-
មេដឹកនាំក្រុមឧទ្ទាមហេសបូឡា សន្យាបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីស្រាអែល ទាំងឡាយណា ដែលហ៊ានឈ្លានពានដែនអាកាសរបស់ប្រទេសលីបង់

សហរដ្ឋអាម៉េរិក៖ មេដឹកនាំក្រុមឧទ្ទាម ហេសបូឡា លោក ហាសាន់ ណាស្រាឡា ក៏បានព្រមានទុកមុននៅថ្ងៃអាទិត្យម្សិលមិញនេះដែរថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួននឹងបាញ់ទម្លាក់យន្តហោះយន្តហោះដ្រូនរបស់អ៊ីស្រាអែលទាំងឡាយណា ដែលហ៊ានរំលោភបំពានដែនអាកាសរបស់ប្រទេសលីបង់។ ការព្រមានរបស់មេដឹកនំាក្រុមឧទ្ទាមហេសបូឡារូបនេះ បានធ្វើឡើងស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ប្រទេសលោកគាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅស៊ីរី ដោយសារតែវាគឺជាសិទ្ធិការពារខ្លួនដោយស្របច្បាប់ ពីការគំរាមកំហែងណាមួយពីសំណាក់អ៊ីរ៉ង់ ។ សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានយោធាអ៊ីរ៉ង់ជាច្រើនកន្លែងនៅក្នុងទឹកដីស៊ីរី ក្នុងគោលបំណងបំផ្លាញសំបុកយន្ដហោះដ្រូន ដែលកងកម្លាំងអ៊ីរ៉ង់ទុកប្រើប្រាស់ ដើម្បីវាយប្រហារលើអ៊ីស្រាអែល។ យ៉ាងណាមិញ ខាងយោធាស៊ីរីមិនបានបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថា ខ្លួនចាប់បានសញ្ញាមីស៊ីលរបស់សត្រូវបាញ់ចេញពីតំបន់ ហ្គោលែន ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់៕ម.ន
-
ប្រមុខការទូតអ៊ីរ៉ង់ ធ្វើដំណើរទស្សនកិច្ចឥតព្រាងទុកទៅកាន់ប្រទេសបារាំង ស្របពេលបារាំងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7

បារាំង៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ម៉ូហំាម៉េដ ចាហ្វាដ ហ្សារីហ្វ បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់មួយ ដើម្បីទៅជួបពិភាក្សាគ្នាជាមួយម្ចាស់ផ្ទះបារំាង ដែលកំពុងទទួលរៀបចំកិច្ចប្រជុំកំពូល G7 នៅទីក្រុងប៊ីយ៉ារីត នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ចំពេលទីក្រុងប៉ារីសកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។ ក្នុងអំឡុងដំណើរទស្សនកិច្ចឥតព្រាងទុកនោះ ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះក៏បានជួបពិភាក្សាការងាររយៈពេលខ្លីជាមួយមន្រ្តីមកពីប្រទេសអាល្លឺម៉ង់ និងអង់គ្លេសផងដែរ។ ក្រុមប្រតិភូអាម៉េរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោក ហ្សារីហ្វ ដ្បិតពួកគេមិនបានដឹងជាមុនពីដំណើរទស្សនកិច្ចនេះទេ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានភាពតានតឹងខ្លាំងបំផុតមួយមិនធ្លាប់មានមុនមក។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអេល ម៉ាក្រុង បានបញ្ជាក់ថា ក្រុមប្រតិភូទាំងអស់ ត្រូវបានគេជូនដំណឹងជាមុនរួចអស់ហើយ ពីវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៕ធ.ដ
-
រដ្ឋាភិបាលក្រុងហុងកុងប្រកាសថ្កោលទោសយ៉ាងធ្ងន់ ជុំវិញការផ្ទុះបាតុកម្មហិង្សាដ៏អាក្រក់នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលបណ្តាលឱ្យប៉ូលិស៥នាក់រងរបួស

ហុងកុង៖ រដ្ឋាភិបាលក្រុងហុងកុងបានប្រកាសធ្វើការថ្កោលទោសយ៉ាងខ្លំាង ពាក់ព័ន្ធនឹងអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប៉ូលិសក្រុងហុងកុង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងតំបន់ Tsuen Wan តែក្រោយមកអំពើហិង្សានេះបានរាលដាលទៅដល់តំបន់ Tsim Sha Tsui ។ មន្រ្តីប៉ូលិសក្រុងហុងកុង បាននិយាយថា ក្នុងអំឡុងការប៉ះទង្គិចខាងលើនេះ ប៉ូលិល៣នាក់បានបង្ខំចិត្តប្រើប្រាស់កំាភ្លើងពិត និងបានបាញ់គម្រាមមួយគ្រឿង ដោយសារក្រុមប៉ូលិសប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ ។ ហើយជាលទ្ធផលនោះ មន្រ្តីប៉ូលិស៥នាក់បានទទួលរងរបួស ក្នុងពេលប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិសហុងកុង និងក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់នៅតំបន់ Tsuen Wan នេះបើតាមការចុះផ្សាយពីសារព័ត៌មានចិន CGTN ។ បើតាមប្រភពពីប៉ូលីសហុងកុងនោះ ក្រុមបាតុករបានគប់ដុំឥដ្ឋ ប្រើប្រាស់ដំបង និងគ្រាប់បែកសាំងទៅលើមន្ត្រីប៉ូលិសនៅតាមទីតាំងជាច្រើនក្នុងទីក្រុង Tsuen Wan ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់មនុស្សគ្រប់គ្នានៅនឹងកន្លែង ៕ធ.ដ
-
មនុស្ស៣៦នាក់ត្រូវចាប់ខ្លួន ស្របពេលប៉ូលិសហុងកុងបាញ់គ្រាប់កាំភ្លើងពិតជាលើកដំបូង អំឡុងប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសជាថ្មីទៀត

ហុងកុង៖ អំពើហិង្សាបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប៉ូលិសក្រុងហុងកុង កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅក្នុងតំបន់ Tsuen Wan តែក្រោយមកអំពើហិង្សានេះបានរាលដាលទៅដល់តំបន់ Tsim Sha Tsui ។ ជាលទ្ធផលនោះ ប៉ូលិសក្រុងហុងកុងម្នាក់បានបាញ់គ្រាប់កាំភ្លើងពិតមួយគ្រាប់ ហើយនេះគឺជាលើកដំបូងបំផុតដែលគ្រាប់កាំភ្លើងត្រូវបានប្រើប្រាស់ ចាប់តាំងពីបាតុកម្មតវ៉ាផ្ទុះឡើងកាលពីខែមិថុនាមក ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មន្ត្រីប៉ូលិសហុងកុងម្នាក់បានបាញ់គ្រាប់កាំភ្លើងពិតមួយគ្រាប់ជាការព្រមាន ហើយប៉ូលិសជាច្រើននាក់ទៀត ក៏បានយកកាំភ្លើងតម្រង់ទៅរកក្រុមបាតុករក្នុងពេលប៉ះទង្គិចគ្នាផងដែរ ។ សូមរំលឹកថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង កើតឡើងដំបូងកាលពីខែមិថុនាកន្លងទៅ ដោយសារតែសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ។ ប៉ុន្តែមកទល់បច្ចុប្បន្ន បាតុកម្មតវ៉ានៅតែបន្តផ្ទុះឡើងដដែល បើទោះជាច្បាប់នេះត្រូវបានផ្អាកចោលទៅវិញទាំងស្រុងក៏ដោយ ដ្បិតក្រុមបាតុករទាមទារឱ្យមានកំណែទម្រង់ជាច្រើន ក្នុងនោះរួមមានទាំងការទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡំា ចុះចេញពីតំណែងផងដែរ ៕ធ.ដ
-
លោក ម៉ាហាធៀ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅវៀតណាម ថ្ងៃនេះ

លោក Mahathir Mohamad នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ សីហា ២០១៩នេះ នឹងផ្តើមដំណើរទស្សនកិច្ចផ្លូវការ រយៈ៣ថ្ងៃនៅប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ពោលគឺចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃពុធ សប្តាហ៍នេះ។ នេះបើតាមក្រសួងការបរទេសម៉ាឡេស៊ីបញ្ជាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ។ បើតាមប្រភព លោកនឹងជួបនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ជជែកអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីម៉ាឡេស៊ី-វៀតណាម ព្រមទាំងពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ។វៀតណាម និងម៉ាឡេស៊ី គឺសុទ្ធតែជាសមាជិកសហគមអាស៊ាន ហើយនេះគឺជានេះគឺជាដំណើរទស្សនកិច្ចផ្លូវការដំបូងរបស់លោក ម៉ាហាធៀ នៅប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ១៩៩៦មក។ ទំហំពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ី បានឈានដល់១៣,៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៨ ស្របពេលដែលម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៨របស់វៀតណាម និងជាប្រភពវិនិយោគបរទេសលំដាប់ទី៨ផងដែរ សម្រាប់វៀតណាម ដោយការវិនិយោគម៉ាឡេស៊ីនៅវៀតណាមានដល់ទៅជាង១២ពាន់លានដុល្លារអាម៉េរិកហើយ៕ម.ន
-
ប្រេស៊ីល ចាប់ផ្តើមប្រើយន្តហោះយោធាដឹកជញ្ជូនទឹកទៅពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន

ទីបំផុតទៅ ប្រេស៊ីល បានប្រើប្រាស់យន្តហោះយោធាដឹកទឹកទៅពន្លត់ភ្លើងដែលកំពុងឆេះព្រៃអាម៉ាហ្សូនក្នុងរដ្ឋ Rondonia។ នេះបើតាមប្រភពពីការិយាល័យប្រធានាធិបតីប្រេស៊ីល កាលពីម្សិលមិញ។ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Jair Bolsonaro អ្នកនាំពាក្យការិយាល័យប្រធានាធិបតីប្រេស៊ីលឲ្យដឹងថា យន្ដហោះយោធាជាច្រើនគ្រឿងរបស់ប្រេស៊ីល ត្រូវបានគេប្រើប្រាស់ដើម្បីដឹកទឹកទៅពន្លត់ភ្លើងដែលកំពុងឆេះព្រៃអាម៉ាហ្សូនក្នុងរដ្ឋ Rondonia។លោក Jair Bolsonaro បានបញ្ជាឲ្យមានប្រតិបត្តិការយោធាក្នុងរដ្ឋចំនួន៧ ដើម្បីដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងដែលកំពុងឆេះព្រៃត្រូពិកធំជាងគេបំផុងក្នុងពិភពលោក។ វីដេអូមួយខ្សែដែលបង្ហោះក្នុងគណនី Twitter របស់ក្រសួងការពារជាតិប្រេស៊ីលបង្ហាញថា យន្ដហោះយោធាធនយក្សពីរគ្រឿង បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ដែលមានភ្លើងឆេះព្រៃ ខណៈពេលដែលហោះកាត់ផ្សែងយ៉ាងខ្មួលខ្មាញ់។ ក្រសួងការពារជាតិប្រេស៊ីលឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានកងទ័ពជាង ៤៤,០០០នាក់ ដែលអាចបម្រើការបាននៅភាគខាងជើងប្រទេសដើម្បីដោះស្រាយនឹងបញ្ហាភ្លើងឆេះព្រៃ៕ម.ន
-
កិច្ចប្រជុំកំពូល G7 នៅបារាំងឆ្នាំនេះ ផ្តោតសំខាន់លើបញ្ហាសង្គ្រាមពាណិជ្ជកម្មជាមួយចិន បញ្ហាអ៊ីរ៉ង់ កូរ៉េខាងជើង រុស្ស៊ី និងបម្រែបម្រួលអាកាសធាតុ

បារាំង៖ បណ្តាមេដឹកនាំពិភពលោកបានជួបជុំនៅក្នុងប្រទេសបារាំង ដើម្បីចួលរួមកិច្ចប្រជុំកំពូល G7 ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ហើយត្រូវរំពឹងថា នឹងផ្តោតសំខាន់លើពាណិជ្ជកម្មសកលលោក បញ្ហាអ៊ីរ៉ង់ កូរ៉េខាងជើង និង រុស្ស៊ី ជាពិសេសបញ្ហាបម្រែបម្រួលអាកាសធាតុក៏ក្នុងរបៀបវារៈអាទិភាពផងដែរ។ នាឱកាសនោះ មេដឹកនាំប្រទេស G7 បានសម្តែងនូវការព្រួយកង្វល់អំពីការរីកកាន់តែធំឡើងនូវសង្គ្រាមពាណិជ្ជកម្មជាមួយចិន ខណៈសន្និសីទកំពូលដែលរៀបចំឡើងដោយប្រធានាធិបតីបារាំងលោក ម៉ានុយអែល ម៉ាក្រុង បាននិយាយថា លោកសង្ឃឹមថា មេដឹកនាំទាំងអស់នឹងដកខ្លួនចេញពីសង្គ្រាមពាណិជ្ជកម្មនេះ។ ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ការពិភាក្សាកំពុងដំណើរការយ៉ាងល្អនៅក្នុងសន្និសីទកំពូល G7 នៅក្នុងទីក្រុង Biarritz ប្រទេសបារាំង ថ្វីបើទំនងមានការខ្វែងគំនិតគ្នាជាមួយមេដឹកនាំលើបញ្ហានានា រួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយចិន ការដោះស្រាយបញ្ហាអ៊ីរ៉ង់ ការគំរាមកំហែងដែលបណ្តាលមកពីកូរ៉េខាងជើង ហើយនឹងការនាំយករុស្ស៊ីចូលក្នុងក្រុមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យជឿនលឿនបំផុតវិញ៕ធ.ដ
-
សារព័ត៌មានរដ្ឋកូរ៉េខាងជើងផ្សាយថា លោក គីម ជុងអ៊ុន បានបញ្ជាដោយផ្ទាល់ការបាញ់ សាកល្បងមីស៊ីលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន

កូរ៉េខាងជើង៖ ការធ្វើតេស្តបាញ់មីស៊ីលកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានដំណើរការទៅក្រោមការដឹកនាំផ្ទាល់របស់លោក គីម ជុងអ៊ុន នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA នាថ្ងៃអាទិត្យម្សិលមិញ។ បើតាមយោធាកូរ៉េខាងត្បូងនោះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចម្ងាយខ្លីចំនួន២គ្រាប់ថ្មីទៀត ចេញពីឆ្នេរភាគខាងកើត ដែលពួកវារត់បានចម្ងាយ៣៨០គីឡូម៉ែត្រនៅរយៈកម្ពស់៩៧គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រជប៉ុន។ ដោយឡែកនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកផងដែរ បង្ហាញពីទិដ្ឋភាពនៃការធ្វើតេស្តសព្វាវុធទើបអភិវឌ្ឍថ្មី ដែលខ្លួនអះអាងថា គឺជាប្រព័ន្ធអាចបាញ់មីស៊ីលធំៗបានច្រើនគ្រាប់ក្នុងពេលតែមួយ ហើយការបាញ់សាកល្បងប្រព្រឹត្តទៅដោយជោគជ័យ៕ធ.ដ
-
កូរ៉េខាងត្បូងដឹកនាំការធ្វើសមយុទ្ធយោធានៅទីប្រជុំកោះ ដែលមានជម្លោះជាមួយជប៉ុន ស្របពេលស្ថានភាពនៅតំបន់ឧបទ្វីបកូរ៉េកើនឡើងកម្តៅ

កូរ៉េខាងត្បូង៖ កម្លាំងយោធាកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ មានរយៈពេល២ថ្ងៃ នៅតំបន់ទីប្រជុំកោះ ដែលមានវិវាទជាមួយជប៉ុន។ អ្វីដែលគួរកត់សម្គាល់នោះ សមយុទ្ធខាងលើនេះ បានធ្វើឡើងស្របពេលដែលបច្ចុប្បន្នកូរ៉េខាងត្បូង និងជប៉ុន ក៏កំពុងតែមានបញ្ហាជម្លោះផ្នែកពាណិជ្ជកម្មយ៉ាងក្តៅគគុកជាមួយគ្នាផងដែរ ដោយមិនទាន់រកដំណោះស្រាយឃើញនៅឡើយ។ ដោយឡែក បើយោធាកូរ៉េខាងត្បូងនោះ សមយុទ្ធនេះមានការចូលរួមពីនាវា និងយន្តហោះចម្បាំង ហើយមានគោលដៅពង្រឹងសមត្ថភាពការពារទីប្រជុំកោះ Liancourt Rocks និងតំបន់ជុំវិញនោះ ដែលនៅក្នុងសមុទ្រជប៉ុន (សមុទ្រខាងកើត)។ សូមបញ្ជាក់ថា ទីប្រជុំកោះ Liancourt Rocks ត្រូវបានកូរ៉េខាងត្បូងហៅឈ្មោះថា Dokdo រីឯជប៉ុនហៅឈ្មោះថា Takeshima ហើយស្ថិតនៅស្ទើរតែចំចំណុចកណ្តាលរវាងប្រទេសទាំងពីរ។ កូរ៉េខាងត្បូង បានបន្តធ្វើសមយុទ្ធយោធានេះ តាំងពីឆ្នាំ១៩៨៦មកជារៀងរាល់ឆ្នាំ ហើយជាទូទៅក្នុងមួយឆ្នាំៗគឺប្រព្រឹត្តទៅពីរដង៕ធ.ដ
-
មនុស្សជាង១ម៉ឺនត្រូវជម្លៀសខ្លួន ហើយទូក និងកប៉ាល់នេសាទជិត១ម៉ឺនទៀត ត្រូវហៅឱ្យចូលចតនៅកំពង់វិញ ស្របពេលព្យុះទីហ្វុង Bailu បោកបក់មកដល់ភាគអាគ្នេយ៍ប្រទេសចិន

ចិន៖ សារព័ត៌មានចិន CGTN បានរាយការណ៍ថា ព្យុះទីហ្វុងថ្មីមួយទៀត ដែលមានឈ្មោះថា Bailu បានធ្វើដំណើរមកដល់ខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិនហើយ កាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍មុននេះ។ Bailu ដែលជាព្យុះទីហ្វុងទី១១ ក្នុងឆ្នាំ២០១៩នេះ បានបោកបក់មកដល់ប្រទេសចិន ជាមួយកម្លាំងខ្យល់ល្បឿន៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបើតាមការព្យាករណ៍នោះ វានឹងឆ្ពោះទៅរកខេត្តមួយចំនួន រួមមាន Guangdong, Jiangxi និង Hunan មុនពេលវារំសាយឥទ្ធិពល។ យ៉ាងណាមិញ មុនការមកដល់នៃព្យុះទីហ្វុងដ៏កំណាចនេះ អាជ្ញាធរចិនកាលពីថ្ងៃសៅរ៍សប្តាហ៍ដដែលនេះ បានប្រកាសអាសន្នកម្រិតបង្គួរសម្រាប់ព្យុះទីហ្វុងខាងលើ ដោយមនុស្សជាង១ម៉ឺន៤ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ហើយទូក និងកប៉ាល់នេសាទជិត១ម៉ឺនគ្រឿងក៏ត្រូវហៅឲ្យចូលចតនៅកំពង់ផែនៅខេត្ត Fujian វិញដែរ៕ធ.ដ