-
ប្រធានផ្នែកច្បាប់របស់ទីក្រុងហុងកុងអំពាវនាវយ៉ាងទទូចឱ្យរក្សាសន្តិភាព និងការតវ៉ាដែលសមហេតុផល

ហុងកុង៖ រដ្ឋលេខាធិការផ្នែកច្បាប់របស់ទីក្រុងហុងកុង លោកស្រី ធើរ៉េសា ឆេង យឹក វ៉ា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យខិតខំព្យាយាមរក្សាសន្តិភាព និងកិច្ចដំណើរការតវ៉ាដែលសមហេតុផល ដោយលោកស្រីថែមទំាងព្រមានថា ស្ថាប័នយុត្តិធម៌ DoJ នឹងកាត់ទោសអ្នកប្រព្រឹត្តល្មើសទំាងអស់ ដោយមិនគិតពីជំហរនយោបាយរបស់ពួកគេឡើយ ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ធើរ៉េសា ឆេង យឹក វ៉ា បានធ្វើឡើងបន្ទាប់ពីប្រជាជនហុងកុងជាង៤៧០.០០០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះនៅឧទ្យាន តាម៉ាឧទ្យាន អាដាមល័រ នៃទីក្រុងហុងកុង ដើម្បីធ្វើការទាមទារនូវសន្តិភាព និងស្ថិរភាពនៅទីក្រុងហុងកុង។ បើតាមសារព័ត៌មានចិន CGTN គេសង្កេតឃើញពួកគេគ្រវីទង់ជាតិចិន និងទង់ជាតិនៃតំបន់រដ្ឋបាលពិសេសក្រុងហុងកុង ព្រមទំាងកាន់ស្លាកដែលសរសេរ ជាមួយពាក្យស្លោករួមមាន “បញ្ឈប់អំពើកុបកម្ម” “ប្រឆាំងអំពើហឹង្សា” និង“ សង្រ្គោះក្រុងហុងកុង” ហើយក្រុមមនុស្សទាំងនោះ បានធ្វើការសាទរ និងរំជួលចិត្តយ៉ាងខ្លាំង ទោះបីមានភ្លៀងថ្លាក់ក៏ដោយ ៕ធ.ដ
-
ឥណ្ឌូនេស៊ី គ្រោងនឹងប្តូររដ្ឋធានីហ្សាកាតាដែលចង្អៀត ទៅកាន់កោះប័រណេអូវិញ

លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo កាលពីចុងសប្តាហ៍កន្លងទៅ បានស្នើជាផ្លូវការទៅកាន់សភាពីផែនការផ្លាស់ប្ដូររដ្ឋធានីនៃប្រទេសនេះពី កោះជ្វា ដ៏សែនចង្អៀតទៅកាន់តំបន់កាលីម៉ាន់តាន់ នៃកោះប័រណេអូ។ គម្រោងនេះត្រូវបានបង្កើតឡើង ស្របពេលដែលបច្ចុប្បន្ន រដ្ឋធានីហ្សាកាតាកំពុងជន់លិច ដោយក្នុងចំណោមប្រមាណ៤០ភាគរយ នៃចំនួនប្រជាជនសរុប១០លាននាក់ កំពុងរស់នៅក្រោមនីវូទឹកសមុទ្រ។ ហ្សាកាតាក៏កំពុងរងគ្រោះពីការបំពុលខ្យល់អាកាស និងកំណើនប្រជាជនលើសលុបផងដែរ។ លោក Joko Widodo មិនបានបញ្ជាក់ពីទីកន្លែងពិតប្រាកដនៃរដ្ឋធានីថ្មីនោះទេ។ កោះកាលីម៉ាន់តាន់ ជាផ្នែកមួយ នៃកោះប័រណេអូ ដែលជាកោះធំជាងគេលំដាប់ទី២ នៅអាស៊ី និងលំដាប់ទី៣ នៅពិភពលោក។ នៅកាលីម៉ាន់តាន់ មានប្រជាជនតែ១៥លាននាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០១៥។ កោះនេះសម្បូរទៅដោយរ៉ែជាច្រើនដូចជា បុកស៊ីត នីកែល ធ្យូងថ្ម ជាដើម៕ធ.ដ
-
ប្រមុខការពារជាតិរុស្ស៊ីព្រមានជាថ្មីថា រុស្ស៊ីនឹងដាក់ពង្រាយមីស៊ីលដូចគ្នា បើសហរដ្ឋអាម៉េរិក ដាក់ពង្រាយមុន

រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកនៅចុងសប្ដាហ៍នេះថា ទីក្រុងមូស្គូ នឹងមិនដាក់ពង្រាយមីស៊ីលណាមួយឡើយ បើសិនជាទីក្រុងវ៉ាស៊ីនតោន អនុវត្តន៍ការអត់ធ្មត់ដូចគ្នានេះនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី ក្រោយប្រទេសទាំងពីរដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ ប្រមុខការពារជាតិរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា យើងនៅតែប្រកាន់ជំហរដដែល បើសហរដ្ឋអាម៉េរិកមិនដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់អឺរ៉ុប យើងក៏នឹងមិនដាក់ពង្រាយមីស៊ីលដូចគ្នា។ សូមរំលឹកថា សហរដ្ឋអាម៉េរិក និងរុស្ស៊ី បានដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីដើមខែសីហាកន្លងទៅ បន្ទាប់ពីចោទគ្នាទៅវិញទៅមកថា បានរំលោភលើសិន្ធិសញ្ញានេះជាច្រើនលើក ។ INF គឺជាសន្ធិសញ្ញាមួយដែលហាមឃាត់ការដាក់ពង្រាយ និងអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែរ អាចបាញ់បានចម្ងាយចន្លោះពី៥០០ ដល់៥,៥០០ គីឡូម៉ែត្រ៕ធ.ដ
-
មនុស្ស៦នាក់របួស និង១៣នាក់ទៀតត្រូវចាប់ខ្លួន ក្រោយការប៉ះទង្គិចគ្នារវាងក្រុមឆ្វេងនិយម និងស្ដាំនិយមនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងក្រុមបាតុករឆ្វេងនិយម និងក្រុមបាតុករស្ដាំនិយមនៅក្នុងទីក្រុង Portland រដ្ឋ Oregon បានធ្វើឱ្យមនុស្ស៦នាក់រងរបួស ខណៈមន្រ្តីប៉ូលិសអាម៉េរិកបានចាប់ខ្លួនមនុស្ស១៣នាក់។ បើតាមអាជ្ញាធរទីក្រុង Portland មានបាតុករ១,២០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា រៀបចំឡើងដោយចលនាស្ដាំនិយម Proud Boys ប្រឆាំងនឹងក្រុមឆ្វេងនិយម ហើយអាវុធជាច្រើនត្រូវបានរឹបអូសក្នុងនោះរួមមានទំាងដំបង និងកូនកាំបិតជាដើម។ បាតុកម្មតវ៉ាដ៏ក្តៅគគុកខាងលើនេះ បានកើតឡើងនៅថ្ងៃសៅរ៍សប្ដាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដោយក្រុមអ្នកគាំទ្រចលនាស្ដាំនិយម ដើម្បីអំពាវនាវឱ្យមានការលុបបំបាត់ភេរវកម្មនៅក្នុងស្រុក ដែលពួកគេផ្ដោតសំខាន់ទៅលើក្រុមឆ្វេងនិយម។ ចំណែកឯប៉ូលិសជាច្រើននាក់ក៏ត្រូវបានដាក់ពង្រាយផងដែរ សំដៅរារាំងកុំឱ្យក្រុមទាំង២នេះប៉ះទង្គិចគ្នា ប៉ុន្តែអំពើហិង្សានៅតែផ្ទុះឡើងដដែល៕ធ.ដ
-
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន សម្រេចចិត្តចុះចេញពីតំណែងចំពេលប្រទេសជាតិកំពុងជួប វិបត្តិហិរញ្ញវត្ថុ

អាហ្សង់ទីន៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន លោក Nicolas Dujovne បានសម្រេចចិត្តចុះចេញពីតំណែងហើយ ចំពេលដែលប្រទេសអាម៉េរិកឡាទីនមួយនេះ កំពុងជួបវិបត្តិហិរញ្ញវត្ថុ និងបន្ទាប់ពីប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បរាជ័យនៅក្នុងការបោះឆ្នោតបឋមមួយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន។ ជាមួយគ្នានេះ លោក Hernan Lacunza ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីសេដ្ឋកិច្ចនៃទីក្រុង Buenos Aires នឹងត្រូវឡើងមកកាន់តំណែងបន្តជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន ជំនួសលោក Nicolas Dujovne។ យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់នោះ លុយ peso របស់អាហ្សង់ទីន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្លាក់តម្លៃដល់ទៅ២០ភាគរយ បើធៀបទៅនឹងលុយដុល្លារអាម៉េរិក៕ធ.ដ
-
ចិន ព្រមានកាណាដា ឱ្យបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង

កាណាដា៖ ស្ថានទូតចិន ប្រចាំទីក្រុងអូតតាវ៉ា បានព្រមានកាណាដាឱ្យបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងជាបន្ទាន់ ក្រោយកាណាដាបានចេញសេចក្ដីថ្លែងការណ៍រួម ជាមួយសហភាពអឺរ៉ុបស្ដីពីកិច្ចការពារសិទ្ធិប្រមូលផ្ដុំជាមូលដ្ឋាន សម្រាប់ប្រជាជនហុងកុង។ ស្ថានទូតចិនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា កាណាដា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយថា ក្រោមស្ថានភាពបច្ចុប្បន្ន ភាគីកាណាដាគួរតែប្រុងប្រយ័ត្នចំពោះពាក្យសម្ដី ឬការអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងទីក្រុងហុងកុង។ យ៉ាងណាមិញ ក្រសួងការបរទេសកាណាដា នៅមិនទាន់បញ្ចេញប្រតិកម្មអ្វី តបទៅនឹងការព្រមានរបស់ស្ថានទូតចិននោះទេ ស្របពេលដែលប្រទេសទាំងពីរក៏កំពុងមានជម្លោះការទូតនឹងគ្នា៕ធ.ដ
-
សេតវិមានសហរដ្ឋអាមេរិកបញ្ជាក់ថា ការពិភាក្សារួមគ្នាស្តីពីកិច្ចព្រមព្រៀងសន្តិភាពអាហ្វហ្គានីស្ថាន បានដំណើរការល្អណាស់

សហរដ្ឋអាមេរិក៖ នៅថ្ងៃសុក្រនេះ សេតវិមានបានបង្ហាញពីការរីកចម្រើន ជុំវិញកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងទីប្រឹក្សាកំពូលៗ ដែលផ្តោតសំខាន់លើកិច្ចចរចាជាមួយក្រុមតាលីបង់ ស្តីពីការដកកងកម្លំាងអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងសក្តានុពលក្នុងការស្វែងរកដំណោះស្រាយនយោ បាយរវាងភាគីពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅអាហ្វហ្គានីស្ថាន ។អនុលេខាធិការទទួលបន្ទុកព័ត៌មានសេតវិមាន លោក ហូហ្គាន ហ្គីដឡេ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាគ្នាខាងលើ គឺផ្តោតសំខាន់លើកិច្ចព្រមព្រៀងសន្តិភាព និងបង្រួបបង្រួមជាតិជាមួយក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈកិច្ចប្រជុំនេះ ដំណើរការបានល្អណាស់ ហើយការចរចាកំពុងដំណើរការ ។គួរបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំខាងលើនេះ លោក ដូណាល់ ត្រាំ បានជួបជាមួយក្រុមទីប្រឹក្សាសន្តិសុខជាតិ ក្នុងនោះរួមមាន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៊ីសភើ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ និង នាយអគ្គសេនាធិការចម្រុះលោក ចូសេប ឌុនហ្វត ហើយក៏មានវត្តមានទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន និង បេសកជនពិសេសអាមេរិកសម្រាប់កិច្ចចរចាជាមួយក្រុមតាលីបង់ គឺលោក ហ្សាល់ម៉ាយ ខាលីលហ្សាដ ផងដែរ ៕ …
-
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចេញដីការឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលអាជ្ញាធរដែនដី ជីប្រាល់តា ទើបតែដោះលែង

សហរដ្ឋអាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកបានចេញដីកាមួយនៅថ្ងៃសុក្រនេះ ក្នុងការរឹបអូសកប៉ាល់ដឹកប្រេង Grace 1 របស់ប្រទេសអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីអាជ្ញាធរដែនដី ជីប្រាល់តា ទើបដោះលែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ ទន្ទឹមគ្នានេះ ក្រសូងការបរទេសអាមេរិកក៏បានធ្វើការព្រមានផងដែរថា បុគ្គលដែលពាក់ព័ន្ធជាមួយនឹងកប៉ាល់ដឹកប្រេង Grace 1 របស់អ៊ីរ៉ង់នេះ នឹងត្រូវប្រឈម នូវផលវិបាកធ្ងន់ធ្ងរ រួមមានទាំងការរឹតត្បិតលើទិដ្ឋាការ ។យ៉ាងណាមិញ ការចេញដីការរឹបអូសខាងលើនេះ ត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិក ព្យា យាមនៅនាទីចុងក្រោយ ដើម្បីស្នើឲ្យអាជ្ញាធរអង់គ្លេសនៅតំបន់ ជីប្រាល់តា បន្តឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1៕
-
ចិនសន្យាចាត់វិធានការប្រឆំាងនឹងគម្រោងលក់យន្តហោះចម្បំាង F-16 របស់សហរដ្ឋអាមេរិកអោយទៅកោះតៃវ៉ាន់

សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សភាថា ខ្លួនគ្រោងនឹងលក់យន្តហោះចម្បាំង F-16 ដែលមានតម្លៃ៨ពាន់លានដុល្លារអោយទៅកោះតៃវ៉ាន់ ។ឆ្លើយតបនឹងរឿងនេះ រដ្ឋាភិបាលក្រុងប៉េកំាងនៅថ្ងៃ សុក្រ ម្សិលមិញបានប្រកាសធ្វើការប្រឆំាំងដាច់ខាត ចំពោះផែនការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកឱ្យដល់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន ហើយថែមទំាងនិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងរំលោភបំពានលើគោលនយោបាយតែមួយ ។ ស្របពេលជាមួយគ្នានោះដែរ អ្នកនំាំពាក្យក្រសួងការបរទេសចិនលោកស្រី ហូរ ឈន់យីង ក៏បានធ្វើការអំពាវនាវយ៉ាងទទូចអោយសហរដ្ឋអាមេរិកបញ្ឈប់ការលក់សព្វាវុធ និងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ បើមិនដូច្នោះទេ ភាគីចិនពិតជានឹងចាត់វិធានការតបតវិញ ហើយសហរដ្ឋអាមេរិកនឹងទទួលខុសត្រូវរាល់ផលវិបាកដែលពាក់ព័ន្ធ ៕
-
ប្រមុខការទូតចិន ជប៉ុន និងកូរ៉េខាងត្បូង គ្រោងចូលរួមកិច្ចប្រជុំត្រីភាគីមួយនាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាស្តីពីបញ្ហាអន្តរជាតិ និងក្នុងតំបន់

ចិន៖ កិច្ចប្រជុំត្រីភាគីជាលើកទី៩ រវាងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គ្រោងរៀបចំឡើងនៅក្នុងរដ្ឋធានីប៉េកំាង នៅថ្ងៃពុធសប្តាហ៍ក្រោយ ដែលនេះគឺជាជំនួបត្រីភាគីលើកដំបូងបំផុត បើគិតក្នុងរយៈពេល៣ឆ្នំាមក ។បើតាមសារព័ត៌មានចិន CGTN រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍សមភាគីជប៉ុនលោក តារ៉ូ កូណូ ព្រមទំាងសមភាគីកូរ៉េខាងត្បូងលោកស្រី កាង គ្យុងវ៉ា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការត្រីភាគី ក៏ដូចជាការពិភាក្សាលើការព្រួយបារម្ភជុំវិញបញ្ហាអន្តរជាតិ និងក្នុងតំបន់ ។បើតាមការគ្រោងទុកនោះ ប្រមុខការទូតប្រទេសទំាងបីក៏នឹងធ្វើការជជែកគ្នាយ៉ាងលំអិតផងដែរ អំពីកិច្ចប្រជុំកំពូលត្រីភាគីលើកទី៨ ក្នុងចំណោមមេដឹកនំានៃប្រទេសទំាងបី មិនតែប៉ុណ្ណោះ ពួកលោកក៏ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នំា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលត្រូវបានផ្តួចផ្តើមឡើងចាប់តំាងពីឆ្នំា២០០៨មក ៕