-
ប្រធានាធិបតីកូរ៉េខាងត្បូងជម្រុញឱ្យកូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកបើកឱកាសឡើងវិញសម្រាប់កិច្ចចរចាគ្នា

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យកូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកឆក់យកឱកាសដ៏កម្រមួយ ដើម្បីបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ។ ការលើកឡើងបែបនេះរបស់លោក មូន ជែអ៊ីន ត្រូវបានធ្វើឡើងមួយថ្ងៃមុនពេលចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចដំណើរការនៃការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិក ដែលធ្វើឱ្យកូរ៉េខាងជើងមានការខឹងសម្បារជាខ្លំាង រហូតដល់ប្រេសិតពិសេសអាមេ៉រិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក ស្ទេហ្វេន ប៊ីហ្កាន់ មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ ។ ហើយឆ្លើយតបនឹងការរឹងទទឹងរបស់អាមេ៉រិក និងកូរ៉េខាងត្បូង ក្នុងការធ្វើសមយុទ្ធយោធារួមគ្នានេះដែរ របបដឹកនំាំក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី ដែលមន្រ្តីយោធាកូរ៉េខាងត្បូងអះអាងថា ជាមីស៊ីលប្រភេទថ្មីជាបន្តបន្ទាប់ ហើយថែមទំាងបានច្រានចោលសំណើសុំចរចាជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលផងដែរ ៕ធ.ដ
-
នាយកប្រតិបត្តិក្រុងហុងកុងថ្លែងថា រដ្ឋាភិបាលកំពុងត្រៀមបង្កើតវេទិកាសម្រាប់ការសន្ទនា ដើម្បីស្តាប់មតិពីសាធារណៈជន

ហុងកុង៖ នាយកប្រតិបត្តិក្រុងហុងកុងលោកស្រី ខារី ឡំា នៅថ្ងៃអង្គារនេះបានថ្លែងថា រដ្ឋាភិបាលក្រុងហុងកុងបាននឹងកំពុងត្រៀមបង្កើតវេទិកាសម្រាប់ការសន្ទនាមួយ ដើម្បីស្តាប់ការបញ្ចេញមតិយោបល់ពីសាធារណៈជនទូទៅ នេះបើតាមសារព័ត៌មានចិន CGTN ។ ការលើកឡើងបែបនេះរបស់លោកស្រី ខារី ឡាំ បានកើតមានឡើងក្រោយអនុប្រធានាធិបតីអាមេ៉រិក លោក ម៉ៃ ផែន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការជំរុញឲ្យប្រទេសចិន គោរពបូរណភាពនៃច្បាប់របស់ទីក្រុងហុងកុង និងការព្រមានដដែលៗរបស់លោក ដូណាល់ ត្រាំ ដែលថា វានឹងធ្វើឲ្យកាន់តែពិបាកខ្លាំងឡើង ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើកិច្ចព្រមព្រៀងជំនួញមួយជាមួយទីក្រុងប៉េកាំង ប្រសិនបើមានអំពើហិង្សានៅក្នុងទីក្រុងហុងកុង ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ជនជាតិអង់គ្លេសដែលត្រូវបានស្គាល់ឈ្មោះថា ដេវីដ ចូឌេន អាយុ៥២ឆ្នាំមានតួនាទីជាមេបញ្ជាការ នៃអង្គភាពយុទ្ធសាស្រ្តប៉ូលីស ដែលជាកម្លាំងសម្រាប់ការងារសង្គ្រោះបន្ទាន់ទ្រង់ទ្រាយធំ បាននិយាយដែរថា ខណៈការតវ៉ាដោយអំពើហឹង្សាឈានចូលខែទី៣មកនេះ ស្ថានភាពបច្ចុប្បន្ន គឺត្រូវបានគេវាស់វែងថា កំពុងស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់បំផុតមិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ៕ធ.ដ
-
លោក ត្រាំ អះអាងថា នឹងជ្រើសរើសលោក ម៉ៃ ភែន ជាបេក្ខជនអនុប្រធានាធិបតីដដែល សម្រាប់យុទ្ធនាការបោះឆ្នោតអាណត្តិថ្មី នៅឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា រូបលោកនឹងជ្រើសរើសលោក ម៉ៃ ភែន ធ្វើជាបេក្ខជនអនុប្រធានាធិបតីដដែល សម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ ការលើកឡើងបែបនេះរបស់លោក បានធ្វើឡើងស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ខណៈលោក ត្រាំ បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតឡើងវិញជាផ្លូវការនៅទីក្រុង អូឡេនដូ រដ្ឋ ផ្លូរីដា កាលពីពាក់កណ្តាលខែកក្កដា មកហើយដែរ។ សូមជម្រាបផងដែរថា សង្គ្រាមពាណិជ្ជកម្ម ការរាំងខ្ទប់ជនអន្តោប្រវេសន៍ និងការតម្កល់ផលប្រយោជន៍សហរដ្ឋអាម៉េរិកជាធំ នឹងនៅតែជាគោលនយោបាយដ៏សំខាន់ សម្រាប់ការដណ្តើមប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ៕ធ.ដ
-
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក សម្រេចពន្យារពេលឱ្យ ហូវៃ បន្តទិញគ្រឿងបរិក្ខារ និងសេវាកម្មផ្សេងៗពីក្រុមហ៊ុនអាម៉េរិកជាបណ្តោះអាសន្ន

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យក្រុមហ៊ុន ហូវៃ ទិញផលិតផល និងសេវាកម្មផ្សេងៗពីក្រុមហ៊ុនអាម៉េរិក បានជាបណ្តោះអាសន្នក្នុងរយៈពេល៩០ថ្ងៃទៀត នេះបើតាមរដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក លោក Wilbur Ross នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមលោក Wilbur Ross ការសម្រេចបន្តពន្យារពេល៩០ថ្ងៃទៀតនេះ មានគោលបំណងផ្តល់ពេលវេលាបន្ថែមទៀត ឲ្យអតិថិជនរបស់ក្រុមហ៊ុនបច្ចេកវិជ្ជារបស់ចិនមួយនេះនៅទូទាំងសហរដ្ឋអាម៉េរិក សម្រាប់ងាកចេញពីផលិតផលរបស់ ហូវៃ ដែលអាម៉េរិកចោទប្រកាន់ទាំងគ្មានភ័ស្តុតាងថា បង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិរបស់ខ្លួន។ រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា រូបលោកនឹងកត់ឈ្មោះក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ ហូវៃ ចំនួន៤៦ទៀត នៅតាមបណ្តាប្រទេសធំៗមួយចំនួនចូលក្នុងបញ្ជីខ្មៅផងដែរ ដែលប្រការនេះនឹងធ្វើឲ្យចំនួនក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ ហូវៃ កើនដល់ជាង១០០ហើយ ដែលត្រូវជាប់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក៕ធ.ដ
-
ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ប្រកាសពីការធ្វើតេស្តមីស៊ីលបញ្ជាទិសចម្ងាយមធ្យម ក្រោយចាកចេញពីសន្ធិសញ្ញា INF

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃចន្ទនេះ បានប្រកាសអំពីការធ្វើតេស្តមីស៊ីលបញ្ជាទិសចម្ងាយមធ្យមមួយគ្រាប់ ខណៈការសាកល្បងនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ មីស៊ីលខាងលើនេះ ត្រូវបានបាញ់សាកល្បងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ចេញពីកោះសាន់នីកូឡាស ដែលគ្រប់គ្រងដោយកងទ័ពជើងទឹកអាម៉េរិក នៅឯឆ្នេរទីក្រុង ឡូសអាន់ជេឡេស រដ្ឋកាលីហ្វ័រញ៉ា។ ប្រភពដដែលបន្តទៀតថា មីស៊ីលនេះ គឺជាប្រភេទមីស៊ីលបញ្ជាទិសមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមានឈ្មោះ Tomahawk។ ប្រភេទមីស៊ីល Tomahawk នេះទៀតសោត ត្រូវបានដកចេញពីកងយោធា បន្ទាប់ពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ត្រូវបានផ្តល់សច្ចាប័ន៕ធ.ដ
-
នាវាដឹកប្រេងរបស់អ៊ីរ៉ង់ ដែលអាជ្ញាធរអង់គ្លេសឃាត់ទុកនោះ ចាកចេញពីដែនទឹក ជីប្រាល់តា ហើយ

អ៊ីរ៉ង់៖ កប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ Grace-1 ដែលត្រូវបានរឹបអូសនៅក្នុងដែនដី ជីប្រាល់តា ដោយសារតែបានបំពានទៅលើទណ្ឌកម្មរបស់សហភាពអឺរ៉ុបនោះ បានធ្វើដំណើរចេញពីដែនទឹកនៃតំបន់ ជីប្រាល់តា ហើយ បន្ទាប់ពីតុលាការកំពូលនៃដែនអាណានិគមអង់គ្លេសមួយនេះ បានបដិសេធសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានស្នើឲ្យប្រគល់កប៉ាល់នេះទៅសហរដ្ឋអាម៉េរិក។ យោងតាមទិន្នន័យត្រួតពិនិត្យរបស់ចរាចរណ៍ផ្លូវទឹក បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កប៉ាល់ដឹកប្រេងដែលត្រូវបានប្តូរឈ្មោះពីនាវា Grace 1 ទៅជាកប៉ាល់ Adrian Darya 1 បានធ្វើដំណើរឆ្ពោះទៅកំពង់ផែប្រទេសក្រិក បើទោះបីជាក្រុមមន្រ្តីមិនបានបញ្ជាក់អំពីទិសដៅរបស់កប៉ាល់នេះជាសាធារណៈក៏ដោយ។ បើតាមក្រសួងយុត្តិធម៌ដែនដី ជីប្រាល់តា ការស្នើសុំជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងការឃាត់ទុកកប៉ាល់នេះ ផ្អែកលើបទល្មើសនៅក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់ ដែលទាក់ទិនទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប្រឆាំងនឹងអ៊ីរ៉ង់នោះ មិនអនុលោមតាមច្បាប់របស់ដែនដី ជីប្រាល់តា និង អង់គ្លេស ឬក៏សហភាពអឺរ៉ុបនោះទេ។ ដោយឡែក នាយករដ្ឋមន្រ្តី ជីប្រាល់តា លោក Fabian Picardo ក៏បានថ្លែងដែរថា អ៊ីរ៉ង់បានផ្តល់ការធានាអះអាងថា ប្រេងទាំងនេះនឹងមិនដឹកទៅឲ្យប្រទេសស៊ីរី ជាទិសដៅដែលត្រូវបានហាមឃាត់ដោយទណ្ឌកម្មសហភាពអឺរ៉ុប ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Bashar al-Assad នោះទេ៕ធ.ដ
-
ចិន បាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយគ្រឿង ដើម្បីនាំយកផ្កាយរណប៣គ្រឿងឡើងទៅកាន់ ទីអវកាស

ចិន៖ គ្រាប់រ៉ុក្កែតសម្រាប់ដឹកជញ្ជូន ស្មាត ដ្រាហ្គិន វ័ន ត្រូវបានបាញ់បង្ហោះលើកដំបូងនៅឯមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជូហ្គាន នៅភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃសៅរសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងនាំយកផ្កាយរណបចំនួន០៣គ្រឿងឡើងទៅកាន់ទីអវកាស។ គ្រាប់រ៉ុក្កែត ស្មាត ដ្រាហ្គិន វ័ន នេះ មានប្រវែងសរុប១៩,៥ម៉ែត្រ និងអង្កត់ផ្ចិត១,២ម៉ែត្រ ដែលវាត្រូវបានរចនាឡើងដោយផ្តោតលើការបម្រើវិស័យពាណិជ្ជកម្ម គឺសម្រាប់ទទួលនាំយកផ្កាយរណបឡើងទីអវកាស។ គ្រាប់រ៉ុក្កែតស៊េរីថ្មីរបស់ចិនខាងលើនេះដែរ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន ឆៃណា រ៉ុក្កែត ខូអិលធីឌី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរ៉ុក្កែត និងយានអវកាសចិន ឆៃណា អាខាដេមី អហ្វ ឡាន់ វីហ៊ីខល តិចណូឡូជី ហៅកាត់ CALVT។ រីឯផ្កាយរណបទាំង០៣គ្រឿង ដែលវានាំយកទៅ គឺជារបស់ក្រុមហ៊ុនចំនួន០៣ មានមូលដ្ឋាននៅទីក្រុងប៉េកាំង៕ធ.ដ
-
ប្រធានាធិបតីបារាំង និងរុស្ស៊ី គ្រោងធ្វើកិច្ចពិភាក្សាទ្វេភាគីផ្តោតសំខាន់លើបញ្ហា ប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ និងស៊ីរី

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍សមភាគី រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់កិច្ចពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដែលទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ មកកាន់ប្រទេសលោកខាងលិច គឺជារឿងដ៏កម្រ បន្ទាប់ពីមានភាពតានតឹងកើនឡើង។ ក្រៅពីការជជែកគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំប្រទេសទាំងពីរត្រូវបានគេរំពឹងថា ក៏នឹងស្វះស្វែងរកមូលដ្ឋានរួមគ្នាមួយស្តីពីបញ្ហាតានតឹងមួយចំនួន ដែលក្នុងនោះរួមមានវិបត្តិនៅអ៊ុយក្រែន កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងស្ថានការណ៍នៅស៊ីរី។ បើតាមសារព័ត៌មានចិន CGTN លោក ម៉ាក្រុង នឹងទទួលស្វាគមន៍លោក ពូទីន នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) នៅឯរមណីយដ្ឋានលំហែកាយផ្លូវការរបស់លោកក្នុងតំបន់ ប្រេហ្កង់ខុន ភាគខាងត្បូងប្រទេសបារាំង មួយថ្ងៃមុនពេលរូបលោក ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរមកដល់របស់ម៉េដឹកនាំពិភពលោកដទៃទៀត សម្រាប់កិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង បៀរីត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែសីហាខាងមុខនេះ៕ធ.ដ
-
អ៊ីស្រាអែល ព្រមានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើតំបន់កាហ្សា ស្ត្រីប បើសិនប្រទេសខ្លួននៅតែរងការវាយប្រហារដោយរ៉ុក្តែតចេញពីតំបន់នេះ

អ៊ីស្រាអែល៖ អ៊ីស្រាអែល មិនចង់ឱ្យសង្រ្គាមផ្ទុះឡើងនោះទេ ប៉ុន្តែបើចាំបាច់អ៊ីស្រាអែល នឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំទៅលើតំបន់ កាហ្សា ស្ត្រីប។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ។ ការអះអាងបែបនេះរបស់លោក ត្រូវបានធ្វើឡើងស្របពេលដែលស្ថានការណ៍តានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ឡើងកម្ដៅកាន់តែខ្លាំង ក្រោយយោធាអ៊ីស្រាអែលអះអាងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ កាហ្សា ស្ត្រីប ធ្លាក់ចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ទាក់ទិននឹងបញ្ហាខាងលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសលោកមិនចង់ឱ្យសង្រ្គាមផ្ទុះឡើងនោះទេ ប៉ុន្តែបើកាលៈទេសៈបង្ខំ អ៊ីស្រាអែលនឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំទៅលើតំបន់ កាហ្សា ស្ត្រីប ដើម្បីរក្សាសន្តិសុខ និងសន្តិភាព៕ធ.ដ
-
លោក ត្រាំ៖ នាយកក្រុមហ៊ុន Apple បង្ហាញការព្រួយបារម្ភដ៏សមហេតុផល ពាក់ព័ន្ធនឹងសង្គ្រាមដំឡើងពន្ធជាមួយចិន

សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក ធីម ឃុក បានគូសបញ្ជាក់នូវហេតុផលដ៏សមហេតុផលមួយ ដោយព្រួយបារម្ភថា ការដំឡើងពន្ធលើទំនិញបន្ថែមដែលនាំចូលមកពីចិន នឹងផ្តល់ប្រយោជន៍ធំដល់ក្រុមហ៊ុនកូរ៉េខាងត្បូង សាមសុង។ នេះបើតាមប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ ក្នុងគ្រាដែលផលិតផលមួយចំនួនធំរបស់ Apple ត្រូវផលិតឡើងនៅក្នុងប្រទេសចិន ក្រុមហ៊ុន សាមសុង ដំឡើងផលិតផលខ្លួននៅតាមប្រទេសជាច្រើនខុសគ្នា រួមមានទាំងចិនផងដែរ។ ហេតុនេះគឺ សាមសុង នឹងរងការប៉ះពាល់តិចជាង Apple ដោយសារគម្រោងដំឡើងពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ ទៅលើទំនិញចិន ខណៈកិច្ចចរចាពាណិជ្ជកម្មជាថ្មីរវាងចិន និងសហរដ្ឋអាម៉េរិក នឹងត្រូវរៀបចំនៅខែកញ្ញាខាងមុខនេះ។ គួរបញ្ជាក់ថា ការលើកឡើងពីក្តីបារម្ភរបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple រូបនេះ បានធ្វើឡើងក្នុងឱកាសទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់) នៅឯក្លិបវាយកូនហ្គោលរបស់ប្រធានាធិបតីអាម៉េរិកនៅក្រុង ប៊ែដមីនស្ទឺរ រដ្ឋញ៉ូវជែស៊ី៕ធ.ដ