-
យានអវកាស Chandrayaan-2 របស់ឥណ្ឌាទទួលជោគជ័យ ក្នុងការជ្រៀតចូលគន្លងគោចរជុំវិញព្រះច័ន្ទដោយជោគជ័យ

ឥណ្ឌា៖ យានអវកាសឥណ្ឌា ចាន់ដ្រានយ៉ាន ២ បានចូលដល់គន្លងគោចរជុំវិញឋានព្រះច័ន្ទដោយជោគជ័យ ដើម្បីត្រៀមចុះចតនៅថ្ងៃទី០៧ខែកញ្ញាខាងមុខ នេះបើតាមទីភ្នាក់ ងារអវកាសឥណ្ឌា ISRO នៅថ្ងៃអង្គារនេះ ។ នៅក្នុងបេសកកម្ម ចាន់ដ្រានយ៉ាន ២ យានមានឈ្មោះថា វីក្រាម នឹងត្រូវចុះចតនៅលើផ្ទៃព្រះច័ន្ទ ហើយវាក៏មានផ្ទុកយានអាចចល័តបានមួយគ្រឿងទៀតផងដែរឈ្មោះ ប្រាកយ៉ាន ។ យ៉ាងណាមិញ បើការចុះចតទទួលជោគជ័យដូចការរំពឹងទុកនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលមានយាននៅលើឋានព្រះច័ន្ទ បន្ទាប់ពីរុស្ស៊ី សហរដ្ឋអាមេ៉រិក និងចិន ៕ធ.ដ
-
រសៀលថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ UN នឹងប្រជុំបន្ទាន់រឿងបាញ់មីស៊ីលរបស់អាម៉េរិក

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី២២ សីហា ២០១៩ នេះដើម្បីពិភាក្សាអំពីការសាកល្បងមីស៊ីលចម្ងាយមធ្យមរបស់អាម៉េរិក កាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាម៉េរិក នៅថ្ងៃពុធម្សិលមិញនេះ។ ចិន និងរុស្ស៊ី បានស្នើឲ្យមានកិច្ចប្រជុំមួយ ក្រោមប្រធានបទ «ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ» ដោយមានការលើកឡើងថា ជាការប៉ះពាល់ដោយសារតែការការបាញ់សាកល្បងមីស៊ីលចម្ងាយមធ្យមរបស់អាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ។ ក្រសួងការពារជាតិអាម៉េរិកបញ្ជាក់ពីការបាញ់សាកល្បងមីស៊ីលចម្ងាយមធ្យមនេះ កាលពីថ្ងៃចន្ទ ដោយមានចម្ងាយជាង៥០០គីឡូម៉ែត្រ ហើយនេះគឺ ជាការបាញ់សាកល្បងមីស៊ីលជាលើកដំបូងបំផុតចាប់តាំងពីសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដកខ្លួនចេញ ជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីថ្ងៃទី២ ខែសីហាមក៕ធ.ដ
-
របាយការណ៍ថា ជ្រូកជាង៤លានក្បាលត្រូវបានសម្លាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅវៀតណាម

សារព័ត៌មាន Vietnam News Agency បានចេញផ្សាយ កាលពីថ្ងៃម្សិលមិញថា គិតត្រឹមខែសីហា ២០១៩ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានកើតមានខ្លាំង នៅតំបន់ចំនួន៦២ ក្នុងចំណោម៦៣តំបន់ចិញ្ចឹមជ្រូកនៅទូទាំងប្រទេសវៀតណាម ស្របពេលដែលមានជ្រូកប្រមាណជាង៤លានក្បាលហើយត្រូវបានសម្លាប់ ព្រោះផ្ទុះជំងឺប្រភេទនេះ។ ចាប់តាំងពីផ្ទុះខ្លាំងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាមនោះ ជំងឺនេះបានរាលដាលដល់ជិត៧ពាន់ឃុំ ជិត៦០០ស្រុក ទីក្រុង និងខេត្តចំនួន៦២។ នេះបើតាមប្រភពព័ត៌មានដែលបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់វៀតណាម Le Quoc Daonh មានប្រសាសន៍ កាលពីថ្ងៃទី២១សីហា។ តាំងពីដើមឆ្នាំ២០១៩មក វៀតណាមបានក្លាយជាប្រទេសដែលចិញ្ចឹមជ្រូកច្រើនជាងគេ ក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍៕ធ.ដ
-
ពាណិជ្ជកម្ម និងវិនិយោគ គឺជាប្រធានបទសំខាន់នៃទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅប្រទេសវៀតណាម

នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោក Scott Morrison បានចាកចេញពីមាតុប្រទេសហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ។ លោក Morrison ដែលបានក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីខែសីហា ឆ្នាំ២០១៨ នឹងបំពេញទស្សនកិច្ចលើកដំបូងនៅបារាំង ដើម្បីចូលរួមកិច្ចប្រជុំ G7 ឬកិច្ចប្រជុំបណ្តាមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងទាំង៧ មុនពេលដែលលោកត្រូវបន្តដំណើរទៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ដើម្បីជជែកពីកិច្ចការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក។ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមុនពេលចាកចេញពីប្រទេស លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបាននិយាយថា «កិច្ចប្រជុំនឹងផ្តោតលើការពង្រឹងសន្តិសុខសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការប្រជាជននិងប្រជាជន ជាពិសេស ការពង្រីកឱកាសវិនិយោគនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ»។ បើតាមរបាយការណ៍ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាមកាលពីឆ្នាំ២០១៧ មានតម្លៃ១២,៨ពាន់លានដុល្លារអូស្ត្រាលី ឬ ប្រមាណ៨,៧ពាន់លានដុល្លារអាម៉េរិក៕ធ.ដ
-
ប្រមុខការទូតចិនអំពាវនាវឱ្យ ជប៉ុន ចិន និងកូរ៉េខាងត្បូង ស្វែងរកដំណោះស្រាយ ការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា

ចិន៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានស្នើដល់ ជប៉ុន និងកូរ៉េខាងត្បូង ឱ្យស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈការសន្ទនា។ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា បានថ្លែងរិះគន់វិធានការរបស់ជប៉ុន ក្នុងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញប្រឆាំងនឹងប្រទេសរបស់លោកស្រី ហើយថា កូរ៉េខាងត្បូងសង្ឃឹមថា ប្រទេសទាំងបីនឹងប្រកាន់ខ្ជាប់នូវពាណិជ្ជកម្មសេរី និងយុត្តិធម៌ សម្រាប់ភាពរុងរឿងនៅក្នុងតំបន់។ ចំណែករដ្ឋមន្ត្រីការបរទេសជប៉ុនលោក ថារ៉ូ កូណូ ក៏បានអំពាវនាវដល់ ចិន និងកូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ទោះបីនៅពេលទំនាក់ទំនងទ្វេភាគីរៀងៗខ្លួនកាន់តែអាក្រក់ទៅៗ ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងសេអ៊ូលក៏ដោយ។សូមបញ្ជាក់ថា ថ្មីៗនេះចំណងទាក់ទងរវាងជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីការធ្វើឱ្យមានប្រក្រតីភាពឡើងវិញក្នុងឆ្នាំ១៩៦៥ ជុំវិញការរឹតបន្តឹងលើការត្រួតពិនិត្យការនាំចេញរបស់ជប៉ុន បន្ទាប់ពីតុលាការកូរ៉េខាងត្បូងកាលពីឆ្នាំមុន បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ដោយបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនសងសំណង សម្រាប់កម្លាំងពលកម្មក្នុងសម័យសង្គ្រាម៕ម.ន
-
យន្តហោះដ្រូនយោធាអាម៉េរិកមួយគ្រឿង ត្រូវបាញ់ទម្លាក់នៅទីតាំងគ្រប់គ្រងដោយ ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយ៉េមែន

សហរដ្ឋអាម៉េរិក៖ យន្ដហោះដ្រូនយោធាអាម៉េរិក MQ-9 មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ ដាម៉ា រដ្ឋធានី សាណាអា ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក នេះបើតាមមន្ត្រីអាម៉េរិកពីរនាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃពុធនេះ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី ក៏បានចេញមុខអះអាងដែរថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះដ្រូនអាម៉េរិកមួយគ្រឿង។ យ៉ាងណាមិញ ខាងក្រសួងការពារជាតិអាម៉េរិកមិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ខណៈហេតុការណ៍នេះមិនមែនជាលើកទីមួយឡើយ ដែលយន្ដហោះដ្រូនអាម៉េរិក ត្រូវបានបាញ់ទម្លាក់នៅក្នុងទឹកដីប្រទេសយ៉េមែន៕ម.ន
-
ប្រមុខការទូតវេណេស៊ុយអេឡា ថ្កោលទោសសហរដ្ឋអាម៉េរិក ចំពោះការគំរាមដាក់ ទណ្ឌកម្មបិទខ្ទប់ចរាចរណ៍ផ្លូវទឹក

វេណេស៊ុយអេឡា៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ចច អារៀហ្សា បានលើកឡើងថា ប្រទេសលោកប្រកាសថ្កោលទោសសហរដ្ឋអាម៉េរិកយ៉ាងខ្លាំង ចំពោះការគំរាមដាក់ទណ្ឌកម្មបិទខ្ទប់ចរាចរណ៍ផ្លូវទឹក ប្រឆាំងនឹងវេណេស៊ុយអេឡា។ ប្រតិកម្មរបស់ប្រមុខការទូតវេណេស៊ុយអេឡារូបនេះ កើតមានឡើងក្រោយសារព័ត៌មានអាម៉េរិក Axios news រាយការណ៍ថា លោក ដូណាល់ ត្រាំ មានបំណងបញ្ជូនកងនាវាអាម៉េរិកឱ្យទៅឈរជើងនៅតំបន់ឆ្នេរសមុទ្រវេណេស៊ុយអេឡា ដើម្បីបិទខ្ទប់កុំឱ្យរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើចរាចរណ៍នាំចេញ-នាំចូលទំនិញនានា។ឆ្លើយតបនឹងចំណាត់ការរបស់សហរដ្ឋអាម៉េរិកខាងលើនេះ លោក ចច អារៀហ្សា បានបង្ហោះសារមួយលើបណ្តាញសង្គមធ្វីតធើថា យើងថ្កោលទោសទីក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការគំរាមកំហែងបិទខ្ទប់ចរាចរណ៍ផ្លូវទឹក និងប្រើប្រាស់កម្លាំងបាយប្រឆាំងប្រជាជនវេណេស៊ុយអេឡា៕ម.ន
-
នាយករដ្ឋមន្រ្តីថៃ អំពាវនាវឲ្យប្រជាជនថៃចូលរួមការប្រយុទ្ធប្រឆាំងនឹងថង់ប្លាស្ទិក

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យប្រជាជនថៃទាំងអស់ ចូលរួមជួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅនៃការថែរក្សាសមុទ្រឲ្យស្អាតដោយគ្មានថង់ប្លាស្ទិក។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកូនសត្វជ្រូកទឹកកម្រមួយក្បាល ដែលទើបតែមានអាយុ៨ខែបានងាប់ ដោយសារស៊ីថង់ប្លាស្ទិកចូលពោះ។លោក ប្រាយុទ្ធ បានអំពាវនាវដូចនេះដែរ នៅពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីធនធានធម្មជាតិថៃ លោក វ៉ារ៉ាវុធ ស៊ីលផា អាឆា និងអគ្គនាយកនៃនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរថៃ លោក ចាធូផន ប៊ូរ៊ូតផាត ដែលដឹកនាំក្រុមមន្ត្រីទៅវិមានរដ្ឋាភិបាល ដើម្បីជួបលោក ប្រាយុទ្ធ និងផ្តល់ព័ត៌មានអំពីយុទ្ធនាការកាត់បន្ថយ ទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីការពារជីវិតក្នុងសមុទ្រ។ជាមួយនេះ មន្ត្រីមួយក្រុមនៃគណៈកម្មាធិការធនធានសមុទ្រជាតិថៃ ក៏បានរៀបចំសំណើមួយ ដើម្បីឲ្យគណៈរដ្ឋមន្ត្រីពិចារណាអំពីការកាត់បន្ថយអាត្រាការស្លាប់របស់សត្វជ្រូកទឹកពី២០ ទៅ៤៥ភាគរយ និងការបង្កើនចំនួនសត្វនេះយ៉ាងតិច៥០ភាគរយនៅដប់ឆ្នាំក្រោយ ខណៈបច្ចុប្បន្ននេះ មានសត្វជ្រូកទឹកត្រឹមតែ២៥០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងប្រទេសថៃ៕ម.ន
-
ប៉ាគីស្ថាន ដាក់ពាក្យបណ្តឹងរឿងជម្លោះនៅតំបន់កាស្មៀរ ទៅតុលាការយុត្តិធម៌អន្តរជាតិ

ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថាន នៅថ្ងៃអង្គារ៍នេះ បានលើកឡើថា ខ្លួននឹងដាក់ពាក្យបណ្តឹងលើជម្លោះដែនដី កាស្មៀរ ជាមួយឥណ្ឌា ទៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈគម្រោងប្ដឹងនេះ ធ្វើឡើងក្រោយឥណ្ឌាលុបចោលឋានៈស្វ័យភាពពិសេសលើតំបន់កាស្មៀរកាលពីដើមខែសីហានេះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ហ្សា ម៉េមូដ ក្រេសស៊ី បានបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងនឹងត្រូវធ្វើឡើង បន្ទាប់ពីមានការសិក្សាពីធាតុផ្សំនៃច្បាប់ជាមុនសិន។ ចំណែកការដាក់ពាក្យបណ្តឹងនេះ គឺប៉ាគីស្ថានចោទឥណ្ឌាថា បានរំលោភបំពានសិទិ្ធមនុស្សលើជនមូស្លីមក្នុងដែនដី កាស្មៀរ។ សូមបញ្ជាក់ថា ក្នុងករណីតុលាការយុត្តិធម៌អន្តរជាតិ ចេញសេចក្ដីសម្រេចអ្វីមួយនៅពេលបន្ទាប់ គឺគ្រាន់តែជាអនុសាសន៍តែប៉ុណ្ណោះ ពោលគឺគ្មានការចាប់បង្ខំណាមួយឡើយ។ ប៉ុន្តែបើមានការយល់ព្រមពីភាគីជម្លោះទាំងពីរ គឺប៉ាគីស្ថាន និងឥណ្ឌាទជាមុននោះ ការចេញសេចក្តីសម្រេចរបស់តុលាការ នឹងមានលក្ខណៈចាប់បង្ខំ៕ធ.ដ
-
ប្រមុខការទូតកំពូលសហរដ្ឋអាម៉េរិក៖ កិច្ចចរចាជាមួយកូរ៉េខាងជើង នឹងមិនអាចកើតឡើង ជាថ្មីទៀតនាពេលឆាប់ៗដូចការរំពឹងទុកនោះទេ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នៅពុំទាន់អាចវិលត្រឡប់ទៅរកតុចរចាជាមួយកូរ៉េខាងជើង នាពេលឆាប់ៗ តាមដែលការរំពឹងទុកនោះទេ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារនេះ ប៉ុន្តែលោកបានបន្ថែថា ទីក្រុងវ៉ាស៊ីនតោន នឹងជួបផ្លូវឧបសគ្គសម្រាប់កិច្ចចរចានុយក្លេអ៊ែរ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS លោក ប៉ុមប៉េអូ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាបន្តបន្ទាប់របស់កូរ៉េខាងជើង ហើយថា លោកចង់កូរ៉េខាងជើងបញ្ឈប់សកម្មភាពនេះ ដោយលោកចង់សំដៅទៅលើការធ្វើតេស្តមីស៊ីល។ គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង សម្រាប់ខែនេះ បានធ្វើឱ្យកូរ៉េខាងជើងមានការខឹងសម្បារជាខ្លំាង រហូតដល់ទីក្រុងព្យុងយ៉ាង ចាត់វិធានការឆ្លើយតបវិញ តាមរយៈការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ហើយថែមទំាងទាត់ចោលសំណើសុំចរចាគ្នាជាមួយទីក្រុងសេអ៊ូលផងដែរ៕ធ.ដ