានក្លាយជាប្រធានដ៏សំខាន់មួយ ដែលត្រូវបានលើកយកទៅពិភាក្សា។ នាឱកាសនោះលោក ត្រាំ បាននិយាយថា លោកត្រៀមខ្លួនរួចស្រេចក្នុងការជួបគ្នាមួយទល់នឹងមួយជាមួយលោក រូហាន់នី ដើម្បីព្យាយាមដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ។ ប៉ុន្តែសម្រាប់លោក រូហាន់នី នៅតែប្រកាន់ជំហរដាច់ខាតថា លោកនឹងមិនចរចាទាំងស្ថិតក្រោមសម្ពាធទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ៕ម.ន

  • ចិនខឹងសម្បារជាខ្លាំងលើមេដឹកនាំប្រទេស G7 ចំពោះការលើកឡើងពីបញ្ហា នៅទីក្រុងហុងកុង

    ចិនខឹងសម្បារជាខ្លាំងលើមេដឹកនាំប្រទេស G7 ចំពោះការលើកឡើងពីបញ្ហា នៅទីក្រុងហុងកុង

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសេចក្តីថ្លែងការណ៍រួម ចេញដោយមេដឹកនាំប្រទេសមហាសេដ្ឋកិច្ច G7 ដែលបានគាំទ្រស្វ័យភាពរបស់ទីក្រុងហុងកុង និងបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីមានភាពចលាចលជាច្រើនខែ។មេដឹកនាំប្រទេស G7 ដែលជួបប្រជុំគ្នានៅប្រទេសបារាំង បានគាំទ្រស្វ័យភាពរបស់ហុងកុង ដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេស និងចិន ហើយថែមទាំងបានជំរុញឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងទីក្រុងហុងកុងផងដែរ។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់រដ្ឋាភិបាលបរទេសថា បានជ្រៀតជ្រែកកិច្ចការរបស់ទីក្រុងហុងកុង ហើយបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង សួង ក្រុមប្រទេស G7 កំពុងជ្រៀតជ្រែក និងបង្កប់នូវចេតនាអាក្រក់។គួរបញ្ជាក់ថា ទីក្រុងហុងកុង បានផ្ទុះការតវ៉ាអស់រយៈពេលជាងពីរខែមកហើយ ពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលដែលគាំទ្រដោយទីក្រុងប៉េកាំង ក្នុងការអនុម័តច្បាប់ធ្វើបត្យាប័ន ដែលក្រុមប្រឆាំងមើលឃើញថា ជាឧបសគ្គដ៏ធំមួយនៅក្នុងស្វ័យភាពរបស់ទីក្រុងហុងកុង៕ម.ន

  • លោក ប្រាយុទ្ធ ចាន់អូចា រងការចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ ដោយសារមិនបាន ស្បថសព្វគ្រប់ មុនពេលចូលកាន់តំណែងនាយករដ្ឋមន្ត្រីថៃ

    លោក ប្រាយុទ្ធ ចាន់អូចា រងការចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ ដោយសារមិនបាន ស្បថសព្វគ្រប់ មុនពេលចូលកាន់តំណែងនាយករដ្ឋមន្ត្រីថៃ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរំលោភរដ្ឋធម្មនុញ្ញ ដោយសារតែខកខានមិនបានធ្វើសម្បថពេញលេញនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រកាលពីខែមុន។ នេះបើតាមការិយាល័យអង្គការវិន័យមន្ត្រីរាជការថៃ។ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រី៣៥រូបនៃគណៈរដ្ឋមន្ត្រីរបស់លោកបានសច្ចាចំពោះព្រះករុណាព្រះបាទ មហាវេជីរ៉ាឡុងកន នៅពិធីមួយក្នុងវិមាននៅទីក្រុងបាងកក កាលពីថ្ងៃ១៦ ខែកក្កដាកន្លងទៅ តែបានលុបចោលវគ្គចុងក្រោយ ដែលចែងថា ប្រកាន់ខ្ជាប់ និងដើរតាមរដ្ឋធម្មនុញ្ញ។ លោក រ៉ាក់សាចេស្តា ឆែឆៃ ដែលជាអគ្គលេខានៃការិយាល័យ Ombudsman បានប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្ត្រីថៃមិនបានសូត្រគ្រប់ពាក្យ ដែលរដ្ឋធម្មនុញ្ញតម្រូវទេ ដូច្នេះ ការស្បថនេះមិនពេញលេញ។ លោកបន្ថែមថា តុលាការធម្មនុញ្ញនឹងសម្រេចថា តើអ្វីត្រូវធ្វើបន្ត ដោយសារតែការស្បថមិនគ្រប់នេះ មានន័យថា រាល់អំពើនៃរដ្ឋាភិបាលអាចត្រូវបានគេមើលឃើញថា អធម្មនុញ្ញ។ យ៉ាងណាមិញ លោក ប្រាយុទ្ធ បានបដិសេធមិនឆ្លើយនៅពេលត្រូវបានសួរអំពីការសម្រេចរបស់អង្គការវិន័យនេះ។ គួរបញ្ជាក់ថា Ombudsmen ជាអង្គការមួយដែលតែងតាំងឡើងដោយព្រះមហាក្សត្រ តាមការណែនាំពីព្រឹទ្ធសភាថៃ។ អង្គការនេះ មានភារកិច្ចស៊ើបអង្កេតបណ្តឹងប្តឹងដោយសាធារណៈជន ប្រឆាំងមន្ត្រីសាធារណៈ និងបណ្តាទីភ្នាក់ងាររដ្ឋ ហើយវាមានអំណាចកាត់ទោស តែមិនអាចចាប់បង្ខំឲ្យអនុវត្តន៍សាកក្រមទេ៕ធ.ដ …

  • មេដឹកនាំប្រទេស G7 ទទូចឲ្យរក្សាភាពអត់ធ្មត់ខ្ពស់ ខណៈទីក្រុងហុងកុងកំពុងធ្លាក់ជ្រៅ ក្នុងភាពតានតឹងខ្លាំង

    មេដឹកនាំប្រទេស G7 ទទូចឲ្យរក្សាភាពអត់ធ្មត់ខ្ពស់ ខណៈទីក្រុងហុងកុងកំពុងធ្លាក់ជ្រៅ ក្នុងភាពតានតឹងខ្លាំង

    បារាំង៖ មេដឹកនាំប្រទេសកំពូលសេដ្ឋកិច្ច G7 បានស្នើឱ្យមានការរក្សាភាពអត់ធ្មត់ និងបង្ហាញការគាំទ្រផងដែរដល់ស្វ័យភាពរបស់ទីក្រុងហុងកុង ដែលមានចែងនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេស និងចិន។ សេចក្ដីថ្លែងការណ៍រួម ដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយសន្និសីទកំពូល G7 ក្នុងទីក្រុង ប៊ីយ៉ារីត ប្រទេសបារាំង បានបញ្ជាក់ថា ប្រទេស G7 បានទទួលស្គាល់ពីអត្ថិភាព និងសារសំខាន់នៃកិច្ចព្រមព្រៀងអង់គ្លេស-ចិន ឆ្នាំ១៩៨៤ ស្ដីពីទីក្រុងហុងកុង និងអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ ព្រមទាំងបញ្ចៀសរាល់អំពើហិង្សាទាំងឡាយ។ ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំប្រទេស G7 ក៏បានបង្ហាញពីក្ដីព្រួយបារម្ភជុំវិញស្ថានភាពបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុងផងដែរ បន្ទាប់ពីក្រុមបាតុកររាប់សិបនាក់ ក្នុងនោះរួមមានយុវជនអាយុ១២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិស២១នាក់បានរងរបួស ក្រោយការប៉ះទង្គិចគ្នាដោយហិង្សាកាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយឡែកនៅថ្ងៃអង្គារនេះ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ បានហៅស្ថានការណ៍បច្ចុប្បន្ននេះថា កាន់តែអាក្រក់ខ្លាំងឡើងៗ៕ធ.ដ

  • រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សំដៅស្វែងរកការគាំទ្រពី ប្រទេសចិន

    រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សំដៅស្វែងរកការគាំទ្រពី ប្រទេសចិន

    ចិន៖ នៅក្នុងជំនួបជាមួយសមភាគីចិនលោក វ៉ាង យី នៅឯទីក្រុងប៉េកាំង ក្នុងថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហំាម៉េដ ចាហ្វាដ ហ្សារីហ្វ បានថ្លែងថា ទីក្រុងតេហេរ៉ង់ និងទីក្រុងប៉េកំាងចាំបាច់ត្រូវតែរួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងគំនិតបែបឯកតោភាគី និងទង្វើរំលោភបំពានលើច្បាប់អន្តរជាតិ។ ថ្វីបើប្រមុខការទូតអ៊ីរ៉ង់រូបនេះ មិនបានបញ្ជាក់ចំៗឈ្មោះក៏ដោយ តែគេអាចស្មានដឹងថា អ្វីដែលលោកបានលើកឡើងគឺចង់សំដៅលើសហរដ្ឋអាម៉េរិក ជាពិសេសគឺរដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ នាឱកាសនោះដែរ លោក ហ្សារីហ្វ បានសង្កត់ធ្ងន់ថា គំនិតឯកតោភាគីកំពុងកើនឡើង ហើយការបដិសេធច្បាប់អន្តរជាតិ មិនមែនមានន័យត្រឹមតែការមិនគោរពច្បាប់អន្តរជាតិនោះទេ ប៉ុន្តែវាគឺជាចេតនាបំផ្លាញច្បាប់អន្តជាតិ ដូច្នេះយើងត្រូវតែរួមកម្លាំងគ្នាឡើង។ គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក លោក ម៉ូហំាម៉េដ ចាហ្វាដ ហ្សារីហ្វ ត្រូវបានធ្វើឡើងស្របពេលដែលអ៊ីរ៉ង់ កំពុងស្វែងរកការគាំទ្រពីចិន បន្ទាប់ពីថ្នាក់ដឹកនាំ G7 ហាក់ដូចជាមិនអើពើសោះ ចំពោះសំណើរបស់ទីក្រុងតេហេរ៉ង់ ក្នុងការលុបចោលការដាក់ទណ្ឌកម្មប្រេង ជាថ្នូរនឹងការថែរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕ធ.ដ

  • អភិបាលក្រុងហុងកុងថ្លែងថា រដ្ឋាភិបាលនឹងមិនអត់ឱនជាដាច់ខាត ចំពោះការប្រើអំពើ ហិង្សាប្រឆាំងនឹងប៉ូលិសនាពេលថ្មីៗនេះ

    អភិបាលក្រុងហុងកុងថ្លែងថា រដ្ឋាភិបាលនឹងមិនអត់ឱនជាដាច់ខាត ចំពោះការប្រើអំពើ ហិង្សាប្រឆាំងនឹងប៉ូលិសនាពេលថ្មីៗនេះ

    ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា នៅថ្ងៃអង្គារនេះ បានថ្លែងអះអាងថា រដ្ឋាភិបាលក្រុងហុងកុង នឹងមិនអត់ឱនឲ្យជាដាច់ខាត ចំពោះក្រុមបាតុករទាំងឡាយណា ដែលបង្កអំពើហិង្សាដោយចេតនាប្រឆាំងនឹងមន្រ្តីប៉ូលិស។ នេះបើតាមសារព័ត៌មានចិន CGTN។ អភិបាលក្រុងហុងកុងរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងហុងកុង នឹងមិនអត់ឱនឲ្យឡើយ ចំពោះការប្រើអំពើហិង្សានាពេលថ្មីៗនេះ។ លោកស្រីក៏នឹងមិនបោះបង់ចោលឡើយនូវការបង្កើតវេទិកាសម្រាប់កិច្ចសន្ទនាគ្នា ក៏ដូចជាការព្យាយាមបញ្ចប់អំពើហិង្សាជាមួយនឹងការអនុវត្តតាមផ្លូវច្បាប់។ ទន្ទឹមគ្នានេះ លោកស្រីថែមទាំងបានអំពាវនាវឲ្យមានការការពារក្រុមគ្រួសាររបស់មន្ត្រីប៉ូលិស ហើយអះអាងថា ការប្រើអំពើហិង្សាមិនមែនជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហានោះទេ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ខារី ឡំា បានកើតមានឡើងបន្ទាប់ពីមន្រ្តីប៉ូលិស២១នាក់ បានទទួលរងរបួស ដោយសារការធ្វើបាតុកម្មហិង្សារបស់ក្រុមបាតុករ ដែលក្នុងនោះរួមមានទាំងការគប់គ្រាប់បែកសាំង ក្នុងអំឡុងប៉ូលិសបំពេញកាតព្វកិច្ចបង្រ្កាបក្រុមបាតុករនៅក្នុងទីក្រុងហុងកុង កាលពីចុងសប្តាហ៍មុននេះ៕ធ.ដ

  • ប្រមុខដឹកនំាអង្គការសហប្រជាជាតិជំរុញមេដឹកនំាប្រទេស G7 ចាត់វិធានការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆំាងនឹងការប្រែប្រួលអាកាសធាតុ

    ប្រមុខដឹកនំាអង្គការសហប្រជាជាតិជំរុញមេដឹកនំាប្រទេស G7 ចាត់វិធានការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆំាងនឹងការប្រែប្រួលអាកាសធាតុ

    បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមេដឹកនំាប្រទេសកំពូលសេដ្ឋកិច្ច G7 ដឹកនំាការប្រយុទ្ធប្រឆំាងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារនេះ។ ថ្លែងនៅឯប្រទេសបារំាង ជាទីដែលលោកកំពុងចូលរួមក្នុងសន្និសីទកំពូល G7 លោក ហ្គូដទើរ៉េស បានបញ្ជាក់ថា យើងមានមធ្យោបាយជាច្រើន ដើម្បីដោះស្រាយភាពអាសន្ននៃអាកាសធាតុ ប៉ុន្តែយើងត្រូវការឆន្ទៈនយោបាយបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ទៀតថា ទាំងអស់នេះទាមទារឱ្យមានឆន្ទៈនយោបាយច្រើន ហើយកិច្ចប្រជុំកំពូល G7 គឺជាឱកាសដ៏ល្អមួយ ដើម្បីអំពាវនាវឲ្យមានការចូលរួមយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ គួរបញ្ជាក់ថា ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខដឹកនំាអង្គការសហប្រជាជាតិរូបនេះ ត្រូវបានធ្វើឡើងមុនពេលដែលកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ គ្រោងនឹងប្រព្រឹត្តទៅនាខែក្រោយនេះ នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេ៉រិក៕ធ.ដ

  • មេដឹកនំាប្រេស៊ីល និងកូឡុំប៊ី ពិភាក្សាគ្នាតាមទូរសព្ទស្តីពីផែនការរួបរួមគ្នាដើម្បីធានាការពារអធិបតេយ្យភាពនៅតំបន់ព្រៃអាម៉ាហ្សូន

    មេដឹកនំាប្រេស៊ីល និងកូឡុំប៊ី ពិភាក្សាគ្នាតាមទូរសព្ទស្តីពីផែនការរួបរួមគ្នាដើម្បីធានាការពារអធិបតេយ្យភាពនៅតំបន់ព្រៃអាម៉ាហ្សូន

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃចន្ទនេះ បាននិយាយថា រូបលោកបានជជែកគ្នាតាមទូរសព្ទជាមួយសមភាគីកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌូហ្គេ ដោយផ្តោតសំខាន់ក្នុងការរួបរួមគ្នាលើផែនការធានាការពារអធិបតេយ្យភាព ពាក់ព័ន្ធនឹងព្រៃត្រូពិក អាម៉ាហ្សូន និងប្រភពធនធានធម្មជាតិរបស់ប្រទេសខ្លួន។ តំបន់ព្រៃអាម៉ាហ្សូន បានគ្របដណ្ដប់លើប្រទេសជាច្រើនដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា, ហ្គូយ៉ាណា, ប៉េរូ, ស៊ូរីណេម និងវេណេស៊ុយអេឡា ខណៈ៦០ភាគរយគឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ។ ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។ ដោយឡែកកិច្ចសន្ទនាគ្នាតាមទូរសព្ទរវាង មេដឹកនំាប្រទេសទំាងពីរខាងលើនេះ បានធ្វើឡើងក្នុងគ្រាដែលរដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធទទួលយកថវិកាជំនួយពីប្រទេសកំពូលសេដ្ឋកិច្ច G7 ហើយបើតាម ទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះ គួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង៕ធ.ដ