-
កូរ៉េខាងត្បូងសម្រេចបញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយជប៉ុន

កូរ៉េខាងត្បូង៖ វិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះបានលើកឡើងថា ខ្លួនបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខទូទៅស្តីពី ព័ត៌មានយោធា GSOMIA ជាមួយជប៉ុន ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ការសម្រេចចិត្តរបស់កូរ៉េខាងត្បូង គឺជារឿងដ៏គួរឲ្យសោកស្ដាយបំផុត ហើយមិនមានការគិតគូរគ្រប់ជ្រុងជ្រោយពីស្ថានការណ៍សន្តិសុខក្នុងតំបន់ ។ ប្រមុខការទូតជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ជប៉ុនមិនអាចទទួលយកការសម្រេចចិត្តនេះបានទេ ដ្បិតការចែករំលែកព័ត៌មានយោធា និងរឿងពាណិជ្ជកម្ម ជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងថា ប្រទេសលោកក៏មានការខកចិត្តជាខ្លាំងដែរ ចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូង តែចង់ឲ្យសម្ព័ន្ធមិត្តទាំងពីរបន្តដោះស្រាយបញ្ហាដោយការជជែកគ្នា ៕ធ.ដ
-
អតីតស្តេចប្រទេសអេស្ប៉ាញ ត្រូវវះកាត់បេះដូង នៅចុងសប្តាហ៍នេះ

អតីតព្រះមហាក្សត្រប្រទេសអេស្ប៉ាញ Juan Carlos I នឹងទទួលការវះកាត់បេះដូង នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់ព្រះបរមរាជវាំងអេស្ប៉ាញ កាលពីថ្ងៃទី២២ សីហាម្សិលមិញ។ ការវះកាត់របស់អតីតស្តេចប្រទេសអេស្ប៉ាញ ព្រះជន្ម៨១ព្រះវស្សាអង្គនេះ នឹងត្រូវធ្វើឡើង ក្រោយពេលដែលទ្រង់បានពិនិត្យព្រះរាជសុខភាពប្រចាំឆ្នាំ កាលពីថ្ងៃទី១១ និង១២ កក្កដា ពោលបើទោះបីជាព្រះអង្គមានព្រះរាជសុខភាពធម្មតាតាំងពីពេលនោះក៏ដោយ។ បើទោះបីជាគ្មានព័ត៌មានលម្អិតពីការវះកាត់នេះក៏ដោយ គេដឹងថា នឹងធ្វើឡើងនៅគ្លីនិក Quiron de Pozuelo de Alarcon ក្បែរនឹងទីក្រុងម៉ាឌ្រីដ៕ធ.ដ
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិក ព្រមានចាត់វិធានការឆ្លើយតបជុំវិញការបាញ់ទម្លាក់ យន្តហោះដ្រូនរបស់ខ្លួននៅយ៉េម៉ែន

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងចាត់វិធានការឆ្លើយតបចំពោះការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនមួយគ្រឿង នៅក្នុងប្រទេសយេម៉ែននាពេលឆាប់ៗនេះ បន្ទាប់ពីលទ្ធផលស៊ើបអង្កេតបង្ហាញពីការពិត និងអ្នកនៅពីក្រោយឧប្បត្តិហេតុនេះ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែស្ពើ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃពុធសប្ដាហ៍នេះថា យើងបានបាត់បង់យន្ដហោះដ្រូន MQ-9 មួយគ្រឿងនៅប្រទេសយេម៉ែន តែយើងសន្យាថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ក្រោយលទ្ធផលស៊ើបអង្កេតបង្ហាញពីការពិត និងអ្នកនៅពីក្រោយការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់យើង។ ការព្រមានរបស់លោក បានកើតមានឡើងក្រោយក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានអះអាងថា ពួកគេបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងនៅក្នុងតំបន់ ដាម៉ា ស្ថិតនៅភាគកណ្ដាលនៃ ប្រទេសយេម៉ែន៕ធ.ដ
-
កងទ័ពរុស្ស៊ី២ពាន់នាក់ រួមជាមួយបរិក្ខារ និងសព្វាវុធសរុប២,៥០០គ្រឿង ចូលរួមធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ភាគខាងត្បូងប្រទេស

មូស្គូ៖ ពលទាហានប្រមាណ២ពាន់នាក់ ព្រមទាំងបរិក្ខារ និងសព្វាវុធសរុប ២,៥០០គ្រឿង រួមមានយន្តហោះ និងឧទ្ធម្ភាគចក្រជាង១០០គ្រឿង ក៏ដូចជាប្រព័ន្ធការពារដែនអាកាស S-300 ផងនោះ បានចូលរួមការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលដឹកនាំដោយយោធាភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ សមយុទ្ធយោធានេះ បានប្រព្រឹត្តទៅនៅលើទីលានហ្វឹកហ្វឺនអាហ្សូលូក ក្នុងតំបន់អាស្ត្រាខាន់ ភាគខាងត្បូងរុស្ស៊ី ក្រុមប្រព័ន្ធមីស៊ីលការពារអាកាស S-300 បានធ្វើតេស្តបាញ់ទប់ស្កាត់គោលដៅ ដែលត្រូវបានប្រើប្រាស់ឲ្យដើរតួនាទី ជាគ្រាប់មីស៊ីលវាយប្រហារលើសត្រូវ។ ក្រៅពីនោះ កងកម្លាំងការពារដែនអាកាសនៃយោធារុស្ស៊ីភាគខាងត្បូង ក៏បានហ្វឹកហាត់បាញ់ប្រព័ន្ធមីស៊ីល និងប្រព័ន្ធសព្វាវុធប្រឆាំងគោលដៅលើផ្ទៃអាកាសដទៃផងដែរ៕ធ.ដ
-
វៀតណាម ទទួលការវិនិយោគកើនឡើងខ្លាំងពីអូស្ត្រាលី ដោយសារកម្លាំងពលកម្មថោក សម្បូរយុវជន និងស្តង់ដារអប់រំខ្ពស់

វៀតណាម បានក្លាយជាគោលដៅដ៏ទាញទាញសម្រាប់ក្រុមអ្នកវិនិយោគអន្តរជាតិ រួមមានទាំងក្រុមធុរកិច្ចមកពីអូស្ត្រាលីផងដែរ ទាក់ទាញដោយសារតែកម្លាំងពលកម្មថោក សម្បូរយុវជន និងស្តង់ដារអប់រំខ្ពស់ ស្របពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលបានផ្តល់អនុគ្រោះពន្ធ និងគោលនយោបាយលើកទឹកចិត្តផ្សេងៗទៀត សម្រាប់ក្រុមហ៊ុនបរទេស។ នេះបើតាមការចេញផ្សាយរបស់អត្ថបទមួយ ចេញផ្សាយដោយសារព័ត៌មាន Australian Financial Review កាលពីថ្ងៃទី២២ សីហា ម្សិលមិញ។ ប្រភពថា វៀតណាមដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ជនជាតិអូស្ត្រាលី ក្នុងការសម្រាកពេលថ្ងៃឈប់សម្រាក ហើយពេលនេះ ក៏ជាទិសដៅវិនិយោគធំៗ ពីវិនិយោគិនអូស្ត្រាលីថែមទៀត។ ស្ថិតិពីក្រសួងផែនការ និងវិនិយោគវៀតណាមបង្ហាញថា ការវិនិយោគរបស់អូស្ត្រាលីនៅវៀតណាម បានកើនដល់ជាង១២៤លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែឆ្នាំ២០១៩កន្លងមកនេះ ជាហេតុនាំឲ្យអូស្ត្រាលី បានជាប់ចំណាត់ថ្នាក់លេខ១៥ក្នុងចំណោម៩៩ប្រទេសនិងតំបន់ វិនិយោគនៅប្រទេសវៀតណាម។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ វៀតណាម ទទួលគម្រោងវិនិយោគពីអូស្ត្រាលីចំនួន៤៦៥គម្រោង មានទុនវិនិយោគជិត២ពាន់លានដុល្លារអាម៉េរិក។ របាយការណ៍នេះ ត្រូវបានចេញផ្សាយ ស្របពេលដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី កំពុងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម២ថ្ងៃ ដោយប្រធានបទសំខាន់ផ្តោតលើពាណិជ្ជកម្ម។ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី៕ធ.ដ
-
ក្រុមអ្នកបុរាណវិទ្យាចាប់ផ្តើមជីកកកាយរូងភ្នំបុរាណចំនួន៣ ដែលមានអាយុកាលដល់ ១៥,០០០ឆ្នាំនៅភាគនិរតីប្រទេសចិន

ចិន៖ ក្រុមអ្នកបុរាណវិទ្យាចិន បានចាប់ផ្តើមជីកកកាយរូងភ្នំបុរាណចំនួន០៣ នៅថ្ងៃព្រហស្បតិ៍តនេះ ដែលមានអាយុកាលចន្លោះពី២,០០០-១៥,០០០ឆ្នាំមុន នៅខេត្តគួយចូវ ភាគនិរតីប្រទេសចិន។ ការជីកកកាយថ្មីនេះ ត្រូវបានធ្វើឡើងរួមគ្នា ដោយវិទ្យាស្ថានបុរាណវិទ្យាខេត្តគួយចូវ និងវិទ្យាស្ថានបុរាណវិទ្យា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។ បើតាមអ្នកបុរាណវិទ្យា រូងភ្នំ គឺមានសារសំខាន់យ៉ាងខ្លាំង ចំពោះការសិក្សាអំពីបំលាស់ប្តូរមជ្ឈដ្ឋានរស់នៅ នៅឯភាគនិរតីនៃប្រទេសចិន ចាប់ពីចុងយុគថ្មរំលីងចាស់ (Paleolithic) ដល់យុគថ្មរំលីងថ្មី (Neolithic) និងទំនាក់ទំនងរវាងមនុស្ស និងបរិស្ថានក្នុងអំឡុងពេលនោះ។ គួរបញ្ជាក់ថា ប្រាសាទរូងភ្នំទាំងនេះ ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ២០០៨ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់ ម៉ាកឆាង តំបន់ហ្គីអានថ្មី។ ពួកវាស្ថិតក្នុងចំណោមការរកឃើញបុរាណវិទ្យាកំពូលៗទាំង១០របស់ចិនក្នុងឆ្នាំ២០១៦៕ធ.ដ
-
Youtube សម្រេចបិទ Channel ចំនួន២១០ ក្រោមក្របខ័ណ្ឌនៃការទប់ស្កាត់ព័ត៌មាន មិនពិត ជុំវិញបាតុកម្មក្នុងទីក្រុងហុងកុង

សហរដ្ឋអាម៉េរិក៖ Channels ចំនួន២១០ នៅលើបណ្ដាញទំនាក់ទំនងសង្គម YouTube ត្រូវបានក្រុមហ៊ុន Google សម្រេចចិត្តបិទ ស្ថិតក្រោមក្របខ័ណ្ឌនៃការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Google ខាងលើនេះ បានកើតមានឡើងស្របពេលដែលក្រុមហ៊ុន Facebook និង Twitter នៅក្នុងសប្តាហ៍នេះក៏បានបិទគណនីរាប់រយរបស់អ្នកប្រើប្រាស់ផងដែរ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិតជុំវិញបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង។ ដោយឡែកក្រុមហ៊ុន YouTube បានសម្រេចចិត្តបិទ channels ខាងលើ ដោយ សារតែម្ចាស់គណនីទាំង២១០នេះ បានព្យាយាមបង្ហោះព័ត៌មានមិនពិតជុំវិញ បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង ក៏ដូចជាបង្ខូចកិត្តិយសក្រុមបាតុករ៕ធ.ដ
-
បាតុករហុងកុងប៉ះទង្គិចគ្នាជាមួយប៉ូលិស ក្នុងការទាមទារឱ្យកាត់ទោសក្រុមជនអន្ធពាល ដែលឆ្មក់វាយបាតុករនៅផ្លូវរថភ្លើងក្រោមដី

ហុងកុង៖ ក្រុមបាតុករហុងកុងរាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃពុធសប្តាហ៍នេះ នៅស្ថានីយរថភ្លើងក្រោមដីជាយក្រុង ជាទីដែលក្រុមបាតុកររងការវាយប្រហារពីសំណាក់ក្រុមអន្ធពាលកាលពីខែមុន ដើម្បីសម្តែងការខឹងសម្បារយ៉ាងខ្លាំងដែលគ្មាននរណាម្នាក់ត្រូវបានកាត់ទោសពីបទប្រើអំពើហិង្សា។ បើតាមសារព័ត៌មានចិន CGTN ក្រុមបាតុករពាក់ម៉ាស់មុខខ្លះបានប៉ះទង្គិចជាមួយប៉ូលិសក្នុងស្ថានីយរថភ្លើងក្រោមដី ដោយបាញ់បំពង់ពន្លត់អគ្គីភ័យចេញពីខាងក្នុងស្ថានីយ Yuen Long ខណៈដែលអ្នកផ្សេងទៀតបានចាក់ខ្លាញ់ឆាលើកម្រាលឥដ្ឋ ដើម្បីបញ្ឈប់ប៉ូលិសកុំឱ្យរុលទៅមុខបាន។ ប្រភពបន្តថា បាតុកម្មខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីខឹងសម្បាររបស់ក្រុមបាតុករ បន្ទាប់ពីកាលពីថ្ងៃទី២១ ខែកក្កដា ក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង១០០នាក់ពាក់អាវយឺតពណ៌ស និងប្រដាប់ដោយដែកទីប ព្រមទាំងដំបង បានវាយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលគ្មានអាវុធ និងស្លៀកពាក់ខ្មៅនៅឯស្ថានីយរថភ្លើងក្រោមដី Yuen Long នៅជិតព្រំដែនប្រទេសចិន។ ការវាយប្រហារនោះ បានបណ្តាលឱ្យមនុស្សជិត៥០នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ខ្លះក៏មានរបួសផងដែរ៕ធ.ដ
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកប្រកាសថា សហរដ្ឋអាម៉េរិកនឹងបើកដំណើរការ ទីបញ្ជាការយោធាថ្មីផ្នែកអវកាសនាសប្តាហ៍ក្រោយ

សហរដ្ឋអាម៉េរិក៖ ទីបញ្ជាការយោធាថ្មីផ្នែកអវកាស នឹងលេចរូបរាងឡើងនៅសប្តាហ៍ក្រោយ។ នេះបើតាមការបង្ហើបឱ្យដឹងពីអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផែន ក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិផ្នែកអវកាសរបស់សហរដ្ឋអាម៉េរិក។ ទីបញ្ជាការយោធាថ្មីផ្នែកអវកាសនេះ អាចចាត់ទុកបានថា ជាការបោះជំហានចាប់ផ្តើមដំបូង ដើម្បីឆ្ពោះទៅរកការបង្កើតកងទ័ពអវកាសរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំ២០២០ខាងមុខ។ ទីបញ្ជាការនេះដែរ នឹងទទូលបន្ទុកលើប្រតិបត្តិការការពារជាតិពាក់ព័ន្ធទីអវកាស ហើយវានឹងជាទីបញ្ជាការយោធាទី១១ របស់អាម៉េរិក រួមជាមួយទីបញ្ជាការយោធាជាច្រើនទៀត ដែលទទួលបន្ទុកបម្រើមុខងារ និងបន្ទុកប្រចាំតំបន់ភូមិសាស្រ្តជាក់លាក់ណាមួយ។ បើតាមការគ្រោងទុកនោះ ពិធីដាក់ឲ្យដំណើរការទីបញ្ជាការខាងលើ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែសីហានេះ ដោយវានឹងមានមន្រ្តីបម្រើការសរុបចំនួន៨៧នាក់ នៅក្រោមការទទួលខុសត្រូវរបស់លោក ចន រ៉េម៉ន់ ដែលបច្ចុប្បន្នជាប្រធានទទួលបន្ទុកប្រតិបត្តិការផ្នែកអវកាសនៅក្នុងកងទ័ពអាកាសអាម៉េរិក៕ធ.ដ
-
រយៈពេល២ឆ្នាំទៀត សហរដ្ឋអាម៉េរិកនឹងផលិតមីស៊ីលមានល្បឿនលឿន ជាងសំឡេង៥ដង

សហរដ្ឋអាម៉េរិក៖ រយៈពេល២ឆ្នាំទៀត សហរដ្ឋអាម៉េរិក អាចនឹងផលិតបាននូវអាវុធ ដែលមានល្បឿនកម្រិត ហាយភើសូនិច ឬលឿនជាងល្បឿនសំឡេងចាប់ពី៥ដងឡើង។ នេះបើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែស្ពើរ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News នៅថ្ងៃពុធនេះ។ ការអះអាងយ៉ាងដូច្នេះរបស់ប្រមុខការពារជាតិអាម៉េរិករូបនេះ បានកើតមានឡើង ក្រោយប្រទេសលោកទើបតែបានបាញ់សាកល្បងមីស៊ីលចង្អុលទិសមួយគ្រាប់ ដោយវាបានរត់ក្នុងរយៈចម្ងាយមធ្យម ដែលធ្លាប់ត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាទប់ស្កាត់ការរីកសាយនៃអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF។ ឆ្លើយតបនឹងការធ្វើតេស្តមីស៊ីលរបស់អាម៉េរិកនេះដែរ អ្នកនាំពាក្យកូរ៉េខាងជើងម្នាក់ នៅថ្ងៃព្រហស្បតិ៍តនេះ បាននិយាយថា ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម និងផែនការដាក់ពង្រាយយន្ដហោះចម្បាំង F-35 របស់ទីក្រុងវ៉ាស៊ីនតោន គឺជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ ដែលអាចនឹងធ្វើឱ្យសង្រ្គាមត្រជាក់ថ្មីមួយផ្ទុះឡើងនៅក្នុងតំបន់៕ធ.ដ