-
នាយករដ្ឋមន្រ្តីឥណ្ឌាប្តេជ្ញាធ្វើឱ្យទំហំសេដ្ឋកិច្ចប្រទេសអាចលោតដល់ទឹកប្រាក់៥ទ្រីលានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ

ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា ឥណ្ឌាអាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនកាន់តែខ្លាំងថែមទៀត ក្នុងរយៈពេលកន្លះទសវត្សរ៍ខាងមុខ ដោយផលទុនជាតិសរុប (GDP) អាចកើនដល់០៥ទី្រលានដុល្លារ ។ ក្នុងឱកាសថ្លែងសារអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៣ របស់ឥណ្ឌា នៅឯបន្ទាយក្រហម Red Fort ក្នុងរដ្ឋធានីញូដេលី នាយករដ្ឋមន្រ្តីរូបនេះបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៩ យើងបានក្លាយជាប្រទេសមានសេដ្ឋកិច្ចទំហំ៣ទ្រីលានដុល្លារ ខណៈមុនពេលនោះ គឺអំឡុង៧០ឆ្នាំកន្លងទៅ ឥណ្ឌាមានទំហំសេដ្ឋកិច្ច២ទ្រីលានដុល្លារ ពួកយើងបានបន្ថែម១ទ្រីលានដុល្លារទៅក្នុងសេដ្ឋកិច្ចរបស់យើងក្នុងពេលត្រឹម៥ឆ្នាំ ។ ដូចនេះហើយ៥ឆ្នាំទៀត យើងរំពឹងថា នឹងអាចធ្វើឲ្យទំហំសេដ្ឋកិច្ចឥណ្ឌាកើនដល់៥ទ្រីលានដុល្លារ ។ បើយោងតាមការព្យាករណ៍នោះ នៅឆ្នាំ២០១៩នេះ ឥណ្ឌាគឺជាប្រទេសមានសេដ្ឋកិច្ចធំទី៥នៅលើពិភពលោក បន្ទាប់ពីអាល្លឺម៉ង់ ដែលមានទំហំសេដ្ឋកិច្ចជាង៤ទ្រីលានដុល្លារ ជប៉ុនមានជាង៥ទ្រីលានដុល្លារ ចិនមានជាង១៤ទ្រីលានដុល្លារ និងសហរដ្ឋអាមេ៉រិកមានជាង២១ទ្រីលានដុល្លារ ៕ធ.ដ
-
វេណេស៊ុយអេឡា និងរុស្ស៊ីព្រមព្រៀងឲ្យមានទស្សនកិច្ចនាវាចម្បាំងទៅវិញទៅមក ព្រមទាំងរិះគន់អាមេ៉រិកប៉ុនប៉ងផ្តួលរដ្ឋាភិបាលស្របច្បាប់

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ឡាវ្រូស និងរដ្ឋមន្ត្រីការពារជាតិប្រទេសវេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀ ប៉ាទ្រីណូ ឡូពេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចុះកិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតិឲ្យមានទស្សនកិច្ចរបស់នាវាចម្បាំងទៅវិញទៅមក សម្រាប់កំពង់ផែប្រទេសទាំងពីរ។ ឯកសារនេះត្រូវបានចុះហត្ថលេខា ក្នុងពេលពួកលោកជួបគ្នា នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ពោលគឺចំពេលដែលប្រមុខការពារជាតិប្រទេសទាំងពីរបានពិភាក្សាគ្នា អំពីស្ថានភាព នៅប្រទេសវេណស៊ុយអេឡា ក៏ដូចជា បញ្ហានៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡាបាននិយាយថា សហរដ្ឋអាមេ៉រិកបានបំពានច្បាប់អន្តរជាតិ លើការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅវេណេហស៊ុយអេឡា ដោយលោកបានសង្កត់ធ្ងន់ថា វេណេស៊ុយអេឡានៅតែមានជំហររឹងមាំ និងបន្តប្រយុទ្ធ។ រីឯរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីវិណបាននិយាយថា រុស្ស៊ីគាំទ្រវេណេស៊ុយអេឡាក្នុងការបន្តគោលនយោបាយបរទេសឯករាជ្យ ហើយប្រឆាំងនឹងប៉ុនប៉ងរបស់អាមេ៉រិក ដែលចង់ផ្លាស់ប្តូររដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរបស់វេណេស៊ុយអេឡា៕ធ.ដ
-
ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃរកចំណូលបានជាង២២៩លានដុល្លារអាម៉េរិក ពីការនាំចេញផ្លែមង្ឃុតទៅចិន ក្នុងរយៈពេល៦ខែ

ការនាំចេញផ្លែមង្ឃុតរបស់ថៃទៅប្រទេសចិនបានកើនឡើងខ្លាំង ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នេះបើតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃ កាលពីម្សិលមិញ។ លោក Oramon Sapthaweetham អគ្គនាយក នៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ ការនាំចេញផ្លែមង្ឃុតទៅប្រទេសចិនរកចំណូលបាន២២៩,៤លានដុល្លារអាម៉េរិក កើនឡើង៤០៨ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ការនាំចេញមិនគិតពន្ធនៃផ្លែមង្ឃុតថៃបានបង្ហាញថា ចិននាំចូលពីថៃនូវផ្លែឈើប្រភេទ ដល់ទី៧១ភាគរយ នេះបើតាមប្រភពដដែល។ លោក Oramon ក៏បានឲ្យដឹងដែរថា ការនាំចេញផ្លែមង្ឃុតរបស់ថៃទៅកាន់បណ្តាប្រទេសក្នុងប្លុកអាស៊ាន រកចំណូលបាន៨៤,២លានដុល្លារអាម៉េរិក កើនឡើង៤៦ភាគរយ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនដល់២៧០នាក់ និង១លាននាក់ទៀតភៀសខ្លួន ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅឥណ្ឌា

ឥណ្ឌា៖ រហូតមកទល់ពេលនេះ តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងការរអិលបាក់ដី បានបន្តស្ទុះឡើងដល់ជាង២៧០នាក់ហើយនៅក្នុងប្រទេសឥណ្ឌា នេះបើតាមអាជ្ញាធរឥណ្ឌា ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា រយៈពេល២សប្តាហ៍នៃការធ្លាក់ភ្លៀងរដូវវស្សាដ៏ខ្លាំងជោកជាំនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋ១លាននាក់បង្ខំចិត្តផ្លាស់ទីលំនៅ និងផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវរងការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋចំនួន០៦ ។ ប្រភពដដែលបានឱ្យដឹងទៀតថា រដ្ឋនៅភាគខាងត្បូងនៃរដ្ឋ Kerala និង Karnataka ព្រមទំាងរដ្ឋ Maharashtra និងរដ្ឋ Gujarat នៅភាគខាងលិច ស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុតដោយទឹកជំនន់ ដែលបានបំផ្លាញដំណាំក្នុងរដូវប្រាំងរាប់ពាន់ហិកតា និងផ្លូវថ្នល់ រួមទាំងផ្លូវដែកក៏រងការខូចខាតផងដែរ ។ គួរបញ្ជាក់ថា រដូវវស្សាបានចាប់ផ្ដើមពីខែមិថុនា ដល់ខែកញ្ញា គឺជាអាយុជីវិតដ៏សំខាន់មួយ សម្រាប់សង្គមកសិកម្មឥណ្ឌា ដែលផ្តល់ទឹកភ្លៀង ៧០% នៅទូទាំងប្រទេស ប៉ុន្តែភ្លៀងធ្លាក់ហួសកម្រិតក៏បានបង្កនូវការស្លាប់ និងការបំផ្លាញជារៀងរាល់ឆ្នាំផងដែរ ៕ធ.ដ
-
មនុស្ស២៣នាក់ស្លាប់ និងជាង១ម៉ឺននាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសាររលកកម្តៅដ៏ខ្លំាងវាយប្រហារប្រទេសជប៉ុន

ជប៉ុន៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យជប៉ុនបានឱ្យដឹងថា បើ តាមការប៉ាន់ស្មាន មនុស្សប្រមាណ១២.៧៥១នាក់ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដោយសារបញ្ហារលកកម្តៅដ៏ខ្លំាងនៅទូទាំងប្រទេស ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ចាប់តំាងពីថ្ងៃទី០៥ ខែសីហាមកនេះ ហើយក្នុងចំណោមនោះ មានមនុស្ស២៣នាក់បាត់បង់ជីវិត ។ អ្នកជំងឺដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ មានចំនួន៥៤.៩ភាគរយនៃអ្នកជំងឺសរុប ហើយអ្នកស្លាប់ទាំង២៣នាក់ខាងលើ សុទ្ធតែជាប្រជាជនដែលរស់នៅក្រៅទីក្រុងតូក្យូ ខណៈក្នុងទីក្រុងនេះមានចំនួនអ្នកចូលមន្ទីរពេទ្យច្រើនជាងគេបំផុត ។ បើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo សប្តាហ៍ដំបូងនៃខែសីហានេះ ចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបស្មើនឹង១៨.៣៤៧នាក់ ដែលនេះ ជាតួលេខខ្ពស់បំផុតលំដាប់ទី២ ចាប់តាំងពីឆ្នាំ២០០៨មក ។ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះ ៤០០នាក់មានអាការៈធ្ងន់ធ្ងរ ដែលគ្រូពេទ្យតម្រូវឲ្យសម្រាកព្យាបាលយ៉ាងតិច៣សប្តាហ៍ ខណៈជាង៤ពាន់ផ្សេងទៀតមានអាការៈពុំសូវធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេលខ្លីប៉ុណ្ណោះ ៕ធ.ដ
-
លោក ចន បូលតុន ចោទថា រុស្ស៊ីលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេ៉រិក ក្នុងការអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង

សហរដ្ឋអាមេ៉រិក៖ ប្រទេសរុស្ស៊ីកំពុងផលិត និងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង ដោយលួចបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក នេះបើតាមការចោទប្រកាន់របស់ទីប្រឹ ក្សាសន្តិសុខជាតិអាមេ៉រិកលោក ចន បូលតុន នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនាពេលថ្មីៗនេះ ។ លោក ចន បូលតុន បានគូសបញ្ជាក់ថា បច្ចុប្បន្នរុស្ស៊ីមិនមែនត្រឹមតែកំពុងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួនតែមួយមុខនោះទេ ប៉ុន្តែពួកគេក៏កំពុងអភិវឌ្ឍន៍មីស៊ីលលឿនជាងសំឡេង ដោយលួចបច្ចេកវិទ្យាពីសហរដ្ឋអាមេ៉រិកផងដែរ ។ ការអះអាងយ៉ាងដូច្នេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេ៉រិករូបនេះ បានកើតមានឡើងក្រោយអ្នកវិទ្យាសាស្ត្ររុស្ស៊ី៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនាកំឡុងពេលធ្វើតេស្ដម៉ាស៊ីនសម្រាប់មីស៊ីលនុយក្លេអ៊ែរស៊េរីថ្មី នៅឯទីក្រុង Nyonoksa តំបន់ Arkhangelsk និងបន្ទាប់ពីរុស្ស៊ី-សហរដ្ឋអាមេ៉រិកបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF) ៕ធ.ដ
-
ប្រជាជនហុងកុងចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីសម្តែងការគំាទ្ររដ្ឋាភិបាលក្នុងការបញ្ឈប់ភាពចលាចល

ហុងកុង៖ ប្រជាជនក្រុងហុងកុងមួយក្រុមធំ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីធ្វើការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមខាងលើ ប្រជាជនក្រុងកុងហុងក៏បានសម្តែងការគំាទ្រដល់រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសនេះ (SAR) និងមន្ត្រីប៉ូលីសកុងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបញ្ឈប់សកម្មភាពខុសច្បាប់ ការបង្កអំពើហិង្សា ភាពចលាចល និងការធ្វើកុបកម្មជាដើម ។ សូមជម្រាបថា សេចក្តីថ្លែងការណ៍រួមរបស់ប្រជាជនក្រុងហុងកុងមួយក្រុមធំនេះ ត្រូវបានធ្វើឡើងស្របពេលមានការរាយការណ៍ថា យោធាចិននៅថ្ងៃព្រហស្បតិ៍នេះដែរ បានធ្វើព្យុហយាត្រាយោធាបង្ហាញសាច់ដុំនៅក្បែរព្រំដែនទីក្រុងហុងកុង និងជាសារមួយផ្ញើជូនដល់ក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យ ។ ជុំវិញវិបត្តិក្នុងទីក្រុងហុងកុងនេះដែរ សហរដ្ឋអាមេរិកជាថ្មីម្ដងទៀតបានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្ដីរាយការណ៍ដែលថា យោធាចិនបាននិងកំពុងចល័តរថពាសដែកជាច្រើនគ្រឿងទៅកាន់តំបន់ព្រំដែនជាប់ទីក្រុងហុងកុង ខណៈបាតុកម្មតវ៉ានៅតែបន្តកើតមាន ៕ធ.ដ
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥.៤រ៉ិកទ័រវាយប្រហារជប៉ុន ខណៈប្រទេសនេះកំពុងត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលព្យុះទីហ្វុង ក្រសា

ជប៉ុន៖ គ្រោះរញ្ជួយដីក្នុងកម្រិតធម្យម ៥.៤ រ៉ិកទ័របានធ្វើការវាយប្រហារប្រជុំកោះ Aomori ភាគខាងជើងប្រទេសជប៉ុន ប៉ុន្តែមិនមានការប្រកាសអាសន្ននៃរលកយក្សស៊ូណាមិនោះទេ នេះបើតាមទីភ្នាក់ងារអាកាសធាតុជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA គ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងនៅម៉ោង២និង៣៣ល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងជម្រៅដី៩០គូឡូម៉ែត្រ ។ ប៉ុន្តែជាមួយគ្នានេះ ទីភ្នាក់ងារអាកាសធាតុជប៉ុនមិនបានប្រកាសអាសន្ននៃរលកយក្សស៊ូណាមិ ដែលអាចនឹងបង្កឡើងដោយសារគ្រោះរញ្ជួយដីខាងលើនោះទេ ។ ហើយរហូតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីចំនួនមនុស្សស្លាប់ ឬក៏រងរបួស ក៏ដូចជាទំហំនៃការខូចខាតដែលបង្កឡើងដោយសារគ្រោះធម្មជាតិរញ្ជួយផែនដីនេះនៅឡើយ ៕ធ.ដ
-
ព្យុះទីហ្វុង ក្រសា ឆាប់ៗនេះ នឹងធ្វើដំណើរទៅដល់ប្រទេសជប៉ុន ខណៈមានការប្រកាសឱ្យជម្លៀសប្រជាជនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់

ជប៉ុន៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុងដ៏កំណាច ក្រសា ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់ភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយវានឹងពាំនាំមកជាមួយនូវខ្យល់បក់បោកយ៉ាងសន្ធប់ លាយឡំនឹងការព្យុះភ្លៀងធ្លាក់យ៉ាងជោគជំាផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរក្នុងតំបន់បានប្រកាសឱ្យមានការជម្លៀសខ្លួនប្រជាជននៅកោះ Kochi ព្រមទំាងបណ្តាប្រជុំកោះជាច្រើនទៀតនៃកោះ Shikoku ទៅកាន់ទីសុវត្ថិភាពជាបន្ទាន់ ។ ហើយបើតាមទីភ្នាក់ងារខាងលើនេះ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង ក្រសា បានស្ថិតនៅចម្ងាយប្រហែល៦០គីឡូម៉ែត្រភាគខាងលិចតំបន់ Cape Ashizuri នៃប្រជុំកោះ Kochi ។ សូមបញ្ជាក់ថា ព្យុះទីហ្វុង ក្រសា គឺជាព្យុះទីហ្វុងទី១០ហើយ សម្រាប់ប្រទេសជប៉ុនក្នុងឆ្នាំ២០១៩នេះ ៕ធ.ដ
-
វៀតណាមជំរុញឲ្យពលរដ្ឋប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមក្នុងស្រុក ចៀសជាងប្រើហ្វេសបុក

រដ្ឋាភិបាលវៀតណាមមានផែនការដាក់ឱ្យប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ផលិត នៅក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីឱ្យប្រជាជនរបស់ខ្លួនឈប់ប្រើប្រាស់ Facebook នេះបើ តាមតំណាងក្រុមហ៊ុនផលិតបណ្តាញសង្គមក្នុងស្រុក នៅប្រទេសវៀតណាម កាលពីម្សិលមិញនេះ។ ក្រុមហ៊ុន Gapo Technology មានមូលដ្ឋាននៅក្នុងទីក្រុងហាណូយបានប្រកាសដាក់ឱ្យប្រើប្រាស់ នូវបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនឈ្មោះ Gapo កាលពីថ្ងៃទី២៣ ខែកក្កដា ហើយបើគិត មកទល់នឹងពេលនេះ មានបណ្ដាញទំនាក់ទំនងសង្គមវៀតណាមចំនួនបីហើយ ត្រូវបានដាក់ឱ្យ ដំណើរការណ៍ ខណៈពីរទៀតគ្រោងនឹងបង្ហាញខ្លួននៅឆមាសទី២ ឆ្នាំ២០១៩នេះ។ បើតាមរបាយការណ៍ថា បច្ចុប្បន្ន ប្រជាជនវៀតណាម៦០លាននាក់ ក្នុងចំណោមប្រជាជនសរុប៩៦លាននាក់ កំពុងប្រើប្រាស់ Facebook។ ក៏ប៉ុន្តែ បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Gapo លោក Ha Trung Kien ប្រជាជនវៀតណាម៥០លាននាក់ អាចនឹងងាកមកប្រើ Gapo នៅត្រឹមឆ្នាំ២០២១៕ធ.ដ